សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមប្រឹក្សាឃុំសង្កាត់កូតាបក្សភ្លើងទៀនជិត៧០រូបប្ដឹងអាជ្ញាធរប្រឆាំងនឹងការ​លុបសមាជិកភាព និងតួនាទីជាក្រុមប្រឹក្សា

សមាជិកគណបក្សភ្លើងទៀនតវ៉ានៅមុខទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
សមាជិកគណបក្សភ្លើងទៀនតវ៉ានៅមុខទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុមប្រឹក្សាឃុំសង្កាត់កូតាបក្សភ្លើងទៀនជិត៧០រូបក្នុងខេត្តសៀមរាប និងកំពង់ធំ ដាក់ពាក្យ​ប្ដឹងបក្សភ្លើងទៀនទៅកាន់អាជ្ញាធរខេត្តទាំងពីរនេះ ទាមទារឱ្យទប់ស្កាត់ការដកហូត​មុខ​តំណែង​​​​ពីក្រុមប្រឹក្សា និងការបញ្ចប់សមាជិកភាពពីបក្សដោយអយុត្តិធម៌។

មន្រ្តីជាន់ខ្ពស់បក្សភ្លើងទៀន អះអាងថា​ ការលុបសមាជិកភាព ធ្វើឡើងរាល់សមាជិក​ដែល​មិន​គោរពតាម​បទបញ្ជាផ្ទៃក្នុងបក្ស ហើយបានចាត់ទុកការប្ដឹងជំទាស់នេះ មានអ្នករៀបចំផែនការពី​ក្រោយ​ខ្នង។

យោងតាមពាក្យបណ្ដឹងរបស់ក្រុមប្រឹក្សាឃុំសង្កាត់ទាំង៦៥រូប (៣២រូបនៅកំពង់ធំ ៣៣រូប​នៅ​ខេត្តសៀមរាប) ដែលដាក់ទៅកាន់អភិបាលខេត្តសៀមរាប និងកំពង់ធំ ចុះថ្ងៃទី១៨ និង១៩ ខែមីនា ឱ្យដឹងថា បក្សភ្លើងទៀន បានលុបសមាជិកភាពរបស់ខ្លួន និងប៉ុនប៉ងដកតួនាទីពី​ក្រុម​ប្រឹក្សា​​ឃុំ​សង្កាត់ ក្រោមហេតុផលថា មិនបានបោះឆ្នោតឱ្យបក្សឆន្ទៈខ្មែរតាមការណែនាំ​របស់​បក្ស។ 

ក្រុមប្រឹក្សាទាំងនោះ ចាត់ទុកការចោទនេះ បំពានលើការសម្ងាត់​នៃការបោះឆ្នោត និង​ផ្ទុយ​ពីសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ។ ហើយក៏ជាទង្វើប្រមាថពលរដ្ឋជាម្ចាស់ឆ្នោត​នៅ​មូលដ្ឋា និងរំលោភលើសិទ្ធិនយោបាយទៀតផង។

រដ្ឋបាលខេត្ត និងមន្រ្តីបក្សភ្លើងទៀន អះអាងថា ការលុបសមាជិកភាពពីគណបក្សជាកិច្ចការ​ផ្ទៃក្នុង​របស់បក្ស ហើយអាជ្ញាធរមិនអាចរារាំងបានឡើយ ស្របពេលដែលអ្នកដាក់ពាក្យ​បណ្ដឹងថា គេមិនមានជំនឿចិត្តលើក្រុមប្រឹក្សាវិន័យបក្សថាអាច​ដោះស្រាយករណីនេះដោយ​យុត្តិធម៌​បាននោះទេ។

សមាជិកក្រុមប្រឹក្សាឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានចូលរួមប្ដឹង លោក រិទ្ធ សារា  ថ្លែងថា លោកត្រូវបានបក្សភ្លើងទៀនលុបសមាជិកភាពតាំងពីដើមខែកុម្ភៈ ឆ្នាំ​២០២៤ ហើយលោកបានប្ដឹងជំទាស់លើការសម្រេចនេះទៅកាន់ក្រុមប្រឹក្សាវិន័យរបស់បក្ស។

ការបញ្ចប់សមាជិកភាពនេះ លោក​អះអាងថា បក្សភ្លើងទៀនបានដាក់គោលដៅ​លើសមាជិក​ដែល​ហ៊ានតវ៉ានិងតស៊ូមតិខាងក្នុងបក្ស ហើយមានទំនោរ​​បោះឆ្នោតឱ្យបក្សទើបបង្កើតថ្មី​(អាច​ជាបក្សកម្លាំងជាតិ)។ ចំពោះបុគ្គលមានទំនោរបោះឆ្នោតឱ្យបក្សផ្សេង (អាចជាបក្សកាន់​អំណាច​) បែរជាគណបក្សរក្សាតួនាទីជាក្រុមប្រឹក្សាដដែល។

ការប្ដឹងនេះ លោក សារា ថា ដោយសារលោកគ្មានជំនឿលើការដោះស្រាយទំនាស់ផ្ទៃក្នុង តាមរយៈគណៈកម្មការវិវាទ និងវិន័យ បន្ទាប់ពីលោកសង្កេតឃើញថា​ ការតែងតាំង​ប្រធាន​ស្រុក ខេត្តថ្មី មិនបានសួរយោបល់ពីសមាជិកថ្នាក់ក្រោមឡើយ។ 

លោកនិយាយថា៖ «[ការដាក់ពាក្យបណ្ដឹងនេះ] យើងការពារតួនាទីក៏ដូចជាការពារ​ផល​ប្រយោជន៍​រួមរបស់គណបក្សនៅមូលដ្ឋាន»

អ្នកដាក់ពាក្យប្ដឹងមួយរូបទៀត លោក អៀង វណ្ណៈ ចៅសង្កាត់រងទី២ នៅសង្កាត់ ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ថ្លែងថា កាលពីថ្ងៃទី១៥ ខែមីនា ប្រធានប្រតិបត្តិ​បក្សភ្លើងទៀន​ខេត្ត បានលុបសមាសភាពរបស់លោក ក្រោមការសង្ស័យថា លោកមិនបានបោះឆ្នោតជូន​បក្សឆន្ទៈខ្មែរ បន្ទាប់ពីបក្សនេះបានបាត់សំឡេងឆ្នោតជាច្រើន។ 

ទោះជាយ៉ាងណាក៏ដោយ លោកថា ការដកតួនាទីរបស់លោកចេញពីក្រុមប្រឹក្សា លុះត្រាតែ​មាន​លិខិត​ផ្លូវការ​ពីក្រសួងមហាផ្ទៃ។​

លោកលើកឡើងថា៖ «ខ្ញុំសង្ឃឹម [មានដំណោះស្រាយ] ដោយសារយើងអត់បានធ្វើអ្វីខុសទេ ហើយអ្វីដែលគាត់ចោទប្រកាន់យើង លុះត្រាតែគាត់មានអំណះអំណាងច្បាស់​ តែគាត់អត់​មាន​ភស្តុតាងដូចអ្វីដែលចោទប្រកាន់ខ្ញុំទេ»

ការលុបសមាសភាពជាសមាជិកបក្សភ្លើងទៀន ត្រូវបានអ្នកដាក់ពាក្យបណ្ដឹងថា ជាចំណុច​ឈាន​ទៅរកការដកហូតតួនាទីជាក្រុមប្រឹក្សាឃុំសង្កាត់។​ គេបន្តថា ក្រៅពីខេត្តកំពង់ធំ និង​សៀមរាប ក៏មានសមាជិកក្រុមប្រឹក្សានៅខេត្តផ្សេងទៀត​បានតវ៉ាចំពោះករណីនេះផងដែរ គ្រាន់តែមានចំនួនតិច។ ក្នុងនោះមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និង ខេត្តព្រៃវែង ជាដើម។

ភ្លាមៗក្រោយការបោះឆ្នោតព្រឹទ្ធសភា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា អះអាងថា បក្សឆន្ទៈខ្មែរដែលតំណាងឱ្យបក្សភ្លើងទៀន ទទួលបានអសនៈតិចតួចនៅ​ព្រឹទ្ធសភា​​​ដែលផ្ទុយ​ពី​លទ្ធផល​រំពឹងទុក។

ឆ្លើយតបចំពោះករណីនេះ លោក មុនីកា ថា បន្តទៅមុខទៀត គណបក្សនឹងពិនិត្យមើល​រចនាសម្ព័ន្ធ​ក៏ដូចជា ការពង្រឹងស្មារតីរបស់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ [ភ្លើងទៀន] ឡើង​វិញ។

អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ មានប្រសាសន៍ថា ការ​​បញ្ចប់​សមាជិកភាពពី​បក្ស ដោយសារបុគ្គលទាំងនោះ អសកម្ម គ្មានវិន័យ មិនគោរព​បទបញ្ជា និងលក្ខខន្តិកៈ រួមទាំងការណែនាំរបស់គណបក្ស។

ចំពោះការប្ដឹងទៅអាជ្ញាធរខេត្តប្រឆាំងការលុបសមាជិកភាព លោក សុធារ៉ាយុទ្ធ ថា អាជ្ញាធរ​មិនអាច​លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់បក្សបាននោះទេ។ លោកបន្តថា ការដោះស្រាយ​ទំនាស់ គឺជាភារកិច្ចរបស់ក្រុមប្រឹក្សាវាយតម្លៃនិងវិន័យរបស់បក្ស ហើយលោកយល់ថា ការប្ដឹងនេះ អាចមានការបង្គាប់បញ្ជាពីក្រោយ។

លោកបន្ថែមថា៖ «តែខ្ញុំយល់ថា គេ(អាជ្ញាធរ) មិនអាចជួយបានទេ​ព្រោះថាវាជាការជ្រើសរើស​វិធីក្រៅប្រព័ន្ធគណបក្ស»

នាយករដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ ក៏យល់ស្របដែរថា អាជ្ញាធរខេត្តមិនអាច​ដោះ​ស្រាយ​វិវាទ​ផ្ទៃក្នុង​របស់គណបក្សបានឡើយ។ បន្ថែមពីលើនេះ លោកថា កាលពីកន្លងមក រដ្ឋបាល​ខេត្ត ក៏បានអនុវត្តតាមការស្នើសុំពីបក្សភ្លើងទៀនចំពោះការ​ផ្លាស់ប្ដូរ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ស្របតាមច្បាប់បានកំណត់ផងដែរ។

លោកបញ្ជាក់​ថា ក្រោយការបោះឆ្នោតព្រឹទ្ធសភា បក្សភ្លើងទៀនបានស្នើឱ្យដូរ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់ខ្លួនជាបន្តបន្ទាប់ ហើយលោកមិនបានចាំច្បាស់អំពីចំនួនឡើយ។

នាយករដ្ឋបាលរូបនេះ បន្តទៀតថា រាល់សំណើរសុំផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សា​ឃុំសង្កាត់​របស់បក្សភ្លើងទៀន ត្រូវបានបញ្ជូនបន្តទៅក្រសួងមហាផ្ទៃ ប៉ុន្តែលោកថា នៅមិនទាន់​ឃើញ​ការ​ឆ្លើយតបពីក្រសួងមហាផ្ទៃម្ដងនៅឡើយទេ។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា លោកនឹងពិនិត្យមើលខ្លឹមសារ​នៃ​ពាក្យបណ្ដឹងនេះជាមុនសិន ខណៈលោកចាត់ទុកថា នេះជាកិច្ចការផ្ទៃក្នុងរបស់បក្សនីមួយៗ។

លោកថ្លែងថា៖ «ជារឿងគណបក្សរបស់គេ។ យើងបោះឆ្នោតសមាមាត្រតំណាងឱ្យបក្ស បក្សដកចេញ ជារឿងរបស់បក្ស»។

អ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ការរុះរើក្រុមប្រឹក្សា​ឃុំសង្កាត់បក្សប្រឆាំងនឹងជំរុញឱ្យមានការបែកបាក់គ្នារវាងអ្នកកាន់តំណែងចាស់ និងថ្មី ហើយ​លោកយល់ថា វាគឺជាយុទ្ធសាស្រ្តដើម្បីបំបែកបំបាក់ក្រុមប្រឆាំង ​ដែលបានកើតមានតាំងពី​យូរ​ណាស់មកហើយ។

លោកបញ្ជាក់ថា៖ «ការជះឥទ្ធិពលនឹងជំរុញឱ្យការបែកបាក់គ្នាក្នុងចំណោមមន្រ្តីដែលចេញ​ និង​មន្រ្តី​ឡើងជំនួសអាចនឹងមានកើតឡើង។ មើលទៅវាដូចជាយុទ្ធសាស្រ្តនយោបាយ​ធ្វើឱ្យ​បែក​បាក់តាំងពីដើមមក»

មាត្រា១៦ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ចែងថា ក្រុមប្រឹក្សាអាចបាត់បង់ សមាជិកភាពក្នុងករណី ទទួលមរណភាព បាត់បង់សម្បទាវិជ្ជាជីវៈ សុំលាលែង តុលាការ​ផ្តន្ទាទោស បណ្តេញ​ចេញព្រោះប្រព្រឹត្តខុសបទបញ្ជាក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាត្រូវ​រំលាយ​ទាំងមូល និង​ការបាត់បង់សមាជិកភាពពីគណបក្សរបស់សាមីខ្លួន។

មាត្រា៣៨នៃច្បាប់ដដែលខាងលើនេះ បានចែងថា ការបាត់បង់មុខតំណែង និង​ការទទួល​មុខ​តំណែង​ជាជំទប់ទី១ ឬចៅសង្កាត់រងទី១ ជំទប់ទី២ ឬចៅសង្កាត់រងទី២ ត្រូវធ្វើ​ដោយ​ប្រកាស​របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងរយៈពេលយ៉ាងយូរ១៤ថ្ងៃ។

កាលពីចុងឆ្នាំ២០២៣ សមាជិកនិងសកម្មជនជនគណបក្សភ្លើងទៀន ជាង៤០០នាក់​បាន​ប្រមូល​ផ្ដុំគ្នាតវ៉ា នៅទីស្នាក់ការបក្សនៅរាជធានីភ្នំពេញ ដោយអំពាវនាវឱ្យ​ប្រធាន​បក្ស​ភ្លើងទៀន លោក ទាវ វណ្ណុល លាលែងចេញពីតំណែង និងរក្សាតួនាទី​មន្រ្តីជាច្រើនរូប​ឱ្យ​នៅដដែល ដោយក្រុមអ្នកតវ៉ា បានអះអាងថា បក្សភ្លើងទៀនបានបញ្ចប់មុខងារអ្នកបាន​ស្ម័គ្រ​ស្មោះ​រាប់ឆ្នាំទាំងនោះដោយគ្មានហេតុផលសមរម្យ៕

989 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម