សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មការិនីម្នាក់ស្លាប់ ខណៈកម្មករ១១នាក់ទៀតរងរបួសដោយសារអគ្គិភ័យឆេះរោងចក្រនៅខេត្តកណ្ដាល

សមត្ថកិច្ចកំពុងព្យាយាមពន្លត់អគ្គិភ័យដែលឆាបឆេះនៅឃ្លាំងផ្ទុកសារធាតុគីមីរបស់រោងចក្រយីដា នៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ (រូបភាព៖ រដ្ឋបាលស្រុកកៀនស្វាយ)
សមត្ថកិច្ចកំពុងព្យាយាមពន្លត់អគ្គិភ័យដែលឆាបឆេះនៅឃ្លាំងផ្ទុកសារធាតុគីមីរបស់រោងចក្រយីដា នៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ (រូបភាព៖ រដ្ឋបាលស្រុកកៀនស្វាយ)

យ៉ាងហោចណាស់កម្មការិនីមួយរូបបានស្លាប់ និងកម្មករចំនួន១១នាក់ទៀតរងរបួសស្រាល​ដោយ​សារតែ​អគ្គិភ័យ​ឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់មាន​ឈ្មោះ​ថា​«យីដា»​នៅ​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ខែមករានេះ ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ​ ខេត្តកណ្ដាល​។

មន្រ្តីរដ្ឋាភិបាលបានលើកឡើងថា រោងចក្រកាត់ដេរសម្លៀកបំពាក់ បោកគក់ ប៉ាក់ និង​បោះ​ពុម្ភ រងការលេបត្របាក់ដោយអគ្គិភ័យនេះ​មាន​ស្តង់ដារ​​សុវត្ថិភាពខ្ពស់ ប៉ុន្តែសហជីព​ការពារ​សិទ្ធិកម្មករបានអះអាងថា អាជ្ញាធរមិនបានចុះ​ត្រួតពិនិត្យដិតដល់លើសុវត្ថិភាព និង​សុខភាព​របស់កម្មករបម្រើការងារនៅរោងចក្រនេះនោះ​ទេ។

ប្រធានមន្ទីរការងារខេត្តកណ្ដាល លោក ធុល នាង មានប្រសាសន៍ថា ជាបឋមក្នុងករណី​អគ្គិភ័យ​នេះ មានកម្មការិនីម្នាក់​បាត់បង់ជីវិតនិងកម្មករចំនួន១១នាក់​បានរងរបួសស្រាល​ដោយមានអាការៈថប់ដង្ហើមហើយត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាពកៀនស្វាយ និង​មណ្ឌលសុខភាពឈើទាលដែលនៅក្បែរនោះ។

លោកថ្លែងថា៖ «ជនរងគ្រោះមានម្នាក់ដែលស្លាប់ មានអ្នកថប់ដង្ហើម អត់មានអ្នករបួសបាក់ដៃ​បាក់​ជើង​ជាន់គ្នាអីអត់មានទេ»។

លោកបន្តថា តាមការសន្និដ្ឋាន អគ្គិភ័យនេះបានកើតឡើងដោយសារទុស្សេខ្សែភ្លើង ក្នុងឃ្លាំងផ្ទុកសារធាតុគីមីរបស់រោងចក្រ ហើយឆេះទាំងសារធាតុគីមីដែលមាននៅក្នុងនោះ ទើបបណ្ដាលឱ្យកម្មការនីម្នាក់របួសធ្ងន់ រួចបានស្លាប់អំឡុងពេលព្យាបាលនៅមន្ទីរពេទ្យ។ បើតាមកម្មករ បានឱ្យដឹងថា ឃ្លាំងផ្ទុកសារធាតុគីមីដែលរងការឆាបឆេះនោះ គឺស្តុកថ្នាំគីមី​សម្រាប់​បោកគក់ខោខៅប៊យដើម្បីឱ្យចេញពណ៌។

រថយន្តពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើងដែលឆេះនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ យីដា មានទីតាំង នៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃ​ទី១៨ ខែមករា ឆ្នាំ២០២៣។ (រូបភាព៖ រដ្ឋបាលស្រុកកៀនស្វាយ)

បើតាមប្រធានមន្ទីររូបនេះ ឱ្យដឹងថា រោងចក្រនេះ មានកម្មករសរុប​ ៤ ៥២២នាក់ ហើយ​អគ្គិភ័យ​បានឆាបឆេះនៅវេលាម៉ោង៦:៤០នាទីព្រឹក និងរលត់ទៅវិញ​នៅម៉ោង ៩:២០នាទី ក្នុងថ្ងៃដដែល ដោយប្រើរថយន្តពន្លត់អគ្គិភ័យអស់ចំនួន១៩ឡានទឹក។

លោកបានបញ្ជាក់ថា រោងចក្រយីដានេះជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ព្រមទាំង​បោកគក់ខោខៅប៊យដោយខ្លួនឯង ហើយនាំចេញទៅកាន់ទីផ្សារអ៊ឺរ៉ុបនិងអាមេរិក។

លោកបន្តទៀតថា បច្ចុប្បន្ននេះ មន្ទីរការងារខេត្ត និងបសស កំពុងស្រាវជ្រាវរកអ្នករស់នៅ​ក្នុង​បន្ទុករបស់ជនរងគ្រោះដែលបានបាត់បង់ជីវិតដើម្បីផ្ដល់ជូនការធានារ៉ាប់រងផ្សេងៗ ខណៈ បសស បានប្រគល់ប្រាក់ចំនួន១០លានរៀលទៅកាន់គ្រួសារសពសម្រាប់ធ្វើពិធីបូជា។

បន្ថែមពីលើនេះ លោកអះអាងថា នៅព្រឹកស្អែក ក្រុមការងារ បសស និងមន្ទីរការងារខេត្តនឹង​ចុះ​ជួបកម្មករបម្រើការងារនៅរោងចក្រខាងលើដើម្បីណែនាំអំពីអត្ថប្រយោជន៍ផ្សេងៗ​ដែល​កម្មករ​ត្រូវទទួលបានអំឡុងពេលមានការឈប់សម្រាក បន្ទាប់ពីរោងចក្ររងនូវការ​ឆាបឆេះ។

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ ឬC-CAWDU) លោក គង់ អាទិត្យ មានប្រសាសន៍ថា រោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាក Levi និង Old Navy ដែលជួបប្រទះអគ្គិភ័យខាងលើនេះ មិនមានមន្រ្តី​ពាក់ព័ន្ធ និងអ្នកជំនាញចុះអធិការកិច្ចជាប់លាប់ដើម្បីពិនិត្យមើលសុវត្ថិភាព និងសុខភាពរបស់​កម្មករនិយោជិតនោះទេ។​ លោក បានចាត់ទុក ភ្លើងឆាបឆេះដែលបានកើតឡើង​នៅរោងចក្រ​យីដា​នេះ ដោយសារខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរចំពោះសុវត្ថិភាពកម្មករ។  

លោកថ្លែងថា៖«រឿងខ្លះវាគ្រប់គ្រងបាន ប៉ុន្តែយើងប្រហែស ទាំងក្រសួងពាក់ព័ន្ធ​ក៏មិនមាន​ការ​ធ្វើអធិការកិច្ចតឹងរឹងរឿងហ្នឹង។ យើងអត់មានគណៈកម្មការដែលមានជំនាញច្បាស់លាស់​ដែលជាគណៈកម្មការដែលមានសហជីពចូលរួមហើយ និងនិយោជកដែលជាប្រចាំយើងឆែក​(ត្រួតពិនិត្យ)រឿងហ្នឹងប្រចាំខែ ប្រចាំថ្ងៃ។ […] តែយើងរៀបចំ(ការចុះអធិការកិច្ច)​អត់មានការ​ឆន្ទៈខ្ពស់ទេ អានឹងហើយប្រហែស។ […] វា(រោងចក្រ យីដា ) ខ្វះអាហ្នឹង(ចុះអធិការកិច្ចដិត​ដល់)​ហ្មង អត់មាននិយាយ(រោងចក្រ)ទូទៅទេ»

សមត្ថកិច្ចកំពុងអូសទុយោទឹកដើម្បីបាញ់ពន្លត់អគ្គិភ័យដែលឆាបឆេះនៅឃ្លាំង​ផ្ទុកសារធាតុគីមីរបស់រោងចក្រយីដា នៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ (រូបភាព៖ រដ្ឋបាលស្រុកកៀនស្វាយ)

ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងមរណៈភាពរបស់កម្មការនីនៅរោងចក្រយីដា សមាគម​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បានចេញសេចក្ដី​ថ្លែងការណ៍ដោយសម្ដែងការសោកស្ដាយចំពោះអគ្គិភ័យដែលបានកើតឡើងនេះ ព្រមទាំង​ចូល​រួម​រំលែកទុក្ខដល់គ្រួសាររបស់ជនរងគ្រោះផងដែរ។ ទន្ទឹមនេះ សមាគមក៏បានក្រើនរំលឹក​ដល់បណ្ដារោងចក្រផ្សេងទៀត ឱ្យរឹតបន្តឹងផ្នែកសុវត្ថិភាពបន្ថែមទៀត ដើម្បីបញ្ចៀស​ឧបទ្ទវហេតុ​ណាមួយដែលកើតឡើងនាពេលខាងមុខ។

កម្មករបម្រើការងារនៅរោងចក្រយីដាមួយរូប លោក សូត ធី វ័យ៤៣ឆ្នាំ និយាយថា មាន​កម្មករម្នាក់ទៀតបានរងរបួសសមល្មមដោយ​សារ​ព្យាយាមជួយសង្រ្គោះប្រធានរបស់ខ្លួនដែលបានបាត់បង់ជីវិតនោះ។

លោកបន្ថែមថា កម្មការិនីដែលស្លាប់មានអាយុ២៥ឆ្នាំ ហើយលោកបន្តថា កម្មករចំនួន​១១​នាក់​ដែលមានអាការៈថប់ដង្ហើមនោះ ដោយ​សារ​តែបានចូលទៅពន្លត់អគ្គិភ័យ។

លោកអះអាងថា ឃ្លាំងផ្ទុកសារធាតុគីមីនេះ មានកម្មករបម្រើការងារជាង៥០០នាក់ ខណៈ​រោងចក្របានរងការខូចខាតដោយសារអគ្គិភ័យ​តែឃ្លាំងផ្ទុកគីមីមួយនេះប៉ុណ្ណោះ។

លោកឱ្យដឹងថា៖ «ផ្ទុះចេញពីឃ្លាំងគីមីហ្មង អត់ដឹងមូលហេតុអ្វីទេ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ​នៃអគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ បានបង្ហាញថា ​​កាលពី​​ឆ្នាំ​២​០​២៣ ​​មាន​​គ្រោះអគ្គិភ័យ​កើតឡើងសរុបចំនួន​៧​៦​១​លើក​។ ក្នុងនោះបណ្តាល​ឱ្យជនរងគ្រោះ​​ចំនួន​៥៤នាក់បានស្លាប់បាត់បង់ជីវិត និង​៩៧នាក់​ផ្សេងទៀតរងរបួស ហើយផ្ទះ​៥​៧​៩ខ្នង និងតូប​ចំនួន​៥៧​ ​ត្រូវ​បាន​បំផ្លាញ​ដោយ​សារអគ្គិភ័យ។

សមត្ថកិច្ច អះអាងថា​ កម្ពុជាអាចប្រឈមនឹងអគ្គិភ័យកាន់តែច្រើន ដោយសារ​អាគារ​ខ្ពស់ៗ​កើន​ឡើង ប៉ុន្តែអ្នកជំនាញ និងសម្ភារៈ​ជួយ​សង្រ្គោះនៅមានការខ្វះខាតនៅឡើយ៕

2,062 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម