ស្រុកកូនមុំ ខេត្តរតនគិរី – ពពកខ្មួលខ្មាញ់នៃខ្យល់ព្យុះកាលពីខែកក្កដា អណ្តែតវិលវល់ពេញផ្ទៃមេឃ ខណៈដែលអ្នកស្រី ចាន់ យ៉េន យំសម្រក់ទឹកភ្នែក ដែលអង្គុយជុំជិតដោយក្រុមគ្រួសារ និងអ្នកជិតខាងដែលម្នាក់ៗសុទ្ធតែឈរធ្មឹងក្នុងទឹកមុខស្រងូតស្រងាត់ និងធ្វើមុខភ្លឹះៗនៅក្នុងភូមិស្រែអង្គ្រងរបស់ពួកគេ។
ដោយស្រក់ទឹកភ្នែកសស្រាក់ អ្នកស្រី យ៉េន បានរៀបរាប់ពីការចាប់ខ្លួនប្តីរបស់អ្នកស្រី បន្ទាប់ពីមានការស្លាប់កូនប្រុសអាយុ២៤ឆ្នាំរបស់ពួកគេ និងបុរសពី៨ទៅ១២នាក់ផ្សេងទៀតកាលពីខែមិថុនា ដោយមានការសង្សយ័យថា ពួកគេស្លាប់ដោយសារផឹកស្រាសមានជាតិពុល។ អ្នកស្រី យ៉េន និងប្តី ស្ថិតក្នុងចំណោមមនុស្សប្រាំមួយនាក់ដែលត្រូវជាប់ឃុំពីបទទិញ និងលក់ស្រាស ដែលអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (CCF) បានអះអាងថាមានបរិមាណមេតាណុលដែលបណ្តាលឲ្យស្លាប់។
របាយការណ៍ផ្លូវការដែលចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ដោយមន្ទីរសុខាភិបាលខេត្តរតនគិរី ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលបង្ការនិងទប់ស្កាត់ជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) បានរកឃើញថា បុរស៨នាក់បានស្លាប់ ពោលគឺ៤នាក់ស្លាប់ដោយសារពុលស្រាស ចំណែកឯ៤នាក់ផ្សេងទៀតស្លាប់ដោយគ្មានបញ្ជាក់មូលហេតុទេ។ មនុស្សទីប្រាំបួនបានធ្លាក់ខ្លួនឈឺ ប៉ុន្តែបានរស់រានមានជីវិត។
ផ្នែកនៃរបាយការណ៍សង្ខេបរបស់មន្ទីរសុខាភិបាលខេត្តរតនគិរី អំពីការស្លាប់មនុស្សទាំង៨ នាក់ មានជាប់ពាក់ព័ន្ធនឹងចម្ការចេកនៅខេត្តរតនគិរី ចុះថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣។
ទោះបីជាការស្លាប់ត្រឹមតែពាក់កណ្តាលត្រូវបានសន្មតថាមកពីពុលស្រាស ហើយការស៊ើបអង្កេតកំពុងបន្តក៏ដោយ ក៏អ្នកផ្គត់ផ្គង់ និងអ្នកចែកចាយស្រាសចំនួនប្រាំមួយនាក់ រួមទាំងប្តី របស់អ្នកស្រី យ៉េន ដែរ ត្រូវបាននគរបាលចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា និងអាចមានទោសជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ។
ជនរងគ្រោះភាគច្រើនជាជនចំណាកស្រុកមកពីខេត្តផ្សេងៗ ដែលមកធ្វើការនៅចម្ការចេក ថាកូ អាហ្គ្រី នៅលើផ្ទៃដី ២៥ ០០០ហិកតា ដែលគ្រប់គ្រងដោយក្រុមហ៊ុនវៀតណាម ថាកូគ្រុប។ របាយការណ៍ផ្លូវការបានអះអាងថា ជនរងគ្រោះប្រាំបីនាក់ក្នុងចំណោមជនរងគ្រោះទាំងប្រាំបួននាក់ គឺជាកម្មករចម្ការចេក ហើយមាន៧នាក់រស់នៅក្នុងចម្ការ ប៉ុន្តែការស៊ើបអង្កេតទៅលើចម្ការចេកត្រូវបានកាត់បន្ថយយ៉ាងឆាប់រហ័សទៅវិញ។ របាយការណ៍បញ្ជាក់ថា អ្នកស្លាប់ទាំង៨នាក់សុទ្ធតែជាបុរសមានអាយុចន្លោះពី២០ទៅ៦០ឆ្នាំ។
សំណួរដែលមិនទាន់មានចម្លើយ គឺនៅតែបន្តកើតមានសម្រាប់សមាជិកសហគមន៍ ដែលពួកគេនៅតែព្រួយបារម្ភអំពីផលប៉ះពាល់នៃចម្ការចេកមកលើសុខភាពរបស់ពួកគេ និងភ័យខ្លាចចំពោះការមិនមានដំណើរការស៊ើបអង្កេតត្រឹមត្រូវ និងមានសេចក្តីថ្លែងការណ៍ផ្លូវការដែលមិនស៊ីសង្វាក់គ្នា គឺមានន័យថាអ្នកលក់ស្រាសក្លាយជាអ្នកទទួលរងថ្មបាក់ពីសំណាក់អាជ្ញាធរទៅវិញ។
អ្នកស្រី យ៉េន បាននិយាយដោយអង្វរថា៖ «កូនខ្ញុំបានស្លាប់បាត់ទៅហើយ ហើយពេលនេះ ប្ដីខ្ញុំក៏កំពុងជាប់គុកដែរ។ ខ្ញុំត្រូវការយុត្តិធម៌។ ខ្ញុំមានបន្ទុកធ្ងន់ធ្ងរណាស់ក្នុងគ្រួសារខ្ញុំពេលនេះ។ សូមដោះលែងប្ដីខ្ញុំទៅ។ គាត់មិនបានធ្វើអ្វីខុសទេ»។
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បាននិយាយថា សូម្បីតែបន្ទាប់ពីការស៊ើបអង្កេតក៏ដោយ ក៏សមត្ថកិច្ចមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការស្លាប់ទាំងអស់នោះ និងមានមនុស្សប៉ុន្នាននាក់ស្លាប់នោះដែរ។ ប៉ុន្តែលោកបានច្រានចោលការព្រួយបារម្ភថា បរិយាកាសនៅចម្ការដាំចេកនាំឲ្យមានមនុស្សស្លាប់។
លោក សំអឿន បានថ្លែងកាលពីថ្ងៃទី១៩ ខែកក្កដាថា៖ «មានការភ័ន្តច្រឡំអំពីចំនួនជនរងគ្រោះ អ្នកជំនាញ និងក្រុមការងាររបស់យើងបានរកឃើញថា មានមនុស្សតែ៤នាក់ប៉ុណ្ណោះបានស្លាប់ដោយសារពុលស្រាស ចំណែកជនរងគ្រោះផ្សេងទៀតមិនពាក់ព័ន្ធនឹងពុលស្រាសទេ។ ចំណែកអ្នកផ្សេងទៀតស្លាប់ដោយសារចាស់ជរា ឬមានជំងឺ ប៉ុន្តែមិនពាក់ព័ន្ធនឹងសារធាតុគីមី [ថ្នាំបាញ់សត្វល្អិត ថ្នាំស្មៅ ឬជី]ទេ»។
ខណៈដែលរបាយការណ៍ផ្លូវការបង្ហាញពីការតម្រូវឲ្យមានការស៊ើបអង្កេតបន្ថែមទៅលើការស្លាប់ដែលមិនទាន់ដោះស្រាយរួចនោះ លោក អ៊ឹង រតនា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានប្រាប់ ខេមបូចា នៅថ្ងៃទី១៦ ខែសីហា ថា ការស៊ើបអង្កេតបានបិទទៅហើយ ឯមនុស្ស ៤ នាក់ផ្សេងទៀតបានស្លាប់ដោយសារជំងឺផ្សេងៗ និងមានអាយុចាស់។
ការស្លាប់នៅចម្កាចេកដោយអាថ៌កំបាំង
លាក់ខ្លួននៅពីក្រោយវាលដ៏ធំល្វឹងល្វើយពោរពេញដោយដើមចេកដាំជាជួរៗ បរិវេណកន្លែងស្នាក់នៅទីពីរ ដែលជាកន្លែងកម្មករដែលបានស្លាប់ធ្លាប់រស់នៅ គឺមានឃ្លាំងពណ៌ខៀវចំនួន៣៦កន្លែង ដែលព័ទ្ធជុំវិញដោយជញ្ជាំងសង្ក័សីបណ្តោះអាសន្ន ដើម្បីរៀបចំខណ្ឌជាបន្ទប់ស្នាក់នៅសម្រាប់គ្រួសារកម្មករទាំងមូល។ សាលអគារនៅក្នុងអគារនីមួយៗមានធុងទឹកតម្រៀបគ្នា និងផ្ទះបាយរួមបណ្តោះអាសន្ន។ ពលករចំណាកស្រុកជាច្រើនរស់នៅទីនោះជាមួយក្រុមគ្រួសាររបស់ពួកគេ ហើយថែមទាំងមានផ្នែកមួយនៃឃ្លាំងដែលគេប្រើជាថ្នាក់រៀនដែរ។
កម្មករនៅទីនេះបាននិយាយថា នៅពេលដែល ខេមបូចា មកដល់ទីនេះនៅពាក់កណ្តាលខែកក្កដា គឺប៉ុន្មានសប្តាហ៍បន្ទាប់ពីមានការស្លាប់នោះ បន្ទប់ស្នាក់នៅរបស់កម្មករដែលបានស្លាប់ត្រូវគេរៀបចំឱ្យពលករចំណាកស្រុកថ្មីរួចហើយ ឯក្រុមគ្រួសារជនរងគ្រោះក៏បានចាកចេញពីនេះរួចហើយដែរ។
សេចក្តីថ្លែងការណ៍ និងរបាយការណ៍របស់ក្រុមមន្ត្រីមានភាពខុសគ្នាជាច្រើន រួមទាំងចំនួនមនុស្សពិតប្រាកដដែលបានស្លាប់ និងមូលហេតុដែលពួកគេស្លាប់។
បើទោះជាមានការលើកឡើងថា ការពុលនេះមានពាក់ព័ន្ធនឹងថ្នាំសម្លាប់សត្វល្អិតនៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈដំបូងរបស់លោកក៏ដោយ ក៏លោករតនាបានប្រាប់ខេមបូចា កាលពីថ្ងៃទី១៩ ខែកក្កដាថា អាជ្ញាធរបានបញ្ឈប់ការពិនិត្យមើលការអនុវត្តមិនមានសុវត្ថិភាពរបស់ចម្ការចេក ថាជាមូលហេតុនៃការស្លាប់នោះដែរ។
លោក រតនា បាននិយាយថា មានមនុស្ស៩នាក់បានពុល ប៉ុន្តែមានតែ៤នាក់ប៉ុណ្ណោះបានស្លាប់ និង៥នាក់បានជាសះស្បើយ។ លោកអភិបាលខេត្តរតនគិរីដំបូងនិយាយថា មានអ្នកស្លាប់សរុប១០នាក់។
ប៉ុន្តែសមាជិកសហគមន៍ជាង១០នាក់ និងកម្មករចម្ការចេកចំនួន៣នាក់បានអះអាងថា មានមនុស្ស១២នាក់ពិតជាបានស្លាប់បាត់បង់ជីវិតក្នុងនោះមាន១០នាក់ជាកម្មករចម្ការចេក ដែលរស់នៅក្នុងបន្ទប់របស់ក្រុមហ៊ុន ថាកូ អាហ្គ្រី ដដែល នៃកន្លែងស្នាក់នៅទីពីរ។
អភិបាលខេត្តរតនគិរី លោក សំអឿន បានប្រាប់ ខេមបូចា ថា មានការព្រួយបារម្ភអំពីការអនុវត្តមិនមានសុវត្ថិភាពរបស់ចម្ការចេកនាពេលកន្លងមកដែលទាក់ទងនឹងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងសារធាតុគីមី ប៉ុន្តែលោកបានពន្យល់ថា ការស្លាប់របស់កម្មករចម្ការចេក គឺអាចបណ្តាលមកពីកត្តាផ្សេងៗជាច្រើន។
ចានគោម និងចានក្បានត្រូវគេតម្រៀបគរលើគ្នានៅក្នុងផ្ទះបាយរួមជាច្រើននៅ កន្លែងស្នាក់នៅទីពីរ ហើយបន្ទះកាវស្អិតចាប់រុយមានដាក់រាយនៅក្នុងផ្ទះបាយរួមផ្សេងទៀត។ ក្រៅពីមេតាណុល លោក សំអឿន ក៏បានបន្ទោសលើការខ្វះអនាម័យដែលបណ្តាលឲ្យស្លាប់កម្មករដែរ។ លោកប្រាប់ ខេមបូចា ថា ការខ្វះអនាម័យអាចធ្វើឲ្យកម្មករបរិភោគអាហារដែលមានចូលថ្នាំសម្លាប់សត្វល្អិត។
លោក សំអឿន បានថ្លែងថា៖ «ក្រុមហ៊ុននេះបំពានច្បាប់ និងខ្វះការសហការជាមួយអភិបាលខេត្ត» លោកបន្តទៀតថា៖ «ដោយប្រព្រឹត្តផ្ទុយនឹងច្បាប់ការងារ។ យើងធ្លាប់ណែនាំពួកគេឱ្យផ្តល់បរិយាកាសរស់នៅល្អ។ យើងធ្លាប់ដាក់ទោសពួកគេ ដោយសារពួកគេមិនមានមណ្ឌលសុខភាព»។
ក្នុងពេលមានកម្មករពីរនាក់ពីកន្លែងស្នាក់នៅទីពីរបានស្លាប់នោះ ក្រុមហ៊ុន ថាកូ អាហ្គ្រី បានផ្សព្វផ្សាយនៅលើគេហទំព័រផ្ទាល់ខ្លួនថា ពួកគេបានផ្តល់ឱ្យកុមាររៀននៅបឋមសិក្សាចំនួន៦៨ នាក់ដែលរស់នៅក្នុងចម្ការ នូវអំណោយចំនួន៤៦២ គឺភាគច្រើនជាកាបូបស្ពាយពណ៌ខៀវរបស់ ថាកូ ពោលគឺមានពណ៌ខៀវដូចគ្នានឹងកន្លែងស្នាក់នៅរបស់ពួកគេដែរ។ ការចែកអំណោយនេះបានធ្វើឡើងកាលពីថ្ងៃទី៣ ខែកក្កដា ចំពេលដែលសារព័ត៌មានក្នុងស្រុកបានរាយការណ៍ព័ត៌មានអំពីការស្លាប់របស់កម្មករដែរ។
ស្ត្រីម្នាក់ដែលបានរស់នៅកន្លែងស្នាក់នៅទីពីរ អស់រយៈពេលជាងបួនឆ្នាំហើយ និងបដិសេធមិនប្រាប់ឈ្មោះ បាននិយាយថា បុរសវ័យចំណាស់ពីរនាក់បានស្លាប់នៅកន្លែងស្នាក់នៅជាប់គ្នា។ អ្នកស្រីមិនបានដឹងពីមូលហេតុពិតប្រាកដនៃការស្លាប់នោះទេ ប៉ុន្តែអ្នកស្រីបានសន្មត់ថាពួកគេមានជំងឺធ្ងន់ធ្ងរ និងញៀនស្រា។
អ្នកស្រីបានឱ្យដឹងថា៖ «ខ្ញុំមិនដឹងថា គេស្លាប់ដោយសារអ្វីទេ ប៉ុន្តែគេឈឺមុនពេលស្លាប់។ ពួកគេបានផឹកស្រាបន្ទាប់ពីធ្វើការរួច ហើយមានរោគសញ្ញាឈឺក្បាល ក្អក និងឈឺបំពង់ក»។
អ្នកមើលការខុសត្រូវម្នាក់នៅចម្ការចេកដែលប្រាប់ថាឈ្មោះ សាវ៉ាត បាននិយាយថា បុរសទាំងអស់ដែលស្លាប់ពីកន្លែងស្នាក់នៅទីពីរ បានបាញ់ថ្នាំសម្លាប់សត្វល្អិត ហើយប៉ះពាល់សារធាតុគីមីដែលមានផលប៉ះពាល់ដល់សុខភាព។ លោកថា សារធាតុគីមីច្រើនតែចូលក្នុងអាហារ និងភេសជ្ជៈរបស់កម្មករ រួមទាំងស្រាសផងដែរ។
លោក សាវ៉ាត បានបញ្ជាក់ថា កម្មករតែងតែបាញ់ថ្នាំគីមីទៅលើដើមចេកពេលធ្វើការ បន្ទាប់មកសារធាតុគីមីទាំងនោះចូលក្នុងខ្លួនពួកគេ នៅពេលដែលពួកគេមិនលាងដៃ ឬបោកសម្លៀកបំពាក់ដោយប្រុងប្រយ័ត្ន ពេលចម្អិនអាហារ និងបរិភោគអាហារនៅកន្លែងស្នាក់នៅទីពីរ។ លោកជឿថា ការស្លាប់អាចកើតឡើងដោយសារកត្តារួមផ្សំគ្នា គឺស្រាស និងថ្នាំសម្លាប់សត្វល្អិត។
ការស៊ើបអង្កេតរបស់ ខេមបូចា នៅឆ្នាំ២០២១ លើគ្រោះថ្នាក់សុខភាពនៃថ្នាំសម្លាប់សត្វល្អិតបានរកឃើញថា ថាកូ អាហ្គ្រី មិនបានផ្តល់ឧបករណ៍ពាក់ការពារផ្ទាល់ខ្លួនទេ។ នៅពេលអ្នកសារព័ត៌មាន ខេមបូចា ត្រឡប់មកម្តងទៀតកាលពីខែកក្កដានេះ ពួកគេបានឃើញកម្មករ ដែលមើលទៅហាក់ដូចជាក្មេងជំទង់ កំពុងបាញ់ថ្នាំសម្លាប់សត្វល្អិតដោយគ្មានពាក់ឧបករណ៍ការពារត្រឹមត្រូវទេ។
របាយការណ៍ផ្លូវការចាប់ពីថ្ងៃទី៤ ខែកក្កដា ក៏បានកត់សម្គាល់នៅក្នុងប្រយោគតែមួយថាកម្មករមិនបានពាក់ឧបករណ៍ការពារត្រឹមត្រូវ ហើយបន្ទប់ស្នាក់នៅក៏មិនមានអនាម័យដែរ។
កម្មករចម្ការចេករាប់សិបនាក់ដែល ខេមបូចា សង្កេតឃើញដើរតាមជួរដើមចេកក្នុងចម្ការ ដោយស្ពាយធុងផ្ទុកថ្នាំសម្លាប់សត្វល្អិត សុទ្ធតែមិនបានពាក់ឧបករណ៍ការពារផ្ទាល់ខ្លួនទេ។ ពួកគេរុំតែក្រមាបាំងមុខបណ្ដោះអាសន្ន ឬក្រណាត់រុំក្បាលប៉ុណ្ណោះ។ អ្នកខ្លះមិនមានរុំមុខអ្វីទាំងអស់។
ក្រុមហ៊ុន ថាកូ គ្រុប មិនបានឆ្លើយតបនឹងអ៊ីម៉ែលពី ខេមបូចា ទេ។ ប៉ុន្តែលោក លី ថាញ់ ហ័ង (Le Thanh Hoan) អគ្គនាយកក្រុមហ៊ុនប្រចាំខេត្តរតនគិរី បានប្រកាសកាលពីខែកក្កដាថា ក្រុមហ៊ុន ថាកូ អាហ្គ្រី គ្រោងនឹងជ្រើសរើសកម្មករចំនួន ៩ ០០០ នាក់បន្ថែមទៀតសម្រាប់វេចខ្ចប់ចេក និងធ្វើការនៅកសិដ្ឋានចិញ្ចឹមគោ។
ការពុលស្រាស
ប៉ុន្មានថ្ងៃបន្ទាប់ពីការស៊ើបអង្កេតជាផ្លូវការលើការស្លាប់របស់កម្មករបានចាប់ផ្តើមនៅចុងខែមិថុនានោះ មានសេចក្តីថ្លែងការណ៍របស់ក្រុមមន្ត្រីចាប់ផ្តើមបង្ហាញពីការស្លាប់កម្មករដោយសារការផឹកស្រាសផលិតក្នុងស្រុក។
ថ្នាំសម្លាប់សត្វល្អិតនៅក្នុងចម្ការចេកត្រូវគេកត់ត្រាថាជាមូលហេតុនៃបញ្ហាសុខភាព និងរោគសញ្ញាផ្លូវដង្ហើមរ៉ាំរៃក្នុងចំណោមកម្មករ ប៉ុន្តែស្រាសដែលមានជាតិមេតាណុលក៏ទទួលខុសត្រូវចំពោះការពុលដ៏ច្រើននៅទូទាំងប្រទេសកម្ពុជាដែរ។ ពិធីបុណ្យសពក្នុងឆ្នាំ២០២១ មានមនុស្សស្លាប់យ៉ាងហោចណាស់៣០ នាក់ក្នុងរយៈពេលមួយខែដែលកើតឡើងពីឧប្បត្តិហេតុបីផ្សេងគ្នា។
យោងតាមវេជ្ជបណ្ឌិតគ្មានព្រំដែន ការលេបមេតាណុលសុទ្ធមួយមាត់ ឬប្រហែល៣០ មីលីលីត្រ គឺអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។
លោក ផាន់ អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ដកស្រង់សម្តីដោយនិយាយថា សំណាកស្រាសក្នុងករណីនេះមានផ្ទុកមេតាណុល ១០-១៨,៨% ដែលជាបរិមាណធ្វើឲ្យស្លាប់។ ប៉ុន្តែរបាយការណ៍ផ្លូវការបញ្ជាក់ថា មានធុងមួយមានផ្ទុកជាង ១០% និងមួយធុងទៀតមាន ៨,២១%។
យោងតាមអង្គការបណ្តាញផ្លែឈើត្រូពិចអន្តរជាតិ ឲ្យដឹងថា ការមានអាការៈចង្អោរ វិលមុខ និងឈឺទ្រូងជារោគសញ្ញាទាក់ទងនឹងថ្នាំសម្លាប់សត្វល្អិត ដែលរួមមានសារធាតុគីមី imidacloprid និង carbendazim ដែលត្រូវគេប្រើប្រាស់ក្នុងចម្ការ ថាកូ អាហ្គ្រី ក្នុងប្រទេសកម្ពុជា។ ខេមបូចា មិនអាចកំណត់ថាតើមានជាតិគីមីអ្វីខ្លះត្រូវគេប្រើនៅក្នុងចម្ការរតនគិរីទេ។
វេជ្ជបណ្ឌិត និងបុគ្គលិកទាំងអស់នៅមណ្ឌលសុខភាពស្រែអង្គ្រង និងមណ្ឌលសុខភាពកូនមុំ ត្រូវបានថ្នាក់លើណែនាំមិនឱ្យធ្វើអត្ថាធិប្បាយលើការធ្វើរោគវិនិច្ឆ័យអ្នកជំងឺ ឬការស៊ើបអង្កេតទេ។ យ៉ាងណាក៏ដោយ មុននឹងគេណែនាំឲ្យធ្វើបែបនេះ បុគ្គលិកស្ម័គ្រចិត្តមណ្ឌលសុខភាពស្រែអង្គ្រង លោក ហ៊ឹម ធំ បានប្រាប់ ខេមបូចា កាលពីដើមខែកក្កដាថា កម្មករចម្ការបានចូលមកក្អួតចង្អោរ ដោយមានរោគសញ្ញាឈឺចាប់ និងប្រកាច់។
របាយការណ៍ផ្លូវការបានបញ្ជាក់ថា បុរសទាំង៩នាក់មានអាការៈវិលមុខ ភ្នែកស្រវាំង ថប់ដង្ហើម ឈឺពោះ និងក្អួត។ យោងតាមវេជ្ជបណ្ឌិតគ្មានព្រំដែន រោគសញ្ញាទាំងនេះ ត្រូវគ្នានឹងសញ្ញានៃការពុលមេតាណុល។
អ្នកលក់ស្រាស អ្នកស្រី យ៉េន បាននិយាយថា កូនប្រុសរបស់គាត់ឈ្មោះ ឆន ផានិត អាយុ២៤ឆ្នាំ បានស្លាប់កាលពីថ្ងៃទី១៩ ខែមិថុនា បន្ទាប់ពីមានអាការៈក្អក វិលមុខ និងក្អួតចង្អោរ។
ម្តាយគាត់បាននិយាយថា កូនប្រុសគាត់មិនបានបរិភោគអាហារអស់រយៈពេលបីថ្ងៃជាប់ៗគ្នា ហើយផឹកតែស្រាសប៉ុណ្ណោះ បន្ទាប់ពីប្រពន្ធគាត់បានរត់ចោល។ គាត់មិនស្រួលខ្លួន ហើយបានសុំយាយរបស់គាត់កោសខ្យល់ឲ្យ។ ស្ថានភាពរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗ ហើយវាយឺតពេលទៅហើយ ពេលគាត់បានទៅជួបគ្រូពេទ្យ។ ប៉ុន្តែ អ្នកស្រី យ៉េន និងអ្នកជិតខាងខ្លះជឿថា វាមិនមែនជាមេតាណុលទេ ដែលសម្លាប់កូនប្រុសរបស់គាត់។
លោក លឿក ឡត អ្នកជិតខាងដែលផឹកស្រាពីក្អម ដែលទីភ្នាក់ងារការពារអ្នកប្រើប្រាស់បានរាយការណ៍ថាមានមេតាណុលច្រើននោះ បាននិយាយថា៖ «ខ្ញុំប្រាកដថា ប្រសិនបើគាត់ស្លាប់ដោយសារស្រាស អ្នកផ្សេងទៀត រួមទាំងខ្ញុំក៏ស្លាប់ដែរ ព្រោះយើងទាំងអស់គ្នាផឹកស្រាសពីក្អមតែមួយ»។ គាត់បានបន្តទៀតថា គាត់មិនមានរោគសញ្ញាទេ។
លោក នុត អេរិក ហូវដា (Knut Erik Hovda) អ្នកជំនាញខាងជាតិពុលមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រន័រវេស បានសរសេរតាមអ៊ីម៉ែលមកកាន់ ខេមបូចា ថា ការវាយតម្លៃរោគសញ្ញាជាមួយនឹងប្រវត្តិអ្នកជំងឺអាច «ផ្តល់តម្រុយដ៏ល្អមួយថាតើនេះជាថ្នាំសម្លាប់សត្វល្អិត ឬជាតិអាល់កុលពុល»។ លោកបាននិយាយថា ការពុលមេតាណុលជាធម្មតាមាន «រោគសញ្ញាពន្យារពេល» ។
ខណៈពេលដែលមិនមានជាតិពុលនៅក្នុងខ្លួនវា មេតាណុលត្រូវចំណាយពេល ១២-២៤ ម៉ោង ដើម្បីបង្កើតអាស៊ីតហ្វូមិក ដែលមានជាតិពុលខ្ពស់នៅក្នុងខ្លួន ហើយការពន្យារពេលនេះអាចបន្តកើនឡើង ដោយសារតែមេតាណុលត្រូវបានប្រើប្រាស់ជាធម្មតាជាមួយនឹងថ្នាំបន្សាបធម្មតាបំផុត គឺអេតាណុល នៅក្នុងស្រា។ វេជ្ជបណ្ឌិតមានព្រំដែនបញ្ជាក់ថា ដោយគ្មានការថែទាំច្បាស់លាស់ អ្នកជំងឺអាចស្លាប់ក្នុងរយៈពេលពីរបីថ្ងៃ។
សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារការពារអ្នកប្រើប្រាស់មកកាន់ ខេមបូចា នៅថ្ងៃទី១៩ ខែកក្កដា បានពន្យល់ថា សំណាកស្រាសចំនួន៥ ក្នុងចំណោម១៤៣សំណាក ដែលត្រូវបានធ្វើតេស្តពីជុំវិញតំបន់នោះ គឺមានផ្ទុកបរិមាណមេតាណុលដែលបណ្តាលឲ្យស្លាប់។ គេរកមិនឃើញស្រាសនៅក្នុងបន្ទប់ស្នាក់នៅរបស់កម្មករដែលស្លាប់នោះទេ។ យោងតាមរបាយការណ៍ផ្លូវការ សំណាកស្រាសត្រូវបានយកពីអ្នកចែកចាយស្រាសនៅខាងក្រៅច្រកទ្វារចម្ការចេក។
ទីភ្នាក់ងារការពារអ្នកប្រើប្រាស់ បានបញ្ជាក់តាមអ៊ីម៉ែលមក ខេមបូចា ថា៖ «គេរកឃើញជនសង្ស័យ ៣នាក់ ហើយសំណាកស្រាសចំនួន ៤ ត្រូវបានប្រមូល»។ ទីភ្នាក់ងារការពារអ្នកប្រើប្រាស់បន្តថា៖ «[ក្នុងចំណោម] សំណាកទាំងបួនដែលប្រមូលបាន មានសំណាកពីរក្នុងចំណោមសំណាកទាំងនោះមានភាពវិជ្ជមាននៃមេតាណុលដែលមានកម្រិតលើសពីការអនុញ្ញាត»។
សំណាកស្រាសទាំងបីនេះតំណាងឲ្យស្រាសដែលលក់ដោយប្តីប្រពន្ធទាំងបីគូ។ ពួកគេត្រូវចាប់ខ្លួនដំបូង រួមទាំងអ្នកស្រី យ៉េន និងប្តីគាត់ដែរ។
ទីភ្នាក់ងារការពារអ្នកប្រើប្រាស់បានកត់សម្គាល់តាមអ៊ីម៉ែលថា៖ «សំណាកវិជ្ជមានទាំងអស់ត្រូវបានរឹបអូស និងបំផ្លាញចោល ដើម្បីទប់ស្កាត់ស្រាសទាំងនេះមិនឱ្យទៅដល់អ្នកប្រើប្រាស់ផ្សេងទៀត ។ ដើម្បីទប់ស្កាត់សោកនាដកម្មនេះ អគ្គនាយកនាយកដ្ឋានការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក៏ផ្សព្វផ្សាយ [ព័ត៌មាន] ដល់អ្នកបិតស្រាសអំពីការប្រើប្រាស់គ្រឿងផ្សំស្រាឱ្យបានត្រឹមត្រូវ និងដំណើរការផលិត ព្រមទាំងហានិភ័យនៃការពុល»។
ការធ្វើតេស្តទាំងនេះបានធ្វើឡើងនៅមន្ទីរពិសោធន៍នៃទីភ្នាក់ងារការពារអ្នកប្រើប្រាស់នៅខេត្តរតនគិរី ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងការិយាល័យរបស់អង្គការសុខភាពពិភពលោកនៅកម្ពុជា។ ក្រោយមក លទ្ធផលត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់នៅមន្ទីរពិសោធន៍នៅទីស្នាក់ការកណ្តាលការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក្នុងរាជធានីភ្នំពេញ។
មន្ត្រីទំនាក់ទំនងអ្នកស្រី លីសា ស្មីត (Lisa Smyth) បានចេញសេចក្តីអត្ថាធិប្បាយក្នុងនាមអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជាថា អង្គការ «បានគាំទ្រក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តរតនគិរី ចំពោះការស៊ើបអង្កេត និងឆ្លើយតបនឹងការកើតឡើងនូវបញ្ហាសុខភាពក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ»។
ទោះបីជាយ៉ាងណាក្តី អ្នកស្រី ស្មីត បានថ្លែងថា ការអត្ថាធិប្បាយផ្លូវការណាមួយ ទាក់ទងនឹងការរកឃើញនៃការស៊ើបអង្កេតនេះ គួរតែចេញពីក្រសួងសុខាភិបាល។ នាយកដ្ឋានការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បាននិយាយថា ក្រុមការងារឆ្លើយតបនឹងការផ្ទុះជំងឺបណ្តាលមកពីចំណីអាហារ ក្រោមក្រសួងសុខាភិបាល គឺជាអ្នកទទួលខុសត្រូវលើការស៊ើបអង្កេតនេះ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ មិនបានឆ្លើយតបនឹងការហៅទូរស័ព្ទ ឬសារដែលស្នើសុំការអត្ថាធិប្បាយពី ខេមបូចា ទេ។
មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្កាជំងឺឆ្លងរបស់សហរដ្ឋអាមេរិកត្រូវបានចុះបញ្ជីនៅក្នុងរបាយការណ៍ផ្លូវការថាមានទំនាក់ទំនងជាមួយការស៊ើបអង្កេត ប៉ុន្តែស្ថានទូតអាមេរិកបានសុំឲ្យ ខេមបូចា សួរទៅមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជាវិញ ដែលស្តិតក្រោមក្រសួងសុខាភិបាល។
សហគមន៍ច្របូកច្របល់ និងព្រួយបារម្ភ
ចាប់តាំងពីឪពុកម្តាយវ័យចាស់ជរារបស់គាត់ត្រូវបាននគរបាលចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាត ដោយសារបិត និងលក់ស្រាស ដែលមានជាតិពុលមកនោះ លោក ចាន់ រតនា បានបើកហាងលក់ដូរតូចមួយ ជាមួយនឹងហាងកាត់សក់របស់គាត់។ គាត់និយាយថា គាត់នៅតែច្របូកច្របល់ថា ហេតុអ្វីបានជាឪពុកម្តាយរបស់គាត់ត្រូវតុលាការប្រញាប់ប្រញាល់ចោទប្រកាន់ភ្លាមៗ នៅពេលដែលគាត់អះអាងថា ភ្នាក់ងារការពារអ្នកប្រើប្រាស់បានធ្វើតេស្តស្រាសរបស់ឪពុកម្តាយគាត់ពីរដងរួចហើយ និងបានបញ្ជាក់ថាស្រាសគ្មានជាតិពុល។
ទីភ្នាក់ងារការពារអ្នកប្រើប្រាស់មិនបានឆ្លើយតបទេ នៅពេលដែល ខេមបូចា សួរអំពីការចោទរបស់លោក រតនា។
លោក រតនា បានលើកឡើងថា៖ «ខ្ញុំមិនគិតថានេះជារឿងតូចតាចទេ។ មុននឹងចោទអ្នកណាមួយ យើងត្រូវស្វែងរកភស្តុតាងជាក់លាក់បន្ថែមទៀត។ ប៉ូលិសទើបតែប្រាប់ខ្ញុំឱ្យរង់ចាំ ខណៈពេលដែលខ្ញុំត្រូវមើលថែគ្រួសារតែម្នាក់ឯង»។
គិតមកត្រឹមខែសីហានេះ លោក រតនា បានបន្ថែមថា ឪពុកម្តាយរបស់គាត់មិនទាន់ត្រូវបានគេដោះលែងទេ ហើយកំពុងរង់ចាំការកាត់ក្តី ប៉ុន្តែគាត់សង្ឃឹមថា ឪពុកម្តាយគាត់អាចនៅក្រៅឃុំបាន។
អ្នកភូមិជាងដប់នាក់ដែលបាននិយាយជាមួយ ខេមបូចា ជឿថា ចម្ការចេក និងថ្នាំសម្លាប់សត្វល្អិតរួមចំណែកក្នុងការស្លាប់របស់កម្មករ។
អ្នកភូមិអាយុ៤៥ឆ្នាំម្នាក់ដែលធ្វើការនៅចម្ការចេកអស់រយៈពេលជាច្រើនឆ្នាំបាននិយាយថា គាត់ជឿថាការខ្វះអនាម័យក្នុងស្ថានភាពការងារនិងការរស់នៅ គួបផ្សំនឹងកង្វះឧបករណ៍ពាក់ការពារបានរួមចំណែក ឬបណ្តាលឱ្យមនុស្សស្លាប់។
អ្នកស្រីអះអាងដោយបដិសេធមិនប្រាប់ឈ្មោះ ព្រោះខ្លាចគេរករឿង ថា៖ «នៅក្នុងចម្ការពួកគេប្រើសារធាតុគីមីជាច្រើនមុខសម្រាប់ចម្ការចេកទាំងមូល ចំណែកឯកម្មករសន្លប់ជាប្រចាំ ព្រោះពួកគេនៅមានសារធាតុគីមីនៅទីនោះ»។ អ្នកស្រីបានបន្តថា៖ «ពួកគេប្រើឡានធំៗបាញ់ថ្នាំគីមីនៅក្នុងចម្ការ ទោះបីជាកម្មករធ្វើការនៅជិតជួរដើមចេកក៏ដោយ។ ពួកគេថែមទាំងប្រើដ្រូនបាញ់ថ្នាំពីលើចម្ការទៀតផង»។
អ្នកស្រីបាននិយាយថា អ្នកស្រីតែងតែមានអាការៈវិលមុខ ថប់ដង្ហើម និងក្អួតជាប្រចាំ ពេលអ្នកស្រីធ្វើការនៅក្នុងចម្ការចេករហូតដល់ឆ្នាំ២០២១។ ក្រោយពីឈប់ធ្វើការនៅចម្ការចេក សុខភាពអ្នកស្រីបានប្រសើរឡើងវិញ។
ដូចអ្នកស្រី យ៉េន ដែរ សមាជិកគ្រួសាររបស់អ្នកលក់ស្រាដែលត្រូវបាននគរបាលចាប់ខ្លួនផ្សេងទៀត ងឿងឆ្ងល់ចំពោះការស៊ើបអង្កេតនោះ។ អ្នកស្រី យ៉េន បាននិយាយថា អ្នកស្រីបានទិញស្រាសពីអ្នកលក់នៅជិតខ្លោងទ្វារចម្ការចេក ដើម្បីយកមកលក់បន្តឲ្យអ្នកជិតខាង របស់អ្នកស្រី ហើយគ្មាននរណាម្នាក់ស្លាប់នោះទេ។
អ្នកស្រី ជឿ និងប្តីរបស់អ្នកស្រីបានបើកហាងលក់ស្រាសនេះនៅជិតច្រកទ្វារចម្ការចេក។ អ្នកស្រីបានពន្យល់ថា ប៉ូលិសបានចាប់ខ្លួនប្តីរបស់អ្នកស្រី ដោយចោទប្រកាន់គាត់ពីបទលក់ផលិតផលពុល និងឃាតកម្ម។ ក្រោយពីសាកសួរអ្នកស្រីអស់មួយយប់ គេក៏ដោះលែងអ្នកស្រីវិញ តែមិនដោះលែងប្តីអ្នកស្រីទេ ។ ប្តីអ្នកស្រី ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៦នាក់ដែលត្រូវបាននគរបាលចាប់ខ្លួន ហើយបច្ចុប្បន្នកំពុងប្រឈមនឹងបទចោទប្រកាន់នៅតុលាការ។
អ្នកស្រីបានអះអាងថា៖ «[អាជ្ញាធរ] មិនដាក់សម្ពាធលើក្រុមហ៊ុននោះទេ ព្រោះក្រុមហ៊ុនសម្បូរលុយ។ អាជ្ញាធរមិនបានស៊ើបអង្កេតក្រុមហ៊ុនទេ គឺគេបន្ទោសតែអ្នកលក់ស្រាសប៉ុណ្ណោះ។ យើងគ្រាន់តែជាពងមាន់ គឺមិនអាចជល់នឹងថ្មបានទេ។ តើអ្នកណាអាចរកយុត្តិធម៌ឲ្យខ្ញុំបាន?»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Ratanakiri Rice Wine Sellers Arrested, Despite Unanswered Questions in Spate of Deaths