សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាបោះបង់​ចោល​បណ្ណកម្មសិទ្ធិ​សហគមន៏​សមូហភាព ព្រោះតែកម្ចីធនាគារ

  • សហគមន៍ជនជាតិដើមភាគតិចនៅភាគឦសាននៃប្រទេសកម្ពុជា កំពុងជួបការលំបាក ក្នុង​ការ​ដោះ​បំណុល ដែលបានកើនឡើងពីប្រាក់កម្ចីខ្នាតតូច ជាមួយអត្រាការ​ប្រាក់​ខ្ពស់​។
  • កម្ចីធនាគារ ជាមធ្យោបាយនៃការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន​របស់​សហគមន៍ ដែល​ត្រូវ​បានគាំទ្រយ៉ាងពេញទំហឹង ដោយធនាគារពិភពលោក ប៉ុន្តែ​ដំណើរ​​នេះធ្វើឲ្យ​រាំង​ស្ទះ ទៅនឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្តល់កម្មសិទ្ធិ​ដីសហគមន៍​នៃផ្ទះ ដីស្រែចម្ការ និងព្រៃអារក្ស ដែលជាគំនិតផ្តួចផ្តើមមួយទៀតរបស់ធនាគារ​ពិភពលោក។
  • អ្នកភូមិទាំងអស់ បានជ្រើសរើសការចាកចេញពីកម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីសហគមន៍ ព្រោះវានឹងរារាំងពួកគេមិនឱ្យប្រើប្រាស់ដីនេះ ធ្វើជាវត្ថុបញ្ចាំសម្រាប់កម្ចីធនាគារ និង​លក់​ដីទៅឱ្យអ្នកខាងក្រៅ ដែលជាញឹកញាប់ដើម្បីសងបំណុល។
  • គម្រោងនេះ ត្រូវបានគាំទ្រដោយ  Rainforest Journalism Fund  របស់មជ្ឈមណ្ឌល Pulitzer ។

ភូមិតាហ៊ឺយ ប្រទេសកម្ពុជា​៖ កសិករខ្មែរពីររូប គឺលោក នូយ និងអ្នកស្រី ណាងកេក ដែល​ទាំង​ពីរ​នាក់ស្ថិតក្នុងក្នុងវ័យ២០ឆ្នាំប្លាយដូចគ្នា កំឡុងពេលពួកគេខ្ចីប្រាក់ធនាគារ​លើកដំបូង​ក្នុងឆ្នាំ ២០១៨ ចំនួនប្រហែល ៦០០ ដុល្លារ ដើម្បីដាំដំណាំរបស់ពួកគេ។ សព្វថ្ងៃនេះ ប្តី​ប្រពន្ធ​មួយគូនេះជំពាក់ប្រាក់ច្រើនជាង ១០ ០០០ដុល្លារជាមួយស្ថាប័នហិរញ្ញវត្ថុចំនួនពីរ ដែល​គិតការប្រាក់ប្រចាំឆ្នាំរហូតដល់ទៅ១៨ភាគរយ។

ដូចអ្នកខ្ចីប្រាក់ជាច្រើននៅក្នុងប្រទេស ដែលមានអត្រាប្រាក់កម្ចីធនាគារច្រើន​បំផុតមួយ​នៃ​មនុស្ស​ម្នាក់ ប្តីប្រពន្ធនេះបានជំពាក់បំណុលកាន់តែជ្រៅ ខណៈពេលដែរពួកគេបានខ្ចី​ប្រាក់​បន្ថែមទៀត ដើម្បីបន្តការទូទាត់ប្រចាំខែលើប្រាក់កម្ចីដែលមានស្រាប់។ លោក នូយ និង អ្នកស្រី ណាងកេក ក៏ងាកទៅខ្ចីប្រាក់ពីអ្នកជិតខាងខ្លួនមួយចំនួនទៀត ដើម្បីសងប្រាក់​ជំពាក់​ពីមុន ដែលអ្នកឲ្យខ្ចីនោះ គិតការប្រាក់ខ្ពស់ជាងអ្នកមុនៗទៅទៀត។

ការប្រមូលផលស្វាយចន្ទីបានតិច ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង បានបំផ្លាញប្រភព​ចំណូល​តែមួយគត់របស់អ្នកទាំងពីរ ដោយបង្ខំឱ្យអ្នកទាំងពីរចំណាកស្រុក​ទៅកាន់​កន្លែង​ផ្សេងទៀតនៃប្រទេស ដើម្បីធ្វើការនៅក្នុងរោងចក្រផលិតគ្រឿងបន្លាស់រថយន្តមួយ កាលពី​ឆ្នាំមុន។ បំណុល និងភាពតានតឹងផ្លូវចិត្តបានកើនឡើង។

លោក នូយ ដែលរួមជាមួយប្រពន្ធរបស់គាត់ ស្នើសុំ​ប្រើប្រាស់ឈ្មោះ​ក្លែងក្លាយ ដើម្បី​ចៀសវាង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ និង​អ្នក​ឲ្យប្រាក់កម្ចី បានត្អូញត្អែថា៖ «ខ្ញុំគេងមិនលក់។ ខ្ញុំតែងតែគិតអំពីប្រាក់កម្ចី ថាតើខ្ញុំអាចយកលុយបានទេ តើខ្ញុំអាចសងបំណុល​ដោយរបៀប​ណា។ ឥឡូវនេះយើងកំពុងចំណាយពេលវេលាទាំងអស់ដើម្បីរកលុយ»។

កសិដ្ឋានមួយនៅខេត្តរតនគិរី; កសិករតែងតែពឹងផ្អែកលើប្រាក់កម្ចីធនាគារ ដើម្បីទិញជី និងសម្ភារៈ និងឧបករណ៍ផ្សេងទៀតសម្រាប់ការដាំដុះដំណាំ។ (រូបថតដោយ៖ Jack Brook /Mongabay)

កម្ចីរបស់ប្តីប្រពន្ធមួយគូនេះភាគច្រើន ត្រូវដាក់បញ្ចាំដោយដីស្រែចំការរបស់ពួកគេ​នៅក្នុង​ភូមិជនជាតិគ្រឹង និងព្រៅនៅភូមិតាហ៊ឺយ ក្នុងភាគឦសាន ក្នុងខេត្តរតនគិរី ដែលជាតំបន់​មួយ​ក្នុងចំណោមតំបន់ជាច្រើននៃប្រទេសកម្ពុជា និងមានប្រជាជនច្រើនជាងគេ​ក្នុងសហគមន៍​ជន​ជាតិ​ដើមភាគតិច។ ដើម្បី​សង​បំណុល​គេ ឥឡូវ​នេះ​ប្ដីប្រពន្ធមួយគូនេះ​គ្រោង​នឹងលក់​ដី​ស្រែ​​ចម្ការ​ភាគ​ច្រើន​របស់​ពួក​គេ។

វិបត្តិបំណុលរបស់ពួកគេហាក់កើតឡើងស្របគ្នា និងបង្ហាញពីចំណុចរបត់មួយនៅ​ក្នុងភូមិ​តាហ៊ឺយ។

ជិតមួយទសវត្សរ៍មកហើយ ដែលសហគមន៍ជនជាតិដើមភាគតិច បានស្វែងរកកម្មសិទ្ធិស្រប​ច្បាប់​លើដីទំនៀមទម្លាប់ និងព្រៃអារក្សរបស់ខ្លួន។ បន្ទាប់មក នៅខែមិថុនា ឆ្នាំ២០២២ នៅ​ដំណាក់​​កាលចុងក្រោយនៃដំណើរការចុះបញ្ជីដីសមូហភាពដ៏ស្មុគស្មាញ ភាគច្រើននៃភូមិ ដែល​​លោក នូយ និង អ្នកស្រី យ៉ាងកេក បានរួមបញ្ចូល បានផ្តិតមេដៃរួមក្នុងញត្តិមួយ​ដើម្បី​ដក​ពាក្យស្នើរសុំនេះទៅវិញ ខណៈពេលដែរអាជ្ញាធរមានការភ្ញាក់ផ្អើល និងនាំឲ្យមានការព្រួយ​បារម្ភ ដល់អង្គការសិទ្ធិមនុស្សនៃជនជាតិដើមភាគតិចជាច្រើន។

មេ​ដឹក​នាំ​សហគមន៍ និង​ប្រជាពលរដ្ឋក្នុងភូមិ ​ប្រាប់ Mongabay ថា​កម្ចី​ធនាគារ ​គឺ​ជា​ហេតុផល​ចម្បង ដែលនាំឲ្យរឿងនេះកើតឡើង។

ទម្រង់ពិសេសនៃកម្មសិទ្ធិដីធ្លី ដែលអ្នកភូមិបោះបង់ចោល ត្រូវបានគេស្គាល់ថាជាបណ្ណ​កម្មសិទ្ធិ​សហគមន៍ជនជាតិដើមភាគតិច ហើយត្រូវបានរៀបចំឡើងដើម្បីការពារប្រឆាំង​នឹងការគំរាមកំហែងនៃការបាត់បង់ដីធ្លី និងការកាប់បំផ្លាញព្រៃឈើ។ នៅក្រោមច្បាប់​ស្ដី​ពី​ដីសហគមន៏សមូហភាព គ្រួសារនីមួយៗនឹងត្រូវបានរារាំងមិនឱ្យលក់ដីរបស់ពួកគេទៅឲ្យ​អ្នកខាង​ក្រៅសហគមន៍នោះឡើយ។

តាម​ការ​យល់ឃើញរបស់​សកម្មជន​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច កម្មសិទ្ធិ​ដី​សហគមន៍​សមូហភាព បាន​សន្យា​ថា​នឹង​មាន​ការ​ការពារ ​ដល់​ការរកស៊ីចិញ្ចឹម​ជីវិត​របស់​អ្នក​ភូមិ និង​បេតិកភណ្ឌ​វប្បធម៌។ ក្រៅពីការរួមបញ្ចូលផ្ទះសម្បែង និងដីស្រែចម្ការ បណ្ណកម្មសិទ្ធិ​សហគមន៍​សមូហភាព ក៏ត្រូវបានរៀបចំឡើងដើម្បីការពារស្មារតីភូមិ និងព្រៃបញ្ចុះសព និងរក្សារទុកជា«ព្រៃបម្រុងទុក»សម្រាប់កូនចៅជំនាន់ក្រោយ។

ធនាគារពិភពលោក ដែលជាអ្នកគាំទ្រលើគម្រោង កម្មសិទ្ធិ​ដី​សហគមន៍​សមូហភាព អះអាងថា ការផ្តល់សិទ្ធិអំណាចដល់ជនជាតិដើមភាគតិច ដើម្បីការពារដីប្រពៃណីរបស់ពួកគេ និងរក្សានូវ​ទំនៀមទម្លាប់ការធ្វើកសិកម្មបែបប្រពៃណីរបស់ពួកគេ ការពារព្រៃឈើ និងជីវចម្រុះឱ្យកាន់តែ​ប្រសើរឡើង។

ប៉ុន្តែឥឡូវនេះ គោលនយោបាយមួយផ្សេងទៀត ដែលគ្រប់គ្រងអស់រយៈពេលជាច្រើន​ទស្សវត្ស​ដោយធនាគារពិភពលោក ហើយជាឧស្សាហកម្មមីក្រូហិរញ្ញវត្ថុដែលមានតម្លៃ១៦ពាន់លាន​ដុល្លារ​នៅក្នុងប្រទេសកម្ពុជា បានបង្ករឲ្យមានភាពចម្រូងចម្រាស់ជាមួយនឹងក្របខ័ណ្ឌ​នៃដំណើរ​ការធ្វើកម្មសិទ្ធិ​ដី​សហគមន៍​សមូហភាពទាំងមូល។

អ្នកភូមិតាហ៊ឺយម្នាក់បង្ហាញការខូចខាតដោយភ្លៀងធ្លាក់លើផ្កាស្វាយចន្ទីរ ដែលធ្វើឲ្យប្រាក់​ចំណូល​របស់គាត់ធ្លាក់ចុះ និងនាំឱ្យគាត់គ្មានប្រាក់សម្រាប់សងប្រាក់កម្ចីធនាគាររបស់គាត់ ដែលជាហេតុបង្ខំឱ្យគាត់លក់ដីភាគច្រើនរបស់គាត់។ រូបថតដោយ ៖  (Mech Choulay/ Mongabay)

