សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អតិថិជនបុរីពិភពថ្មីកំបូលតវ៉ាជាថ្មីដោយសារពួកគេមិនទទួលយកគោលការណ៍​របស់ក្រុមហ៊ុន

ពលរដ្ឋបានតវ៉ាជាថ្មីក្រោយមិនទទួលយកការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី ស្ថិតនៅបុរីពិភពថ្មីកំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ឃាង សុខមាន)
ពលរដ្ឋបានតវ៉ាជាថ្មីក្រោយមិនទទួលយកការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី ស្ថិតនៅបុរីពិភពថ្មីកំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ឃាង សុខមាន)

អតិថិជនបុរីពិភពថ្មីកំបូលបានតវ៉ាជាថ្មីក្រោយពីមិនទទួលយកគោលការណ៍របស់ក្រសួងរៀនចំដែនដី និងក្រុមហ៊ុនបុរីពិភពថ្មីបានចេញគោលការណ៍សម្របសម្រួល​ដល់អតិថិជន​ក្រោយ​ពីផ្ទុះការតវ៉ាទ្រង់ទ្រាយធំដែលអូសបន្លាយរយៈយូរ ដោយអតិថិជនទាំងនោះអះអាងថា ពួកគេមិនមានលទ្ធភាពបង់ឱ្យបុរីបន្ដ និងស្នើឱ្យម្ចាស់បុរីទិញចូលតាមកិច្ចសន្យា។

អតិថិជនរបស់បុរីពិភពថ្មីជាង៥០នាក់បានប្រមូលផ្ដុំគ្នា​ជាថ្មីនៅបុរីពិភពថ្មីកំបូល៣ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ​ទី១៥ ខែមីនា ​បន្ទាប់ពីពួកគេមិនព្រមទទួលការ​សម្រប​សម្រួល​របស់​ក្រសួងរៀបចំដែនដី​ដោយ​​គូស​​បញ្ជាក់ថា ការសម្របសម្រួលនេះ​មិន​តាម​លក្ខខណ្ឌ​ដែល​​ពួកគេទាមទារ និង​ចង់​បាន។

ក្រុម​អ្នកតវ៉ាអះអាងថា ការសម្របសម្រួលរបស់ក្រសួងមិនបានផ្ដល់ផលចំណេញ​ឱ្យពួកគេ​នោះ​​ទេ ប៉ុន្ដែបែរជាផ្ដល់ផលចំណេញឱ្យភាគីក្រុមហ៊ុនទៅវិញ។ ការណ៍នេះបង្កឱ្យពួកគេចាប់ផ្ដើម​តវ៉ាជាថ្មីដើម្បីជំរុញឱ្យក្រសួងរៀបចំដែនដី និងភាគីក្រុមហ៊ុនពិនិត្យនឹងដោះស្រាយឡើងវិញ។

ការសម្របសម្រួលនេះត្រូវបានអតិថិជនម្នាក់គឺ ហេង តារា បានបញ្ជាក់ប្រាប់ខេមបូចា​នៅ​កន្លែង​​​តវ៉ាថា ការដាក់លិខិតទៅក្រសួងរៀបចំដែនដី គឺតម្រូវឱ្យក្រសួងសម្របសម្រួល​ឱ្យ​ម្ចាស់​បុរីពិភពថ្មីទិញចូលចំនួន៥០%ដែលបានទិញនឹងថាមិនអាចបង់ដោយសារពួកលោកមិនមានលទ្ធភាពបង់បន្ដ។

លោកសង្កត់ធ្ងន់ថា ការសម្របសម្រួលរបស់ក្រសួងនេះ គឺពួកលោកមិនអាច​ទទួលយក​បាន​ទេ​ដោយបានអះអាងថា តាមកិច្ចសន្យារវាងអតិថិជន និងបុរីគឺត្រូវទិញវិញ៥០%នៅពេល​អតិថិជន​គ្មានលទ្ធភាព។ លោកបានបង្ហាញពីគោលជំហថា ពួកលោកនៅតែបន្ដទាមទារ​ដរាប​ណាបុរីមិនព្រមទិញចូលវិញ។ លោកបន្ថែមថា អតិថិជនក្នុងពេលនេះកុំថាឡើយការ​ប្រាក់​សូម្បី​តែប្រាក់ដើមតែ១០០ដុល្លារក៏រកមិនបាន។

លោក តារា បានលើកឡើងថា៖ «សម្រាប់ពលរដ្ឋទាំងអស់ និងរូបខ្ញុំមិនអាចទទួលយក​គោលការណ៍​​​សម្រេចរបស់ក្រសួង និងបុរីពិភពថ្មីទេ។អ្នកអស់លទ្ធភាពគាត់មិនមាន​លទ្ធភាព​បង់ការប្រាក់ទេ សូម្បីតែប្រាក់ដើម១០០ដុល្លារគាត់រកមិនបានផង គាត់ចង់លក់​យក​លុយ​របស់​គាត់ត្រឡប់មកវិញ ដើម្បីយកដើមទៅរកស៊ីចឹញ្ចឹមគ្រួសារបន្ដ»

ថ្ងៃទី១៤ ខែមីនា ក្រសួងរៀបចំដែនដី បានលើកឡើង​ពីការសម្របសម្រួល​រវាង​ក្រសួង និងបុរីពិភពថ្មីដែលអតិថិជនរបស់ខ្លួនបានចេញតវ៉ា និងបានដាក់​លិខិត​អន្ដរាគមន៍​ទៅ​ក្រសួងដើម្បីស្វែងរកដំណោះស្រាយ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង បាន​បញ្ជាក់ថា ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដីរួចមក ក្រុមហ៊ុនបុរីពិភពថ្មី បាន​សម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ​ដោយមាន៣ចំណុច។

ក្នុងនោះរួមមាន អតិថិជនអាចបង់តែការប្រាក់រហូតដល់រយៈពេល៣ឆ្នាំ និងការប្រាក់ដែល​អតិថិជនបានជំពាក់កន្លងមក(មិនគិតពិន័យ)ទុកសម្រាប់ទូទាត់ក្រោយរយៈពេល៣ឆ្នាំឬក៏អតិថិជនអាចរៀបចំឥណទានសារឡើងវិញ និងទី៣ អតិថិជនអាចប្ដូររយៈបង់រំលស់រហូត​ដល់​៣០ឆ្នាំ។

ហាក់មិនខុសពីក្រសួងរៀបចំដែនដីនគរូបនីយកម្មទេ ក្រុមហ៊ុនបុរីពិភពថ្មីបានចេញសេចក្ដី​ជូនដំណឹង​មួយដល់អតិថិជនរបស់ខ្លួនកាលពីថ្ងៃទី១៣ ខែមីនា ថា ក្រុមហ៊ុន​បាន​ចេញ​គោលការណ៍​ថ្មី​ដើម្បីសម្រួលដល់អតិថិជនទៅតាមការលើកឡើងរបស់ក្រសួងរៀបចំ​ដែនដី។ តែយ៉ាងណាពលរដ្ឋដែលជាអតិថិជនបានច្រានចោលនូវគោលការណ៍សម្របសម្រួលនេះ នឹងថាពួកគេនឹងបន្ដទាមទារហូតទទួលបានដំណោះស្រាយដែលអាចទទួលយកបាន។

ក្រុមហ៊ុននេះធ្លាប់បានចេញរបាយការណ៍ផ្សព្វផ្សាយកាលពីចុងឆ្នាំ២០២៣ ដោយ​បង្ហាញ​ថា ក្រុមហ៊ុនបានទទួល ទិញផ្ទះពីអតិថិជនវិញបាន​ជាង១ពាន់៥រយផ្ទះ គឺទិញទៅតាមលក្ខខណ្ឌ​នានា​រួមទាំងទិញគិតថ្លៃដើម​វិញ ដោយមិនអាចទិញក្នុងតម្លៃ៥០ភាគរយតាមការ​ទាមទារនោះ​ទេ ​ព្រោះអាចធ្វើឱ្យក្រុមហ៊ុនក្ស័យ​ធន។

ការតវ៉ាជាថ្មីនេះត្រូវបានអាជ្ញាធរ និងសន្ដិសុខបុរីប្រមាណជាង៣០នាក់ដោយ​ខ្លះស្លៀកពាក់​ស៊ីវិល និងខ្លះទៀតពាក់ឯកសណ្ឋានសន្ដិសុខតាមឃ្លាំមើលពលរដ្ឋដែល​កំពុងតវ៉ា​នៅ​មុខ​ការិយាល័យ​បុរីស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ។ ប៉ុន្ដែពួកគេមិនមានសកម្មភាព​អ្វី​លើ​ពលរដ្ឋតវ៉ានោះទេ។

ស្រដៀងគ្នានេះដែរអ្នកស្រី អន ស៊ានបូរី បានមើលឃើញថា ការសម្របសម្រួលរបស់ក្រសួង​រៀបចំដែនដីនេះ គឺមិនបានជួយអ្វីដល់អ្នកស្រី និងពលរដ្ឋដែលកំពុងមានជម្លោះទេ ខណៈ​អ្នកស្រី​ថា ការប្រាក់របស់បុរីមានច្រើនជាងប្រាក់ដើម។ អ្នកស្រីបានបញ្ជាក់ថា សម្រាប់អ្នកស្រី​ត្រូវ​បង់​ប្រចាំខែ១០៥០ដុល្លារ គ្រាន់តែការប្រាក់ជាង៩០០ដុល្លារចំណែក​ប្រាក់ដើមត្រឹមតែ​ជាង​១០០ដុល្លារប៉ុណ្ណោះ។

អ្នកស្រីបានឱ្យដឹងទៀតថា ការសម្របសម្រួលរបស់ក្រសួង គឺអ្នកស្រី​មិន​អាចទទួលយកបាន និងស្នើឱ្យក្រសួងដែនដីគិតគូរឡើងវិញលើបញ្ហាប្រឈមរបស់អ្នកស្រី​។

អ្នកស្រីសម្ដែងការខកចិត្ដថា៖ «ខ្ញុំបានបញ្ជាក់ថាខ្ញុំអស់លទ្ធភាពតែបុរីសម្រួលចេញជា​គោលការណ៍​ហ្នឹងមកតើសម្រួលឱ្យអតិថិជនក្នុងកម្រិតណា។ឱ្យបង់តែការប្រាក់​​ ចុះរាល់ថ្ងៃ​អតិថិជនរបស់បុរី បើបង់ជាង៧០០ដុល្លារបានតែដើមជាង៧០ដុល្លារទេ។ ការបង់តែការ គឺធ្ងន់កដដែល ហើយបំណុលយកទៅគិតចុងក្រោយ។ខ្ញុំមិនទទួលទេនូវគោលការណ៍នេះ»

ជុំវិញការច្រានចោលរបស់ពលរដ្ឋលើការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីនេះ​ខេមបូចា​មិនសុំការបញ្ជាក់បន្ថែមពីលោក ឡៅ ទិព្ធសីហា និងលោក សេង ឡូត អ្នកនាំពាក្យ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានទេ ដោយទូរសព្ទចូលប៉ុន្ដែគ្មាន​អ្នកលើក​។

កាលនៅថ្ងៃទី៣១ ខែមករាឆ្នាំ២០២៤កន្លងទៅ អតិថិជនបុរីពិភពថ្មីកំបូលប្រមាណ១០០នាក់​ផ្ទុះការ​តវ៉ាជាថ្មី ដើម្បីទាមទារឱ្យ​ក្រុមហ៊ុន បញ្ឈប់ការគំរាមកំហែងរឹបអូស និងព្រម​ទទួលទិញ​ផ្ទះយកវិញក្នុងតម្លៃ៥០ភាគ​នៃទឹក​ប្រាក់ដែលបានបង់ករណីអតិថិជនអស់លទ្ធភាព។

អ្នកស្រី ពៅ ម៉ាណែត បានលើកឡើងថា មូលហេតុដែលអ្នកស្រីមិនព្រម​ទទួលនូវការ​សម្រប​សម្រួលរបស់ក្រសួងរៀបចំដែនដីដោយសារខុសពីអ្វីដែលអ្នកស្រីទាមទា ត្បិតអ្នកស្រី​បាន​លុយ​៥០%មកវិញជំនួសឱ្យការបង់បន្ដ។ អ្នកស្រីបានលើកឡើងពីបញ្ហាប្រឈមរបស់ខ្លួនថា អ្នកស្រីជួបបញ្ហាជាច្រើនដោយត្រូវចំណាយថ្លៃកូនរៀន និងបង់ធនាគារទៀត​ស្របពេលវិបត្ដិ​សេដ្ឋកិច្ចធ្លាក់ចុះ ទើបអ្នកស្រីគ្មានលទ្ធភាពបង់។

អ្នកស្រីឱ្យដឹងថា៖ «ខ្ញុំអស់លទ្ធភាពហើយ។ ខ្ញុំប្រឈមបញ្ហាច្រើនគ្មានលុយបង់សាលាកូន និងធនាគារ។ ខ្ញុំចង់បានតែលុយ៥០%តាមកិច្ចសន្យាមកវិញ រឿងឱ្យបង់បន្ដគឺគ្មានទេបង»

អតិថិជនបានជួបជុំគ្នានៅបុរីពិភពថ្មីកំបូល៣ ដោយ​បាន លើកបដាទាមទារលក្ខខណ្ឌ​ទៅ​ក្រុមហ៊ុន​ព្រមទាំងលើករូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រូបថតអតីត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងរូបថតលោកស្រី ប៊ុន រ៉ានី ផងដែរ។

ក្រោយពីការជួបជុំថ្លែងសាររៀបរាប់ពីភាពអយុត្តិធម៌បង្កឡើងដោយម្ចាស់បុរី អតិថិជនទាំង​នោះ​​នាំ​គ្នា​ដើរជាក្បួនគ្រោងធ្វើដំណើរទៅក្រសួងដែនដីដើម្បីស្នើ​កិច្ចអន្តរាគមន៍​រក​ដំណោះ​ស្រាយ ប៉ុន្តែ​ត្រូវ​កម្លាំងសមត្ថកិច្ចចម្រុះប្រមាណ៣០នាក់រារាំង ទើបពួកគេសម្រេច​ដូរ​ពីការ​ហែក្បួន​​មកធ្វើដំណើរ​រៀងៗ​ខ្លួនវិញ។

បើតាមមេធាវីតំណាងឱ្យក្រុមហ៊ុនបុរីពិភពថ្មី លោក វង្ស គឹមសាន្ត បានរុញសំណួរខេមបូចាថា លោកមិនអាចឆ្លើយបានទេ ព្រោះលោកអាចមានសិទ្ធិត្រឹមផ្លូវច្បាប់ ចំណែកការឆ្លើយតប គឺលោកសុំមិនឆ្លើយ។

លោកថ្លែងថា៖ «បងទៅក្រុមហ៊ុនទៅ ខ្ញុំគ្មានសិទ្ធិឆ្លើយទេបង»

បើតាម លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ មានប្រសាសន៍ថា ការ​សម្រប​សម្រួលនេះ គឺនៅមិនទាន់អាចបញ្ចប់វិវាទបានទេដោយលោកថា អតិថិជន​តវ៉ា​កន្លង​មកគ្មានលទ្ធភាពបង់ទើបតវ៉ា។ តែយ៉ាងណាលោកជំរុញឱ្យក្រសួងបន្ដនូវយន្ដការថ្មី​បន្ថែម​ទៀត​ដើម្បីអាចឈានដល់ការបញ្ចប់វិវាទនេះ។

លោកថ្លែងថា៖ «ខ្ញុំយល់ថាក្រសួងត្រូវបន្ថែមយន្ដការថ្មីទៀតទើបវិវាទនេះ​អាចបញ្ចប់។ យើងដឹងហើយថាពួកគាត់មិនអាចបន្ដបង់បានហ្នឹងហើយទើបពួកគាត់ចេះតែតវ៉ា»

កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅអង្គការសមាគមធាងត្នោតបានរកឃើញថា ពលរដ្ឋ​៣​ខេត្ដ​រងគ្រោះដោយបណ្ដេញចេញទាំងបង្ខំ និងមិនទទួលបាននូវសំណងសមរម្យ​១២ករណី ខណៈសង្គមស៊ីវិលផ្សេងទៀតថា ការចេញរបាយការណ៍នេះគឺជាការរួមចំណែកមួយ​ក្នុងការ​ជំរុញដល់រដ្ឋាភិបាលថ្មីងាកមកគិតគូរពីបញ្ហាសិទ្ធិមនុស្សកាន់តែខ្លាំង។

ក្នុងរបាយការណ៍របស់អង្គការសមាគមធាងត្នោត បានចេញស្ដីពីការបណ្ដេញទាំងបង្ខំ២០២៣​ថា ការបណ្ដេញមាន១២ករណីនៅរាជធានីភ្នំពេញ ខេត្ដតាកែវ និងខេត្ដកណ្ដាល ចន្លោះពីឆ្នាំ​២០១៩​ដល់២០២៣ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងរបាយការណ៍ដដែល​បង្ហាញ​ថា ការបណ្ដេញចេញទាំងនេះ ត្រូវបានចាត់ទុកថា ជាការរំលោភលើច្បាប់សិទ្ធិមនុស្ស​អន្ដរជាតិ ជាពិសេសសិទ្ធិទទួលបានលំនៅឋានសមរម្យ។

លោក ស៊ាង មួយឡៃ ប្រធានគម្រោងសិទ្ធិលំនៅឋាន និងអភិវឌ្ឍន៍ទីក្រុង បានលើកឡើងថា ការសម្របសម្រួលវាជារឿងល្អ និងជាដើមចមឈានទៅរកការបញ្ចប់រឿងបុរីពិភពថ្មី​ និង​អតិថិជន ប៉ុន្ដែការសម្របសម្រួលនេះនឹងមិនអាចបញ្ចប់ទេ ព្រោះភាគីដែលចំណេញ គឺ​ក្រុមហ៊ុន ហើយអតិថិជននៅបន្ដទាមទារដដែល។

លោកបន្ថែមថា៖ «ក្រសួងគួរតែពិនិត្យឡើងវិញ​លើដំណោះស្រាយដើម្បីឱ្យភាគីសងខាង​អាច​ទទួលបានទើបជម្លោះចប់»

710 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម