សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកបើកបររថយន្ត​ក្រុងGiant Ibisត្អូញត្អែរអំពីជម្លោះការងារអូសបន្លាយវែង

អតីតបុគ្គលិករបស់ក្រុមហ៊ុនហ៊ុន Giant Ibis Transport បញ្ឈប់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងអំឡុងពេលពួកគាត់កំពុងតវ៉ាក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ អ៊ឺង ស៊ា)
អតីតបុគ្គលិករបស់ក្រុមហ៊ុនហ៊ុន Giant Ibis Transport បញ្ឈប់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងអំឡុងពេលពួកគាត់កំពុងតវ៉ាក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ អ៊ឺង ស៊ា)

កន្លងទៅ​ជិត៤ឆ្នាំហើយ​ចាប់តាំងពីអតីតបុគ្គលិកក្រុម​ហ៊ុនរថយន្ត​ក្រុង​​ Giant Ibis ត្រូវបានបញ្ឈប់​ពី​ការងារ​ អំឡុងពេលមាន​ការ​រីករាលដាលជំងឺ​កូវីដ-១៩ ដោយមិន​ផ្តល់​​ប្រាក់បំណាច់ការងារ​និងប្រាក់​អតីតភាពការងារ ខណៈដែលពួកគេបន្តដាក់សម្ពាធឱ្យក្រុមហ៊ុនរថយន្តក្រុងឱ្យទទួល​យក​ពួកគេ​ចូលធ្វើ​ការវិញ​ ឬផ្តល់សំណងដល់ពួកគេ។ 

បុគ្គលិក​ដែលបច្ចុប្បន្ននៅសល់​ត្រឹមតែ១១នាក់ បើធៀបពីមុនដែល​មាន​​មួយក្រុម​ធំ​ ក៏កំពុងទទូច​ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរដោះស្រាយប​ញ្ហារបស់ពួកគេ និងឲ្យ​ក្រុមហ៊ុន​រថយន្ត​ក្រុង​ Giant Ibis ដែលជាក្រុមហ៊ុនបុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន​ Royal Group Co Ltd យក​ពួកគេ​ចូល​ធ្វើ​ការ​វិញ​ ឬផ្តល់សំណងដល់ពួកគេ។ កាល​ពី​ដើមខែមីនាឆ្នាំនេះ សហជីពឯករាជ្យរបស់ក្រុមហ៊ុន​រថយន្ត​ក្រុង​ Giant Ibis បានដាក់លិខិតទៅក្រសួងម្តងទៀត ដោយអំពាវនាវឱ្យជួយដល់​បុគ្គលិក​ទទួល​បាន​ការងារ​ឡើងវិញ​ ឬផ្តល់សំណង។

បុគ្គលិក​បាន​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ជិត​២០​ដង​ចាប់​តាំង​ពី​ពួក​គេ​ត្រូវ​បាន​បណ្តេញ​​ចេញ​ពីការងារ​។ ថ្មីៗ​នេះ លោក សៀម ម៉ូរ៉ាឌី ប្រធាន​សហជីព​ឯករាជ្យ​នៃ​ក្រុម​ហ៊ុនរថយន្ត​ក្រុង​ Giant Ibis បាន​និយាយ​ថា លោក​ជំទាស់​​នឹង​ការ​ឆ្លើយតប​របស់​ក្រសួង​ដែល​ថា បញ្ហា​របស់​បុគ្គលិក​គឺ​ជា​ជម្លោះ​បុគ្គល។ លោកនិយាយថា៖ «នេះមិនមែនជាជម្លោះបុគ្គលទេ។ វា​គឺ​ជា​វិវាទ​រវាង​បុគ្គលិក​និង​ក្រុមហ៊ុន​ដែល​រំលោភ​ច្បាប់​ការ​ងារ»។ 

កាលពីឆ្នាំ២០២០ អ្នកបើកបររថយន្តក្រុងចំនួន៨០នាក់ ត្រូវបានបញ្ឈប់ពីការងារ ​ដោយមិនផ្តល់​ប្រាក់បំណាច់ការងារ​ និងប្រាក់អតីតភាពការងារ នៅពេលដែលក្រុមហ៊ុននេះ​បានផ្អាកប្រតិបត្តិការ អំឡុងពេលមាន​ការផ្ទុះជំងឺ​កូវីដ-​១៩។ ច្បាប់​តម្រូវ​ឲ្យ​ផ្តល់​ប្រាក់បំណាច់ និងប្រាក់​អតីតភាពការងារនៅពេលដែលបញ្ឈប់បុគ្គលិកពីការងារ។

ទោះ​ជា​យ៉ាង​ណា បុគ្គលិក​ជា​ច្រើន​បាន​បោះបង់​ការ​ទាមទារ ដោយ​នៅ​សល់១១​នាក់​បន្ត​តស៊ូ​ទាមទារ​យុត្តិធម៌។ បុគ្គលិក​ពីរបីនាក់​ប៉ុណ្ណោះ​ត្រូវបានទទួល​ចូល​ធ្វើ​ការ​វិញ ឬទទួលបានសំណងមួយចំនួនក្នុងរយៈពេលប៉ុន្មាន​ឆ្នាំកន្លងមកនេះ។

 ក្រុមហ៊ុន​រថយន្ត​ក្រុង​ Giant Ibis ដែលចាត់ទុក​ខ្លួនឯងថា ជា «ក្រុមហ៊ុនរថយន្តក្រុងដែលមានទំនួលខុសត្រូវនិង​ឈានមុខគេ»​ របស់ប្រទេសកម្ពុជានោះ​ ត្រូវបាន​បើកដំណើរការដោយក្រុមហ៊ុន Royal Group របស់អ្នក​ឧកញ៉ា គិត ម៉េង ក្នុង​ឆ្នាំ២០១១។ ក្រុមហ៊ុន​នេះ​បានចាប់ផ្តើមជាមួយនឹងប្រតិបត្តិការក្នុងស្រុកក្នុងឆ្នាំ២០១២ មុនពេលពង្រីកទៅកាន់​ប្រទេសវៀតណាម និងប្រទេសថៃ។

 របាយ​ការណ៍​របស់​អូស្ត្រាលីដាក់ឈ្មោះលោក​ Jacob Monstross ជា «ស្ថាបនិក និងជាដៃគូគ្រប់គ្រង» របស់ក្រុមហ៊ុនរថយន្ត​ Giant Ibis ។ របាយ​ការណ៍ដដែល​នេះក៏បានបញ្ជាក់ថា លោក Jacob Monstross គឺ​ជាសមាជិកជាន់ខ្ពស់នៃក្រុមហ៊ុន Royal Group ផងដែរ។

 ស្របជាមួយគ្នានេះដែរ​ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ បានឆ្លើយតប​​​តាមតេឡេក្រាមថា លោកបានទទួលលិខិតពីបុគ្គលិក​ ដោយកត់សម្គាល់ថា នៅ​ពេលនេះ អគ្គលេខាធិការនៃលេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការ​ងារ​កំពុង «សម្របសម្រួលយន្តការដោះស្រាយ» ដើម្បីដោះស្រាយបញ្ហានេះ។

លោក កត្តា អ៊ន មានប្រសាសន៍​​ថា៖​ «ប្រសិន​បើ​ភាគី​មិន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​នោះ​ ពួកគេ​អាច​ប្តឹង​ទៅ​តុលាការ​បាន​ ព្រោះ​នេះ​ជា​វិវាទ​បុគ្គល»។ 

យោងតាមមាត្រា៩៥ នៃច្បាប់ស្តីពីការងារ កម្មករនិយោជិតដែលត្រូវ​គេ​បញ្ឈប់​ពី​ការងារ ត្រូវបានរក្សាទុក​រវាង​ពីរឆ្នាំ​នូវ​អាទិភាព​ក្នុង​ការ​ទទួល​ឲ្យ​ចូលធ្វើការវិញក្នុងមុខងារប្រភេទ​​ដូច​គ្នាក្នុងសហគ្រាស​ដដែល។ លើសពីនេះ ​​ច្បាប់​តម្រូវ​ឱ្យ​និយោ​ជក​​បង់​ប្រាក់​អតីតភាពការងារ និង​ប្រាក់​បំណាច់​ការងារ​ក្នុង​ករណី​បណ្តេញ​​ចេញ។ ច្បាប់​ការងារ​ក៏ចែង​ផងដែរថា ត្រូវ​តែ​បង់​សំណងជំងឺចិត្ត​ ប្រសិនបើកិច្ចសន្យា​ការងារត្រូវបានបញ្ចប់ភ្លាមៗ ឬមាន​ការរំលោភកិច្ច​សន្យា​។ 

លោក ច័ន្ទ ប៊ុណ្ណាត អាយុ៦៥ឆ្នាំ អតីតអ្នកបើកបររថយន្តក្រុង រស់នៅក្នុងស្ថានភាព​ក្រីក្រនៅក្នុងបន្ទប់ជួលបានសុំឱ្យក្រុមហ៊ុនដោះស្រាយបញ្ហារបស់ពួកគាត់​ ហើយទទួលយកលោក​ និងបុគ្គលិកផ្សេងទៀតចូលធ្វើការ និងផ្តល់សំណង។

 លោកប៊ុណ្ណាត បាននិយាយថា៖ «មិនទាន់មានដំណោះស្រាយសម្រាប់ពួកយើងទេ ហើយខ្ញុំមានការចំណាយច្រើន​ក្នុងគ្រួសារ រួមទាំងថ្លៃឈ្នួល​ផ្ទះផងដែរ។ សេដ្ឋកិច្ចគ្រួសាររបស់យើងពឹងផ្អែកទាំងស្រុងលើការងាររបស់​ខ្ញុំ​ជា​អ្នកបើកបររថយន្ត​ក្រុង។ ខ្ញុំ​សង្ឃឹម​ថា យើង​អាច​ត្រឡប់​ចូល​ធ្វើ​ការ​វិញ និង​ទទួល​បាន​សំណង​សមរម្យ​ពី​ក្រុមហ៊ុន»។ 

លោក ប៊ុនណាត បាន​និយាយ​ថា សកម្មភាព​របស់​ក្រុមហ៊ុន​ដែល​ធ្វើ​ឲ្យ​គាត់​បាត់​បង់​​​​ចំណូល​និង​​​​ការងារដែល​ «ស្រឡាញ់» ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​លោក​។

លោកបានលើកឡើងថា៖ «ការងារ​ជា​អ្នក​បើក​បរ គឺ​​ជា​អាជីព​ដែល​ខ្ញុំ​ស្រឡាញ់។ សកម្មភាពរបស់ក្រុមហ៊ុនបានបំផ្លាញក្តីសង្ឃឹមរបស់ខ្ញុំទាំងស្រុង និងប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ខ្ញុំ។ សុខភាព​ផ្លូវ​ចិត្ត​របស់​ខ្ញុំ​ក៏​ត្រូវ​ប៉ះ​ពាល់ដែរ​ ​ដោយ​សារ​បាត់​បង់​ប្រាក់​ចំណូល​»។ 

លោកបានបន្ថែមថា៖ «ខ្ញុំស្នើសុំឱ្យក្រសួងពិនិត្យមើលការអនុវត្តរបស់ក្រុមហ៊ុន និងធានាថា ពួកគេគោរពតាមច្បាប់ការងារ និងគោលការណ៍ណែនាំរបស់ក្រសួង។ អ្វី​ដែល​បាន​កើត​​ឡើង​ចំពោះ​យើង ​គឺ​មិន​យុត្តិធម៌​ទាល់​តែ​សោះ»។

បើតាមលោក ម៉ូរ៉ាឌី ថា លោក​បានដាក់​លិខិតទៅក្រសួងម្តងទៀតកាល​ពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ដើម្បីស្នើសុំឱ្យក្រុមហ៊ុនទូទាត់សំណង និងអនុញ្ញាតឱ្យបុគ្គលិកចូលធ្វើការវិញ។
លោកបាននិយាយថា៖ «ទោះបីជា​គ្មាន​​ដំណោះ​ស្រាយ​សម្រាប់យើង​ក៏​ដោយ ក៏​យើង​មិន​បោះបង់​ដែរ។ យើង​​នឹង​បន្ត​តស៊ូ​មតិ ​ព្រោះ​ឯកសារ​ផ្លូវ​ច្បាប់​បាន​ដាក់​រួច​ហើយ»។

លោកបាននិយាយថា កូដកម្មត្រូវបានគ្រោងទុក ដោយមានការជូនដំណឹងដល់អាជ្ញាធរខណ្ឌជ្រោយចង្វារ និងសាលាក្រុង​ភ្នំពេញពីរសប្តាហ៍មុនព្រឹត្តិការណ៍នៅថ្ងៃទី២ និងទី​៣ ខែមីនា ឆ្នាំ២០២៤។ ទោះបីជា​យ៉ាងណាក៏ដោយ បួនថ្ងៃមុនកូដ​កម្ម អាជ្ញាធរបានជូនដំណឹងដល់សហជីពឯករាជ្យថា ពួកគេនឹងមិនត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើកូដកម្ម​ទេ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ជំនួសមកវិញ ពួកគេត្រូវបានជំរុញឱ្យ «រង់ចាំមើល» វិធានការ​បន្ទាប់​របស់ក្រសួង​។

លោក ម៉ូរ៉ាឌី បាននិយាយថា៖ «ក្នុងនាមជាតំណាងនិយោជិត ខ្ញុំកំពុងស្នើសុំដំណោះ​ស្រាយពីរដ្ឋាភិបាលថ្មីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដើម្បី​តម្លាភាព និង​យុត្តិធម៌​សម្រាប់​យើង រដ្ឋាភិបាល​គួរ​ពិនិត្យ​មើល​ជម្លោះ​រវាង​បុគ្គលិក​និង​ក្រុម​ហ៊ុន Giant Ibis ដែល​រំលោភ​សិទ្ធិ​ការងារ​នៅ​កម្ពុជា»។ 

លោក អ៊ូ ផាន្នី តំណាងក្រុមហ៊ុន​រថយន្ត​ក្រុង​ Giant Ibis មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ខណៈក្រុមហ៊ុន Royal Group ក៏មិនឆ្លើយតបនឹងសំណួរតាមរយៈអ៊ីមែលដែរ។ 

លោក អំ សំអាត នាយកកិច្ចការទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​ថា ការ​ដោះស្រាយ​បញ្ហា​នេះ​បាន​អូស​បន្លាយ​ពេល​យូរ​ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគេ។

លោកនិយាយថា៖​ «បញ្ហាអូសបន្លាយ​​កាន់​តែ​យូរ វា​កាន់​តែធ្វើ​ឲ្យ​បុគ្គលិក​​ឈឺ​ចាប់ និង​នាំ​ឲ្យ​អស់​សង្ឃឹម និង​បាត់​បង់​ទំនុក​ចិត្ត​​លើ​អាជ្ញាធរ។ នេះ​មិន​មែន​ជា​រូបភាព​ល្អ​ទេ ដូច្នេះ​បញ្ហា​នេះ​គួរ​តែ​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

 លោក សំអាត មានប្រសាសន៍ថា មិនមានអ្វីខុសទេ ក្នុងការរៀបចំកូដកម្មដោយសន្តិវិធី ដែលស្របតាមច្បាប់ការងារ និងធានាដោយរដ្ឋធម្មនុញ្ញ។

 លោកបានបន្ថែមថា៖ «វា​គឺ​ជា​សិទ្ធិ​របស់​បុគ្គលិក​​ក្នុង​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី។ គួរ​តែ​ផ្តល់​ដំណោះស្រាយ ប្រសិនបើអាជ្ញាធរនិយាយថា វាជាការរំលោភលើសណ្តាប់ធ្នាប់សាធារណៈ​នោះ​។ គាត់​គួរ​តែ​ដោះស្រាយ ​ព្រោះ​ខ្ញុំ​ជឿ​ថា ​គ្មាន​អ្នក​ណា​ចង់​ធ្វើ​កូដកម្ម​ទេ។ ដូច្នេះ ​ដោះស្រាយ​ហើយ​បញ្ចប់​បញ្ហា​នេះ​ជូន​​ពួក​គាត់»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស Laid Off Giant Ibis Bus Drivers Ask Why Resolution Is Taking So Long, Fight Continues For Job, Compensation

521 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម