សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលករខ្មែរតវ៉ានៅប្រទេសកូរ៉េទាមទារឱ្យក្រុមហ៊ុនប្រ៊ីលានស៊ីធី សងប្រាក់វិនិយោគត្រទ្បប់មកវិញ

ពលករខ្មែរនៅកូរ៉េនាំគ្នាតវ៉ានៅមុខស្ថានីយ៍រថភ្លើងសេអ៊ូលក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីឱ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៉ីធី កាលពីថ្ងៃទី៣ ខែមីនាឆ្នាំ២០២៤។ រូបភាពផ្ដល់ឱ្យ
ពលករខ្មែរនៅកូរ៉េនាំគ្នាតវ៉ានៅមុខស្ថានីយ៍រថភ្លើងសេអ៊ូលក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីឱ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៉ីធី កាលពីថ្ងៃទី៣ ខែមីនាឆ្នាំ២០២៤។ រូបភាពផ្ដល់ឱ្យ

ពលករខ្មែរប្រមាណ១០០នាក់ដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានផ្ទុះតវ៉ាដើម្បីឱ្យក្រុមហ៊ុនប្រ៊ីលាន ស៊ីធីសងប្រាក់វិនិយោគរបស់ពួកគេមកវិញ ខណៈពលរដ្ឋជាង៨០០នាក់ បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តសៀមរាបដើម្បីស្វែងរកយុត្ដិធម៌​។

កាលពីព្រឹកថ្ងៃទី៣ ខែមីនា ​ឆ្នាំ២០២៤​ ​ពលករខ្មែរនៅប្រទេសកូរ៉េនាំគ្នាតវ៉ា​នៅស្ថានីយ៍រថភ្លើងសេអ៊ូលក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ដើម្បីទាមទារឱ្យក្រសួងការងារ​ និងស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង​និងស្ថាប័នពាក់ព័ន្ធជួយស្វែងរកដំណោះស្រាយឱ្យពួកគេ​ក្រោយពីចាញ់បោកក្រុមហ៊ុនប្រ៊ីលានស៊ីធី ក្នុងម្នាក់ៗចំនួនទឹកប្រាក់ចាប់ពី៥ម៉ឺនដុល្លារ ។

លោក វណ្ណ មករា​ ជាអ្នកដែលចាញ់បោកលុយអស់ជាង៦ម៉ឺនដុល្លារនោះ បាននិយាយថា មូលហេតុដែលឈានដល់ការប្រមូលផ្ដុំគ្នាតវ៉ានៅប្រទេសកូរ៉េនេះ បន្ទាប់ពីក្រុមហ៊ុនព្យាយាមគេចវេះ និងមិនព្រមរកដំដោះស្រាយ ទោះជាពួកលោកទុកពេលឱ្យជាង១ឆ្នាំហើយក៏ដោយ។

លោក​ មករា​ឲ្យដឹងទៀតថាពលករជាច្រើនរស់នៅប្រទេសកូរ៉េ​បាននាំគ្នាដាក់លុយរាប់ម៉ឺនដុល្លារដើម្បីបានបា្រក់ចំណេញ។

លោកបន្ដថា៖ «ពួកខ្ញុំតវ៉ានេះដើម្បីបានលុយពួកខ្ញុំមកវិញទេ។ ម្នាក់ៗមិនក្រោម៥ម៉ឺនដុល្លារទេបង រាប់ពាន់នាក់បង។ខ្ញុំខ្ចីធនាគារខ្លះ និងលុយខ្លួនឯងខ្លះ។ ខ្ញុំចេះតែទុកពេលឱ្យក្រុមហ៊ុនយូរហើយបង។ ក្រុមហ៊ុនចាប់មានបញ្ហាដើមឆ្នាំ២០២២បង តែយើងចេះតែទុកពេលឱ្យគាត់បង។ ក្នុង១ម៉ឺនដុល្លារការ៤%បង។ខ្ញុំដាក់អស់ជិត៦ម៉ឺនដុល្លារ»

លោក មករា បានពន្យល់បន្ថែមថាមុននឹងឈានដល់ការចាញ់បោកនេះថា កាលពី២០២១កន្លងលោក ចាន់ ឃីន ដែលមានតួនាទីជាអគ្គនាយករងរបស់ក្រុមហ៊ុន និងបក្សពួកបាននាំបើកសិក្ខាសាលាមួយក្នុងប្រទេសកូរ៉េ

ដើម្បីបង្ហាញពីគម្រោងរបស់ខ្លួនដែលមានពលករជាច្រើនបានចូលរួម​ដោយលើកឡើងថាក្រុមហ៊ុននឹងផ្ដល់ការប្រាក់ចំនួន៤%ជូន ខណៈពលករបានមើលឃើញការវិនិយោគលើអចលនទ្រព្យថាគួរឱ្យទុកចិត្ដបាន ទើបម្នាក់ៗសម្រេចចិត្ដដាក់លុយដើម្បីទទួលបានការប្រាក់ពីក្រុមហ៊ុននេះ។

លោកបញ្ជាក់ថា៖ «ខ្ញុំដាក់ដំបូងតែ២ម៉ឺនដុល្លារសិនទេ ក្រោយពីទទួលបានការប្រាក់៤%មែន ខ្ញុំក៏សម្រេចចិត្ដខ្ចីធនាគារបន្ថែម៤ម៉ឺនដុល្លារដាក់ទៀត។ ខ្ញុំចាប់ដាក់ចុងឆ្នាំ២០២១។ ឥឡូវខ្ញុំសឹងតែគ្មានលុយទេ ត្រូវបង់ធនាគារផង ផ្គត់ផ្គង់គ្រួសារផង ពិបាកណាស់បង ១ខែខ្ញុំជិត៦០០ដុល្លារ»

យោងតាមលិខិតកិច្ចសន្យាដែល ខេមបូចា ទទួលបានបង្ហាញថា ការទូទាត់ប្រាក់ដើម និងការប្រាក់ទៅម្ចាស់កម្ចីខាងភាគីក្រុមហ៊ុនផ្ដល់ការប្រាក់ចំនួន៤%​ក្នុងមួយខែ​ទៅតាមទឹកប្រាក់​ដែល​ពលករ និងពលរដ្ឋបានដាក់នៅក្រុមហ៊ុន ដោយភ្ជាប់ស្នាមមេដៃ និងឈ្មោះភាគី​សង​ខាង។

បើគិតជាទឹកប្រាក់សរុបទាំង៣ឯកសាររបស់ពលករម្នាក់ដែលខេមបូចាទទួលបានបញ្ជាក់ថា  ប្រាក់ដើម និងការប្រាក់ដែលមិនទាន់ទូទាត់ស្មើនឹង៤៧១៦០ដុល្លារ ក្នុងរយៈ១២ខែ និងតាមដំណាក់កាល។

ក្នុងលិខិតបញ្ជាក់ថា៖ «ក្នុងករណីភាគីណាមួយមិនអនុវត្ដតាមកិច្ចព្រមព្រៀង ដូចមាន​ចែង​ខាង​លើនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»

ស្រដៀងគ្នានេះដែរ លោក ខឹម ភក្ដី ជាពលករម្នាក់ទៀតដែលបានចូលរួមតវ៉ា កាលពីថ្ងៃអាតទិត្យបានលើកឡើងថា លោកបានដាក់លុយវិនិយោគ​ជាមួយក្រុមហ៊ុនអស់ជាង១០ម៉ឺនដុល្លារដើម្បីទទួលបានការប្រាក់ពីក្រុមហ៊ុន។

លោកបន្ដថាដើមឡើយក្រុមហ៊ុននេះពិតជាបានបង់ការប្រាក់ទៅតាមកិច្ចសន្យាចំនួន៤%ក្នុង១ខែឱ្យមកលោកមែន រហូតលោកបានបបួលមិត្ដភក្ដិលោកជាច្រើននាក់ឱ្យចូលរួមជាមួយលោក រហូតពលករខ្លះដាក់អស់ជាង១០ម៉ឺនដុល្លារ។

លោកភក្ដី​ បាននិយាយថា៖​«ដំបូងការប្រាក់៤%ក្នុង១ខែ។ ខ្ញុំបបួលបងប្អូនមិត្ដភក្ដិដាក់ច្រើននាក់បង។ ពលករនៅនេះរាប់ពាន់នាក់បងដែលបានចាញ់បោក។ ពិបាកណាស់បងខ្ញុំខ្ចីធនាគារបង់គេរាល់ខែ។ខ្ញុំតវ៉ានេះដើម្បីបានលុយមកវិញទេ ខ្ញុំមិនចង់បានអីទេ។ខ្ញុំបង់ធនាគារជិត១០០០ដុល្លារបង ខ្ញុំខ្ចីគេដាក់ថែម»

យោងតាមការបញ្ជាក់របស់លោកភក្តី ពលករដែលបានចាញ់បោកក្រុមហ៊ុនប្រ៊ីលាន ស៊ីធីរបស់អ្នកស្រី​ ឡេង ចាន់ណា នៅប្រទេសកូរ៉េរាប់ពាន់នាក់ ដែលគិតជាទឹកប្រាក់រាប់រយលានដុល្លារ។

លោកបានបន្ដថា គិតមកដល់ពេលនេះមានពលករជាង១០០នាក់ដែលបានចេញមកតវ៉ា និងពលករផ្សេងទៀតមិនហ៊ានតវ៉ាព្រោះបារម្ភពីសុវត្ថិភាពរបស់ខ្លួន។

លោកបានបញ្ជាក់ថា៖«ប្រមូលទើបបានជាង១០០នាក់ទេសរុបជាលុយជាង៨លានដុល្លារហើយ។ ពលករនៅទីនេះរាប់ពាន់នាក់បើគិតជាទឹកប្រាក់ច្រើនណាស់»

ខេមបូចាបានព្យាយាមផ្ញើសារទៅ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េតាមរយៈអ៊ីម៉ែល ប៉ុន្ដែគ្មានការឆ្លើយតប។

កាលពីថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរខេត្ដសៀមរាបបានចុះសម្របសម្រួលរវាងអតិថិជន និងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីដោយមានពលរដ្ឋជិត៣០០នាក់ និងសមាជិកជាង២០នាក់ និងអាជ្ញាធរជាង១០នាក់ផងដែរ។

ក្នុងការចុះសម្របសម្រួលនេះធ្វើឡើងបន្ទាប់ពីអតិថិជននាំគ្នាផ្ទុះតវ៉ាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីឱ្យក្រុមហ៊ុនសងលុយដែលពួកគេបានដាក់រាប់លានដុល្លារ​។

ក្នុងជំនួបនេះដែរ ពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈមរបស់ខ្លួន ជុំវិញរឿងកម្ចីធនាគារ​ដោយគ្មានប្រាក់សងត្រឡប់ រហូតមានការគំរាមកំហែងដកហូតទ្រព្យសម្បត្ដិ​ពីស្ថាប័នធនាគារទាំងនោះ។

ក្នុងការជួបជុំដដែលអាជ្ញាធរបានទុកពេលឱ្យក្រុមហ៊ុនប្រ៊ីលានស៊ីធីចំនួន១០ថ្ងៃ គិតពីថ្ងៃទី២៥កុម្ភៈ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ដើម្បីដោះស្រាយឱ្យពលរដ្ឋដែលបានចាញ់បោក។

អ្នកស្រី រ៉េត សុធីតា​ ដែលជាពលរដ្ឋបានដាក់ពាក្យទៅតុលាការ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ប្រាប់ខេមបូចាថា ពាក្យបណ្ដឹងដែលបានដាក់ទៅតុលាការមានជាង៨០០នាក់ ដែលជាតំណាងពលរដ្ឋជាង២០០០គ្រួសារ។ អ្នកស្រីបានបន្ថែមថាមូលហេតុឈានដល់ការដាក់ពាក្យបណ្ដឹងនេះ ដោយសារក្រុមអ្នកស្រីមិនព្រមទទួលការដោះដូរជាដីនោះទេ ដោយអ្នកស្រីចង់បានជាលុយដើម្បីយកទៅបង់ធនាគារ ក្រោយពីចាញ់បោកក្រុមហ៊ុននេះ។

អ្នកស្រីបានបញ្ជាក់ពីជំហរថាបើនៅគ្មានដំណោះស្រាយណាមួយទេ​ពួកអ្នកស្រីនឹងនាំគ្នាដើរដង្ហែជាក្បួនជុំវិញក្រុងសៀមរាបរហូតទទួលបាននូវយុត្ដិធម៌។

អ្នកស្រីថា៖ «ខ្ញុំបានដាក់ទៅមានគ្នាជាង៨០០នាក់។ បើគ្មានដំណោះស្រាយទេពួកខ្ញុំតវ៉ាជុំវិញសាលាខេត្ដសៀមរាប រហូតទទួលបានយុត្ដិធម៌។ ពួកខ្ញុំត្រូវការលុយព្រោះម្នាក់ៗជំពាក់ធនាគារ ខ្ញុំអត់ត្រូវការដីទេ ត្រូវការតែលុយពួកខ្ញុំមកវិញទេ»។

អ្នកស្រី លន់ ស៊ីថា ជាតំណាងក្រុមម្នាក់ដែលមានសមាជិក៥០០នាក់បានលើកឡើងថា សម្រាប់សមាជិករបស់អ្នកស្រីសរុបជាទឹកប្រាក់ជិត៩លានដុល្លារ ខណៈអ្នកស្រីថា ក្រុមអ្នកស្រីនឹងបន្ដដាក់ពាក្យបណ្ដឹងទៅតុលាការបន្ថែម បន្ទាប់ពីក្រុមអ្នកស្រី រ៉េត សុធីតា បានដាក់ទៅតុលាការរួចហើយ។

អ្នកស្រី ស៊ីថា និយាយថា៖ «សមាជិកខ្ញុំជាង៥០០នាក់សរុបលុយជាង៨លានដុល្លារ។ ពួកខ្ញុំនឹងដាក់ពាក្យបណ្ដឹង ប៉ុន្ដែពេលនេះខ្ញុំប្រមូលឯកសារសិន។ ក្រុមមួយទៀតគាត់បានដាក់ទៅហើយគ្នាគាត់ច្រើនជាងក្រុមខ្ញុំបង»។

អ្នកស្រីបានបន្ដថា ក្រុមអ្នកស្រីមិនបានបើកលុយចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ប៉ុន្ដែពួកអ្នកស្រីចេះតែរង់ចាំដំណោះស្រាយពីខាងក្រុមហ៊ុន។

នាយករដ្ឋបាលខេត្ដសៀមរាប លោក លី វណ្ណៈ បានបញ្ជាក់ នៅថ្ងៃចន្ទនេះថា ពលរដ្ឋដែលបានចាញ់បោកក្រុមហ៊ុនរបស់អ្នកស្រីឡេង ចាន់ណា បាននាំគ្នាដាក់ពាក្យបណ្ដឹងទៅតុលាការរួចហើយ។ ចំណែកឯរដ្ឋបាលខេត្ដក៏បានធ្វើរបាយការណ៍ទៅក្រសួងពាក់ព័ន្ធដើម្បីស្វែងរកចំណាត់ការ។

លោកថ្លែងថា៖​«រដ្ឋបាលខេត្ដបានធ្វើរបាយការណ៍ទៅក្រសួងពាក់ព័ន្ធដើម្បីមានចំណាត់ការ»

អ្នកនាំពាក្សអយ្យការ សាលាដំបូងខេត្ដសៀមរា​ប លោក ស្រី សាត ធីតា បានបញ្ជាក់ថា​អយ្យការអមសាលាដំបូងបានទទួលបណ្តឹងពីប្រជាពលរដ្ឋ ហើយបច្ចុប្បន្នសំណុំរឿងនេះកំពុងចាត់ការតាមនីតិវិធី។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានប្រាប់ខេមបូចាតាមប្រព័ន្ធតេឡេក្រាមនៅព្រឹកថ្ងៃចន្ទនេះថា ក្រសួងកំពុងពិនិត្យមើលលើករណីតវ៉ារបស់ពលករជាមុនសិន​ ទើបមានចំណាត់ការបែបណា។

លោក កត្តា អ៊ន បដិសេធធ្វើអត្ថាធិប្បាយមន្ថែមលើករណីពលករខ្មែរកំពុងតវ៉ានៅប្រទេសកូរ៉េ។

 កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤​ ខុទ្ទការិយាល័យរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត​ បានចេញសេចក្ដីបំភ្លឺស្ដីពី ការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញផ្សព្វផ្សាយសង្គមនានាដែលបានលើកឡើងថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត មានពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី​តាមការលើកឡើងរបស់អ្នកស្រី ឡេង ចាន់ណា ធ្វើឱ្យការភាន់ច្រឡំ។

ក្នុងសេចក្ដីបំភ្លឺ​ដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកស្រី ឡេង ចាន់ណា បានចេញបំភ្លឺថា ការលើកឡើងរបស់ខ្លួនមិនបានពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែតទេ។ នៅថ្ងៃទី២០ខែកុម្ភៈ២០២៤ អ្នកស្រី ឡេង ចាន់ណា​ក៏បានចេញលិខិតសារភាពកំហុស និងបានសូមអភ័យទោសចំពោះការលើកឡើងថា​ លោកនាយករដ្ឋមន្រ្ដីជាអ្នកបង្កើតសមាគមពលករ និងអតីតពលករដើម្បីសប្បុរសធម៌ផង។

លិខិតបំភ្លឺ បានលើកឡើងថា៖«សម្ដេចមិនគាំទ្រ ឬនៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់ឡើយព្រមទាំងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្ដច្បាប់ឱ្យបានម៉ឹងម៉ាត់បំផុតលើបុគ្គលទាំងឡាយណា ដែលយកឈ្មោះសម្ដេចធិបតីទៅពាក់ព័ន្ធនិងអំពើខុសច្បាប់របស់ខ្លួន»

នាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត  មានប្រសាសន៍ថា អាជ្ញាធរគួរតែពិនិត្យលើច្បាប់វិនិយោគឱ្យបានច្បាស់លាស់មុននឹងអនុញ្ញាតឱ្យ បើមិនពិនិត្យទេអ្នករងគ្រោះគឺពលរដ្ឋទាំងអស់។

លោកបន្ដថា កន្លងទៅការយកឈ្មោះថ្នាក់ដឹកនាំឬអ្នកមានតំណែងធំៗ ដើម្បីមកបោកពលរដ្ឋគឺងាយជឿ និងមានទំនុកចិត្ដរហូតដល់ការចាញ់បោករាប់ម៉ឺនដុល្លារ។

លោក សំអាត និយាយថា៖«អាជ្ញាធរគួរពិនិត្យមុននឹងចេញច្បាប់ឱ្យក្រុមហ៊ុនវិនិយោគ។ ការយកឈ្មោះសម្ដេច ហ៊ុន ម៉ាណែត ដើរបោកគេគឺមានច្រើនដែលធ្វើឱ្យពលរដ្ឋចាញ់បោក។ ខ្ញុំគាំទ្រអនុសាសន៍សម្ដេចថា បើមានអ្នកណាយកឈ្មោះលោកទៅប្រើ ត្រូវចាប់ខ្លួនភ្លាមៗ»

ខេមបូចា មិនអាចសុំការបំភ្លឺពី អ្នកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុនប្រ៊ីលាន ស៊ីធី បានទេ ៕

171 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម