សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សមាជិកបក្សភ្លើងទៀនជាង៤០០នាក់តវ៉ាឲ្យ លោក ទាវ វណ្ណុល ចុះចេញពីប្រធានគណបក្ស

សមាជិកនិងសកម្មជនជនគណបក្សភ្លើងទៀន ជាង៤០០នាក់បានប្រមូលផ្ដុំគ្នាតវ៉ា នៅទីស្នាក់ការបក្សនៅរាជធានីភ្នំពេញ ដោយអំពាវនាវឱ្យប្រធានបក្សភ្លើងទៀន លោក ទាវ វណ្ណុល លាលែងចេញពីតំណែង និងរក្សាតួនាទីមន្រ្តីជាច្រើនរូបឱ្យនៅដដែល ដោយក្រុមអ្នកតវ៉ា បានអះអាងថា បក្សភ្លើងទៀនបានបញ្ចប់មុខងារអ្នកបានស្ម័គ្រស្មោះរាប់ឆ្នាំទាំងនោះដោយគ្មានហេតុផលសមរម្យ។

ការតវ៉ានេះធ្វើឡើងមួយសប្ដាហ៍បន្ទាប់ពីគណបក្សភ្លើងទៀនបានចេញសេចក្ដីប្រកាសដោយស្នើឱ្យក្រុមប្រឹក្សាឃុំសង្កាត់ទាំង២១៩៨រូប ដែលបានជាប់ឆ្នោត ត្រូវមានភក្ដីភាពជាមួយបក្ស និងបោះឆ្នោតជូនគណបក្សឆន្ទៈខ្មែរដែលជាបក្សត្រូវបានរើសយកក្នុងសម្ព័ន្ធភាពសម្រាប់ឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភានាខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។

ក្នុងញត្តិរបស់ក្រុមអ្នកតវ៉ា បានស្នើឲ្យប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល និង អគ្គលេខាធិការ លោក លី សុធារ៉ាយុទ្ធ លាលែងពីតំណែង និងបញ្ឈប់ការគំរាមកំហែង ព្រមទាំងការព្យាយាមដកហូតមុខតំណែងរបស់សមាជិកដោយគ្មានហេតុផលសមរម្យ ព្រមទាំងគោរពសិទ្ធិក្នុងការសម្រេចចិត្តផ្ទាល់ខ្លួនរបស់សមាជិកបក្ស។

ខ្លឹមសារក្នុងញត្តិ បានបន្តថា៖ «ដើម្បីរក្សានូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ព្រមទាំងរក្សានូវស្មារតីដើមរបស់គណបក្សភ្លើងទៀន យើងខ្ញុំទាំងអស់ដែលជាសមាជិក​និងថ្នាក់ដឹកនាំនៅមូលដ្ឋាន  ស្នើឱ្យថ្នាក់ដឹកនាំដែលទន់ជ្រាយទាំងពីរគឺ លោក ទាវ វណ្ណុល និង លោក លី សុធារ៉ាយុទ្ធ ចុះចេញពីតំណែងក្នុងគណបក្សដោយឥតលក្ខខណ្ឌ ចាប់ពីថ្ងៃនេះតទៅ»។​

សមាជិកបក្សភ្លើងទៀនមួយរូបចូលរួមតវ៉ា លោក ប្រាក់ ពន្នារាយ ស្នើឱ្យគណបក្សភ្លើងទៀនរក្សាមុខតំណែងប្រធានប្រតិបត្តិខេត្តសៀមរាប គឺ លោក សោម សូរិយា ឱ្យនៅដូចដើម។ 

លោកបានលើកឡើងថា បក្សភ្លើងទៀនបានបញ្ចប់មុខតំណែងប្រធានប្រតិបត្តិខេត្តនេះដោយមិនមានមូលហេតុសមរម្យ និងគ្មានការពិភាក្សាជាមួយប្រធានប្រតិបត្តិក្រុង-ស្រុកទាំង១២រូប។

ជាលេខាគណៈកម្មាការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំស្រុកសូទ្រនិគម ខេត្តសៀមរាប  លោក ពន្នារាយ បន្ថែមថា ក្រោយការបញ្ចប់តួនាទីប្រធានប្រតិបត្តិខេត្ត បក្សភ្លើងទៀន ពុំបានតែងតាំងអនុប្រធានជំនួសនោះទេ ប៉ុន្តែដាក់អ្នកផ្សេងជាប្រធានបក្សភ្លើងទៀនខេត្តសៀមរាប ដែលមិនធ្លាប់ស្គាល់ពីមុនមក។

