សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាដំបូងខេត្ដតាកែវបានដោះលែងអ្នកកាសែត២នាក់ក្រោយពី​ឃុំ​ខ្លួនពីរថ្ងៃ

លោក លួស សេង ចាងហ្វាងកាសែតអនឡាញ LSN បានជួបជាមួយអ្នកកាសែតអនឡាញដែលរងចាំលោកមុខសាលាដំបូង បន្ទាប់ពីត្រូវបានដោះលែង កាលពីថ្ងៃទី១៥ខែ ខែឧសភា ឆ្នាំ២០២៤។ (រូបថតផ្ដល់ឱ្យ)
លោក លួស សេង ចាងហ្វាងកាសែតអនឡាញ LSN បានជួបជាមួយអ្នកកាសែតអនឡាញដែលរងចាំលោកមុខសាលាដំបូង បន្ទាប់ពីត្រូវបានដោះលែង កាលពីថ្ងៃទី១៥ខែ ខែឧសភា ឆ្នាំ២០២៤។ (រូបថតផ្ដល់ឱ្យ)

សាលាដំបូងខេត្ដតាកែវសម្រេចដោះលែងលោក លួស សេង ចាងហ្វាងកាសែតអនឡាញ LSN  និងលោក ឈុន​ សាវឿន ក្រោយ​ពី​​ឃុំខ្លួនអស់រយៈ២យប់២ថ្ងៃ និងបានសាកសួរ​ពួកគេ​ជុំវិញ​បញ្ហានៃការចុះផ្សាយផ្ទាល់អំពីពលរដ្ឋ​ខ្វះ​ទឹក​​ធ្វើស្រែនៅស្រុកអង្គរបុរី កាលពីថ្ងៃ​ទី១៣ ខែឧសភា ឆ្នាំ២០២៤។

តាមការបញ្ជាក់ពីលោក ង៉ែត សាវុធ អ្នកនាំពាក្យសាលាដំបូងខេត្ដតាកែវ​បានប្រាប់ ខេមបូចា តាម​ប្រព័ន្ធតេឡេក្រាម កាលល្ងាចថ្ងៃទី១៥ ខែឧសភា ថា ក្រោយពីសាកសួរលើករណីលោក លួស សេង និងលោក ឈុន សាវឿន រួចមក តុលាការ និង​ស្នងការខេត្ដសម្រេចដោះលែង​បុគ្គល​២រូបឱ្យមានសេរីភាព​វិញ ប៉ុន្ដែលោកបានបញ្ជាក់ថា​ រឿង​ធ្វើ​កិច្ចសន្យា គឺលោកមិន​ច្បាស់​​ឡើយ។

លោកថ្លែងថា៖ «គេ[តុលាការ]ដោះលែងគាត់តាំងពីថ្ងៃគេឱ្យសម្ភារៈទៅប្រកបមុខរបរវិញ​អស់​​ហើយ។ រឿង​ធ្វើកិច្ចសន្យាបងអត់ដឹងទេ ក្រែងខាងអយ្យការគេធ្វើ បងមិនដឹងដែរ តែគេលែង​ហើយ»

លោក លួស សេង ជាចាងហ្វាយកាសែតអនឡាញឈ្មោះថា LSN លួស សេង ញូស៍ និង​លោក ឈុន សាវឿន ជាអ្នករាយការណ៍ព័ត៌មានអនឡាញម្នាក់ត្រូវបានសមត្ថកិច្ច​ខេត្ដតាកែវ​បានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៤ស្ថិតនៅភូមិពួនកក ឃុំបាស្រែ ស្រុក​អង្គរបុរីពាក់ព័ន្ធបញ្ហាខ្វះទឹកអាស្រ័យផលពលរដ្ឋ។

ខេមបូចា មិនអាចសុំការបំភ្លឺលោក លួស សេង​ និងលោក ឈុន សាវឿន បានទេដោយ​ទូរសព្ទ​ត្រូវបានដកទុក។

តែយ៉ាងណា​លោក ផាត់ ហ៊ន ចាងហ្វាយកាសែតអនឡាញម្នាក់ បានចាត់ទុកករណីនេះថា​ គួរប្រើច្បាប់ស្ដីពីរបបសារព័ត៌មានដោយសំអាងថា ប្រើប្រព័ន្ធតុលាការ​មុននឹង​ប្រើច្បាប់​ស្ដីពី​របបសារព័ត៌មាន វាបង្ហាញពីការរឹតត្បិតសេរីភាពរបស់អ្នកសារព័ត៌មាន។ យ៉ាងណាលោក​ស្នើ​ដល់​​ក្រសួង​ព័ត៌មានថា គួរតែផ្សព្វផ្សាយឱ្យបានទូលំទូលាយ​ដើម្បីឱ្យអាជ្ញាធរបានដឹង និង​ជា​លម្ហ​សេរីភាពសម្រាប់​អ្នក​កាសែត​ផង។

លោកបាននិយាយ៖ «អាជ្ញាធរ សមត្ថកិច្ចមិនយកច្បាប់អ្នកសារព័ត៌មានមកប្រើប្រាស់ កំហុស​​នៃ​ការផ្សាយក្រោមស្ថាប័នសារព័ត៌មាន ក្រសួងព័ត៌មានជាអ្នកសម្របសម្រួល​ហៅ​អ្នកកាសែត​មកណែនាំអប់រំ ឬចេញលិខិតណាមួយ។ អាជ្ញាធរ គឺដាក់ពាក្យបណ្ដឹងទៅ​តុលាការ​យកតែម្ដង ចឹងសេរីភាពអ្នកកាសែតរឹតត្បិតណាស់»

លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបុរី បានច្រានចោលសំណួរ ខេមបូចា ថា លោកមិន​អាច​បំភ្លឺបានទេដោយស្នើឱ្យអ្នកសារព័ត៌មាន ខេមបូចា ជួបលោកផ្ទាល់​ទើបលោកព្រម​បំភ្លឺ​ដោយបារម្ភថា ខ្លាចខុសខ្លឹមសារដែលោកនិយាយ។

លោកថ្លែងថា៖ «អូនអាចចុះមកជួបបងផ្ទាល់បាន បងនិយាយ ព្រោះកន្លងគេយករូបបងទៅ​កាត់ផុស បងមិនអាចផ្ដល់បទសម្ភាសន៍តាមទូរសព្ទបាន ចុះមកអូនម៉ោងបងធ្វើការ»

យ៉ាងណា ជុំវិញបញ្ហានេះ រដ្ឋបាលស្រុកអង្គរបុរី តាមរយៈលិខិតចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានចេញបកស្រាយ រួមទាំងការចោទប្រកាន់។

សាលាស្រុកអង្គរបុរីចាត់ទុកថា សកម្មភាពពលរដ្ឋបាចទឹកចេញពីប្រឡាយ ជាឈុតឆាក​រៀបចំ តែមិនបានបញ្ជាក់ឈ្មោះបុគ្គលណាមួយជាអ្នករៀបចំទេ។

ចំណែកការតម្រូវឱ្យកសិករបង់ថ្លៃទឹកដើម្បីបានទឹកធ្វើស្រែកើតមានពិតមែនដោយកសិករត្រូវបង់តម្លៃ​ពី​២៤ម៉ឺនរៀលទៅ២៦ម៉ឺនរៀលក្នុង១ហិកតា។

បញ្ហាខ្វះទឹក គឺរដ្ឋបាលស្រុកធ្វើតាមការណែនាំរបស់ក្រសួងធនធានទឹក និងឧតុនិយម មិនឱ្យ​ពលរដ្ឋ​ធ្វើ​​ស្រែ២ដងក្នុង១ឆ្នាំ ដែលប៉ះពាល់ដល់ភូមិចំនួនពីរ គឺភូមិពួនកក និងភូមិទួលសាំង ។

យ៉ាងណា រដ្ឋបាលស្រុកអង្គរបុរីបញ្ជាក់ថា បញ្ហាខ្វះទឹកត្រូវបានដោះស្រាយ ចាប់ពីថ្ងៃទី១៣ ខែឧសភា ចំថ្ងៃដែលអ្នកសារព័ត៌មានបានចុះរាយការណ៍ផ្ទាល់ ពីសកម្មភាពពលរដ្ឋ​បាចទឹក​នេះ ។

ក្នុង​ឆ្នាំ​២០២៣ សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅកាត់​ថា​ ខេមបូ​ចា បាន​កត់​ត្រា​ថា​មាន​ការ​យាយី​លើ​អ្នកសារព័ត៌មាន​យ៉ាង​តិច​​ចំនួន​៣​២ករណី​លើ​អ្នក​សារព័ត៌មាន​ចំនួន​៥៩​រូប ដែល​តួលេខ​នេះ​ថយ​ចុះ​៨,៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២២ ប៉ុន្តែ​ថា​ចំនួន​អ្នក​សារព័ត៌មាន​ដែល​ទទួល​រង​អំពើ​នេះ​​មាន​ការ​កើន​ឡើង​៩,៣​ភាគរយ​។ វិធានការ​ផ្លូវ​ច្បាប់ ឬ​ការ​គំរាម​កំហែង​ប្រឆាំង​អ្នក​សារព័ត៌មាន​បាន​កើន​ឡើង​ពី​ប្រាំពីរ​ករណី​ក្នុង​ឆ្នាំ​២០២២ ទៅ​១៥​ករណី​ក្នុង​ឆ្នាំ​២០២៣​ នេះ​បើ​តាម​ទិន្ន័យ​របស់​ខេមបូចា​។

​លោក ឈាង ផាន់ណារ៉ា ស្នងការរង និងជាអ្នកនាំពាក្យ​ស្នងការខេត្ដតាកែវ ឆ្លើយយ៉ាងខ្លីថា លោកកំពុងរវល់ មិនអាចឆ្លើយបានទេ។

ចំណែកលោក ទេព អស្នារិទ្ធិ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ក្រសួងជំរុញឱ្យ​អាជ្ញាធរ​យកច្បាប់ស្ដីពីរបបសារព័ត៌មានមកអនុវត្ដ ព្រោះបញ្ហានេះគឺទាក់ទងការផ្សព្វផ្សាយព័ត៌មាន​មិន​គ្រប់ជ្រុងជ្រោយប៉ុណ្ណោះ។ លោកបន្ថែមថា ការដោះលែងក្រសួងស្វាគមន៍លើវិធាន ខណៈ​លោកថា គ្រប់អ្នកសារព័ត៌មានគួរប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈមុននឹងចុះផ្សាយ។

លោកថ្លែងថា៖ «ក្រសួងបានតាមដានករណីនៅខេត្ដតាកែវដោយយកចិត្ដទុកដាក់ណាស់។ សម្រាប់​វិធានការអាជ្ញាធរក្រសួងស្នើសុំឱ្យអនុវត្ដច្បាប់របបសារព័ត៌មាន។ ការចុះយក​ព័ត៌មាន​ ផលិត និងផ្សព្វផ្សាយព័ត៌មាននេះធ្វើយ៉ាងណាព័ត៌មានគ្រប់ជ្រុងជ្រោយមាន​តុល្យភាព​​ព័ត៌មាន​ ព័ត៌មានពិតដល់ប្រជាពលរដ្ឋទាំងក្នុងប្រទេស ទាំងពិភពលោក»

មាត្រា១នៃច្បាប់ស្ដីពីរបបអ្នកសារព័ត៌មានចែងថា ច្បាប់នេះកំណត់របបសារព័ត៌មាន និង​ធានា​រ៉ាប់រងសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយ​ឱ្យបាន​សមស្របតាម​មាត្រា​៣១ និងមាត្រា៤១នៃរដ្ឋធម្មនុញ្ញ។ មាត្រា៤ ចែងថា ការបោះពុម្ពផ្សាយនូវព័ត៌មានផ្លូវការដូចជា សេចក្ដីថ្លែងការណ៍ ការប្រជុំកំណត់ហេតុប្រជុំ ឬរបាយការណ៍ណាមួយ។ល។ មិនអាចត្រូវ​ឱ្យ​ផ្ដន្ទាទោស​បានឡើយ ប្រសិនបើការផ្សាយនោះមានលក្ខណៈ​សមស្របតាមសភាព​ពេញ​លេញ ឬសេចក្ដីសង្ខេបត្រឹមត្រូវតាមរឿងពិត។

អ្នកស្រី ឆន សុគន្ធា នាយិកានៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានលើក​ឡើងថា ករណីជាច្រើនដែលអាជ្ញាធរមិនបានយកច្បាប់ស្ដីពីរបបសារព័ត៌មានមកអនុវត្ដ។ អ្នកស្រីបានបន្តថា ការច្បាប់មិនយកមកអនុវត្ដបញ្ហារបស់អ្នកកាសែត គឺនៅបន្ដរងគ្រោះតាម​ប្រព័ន្ធ​តុលាការគ្មានថ្ងៃបញ្ចប់។

អ្នកស្រីបន្ថែមថា៖ «នៅពេលពួកគាត់ហ៊ានក្នុងការរាយការណ៍បញ្ហាសង្គម ឬហ៊ាន​រាយការណ៍​​ព័ត៌មានពិតៗ ព័ត៌មានក្ដៅ គឺតែងតែទទួលរងនូវបញ្ហាផ្សេងៗដូចការឃាត់ខ្លួន ធ្វើការចោទ​ប្រកាន់​តាមនីតិវិធីតុលាការ។ ជាការរឹតត្បិតសេរីភាពសារព័ត៌មាននៅក្នុង​ប្រទេសកម្ពុជា»

របាយការណ៍របស់ក្រសួងព័ត៌មានបានបង្ហាញថា ក្នុងឆ្នាំ២០២៣កន្លងមក ក្រសួងបានទទួល​ដោះស្រាយវិវាទរបស់អង្គភាពសារព័ត៌មាន ចំនួន៤៣លើក និងបានផ្តល់ជំនួយប្រឹក្សា​ផ្នែក​ច្បាប់​​​ដល់អង្គភាពសារព័ត៌មានចំនួន៥០លើក។ ទន្ទឹមនេះ ក្រសួងព័ត៌មានក៏បាននិង​កំពុង​បន្ត​​​​ពង្រឹងកិច្ចសហការដែលមានស្រាប់ជាមួយក្រុមការងារមេធាវីរាជរដ្ឋាភិបាល ដើម្បីផ្តល់​ការ​ការពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ក្នុង​ក្រប​ខណ្ឌ​នៃការផ្តល់ការគាំពារ និងលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា។

ក្រសួង​ព័ត៌មាន​​ក៏​បាន​បង្ហាញ​របាយការណ៍​អំពី​ស្ថាន​ភាព​សេរី​ភាព​សារព័ត៌មាន​របស់​ខ្លួន​មួយ​ដែរ ដោយ​ថា​៧៩,៨​ភាគរយ​នៃ​អ្នក​សារព័ត៌មាន​៣៤១​នាក់​ដែល​បាន​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​បាន​ដាក់​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ថា «ល្អប្រសើរ»។ អ្នក​ទាំង​នោះ​បាន​អះអាង​ថា ​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​មាន​«សេរីភាព​ពេញលេញ» ដើម្បី​បំពេញ​ការងារ ខណៈ​៩៥​​ភាគរយ​បាន​យល់​ស្រប​ថា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សម្បូរ​បែប​នៅ​កម្ពុជា​បច្ចុប្បន្ន​បាន​រួម​ចំណែក​លើក​កម្ពស់សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញ​មតិ​។​​

យោងតាមសេចក្ដីប្រកាសព័ត៌មានចុះនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ សាលាដំបូង​ខេត្ដ​មណ្ឌលគិរី ​បានសម្រេចចោទប្រកាន់ និងឃុំខ្លួនជនត្រូវចោទចំនួន៦នាក់​ជាបណ្ដោះ​អាសន្ន ដើម្បីបន្ដ​ការស៊ើបសួរតាមនីតិវិធី។ ដោយឡែកជនត្រូវចោទជាស្ដ្រី២នាក់​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងបានដោះ​លែង​​​ឱ្យ​នៅ​ក្រៅឃុំ ដែលបានប្រព្រឹត្ដនៅភូមិចារ ឃុំស្រែព្រះ ស្រុកកែវសីម៉ា ខេត្ដមណ្ឌលគិរី៕

2,343 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម