ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ទៀត មកពីខេត្តក្រចេះត្រូវបានបញ្ជាក់ថាវិជ្ជមានវីរុសផ្ដាសាយបក្សី ។ ក្មេងប្រុសម្នាក់នេះជាបងរបស់ រឿន វីរុន អាយុ៩ឆ្នាំ ដែលបានស្លាប់ដោយជំងឺផ្ដាសាយបក្សីកាលពីថ្ងៃទី៨ ខែកុម្ភៈ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺផ្ដាសាយបក្សីឡើងដល់បួនករណីហើយក្នុងឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
កាលពីថ្ងៃអាទិត្យ មន្ទីរពិសោធន៍របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ បានបង្ហាញលទ្ធផលថាក្មេងប្រុសឈ្មោះ រឿន វីរៈ វិជ្ជមានជំងឺផ្ដាសាយបក្សី ប៉ុន្តែមិនមានចេញរោគសញ្ញានៅឡើយទេ និងមិនទាន់មានបញ្ហាផ្លូវដង្ហើមផងដែរ។
បើតាមក្រសួងសុខាភិបាល មាន់ចំនួនប្រាំក្បាល និងទាបីក្បាលបានងាប់នៅផ្ទះរបស់ក្មេងប្រុសរូបនេះ។ មាន់ទាទាំងនេះត្រូវបានក្រុមគ្រួសារយកទៅធ្វើជាម្ហូបអាហារសម្រាប់បរិភោគ។
លោក ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ប្រាប់ខេមបូចាថាមន្ត្រីរបស់ខ្លួន និង មន្ត្រីមន្ទីរកសិកម្មខេត្តបានចុះអប់រំប្រជាពលរដ្ឋ រួមទាំងសិស្សនៅក្នុងសង្កាត់អូឫស្សី អំពីវីរុស និងរបៀបការពារខ្លួន។ ក្រៅពីនេះ មន្ត្រីសុខាភិបាលក៏បានធ្វើតេស្តលើអ្នកដែលបានពាក់ព័ន្ធជាមួយនឹងក្មេងប្រុសឈ្មោះ វីរុន ផងដែរ។
លោកមានប្រសាសន៍ថា៖ «យើងបានបែងចែកការងារជាមួយមន្ទីរកសិកម្មដើម្បីប្រមូល និងដុតបំផ្លាញសត្វដែលងាប់ទាំងនោះ។ ក្រុមគ្រូពេទ្យបានចុះទៅជួបប្រជាពលរដ្ឋ និងប្រមូលសំណាកពីអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺ»។
សំណាកបានយកចេញពីសមាជិកគ្រួសារទាំង១៥នាក់របស់ វីរុន កាលពីថ្ងៃទី១០ ហើយនៅថ្ងៃទី១១ ខែកុម្ភៈ វីរៈដែលជាបងរបស់វីរុនត្រូវបានរកឃើញថាឆ្លងជំងឺផ្ដាសាយបក្សីនេះ ។ ពេលនេះ វីរៈ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តក្រចេះ។
លោកបន្តថាខាងមន្ទីរនៅបន្តតាមរកអ្នកផ្សេងទៀត ដែលអាចពាក់ព័ន្ធជាមួយអ្នកជំងឺ។
បើតាមក្រសួងសុខាភិបាល នេះជាករណីទីបួនហើយនៃជំងឺផ្ដាសាយបក្សីក្នុងឆ្នាំ២០២៤។ ករណីដំបូងក្រសួងរកឃើញលើក្មេងប្រុសអាយុ៣ឆ្នាំ នៅខេត្តព្រៃវែង ក្រោយមករកឃើញលើបុរសវ័យ៦៩ឆ្នាំ និងវីរុនក្នុងខេត្តក្រចេះ ខណៈដែលវីរៈកំពុងទទួលការព្យាបាល។
គិតពីឆ្នាំ២០២៣ មកក្រសួងបានឲ្យដឹងថាមានអ្នកស្លាប់ដោយសារជំងឺផ្ដាសាយបក្សីចំនួន៣នាក់ មានម្នាក់ជាក្មេងស្រីអាយុ១១ឆ្នាំ ក្នុងខេត្តកណ្ដាល និងក្មេងស្រីអាយុ២ឆ្នាំ ក្នុងខេត្តព្រៃវែង ជាមួយបុរសម្នាក់ទៀតវ័យ៥០ឆ្នាំ។
ក្រសួងសុខាភិបាល ក្រសួងកសិកម្ម និងក្រសួងបរិស្ថានបានរួមគ្នាស្វែងរកប្រភពនៃការកម្លង នេះក៏ដូចជាករណីសង្ស័យផ្សេងទៀត។
ក្រសួងសុខាភិបាលរំឭកដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺផ្ដាសាយបក្សី ព្រោះថាជំងឺនេះគំរាមកំហែងដល់សុខភាព។ សម្រាប់អ្នកដែលមានចេញរោគសញ្ញាដូចជាក្ដៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងបានពាក់ព័ន្ធនឹងកន្លែងមាន់ទាងាប់រយៈពេល១៤ថ្ងៃកន្លងមក គួរស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ។
វីរុស H5N1 ឬវីរុសបង្កជំងឺផ្ដាសាយបក្សី ជាទូទៅឆ្លងលើសត្វបក្សី និងពេលខ្លះក៏អាចឆ្លងពីបក្សីមកមនុស្សដែរ ដូចនេះហើយបានជារដ្ឋាភិបាលជំរុញសារអប់រំទាក់ទងនឹងការលាងសម្អាតដៃមុនពិសាអាហារ និងមិនត្រូវបរិភោគសត្វបក្សីដែលងាប់ដោយសារជំងឺ។
ក្រសួងកសិកម្មបានសង្កេតឃើញថាការប្រែប្រួលអាកាសធាតុលឿនពីត្រជាក់ទៅក្ដៅលាយឡំគ្នាបែបនេះ បានធ្វើឲ្យប្រព័ន្ធការពាររាងកាយសត្វចុះខ្សោយដែលងាយនឹងធ្វើឲ្យសត្វទាំងនោះឆ្លងជំងឺ ជាលទ្ធផលអាចរាលដាលជំងឺឆ្លងបានលឿនទៀតផង។
ដូចនេះ ដើម្បីបង្ការវីរុសឆ្លងពីសត្វទៅសត្វ ពិសេសពីសត្វមកមនុស្ស អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មបានធ្វើការណែនាំជាច្រើនចំណុច។
ចំណុចទាំងនោះរួមមានការតាមដានការដឹកជញ្ជូនសត្វ និងសាច់សត្វ ដូចជាមាន់ និងជ្រូកដោយត្រូវឆ្លងកាត់ស្ដង់ដាបច្ចេកទេសត្រឹមត្រូវ បាញ់ថ្នាំសម្លាប់មេរោគនៅតាមកន្លែងនិងមធ្យោបាយដឹកជញ្ជូនសត្វ បង្កើនការអប់រំ និងស្រាវជ្រាវ និងទប់ស្កាត់ការនាំចូល និងនាំចេញផលិតផលសាច់សត្វ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយនោះទេ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Brother of Deceased Bird Flu Victim Tests Positive, Fourth Case in 2024, Prompting Extra Caution