ប្រជាពលរដ្ឋជាង២០០នាក់មកពីស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ បានដាក់ញត្តិទៅរដ្ឋមន្ត្រីក្រសួងដែនដី លោក សាយ សំអាល់ កាលពីថ្ងៃចន្ទ ដោយជំរុញឲ្យរដ្ឋាភិបាលកាត់ដីមួយចំណែកចេញពីគម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មីឲ្យពួកគាត់ និងចេញបណ្ណកម្មសិទ្ធិ ដើម្បីអាចឲ្យពួកគាត់សាងសង់លំនៅឋានបាន។
ញត្តិដែលបានចុះកាលបរិច្ឆេទថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ជារបស់អ្នកភូមិមកពីភូមិអំពៅព្រៃ ភូមិស្វាយព្រៃ និងភូមិជ្រៃរយោង ក្នុងឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង និងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។
អ្នកភូមិបានអំពាវនាវដល់លោក សាយ សំអាល់ ដែលមានឋានៈជាឧបនាយករដ្ឋមន្ត្រី ឲ្យជួយអន្តរាគមន៍កាត់ដីរបស់ពួកគាត់ ដែលមានទីតាំងនៅតាមបណ្ដោយប្រឡាយ៩៤ ចេញពីគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិថ្មី ដើម្បីអាចឲ្យពួកគាត់រស់នៅបានដោយស្ងប់ចិត្ត អាចមានផ្ទះសម្រាប់រស់នៅ និងបានទទួលផលពីការអភិវឌ្ឍទីក្រុង។
អ្នកភូមិបានសរសេរនៅក្នុងញត្តិរបស់ខ្លួនថា៖ «មូលហេតុដែលប្រជាពលរដ្ឋស្នើសុំរស់នៅក្នុងតំបន់នេះ ដោយសារតែពួកយើងខ្ញុំទាំងអស់គ្នាបានប្រកបមុខរបរអាស្រ័យផល និងរស់នៅទីនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពិសេសជាងនេះទៅទៀត កូនចៅរបស់យើងខ្ញុំអាចមានភាពងាយស្រួលក្នុងការទៅ សាលារៀន មន្ទីរពេទ្យ និងទទួលបានសេវាសាធារណៈផ្សេងៗ ពីអជ្ញាធរមានសមត្ថកិច្ច»។
ញត្តិចំនួនបីបានដាក់ទៅកាន់សាលាខេត្តកណ្ដាលរួចមកហើយ និងចុងក្រោយគឺនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ពេលដែលអ្នកភូមិស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរដើម្បីបញ្ឈប់ការចាក់ខ្សាច់ចូលទៅក្នុងប្រឡាយដោយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះ OCIC ព្រមទាំងមានចេតនាដាំបង្គោលព្រំដីទៀតផង។ ញត្តិដាក់ទៅក្រសួងដែនដី គឺជាញត្តិទីមួយរបស់អ្នកភូមិទាំងនេះ។
អ្នកស្រី សុខ ចិន្ដា វ័យ៣៥ឆ្នាំ ជាអ្នកភូមិអំពៅព្រៃបានស្នើឲ្យក្រសួងជួយចេញប្លង់កម្មសិទ្ធិ និងអនុញ្ញាតឲ្យពួកគាត់បានទទួលការអភិវឌ្ឍនៅនឹងកន្លែង ក៏ដូចជាបញ្ជូនមន្ត្រីទៅកាន់ភូមិរបស់អ្នកស្រីដើម្បីពិនិត្យលើសកម្មភាពចាក់ខ្សាច់នៅក្រោយផ្ទះអ្នកភូមិ។
អ្នកស្រីឲ្យដឹងថា៖ «យើងបានស្នើទៅអាជ្ញាធរខេត្ត ប៉ុន្តែពួកគាត់ប្រាប់ឲ្យយើងចាំដំណោះស្រាយពេលក្រោយ ប៉ុន្តែយើងខ្លាច ពួកគេ [ក្រុមហ៊ុន] នៅតែបន្តចាក់ខ្សាច់ [ក្នុងប្រឡាយ]។ ថ្វីបើពេលនេះពួកគេផ្អាកការចាក់ខ្សាច់ចូលប្រឡាយ ពួកគេមិនព្រមកាយវាចេញវិញនោះទេ»។
អ្នកស្រីបន្តថា អ្នកស្រីមានសង្ឃឹមច្រើនថាក្រសួងនឹងផ្ដល់ដំណោះស្រាយ ដោយក្រសួងមានតួនាទី និងអំណាចក្នុងជួររដ្ឋាភិបាលធំជាងអាជ្ញាធរខេត្ត។
អ្នកស្រី ចិន្តា មានជាចម្ងល់ដែរថា ហេតុអ្វីផ្ទះរបស់ពួកខ្លួនមិនប៉ះពាល់ជាមួយគម្រោងពេលដែលមិនទាន់មានផ្លូវល្អ «តែថាពេលមានការអភិវឌ្ឍផ្លូវបានល្អ ពួកគេ[អាជ្ញាធរ និងក្រុមហ៊ុន] បែរជាចង់ឲ្យប្រជាពលរដ្ឋចាកចេញទៅវិញ»។
អ្នកស្រី ឯម វណ្ណនី វ័យ៦៨ឆ្នាំ មានរបរជាអ្នកនេសាទមកពីភូមិអំពៅព្រៃ កំពុងអង្គុយក្រោមម្លប់ដើមត្នោតនៅខាងមុខក្រសួងដែនដី។ អ្នកស្រីបានមកចូលរួមដាក់ញត្តិជាមួយប្រជាពលរដ្ឋផ្សេងទៀត ដែលរងផលប៉ះពាល់ដោយសារជម្លោះដីធ្លីនេះ និងក៏បានចូលរួមប្រគល់ញត្តិទៅមន្ត្រីផងដែរ។
អ្នកស្រីបានរស់នៅក្នុងភូមិនេះតាំងពីរបបខ្មែរក្រហមដួលរលំមកម្លេះ បានច្រានចោលការអះអាងរបស់តំណាងក្រុមហ៊ុនដែលថាទីតាំងដែលគេចាក់ខ្សាច់ជាកម្មសិទ្ធិរបស់ OCIC និងកាន់កាប់ដោយក្រុមហ៊ុន។
អ្នកស្រីបន្តថា៖ «អ្វីដែលតំណាងក្រុមហ៊ុននិយាយគឺមិនពិតនោះទេ ពីព្រោះយើងបានរស់នៅទីនោះតាំងពីខ្មែរក្រហមដួលរលំ។ អាជ្ញាធរមូលដ្ឋានបានទទួលស្គាល់លើដីទាំងនោះ។ ពួកយើងជាអ្នកមើលថែ និងប្រើប្រាស់ដីទាំងនោះជាយូរមកហើយ បើទោះជាមិនមានប្លង់កម្មសិទ្ធិ»។ អ្នកស្រីបន្តថា៖ «ដូចនេះ ហេតុអ្វីបានជាជម្លោះដីធ្លីមិនត្រូវបានដោះស្រាយពេលដែលក្រុមហ៊ុនអះអាងថាគេមានប្លង់ស្របច្បាប់។ ខ្ញុំពិតជាមិនយល់ទេ»។
អ្នកភូមិម្នាក់ទៀត ឈ្មោះ ស៊ែម មាស វ័យ៥៦ឆ្នាំ បានលើកឡើងថា ក្នុងករណីដែលអាជ្ញាធរមិនអាចផ្ដល់ដីនោះឲ្យពួកគាត់ទេ អាជ្ញាធរគួរតែផ្ដល់ដីនៅទីតាំងថ្មីដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់រស់នៅ។ អ្នកស្រីស្នើសុំដីមួយចំណែកនៅជិតវត្ត។ អ្នកស្រីបន្តថា រដ្ឋាភិបាលត្រូវតែកសាងហេដ្ឋារចនាសម្ព័ន្ធឲ្យបានត្រឹមត្រូវរួមមានទាំងមណ្ឌលសុខភាព សាលារៀន ទឹកស្អាត និងអគ្គិសនី ជាមួយនឹងសំណងសមរម្យផងដែរ សម្រាប់ប្រជាពលរដ្ឋ។
អ្នកស្រីលើកឡើងថា៖ «នេះជាកង្វល់របស់ពួកយើង។ កាលពីមុន គ្រួសារខ្លះដែលបានយល់ព្រមទទួលយកទីតាំងថ្មី គឺបានសំណងតិចតួច។ ពួកគាត់បន្តស្នាក់នៅបណ្ដោះអាសន្ននៅក្បែរដីព្រលានយន្តហោះ ពួកគាត់មិនទាន់ផ្លាស់ទៅនៅកន្លែងថ្មីនោះទេ»។
អ្នកស្រីបញ្ជាក់ថា៖ «យើងមិនទាមទារយកសំណងអ្វីច្រើនជាង [អ្វីដែលត្រូវការចាំបាច់ទេ] ពីព្រោះពូកយើងមិនចង់មានបានអ្វីទេ។ យើងគ្រាន់តែចង់បានយុត្តិធម៌ និងសំណងដែលមានតម្លាភាព»។
អ្នកស្រីបន្ថែមថា៖ «យើងមកតវ៉ានៅព្រឹកនេះ [ថ្ងៃចន្ទ] ដោយសន្តិវិធី និងគ្មានហិង្សា។ យើងមិនចង់ប្រឆាំងការអភិវឌ្ឍរបស់រដ្ឋាភិបាលទេ ប៉ុន្តែយើងចង់បានអ្វីដែលសមស្របចំពោះបញ្ហាដែលនៅអូសបន្លាយនេះ។ វាមិនមានដំណោះស្រាយអ្វីទេអស់រយៈពេលជាយូរមកហើយ»។
បន្ទាប់ពីរង់ចាំដាក់ញត្តិជិតមួយម៉ោង តំណាងក្រសួងដែនដីម្នាក់ឈ្មោះ សុខ យស ដែលមិនបានផ្ដល់ព័ត៌មានពីតួនាទីរបស់ខ្លួន បានចេញមកយកញត្តិពីប្រជាពលរដ្ឋ។ លោកថា ញត្តិនឹងត្រូវប្រគល់ទៅថ្នាក់លើដើម្បីពិនិត្យ ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលានៃការឆ្លើយតបនោះទេ។
ពេលសួរបញ្ជាក់ជាច្រើនដងថានឹងអាចផ្ដល់ដំណឹងមកប្រជាពលរដ្ឋក្នុងពេលវេលាជាក់លាក់ណាមួយថាតើពីរសប្ដាហ៍ ឬមួយខែ លោក យស បានត្រឹមពន្យល់ថាអ្នកភូមិនឹងទទួលការឆ្លើយតបពីក្រសួង។
លោកមានប្រសាសន៍ថា៖ «ទាក់ទងនឹងពេលវេលា ខ្ញុំមិនច្បាស់ទេ ពីព្រោះយើងធ្វើការទៅតាមពេលរបស់ថ្នាក់ដឹកនាំ […] ពេលអ្នកទាំងអស់គ្នាមកកាន់ក្រសួង បានន័យថាអ្នកទាំងអស់គ្នាមករកដំណោះស្រាយតាមផ្លូវច្បាប់»។
លោកលើកឡើងថា៖ «អ្នកទាំងអស់គ្នាត្រូវដឹងថា អ្នកទាំងអស់គ្នាមកទីនេះដើម្បីស្វែងរកយុត្តិធម៌ ដូចនេះក្រសួងនឹងដោះស្រាយទៅតាមច្បាប់។ នេះជាអ្វីដែលអ្នកទាំងអស់គ្នាត្រូវតែយល់»។
លោកបន្តថា ក្រសួងនឹងចាប់ផ្ដើមធ្វើការលើរឿងនេះពេលដែលបានទទួលញត្តិ សន្យាថាញត្តិនឹងមិនត្រូវទុកចោលទេ។ «មិនថាមាន ឬគ្មានដំណោះស្រាយ ក្រសូងនឹងជូនដំណឹងទៅប្រជាពលរដ្ឋ»។
អ្នកភូមិអំពៅព្រៃម្នាក់ទៀត គឺអ្នកស្រី យ៉ុន ចាន់ធន ប្រាប់ខេមបូចាថា អ្នកស្រីមានអារម្មណ៍ធូរចិត្តពេលដែលក្រសួងទទួលយកញត្តិរបស់ខ្លួន។ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា បើប្រជាពលរដ្ឋមិនបានទទួលដំណឹងពីក្រសួងនៅក្រោយចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋនឹងមកប្រមូលផ្ដុំគ្នានៅក្រសួងជាថ្មីម្ដងទៀត។
