សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នក​ភូមិ​បឹង​តាមោកអន្ទះសារ​ស្វែងរក​ជំនួយ​ពី​ព្រះមហាក្សត្រ ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី

ប្រជាពលរដ្ឋសហគមន៍បឹងតាមោក និងកូនៗរបស់ពួកគាត់នាំគ្នាដើរទៅកាន់ព្រះបរមរាជវាំង ដើម្បីដាក់ញត្តិថ្វាយព្រះមហាក្សត្រ ដើម្បីស្វែងរកជំនួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
ប្រជាពលរដ្ឋសហគមន៍បឹងតាមោក និងកូនៗរបស់ពួកគាត់នាំគ្នាដើរទៅកាន់ព្រះបរមរាជវាំង ដើម្បីដាក់ញត្តិថ្វាយព្រះមហាក្សត្រ ដើម្បីស្វែងរកជំនួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ប្រជាពលរដ្ឋសហគមន៍បឹងតាមោកប្រមាណ៤០នាក់ បានដើរ​ហែ​ក្បួន​ចេញពីផ្សាររាត្រីឆ្ពោះទៅព្រះបរមរាជវាំង ដើម្បីដាក់ញត្តិថ្វាយ​ព្រះមហាក្សត្រ ឲ្យជួយអន្តរាគមន៍លើការអភិវឌ្ឍនៅ​​​បឹងតាមោក ដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគាត់។

 នៅ​ម៉ោង​ប្រហែល ២ រសៀល​ថ្ងៃ​ចន្ទ អ្នក​ភូមិ​មានទាំង​ឪពុក​ម្តាយ និង​កូន​តូចៗ​បាន​ចាប់​ផ្តើម​ដើរ​ជា​​ពីរ​ជួរ ខណៈ​កាន់​ព្រះឆាយាលក្ខណ៍​ព្រះមហាក្សត្រ​នរោត្តម សីហមុនី និង​សម្តេច​ម៉ែ។ ពួក​គាត់​ដើរ​​បណ្តើរ​និង​​ស្រែកបន្ទរ​​ពាក្យ​ស្លោក​តាម​​ឧឃោសនសព្ទ​​​ថា «បឹង​តាមោក​គឺ​ជីវិត បឹង​តាមោក​គឺ​សេដ្ឋកិច្ច​»។

 នៅ​ពេល​ពួកគាត់​មក​ដល់​ផ្សារ​កណ្តាល មន្ត្រី​ខណ្ឌ​បាន​ព្យាយាម​រារាំង​ពួក​គាត់​តែ​មិន​បាន​សម្រេច​​។ អ្នក​ភូមិ​បន្ត​ដើរ​រហូត​ដល់​​ព្រះបរមរាជវាំង ខណៈ​ដែល​មន្ត្រី​ខណ្ឌ​ និង​អាជ្ញាធរ​ព្រះបរមរាជវាំង​ឃ្លាំមើល​​ក្បួនរបស់​ពួកគាត់​។ បន្ទាប់ពីរង់ចាំរយៈពេល១០នាទី នៅជិតសួនច្បារវត្តបទុម មន្ត្រីបរម​រាជ​វាំង៤នាក់ និងមន្ត្រីសា​លា​​​ខណ្ឌដូនពេញ បានមកនិយាយជាមួយប្រជាពលរដ្ឋ ប៉ុន្តែពួកគេ​មិនបានទទួល​យកញត្តិថ្វាយព្រះមហាក្សត្រទេ។ ពួកគេបាននិយាយ​ថា ព្រះមហាក្សត្រ​មិន​មាន​ព្រះរាជតួនាទី​​ក្នុង​មុខងារសាធារណៈទេ ដូច្នេះ​​​ហើយ​ព្រះអង្គ​មិន​អាច​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគាត់​បាន​ទេ។ អ្នក​ភូមិ​ត្រូវ​បាន​ស្នើ​ឲ្យ​ទាក់​ទង​ទៅ​ក្រសួង​ពាក់ព័ន្ធវិញ​ បើ​ទោះ​បី​ជាយ៉ាងណា​ពួកគេ​​មិន​បានប្រាប់​​ឈ្មោះ​មន្ត្រី​ទទួល​បន្ទុក​ជាក់លាក់​​ដល់​អ្នក​ភូមិ​នោះទេ​។ 

 មន្ត្រី​ព្រះបរមរាជវាំង​ម្នាក់​ទៀតគឺលោក ឈុំ ឬទ្ធី បាន​ថ្លែង​ថា ព្រះមហាក្សត្រ​មិន​អាច​ទទួល​ញត្តិ​របស់​ពួកគាត់​​បាន​ទេ ព្រោះ​ព្រះអង្គ​កំពុង​ស្ថិត​​នៅ​ប្រទេស​ចិននៅពេលេ​នេះ។ លោក ឬទ្ធី ស្នើ​ឲ្យ​​អ្នក​ភូមិ​បង្ហោះ​​ញត្តិ​នេះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​គេហទំព័រ ដើម្បី​ឲ្យ​ព្រះមហាក្សត្រ​​ទតឃើញ​​ព័ត៌មាននេះ។

លោក ឬទ្ធី បាន​និយាយថា៖«សូមជម្រាបថា ព្រះបរមរាជវាំងមិនអាចទទួលយកញត្តិបានទេ។ ដើម្បី [ដាក់ញត្តិ] បងប្អូន​អាចទៅសាលាក្រុង ឬខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ តាម​ខ្ញុំ​ដឹង​ ព្រះបរម​រាជវាំង​មិន​ទទួល [ញត្តិ] ទេ​។ ប្រសិន​បើ​បងប្អូន​​មិនយល់​ពីអ្វីដែល​ខ្ញុំ​ចង់​និយាយ​​​ ខ្ញុំ​ក៏​មិន​ដឹង​ដែរ»។ 

ដោយឡែក មន្ត្រីសាលាខណ្ឌដូនពេញម្នាក់​បាន​និយាយថា៖«អ្វីដែលខ្ញុំយល់ពីខុទ្ទកាល័យព្រះបរមរាជវាំង ​គឺ​ថា បញ្ហាទាំងនេះពាក់ព័ន្ធនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់​ សាលាក្រុង និង​​រដ្ឋាភិបាល។ [​ប្រសិន​បើ​] បងប្អូនចង់​​​ឲ្យ​ព្រះ​មហាក្សត្រ​ទទួល​ញត្តិ នេះ​មិន​មែន​ជា​វិធី​ត្រឹម​ត្រូវ​​ទេ»។  

ទោះបីជាមានការអះអាងពីអាជ្ញាធរក៏ដោយ ក៏អ្នកភូមិនៅតែបន្តជឿថា មានតែព្រះមហាក្សត្រទេដែលអាចធ្វើអន្តរាគមន៍ដោះស្រាយបញ្ហារបស់ពួកគេបាន ខណៈដែលពួកគាត់​បាន «ប្រើគ្រប់មធ្យោបាយដែលមាន» ដើម្បីស្វែងរកជំនួយ។ ពួក​គាត់​ថា ពួក​គាត់​​បាន​ស្វែង​រក​ជំនួយ​ពី​ស្ថាប័ន​​រដ្ឋ ប៉ុន្តែ​បែរ​ជា​ទទួល​បាន​ការ​កោះហៅ​ពី​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅទៅវិញ​។

 ដូច្នេះ​ ការ​ដាក់​ញត្តិ​ទៅ​ព្រះមហាក្សត្រ គឺ​ដោយសារ​អាជ្ញាធរ​រដ្ឋ​មិន​បាន​ដោះស្រាយ ឬ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​បឹង​តាមោក។ពលរដ្ឋ​និយាយថា៖«បើ​យើង​មិន​ពឹង​លើ​ព្រះមហាក្សត្រ តើ​យើង​គួរ​ពឹង​អ្នកណា? យើង​នឹង​មិន​ទទួល​យក​គោល​នយោបាយ​ដោះ​ដូរ​ដី​នេះ​ទេ»។

អ្នកស្រី សៀ ដាវី មកពីភូមិសំរោងត្បូងនៅ​តំបន់​បឹងតាមោក បាននិយាយថា ទោះបីជាមន្ត្រីព្រះបរម​រាជ​វាំង​មិនបានទទួលញត្តិក៏ដោយ ក៏យ៉ាងហោចណាស់គាត់​អាចថតញត្តិ ហើយផ្ញើទៅថ្វាយព្រះមហាក្សត្រ។ នៅ​ក្នុង​ញត្តិ​នោះ ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា អ្នក​មាន​អំណាច​បាន​ច្រាន​ចោល​សិទ្ធិ​អ្នក​ភូមិដែលរស់​នៅ​លើ​ដី​នោះ ហើយ​កាត់​បឹង (បែងចែក​តំបន់​បឹង) ដើម្បី​ប្រគល់ទៅ​​ឲ្យ «ក្រុមហ៊ុនដែល​មាន​អំណាច និង​ឧកញ៉ា​»។

 អ្នក​ស្រី ដាវី បាននិយាយថា៖«ខ្ញុំមិនអាចទទួលយកបានទេ ព្រោះរាល់ពេលដែលខ្ញុំមកដាក់ញត្តិ ពួកគាត់​ [អាជ្ញាធរ] ព្យាយាមបញ្ឈប់យើង ហើយនិយាយថា ព្រះមហាក្សត្ររបស់យើងមិនមានសិទ្ធិ និងអំណាចក្នុងការដោះស្រាយបញ្ហានេះទេ»។

អ្នក​ស្រី​បាន​បន្ថែម​ថា ពួកគេ​កំពុង​ស្វែង​រក​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ ព្រោះ​អ្នក​ភូមិ​បឹង​តា​មោក​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ ដើម្បី​ទទួល​បាន​​ដំណោះស្រាយ​ពី​អាជ្ញាធរ ប៉ុន្តែ​មិន​ទាន់​មាន​ទេ។ 

អ្នក​ស្រី ដាវី បាន​និយាយថា៖«តើខ្ញុំគួរសុំជំនួយនៅឯណា? ខ្ញុំ​ត្រូវ​ពឹង​លើ​ព្រះមហាក្សត្រ​របស់​យើង​​ដើម្បី [ការពារ​ផ្ទះ​និង​ដី​របស់​យើង] ព្រោះ​យើង​ប្រឈម​នឹង​ការ​បដិសេធ​​​សិទ្ធិ​របស់​យើង [លើ​ដីនោះ​] ដោយសារ​អាជ្ញាធរ​ព្រែកព្នៅ»។

សន្តិសុខខណ្ឌឃ្លាំមើលការដើរ​ហែ​ក្បួនរបស់ប្រជាពលរដ្ឋសហគមន៍បឹងតាមោក និងកូនៗរបស់ពួកគាត់​ ដើម្បីដាក់ញត្តិថ្វាយព្រះមហាក្សត្រ សុំជំនួយលើវិវាទដីធ្លី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា​/ ព្រីង សំរាំង)

 អ្នក​ភូមិ​សំរោង​ត្បូង​ម្នាក់​ទៀត​ឈ្មោះ ត្រយ សំណាង អាយុ៣៨ឆ្នាំ បាន​និយាយ​ថា អ្នកស្រី​​បាន​រស់​​នៅ​ក្នុង​តំបន់​បឹង​តាមោក​តាំង​ពី​ឆ្នាំ២០០០ មក​ម្ល៉េះ។ ដូច្នេះ​ហើយ​ការ​ស្វែង​រក​​ដំ​ណោះ​ស្រាយ​​ពី​ព្រះមហាក្សត្រ ដោយសារ​ពួក​គាត់​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ផ្ទះ​សម្បែង​ដោយ​សារ​រដ្ឋាភិបាល «យក​បឹង​ទៅឲ្យ​​អ្នក​មាន មិន​មែន​សម្រាប់​អ្នក​ក្រ​ទេ»។

 អ្នក​ស្រី សំណាង បាន​និយាយថា៖«យើង​រស់​នៅ​ទី​នេះ​យូរ​មក​ហើយ។ យើង​មិន​មែន​ជា​អ្នក​មក​ពី​​តំបន់​អនាធិបតេយ្យ​នោះ​ទេ» ​ដោយ​កត់​សម្គាល់​ថា របៀប​ដែល​​អាជ្ញាធរ​ប្រព្រឹត្ត​មកលើ​ពួកគាត់​គឺ​អយុត្តិធម៌។ អ្នកស្រី សំណាង បានបន្ថែមថា ​«យើង​ខ្លាច​ថា​ ថ្ងៃ​ណាមួយ​ពួកគេ [​អាជ្ញាធរ​] នឹង​កាយ​ដី​ជុំវិញ​ផ្ទះ​របស់​យើង​។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មក​ទី​នេះ​ ដើម្បី​ដាក់​ញត្តិ​ថ្វាយ​ព្រះ​មហាក្សត្រ​យើង»។

បឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិដ៏ធំបំផុតក្នុងរាជធានីភ្នំពេញ ដែលមានផ្ទៃដីសរុប ៣ ២៣៩,៧ហិកតា។ ប្រជាពលរដ្ឋប្រមាណ៣០០គ្រួសាររស់នៅជុំវិញបឹង ដែលភាគច្រើនប្រ​កប​របរនេសាទត្រី ដាំដំណាំ ចិញ្ចឹម​ត្រី និងបើកអាជីវកម្មខ្នាតតូចសម្រាប់ចិញ្ចឹមជីវិត។

 យោងតាមអង្គការ​សមាគម​ធាងត្នោត​ (​​STT) ចន្លោះខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០១៩​ ប្រជា​ពល​​រដ្ឋ​៧១គ្រួសារ​កំពុងប្រឈមមុខនឹងការបណ្តេញចេញ ដោយមានពី១៥ទៅ២៥គ្រួសារប្រ​ឈម​​ហានិភ័យខ្ពស់នៃការបណ្តេញចេញ និងហោចណាស់ប្រជាពលរដ្ឋ​២០៤គ្រួសារប្រឈម​នឹង​ហានិ​ភ័យនៃការបណ្តេញចេញនាពេលអនាគត។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា បញ្ហាជុំវិញសហគមន៍បឹងតាមោក គឺទាក់ទងនឹងជម្លោះដែលកំពុងបន្ត​ និងបណ្តឹងផ្តើម​ចេញ​ពី​ការអភិវឌ្ឍ​ដីធ្លី។ ដំណោះ​ស្រាយ​របស់​រដ្ឋាភិបាល​មិន​បាន​​ដំណើរ​ការ​ល្អ ឬ​មិន​មែន​ជា​ដំណោះ​ស្រាយ​ល្អ​ទេ។ អាស្រ័យហេតុនេះ ចុងក្រោយ ដំណោះស្រាយធ្លាក់​ទៅ​ក្នុងដៃរបស់អាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីរដ្ឋាភិបាល ដែលជាអ្នកទទួលខុសត្រូវចំពោះសហគមន៍។

 លោក អំ សំអាត មាន​ប្រសាសន៍ថា៖«តាមទស្សនៈរបស់សង្គមស៊ីវិល [យើង] ចង់ឃើញការដោះស្រាយដោយសន្តិវិធី ដោយមានញត្តិស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ។ វា​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ»។

 កាល​ពី​ពាក់​កណ្តាល​ខែ​មករា មន្ត្រី​ខណ្ឌ​មួយ​រូប​បាន​ដាក់​ពាក្យ​ប្ដឹង​បុគ្គល​ប្រាំមួយ​នាក់ក្នុង​ចំណោម​ប្រាំពីរ​នាក់​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា ការ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ និង​បទ​​ប្រឆាំង​នឹង​អ្នករាជការ​​សាធារណៈ។

 អ្នក​ស្រី ​សំណាង ​បាន​និយាយ​ថា ​ពួក​គាត់​​គាំទ្រ​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស ហើយរដ្ឋាភិបាល​មិន​គួរ​អភិវឌ្ឍ​ន៍លើ​ដី​អ្នក​ក្រ​នោះ​ទេ។

អ្នក​ស្រីបាន​អំពាវនាវថា៖«យើង​មាន​តែផ្ទះនេះ​​មួយ​គត់ គ្មាន​ផ្ទះ​​ផ្សេង​ទេ។ គេ​កាត់​​ដី​ឲ្យ​ឧកញ៉ា និង​មន្ត្រី​ជាន់​​ខ្ពស់ តែ​ហេតុអ្វី​​មិន​ឲ្យ​អ្នក​ក្រ​ដូច​ពួកយើង? ខ្ញុំ​វេទនា​ណាស់។ ខ្ញុំ​ក៏​ជា​រាស្ដ្រ​របស់​ព្រះ​អង្គ​ដែរ។​ សូម​មើលទុក្ខលំបាករបស់​យើងផង»៕ (រាយការណ៍បន្ថែមដោយ ពូ សូរាជីនី)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស Boeung Tamok Residents Desperately Seek King’s Help To Resolve Land Dispute

ព័ត៌មានថ្មី

អត្ថបទពេញនិយម