លោក បានបញ្ជាក់ថា៖ «មួយរយៈកាលនេះ វាយត្រាដកៗ  សមាជិកថ្នាក់ក្រោម។ ដកប្រធានខេត្តសៀមរាប អត់មានមូលហេតុច្បាស់លាស់ អត់មានពិភាក្សាជាមួយគណៈកម្មការប្រតិបត្តិទាំង១២ស្រុក-ក្រុង»។ 

ក្រុមអ្នកតវ៉ា និយាយថា ប្រសិនបើបក្សភ្លើងទៀនមិនអាចបន្តតួនាទីមន្រ្តីមួយចំនួនដែលរងការបញ្ចប់មុខតំណែងនេះឱ្យនៅដដែលបានទេ ពួកគេស្នើសុំឱ្យប្រធានបក្សភ្លើងទៀ​ន លោក ទាវ វណ្ណុល ចុះចេញពីតំណែង។

មុនឈានដល់ការផ្ទុះការតវ៉ា លោក ប្រាក់ ពន្នារាយ បានឲ្យដឹងថា ប្រធានប្រតិបត្តិបក្សភ្លើងទាំង១២ក្រុង-ស្រុក នៅខេត្តសៀមរាប បានដាក់ញត្តិសុំការបំភ្លឺពីថ្នាក់ដឹកបក្ស ពាក់ព័ន្ធនឹងការបញ្ឈប់មុខតំណែងប្រធានប្រតិបត្តិខេត្ត កាលពីដើមខែនេះ ប៉ុន្តែមិនទាន់មានការឆ្លើយតបទេ។ 

ចំពោះវត្តមានអ្នកតវ៉ានៅព្រឹកចន្ទ លោក ពន្នារាយ បានឱ្យដឹងថា មានសកម្មជននិងសមាជិកបក្សចូលរួមចំនួន៤៥០នាក់ដែលមកពីតាមបណ្ដាខេត្តចំនួន៩ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប កំពង់ធំ កណ្ដាល និងរាជធានីភ្នំពេញជាដើម។ ក្នុងនោះមានអ្នកតវ៉ាជាង១០០នាក់ជាអ្នកខេត្តសៀមរាបដែលភាគច្រើនគឺជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់បក្សភ្លើងទៀន រួមទាំងប្រធានប្រតិបត្តិក្រុង-ស្រុកទាំង១២រូបផងដែរ។

ជាពលរដ្ឋគាំទ្របក្សភ្លើងទៀនមួយរូបប្រចាំខេត្តសៀមរាប អ្នកស្រី ផល សុខន បានមានប្រសាសន៍ថា អ្នកស្រីសម្រេចចូលរួមការតវ៉ានេះ ដោយសារមិនពេញចិត្តចំពោះសកម្មភាពរបស់បក្សភ្លើងទៀនក្នុងការបញ្ចប់មុខតំណែងប្រធានប្រតិបត្តិបក្សប្រចាំខេត្តសៀមរាបកាលពីពេលកន្លងទៅ។

អ្នកស្រី បានអះអាងថា ប្រធានបក្សភ្លើងទៀននៅខេត្តនេះជាមនុស្សស្មោះត្រង់ ជាអ្នកតស៊ូ និងជួយជ្រោមជ្រែងមន្រ្តីក្រោមឱវាទ ព្រមទាំងបានលះបង់ជាមួយបក្សប្រឆាំងរយៈពេល២០ឆ្នាំហើយ។

អ្នកស្រី បាននិយាយថា៖ «ដោយសារគាត់[គណបក្សភ្លើងទៀន]ដកអត់មានការប្រជុំ ពិគ្រោះយោបល់អីឬក៏ថា បើប្រធានប្រតិបត្តិខេត្តហ្នឹងខុស យើង[បក្សភ្លើងទៀន]ប្រាប់គាត់ទៅ ឱ្យគាត់កែប្រែកំហុសម្ដងទៅ។ នេះយើងអត់មានកំហុសសោះយើងដកគាត់ចេញ អត់មានហេតុផល»។

