សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មន្ត្រីយោធា​និយាយថា ឧបទ្ទវហេតុ​ផ្ទុះគ្រាប់​ដែលបណ្តាល​ឲ្យ​យោធិន​២០​នាក់ពលី​ជីវិត​ គឺដោយ​សារ «កំហុសបច្ចេកទេស»

ក្រុមគ្រួសារយោធិនពលីយំសោកក្នុងពិធីបុណ្យសពនៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)
ក្រុមគ្រួសារយោធិនពលីយំសោកក្នុងពិធីបុណ្យសពនៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

មន្ត្រីយោធាជាន់ខ្ពស់មួយ​រូប​បានបញ្ជាក់ថា ឧបទ្ទវហេតុ​ផ្ទុះគ្រាប់​ដែលបណ្តាល​ឲ្យ​យោធិន​២០នាក់ពលីជីវិត​ កើតឡើងដោយសារតែ «កំហុស​បច្ចេកទេស» ខណៈ​​ពេល​កំពុង​រើ​គ្រាប់រំសេវចេញពីរថយន្តដាក់​ក្នុងឃ្លាំងនៅបញ្ជាការ​ដ្ឋានយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា។ 

លោក ម៉ៅ ផល្លា អ្នកនាំពាក្យកងយោធពលខេមរភូមិន្ទបានប្រាប់ខេមបូចា​ថា គ្រាប់រំសេវត្រូវបានដឹកចេញពីបន្ទាយ​យោធា​ខេត្តកោះកុង។

 លោក​មាន​ប្រសាសន៍​ថា៖​ «នៅ​ពេល​យើង​កំពុង​រើ​​គ្រាប់​ចុះ​ [​ពីរថយន្ត​​] ដាក់ក្នុង​​ឃ្លាំងទៅ វាបច្ចេកទេស​ខុស។ គ្រាប់​មួយ​គ្រាប់​បាន​ផ្ទុះ ហើយ​វាបុកចូល​​ឃ្លាំង​ស្តុក​គ្រាប់​»។ 

លោក ម៉ៅ ផល្លា បានបន្តថា៖ «ជាទូទៅ យើងផ្ទេររាល់ដង​មិន​ដែល​ជួប​បញ្ហា​បែប​នេះ​​ទេ​ [គ្រាប់​រំសេវ] ប៉ុន្តែ​វា​ចម្លែក [វា​កើត​ឡើង] ខណៈ​ពេល​​យើង​ផ្ទេរពេលកំពុងក្តៅ​រើគ្រាប់​​ចុះ​។ [អាកាសធាតុ] នៅពេលនោះក្តៅខ្លាំង»។ 

គ្រាប់រំសេវដែលត្រូវ​បាន​ដឹកជញ្ជូនពីខេត្តកោះកុង ភាគច្រើនជា «គ្រាប់មីន និងគ្រាប់​កាំភ្លើងត្បាល់» ដែលខ្លះលែងប្រើ ឬហួស​កំណត់​ ហើយត្រូវរក្សាទុកក្នុងឃ្លាំងធំៗ ដែលស្ថិត​នៅក្នុងបន្ទាយ​យោធា។

 លោក ផល្លា បាន​មាន​ប្រសាសន៍​​ថា អ្នក​ភូមិ និង​ទាហាន​ចំនួន១១ នាក់​បាន​រង​របួស​ស្រាល​ដោយសារ​​ការ​ផ្ទុះ​នោះ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​យោធភូមិភាគទី​៣។ 

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ដែលបានចែករំលែកការយល់​ឃើញ​ស្រដៀងគ្នានេះ បានមាន​ប្រសាសន៍​ថា ឧបទ្ធវហេតុ​ផ្ទុះនេះគឺជា​​រឿង «ចៃដន្យ» ដែលបានកើតឡើងនៅពេលដែលគ្រាប់រំសេវត្រូវបាន​ផ្ទេរ​ចុះ​ពីរថយន្ត​យក​ទៅរក្សាទុកនៅក្នុង​ឃ្លាំងកងទ័ព​។ លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ​។ 

រដ្ឋាភិបាល​នឹង​ផ្តល់​ថវិកា​ចំនួន២ម៉ឺន​ដុល្លារ​​​ដល់​គ្រួសារ​ជនរងគ្រោះម្នាក់​ៗ ខណៈ​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ផ្តល់​ជំនួយថវិកា​​សរុប​ចំនួន២០ម៉ឺន​ដុល្លារ​ដល់​គ្រួសារ​យោធិន​ពលី​ផងដែរ​។

 បើ​តាម​លោក ផល្លា បាន​ឲ្យ​ដឹងថា ទាហាន​បី​នាក់​ត្រូវ​បាន​បូជា​ បន្ទាប់​ពី​ក្រុម​គ្រួ​សារ​ធ្វើ​ពិធីបុណ្យ​​ចុង​ក្រោយ​នៅបញ្ជាការ​ដ្ឋាន​យោធភូមិ​ភាគទី​​៣។ សព​ទាហាន​ផ្សេង​ទៀត​ត្រូវ​បាន​ដឹក​យក​ទៅ​កាន់​ស្រុក​កំណើត​រៀង​ៗ​ខ្លួន​ទី​ដែល​ក្រុម​គ្រួសារ​របស់​ពួក​គេ​រៀបចំ​ពិធីបុណ្យ​សព។ 

ការ​ផ្ទុះគ្រាប់​នេះ​​ក៏​បាន​បណ្តាល​ឱ្យ​ខូច​ខាត​ផ្ទះ​ប្រជា​ពល​រដ្ឋ​​ជាង​២០​ខ្នង​ដែល​មាន​ទីតាំង​នៅ​ជុំវិញ​បន្ទាយ​​យោធានេះ​ផងដែរ។ អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺមាន​ភារកិច្ច​ជួយដោះ​ស្រាយ​​ការ​ទាមទារ​របស់​ម្ចាស់ផ្ទះ។

 លោកស្រី បែន សុខុម អភិបាលរងក្រុងច្បារមន មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធ និងកាកបាទក្រហមកម្ពុជាប្រចាំ​ខេត្ត កំពុងសហការគ្នាដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីឧបទ្ទវហេតុផ្ទុះគ្រាប់​មក​លើផ្ទះអ្នកភូមិ។ ប៉ុន្តែ​មិនទាន់​មាន​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ​។

 លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖​ Explosion That Killed 20 Soldiers Due to “Technique Error” As Ammunition Was Unloaded, Army Says

2,000 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម