សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរខេត្ដកណ្ដាលថា នឹងផ្ដល់សំណងផលប៉ះពាល់ជូនពលរដ្ឋក្រោយពីចុះសិក្សាវាយតម្លៃរួចនៅឃុំបឹងខ្យាង

ផ្ទះពលរដ្ឋនៅតាមបណ្តោយប្រឡាយដែលអាជ្ញាធរនឹងពង្រីកសងខាង៥០ម៉ែត្រក្រោមគម្រោងរបស់រដ្ឋ។ រូបថតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)
ផ្ទះពលរដ្ឋនៅតាមបណ្តោយប្រឡាយដែលអាជ្ញាធរនឹងពង្រីកសងខាង៥០ម៉ែត្រក្រោមគម្រោងរបស់រដ្ឋ។ រូបថតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

អាជ្ញាធរខេត្ដកណ្ដាលអះអាងថា នឹងផ្ដល់សំណងផលប៉ះពាល់ក្រោយពីចុះសិក្សា​វាយតម្លៃរួច​សម្រាប់​ពលរដ្ឋនៅឃុំបឹងខ្យាងក្រោមគម្រោងពង្រីកប្រឡាយសងខាង៥០ម៉ែត្រ ខណៈ​រដ្ឋបាល​​​​បានចេញសេចក្ដីបំភ្លឺជុំវិញសារព័ត៌មានមួយចំនួនបានចុះផ្សាយ​កន្លងមក។

បើតាមលោក គង់ សោភណ្ឌ អភិបាលខេត្ដកណ្ដាល​ បានថ្លែងនៅព្រឹកថ្ងៃចន្ទថា សម្រាប់ដោះ​ស្រាយ​ជូនពលរដ្ឋ​ដែលរងផលប៉ះពាល់នៅឃុំបឹងខ្យាងនឹងផ្ដល់សំណង​ក្រោយពី​ក្រសួង​ធនធានទឹក និងស្ថាប័នពាក់ព័ន្ធចុះសិក្សាវាយតម្លៃរួច តែលោកមិនបានបញ្ជាក់​ពីចំនួន​ពលរដ្ឋ​ដែល​រងផលប៉ះពាល់នោះទេ។ លោកបានបន្តថា សម្រាប់អាជ្ញាធរតែងតែគិតគូរពីសុខទុក្ខ​ប្រជាពលរដ្ឋ ខណៈលោកថា ការចុះដោះស្រាយមិនទាន់ដឹងច្បាស់លាស់នោះទេ។

លោកអភិបាលខេត្ដបញ្ជាក់ថា៖ «ការសិក្សានេះ គឺក្រសួងធនធានទឹកបានធ្វើ។ ចំនួនតួលេខ​ជាក់​ស្ដែងនោះ គឺកំពុងប្រមូលហើយ។ សុំឱ្យពិនិត្យបន្ដិចសិនដើម្បីកុំឱ្យវាខុស។ យើងកំពុង​ពិនិត្យ​មើលអ្វីដែលវាប៉ះពាល់ពិតប្រាកដ អ្វីដែលមិនពិតប្រាកដ»

កាលពីថ្ងៃទី៧ខែមិនាឆ្នាំ២០២៤សប្ដាហ៍មុននេះ រដ្ឋបាលខេត្ដកណ្ដាលបានចេញ​សេចក្ដី​បំភ្លឺ​ព័ត៌មាន​មួយក្រោយពីស្ថាប័នខេមបូចាបានចេញផ្សាយនូវអត្ថបទ​មួយដែលមានចំណង​ជើង​ថា៖ « ពលរដ្ឋជាង១០០គ្រួសារនៅ​ឃុំបឹងខ្យាង​រងផលប៉ះពាល់ពីគម្រោងពង្រីកប្រឡាយរបស់​រដ្ឋ»

ក្នុងលិខិតនោះដែរ រដ្ឋបាលខេត្ដកណ្ដាលក៏បានបញ្ជាក់ថា ជុំវិញការស្ដារប្រឡាយនេះ​នៅ​មិន​ទាន់ដឹង​ពីផលប៉ះពាល់ច្បាស់លាស់នោះទេដោយបញ្ជាក់ថា កំពុងសិក្សា និងវាយតម្លៃដែល​បាន​នឹងកំពុងចុះវាស់វែងលម្អិតលើផលប៉ះពាល់ និងស្រង់ទិន្នន័យផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​​ផងដែរ នៅត្រង់ចំណុចស្ទឹងតូចក្នុងភូមិសាស្រ្ដឃុំរលាំងកែន ឃុំព្រែករកា និង​ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង។ សម្រាប់ភូមិកំពុងតាឡុង និងភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ក៏ស្ថិតនៅក្នុងគម្រោងនេះដែរ។

យ៉ាងណាក្នុងលិខិតដដែលបានបន្ដថា៖ «គម្រោងផែនការវិនិយោគហេដ្ឋារចនា​សម្ព័ន្ធ​ប្រព័ន្ធ​លូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ»

ក្នុងសេចក្ដីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្ដកណ្ដាលនេះស្នើសុំឱ្យខេមបូចាជួយសម្រួលអត្ថបទ​របស់ខ្លួនឡើងវិញ ដើម្បីកុំឱ្យពលរដ្ឋមានការយល់ច្រឡំជុំវិញព័ត៌មានខាងលើ និងបានបញ្ជាក់​ពីដំណោះស្រាយជូនពលរដ្ឋក្រោយពីសិក្សារួច។

ចំណែកឯលោក ណៃ ចាន់ឌី មេឃុំបឹងខ្យាងបានលើកឡើងថា ថ្នាក់លើមិនទាន់បានបញ្ជាក់​ចំនួនតួលេខណាមួយនោះទេ លោកថាកន្លងមកលោកគ្រាន់តែបានចូលរួមស្ដាប់ក្នុងកិច្ចប្រជុំ​ប៉ុណ្ណោះកិច្ចការងារផ្សេងៗទៀតមិនដឹងនោះទេ។ លោកបានរុញសំណួរអ្នកសារព័ត៌មាន​ខេមបូចា​ទៅថ្នាក់ស្រុកទើបជាក់លាក់ជាងលោក។

លោកបន្ដថា៖ ​«គេមិនទាន់ប្រាប់ពូទេរឿងប៉ះពាល់គ្រួសារហ្នឹង។ បើក្មួយឯង​ចង់ច្បាស់​ទាក់​​ទៅលោកអភិបាលស្រុកទៅ។ កន្លងមកពូចូលរួមស្ដាប់ដូចតែប្រជាពលរដ្ឋដែរទេ»

លោក អ៊ូច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹង ថ្លែងថា ការដោះស្រាយជូនពលរដ្ឋនៅមិនទាន់ច្បាស់លាស់នោះទេ តែយ៉ាងណាលោកបញ្ជាក់ថា កំពុងស្នើសុំទៅថ្នាក់លើដើម្បីឱ្យពលរដ្ឋដែលគ្មានប្លង់កម្មសិទ្ធិអាចទទួលបានសំណងសមរម្យ។

លោកបានថ្លែងថា៖ «យើងអត់ទាន់ដឹងទេ ព្រោះថ្នាក់ក្រសួងជាអ្នកដោះស្រាយ។ ខ្ញុំកំពុងស្នើទៅថ្នាក់លើដើម្បីអាចឱ្យពលរដ្ឋទទួលបានសំណងសមរម្យដូចពលរដ្ឋនៅប៉ែតប្រាំបីដែរ[ពលរដ្ឋព្រមដោះដូរពីព្រលានយន្ដហោះថ្មី]»

បើតាមអ្នកស្រី សួង ចាន់ណា អាយុ៥៥ឆ្នាំដែលមានដី និងផ្ទះប្លង់រឹង បានលើកឡើងថា អ្នកស្រីចង់បានដី និងសំណងផ្ទះដែលអ្នកស្រីបានសាងសង់ដោយអ្នកស្រីបានបញ្ជាក់ថា អ្នកស្រីបានសាងសង់ផ្ទះមុននឹងមានគម្រោងជីកប្រឡាយបានរយៈពេល៦ខែមកហើយទើបមានគម្រោងស្ដារនេះ។

អ្នកស្រីថា៖«បានសមរម្យខ្ញុំមិនថាអីទេ បើមិនបានសមរម្យពួកខ្ញុំនឹងតវ៉ា។ខ្ញុំមិនចង់បានអីទេ ឱ្យតែសមរម្យ ធ្វើអីធ្វើចុះ»

កាលពីថ្ងៃពុធទី៣១ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរបានហៅប្រជាពលរដ្ឋ២ភូមិ រួមមាន ភូមិ​កំពង់តាឡុង និងភូមិស្រុកចេក ឃុំបឹងខ្យាងដើម្បីប្រជុំបង្ហាញពីគម្រោងពង្រីកប្រឡាយ​សង​ខាង​​៥០ម៉ែត្រ​មានប្រវែងជាង៤គីឡូម៉ែត្រដែលមានប្រជាពលរដ្ឋប្រមាណ៧០នាក់ចូលរួម។

ក្នុងលិខិតមួយដែលក្រសួងធនធានទឹក និងឧតុនិយមបានតម្រូវឱ្យរដ្ឋបាលខេត្ដកណ្ដាល​ចុះ​អនុវត្ដគម្រោងស្ដារស្ទឹង និងប្រឡាយតូចៗនៅក្នុងភូមិសាស្ដ្រខេត្ដកណ្ដាល ដោយក្នុងនោះ​មាន​​​ប្រឡាយ​ទឹក​ដែលត្រូវស្ដារមានប្រវែងជិត៥គីឡូម៉ែត្រ និងទទឹង៥០ម៉ែត្រសង​ខាងស្ថិត​នៅ​ឃុំបឹងខ្យាង ស្រុក​កណ្ដាលស្ទឹង។

​លិខិតនោះបន្ដថា ភូមិសាស្រ្ដដែលត្រូវស្ដារ និងពង្រីកមានរាជធានីភ្នំពេញ ខេត្ដ​កំពង់ស្ពឺ ខេត្ដ​កណ្ដាល និងខេត្ដតាកែវ ដើម្បីរំដោះទឹកជំនាន់។

ពលរដ្ឋម្នាក់ទៀតដែលកំពុងរង់ចាំដំណោះស្រាយពីអាជ្ញាធរនោះគឺ ឈន លី អាយុ៥១ឆ្នាំ រស់នៅ​ភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង បានបញ្ជាក់ថា លោកមិនជំទាស់នឹង​គម្រោង​របស់រដ្ឋឡើយ ដោយលោកថាឱ្យតែរដ្ឋអាចផ្ដល់សំណងសមរម្យ និងអាចផ្ដល់ដី​មួយកន្លែង​ឱ្យលោក លោកនឹងព្រមចាកចេញ។ យ៉ាងណាលោកបានបង្ហាញការព្រួយបារម្ភ​របស់លោកថា​ ក្នុងករណីរដ្ឋមិនអាចផ្ដល់សំណងឱ្យលោកបានសមរម្យទេ នោះលោកនឹង​ប្រឈមបញ្ហាជាខ្លាំង ខណៈលោកថា ដីរបស់លោកមិនមានប្លង់រឹងនោះទេ ប៉ុន្ដែលោកបាន​កាន់​កាប់​ជាង១០ឆ្នាំមកហើយ។

លោកលើកឡើងថា៖ «ខ្ញុំចង់បានដីរស់នៅឡើងវិញ ព្រោះខ្ញុំអត់មានអីត្រូវទៅកន្លែងណា។ បើរដ្ឋត្រូវការដីមែន ខ្ញុំចប់ហើយ។ បើគេវាយតម្លៃទាបពេកយើងក៏មិនអាចទទួលយកបាន បើសមរម្យខ្ញុំចេញ ខ្ញុំចង់បានតែប៉ុណ្ណឹង។ គេ[អាជ្ញាធរ]អត់ប្រាប់ថាយ៉ាងម៉េចដែរតាំងពីថ្ងៃ​ប្រជុំមក»

ហាក់មិនខុសគ្នានោះទេ អ្នកស្រី អួន សាន អាយុ៥៧ឆ្នាំ បានឱ្យដឹងថា អ្នកស្រីគ្មាន​ដី​ជា​កម្មសិទ្ធិ​ឡើយ ដោយផ្ទះអ្នកស្រីរស់នៅសព្វថ្ងៃគឺជាដីចំណីស្ទឹង ប៉ុន្ដែអ្នកស្រីថា ការរស់នៅ និង សាងសង់នេះអ្នកស្រីបានសុំពីអាជ្ញាធរភូមិឃុំរួចហើយ​និងបានរស់នៅចាប់តាំង​២០១៧​មក។ អ្នកស្រីបានសម្ដែងការព្រួយបារម្ភ និងស្នើឱ្យអាជ្ញាធរមេត្ដាផ្ដល់ទីតាំងសមរម្យ ទើប​អ្នកស្រី​នឹងព្រមចាកចេញ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំចង់បានតែដី១ដុំទេ បើអត់បានទេ ខ្ញុំមិនដឹងពឹងស្អីទេ។​ ដីនៅនេះ គឺខ្ញុំសុំ​មេឃុំ​​នៅ​ទេ ព្រោះអត់មានដីនៅនឹងគេ។ខ្ញុំចង់បានដំណោះស្រាយឱ្យខ្ញុំសមរម្យទេ»

កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅអង្គការសមាគមធាងត្នោតបានរកឃើញថា ពលរដ្ឋ​៣​​ខេត្ដ​រងគ្រោះដោយបណ្ដេញចេញទាំងបង្ខំ និងមិនទទួលបាននូវសំណងសមរម្យ១២ករណី ខណៈសង្គមស៊ីវិលផ្សេងទៀតថា ការចេញរបាយការណ៍នេះ គឺជាការរួមចំណែកមួយក្នុងការ​ជំរុញដល់រដ្ឋាភិបាលថ្មីងាកមកគិតគូរពីបញ្ហាសិទ្ធិមនុស្សកាន់តែខ្លាំង។

ក្នុងរបាយការណ៍របស់អង្គការសមាគមធាងត្នោត បានចេញស្ដីពីការបណ្ដេញទាំងបង្ខំ២០២៣​ថា ការបណ្ដេញមាន១២ករណីនៅរាជធានីភ្នំពេញ ខេត្ដតាកែវ និងខេត្ដកណ្ដាល ចន្លោះពី​ឆ្នាំ​២០១៩ដល់២០២៣ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងរបាយការណ៍​ដដែល​បង្ហាញ​ថា ការបណ្ដេញចេញទាំងនេះ ត្រូវបានចាត់ទុកថា ជាការរំលោភលើច្បាប់សិទ្ធិមនុស្ស​អន្ដរជាតិ ជាពិសេសសិទ្ធិទទួលបានលំនៅឋានសមរម្យ។

លោក វណ្ណ សូផាត មន្រ្ដីធុរៈកិច្ច និងសម្របសម្រួលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាន​ចាត់​​ទុកថា ការផ្ដល់សំណងសមរម្យមុននឹងមានការអភិវឌ្ឍគឹជារឿងដែលអាជ្ញាធរគួរគិត។ យ៉ាង​ណាមិញលោកសង្ឃឹមថា អានជ្ញាធរនឹងផ្ដល់សំណងសមរម្យឱ្យប្រជាពលរដ្ឋជាជាងការ​បណ្ដេញដោយបង្ខំ និងមិនផ្ដល់សំណងសមរម្យ។

លោកបន្ថែមថា៖ «តាមច្បាប់មុននឹងអភិវឌ្ឍអីមួយរដ្ឋត្រូវបានផ្ដល់សំណងសមរម្យជា​មុន​សិន។ ខ្ញុំសង្ឃឹមថា អាជ្ញាធរគិតគូរបញ្ហាសិទ្ធិមនុស្សឱ្យបានច្រើន និងជារឿងសំខាន់»

972 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម