សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ថាបានត្រៀមខ្លួនក្នុងការចូលរួមដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅក្នុងកិច្ចប្រជុំប្រចាំខែនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ តេឡេក្រាមគណបក្សបំណងពលរដ្ឋ)
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅក្នុងកិច្ចប្រជុំប្រចាំខែនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ តេឡេក្រាមគណបក្សបំណងពលរដ្ឋ)

តំណាងគណបក្សនយោបាយជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មួយចំនួន​អះ​អាង​ថា ពួកគេ​បានត្រៀមខ្លួនរួចហើយ​ក្នុងការផ្តល់យោបល់ និងចូលរួមសកម្មភាពនានា ជាមួយ រដ្ឋាភិបាលក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ តែមន្ត្រីសង្គមស៊ីវិល និងពលរដ្ឋតាម​ដាន​បញ្ហា​សង្គមមួយចំនួនលើកឡើងថា ការបង្កើតស្ថាប័ននេះធ្វើឱ្យខាតថវិកាជាតិជាច្រើនក្នុងមួយ​ឆ្នាំៗ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានបង្កើតឡើងនៅចុងឆ្នាំឆ្នាំ២០២៣ ជាលើកទី២ ដោយ​មាន​​ប្រតិភូ​ពី​តំណាងគណបក្សនយោបាយចំនួន២៩ចូលរួមក្នុងនោះ​មានទាំង​គណបក្សកាន់អំណាច​ដែរ។

ព្រះរាជក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បានចែងពីតួនាទីរបស់ប្រតិភូសមាជិកស្ថាប័ននេះមាន៣គឺផ្តល់យោបល់ លើ​គោលនយោបាយរបស់រដ្ឋាភិបាល ផ្តល់យោបល់លើការបង្កើតច្បាប់​នានា និងតាមដានការអនុវត្ត​ច្បាប់​នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បង្កើតឡើងដំបូងមានគណបក្សចំនួន១៦​ចូលរួម​ជាមួយ​រដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអាណត្តិដែល​គណបក្ស​​​ប្រជាជនកម្ពុជាទទួលបានអាសនសភាទាំង១២៥នៅក្នុងពេលបោះ​ឆ្នោតនៅឆ្នាំ២០១៨​ក្រោយ​ពេល​រំលាយគណបក្សសង្គ្រោះជាតិឆ្នាំ២០១៧។

អ្នកសារព័ត៌មានខេមបូចា បានសាកសួរគណបក្សនយោបាយចំនួន១០សមាជិកនៃស្ថាប័ននេះ គឺ​តំណាង​គណបក្សមួយចំនួនថា មិនទាន់បានផ្តល់យោបល់ទេ ខណៈមួយចំនួនទៀតអះអាងថា បាន​ផ្តល់​យោបល់មួយចំនួនហើយ។ ទោះយ៉ាងណាគណបក្សទាំងនោះសុទ្ធតែអះអាងថា ពួកគេ​បាន​ត្រៀម​ខ្លួនរួចហើយ ក្នុងការចូលរួមជាមួយរដ្ឋាភិបាល ដើម្បីដោះស្រាយស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន។

ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ មានប្រសាសន៍ថា លោកបានធ្វើកិច្ចការមួយ ចំនួនហើយក្នុងអាណត្តិទី៧នេះ។ ចំពោះផែនការទៅពេលខាងមុខលោកបញ្ជាក់ថា មិនទាន់ច្បាស់ នៅឡើយទេគឺត្រូវបត់បែនជាក់ស្តែងក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាមួយរដ្ឋាភិបាល។

លោក ពេជ្រ ស្រស់ បានថ្លែងថា៖«ផែនការទៅមុខទៀតគណបក្សយុវជនកម្ពុជាយើងមាន​ទិសដៅ​មួយ គឺថាចូលរួមកសាងអភិវឌ្ឍន៍សង្គមជាតិផ្អែកលើតថភាពជាក់ស្តែង​យើងអត់ទាន់​កំណត់ថា​ការងារ​ណាមួយថាជាការងារដែលច្បាស់លាស់ទេណា៎»

ប្រធានគណបក្សបំណងពលរដ្ឋ លោក អ៊ិត សារម្យ ឱ្យដឹងដែរថា ក្នុងរយៈពេលជិត៣ខែ​នៃ​ការ​បង្កើត​ស្ថាប័ននេះឡើងគឺ សមាជិកចំណាយពេលច្រើន ក្នុងការរៀនពីបែបបទនៃការបំពេញការងារ ដោយមិនទាន់បានធ្វើកិច្ចអ្វីបានធំដុំទេ។ ទោះយ៉ាងណាលោកថា បញ្ហាដែលពលរដ្ឋ កំពុងជួប ប្រទះ​ខ្លះដូចជា កសិករខ្វះទឹកធ្វើកសិកម្ម បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀន ជាដើម រូបលោក និងប្រតិភូផ្សេងទៀតបានលើកឡើងជាបន្តបន្ទាប់។​

