លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្ដែងការសោកស្ដាយជាពន់ពេកចំពោះករណីបុកមនុស្សស្លាប់ជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ ហើយលោកបានណែនាំឱ្យអគ្គស្នងការនគរបាលជាតិរឹតបន្តឹងការពិនិត្យលើអ្នកបើកបរដែលមានសារធាតុគ្រឿងស្រវឹង។
ការណែនាំនេះធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃអង្គារនេះក្នុងសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តីថ្លែងថា៖ «ឥឡូវអារឿងស្រវឹងដូចច្រើនបុកអីនេះ ខ្ញុំសូមឯកឧត្ត ស ថេត ឱ្យពិនិត្យមើលពង្រឹងឡើងវិញនូវការត្រួតពិនិត្យជាតិអាល់កុលជាតិអីឡើងវិញ ព្រោះអាហ្នឹង សោកនាកម្មណាស់ឧទាហរណ៍ ដូចអារឿងអីថ្ងៃមុននេះ»។ ការលើកឡើងរបស់គាត់នេះសំដៅលើករណីគ្រោះថ្នាក់ចរាចរណ៍នៅចំនុចស្ពានឫស្សីកែវ ខណ្ឌឫស្សីកែវ ដែលបណ្ដាលឱ្យមនុស្សចំនួន៤នាក់បានស្លាប់ និង៤នាក់របួសធ្ងន់ធ្ងរដោយសារតែអ្នកបើកបររថយន្តដែលបង្កហេតុស្ថិតក្នុងស្ថានភាពស្រវឹង កាលពីថ្ងៃទី២០ ខែមករា។
ដោយសារការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង លោក បានអះអាងថា ពលរដ្ឋមួយចំនួនលែងមានការប្រុងប្រយ័ត្ន ហើយពលរដ្ឋខ្លះបើកបរពាសពេញផ្លូវម្នាក់ឯង ក្រោយត្រលប់មកពីចូលរួមពិធីអាពាហ៍ពិពាហ៍។
លោកបានបន្តថា ម្ចាស់ស្ថានីយទូរទស្សន៍ បានយល់ព្រមក្នុងបញ្ឈប់ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងលើកឆាកដែលមានមនុស្សមើលជាច្រើននាក់ ក្រោមរូបភាពឡើងគាស់និងផឹកស្រាជាដើម។
បន្ថែមពីលើនេះ លោកនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ និងស្នើឱ្យមានការផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងស្រវឹងបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «ជាការសង្វែកសមាជិកម្នាក់ដែលបាត់បង់ដោយសារបែបនេះគឺ ថ្ងៃមុនកីឡាករមួយទៅ។ […] [គ្រោះថ្នាក់ចរាចរណ៍] ៤នាក់ថ្ងៃមុន ដល់មើលទៅសុទ្ធតែអ្នកខំប្រឹងរៀន អ្នកខ្លះគ្រួសារក្រីក្រ អនាគតវែងឆ្ងាយ យើងសង្វែកណាស់ ហើយគ្រោះថ្នាក់ធំរបស់យើងឥឡូវគឺរឿងគ្រោះថ្នាក់ចរាចរណ៍ហ្នឹងឯង»។
លោកបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដាខេត្តមួយចំនួនក៏កើតឡើងច្រើនផងដែរ ជាពិសេសតាមដងផ្លូវល្បឿនលឿន និងផ្លូវជាតិលេខ៥។
ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានមនុស្សស្លាប់នេះនៅរសៀលថ្ងៃអង្គារ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់និងឃុំខ្លួនមន្រ្តីរាជការមួយរូបដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់មនុស្សជាច្រើននាក់ពីបទបើកបរដោយធ្វេសប្រហែលបណ្ដាលឱ្យរបួស និងស្លាប់អ្នកដទៃ តាមមាត្រា៨៣ និង៨៥នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
កាលពីថ្ងៃសៅរ៍ទី២០ ខែមករា នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយមន្រ្តីរាជការបើករថយន្ដ Ford Ranger ក្នុងស្ថានភាពស្រវឹងដោយបើកបរក្នុងល្បឿនលឿន ហើយបានបុករះលើប្រជាពលរដ្ឋដែលកំពុងឈប់ស្តុបនៅចំណុចស្ពានឫស្សីកែវ។ ហេតុការណ៍នេះបណ្ដាលឱ្យមនុស្សចំនួន៨នាក់បានស្លាប់ និងរបួស ក្នុងនោះមានស្រ្តីចំនួន៣នាក់ស្លាប់និង៣នាក់របួសធ្ងន់។
ជុំវិញករណីនេះ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍ថា នៅថ្ងៃអង្គារនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនបង្ក គឺ លោក នាង សំអូន ពីបទ«បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បបញ្ញត្តិស្ដីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឱ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាលកុល ០,៥៤ mg/l និងរបួសស្លាប់មនុស្សច្រើននាក់)»។
តាមបញ្ញត្តិមាត្រា៨៣ កថាខណ្ឌ២ ចំណុច ខ,គ និងមាត្រា៨៥ កថាខណ្ឌ២ ចំណុច ខ,គ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
យោងតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មាត្រា៨៣ បានឱ្យដឹងថា អំពើល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀល ទៅ១៥លានរៀល កាលបើអំពើនេះបានប្រព្រឹត្តក្នុងករណី៖ ចំណុច ខ- ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។ ចំណុច គ- បណ្ដាលឱ្យមានរបួសមនុស្សច្រើននាក់។
ចំណែកមាត្រា៨៥ បានបញ្ជាក់ថា បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀលទៅ២៥លានរៀល កាលបើអំពើនេះបានប្រព្រឹត្តក្នុងករណី ចំណុច ខ- ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។ ចំណុច គ- បណ្ដាលឱ្យមានស្លាប់មនុស្សច្រើននាក់។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សំ វិច្ឆិកា មានប្រសាសន៍ថា របាយការណ៍ចុងក្រោយនៃករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានបុករះលើប្រជាពលរដ្ឋក្បែរស្ពានឫស្សីកែវ នៅខណ្ឌឫស្សីកែវ មានមនុស្សចំនួនស្លាប់៤នាក់ និងរបួសធ្ងន់៣នាក់ របួសសា្រលម្នាក់។
លោកបន្តថា ក្នុងហេតុការណ៍នេះមានជនរងគ្រោះជាស្រ្តីចំនួន៣រូបបានបាត់បង់ជីវិត ខណៈ៣រូបទៀតរបួសធ្ងន់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
លោកបញ្ជាក់ថា៖ «ព័ត៌មានលម្អិតចុងក្រោយស្លាប់៤ និងរបួសធ្ងន់៣និងស្រាល១»។
លោកបន្ថែមថា កាលពីល្ងាចថ្ងៃចន្ទ សមត្ថកិច្ចបានបញ្ជូនលោក នាង សំអូន ដែលជាជនបង្កទៅតុលាការដើម្បីដោះស្រាយតាមច្បាប់។លោកបញ្ជាក់ថា ជនបង្ក ឈ្មោះ នាង សំអូន ជាមន្រ្តីគយបម្រើការងារនៅក្រសួងសេដ្ឋកិច្ច។
លោក ខឿម ហ៊ីង បងថ្លៃរបស់ជនរងគ្រោះមួយរូបដែលបានបាត់បង់អាយុជីវិត មានឈ្មោះ ង៉ែត ស្រីម៉ៅ ឱ្យដឹងថា កញ្ញា ស្រីម៉ៅ ជាមនុស្សឧស្សាហ៍ព្យាយាមក្នុងការរៀនសូត្រ និងកំពុងសិក្សាឆ្នាំទី៣ នៅមហាវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ ជំនាញស្ថាបត្យកម្ម។
លោកបានបន្តថា ស្រីម៉ៅ ជាកូនស្រីពៅក្នុងចំណោមបងប្អូនស្រីចំនួន២នាក់ ហើយនាងមានក្ដីសុបិន្តចង់ក្លាយជាស្ថាបត្យករមួយរូបនៅថ្ងៃអនាគត។
លោកមានការសោកស្ដាយចំពោះការបាត់បង់ប្អូនថ្លៃរូបនេះ និងអំពាវនាវឱ្យអាជ្ញាធរជួយផ្គត់ផ្គង់គ្រួសាររបស់នាងដែលកំពុងមានជីវភាពខ្វះខាត ដែលមានទីលំនៅ នៅភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
លោកបន្ថែមថា៖ «គាត់ជាមនុស្សល្អហើយស្លូតបូត ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីការសិក្សា គាត់ពុះពាររាល់ឧបសគ្គ»។
កាលពីយប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញបានបង្កដោយបុគ្គលឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បើករថយន្តម៉ាក Jeep ពណ៌ខ្មៅ បុកបុរសជិះម៉ូតូម្នាក់ ឈ្មោះ សៀង គឹមហុង ជាម្ចាស់មេដាយមាសវាយសីគូបុរស បានស្លាប់ នៅលើផ្លូវ ៥៦៦ កែង៣១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ជនបង្កខាងលើត្រូវបានគេស្គាល់ថាជាកូនប្រុសលោកមេធាវី ព្រហ្ម វិចិត្រសុភា។
បន្ទាប់ពីលោក វិចិត្រសុសក្ដា ត្រូវបានតុលាការឃុំខ្លួន ម្ដាយរបស់លោក គឺអ្នកស្រី សុខ លីណា បានដាក់ពាក្យប្ដឹងប្រឆាំងនឹងគ្រួសារជនរងគ្រោះចំនួន៤នាក់ ដោយចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ បរិហារកេរ្តិ៍តាមសារព័ត៌មាន និងជេរប្រមាថជាសាធារណៈ។
អ្នកទាំង៤នាក់ ត្រូវបានលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង កោះហៅឱ្យចូលបំភ្លឺ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅសាលាដំបូងរាជធានីភ្នំពេញ។
ជុំវិញការដាក់ពាក្យបណ្ដឹងពីម្ដាយជនបង្កនេះ អ្នកស្រី គ្រុយ ឈិញលាំង ជាភរិយារបស់លោក គឹមហុង បានសរសេរ រៀបរាប់លើហ្វេសបុករបស់ខ្លួនមានឈ្មោះ Juppy ដោយសម្ដែងការហួសចិត្ត និងគ្មានពាក្យអ្វីត្រូវថ្លែង។ អ្នកស្រី បន្តថា អ្នកដែលរងពាក្យបណ្ដឹងមាន ប្រពន្ធជនរងគ្រោះ អ៊ំ និងប្អូនជនរងគ្រោះ២នាក់។
ទីប្រឹក្សាឯករាជ្យផ្នែកសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ ជំរុញឱ្យរដ្ឋាភិបាលបង្កើនការអប់រំ និងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាពដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍។
លោកបានបន្តស្នើឱ្យរដ្ឋាភិបាលដាក់កាមេរ៉ាចាប់ល្បឿនតាមដងផ្លូវនៅទូទាំងប្រទេសដើម្បីធានាពីសុវត្ថិភាពអ្នកធ្វើដំណើរនិងអ្នករស់នៅតាមដងផ្លូវ និងទាមទារឱ្យបញ្ឈប់ការផ្សព្វផ្សាយពីផលិតផលគ្រឿងស្រវឹងពាសពេញទីផងដែរ។
ស្របពេលជាមួយគ្នានេះ លោក រតនៈ បានអំពាវនាវឱ្យរដ្ឋាភិបាលអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងឱ្យបានឆាប់រហ័ស ហើយលោកអះអាងថា ឥទ្ធិពលនៃគ្រឿងស្រវឹងបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ រួមទាំងប៉ះពាល់ដល់សុខភាពសាធារណៈ។
លោកបន្ថែមថា៖ «សម្រាប់ខ្ញុំសំណូមពរឱ្យរាជរដ្ឋាភិបាលលោកពន្លឿនឱ្យមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ហើយកុំឱ្យមានការផ្សព្វផ្សាយគ្រឿងស្រវឹងវាទូលំទូលាយខ្លាំងពេក ដល់ថ្នាក់ថា ក្មេងអត់គ្រប់អាយុ ក៏គាត់អាចទិញគ្រឿងស្រវឹង គាត់អាចប្រើប្រាស់គ្រឿងស្រវឹងបាន ជារឿងដែលយើងសោកស្ដាយមែនទែន។ យើងគិតថាប្រទេសយើងមិនគួរមានស្ថានភាពបែបនេះទេ»។
នៅឯទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំដល់មន្រ្តីពាក់ព័ន្ធបង្កើនការរឹតបន្តឹងនិងការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យមានតម្លាភាព និងប្រសិទ្ធភាពដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់និងបទល្មើសចរាចរណ៍។
ជាគ្នានេះ លោករដ្ឋមន្រ្តី ក៏បានប្រាប់ឱ្យយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពមន្រ្តីបន្ថែមទៀត និងដាក់វិន័យលើមន្រ្តីអសកម្ម ឬប្រព្រឹត្តអំពើខុសក្រមសីលធម៌វិជ្ជាជីវៈ។
ករណីបុកមនុស្សស្លាប់នេះ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មានរថយន្ត Hammer មួយគ្រឿងបានបើកបុកមនុស្សស្លាប់២នាក់ភ្លាមៗនៅកន្លែកើតហេតុ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយម្តាយមានអាយុ២០ឆ្នាំ និងកូនអាយុ២ឆ្នាំ ខណៈប្តីរងរបួសធ្ងន់ ហើយម្ចាស់រថយន្តបានបើករត់គេច។ លុះក្រោយមកម្ចាស់រថយន្តបានចូលខ្លួនសារភាពនៅចំពោះមុខសមត្ថកិច្ច។
បើតាមរបាយការណ៍ពីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សំ វិច្ឆិកា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន៩៥៧លើក បណ្ដាលឱ្យមានអ្នកស្លាប់ចំនួន២៩៦នាក់ និងរបួសធ្ងន់៩៣៦នាក់ និងស្រាល២៨៦នាក់។
ជនរងគ្រោះបាត់បង់ជីវិតបានកើនឡើងចំនួន៣៥នាក់ ឬស្មើនឹង១៣ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២២ ដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ត្រឹម៩០៣លើក។
លោក វិច្ឆិកា បានគូសបញ្ជាក់ថា កត្តាបង្កឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅរាជធានីភ្នំពេញ បណ្ដាលមកពីការបើកបរក្នុងល្បឿលឿន ការមិនគោរពសិទ្ធិអាទិភាព ការបើកបរមិនប្រកាន់ស្ដាំ និងការបើកបរក្នុងស្ថានភាពស្រវឹង។
បន្ថែមពីលើរបាយការណ៍នៅរាជធានីភ្នំពេញ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាចំនួន ៣២៤០លើក ក្នុងនោះមានមនុស្សស្លាប់ចំនួន១៥៣៤នាក់ ខណៈអ្នករងរបួសមានចំនួន៤៣៧១នាក់៕