ប្រជាពលរដ្ឋក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង បានតវ៉ាជំទាស់មិនឱ្យអាជ្ញាធរកាត់ឆ្វៀលដីពួកគាត់ដែលអាស្រ័យផលយូរឆ្នាំមកហើយទៅឱ្យរដ្ឋបាលឃុំផ្សេងគ្រប់គ្រងនោះទេ ដោយលើកហេតុផលមួយចំនួនដូចជាថាឆ្ងាយពិបាកធ្វើដំណើររកសេវារដ្ឋបាល និងមិនស្គាល់មន្ត្រីឃុំជាដើម។
ការតវ៉ាជាថ្មីនេះកើតឡើងកាលពីព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៤ ខណៈដែលគណៈកម្មការ រដ្ឋបាលខេត្តបាត់ដំបងបានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួនបួនភូមិ ក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង រួមមានភូមិបញ្ញា ភូមិកំពង់ព្រះ ភូមិស្រះកែវ និងភូមិអណ្តូងត្រាច នៅក្នុងបរិវេណ វត្តកំពង់ព្រះ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះមានប្រជាជនចូលរួមប្រមាណជាង៥០០នាក់ និងមានអាជ្ញាធរពាក់ព័ន្ធថ្នាក់ខេត្ត ស្រុក និងឃុំផងដែរ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះតំណាងប្រជាពលរដ្ឋខាងលើបានក្រោកឈរលើកឡើងតវ៉ាស្នើសុំឱ្យអាជ្ញាធរខេត្តជួយអន្តរាគមន៍រក្សាព្រំប្រទល់ដីរបស់ពួកគាត់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំកំពង់ព្រះដដែល ហើយពួកគាត់មិនយល់ព្រមទៅចុះបញ្ចីដីធ្លីនៅរដ្ឋបាលឃុំកំពង់ព្រាងនោះទេ។ បន្ថែមពីនោះពួកគាត់បានបដិសេធទទួលយកការដោះស្រាយរបស់អាជ្ញាធរឃុំ និងស្រុកកាលពីសប្តាហ៍កន្លងមក។
ស្មៀនឃុំកំពង់ព្រះ លោក សំ ស៊ីណា បានឱ្យដឹងថា ក្រោយពីប្រជាពលរដ្ឋឡើងតវ៉ាច្រើននាក់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះលោកបានប្រគល់ឯកសារតវ៉ាសុំរក្សាព្រំដីនៅដដែលដោយមានភ្ជាប់មេដៃរបស់ប្រជាពលរដ្ឋជាង៦០០នាក់(ទាំងអ្នកប៉ះពាល់និងប្រជាពលរដ្ឋគាំទ្រការតវ៉ា) និងឯកសារបដិសេធលទ្ធផលកិច្ចប្រជុំដោះស្រាយរបស់រដ្ឋបាលស្រុកសង្កែ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រមទាំងឯកសារពាក់ព័ន្ធមួយចំនួនទៀតជូនទៅឱ្យគណៈកម្មការរដ្ឋបាលខេត្ត។
ទាក់ទងបញ្ហានេះ លោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ ខេត្តបាត់ដំបង បានឱ្យដឹងថា ប្រជាពលរដ្ឋមិនយល់ព្រមតាមការដោះស្រាយកម្រិតត្រឹមឃុំ និងស្រុកនោះទេ ដោយគាត់ចង់ឱ្យរដ្ឋបាលខេត្តដោះស្រាយរឿងព្រំប្រទល់ដីរវាងឃុំកំពង់ព្រះនិងកំពង់ព្រាងវិញ។
លោកបញ្ជាក់បន្ថែមថា ការឡើងតវ៉ារបស់ពលរដ្ឋខាងលើនេះលោក អ៊ូ ដារី អភិបាលរងខេត្ត ដែលដឹកនាំវេទិកា បានឆ្លើយតបទៅប្រជាពលរដ្ឋថារឿងព្រំប្រទល់ដីនេះគាត់មិនទាន់បកស្រាយបានភ្លាមៗនោះទេ គឺត្រូវមានផែនទីនិងប្រវត្តិដីច្បាស់លាស់ដោយលោកសន្យាថានឹងបើកកម្មវិធីប្រជុំដោះស្រាយមួយទៅសប្តាហ៍ក្រោយ ដោយអញ្ជើញអ្នកពាក់ព័ន្ធទៅដោះស្រាយគ្នានៅរដ្ឋបាលខេត្តផ្ទាល់។
លោក ច័ន្ទថារ៉ា បន្ថែមថា៖ «ការចុះបញ្ជីនៅតែបន្តដដែលមិនមានរាំងស្ទះនោះទេចំពោះភូមិណាដែលអត់មានបញ្ហា ចំណែកភូមិណាដែលមានការតវ៉ារឿងព្រំប្រទល់ដី គឺផ្អាកសិនដោយរង់ចាំការដោះស្រាយរួចរាល់ សិនទើបអាចចុះបញ្ជីបាន»។
លោកអភិបាលស្រុកបញ្ជាក់ថា ឱ្យដឹងថាកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំទាំងពីរ និងមន្រ្តីពាក់ព័ន្ធបានប្រជុំដោះស្រាយ និងសម្របសម្រួលម្តងហើយ ដោយសម្រេចកាត់ឆ្វៀលដីតំបន់២មួយចំនួនឱ្យស្ថិតនៅក្រោមការគ្រប់គ្រងក្នុងឃុំកំពង់ព្រាង និងដីមួយចំនួនទៀតទុកនៅដដែល។ ពេលនោះក្រុមប្រឹក្សាឃុំមួយចំនួនបានលើកដៃគាំទ្រ និងមួយចំនួនទៀតមិនគាំទ្រនោះទេ។
លោក ច័ន្ទថារ៉ា បន្ថែមថា៖ «ប្រជាពលរដ្ឋទាមទាកាន់កាប់ដីតាមព្រំប្រទល់គ្រប់គ្រងតាំងពី អំឡុងសម័យអសន្តិសុខ(សម័យសង្គ្រាម)មិនទទួលតាមផែនទីរដ្ឋបាលឃុំដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃនោះទេ»។
កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ប្រជាពលរដ្ឋប្រមាណ៦០នាក់តំណាងឱ្យពលរដ្ឋជាង២០០គ្រួសាររស់នៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង បានលើកគ្នាមកតវ៉ា នៅសាលាឃុំកំពង់ព្រះ ម្តងហើយ ដើម្បីតវ៉ាដល់អាជ្ញាធរ និងមន្រ្តីជំនាញសម្រេចកាត់ឆ្វៀលដីរបស់ពួកគាត់ សរុបប្រហែល៦០០ហិកតាឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ឃុំកំពង់ព្រាង។
ប្រជាពលរដ្ឋម្នាក់អ្នកស្រី សឿម ណាន ដែលមានដីស្រែ២ហិកតានៅចំណុចតាសាម ស្ថិតនៅតំបន់ពីរក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ បាននិយាយថា ដីកេរ្តិ៍របស់គាត់ត្រូវបានម្តាយឪពុកចែកឱ្យច្រើនឆ្នាំមកហើយប៉ុន្តែថ្មីៗនេះអាជ្ញាធរបានសម្រេចកាត់ឆ្វៀលដីរបស់គាត់ទៅក្រោមការគ្រប់គ្រងរបស់ឃុំកំពង់ព្រាងវិញដែលជាហេតុធ្វើឱ្យគាត់ និងអ្នកភូមិសម្តែងការភ្ញាក់ផ្អើលនិងមិនសប្បាយចិត្ត។
អ្នកស្រី សឿម ណាន បន្តថា៖ «អាជ្ញាធរកាត់ដីស្រែពួកខ្ញុំឱ្យក្រោមការគ្រប់គ្រងរបស់ឃុំកំពង់ព្រាង វាឆ្ងាយពិបាក ធ្វើដំណើរទៅរកសេវារដ្ឋបាលផ្សេងៗព្រោះមានចម្ងាយ៧ទៅ១០គីឡូឯណោះ»។
ប្រជាពលរដ្ឋម្នាក់ទៀតលោក មួន ម៉េត បាននិយាយថាគាត់មានដីស្រែប្រមាណ២០ហិកតាដែលបានកាន់កាប់ តាំងពីឆ្នាំ២០០៨មកក្រោមការគ្រប់គ្រងរបស់ឃុំកំពង់ព្រះ ក្រោយមកអាជ្ញាធរ និងមន្រ្តីជំនាញភូមិបាលស្រុក បានចុះមកវាស់វែងនិងកំណត់ព្រំប្រទល់ដីដើម្បីធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋចាប់ពីខែសីហា ឆ្នាំ២០២៣មក។
លោកបន្តថា ពេលនោះប្រជាពលរដ្ឋបាននាំគ្នាវាស់វែងតាមការជូនដំណឹងរបស់អាជ្ញាធរដោយសារ ខែភ្លៀងតំបន់នោះលិចទឹកប្រជាពលរដ្ឋខ្លះបានជួលទូកអ្នកភូមិជិះទៅវាស់វែងដីដើម្បីបានធ្វើប្លង់កម្មសិទ្ធិស្របច្បាប់ ប៉ុន្តែក្រោយមកប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលនៅពេលដែលអាជ្ញាធរឱ្យទៅបំពេញឯកសារចុះបញ្ជីនៅឃុំកំពង់ព្រាងវិញ។
លោក មួន ម៉េត បញ្ជាក់ថា៖ «ប្រជាពលរដ្ឋជួលទូកម្នាក់១ម៉ឺនរៀលទៅវាស់ ពេលវាស់វែងហើយ បែរជាគេឱ្យទៅបំពេញឯកសារចុះបញ្ជីនៅឃុំកំពង់ព្រាងវិញ ប្រជាពលរដ្ឋនាំគ្នាភ្ញាក់ផ្អើលនិងបានប្រឆាំងតវ៉ាមិនយល់ព្រមដល់បច្ចុប្បន្ន»។
លោក មួន ម៉េត បន្ថែមថា ការកាត់ឆ្វៀលឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឃុំកំពង់ព្រាងវិញនេះធ្វើឱ្យបង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការទៅរកសេវារដ្ឋបាលដែលមានចម្ងាយជិត១០គីឡូម៉ែត្រនិងថ្ងៃក្រោយនៅពេលដែលរាជរដ្ឋាភិបាលកាត់ឆ្វៀលដីបន្ថែមឱ្យប្រជាពលរដ្ឋដែលខ្វះខាតដីទៀតនោះ គឺនឹងបានទៅលើប្រជាជន នៅឃុំផ្សេងហើយ។
កាលពីថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៣ ប្រជាពលរដ្ឋប្រមាណជាង១០០នាក់រស់នៅភូមិស្រះកែវ និងភូមិកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង បាននាំគ្នាមកតវ៉ានៅសាលាឃុំកំពង់ព្រះម្តងហើយតវ៉ាឱ្យអាជ្ញាធររក្សាព្រំប្រទល់រដ្ឋបាលឃុំកំពង់ព្រះដែលមានព្រំប្រទល់ចាប់ពីចំណុចអញ្ចាញទួលតាទិត ទួលម្រះព្រៅ បឹងអន្សែន បឹងសំបុកសត្វ និងចំណុចអូរជំនុំរហូតដល់បឹងទន្លេសាបជាព្រំប្រទល់ឃុំទាំងពីរ(គឺឃុំកំពង់ព្រះ និងកំពង់ព្រាង)នៅដដែល។
ការតវ៉ានេះប្រជាពលរដ្ឋអះអាងថា បានអាស្រ័យផលតាំងពីដូនតារៀងមក ហេតុអ្វីអាជ្ញាធរកាត់ឆ្វៀលដីតំបន់២ និងតំបន់៣ក្នុងភូមិស្រះកែវ និងភូមិកំពង់ព្រះ ក្នុងឃុំកំពង់ព្រះ ឱ្យទៅចុះបញ្ជីនៅភូមិអូសទូក ក្នុងឃុំកំពង់ព្រាងវិញដោយពួកគាត់សុំរក្សាដែនដីចាស់គ្រប់គ្រងដោយឃុំកំពង់ព្រះដដែល។
លោក សំ ស៊ីណា ស្មៀនឃុំកំពង់ព្រះបានឱ្យដឹងថា ក្រោយពីប្រជាពលរដ្ឋតវ៉ានោះមកនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរបានបើកកិច្ចប្រជុំដោះស្រាយនៅសាលាស្រុកសង្កែដែលមានក្រុមប្រឹក្សាឃុំទាំងពីរ និងមន្រ្តីពាក់ព័ន្ធចូលរួមដោះស្រាយផង។ កិច្ចប្រជុំនោះមិនបានដោះស្រាយតាមសំណូមពរពលរដ្ឋនោះទេដោយបានសម្រេចកាត់ឆ្វៀលដីតំបន់២ និងតំបន់៣នៅឃុំកំពង់ព្រះទៅឱ្យឃុំកំពង់ព្រាងគ្រប់គ្រងនៅចំណុចខាងលើនេះ ។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋបានបដិសេធមិនទទួលយកលទ្ធលផលកិច្ចប្រជុំរបស់អាជ្ញាធរស្រុកសង្កែ និងមន្រ្តីពាក់ព័ន្ធខាងលើនោះទេទើបពួកគាត់នាំគ្នាឡើងមកតវ៉ាដល់សាលាឃុំជាថ្មីម្តងទៀត នៅថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ដើមសប្តាហ៍នេះ ដើម្បីសុំកុំឱ្យកាត់ឆ្វៀលដីពួកគាត់ដែលគ្រប់គ្រងប្រហែល៤០ឆ្នាំមកហើយទៅឱ្យក្រោមការគ្រប់គ្រងរបស់ឃុំផ្សេង។
លោក ហ៊ីង ស៊ីថា មេឃុំកំពង់ព្រះ បានបញ្ជាក់ថា មានប្រជាពលរដ្ឋប្រហែលជាង២០០គ្រួសារដែលត្រូវកាត់ឆ្វៀលដីរាប់រយហិកតាក្នុងភូមិស្រះកែវ និងភូមិកំពង់ព្រះស្ថិតក្នុងឃុំកំពង់ព្រះឱ្យស្ថិតទៅការគ្រប់គ្រងរដ្ឋបាលរបស់ឃុំកំពង់ព្រាងវិញ។
លោកបានរំលឹកសាវតាបញ្ជាក់ថា ដោយសារដីតំបន់នោះមិនទាន់មានការវាស់វែងកំណត់តាមផែនទីត្រឹមត្រូវមិនដឹងព្រំប្រទល់ត្រឹមណាប្រជាពលរដ្ឋដែលមានដីស្រែទីនោះបានអាស្រ័យផលរហូតមកដល់បច្ចុប្បន្ន។ នៅពេលដែលរាជរដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ និងចាប់ផ្តើមចុះបញ្ជីត្រឹមត្រូវទើបប្រជាពលរដ្ឋបានដឹងពីព្រំប្រទល់ដីរបស់ខ្លួនក៏ចាប់ផ្តើមធ្វើការតវ៉ាតែម្តង។
លោកមេឃុំបន្ថែមថា៖ «ព្រោះកន្លងមកដីគាត់ធ្លាប់អាស្រ័យផលពីមុនមកក្រោមការគ្រប់គ្រងខាងឃុំកំពង់ព្រះ មានបញ្ហាអីតែងតែសួរនាំខាងឃុំកំពង់ព្រះ ក្រវ៉ាត់ភ្លឺ លើកប្រឡាយអី តែងតែសួរនាំខាងឃុំកំពង់ព្រះ តែក្រោយ ពីការកាត់ឆ្វៀលក្នុងខ្សែឡាញព្រំប្រទល់វាចូលទៅក្រោមការគ្រប់គ្រង់របស់កំពង់ព្រាងវិញវាទាក់ទងនឹងផែនទីដែលគូរបង្ហាញរបស់ភូមិបាល »។
ទោះបីយ៉ាងណា លោកមេឃុំបញ្ជាក់ថា លោកបានឱ្យលោកមេភូមិដែលមកតវ៉ាដែរចុះស្រង់ទិន្នន័យឱ្យបានច្បាស់លាស់ពីទំហំដីតំបន់២ដែលកាត់ឆ្វៀលហើយ និងចំនួនប្រជាពលរដ្ឋជាក់ស្តែងដែលប៉ះពាល់ដើម្បីឃុំមានទិន្នន័យច្បាស់លាស់ផ្ញើជូនទៅមន្ទីរអង្គភាពជំនាញថ្នាក់លើដើម្បីធ្វើការដោះស្រាយ។
ចំណែក មេឃុំកំពង់ព្រាង លោក សំ ឈើន បានបញ្ជាក់ថា បើតាមផែនទី គឺទីតាំងដីខាងលើស្ថិតនៅឃុំកំពង់ព្រាង មិនមែនកំពង់ព្រះនោះទេ ប៉ុន្តែក្រោយពីមានការប្រជុំសម្របសម្រួលច្រើនសារ អាជ្ញាធរឃុំកំពង់ព្រាងបានឯកភាពកាត់ការគ្រប់គ្រងប្រហែលពាក់កណ្តាលឱ្យទៅឃុំកំពង់ព្រះគ្រប់គ្រង ដោយយកអូរខាងត្បូងធ្វើព្រំប្រទល់។
លោកមេឃុំបន្ថែមថា៖ «ការព្រមព្រៀងនេះគឺឯកភាពទាំងអស់គ្នាទាំងឃុំនិងស្រុកទៀត គោលជំហររបស់ខ្ញុំបើគេទាមទារយកទាំងអស់ចឹងវាប៉ះពាល់ដល់អារម្មណ៍ប្រជាជនខ្ញុំដែរ ព្រោះវាជាដីរបស់យើងបើឱ្យគេទាំងអស់ចឹងវាបាត់ក្នុងផែនទីហើយ»។
ទាក់ទិនបញ្ហាខាងលើនេះលោក ទេព កុសល់ ប្រធានភូមិបាលស្រុកសង្កែ បានបញ្ជាក់ថា ស្រុកបានប្រជុំដោះស្រាយដោយមានឃុំ និងក្រុមប្រឹក្សាលើកដៃឯកភាពគ្នារួចរាល់អស់ហើយ។ ដោយលោកបញ្ជាក់ថាការកំណត់ព្រំប្រទល់រដ្ឋបាលតាមបច្ចេកទេសច្បាប់បានកំណត់យកផ្លូវ យកប្រឡាយ និងយកអូរជាព្រំមិនអាចយកតាមការស្នើសុំរបស់ប្រជាពលរដ្ឋបាននោះទេ។
លោក ទេព កុសល់ បញ្ជាក់បន្ថែមថា៖ «គាត់ស្នើសុំឱ្យកាត់តាមអ្វីដែលគាត់ធ្វើត្រង់ណា ឱ្យវាងតាមគាត់ មិនអាចទៅរួចនោះទេ»។
លោកលើកឡើងថា អាជ្ញាធរមិនបានដកសិទ្ធិរបស់ប្រជាពលរដ្ឋនោះទេ គឺគាត់អាចប្រើប្រាស់អាស្រ័យផល និងចុះបញ្ជីដីស្របច្បាប់បានធម្មតា ប៉ុន្តែគ្រាន់តែចុះបញ្ជីដីធ្លីវាឆ្លងឃុំប៉ុណ្ណោះ។
លោកបន្ថែមថា៖ «គាត់មានអីត្រូវពិបាក ចឹងគាត់ទៅទិញដីនៅភ្នំពេញអី ទិញម៉េចកើតបើគាត់ថាពិបាក វាអត់បាត់សិទ្ធិគាត់ទេ បើគណៈកម្មការបំបាត់សិទ្ធិគាត់កិបកេងដីគាត់បានវាខុស ច្បាប់គេកំណត់អញ្ចឹង»។
ខេមបូចា មិនអាចទំនាក់ទំនងលោក សួន សុភា ប្រធានមន្ទីរដែនដីនគររូបនីយកម្ម និងសំណង់ខេត្តបាត់ដំបង ដើម្បីបំភ្លឺបន្ថែមបាននោះទេ។
លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការសិទ្ធិមនុស្ស លីកាដូរ ប្រចាំខេត្តបាត់ដំបង និងបន្ទាយមានជ័យ បានបញ្ជាក់ថា ករណីខាងលើមានតែសម្របសម្រួលផ្នែករដ្ឋបាល ដើម្បីធ្វើការដោះស្រាយជូនពលរដ្ឋមិនមានអ្វីស្មុគស្មាញនោះទេ។ លោក គង់ជិត បានជម្រុញឱ្យអាជ្ញាធរឃុំកំពង់ព្រះ គួរពន្លឿនការធ្វើរបាយការណ៍ជូនទៅថ្នាក់ស្រុក ហើយបើស្រុកដោះស្រាយមិនចេញគួរផ្ញើសំណូមពរប្រជាពលរដ្ឋនេះបញ្ជូនទៅខេត្តបន្តដើម្បីធ្វើការដោះស្រាយបញ្ហាខាងលើជូនពួកគាត់។
លោក គង់ជិត បន្ថែមថា៖ «ប្រជាជនគាត់ធ្លាប់អាស្រ័យផលតំបន់ហ្នឹងនិងធ្លាប់គ្រប់គ្រងដោយអាជ្ញាធរកំពង់ព្រះ ហើយបើផែនទីរដ្ឋបាលស្ថិតនៅក្នុងឃុំកំពង់ព្រាង គឺវាស្ថិតនៅស្រុកតែមួយមិនមានការលំបាកនោះទេ បើស្ថិតនៅស្រុកផ្សេងគ្នាទើបវាលំបាក ខ្ញុំជឿថាអាជ្ញាធរស្រុកអាចសម្របសម្រួលបានរឿងនេះមិនមានអ្វីស្មុគស្មាញផង មិនគួរធ្វើឱ្យប្រជាពលរដ្ឋខ្វាយខ្វល់នោះទេ»៕