លោក អ៊ិត សារម្យ លើកឡើងថា៖ «បញ្ហាទាំងអស់នេះយើងឃើញបណ្តាសមាជិកនៅក្នុង​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ ជាពិសេសគាត់បានលើកឡើង​ទាក់ទងនឹង​សំណួរ​ដែល​បាន​លើកឡើងទាក់ទងនឹងកសិកម្ម ទាក់ទងដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ទាក់ទង​នឹងបញ្ហា​នឹង​គ្រឿងញៀន នោះយើងលើកជាអនុសាសន៍ទៅដល់​ប្រមុខរាជរដ្ឋាភិបាលតាមការ​ប្រជុំ​នៃឧត្តម​ក្រុម​ប្រឹក្សា និងលេខាធិការដ្ឋានហ្នឹង អាចរៀបចំជារបាយការណ៍ និងផ្តល់ទៅប្រមុខរាជរដ្ឋាភិបាល»

ប្រធានប្រតិភូគណបក្សខ្មែររួបរួមជាតិ និងជាប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់ យោបល់​​ដឹកនាំការប្រជុំនៅថ្ងៃទី២៩ ខែមករា លោក អ៊ុំ សុមន្ថា ឱ្យដឹងថា តាំងពីបង្កើត​ឡើងមក​គឺ​រដ្ឋាភិបាលឱ្យតែផ្តល់យោបល់ មិនទាន់ឱ្យចុះមូលដ្ឋានជួបពលរដ្ឋទេ។ លោកបន្តថា គណបក្ស​លោក​បាន​ត្រៀមករណីគ្រោះចរាចរណ៍ និងបញ្ហាមួយចំនួនទៀតសម្រាប់លើកឡើងទៅកាន់រដ្ឋាភិបាល​នៅ​ពេល​ខាងមុខ។

លោក អ៊ុំ សុមន្ថា មានប្រសាសន៍ថា៖«ឧត្តមក្រុមប្រឹក្សាហ្នឹងប្រឹងតែរៀបហើយ ព្រោះខ្ញុំរៀបចំពីរ​ហើយផ្នែកចរាចរណ៍ផ្នែកអីហ្នឹងណា៎។ ចរាចរណ៍ផ្នែកស្អីៗហ្នឹងយើងប្រុងប្រៀបហើយ តែមិន​ទាន់​បាន​ធ្វើ។ យើងមានគម្រោងរួចអស់ហើយ ក៏ប៉ុន្តែយើងមិនទាន់បានរៀបចំធ្វើហ្នឹងណា៎»

រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​លេខា​ធិការ​ដ្ឋាន​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និងផ្តល់​យោបល់  លោក ឈឹម ផលវរុន មានប្រសាសន៍ថា ស្ថាប័ននេះធ្វើការបានកាន់តែទូលាយ ដោយ​សេរី និងល្អប្រសើរជាងមុនដោយសារមានបទពិសោធន៍ការងារមួយអាណត្តិមកហើយ។

លោក ឈឹម ផលវរុន បានបញ្ជាក់ថា៖ «អាណត្តិនេះគឺឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់​បានធ្វើការបោះជំហានទៅមុខបន្តពីអាណត្តិទី១ដែលផ្តល់លទ្ធភាពកាន់តែទូលំទូលាយដល់ការចូលរួមស្ថាបនារបស់គណបក្សនានានៅក្នុងនោះលទ្ធភាពនៃវិសាលភាពទូលំទូលាយដើម្បីផ្តល់ឱ្យគណបក្សនានាចូលរួមក្នុងការផ្តល់នូវទស្សនាទានកែលម្អឱ្យមានប្រសិទ្ធភាពបន្ថែម»។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានប្រតិភូមកពីគណបក្សចំនួន២៩ ដែលក្នុង១បក្ស មានតំណាង៦រូប សរុបប្រតិភូទាំងអស់មាន១៧៤រូប។ ក្នុងចំណោមនោះអ្នកមាន ឋានៈស្នើ​ទេសរដ្ឋ​មន្ត្រី ចំនួន២៩រូប ឋានៈស្មើរដ្ឋមន្ត្រី២៩រូប ឋានៈស្មើរដ្ឋលេខាធិការ២៩រូប ឋានៈស្មើ​អនុរដ្ឋលេខាធិការ​២៩រូប ឋានៈស្មើអគ្គនាយក២៩រូប និងឋានៈស្មើអគ្គនាយករង២៩រូប។​ ក្រៅ​ពី​ប្រតិភូតំណាង​គណបក្ស​​​នៅក្នុងស្ថាប័ននេះនៅមានប្រធានលេខាធិការដ្ឋាន និងមន្ត្រីធ្វើកិច្ចការ​ទូទៅ ប្រមាណ២០​រូប​ផ្សេងទៀត។

នៅក្នុងពិធីជួបជាមួយតំណាងគណបក្សនយោបាយផ្សេងៗនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វត្តមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់​នេះ មានសារៈសំខាន់ក្នុងការជំរុញដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស និង​ជួយ​ផ្តល់ធាតុ​ចូល​ដល់រដ្ឋាភិបាល។

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖«លើកកម្ពស់ភាពរស់រវើកនៃប្រព័ន្ធពហុបក្សនៅក្នុង​ដំណើរ​ការប្រជាធិបតេយ្យសេរីនៅកម្ពុជា។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ខ្ញុំបានសម្រេចជាគោលការណ៍ឱ្យរៀបចំបន្តនូវយន្តការនេះ ដើម្បីរាជរដ្ឋាភិបាលអាចទទួលបាននូវ​ធាតុចូលដែលជាចរិតជាទស្សនពហុគំនិតពីគណបក្សនយោបាយនានាដើម្បីជាការពិនិត្យ និង​ពិចារណា​សម្រាប់ជាប្រយោជន៍ដល់ការស្ថាបនាជាតិ»

ប្រតិភូតំណាងគណបក្សនយោបាយដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ នៅក្នុងកិច្ចប្រជុំប្រចាំខែថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ តេឡេក្រាមគណបក្សបំណងពលរដ្ឋ)

សម្រាប់អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន យល់ឃើញថា ស្ថាប័ននេះមិនបានជួយអ្វីជាផលប្រយោជន៍ធំដុំដល់ជាតិ និងប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញ​ជា​ការ​បង្កើនបន្ទុកដល់ថវិកាជាតិដែលបានពីការប្រមូលពន្ធពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។

យោងតាមព្រះរាជក្រឹត្យ និងអនុក្រឹត្យ បើគិតតែប្រាក់បៀវត្សប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ចំនួន១៧៤រូបដែលមាន​ឋានៈ ចាប់ពីអគ្គនាយរងដល់ទេសរដ្ឋមន្ត្រីនោះ រួម​ទាំងប្រាក់​ផ្តល់​ឱ្យគណបក្សនីមួយៗ​ចំនួន​៤លាន​រៀល​ក្នុង​១ខែ គឺរដ្ឋត្រូវចំណាយ​ប្រមាណ​ជាង៤រយលានរៀល​(៤១៧ ៣១០ ០០០រៀល)​ស្មើនឹង​ជាង​១០ម៉ឺន​ដុល្លារក្នុង១ខែ និងស្មើនឹងជាង១លាន២សែន​ដុល្លារ​ក្នុង១ឆ្នាំ។ នេះមិនទាន់រាប់បញ្ជូលការ​ចំណាយ​​លើប្រធានលេខាធិការដ្ឋាន និងមន្ត្រីប្រមាណ​២០រូប​ទៀតទេ។

ប្រធានមជ្ឃមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង កត់សម្គាល់ថា តាំងពីអាណត្តិទី៦រហូតដល់ដើមអាណត្តិទី៧នេះ លោកមិនទាន់ឃើញស្ថាប័នឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់លើកយកបញ្ហាសំខាន់ណារបស់ជាតិ និងប្រជាពលរដ្ឋមក​ជជែកឱ្យ​ចេញ​ជាលទ្ធផលនោះទេ។​

លោក យង់ គិមអេង លើកឡើងថា៖«ខ្ញុំកន្លងមកដូចជា​មិនឃើញមានអីថា​ជាដុំកំភួនដែលចេញ​ពី​ឧត្តមក្រុមប្រឹក្សាហ្នឹង។ មែនទែនទៅមិនឃើញថារដ្ឋាភិបាលយកមតិយោបល់ ឬក៏សេចក្តីសម្រេច​ណាមួយរបស់ឧត្តមក្រុមប្រឹក្សាយកទៅជាចំណែកមួយនៅក្នុងការធ្វើគោលនយោបាយ ឬក៏ការ​អនុវត្ត​ផ្សេងៗហ្នឹងណា។ មិនធ្លាប់!»

មន្ត្រីសម្របសម្រួលផ្នែកអង្កេត និង​តស៊ូមតិនៃ​អង្គការខុមហ្វ្រែម លោក កន សាវាង្ស ឱ្យដឹងថា ស្ថាប័ន​របស់លោកមិនមានក្រុមការងារតាមដានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទេ ប៉ុន្តែ​លោកសង្តេតជាទូទៅឃើញថា ក្រុមនេះមិនបានធ្វើសកម្មភាពណាមួយឱ្យចេញជាលទ្ធផល​ក្នុង​ការដោះស្រាយបញ្ហាសង្គមទេ។

ពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ កញ្ញា ខែម ស្រីមុំ លើកឡើងជាចម្ងល់ថា ហេតុអ្វីបានជា​រដ្ឋាភិបាល​បង្កើតស្ថាប័ននេះឡើងនាំឱ្យមានការបន្ថែមបន្ទុកចំណាយលើថវិកាជាតិទៀត? ព្រោះ​កន្លង​មកកញ្ញាមិនបានឃើញលទ្ធផលអ្វីចេញពីក្រុមនេះទេ។  កញ្ញា ខែម ស្រីមុំ បន្តថា បើ​រដ្ឋាភិបាល​ចង់បានគំនិតល្អបន្ថែមក្នុងការដោះស្រាយបញ្ហាគួរតែ​ជួលអ្នកជំនាញ​ឱ្យធ្វើកិច្ចការ​ទាំង​នេះ។

កញ្ញា ខែម ស្រីមុំ លើកឡើងថាថា៖«អីផ្សេងៗដែលរដ្ឋាភិបាលគាត់ត្រូវអភិវឌ្ឍប្រទេសត្រូវ​ធ្វើស្អី​ដែលឱ្យជាតិរីកចម្រើនត្រូវការបញ្ញវ័នដូចជាអ្នកចេះដឹងបណ្ឌិតៗអីណា៎គាត់បង្ហាញបែបម៉េចប្រទេសរីកចម្រើន ធ្វើម៉េចកុំឱ្យជាតិខាតបង់ថវិកាអាហ្នឹងត្រូវការមែន។ បញ្ហាត្រូវស្រាវជ្រាវម៉េច ដោះម៉េច​ឱ្យ​ជាតិរីកចម្រើនត្រូវការសិក្សាស្រាវជ្រាវឱ្យច្បាស់លាស់អ៊ីចឹងហាណា៎។ ធ្វើអ៊ីចឹងទើបអាចជួយជាតិ​បាន»

ចំណែកប្រជាពលរដ្ឋម្នាក់ទៀត រស់នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង លោក បូ ភក្តិ ឱ្យដឹងថា លោក​បានតាមដានព័ត៌មាននានាដែរតែមិនឃើញលទ្ធផលអ្វីចេញពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់​នេះ ក្នុងការជួយពលរដ្ឋទេ។ លោក បន្តថា បច្ចុប្បន្នស្រូវរបស់លោក និងកសិករ​ផ្សេង​ទៀត​ប្រមាណ៣០០ហិកតា កំពុងក្រៀមស្វិត ប៉ុន្តែមន្ត្រីពាក់ព័ន្ធ និងឧត្តមក្រុមប្រឹក្សា មិនដែលលើក​យក​បញ្ហា​របស់ពួកគាត់ទៅពិភាក្សាស្វែងរកដំណោះស្រាយទេ។

ទីប្រឹក្សា​ឯករាជ្យ និង​ជា​អ្នក​ជំនាញ​ខាង​អភិបាល​កិច្ច​លោក ឱក សេរីសោភ័ក្តិ៍ យល់ឃើញថា ការ​បង្កើត​ស្ថាប័នឧត្តមក្រុមប្រឹក្សានេះឡើងជាការល្អ បើសិនជាមានការផ្តល់យល់ល្អៗ ហើយ​រដ្ឋាភិបាល​​យកទៅអនុវត្តន៍។ ទោះយ៉ាងណាលោកបន្តថា កន្លងមកលោកតែងតែស្វែងរក ឯកសារស្រាវជ្រាវរបស់ឧត្តមក្រុមប្រឹក្សាដែលបានផ្តល់យោបល់ទៅរដ្ឋាភិបាលដែរ ប៉ុន្តែ​រក​មិន​ឃើញ។  

សម្រាប់លោក ឱក សេរីសោភ័ក្តិ៍ ការចំណាយលុយលើឧត្តមក្រុមប្រឹក្សាមិនចោទជាបញ្ហាទេ បើយោបល់ទាំងនោះឆ្លងកាត់ការស្រាវជ្រាវច្បាស់លាស់ ហើយរដ្ឋាភិបាលយកទៅប្រើប្រាស់ ដើម្បីបានជាប្រយោជន៍ជាតិ និងពលរដ្ឋពិតប្រាកដ។

លោក ឱក សេរីសោភ័ក្តិ៍ លើកឡើងថា៖ «បើគ្រាន់តែប្រជុំពិគ្រោះយោបល់ តាមដានសភាពការណ៍ ហើយ​ប្រជុំគ្នាវិភាគ ប្រជុំគ្នាផ្គូផ្គូងចេញជាយោបល់ទៅរដ្ឋាភិបាលប៉ុណ្ណឹងមិនច្រើនទេ បើសិនយើង​ប្រៀបធៀប​ទៅចំណាយផ្សេងៗទៀត ក៏ប៉ុន្តែបញ្ហាមិននៅត្រង់នេះទេ។ បញ្ហានៅត្រង់ថាតើ​គេយក​យោបល់គាត់ពិតប្រាកដមែនអត់ ហើយនៅពេលដែលគាត់បញ្ចេញយោបល់​គាត់អាចធ្វើការ​ពិត​ប្រាកដមែនអត់?»

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅខែធ្នូ ឆ្នាំ២០២៣  លោក ឈឹម ផលវរុន បានចាត់ទុកអ្នករិះគន់​នានាថា មិនស្គាល់ពីការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ លោកលើកឡើងថា ការស្វែងរកធាតុចូលមានសារសំខាន់ណាស់សម្រាប់រដ្ឋាភិបាលដឹកនាំប្រទេស ហើយថាប្រទេស​រីកចម្រើននានាក៏គេប្រើវិធីសាស្ត្រនេះដែរ។

លោក ឈឹម ផលវរុន បនបន្ថែមថា៖ «ផ្តល់ធាតុចូលជូនរាជរដ្ឋាភិបាលក្នុងការលើកស្ទួយប្រសិទ្ធភាព​នៃការអនុវត្តគោលនយោបាយបញ្ចកោណដំណាក់កាលទី១ អ៊ីចឹងការផ្តល់ធាតុចូលវា​ជា​សារប្រយោជន៍​​​សំខាន់ណាស់ដែលយើងត្រូវយល់ថាប្រជាធិបតេយ្យសេរីពហុបក្ស មិនមែន​គ្រាន់​តែ​ជាការតតាំងទេ ជាវេទិការនៃការផ្តល់ធាតុចូលមួយទៀតដែលសំខាន់។ នៅបណ្តាប្រទេស​ប្រជាធិបតេយ្យ​ក៏ធ្វើដូច្នេះដែរ គ្រាន់តែយន្តការនេះគេឱ្យឈ្មោះផ្សេងៗគ្នា»

សម្រាប់អ្នកនាំពាក្យគណបក្សឆន្ទៈខ្មែរ​ ជាគណបក្សមិនចូលរួមក្នុងសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ លោក គីមសួរ ភីរិទ្ធ លើកឡើងថា ស្ថាប័ននេះគ្រាន់តែបង្កើតឡើង​ដើម្បីលម្អការដឹកនាំរបស់គណបក្សប្រជាជនតែប៉ុណ្ណោះ។ លោកបន្តថា បើគណបក្សរបស់​លោកឈ្នះ និងដឹកនាំប្រទេសមិនត្រូវការស្ថាប័ននេះទេ គឺប្រើតែយន្តការសភា និងស្ថាប័ន​ពាក់ព័ន្ធមានចែងក្នុងច្បាប់គ្រប់គ្រាន់ហើយ។

លោក គីមសួរ ភីរិទ្ធ មានប្រសាសន៍ថា៖«អត់ចាំបាច់ទេៗ ឱ្យតែគណៈរដ្ឋមន្ត្រីហ្នឹងត្រឹមត្រូវ ក្រសួងហ្នឹងត្រឹមត្រូវ បុគ្គលិករដ្ឋធ្វើការសកម្ម មានប្រាក់បៀវត្សគ្រប់គ្រាន់​ហូបចុក​ហើយ​យើង​មាន​គោល​នយោបាយ គោលការណ៍ច្បាស់លាស់សម្រាប់គាត់ធ្វើទៅ ឱ្យច្បាស់លាស់ត្រួតពិនិត្យ​ការងារ​ហ្នឹងឱ្យវាមានក្រឹត្យក្រមវិន័យទៅ ខ្ញុំថាទៅរលូន មិនចាំបាច់ទៅសួរអ្នកណាច្រើនទេ»

460 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម