ការរឹតត្បិត និងការបំពានសិទ្ធិមនុស្ស និងសេរីភាពនៅកម្ពុជាមានការកើនឡើង១១ភាគរយនៅឆ្នាំ២០២៣ បៀធៀបនឹងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន។
គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន ជាគម្រោងរួមគ្នាមួយរវាងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងSolidarity Center។
បើតាមរបាយការណ៍ ហេតុការណ៍ចំនួន៦៣៣ ដែលទាក់ទងនឹងសេរីភាពមូលដ្ឋានក្នុងឆ្នាំ២០២៣ ត្រូវបានកត់ត្រា។ ក្នុងនោះមាន២៥៥ ហេតុការណ៍ពាក់ព័ន្ធនឹងការរឹតត្បិតយ៉ាងហោចណាស់មួយហេតុការណ៍ និង៣៧៧ពាក់ព័ន្ធនឹងការរំលោភបំពាន។
ក្នុងឆ្នាំ២០២៣ បើតាមរបាយការណ៍ មានហេតុការណ៍ចំនួន៩៨នៃការបញ្ចេញមតិជាប្រព័ន្ធត្រូវបានកត់ត្រា ក្នុងនោះ៦៤ភាគរយជាការរំលោភបំពានទៅនឹងសេរីភាពនៃការបញ្ចេញមតិលើបណ្ដាញសង្គម។ បណ្ដាញសង្គមហ្វេសប៊ុកមានការរឹតត្បិត និងរំលោភបំពានច្រើនជាងគេ។
មនុស្សចំនួន៨៥នាក់ត្រូវបានចោទប្រកាន់បទល្មើសព្រហ្មទណ្ឌទាក់ទងនឹងការរំលោភបំពានលើសេរីភាពនៃការបញ្ចេញមតិ និង៧៥ភាគរយនៃអ្នកទាំងនោះចោទប្រកាន់លើបទល្មើសគំរាមកំហែងតាមប្រព័ន្ធអ៊ិនធឺណិត។
ប្រធានសមាគមសិទ្ធិមនុស្សអាដហុក លោក នី សុខា ប្រាប់ ខេមបូចា ថា កម្ពុជាឱ្យតម្លៃលើលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែមានការធ្លាក់ចុះសេរីភាពមូលដ្ឋាន។ «ការរំលោភបំពានសិទ្ធិមនុស្ស និងការរឹតត្បិតលើសេរីភាពនៃការបញ្ចេញមតិ គឺជាកង្វល់មួយ»។
លោកថាគណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងដាក់សម្ពាធលើរដ្ឋាភិបាលដើម្បីឲ្យស្ដារសេរីភាពនេះឡើងវិញ។ បើសិនជារដ្ឋាភិបាលមិនដោះស្រាយទេ នឹងមានផលវិបាកកើតឡើង។
លោកបន្តថា៖ «ជាការពិត សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហានយោបាយជាប់គាំងនេះជាចម្បង ដើម្បីលើកកម្ពស់សេរីភាពមូលដ្ឋាន និងសិទ្ធិមនុស្ស។ វាពិតជាអាចទៅរួចក្នុងការដោះស្រាយបញ្ហារំលោភបំពានសិទ្ធិមនុស្ស ពីព្រោះថាយើងមានបទពិសោធន៍ធ្វើរឿងនេះហើយ»។
លោកបន្ថែមថា ការរឹតត្បិតសេរីភាពនយោបាយនៅកម្ពុជាមានន័យថាការរំលោភបំពានសិទ្ធិមនុស្សនៅតែបន្តកើតមាន ដែលនាំឲ្យមានការគាំទ្រអភិវឌ្ឍន៍ពីអន្តរជាតិ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា មានករណីខ្លះបានធ្លាក់ចុះ ប៉ុន្តែបើពិនិត្យលើមូលដ្ឋានសេរីភាព ការរំលោភបំពានក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ ដល់ឆ្នាំ២០១៨ គឺមិនមានអ្វីប្រែប្រួលច្រើនទេ។
លោកប្រាប់ ខេមបូចា ថា សេរីភាពនៃការបញ្ចេញមតិគឺរងការរំលោភបំពានច្រើននៅក្នុងរបាយការណ៍។ លោកបន្ថែមថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតថ្មីៗនេះ ក៏អាចប៉ះពាល់សិទ្ធិអ្នកបោះឆ្នោត ដែលអាចប៉ះពាល់ខ្លាំងដល់លទ្ធផលបោះឆ្នោត។
លោកបន្តថា៖ «វាជាច្បាប់ល្អមួយ ប៉ុន្តែច្បាប់ត្រូវតែដាក់បញ្ចូលមតិយោបល់ពីភាគីពាក់ព័ន្ធ។ វាគួរតែអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា ប្រាប់ ខេមបូចា ថា គ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវតែគោរពច្បាប់។ លោកថា ច្បាប់មិនបានបង្កើតឡើងសម្រាប់ភាគីពាក់ព័ន្ធណាទេ ហើយក៏មិនមានពាក់ព័ន្ធរឿងនយោបាយនោះទេ ច្បាប់គឺស្របទៅតាមរដ្ឋធម្មនុញ្ញ។
លោកមានប្រសាសន៍ថា កម្ពុជាមិនបារម្ភអំពីសេរីភាពនៃការបញ្ចេញមតិទេ ព្រោះថាប្រជាពលរដ្ឋមាន «សេរីភាពពេញលេញក្នុងការបញ្ចេញមតិ»។ អ្នកដែលបារម្ភពីសេរីភាពនៃការបញ្ចេញមតិគឺជា «អ្នកល្មើស អ្នកដែលបំពានលើសិទ្ធិទាំងនេះ»។
អ្នកនាំពាក្យរូបនេះបន្តថា កម្ពុជាជាប្រទេសតូច មានប្រជាជនប្រហែល១៧លាននាក់ ប៉ុន្តែមានអង្គការមិនមែនរដ្ឋាភិបាលចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ ៦ ០០០ និងជាង ៦ ០០០សហជីពទៀតបានចុះបញ្ជីជាមួយក្រសួងការងារ។
លោកលើកជាសំណួរថា៖ «ដូចនេះ ជាសរុបមានអង្គការមិនមែនរដ្ឋាភិបាលជាងមួយម៉ឺនស្ថាប័ន។ តើមានប្រទេសណាមួយដែលមានចំនួនអង្គការសមាគមធ្វើការលើរឿងសេរីភាពនៃការបញ្ចេញមតិច្រើនជាងកម្ពុជា?»។
លោកបន្ថែមថា អង្គការសង្គមស៊ីវិលគួរតែយកចំណុចនេះមកពិចារណាមុនពេលសរសេររបាយការណ៍។ «សួរឲ្យអង្គការសង្គមស៊ីវិលរាប់មើលថាមានប្រទេសប៉ុន្មានដែលមានសហជីពច្រើនជាងកម្ពុជា?»។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា របាយការណ៍របស់អង្គការអាដហុក គឺឆ្លុះបញ្ជាំងពីស្ថានភាពនៅកម្ពុជា។ គិតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបជាវិជ្ជមានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬអាជ្ញាធរពាក់ព័ន្ធដែលមានគូសបញ្ជាក់នៅក្នុងរបាយការណ៍។ វាជាកង្វល់របស់ប្រជាពលរដ្ឋកម្ពុជាដែលចង់បានបរិយាកាសប្រជាធិបតេយ្យជាមួយនឹងការការពារលើផ្នែកសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិ។
លោកបន្តថា៖ «ការងារសំខាន់របស់អង្គការសង្គមស៊ីវិល គឺជាប្រជាពលរដ្ឋក្នុងប្រទេសនឹងមិនមានឥទ្ធិពលលើរដ្ឋាភិបាលឲ្យមានការឆ្លើយតបទេ។ កម្ពុជាជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងបារីស គឺជានិមិត្តរូបជាតិ»។
លោកបន្ថែមថា៖ «កិច្ចព្រមព្រៀងទីក្រុងបារីស [ភាគីហត្ថលេខី] នឹងត្រូវជំរុញឲ្យរដ្ឋាភិបាល ឬបក្សកាន់អំណាច ឲ្យឆ្លើយតបទៅនឹងការទាមទាររបស់សង្គមស៊ីវិល»។
លោក ញ៉ិល សុផានិត អ្នកស្រាវជ្រាវសង្គមវ័យក្មេង ឱ្យដឹងថា មានការធ្លាក់ចុះសេរីភាពមូលដ្ឋាន រដ្ឋាភិបាលត្រូវមានវិធានការច្បាស់លាស់ដើម្បីការពារសេរីភាពមួយនេះ។ រដ្ឋាភិបាលគួរផ្ដោតលើការយល់ដឹង និងអប់រំប្រជាពលរដ្ឋ។
លោកថា រដ្ឋាភិបាលមិនសូវយកចិត្តទុកដាក់លើតម្រូវការ និងសិទ្ធិរបស់ប្រជាពលរដ្ឋទេចំពោះរឿងមួយចំនួន។ «ការរឹតត្បិតលើការបញ្ចេញមតិហាក់មានសភាពកាន់តែអាក្រក់ ពេលយើងមើលទៅលើការផ្សាយព័ត៌មានរបស់សារព័ត៌មានឯករាជ្យ»។
ការបញ្ចេញមតិលើប្រយោជន៍សាធារណៈ និងការយល់ឃើញផ្សេងៗហាក់ជួបការលំបាក ដោយគ្រាន់តែបង្ហាញពីការយល់ឃើញរបស់បុគ្គល។ មនុស្សមួយចំនួនមិនហ៊ានបញ្ចេញមតិដោយសារតែខ្លាចការគំរាមកំហែង និងការចោទប្រកាន់ ជាលទ្ធផលនឹងកម្រិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។
លោកបន្ថែមថា៖ «នៅថ្ងៃអនាគត ក្នុងនាមជាយុវជន ខ្ញុំចង់ឃើញសង្គមមួយដែលមានការបញ្ចេញមតិដោយសេរី និងទូលំទូលាយ ផ្ដល់ឱកាសច្រើន និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ពីព្រោះថាពេលមានឱកាស និងសេរីភាពបញ្ចេញមតិ វានឹងមានការអភិវឌ្ឍនៅគ្រប់កន្លែង»។
បន្ថែមពីនេះ លោកចង់ឃើញរដ្ឋាភិបាលផ្ដល់ទីតាំងសម្រាប់ការបញ្ចេញមតិដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ច្បាប់មិនបានកំណត់ថាសេរីភាពនៃការបញ្ចេញមតិជាការញុះញង់ ឬត្រូវចោទប្រកាន់ឡើយ។
លោកថា សព្វថ្ងៃ បើសិនជាការបញ្ចេញមតិមិនសមរម្យ រដ្ឋាភិបាលត្រូវតែផ្តល់ឱកាសឱ្យកែប្រែ។ «ប្រសិនជាការបញ្ចេញមតិមានការឹតត្បឹតបណ្តាលក្រុមហ៊ុន ឬសហគ្រាស អ្នកមានអំណាច រាជរដ្ឋាភិបាលត្រូវតែដោះស្រាយ មានការគ្រាំទ្រការការពារមានការយកចិត្តទុកដាក់»។
ជាមួយគ្នានេះដែរ ក្នុងរបាយការណ៍ឆ្នាំ២០២៣ ក៏បានគូសបញ្ជាក់ពីការយាយី និងបំភិតបំភ័យលើអ្នកសារព័ត៌មានដែលបានចុះយកព័ត៌មាន។ មានប្រាំករណី មានការគំរាមកំហែងផ្នែកច្បាប់លើអ្នកសារព័ត៌មាន និងអត្ថបទចុះផ្សាយត្រូវបានបិទមិនឲ្យផ្សាយ។ បើតាមរបាយការណ៍ មានករណីវាយប្រហារលើអ្នកសារព័ត៌មានចំនួនប្រាំមួយករណី និងបួនករណីទាក់ទងនឹងការរឹបអូសយកសម្ភារៈរបស់អ្នកសារព័ត៌មាន។
ក្នុងចំណោមករណីទាំងនេះមិនមានចំណាត់ការលើជនល្មើសឡើយ។ ការជ្រៀតជ្រែងខ្លាំងលើសកម្មភាពរបស់អ្នកសារព័ត៌មាន គឺជាកង្វល់មួយដែលមានសរសេរក្នុងរបាយការណ៍។ រដ្ឋាភិបាលក៏បានរឹតត្បិតលើសេរីភាពសារព័ត៌មាន ដោយបានបិទស្ថាប័នសារព័ត៌មានចំនួនប្រាំ ដែលបានរាយការណ៍ទាក់ទងនឹងអំពើពុករលួយមុនការបោះឆ្នោតឆ្នាំ២០២៣។ បណ្ដឹងតវ៉ាចំពោះចំណាត់ការនេះមិនទាន់ចាត់ការនៅឡើយ។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា តួអង្គក្នុងវិស័យសារព័ត៌មានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍ។ ការយកចិត្តទុកដាក់របស់អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័ននានាក្នុងប្រទេសកម្ពុជាលើសកម្មភាពអ្នកសារព័ត៌មាន គឺសំខាន់ក្នុងការជំរុញដល់គុណតម្លៃរបស់វិជ្ជាជីវៈអ្នកសារព័ត៌មាន។
លោកបញ្ជាក់ថា សកម្មភាពរាយការណ៍ព័ត៌មានដែលផ្ដល់ខ្លឹមសារលម្អិតទាក់ទងនឹងហេតុការណ៍ណាមួយ គឺត្រូវស៊ើបអង្កេតឲ្យបានច្បាស់លាស់រកការពិត និងប្រឹក្សាផ្នែកច្បាប់ដើម្បីរកដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយ។ ដូចនេះ កិច្ចហសការប្រកបដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ ត្រូវតែធានាពីភាពច្បាស់លាស់របស់ព័ត៌មាន និងមតិយោបល់ដែលមានប្រយោជន៍។
អ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មានក្នុងប្រទេសកម្ពុជាបានបំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនបានល្អក្នុងឆ្នាំ២០២៣ បានរាយការណ៍ព័ត៌មាន និងព្រឹត្តិការណ៍នានាដោយសេរី និងមានវិជ្ជាជីវៈ។ ក្រសួងព័ត៌មាន និងស្ថាប័នរដ្ឋាភិបាលផ្សេងទៀតបានតាំងចិត្តការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន លើកកម្ពស់វិស័យសារព័ត៌មាន និងអ្នកសារព័ត៌មាន ជាដៃគូសម្រាប់ការអភិវឌ្ឍ។
លោកបន្ថែមថា៖ «យើងលើកទឹកចិត្តឲ្យអង្គការ ឬសមាគមសហការផ្ដល់ព័ត៌មានអំពីស្ថានភាព រួមទាំងរៀបចំរបាយការណ៍ទៅក្រសួងនានា អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀត។ វាត្រូវតែប្រកបដោយសេចក្ដីថ្លៃថ្នូរ ស្មោះត្រង់ និងមានតម្លាភាព»។
អ្នកស្រី សឿង ស្រីសុទ្ធ តំណាងសហគមន៍សំរោងត្បូង ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ប្រាប់ ខេមបូចា ថា អ្នកស្រីជាជនរងគ្រោះម្នាក់ក្នុងរឿងជម្លោះដីធ្លីនៅបឹងតាមោក ហើយពេលនេះកំពុងប្រឈមនឹងសំណុំរឿងនៅតុលាការផងដែរ។ អ្នកស្រីព្រួយបារម្ភ និងអស់សង្ឃឹម ខណៈដែលរដ្ឋាភិបាលមិនអាចផ្ដល់ដំណោះស្រាយបាន។
ក្នុងឆ្នាំ២០២៣ មានហេតុការណ៍ចំនួន១៣៤ ពាក់ព័ន្ធនឹងសេរីភាពនៃការជួបជុំ។ ក្នុងចំណោមនោះ មាន៧៤ភាគរយមានការរឹតត្បិតលើការជួបជុំដោយសន្តិវិធី និង២៥ភាគរយពាក់ព័ន្ធនឹងការរំលោភបំពាន និងអំពើហិង្សា។ ករណីដែលកើតឡើងញឹកញាប់ជាងគេគឺទាក់ទងនឹងការជួបជុំទាក់ទងនឹងសិទ្ធិការងារ សិទ្ធិដីធ្លី និងការជួបជុំរបស់គណបក្សក្រៅរដ្ឋាភិបាល។
ក្នុងឆ្នាំ២០២៣ ការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌបានកើតមានលើអ្នកដែលបានប្រើសិទ្ធិពួកគេក្នុងការប្រមូលផ្ដុំ។ មនុស្ស១៩នាក់ត្រូវបានតុលាការកោះហៅ និង១០នាក់ត្រូវបានចោទប្រកាន់ទាក់ទងនឹងការរៀបចំការជួបជុំដោយសន្តិវិធី ព្រោះតែអ្នកទាំងនោះជាតំណាងសហគមន៍ដីធ្លី ឬសមាជិកសហគមន៍។
អ្នកស្រី ស្រីសុទ្ធ ឱ្យដឹងថា រឿងជម្លោះដីធ្លីបានដាក់ពាក្យបណ្ដឹងទៅតុលាការតាំងពីឆ្នាំ២០២១។ សំណុំរឿងមានដំណើរការយឺតយ៉ាវ និងចំណាយច្រើន។ សវនាការបានបញ្ចប់កាលពីឆ្នាំ២០២៣ ប៉ុន្តែការស៊ើបអង្កេតនៅបន្ត និងសំណុំរឿងមិនទាន់បានដោះស្រាយ។
អ្នកស្រីបន្ថែមថា៖ «ក្នុងនាមជាតំណាងសហគមន៍ ខ្ញុំស្នើឲ្យមានដំណោះស្រាយប្រកបដោយយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ ចៀសវាងការគំរាមកំហែង ឬធ្វើបាបពួកខ្ញុំ។ ដើមបណ្ដឹងពីរ ឬបី ចង់ឲ្យមានការទម្លាក់រាល់បណ្តឹង ហើយចង់ឲ្យមានដីកម្មសិទ្ធិដែលពួកយើងបានរស់នៅក្នុងការអភិវឌ្ឍមួយកន្លែង»។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Restrictions and Violations Against Fundamental Freedoms Up 11 Percent in 2023