សមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ កាលពីថ្ងៃពុធ បានដាក់ញត្តិទៅក្រសួងការងារ ដើម្បីជំរុញឲ្យមន្ត្រីអន្តរាគមន៍ និងជួបជាមួយសមាជិករកដំណោះស្រាយលើជម្លោះការងារដែលកំពុងបន្តមានជាមួយនឹងកាស៊ីណូណាហ្គាវើលដ៍។
សៀក កញ្ញា បាតុករម្នាក់បាននិយាយថា៖ «យើងជួបរឿងអយុត្តិធម៌ ហេតុនេះហើយបានជាយើងមកទីនេះដើម្បីរកយុត្តិធម៌…សូមកុំលាបពណ៌យើងអាក្រក់ពេក យើងមិនមែនជាបាតុករដែលបានទទួលលុយពីខាងណាមួយនោះទេ»។
កូដករដែលបានធ្វើការជាង១៣ឆ្នាំនៅកាស៊ីណូណាហ្គាវើលដ៍រូបនេះ បានឲ្យដឹងទៀតថាយន្តការដោះស្រាយជម្លោះការងារនេះគឺធ្វើឡើងមិនយុត្តិធម៌ និងទុកឲ្យបុគ្គលិកជាច្រើនរងគ្រោះដោយការបញ្ឈប់ការងារទ្រង់ទ្រាយធំដោយមិនមានដំណោះស្រាយសមរម្យ។ កញ្ញាថាក្រសួងការងារជាអាណាព្យាបាលរបស់កម្មករ ដូចនេះកញ្ញា សង្ឃឹមថាក្រសួងមិនគួរទុកកម្មករចោលពេលពួកគេមានបញ្ហានោះទេ។
កញ្ញាបន្តថា៖ «ក្រសួងបានទទួលយកញត្តិស្ទើរតែរាល់ដង ប៉ុន្តែពួកគាត់ទទួលដោយគ្មានផ្ដល់ដំណោះស្រាយត្រឡប់មកវិញទេ។ ម្ដងនេះ ខ្ញុំសង្ឃឹមថាញត្តិដែលដាក់ទៅនឹងទទួលបានលទ្ធផលខ្លះ»។
ជម្លោះការងារនៅកាស៊ីណូណាហ្គាវើលដ៍នេះ ចាប់ផ្ដើមកើតឡើងនៅពេលក្រុមហ៊ុនបញ្ឈប់បុគ្គលិកចំនួន ១ ៣២៩នាក់កាលពីចុងខែមេសា ឆ្នាំ២០២១។ ក្រុមហ៊ុនអះអាងថាការបញ្ឈប់នេះធ្វើឡើងដោយសារតែខ្លួនជួបបញ្ហាហិរញ្ញវត្ថុក្នុងវិបត្តិកូវីដ-១៩។ ប៉ុន្តែការបញ្ឈប់នេះត្រូវបានគេមើលឃើញថាជាសកម្មភាពមួយដើម្បីបង្ក្រាបសហជីពឯករាជ្យដែលបង្កើតដោយកម្មករនៅទីនោះ។
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងពុធ អះអាងថាការបញ្ឈប់បុគ្គលិកលក្ខណៈទ្រង់ទ្រាយធំនេះគឺមិនបានអនុលោមទៅតាមច្បាប់ស្ដីពីការងាររបស់កម្ពុជានោះទេ បើទោះបីកន្លងមកភាគីក្រុមហ៊ុនអះអាងថាខ្លួនបានអនុវត្តតាមច្បាប់ក៏ដោយ។ សហជីពបានអះអាងថាក្រសួងការងារបានប្រើប្រាស់អំណាចរបស់ខ្លួនមិនត្រឹមត្រូវ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សហជីព។ សហជីពបានជំរុញឲ្យក្រសួងប្រកាន់ជំហរឯករាជ្យក្នុងការដោះស្រាយជម្លោះ និងប្រកាន់វិជ្ជាជីវៈ និងតម្លាភាព។
សេចក្ដីថ្លែការណ៍បន្តទៀតថា៖ «យើងមើលឃើញថាមិនមានប្រព័ន្ធយុត្តិធម៌ដែលអាចផ្ដល់យុត្តិធម៌ដល់សហជីព និងកម្មករ»។ លិខិតដដែលសរសេរទៀតថារឿងមិនពិតជាច្រើនត្រូវបានគេផ្សព្វផ្សាយទាក់ទងនឹងក្រុមបាតុករ និងបានចោទប្រកាន់ដោយអយុត្តិធម៌មកលើសមាជិកសហជីព។
សមាជិកសហជីពណាហ្គាវើលដ៍ ដែលអះអាងថាខ្លួនបានព្យាយាមធ្វើបាតុកម្មដោយអហិង្សា បានរងអំពើហិង្សា និងការបៀតបៀនពីអាជ្ញាធរ។ មេដឹកនាំសហជីពត្រូវបានចាប់ខ្លួន ហើយមេដឹកនាំសហជីពម្នាក់គឺ កញ្ញា ឈឹម ស៊ីថរ ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពីរឆ្នាំ។
កាលពីខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនបានប្រកាសថាខ្លួននឹងបង្កកប្រាប់វិភាគទានរបស់សហជីព ដែលនេះបើតាមការដកស្រង់ពីលិខិតចេញពីនាយកដ្ឋានដោះស្រាយវិវាទរបស់ក្រសួងការងារ និងថាជារឿងសមហេតុផល។
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ បានបន្តជំរុញឲ្យក្រសួងការងារអន្តរាគមន៍ និងបញ្ជាឲ្យក្រុមហ៊ុនណាហ្គាវើលដ៍បង្វិលត្រឡប់វិភាគទានដែលបានកាត់ពីសហជីពត្រឡប់មកវិញ។ ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃពុធ សហជីពស្នើឲ្យក្រសួងពិចារណាលើសកម្មភាពរបស់ក្រុមហ៊ុនគឺជារឿងមិនត្រូវតាមច្បាប់។
អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ កញ្ញា ឈឹម សុខុន ថ្លែងឲ្យដឹងថា កញ្ញារំពឹងថាក្រសួងការងារនឹងដោះស្រាយជម្លោះនេះក្រោយពីទទួលញត្តិ។
កញ្ញាឲ្យដឹងថា៖ «តំណាងមកពីខាងក្រសួងបានទទួលយកញត្តិរបស់យើង និងនិយាយថាពួកគាត់នឹងដាក់ជូនទៅរដ្ឋមន្ត្រី ប៉ុន្តែមិនបានបញ្ជាក់ពីដំណោះស្រាយ ឬការសន្យាណាមួយដល់ពួកយើងទេ»។
កញ្ញា កត់សម្គាល់ថាក្រុមហ៊ុនបញ្ឈប់បុគ្គលិករាប់ពាន់នាក់ដោយថាមកពីបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែក្រុមហ៊ុនបានប្រកាសរើសបុគ្គលិកបន្ថែម។ កញ្ញាចង់វិលចូលធ្វើការវិញ និងសង្ឃឹមថាក្រុមហ៊ុននឹងទទួលយកសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ម្ដងទៀត។
បើតាមគំនិតរបស់កញ្ញា សហជីពមិនអាចប្ដឹងក្រុមហ៊ុនទៅកាន់តុលាការបានទេ ពីព្រោះថានៅកម្ពុជាមិនមានតុលាការខាងការងារ។ បន្ថែមពីនេះ កម្មករមិនមានប្រាក់ដើម្បីប្ដឹងផ្ដល់ផងដែរ។
អ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថាក្រសួងបានព្យាយាមដោះស្រាយជម្លោះនេះដោយផ្អែកទៅតាមច្បាប់ចំនួនពីរដងមកហើយ ហើយករណីនេះក៏បានបញ្ជូនទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលផងដែរ។ ក្រុមប្រឹក្សាក៏បានចេញសេចក្ដីសម្រេច និងសម្របសម្រួលចំនូន២៧ដងហើយដែរ តែបញ្ហានៅតែមិនអាចដោះស្រាយបាន។
លោកបន្តថា៖ «ពួកគាត់ [សមាជិកសហជីព]មិនស្ដាប់តាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងចេញមកតវ៉ា និងធ្វើបាតុកម្ម។ ករណីនេះគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដោះស្រាយរាល់ការតវ៉ា និងបាតុកម្ម»។
អ្នកនាំពាក្យរូបនេះបានលើកទឹកចិត្តឲ្យបាតុករប្ដឹងក្រុមហ៊ុនទៅតុលាការ។ លោកអះអាងថាក្រសួងការងារបានព្យាយាមរកដំណោះស្រាយល្អបំផុតហើយ ប៉ុន្តែថាពេលនេះករណីជម្លោះមិននៅក្រោមសមត្ថកិច្ចក្រសួងទៀតទេ ព្រោះបានបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលរួចហើយ។
លោកបន្តថា៖ «គណៈកម្មការដោះស្រាយបាតុកម្ម[របស់ក្រសួងការងារ] បន្តសម្របសម្រួល បើភាគីជម្លោះទាំងពីរដាក់សំណើរដើម្បីបញ្ចប់ជម្លោះ។ ក្រសួងធ្វើការដោយផ្អែកទៅតាមច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីសហជីព និងច្បាប់ពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាសិទ្ធិផ្លូវច្បាប់ និងផលប្រយោជន៍របស់កម្មករ និងនិយោជក»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ មានប្រសាសន៍ថាជម្លោះការងារនេះបានក្លាយជាជំងឺរ៉ាំរ៉ៃដែលត្រូវការការដោះស្រាយបន្ទាន់ពីក្រសួងការងារ និងរដ្ឋាភិបាល។
លោកបន្តថា៖ «ជម្លោះការងារនេះបានទទួលរងការរិះគន់ជាច្រើនពីសហគមន៍អន្តរជាតិ។ រដ្ឋាភិបាលគួរធ្វើការរួមគ្នាដោះស្រាយជម្លោះនៅណាហ្គាវើលដ៍ឲ្យបានឆាប់តាមដែលអាចធ្វើបានដោយមិនត្រូវទុកយូរទៀតទេ»។
លោកលើកឡើងថារដ្ឋាភិបាលថ្មីគួររកដំណោះស្រាយឲ្យបានឆាប់ព្រោះថាជម្លោះយូរអង្វែង និងការឃុំខ្លួនមេដឹកនាំសហជីពអាចនឹងប៉ះពាល់មុខមាត់រដ្ឋាភិបាល៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស NagaWorld Strikers in Ongoing Labor Dispute Deliver New Petition to Labor Ministry