អ្នកស្រីលើកឡើថា៖ «បន្ទាប់ពីគាត់ [តំណាងក្រសួង] បានទទួលយកញត្តិ យើងមានសង្ឃឹមច្រើន ពីព្រោះថាយើងមកទីនេះដើម្បីរឿងនេះ។ ក្រោយចូលឆ្នាំ យើងនឹងទាក់ទងមកគាត់។ បើសិនជាគាត់មិនឲ្យព័ត៌មានមកខ្ញុំ ឬប្រាប់ពួកយើងថាត្រូវធ្វើអ្វី នៅពេលណា យើងនឹងមកទីនេះជាថ្មីទៀត»។
ទន្ទឹមនឹងនេះ លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ លើកឡើងថា អាជ្ញាធរគួរតែដោះស្រាយបញ្ហាឲ្យបានឆាប់ ព្រោះថាការពន្យារពេលគឺមិនត្រឹមតែប៉ះពាល់ដល់ប្រជាពលរដ្ឋទេ ប៉ុន្តែក៏ប៉ះពាល់មុខមាត់កម្ពុជាផងដែរ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថាអាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុនគួរតែផ្ដល់ដំណោះស្រាយសមរម្យមួយដល់ប្រជាពលរដ្ឋ និងពន្លឿនការផ្ដល់សំណងឲ្យបានកាន់តែឆាប់កាន់តែល្អ។ ការណ៍នេះអាចបញ្ឈប់ផលប៉ះពាល់ច្រើនទៀតលើពូកគាត់»។
នាពេលកន្លងទៅ លោកថាបញ្ហារបស់សហគមន៍បានឈានដល់ការបង្កជាអំពើហិង្សារវាងប្រជាពលរដ្ឋ និងក្រុមសន្តិសុខ តំណាងក្រុមហ៊ុន និងអាជ្ញាធរ។ ក្នុងនាមជាសង្គមស៊ីវិល លោកថា មិនចង់ឃើញរឿងទាំងនេះកើតឡើងនោះទេ ព្រោះថាវាអាចប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
លោកបន្តថា៖ «បើសិនជាបញ្ហានៅតែបន្ត វានឹងមានផលប៉ះពាល់ ហើយប្រជាពលរដ្ឋនឹងបាត់បង់ជំនឿលើអាជ្ញាធរ វានឹងប៉ះពាល់ដល់ជីវភាព និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ។ បញ្ហាគួរតែត្រូវបានដោះស្រាយ និងបង្ការបញ្ហាផ្សេងទៀតពេលដែលរដូវភ្លៀងចូលមកដល់»។
បើតាមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រជាពលរដ្ឋមានសិទ្ធិទទួលបានលំនៅដ្ឋានសមរម្យទាំងស្រ្តី បុរស យុវជន និងកុមារ ហើយពួកគេអាចមានលំនៅដ្ឋានមួយ និងសហគមន៍មួយដែលសុវត្ថិភាព សម្រាប់រស់នៅដោយសន្តិភាព និងសេចក្ដីថ្លៃថ្នូរ។ និយមន័យនេះគឺស្របទៅតាមធាតុស្នូលនៃសិទ្ធិទទួលបានលំនៅឋានត្រឹមត្រូវ ដូចដែលកំណត់ក្នុងឯកសារ GC4 របស់គណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីសិទ្ធិផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Some 200 Canal 94 Residents Submit Petition to Land Management Ministry, Seek Own Land Titles