គណបក្សភ្លើងទៀនកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសម្រេចបញ្ចប់តួនាទីលោក សោម សូរិយា ពីប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តសៀមរាប។ ក្នុងសេចក្ដីសម្រេចបានបញ្ជាក់ថា ការបញ្ចប់មុខតំណែងនេះ ដោយយោងតាមបទបញ្ជាផ្ទៃក្នុង កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ និងការធ្វើសកម្មភាពផ្ទុយពីផលប្រយោជន៍បក្ស។ 

ពីរសប្ដាហ៍បន្ទាប់ពីការសម្រេចរបស់បក្សភ្លើង ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការរំលាយ លោក សម រង្សី កាលពីថ្ងៃទី៧ ខែធ្នូ បានអំពាវនាវឱ្យគ្រប់គណបក្សនយោបាយ​មានទំនោររក​ប្រជាធិបតេយ្យរួបរួម​និង​សហការ​​គ្នា។ 

ជាមួយគ្នានេះ តាមរយៈការឆ្លើយឆ្លងក្នុងប្រអប់បញ្ចេញមតិជាមួយហ្វេសបុកមួយឈ្មោះ Aing Sopharith ពាក់ព័ន្ធលិខិតបញ្ចប់សមាភាពលោក សោម សូរិយា ពីប្រធានប្រតិបត្តិបក្សភ្លើងទៀននៅខេត្តសៀមរាប លោក រង្សី ​ថា «ធ្វើបែបនេះ ខុសហើយ»។

អ្នកចូលរួមការតវ៉ាមកពីរាជធានីភ្នំពេញ លោក សរ នាង ថ្លែងថា លោកជាអតីតចៅសង្កាត់រងទី២នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលរងការបញ្ចប់តួនាទីពីបក្សភ្លើងទៀនទាំងគ្មានមូលហេតុ​ កាលពីថ្ងៃទី២ខែធ្នូនេះ។ លោក ស្នើឱ្យប្រធានបក្សភ្លើងទៀនបន្តរក្សាតួនាទីរបស់លោកដូចដើមវិញ ដោយ លោក អះអាងថា អំឡុងពេលជាចៅសង្កាត់រងកូតាបក្សភ្លើងទៀន លោកបានធ្វើការបម្រើប្រជាពលរដ្ឋនិងពុំមានជាប់ពាក់ព័ន្ធគណបក្សផ្សេងទេ។

បើតាម លោក នាង ឱ្យដឹងថា នៅរាជធានីភ្នំពេញ មានសមាជិកបក្សភ្លើងទៀន៥រូបត្រូវបានគណបក្សបញ្ចប់តួនាទីជាក្រុមប្រឹក្សាឃុំសង្កាត់ ដោយមិនមានការសួរនាំពីសាមីជន។ លោកថា ក្នុងនោះមាន ចៅសង្កាត់រងទី២ចំនួន៣រូប និងសមាជិកក្រុមប្រឹក្សា២រូប។ លោកបន្តថា សង្កាត់ទាំងនោះមាន សង្កាត់បឹងទំពន់ សង្កាត់វាលវង់ សង្កាត់ក្រាំងធ្នង់ និងសង្កាត់ឃ្មួញ។

 លោក បាននិយាយថា៖ «បើគ្មានដំណោះស្រាយពាក្យបណ្ដឹងនេះទេ ពួកខ្ញុំនៅតែតវ៉ាទាមទាររហូត ឱ្យប្រធានគណបក្ស ទាវ វណ្ណុល សូមឱ្យឯកសារពាក់ព័ន្ធដែលត្រូវលុបហ្នឹង ត្រូវនិរាករណ៍ចេញឱ្យអស់»។ 

ឆ្លើយតបចំពោះការតវ៉ានេះ អគ្គលេខាធិការគណបក្សភ្លើងទៀន លោក សុធារ៉ាយុទ្ធ ថ្លែងថាចាប់តាំងពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មក មានមន្រ្តីខេត្តមួយរូបនិងស្រុក៤រូប រងការបញ្ចប់ពីតួនាទី ដោយសារមិនគោរពតាមបទបញ្ជាផ្ទៃក្នុងនិងសេចក្ដីណែនាំរបស់បក្ស។ លោក ថា គណបក្សមិនមានការបញ្ឈប់ឬបណ្ដេញសមាជិកណាមួយរបស់បក្សនោះទេ។

លោក បន្តអះអាងថា គណបក្សក៏មិនមានការគំរាមកំហែង លើសមាជិករបស់ខ្លួនឡើយ។ចំណែកការទម្លាក់ប្រធានបក្សនិងអគ្គលេខាធិការ គឺអាស្រ័យលើសមាជបក្ស។

លោកបានបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំគណបក្ស មិនបានសម្លុត និងគំរាមសមាជិក មន្រ្តី និងសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោតរបស់ខ្លួនទេ ។ ផ្ទុយទៅវិញ ពួកគាត់ទេដែលបានប្រើតួនាទីរបស់ខ្លួន គំរាម និងដកសមាជិកភាពពីគណបក្ស និងពីតួនាទីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដូចជានៅខេត្តកំពង់ធំ »។ លោកបានបន្ថែមថា៖ «គណបក្ស បានទប់ស្កាត់ពួកគាត់កុំឲ្យប្រើឥទ្ធិពល និងអំណាចរបស់ខ្លួន គំរាមដកហូតតួនាទី ឬបណ្តេញសមាជិកណាម្នាក់ចេញពីគណបក្ស ដោយសារតែមិនស្តាប់ និងធ្វើតាមបញ្ជាខុសរបស់ពួកគាត់»។

បេក្ខជនសមាជិកព្រឹទ្ធសភាមកពីបក្សឆន្ទៈខ្មែរ និងជាអតីតអ្នកនាំពាក្យបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ អះអាងថា អ្នកដែលចូលរួមតវ៉ាគឺជាអតីតសមាជិកបក្សភ្លើងទៀនទាំងអស់។ លោក បានអះអាងទៀតថា អ្នកតវ៉ាទាំងនោះ មានមួយចំនួនបានចូលរួមជាបក្សកាន់អំណាចនិងមួយចំនួនទៀតចូលជាសមាជិកបក្សកម្លាំងជាតិ។

លោក បញ្ជាក់ថា៖ «[ពួកគេ]មិនមែនសមាជិកបក្សភ្លើងទៀនទេ អ្នកខ្លះជាអតីត។ អត់មានទេ និយាយរួមទៅសុទ្ធតែជាអតីតទាំងអស់ គ្រាន់ថាអ្នកខ្លះទៅចូលរួមជាមួយបក្សកាន់អំណាច ខ្លះទៀតចូលជាសមាជិកគណបក្សកម្លាំងជាតិ ជាបេក្ខជនឈរព្រឹទ្ធសភាគណបក្សកម្លាំងជាតិក៏មកបាតុកម្មដែរ»។

សម្រាប់អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា ចាត់ទុកការតវ៉ាពីសមាជិកបក្សភ្លើងទៀន ដោយសារថ្នាក់ដឹកនាំបក្សមិនសូវមានសកម្មភាពនិងខ្វះការសាមគ្គីគ្នានៅខាងក្នុងបក្ស។ លោក ថា មេបក្សភ្លើងទៀនគួរប្រមូលអ្នកតវ៉ាទាំងនោះដើម្បីពិភាក្សាអំពីគោលនយោបាយរបស់គណបក្សឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការដកនិងដាក់មន្រ្តីតាមបទបញ្ជាផ្ទៃក្នុងរបស់បក្ស។

លោក បាននិយាយថា៖ «អ៊ីចឹងជជែកគ្នាទៅ ព្រោះបក្សប្រឆាំងសំឡេងតិច ហើយមិនពិបាកអីដោះស្រាយទេ វាទាមទារឱ្យថ្នាក់ដឹកនាំបក្សភ្លើងទៀនចេញឈរជជែកគ្នាពេញលេញទៅអស់ហើយវាអត់មានអីធំដុំផង»។

មន្រ្តីអង្គការឃ្លាំមើលការបោះឆ្នោត លើកឡើងថា គណបក្សប្រឆាំងអាចនឹងបាត់អសនៈនៅព្រឹទ្ធសភាឬមានតិចតួចខុសពីការរំពឹងទុក ​ ប្រសិនបើមេដឹកនាំបក្សនេះ ​មិនមានការឯកភាពសំឡេង​អង្គបោះឆ្នោត​ជាធ្លុងមួយ ៕

379 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម