អាជ្ញាធរខេត្ដសៀមរាបទុកពេលឱ្យក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ចំនួន១០ថ្ងៃដើម្បីដោះស្រាយឱ្យអតិថិជនរបស់ខ្លួនមុននឹងឈានដល់ការប្រើប្រព័ន្ធតុលាការ ខណៈអគ្គនាយកក្រុមហ៊ុនសន្យាថា ខ្លួននឹងព្យាយាមស្វែងរកដំណោះស្រាយតាមអាជ្ញាធរលើកឡើង។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានថ្លែងក្នុងវេទិកាជំនួបរវាងអតិថិជន និងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ថា លោកទុកពេលឱ្យក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីក្នុងរយៈពេល១០ថ្ងៃដើម្បីសម្របសម្រួលដោះស្រាយឱ្យអតិជនមុននឹងឈានដល់ការប្រើប្រព័ន្ធតុលាការ។ យ៉ាងណា លោកបានបញ្ជាក់ថា អាជ្ញាធរនឹងតាមដានរឿងនេះឱ្យពលរដ្ឋដើម្បីធានាថាក្រុមហ៊ុននេះមិនគេចវេសជាមួយពលរដ្ឋ។ លោកបានឱ្យដឹងទៀតថា ក្រោយពីលោកទុកពេលឱ្យ១០ថ្ងៃហើយនៅតែគ្មានដំណោះស្រាយទេ នោះឱ្យពលរដ្ឋដាក់ពាក្យបណ្ដឹងទៅតុលាការ។
លោកអភិបាលរងរូបនេះថ្លែងថា៖ «ខ្ញុំទុកពេលឱ្យ១០ថ្ងៃ[ក្រុមហ៊ុន]ឱ្យធ្វើការងារហ្នឹង។ ក្រោយពី១០ថ្ងៃខ្ញុំនឹងអញ្ជើញតំណាងបងប្អូន និងក្រុមហ៊ុនធ្វើការងារហ្នឹងបន្ដ។ នាំគ្នារៀបចំឯកសារឱ្យខ្ញុំដើម្បីខ្ញុំធ្វើរបាយការណ៍បន្ដ និងជួយមើលគ្នា។ លទ្ធផលក្រុមហ៊ុនធ្វើបានប៉ុណ្ណាខ្ញុំតាមដានឱ្យ»។
នៅព្រឹកថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អាជ្ញាធរខេត្ដសៀមរាបបានចុះសម្របសម្រួលរវាងអតិថិជន និងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីដោយមានពលរដ្ឋជិត៣០០នាក់ និងសមាជិកជាង២០នាក់ និងអាជ្ញាធរជាង១០នាក់ផងដែរ។ ក្នុងការចុះសម្របសម្រួលនេះធ្វើឡើងបន្ទាប់ពីអតិថិជននាំគ្នាផ្ទុះតវ៉ាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីឱ្យក្រុមហ៊ុនសងលុយត្រឡប់ដែលពួកគេបានដាក់រាប់លានដុល្លារ។ ក្នុងជំនួបនេះដែរ ពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈមរបស់ខ្លួនជុំវិញរឿងកម្ចីធនាគារដោយគ្មានប្រាក់សងត្រឡប់ រហូតមានការគំរាមកំហែងដកហូតទ្រព្យសម្បត្ដិពីស្ថាប័នធនាគារទាំងនោះ។
ចំណែកលោក លី វណ្ណៈ នាយករដ្ឋបាលខេត្ដសៀមរាប ថ្លែងថា រដ្ឋបាលខេត្តនឹងព្យាយាមសម្របសម្រួលរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ។ យ៉ាងណាលោកថា ពេលនេះប្រជាពលរដ្ឋបានដាក់បណ្តឹងទៅតុលាការហើយ។
លោកបន្ថែមថា៖ «រដ្ឋបាលមានតែរងចាំចំណាត់ការរបស់តុលាការដើម្បីអនុវត្ត»។
បើតាមលោក ចាន់ ឃីន អគ្គនាយកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី បានលើកឡើងថា លោកនឹងព្យាយាមដោះស្រាយជូនអតិថិជនរបស់លោកតាមដែលអាចដោះស្រាយ ដោយលោកស្នើសុំពេលដើម្បីគិតគូរ។ លោកបន្ដថា ក្នុងករណីដែលអតិថិជនមិនព្រមទុកឱ្យលោក ឬក៏លោកគេចវេះអាចប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីដោះស្រាយចុះ។ លោកក៏បានបង្ហាញពីអ្វីដែលក្រុមហ៊ុនបានដោះស្រាយជូនអតិថិជនថា អតិថិជនណាយកដីក្រុមហ៊ុនកាត់ដីឱ្យអតិថិជនណាមិនព្រមយកដីលោកនឹងព្យាយាមដោះស្រាយតាមហ្នឹង។
លោកលើកឡើងថា៖ «ខ្ញុំចរចារនឹងស្ថាប័នធនាគារ ប៉ុន្ដែបានកម្រិតណាខ្ញុំនឹងព្យាយាមសម្របសម្រួលជូន។ ខ្ញុំសុំពេល១០ថ្ងៃដើម្បីដោះស្រាយបញ្ហាហ្នឹង បើមិនព្រមទេយកខ្ញុំទៅណាក៏បានដែរ បើចង់ឱ្យពួកខ្ញុំចូលគុកពួកខ្ញុំចូលបាន ខ្ញុំមានប៉ុណ្ណឹង»។
អតិថិជនម្នាក់ដែលបានដាក់លុយវិនិយោគជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី នោះ អ្នកស្រី សុខ កញ្ញា ដែលបានដាក់លុយជាង១០ម៉ឺនដុល្លារ បានលើកឡើងថា អ្នកស្រីមិនចង់ដីដែលជាដោះស្រាយរបស់ក្រុមហ៊ុននោះទេ ដោយអ្នកស្រីអះអាងថា អ្នកស្រី និងក្រុមគ្រួសារបានទៅកម្ចីធនាគារ៤ម៉ឺនដុល្លារ និងលុយខំសន្សំពីប្រទេសកូរ៉េបានជាង៦ម៉ឺនដុល្លារ។ អ្នកស្រីបន្ដថា អ្នកស្រីត្រូវបង់ប្រចាំខែឱ្យធនាគារ៧១១ដុល្លារ។ យ៉ាងណាអ្នកស្រីថា ការសម្របសម្រួលរបស់អាជ្ញាធរហាក់មិនបង្ហាញពីភាពច្បាស់លាស់ឱ្យអ្នកស្រី និងមិនអាចទទួលយកបាន។
អ្នកស្រីបានត្អូញត្អែរថា៖ «ខ្ញុំមិនព្រមយកដីទេ ព្រោះយកលុយបង់ធនាគារ តែមើលទៅដូចគ្មានដំណោះស្រាយសោះ។ ពិបាកចិត្ដណាស់គ្មានលុយបង់ធនាគារ។ ៣នាក់បងប្អូនបង្កើតខ្ញុំដាក់ជិត១០ម៉ឺនដុល្លារ។ បង់៧១១ដុល្លារ»។
ក្នុងវេទិកាសម្របសម្រួលនេះដែរ មានពលរដ្ឋប្រមាណជាង៣០០នាក់បាននាំចូលរួម ក្នុងនោះពលរដ្ឋក៏ឱ្យក្រុមហ៊ុនកំណត់ថ្ងៃឱ្យជាក់លាក់ដោយមិនត្រូវគេសវេស និងមិនព្យាយាមដោះស្រាយឱ្យពួកគាត់។ ពលរដ្ឋក៏បានលើកឡើងពីបញ្ហារបស់ខ្លួនជុំវិញរឿងពួកគាត់កម្ចីធនាគារដើម្បីមកដាក់នៅក្រុមហ៊ុន ខណៈក្រុមហ៊ុនសន្យាថា នឹងជួយសម្របសម្រួលឱ្យពួកគាត់ ប៉ុន្ដែគ្មានភាពច្បាស់លាស់ណាមួយនោះទេ ព្រោះកន្លងមកក្រុមហ៊ុនតែងតែសន្យាខ្យល់ទើបពួកគាត់គ្មានទំនុកចិត្ដលើការសន្យាដោយទាមទាអភិបាលរងខេត្ដសៀមរាបធ្វើជាសាក្សី។
ប្រភពដដែលបន្ដថា៖ «គ្រប់បំណុលរបស់ពលរដ្ឋ គឺតម្រូវឱ្យក្រុមហ៊ុនជាអ្នកទទួលត្រូវទាំងអស់ ហើយជួយដោះស្រាយឱ្យបានលឿនព្រោះធនាគារគេអត់ចាំយើងទេរាល់ថ្ងៃនេះ។ រាល់ថ្ងៃនេះធនាគារមកគំរាមរឹបអូសទ្រព្យសម្បត្ដិពួកខ្ញុំទាំងអស់គ្នា»។
ពលរដ្ឋម្នាក់ទៀត លោក ចាន់ សុខា និងបានដាក់លុយអស់៦ម៉ឺនដុល្លារបានប្រាប់ ខេមបូចា នៅរសៀលថ្ងៃចន្ទនេះថា លោកហាក់គ្មានសង្ឃឹមលើអ្វីដែលរដ្ឋបាលខេត្ដសៀមរាបបានសម្របសម្រួលនេះទេដោយលោកថា អាជ្ញាធរហាក់មានចេតនាពន្យាពេលឱ្យក្រុមហ៊ុនមានពេលក្នុងការគេចវេះបន្ដ។
លោកបន្ថែមថា៖ «សម្រាប់ខ្ញុំមើលពីដំណោះស្រាយគ្មានទេបង រឿងលុយរឿងអី ទោះជាមានក៏វា[ក្រុមហ៊ុន]មិនបញ្ចេញឱ្យដែរ ព្រោះវាមិនគ្រប់គ្នាដដែល។ អ៊ីចឹងខ្ញុំគិតថា វាទុករកស៊ីអីផ្សេងវិញទៅថ្ងៃមុខ»។
តាមការអះអាងរបស់ពលរដ្ឋបានចូលរួមតវ៉ាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមក បាននិយាយថា ក្រុមហ៊ុននេះបានកៀគរប្រជាពលរដ្ឋរាប់ពាន់នាក់ដើម្បីឱ្យដាក់លុយចងការប្រាក់ជាមួយក្រុមហ៊ុនដោយក្នុង១ខែនឹងទទួលបានការប្រាក់៤០០ដុល្លារក្នុង១ម៉ឺនដុល្លារ មានទាំងពលរដ្ឋក្នុងស្រុក និងពលករខ្មែរនៅកូរ៉េ។
ការណ៍នេះធ្វើឱ្យពលរដ្ឋជាច្រើនបានសម្រេចចិត្ដខ្ចីលុយពីធនាគាររហូតធ្លាក់ខ្លួនជំពាក់បំណុល។ ពលរដ្ឋតវ៉ានៅទីតាំងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ដោយបានបញ្ជាក់ថា ពួកគេនឹងមិនទទួលយកដំណោះស្រាយរបស់ក្រុមហ៊ុនឡើយ។
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ខុទ្ទការិយាល័យរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានចេញសេចក្ដីបំភ្លឺស្ដីពីការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញផ្សព្វផ្សាយសង្គមនានាដែលបានលើកឡើងថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត មានពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី តាមការលើកឡើងរបស់អ្នកស្រី ឡេង ចាន់ណា ធ្វើឱ្យមានការភាន់ច្រឡំ។
ក្នុងសេចក្ដីបំភ្លឺដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកស្រី ឡេង ចាន់ណា បានចេញបំភ្លឺថា ការលើកឡើងរបស់ខ្លួនមិនបានពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ទេ។ នៅថ្ងៃទី២០ ខែកុម្ភៈ ២០២៤ អ្នកស្រី ឡេង ចាន់ណាបានចេញលិខិតសារភាពកំហុស និងបានសូមអភ័យទោសចំពោះការលើកឡើងថា លោកនាយករដ្ឋមន្រ្ដីជាអ្នកបង្កើតសមាគមពលករ និងអតីតពលករដើម្បីសប្បុរសធម៌ផង។
លិខិតបានបញ្ជាក់ថា៖ «សម្ដេចមិនគាំទ្រ ឬនៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់ឡើយព្រមទាំងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្ដច្បាប់ឱ្យបានម៉ឹងម៉ាត់បំផុតលើបុគ្គលទាំងឡាយណាដែលយកឈ្មោះសម្ដេចធិបតីទៅពាក់ព័ន្ធនឹងអំពើខុសច្បាប់របស់ខ្លួន»។
បើតាមលោក អ៊ិន គង់ជិត មន្រ្ដីសម្របសម្រួលនៃអង្គការលីកាដូប្រចាំខេត្ដសៀមរាប និងបាត់ដំបង បានថ្លែងថា ការសម្របសម្រួលរបស់អាជ្ញាធរជារឿងសំខាន់ណាស់ ជាពិសេសត្រូវពិនិត្យមើលឱ្យបានច្បាស់ថា ក្រុមហ៊ុនពិតជាបានគោរពតាមកិច្ចសន្យាទេ។ លោកបន្ដថា ការទុកពេលឱ្យក្រុមហ៊ុនដោះស្រាយជារឿងល្អហើយ ប៉ុន្ដែអាជ្ញាធរក៏ត្រូវធានាថា ក្រុមហ៊ុនមិនបានបោកពលរដ្ឋ ឬក៏គេចវេះដោយប្រការណាមួយដែរ។
លោកថ្លែងថា៖ «មានតែការដាក់សម្ពាធលើក្រុមហ៊ុនទេទើបអាចឱ្យទទួលខុសត្រូវនឹងរកដំណោះស្រាយបាន។ យើងស្នើឱ្យអាជ្ញាធរខេត្ដសៀមរាបពិនិត្យមើលឱ្យច្បាស់លាស់ដើម្បីធានាថាក្រុមហ៊ុនមានការទទួលត្រូវកម្រិតណា»៕