ស្ថានភាពនៅក្នុងភូមិតាហ៊ឺយ ឆ្លុះបញ្ចាំងពីបាតុភូតមួយ ដែលកំពុងកើតឡើងនៅក្នុងប្រទេស​កម្ពុជា ដោយសហគមន៍ជនជាតិដើមភាគតិចមួយចំនួនជារឿយៗ​បង្ហាញការខកចិត្ត​ចំពោះ​កម្មវិធី កម្មសិទ្ធិ​ដី​សហគមន៍​សមូហភាពព្រោះវាពន្យាពេលយូរ។ វាជាហេតុនាំឲ្យ​អ្នកភូមិ​ទាំង​នោះ​បដិសេធការធ្វើកម្មសិទ្ធិសហគមន៍រួម ដែលភាគច្រើនក៏ដើម្បីតែរក្សាលទ្ធភាពអាច​ទទួល​បានប្រាក់កម្ចីធនាគារ។

ក្រុមហ៊ុនផ្តល់កម្ចី ដែលបានចុះបញ្ជីរាប់ជាច្រើនក្នុងប្រទេសកម្ពុជា ផ្ដល់ប្រាក់កម្ចី ដែលតម្រូវ​ឲ្យ​អ្នកខ្ចីប្រាក់បញ្ចាំជាមួយប័ណ្ណកម្មសិទ្ធិដីធ្លី ដោយមានអ្នកខ្ចីជាមធ្យមជំពាក់បំណុលលើសពី ៥ ០០០ ដុល្លារ។ នេះជាចំនួនច្រើនជជាងប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជា នៅ​ជនបទ​ភាគច្រើន។ ប៉ុន្តែដី ដែលបានចុះបញ្ចីជាកម្មសិទ្ធិសហគមន៍ជនជាតិដើម​ភាគតិច​ស្រប​ច្បាប់ រួមមានដីស្រែចម្ការ និងផ្ទះផ្ទាល់ខ្លួន មិនអាចដាក់បញ្ចាំ ឬលក់ទៅឲ្យអ្នកនៅខាងក្រៅ​សហគមន៍បានទេ។

នៅពេលដែលពាក្យសុំ កម្មសិទ្ធិ​ដី​សហគមន៍​សមូហភាព របស់ពួកគេជិតដល់ការអនុម័ត អ្នក​ភូមិ​តាហ៊ឺយភាគច្រើនបានចំណាយពេលជាច្រើនឆ្នាំរួចមកហើយ ដោយពឹងផ្អែក​លើ​ប្រាក់​កម្ចី​ធនាគារ ដើម្បីផ្តល់សម្រួលដល់ការធ្វើកសិកម្ម ការសាងសង់ផ្ទះ និងតម្រូវការ​ផ្សេងៗ​ទៀត​។ ខណៈពេលដែលអ្នកភូមិមួយចំនួនបានលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេ អ្នកខ្លះទៀត​ជំពាក់​បំណុលគេវ័ណ្ឌករ ដែលពួកគេមិនអាចបាត់បង់លទ្ធភាពក្នុងការដាក់បញ្ចាំ ឬលក់ដី​របស់​ពួកគេនោះទេ។ អ្នកភូមិតាហ៊ឺយ និងមេដឹកនាំសហគមន៍ជាច្រើននាក់បានប្រាប់ Mongabay បែបនេះ ។

ទិន្នន័យឧស្សាហកម្មផ្ទៃក្នុងដែលទទួលបានដោយ Mongabay បង្ហាញពីអត្រាខ្ពស់​នៃ ឥណទាន​មិនដំណើរការ ដែលវាស់វែងដោយភាគរយនៃផលប័ត្ររបស់​គ្រឹះស្ថានមីក្រូ​ហិរញ្ញ​វត្ថុ ដែលជំពាក់មិនទាន់សងបន្ទាប់ពី៣០ថ្ងៃ ហើយរាយការណ៍ដោយ​អ្នកផ្តល់​ប្រាក់​កម្ចី​ធនាគារ​នៅទូទាំងខេត្តរតនគិរី។

នៅស្រុកកូនមុំ ក្នុងភូមិតាហ៊ឺយស្ថិតនៅ១១,៦​០ %នៃផលប័ត្រប្រាក់កម្ចីដែលគ្រប់គ្រងដោយ LOLC Cambodia ដែលជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេមួយរបស់ប្រទេស បានជាប់​ជំពាក់​បន្ទាប់​ពី៣០ថ្ងៃគិតត្រឹមខែកញ្ញា ឆ្នាំ២០២៣។ លោក នូយ និង អ្នកស្រី យ៉ាងកេក ស្ថិតក្នុង​ចំណោម​អ្នកខ្ចីប្រាក់ធនាគារដែលកំពុងមានចំនួនកើនឡើង ហើយអ្នក​ខ្ចី​ទាំងនោះ​បាននឹង​កំពុង​​ធ្លាក់​ខ្លួនក្នុងបំណុលវ័ណ្ឌករ។

បញ្ហាដែលប្រឈមមុខនឹងភូមិទាំងនេះ ហាក់មួយផ្នែកបង្ករឡើយដោយគោលនយោបាយ​ចម្រូងចម្រាស់​របស់ធនាគារពិភពលោក និងអ្នកផ្តល់មូលនិធិអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ដែលបានវិនិយោគលើសិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិច និងកម្ចីហិរញ្ញវត្ថុ។

ចាប់តាំងពីឆ្នាំ២០២០មក ធនាគារពិភពលោក បានចាប់ផ្តើមគម្រោងបែងចែកដីទី៣ សម្រាប់​ការ​អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច (LASED III) ដែលមានទឹកប្រាក់ចំនួន៩៣លានដុល្លារ នៅ​ក្នុង​ប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះ ស្ថាប័នវិនិយោគផ្នែកឯកជនរបស់ស្ថាប័ន គឺសាជីវកម្មហិរញ្ញ​វត្ថុ​​អន្តរជាតិ (IFC) បានវិនិយោគរាប់រយលានដោយផ្ទាល់ និងដោយប្រយោលទៅក្នុងវិស័យ​មីក្រូហិរញ្ញវត្ថុកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មក។

ការផ្តល់មូលនិធិរបស់ IFC នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (២០១១ ដល់ ២០២៣) រួមបញ្ចូលការវិនិយោគដោយផ្ទាល់ និងការផ្តល់មូលនិធិដោយប្រយោល តាមរយៈគំនិត​ផ្តួច​ផ្តើម​មីក្រូហិរញ្ញវត្ថុសម្រាប់អាស៊ី (MIFA) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្កើនប្រសិទ្ធភាព (MEF) និងការផ្តល់មូលនិធិពីដៃគូ “ប្រមូលផ្តុំ” ដោយ IFC។ (​រូបថតដោយ៖ Emilie Languedoc/ Mongabay)

ការវិនិយោគទៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេទាំងប្រាំមួយរបស់កម្ពុជាទាំងនេះ ឥឡូវ​នេះ​ស្ថិតក្នុងដំណាក់កាលនៃអ្នកឃ្លាំមើលផ្ទៃក្នុងរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) គឺ​ការិយាល័យ​ទីប្រឹក្សាអនុលោមភាព/ភ្នាក់ងារអង្កេត (CAO)។ បច្ចុប្បន្ន CAO កំពុងស៊ើប​អង្កេត​ថាតើសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរំលោភលើស្តង់ដារអភិបាលកិច្ចបរិស្ថាន និង​សង្គម​របស់ខ្លួនដែរឬទេ បន្ទាប់ពីពាក្យបណ្តឹងដែលគាំទ្រដោយអង្គការក្រៅរដ្ឋាភិបាល​ក្នុង​ស្រុក​ចំនួនពីរ​ដែលបង្ហាញពីផលប៉ះពាល់នៃការជំពាក់បំណុលវ័ណ្ឌក រួមទាំងការបាត់បង់ដីធ្លី​នៅក្នុងសហគមន៍ជនជាតិដើមភាគតិច។

លោក Ian Baird ជាសាស្ត្រាចារ្យភូមិសាស្ត្រនៅសាកលវិទ្យាល័យ Wisconsin-Madison ហើយ​រូប​លោកបានធ្វើការនៅភាគឦសាននៃប្រទេសកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ និងបាន​ធ្វើការសិក្សាកាលពីឆ្នាំ ២០២៣ ស្តីពីឥទ្ធិពលនៃប្រាក់កម្ចីនៅក្នុងដំណើរការផ្តល់​បណ្ណកម្មសិទ្ធិដីធ្លីនៃភូមិតាហ៊ឺយ បានលើកឡើងថា៖ «មានភាពផ្ទុយគ្នាទាំងស្រុងរវាង​ធនាគារ​ពិភពលោកដែលព្យាយាមគាំទ្រការផ្តល់ប័ណ្ណកម្មសិទ្ធិដីសហគមន៍តាមរយៈគម្រោងដីសង្គមកិច្ច (LASED III) ហើយបន្ទាប់មក សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ផ្តល់ប្រាក់កម្ចីដល់​ឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ ដោយមិនគិតពីរបៀបដែលការផ្តល់ប្រាក់កម្ចី​អាចដំណើរការ​ប្រឆាំងនឹងដី [សហគមន៍ជនជាតិដើមភាគតិច]»

ក្រុមធនាគារពិភពលោក និងដៃគូអនុវត្តគម្រោង LASED III រួមទាំងក្រសួងដែនដីរបស់កម្ពុជា មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេជុំវិញរឿងនេះ។

Mongabay បានសម្ភាសជាមួយអ្នកភូមិជនជាតិដើមភាគតិចជាច្រើននាក់ និងអ្នកតំណាង​មក​ពី​សហគមន៍ចំនួនប្រាំក្នុងខេត្តរតនគិរី ដែលបានលើកឡើងថា កម្ចីធនាគារគឺជាហេតុផល​ចម្បង​ដែលនាំឲ្យមានការបញ្ចប់កម្មវិធី កម្មសិទ្ធិដីសហគមន៏សមូហភាពរបស់ពួកគេ។ មេដឹកនាំ​ជនជាតិដើមភាគតិចព្នងនៅក្នុងភូមិជាច្រើនក្នុងខេត្តមណ្ឌលគិរី បានកត់​សម្គាល់ពី​និន្នាការ​ស្រដៀងគ្នានៃប្រាក់កម្ចីធនាគារ ដែលនាំទៅដល់ការបែកបាក់ក្នុង​សហគមន៍របស់​ពួកគេ ហើយធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់បណ្ណកម្មសិទ្ធិ​ដី​សហគមន៍​សមូហភាព ដែលកំពុងតែអនុម័ត។

បុគ្គលិកនៃអង្គការសិទ្ធិជនជាតិដើមភាគតិចមួយចំនួន ក៏បានលើកឡើងពីកម្ចីធនាគារថាជាការគំរាមកំហែងយ៉ាងចម្បង ចំពោះអនាគតនៃការធានាឲ្យបាននូវប័ណ្ឌកម្មសិទ្ធិដីធ្លីសហគមន៍សមូហភាពជនជាតិដើមភាគតិចនៅកម្ពុជា។

អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លោក កាំង តុងងី បានប្រាប់ Mongabay តាមសារអ៊ីម៉ែលថា៖ «មនុស្សគ្រប់រូបគួរតែមានសេរីភាពក្នុងការជ្រើសរើស​អ្វីដែលល្អ​បំផុត​សម្រាប់ពួកគេ ថាតើវាជាកម្មសិទ្ធិបុគ្គល ឬកម្មសិទ្ធិសហគមន៍រួម»។

ទោះជាយ៉ាងណាក៏ដោយ តំណាងអង្គការក្រៅដ្ឋាភិបាល សកម្មជនសិទ្ធិជនជាតិដើម និងអ្នក​ស្រាវ​ជ្រាវមួយចំនួន បានកត់សម្គាល់ថា គោលការណ៏សិទ្ធិដីធ្លី និងការអនុវត្តការ​ផ្តល់ប្រាក់​កម្ចី​ក្នុងឧស្សាហកម្មនេះ បានដាក់សម្ភាពឲ្យសហគមន៍ត្រូវតែជ្រើសរើសរវាងបណ្ណកម្មសិទ្ធិ​រៀងៗ​ខ្លួនដោយហេតុនេះធ្វើឲ្យបាត់បង់ការការពារដីប្រពៃណី និងព្រៃឈើ​ដ៏មានសារៈសំខាន់​។ ពួកគេនិយាយថា សហគមន៍ត្រូវការទាំងពីរ។

លោក Baird និយាយ​ថា​៖ «​ត្រូវ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​គាំទ្រ​សហគមន៍​ទាំងនោះ​ ដើម្បី​ឲ្យ​ពួកគេ​មាន​លទ្ធភាព​ទទួល​បាន​ឥណទាន​ ហើយ​កុំ​មាន​អារម្មណ៍​ថា​ពួកគេ​ត្រូវ​បាត់បង់​ដោយ​សារ​​តែ​បណ្ណកម្មសិទ្ធិ​សហគមន៍​រួម»​

ព្រៃ​បញ្ចុះសព​ជនជាតិ​ដើម​ភាគតិច​ព្រៅ និង​គ្រឹង នៅ​ភូមិ​តាហ៊ឺយ ខេត្ត​រតនគិរី។ រូបថតដោយ ៖ (Mech Choulay/ Mongabay)

កាដាក់បញ្ចាំដីសហគមន៍

បន្ទាប់ពីការបញ្ចប់ជម្លោះ និងអស្ថិរភាពជាច្រើនទស្សវត្សរ៍ រួមទាំងការបំផ្លិចបំផ្លាញសិទ្ធិទទួល​ទ្រព្យសម្បត្តិទាំងអស់នៅក្រោម​របប​ផ្តាច់ការ​ខ្មែរក្រហម រវាងឆ្នាំ១៩៧៥ និង១៩៧៩ ច្បាប់​ភូមិបាល​ឆ្នាំ២០០១ របស់ប្រទេសកម្ពុជាបានដាក់ចេញនូវមូលដ្ឋានគ្រឹះនៃបណ្ណកម្មសិទ្ធិ​សហគមន៍​ជនជាតិដើមភាគតិច។ វាមិនទាន់ដល់ឆ្នាំ២០០៩ នោះទេ ពេលដែលដំណើរការ​នៃ​ការទទួលបានប័ណ្ណកម្មសិទ្ធិ​សហគមន៍ត្រូវបានបញ្ជាក់ឱ្យបានច្បាស់លាស់ ទោះបីជាដី​ជនជាតិដើមភាគតិចជាច្រើនត្រូវបានកាត់ចេញទៅឱ្យក្រុមហ៊ុនជាច្រើនតាមរយៈសម្បទានដីសេដ្ឋកិច្ច ដែលផ្តល់ដោយរដ្ឋាភិបាលក៏ដោយ។

ដំណើរការ ចុះបញ្ជីដីសមាគមន៏សមូហភាព ជាធម្មតាចំណាយពេលច្រើនឆ្នាំ ហើយអាច​ចំណាយ​ថវិកា​អស់ជាង ៦០ ០០០ដុល្លារ នេះ​បើយោងតាមលោក វ៉ាន់​ និមល អ្នកគ្រប់គ្រង​កម្មវិធីសម្រាប់ខេត្តរតនគិរីនៃអង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច។ អង្គការក្រៅ​រដ្ឋាភិបាលរបស់គាត់ដឹកនាំការផ្តល់បណ្ណកម្មសិទ្ធិដីសហគមន៍នៅក្នុងរាប់សិបភូមិ ហើយ​បាននឹងកំពុងជួយដល់គម្រោងដីសង្គមកិច្ច (LASED III) របស់ធនាគារពិភពលោក។

មានក្រុមជនជាតិដើមភាគតិចប្រមាណជា២៤នៅក្នុងប្រទេសកម្ពុជា ដែលស្មើនឹង២ទៅ៣ ភាគរយនៃចំនួនប្រជាជន១៦លាននាក់នៃប្រទេស ជាមួយគ្នានោះមានសហគមន៍ជនជាតិ​ដើម​ភាគតិច ដែលទទួលស្គាល់ដោយរដ្ឋាភិបាលជាង៤៥០សហគមន៏។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​តែ៤០​នាក់ ​ប៉ុណ្ណោះ​ដែល​បាន​ទទួល​បណ្ណ​កម្មសិទ្ធិ​​ដី​សហគមន៍សមូហភាព។

ខណៈពេលដែលបណ្ណកម្មសិទ្ធិដីធ្លីសហគមន៍ធ្លាក់ចុះដោយសារភាពអូសបន្លាយរបស់​អាជ្ញាធរ រដ្ឋាភិបាលកម្ពុជាបានផ្សព្វផ្សាយបណ្ណកម្មសិទ្ធិឯកជន​ទូទាំងប្រទេស​តាមរយៈ​គោលនយោបាយកំណែទម្រង់ដីធ្លីឆ្នាំ២០១២ ដែលជំរុញឱ្យមានការបែកបាក់ក្នុងចំណោម​សហគមន៍​ជនជាតិដើមភាគតិច។

ហើយនៅភាគឦសានរបស់ប្រទេសកម្ពុជាបានបើកទូលាយដល់ទីផ្សារពិភពលោក សហគមន៍បានចាកឆ្ងាយពីកសិកម្មប្រពៃណី និងផលិតផលព្រៃឈើ ដូចជាជ័រជាដើម តែបែរជាឆ្ពោះទៅរកការដាំដំណាំដូចជា ស្វាយចន្ទី និងកៅស៊ូ វិញ។

ការផ្លាស់ប្តូរដែលកំពុងបន្តត្រូវបានជំរុញកាន់តែខ្លាំងឡើងដោយកម្ចីធនាគារ។

អ្នកខ្ចីប្រាក់ធនាគារសរុប​នៅ​រតនគិរី​ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៣ ដោយស្ថាប័នហិរញ្ញវត្ថុ​នីមួយៗ ដូចដែលបានរាយការណ៍ដោយទិន្នន័យឧស្សាហកម្មផ្ទៃក្នុង នៅចុងបញ្ចប់​នៃឆ្នាំប្រតិទិននីមួយៗ។ ទិន្នន័យសម្រាប់ឆ្នាំ ២០២៣ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា។

ចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០២៣ អ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុពី៧០ទៅ៧៥ នាក់ផ្សេង​ទៀតបានរាយការណ៍អំពីទិន្នន័យប្រាក់កម្ចី (កំណត់ជាប្រាក់កម្ចី “ខ្នាតតូច” នៅក្នុងសំណុំ​ទិន្នន័យផ្ទៃក្នុងរបស់ឧស្សាហកម្ម) ទៅកាន់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ (រូបថតដោយ៖ Emilie Languedoc/ Mongabay)

លោក យុន ឡូរ៉ង់ អ្នកសម្របសម្រួលមូលដ្ឋាននៃសម្ព័ន្ធប្រទេសដើមភាគតិចកម្ពុជា មាន​ប្រសាសន៍ថា៖ «មនុស្សគ្រប់គ្នាត្រូវការប្រាក់កម្ចីដើម្បីកែលម្អការអភិវឌ្ឍន៍របស់ពួកគេ»។ លោកបន្ថែមថា សន្តិសុខដីធ្លីក៏ចាំបាច់សម្រាប់សហគមន៍ជនជាតិដើមភាគតិចផងដែរ។ «យើងស្ថិតនៅក្នុងប្រព័ន្ធទីផ្សារសកល យើងត្រូវប្រើម៉ាស៊ីន យើងត្រូវការប្រេងសាំង ជី។ មនុស្ស​គ្មាន​ជម្រើសអ្វីផ្សេង​ទេ បើ​គេ​មិន​ធ្វើ​ គេមិន​អាច​រស់​បាន។ វា​មិន​ដូច​មុន​នោះទេ»។

លោកថ្លែង​បន្ថែម​ថា​៖ «​ទោះ​បីជាអ្នក​មាន​បណ្ណ​កម្មសិទ្ធិ​ដី​សហគមន៍ ​ក៏​នៅ​តែ​ត្រូវ​ការ​លុយ​ដែរ ពេល​កូន​ឈឺ​ទៅ​ពេទ្យ ​ទៅ​រៀន រាល់​អ្វី​ៗទាំងអស់ដែល​យើងត្រូវ​ចំណាយ»។ អញ្ចឹងតើយើងទៅរកលុយនៅឯណាបាន?»

ដូចប្រជាជនកម្ពុជាជាច្រើនទៀតដែរ សហគមន៍ជនជាតិដើមភាគតិច បានពឹងផ្អែកលើ​កម្ចី​ធនាគារ ដែលជាទម្រង់នៃសុខុមាលភាពសង្គម ដើម្បីរ៉ាប់រងការចំណាយលើសុខភាព ឬសូម្បី​តែ​ចំណាយសម្រាប់ពិធីមង្គលការ បុណ្យសព និងពិធីបុណ្យសំខាន់ៗផ្សេងទៀត មិនរាប់​បញ្ចូល​​​តែការប្រាក់ប្រចាំឆ្នាំ ១៨ភាគរយប៉ុណ្ណោះ ហើយគ្មាន​ប្រាក់ចំណូលលើការវិនិយោគ​នេះ​​ថែមទៀត។ Phasy Res អ្នក​ស្រាវជ្រាវ ​ដែល​សិក្សា​ផ្នែក​មីក្រូហិរញ្ញវត្ថុ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា និយាយបែបនេះ។

លើសពីនេះ សហគមន៍ជនជាតិដើមភាគតិចជាច្រើន ពិសេសអ្នកខ្ចីដែលមានហានិភ័យខ្ពស់ ខ្វះបទពិសោធន៍ជាមួយស្ថាប័នហិរញ្ញវត្ថុ និងភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់​ភាសាខ្មែរ​ទៅ​ទៀត។

ទិន្នន័យឧស្សាហកម្មផ្ទៃក្នុងដែលចងក្រងដោយ CMA និងទទួលបានដោយ Mongabay បង្ហាញ​​ថា នៅចន្លោះឆ្នាំ 2018 ដល់ត្រីមាសទី៣ ឆ្នាំ២០២៣ ចំនួនបំណុល​ដែលជំពាក់​ដោយ​អ្នកខ្ចីធនាគារនៅខេត្តរតនគិរី បានកើនឡើងពីប្រហែល១១១លានដុល្លារ ដល់ជាង២២៦ លាន​​ដុល្លារ ជាមួយនឹងចំនួនអ្នកខ្ចីកើនឡើងពីប្រហែល ៣១ ០០០ដល់ជាង ៤៦ ០០០នាក់ ។

ចំនួនសរុបនៃបំណុលដែលជំពាក់ដោយអ្នកខ្ចីនៅរតនគិរីគិតត្រឹមថ្ងៃទី31 ខែធ្នូ នៃឆ្នាំ​ប្រតិទិននីមួយៗ។ ទិន្នន័យសម្រាប់ឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា។

ចន្លោះឆ្នាំ២០១៨ និង២០២៣ អ្នកផ្តល់សេវាហិរញ្ញវត្ថុពី៧០ទៅ៧៥នាក់ផ្សេងទៀត​បាន​រាយការណ៍​​អំពីទិន្នន័យប្រាក់កម្ចី (កំណត់ជាប្រាក់កម្ចី«ខ្នាតតូច» នៅក្នុងសំណុំទិន្នន័យ​ផ្ទៃក្នុងរបស់ឧស្សាហកម្ម) ទៅកាន់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ (រូបថតដោយ៖ Emilie Languedoc/ Mongabay)

ទោះបីជាយ៉ាងនេះក៏ដោយ មានតែអ្នកខ្ចី ប្រហែល១៣ភាគរយ ប៉ុណ្ណោះដែល​និយាយថា ពួក​គេ​មានអារម្មណ៍ថាប្រាក់កម្ចី បានជួយកែលម្អជីវិតរបស់ពួកគេដោយផ្ទាល់ នេះបើយោង​តាម​ការ​សិក្សាពីបរិមាណអ្នកខ្ចីធនាគារមួយក្នុងឆ្នាំ២០២៤ ដែលផ្តល់មូលនិធិដោយសមាគម​​មីក្រូ​ហិរញ្ញវត្ថុកម្ពុជា(CMA)។ យ៉ាងហោចណាស់មានអ្នកខ្ចីម្នាក់ក្នុងចំណោម៥នាក់​នៅក្នុង​ការ​សិក្សា​នេះក៏បាននិយាយថាពួកគេចំណាយច្រើនជាង៧០%នៃប្រាក់ចំណូល​ប្រចាំខែ​របស់​ពួក​គេ ដើម្បីសងប្រាក់កម្ចី ដែលលើសពីស្តង់ដារអន្តរជាតិសម្រាប់បំណុលវ័ណ្ឌករ។ ប៉ុន្តែនៅ​ភូមិ​តាហ៊ឺយ ប្រជាជនមួយចំនួនបានទទួលស្គាល់ថា កម្រិតជីវភាពរបស់សហគមន៍​បានកើន​ឡើង​យ៉ាង​ខ្លាំង ទោះបីជាផ្នែកនៃការផ្លាស់ប្តូរកាន់តែទូលំទូលាយនៅក្នុងសង្គមកម្ពុជា និង​សហគមន៍​​​ជនជាតិដើមភាគតិច ដែលកំពុងជួបប្រទះឥទ្ធិពលនៃសកលភាវូបនីយកម្មក៏ដោយ​។

លោក ប្រាក់ ប៊ុនសឺយ មេ​ឃុំ​តឺន ដែល​ជា​តំបន់​រដ្ឋបាល ​ដែល​រួម​មាន​ភូមិ​តាហ៊ឺយ បាន​និយាយ​ថា៖ «មុននឹងផ្តល់ប្រាក់កម្ចី អ្នកគ្រប់គ្នាទើបតែមានផ្ទះតូចមួយធ្វើពីឫស្សី ពួកគេ​មិនមានផ្ទះធំ​ដូច​ពេលបច្ចុប្បន្ននេះទេ ឬម៉ូតូទេ។ អ្នក​ខ្លះ​មានទាំង​ឡាន​ល្អ​ជិញទៀត។ វាល្អជាង​មុន​ឆ្ងាយ​ដែរ»​។​

ទោះបីជាអ្នកផ្តល់ប្រាក់កម្ចីមួយចំនួនឥឡូវនេះផ្តល់ប្រាក់កម្ចី តាមរយៈ«ក្រុម» ដោយគ្មាន​វត្ថុបញ្ចាំ ដែលអ្នកខ្ចីជាច្រើនទទួលខុសត្រូវចំពោះបំណុលរបស់គ្នាទៅវិញទៅមក ចំនួនទឹក​ប្រាក់​ដែលបានផ្តល់ជូនត្រូវបានរិតត្បឹត ហើយអ្នកខ្ចី ដែលជាជនជាតិដើមភាគតិច​ជាច្រើន​បានប្រាប់ Mongabay ថាពួកគេមិនបានពិចារណាប្រាក់កម្ចីជាក្រុមដោយខ្លួនឯង​គ្រប់គ្រាន់​ដើម្បីបំពេញតម្រូវការរបស់ពួកគេ ឬផ្សេងទៀតនោះទេ បើមិនដួច្នោះទេប្រាក់កម្ចីជា​ក្រុម​ដោយ​មិនដឹងខ្លួន គឺជាជម្រើសមួយដែលជៀសមិនរួច។

រឿងជាទូទៅនៅក្នុងឧស្សាហកម្មនេះ គឺការប្រើប្រាស់បណ្ណកម្មសិទ្ធិដីធ្លីឯកជនជាវត្ថុបញ្ចាំ ដែល​អង្គការសិទ្ធិមនុស្សបានចង្អុលបង្ហាញថា នាំទៅរកប្រាក់កម្ចី ដែលចេញដោយ​ផ្អែក​លើ​ទ្រព្យសម្បត្តិជាជាងប្រាក់ចំណូល ដែលអ្នកខ្ចីអាចរកបាន និងផ្តល់ឱ្យ​អ្នកផ្ដល់កម្ចី​នូវឥទ្ធិពល​ផ្លូវចិត្តយ៉ាងសំខាន់លើអ្នកខ្ចី។ ធនាគារ KB ប្រាសាក់ ភីអិលស៊ី ដែលជាអ្នក​ផ្តល់ប្រាក់កម្ចីដ៏ធំ​បំផុត​មួយរបស់ប្រទេស បានរាយការណ៍ថា ៩៩,៩៩ភាគរយនៃប្រាក់កម្ចីរបស់ខ្លួនក្នុងឆ្នាំ ២០២២ ត្រូវបានបញ្ចាំជាមួយនឹងបណ្ណកម្មសិទ្ធិដីធ្លី។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយទៀត អេស៊ីលីដា បានរាយការណ៍ថា ប្រហែល៩៥ភាគរយ នៃប្រាក់កម្ចីរបស់ខ្លួន​ត្រូវដាក់បញ្ចាំ​ដោយ​​ទ្រព្យសម្បិត្ត។ ទោះជាយ៉ាងណាក៏ដោយ ឧស្សាហកម្មនេះមិនដំណើរការតាម​របៀប​នេះ​នៅក្នុងប្រទេសផ្សេងទៀតដែលមានវិស័យមីក្រូហិរញ្ញវត្ថុធំៗ ដូចជាប្រទេសឥណ្ឌា ដែល​ចាប់តាំងពីឆ្នាំ ២០២១ បានកំណត់មីក្រូហិរញ្ញវត្ថុថាជាការផ្តល់«ប្រាក់កម្ចីដែលគ្មានវត្ថុបញ្ចាំ» ដើម្បីកាត់បន្ថយហានិភ័យសម្រាប់អ្នកខ្ចីដែលមានចំណូលទាប។

ខណៈបរិមាណប្រាក់កម្ចី បានកើនឡើងនៅក្នុងប្រទេសកម្ពុជា ប្រមាណ៦០ភាគរយ នៃ​ម្ចាស់​ដី​នៅក្នុងឃុំតឺនបានលក់ដីក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដែលភាគច្រើនទៅឱ្យ«អ្នក​ក្រៅ»​​​ដែលមិនមែនជាជនជាតិដើមភាគតិច ហើយជារឿយៗដើម្បីសងបំណុលដែល​ទាក់ទង​នឹងប្រាក់កម្ចីធនាគារ យោងតាម Bunsoey។

ដី​ដែល​ដើម​ឡើយ​បម្រុង​ទុក​ទុក​ជា​ព្រៃ​បម្រុង​ក្នុង​ភូមិ​ភូមិ​តាហ៊ឺយ ត្រូវ​បាន​គេ​កាប់​ឆ្ការ​កាន់​តែ​ខ្លាំង ហើយ​ទាមទារ​ធ្វើ​កសិកម្ម។ (Mech Choulay/ Mongabay)

ការលក់ដីដែលបណ្ដាលមកពីបញ្ហាបំណុល គឺជាផលវិបាកនៃការរីកចម្រើននៃ​ឧស្សាហកម្ម​មីក្រូហិរញ្ញវត្ថុរបស់កម្ពុជា គាំទ្រដោយការសិក្សាឆ្នាំ ២០២២ ដែលផ្តល់មូលនិធិ​ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង់។ វាជាកត្តាជំរុញដ៏ធំបំផុតមួយរបស់មីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែល​ការ​ប៉ាន់ប្រមាណថាបំណុលវ័ណ្ឌកអាចជាកត្តាជំរុញឲ្យមាន ការលក់ដីចំនួន ១៦៧ ០០០ ក្នុង​រយៈពេលប្រាំឆ្នាំចុងក្រោយនេះ។

នេះ​បើ​តាម​អនុ​មេ​ភូមិ លោក បា ប៊ុនធី ដែល​និយាយ​ថា ប្រជាពលរដ្ឋ​ជាង ២៥០​គ្រួសារ​នៅ​ភូមិ​តាហ៊ឺយ បានខ្ចីប្រាក់ពីធនាគារ។

លោក ប៊ុនធី និយាយ​ថា​«​អ្នក​ខ្ចី​លុយ​ធនាគារ​ រួចទៅ​ទន្ទ្រាន​ដី​។ «អ្នក​គ្មាន​លុយ​សង​វិញ​ទេ ដូច្នេះ​អ្នក​ទៅ​រក​អ្នក​ឲ្យ​ខ្ចី​ជាលក្ខណៈឯកជន រួច​ប្រគល់​ដី ​ដែល​អ្នក​ទន្ទ្រានបាន ​ទៅ​ឲ្យ​អ្នក​ដែលឲ្យអ្នកខ្ចីលុយវិញ។ ដី​កាន់​តែ​ច្រើន ពួក​គេ​អាច​រក​ប្រាក់​បាន​ច្រើន»

មេ​សហគមន៍​និយាយ​ថា ព្រៃ​បម្រុង​ទុក​ចំនួន៣៥៤ហិកតា​របស់​ភូមិ​តាហ៊ឺយ ដែល​មាន​បំណង​ផ្តល់​សន្តិសុខ​ដី​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ត្រូវ​បាន​កាប់​ឆ្ការ​ចាប់​តាំង​ពី​ឆ្នាំ ២០២១ មកម្ល៉េះ។ កសិករមកពីក្នុងភូមិ និងអ្នកខាងក្រៅ នៅតែបន្តកាប់ឆ្ការដីព្រៃអារក្ស ដែលទំហំជាង ១០០ ហិកតា  ហើយដើមស្វាយចន្ទីអាចមើលឃើញ នៅជាប់ក្បែរព្រំដែនព្រៃឈើ ។ នេះបើ​យោង​តាម​លោក Javieng Mie ដែលជាមេភូមិ។

លោក ប្រាក់ សុងខាំ ជាប្រជាពលរដ្ឋនៅភូមិតាហ៊ឺយ និងជាអតីតសមាជិកគណៈកម្មាធិការ​ដីសហគមន៏សមូហភាព (ICLT)  និយាយថា គាត់សង្កេតឃើញសហគមន៍របស់គាត់​ប្រហែល​មួយភាគបីទាមទារ និងឈូសឆាយដីព្រៃពីមុន ហើយគាត់បារម្ភពីផលប៉ះពាល់រយៈពេលវែង។

លោក ប្រាក់ សុងខាំ និយាយ​ថា​៖«​បើ​គ្មាន​បណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព ហើយ​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ខ្ចី​ប្រាក់​ពី​ធនាគារ​ទៀត យើង​នឹង​បាត់បង់​អ្វីៗ​ទាំងអស់​។ នៅ​ថ្ងៃ​ចុង​ក្រោយ ពួក​គេ​នឹង​ត្រូវ​លក់​អ្វី​ដែល​ពួក​គេ​ត្រូវ​សង​វិញ រួម​ទាំង​ផ្ទះ ដី ឬ​របស់​របរ​ផង​ដែរ។ ការ​បាត់​បង់​វប្បធម៌ និង​ឯកភាព​ក្នុង​សហគមន៍​នឹង​កើត​ឡើង​ជា​បណ្តើរៗ»

អ្នកភូមិតាហ៊ឺយ លោក ប្រាក់ សុងខាំ បានព្យាយាមជួយជនជាតិដើមភាគតិចព្រៅ និងគ្រឹង ទទួលបានប័ណ្ណកម្មសិទ្ធិសហគមន៍ជនជាតិដើមភាគតិច ប៉ុន្តែមានការស្រងាកចិត្ត​នៅពេលដែលអ្នកភូមិភាគច្រើនបានបោះឆ្នោតបញ្ចប់ដំណើរការនៅឆ្នាំ២០២២។

ភាពលំបាកក្នុងការទូទាត់សង

នាខែសីហា អង្គការឃ្លាំមើលផ្ទៃក្នុងរបស់ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បាន​បើកការ​ស៊ើបអង្កេតលើការវិនិយោគរបស់ខ្លួននៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេចំនួន៦របស់​កម្ពុជា បន្ទាប់ពីមានការចោទប្រកាន់ ថាគ្រឹះស្ថានទាំងនោះបានរំលោភលើគោលការណ៍​តឹង​រ៉ឹងរបស់ IFC ជាច្រើនឆ្នាំ រួមទាំងការការពារសិទ្ធិសហគមន៍ជនជាតិដើមភាគតិចផងដែរ។

ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីទាំងប្រាំមួយគឺ អិលអូអិលស៊ី ខេមបូឌា (LOLC Cambodia) ប្រាសាក់ (Prasac) អមរឹត (Amret) ស្ថាបនា (Sathapana) អេស៊ីលីដា (ACLEDA) និង ថត្ថាកសិករ (Hattha) ដែលតំណាងឱ្យប្រហែល ៧៥ភាគរយ នៃទីផ្សារកម្ពុជា។ ទាំងអស់ផ្តល់​ប្រាក់កម្ចី​នៅ​ក្នុងភូមិជនជាតិដើមភាគតិច ដែលបានលុបចោលកម្មវិធី ដីសមាគមន៏សមូហភាពរបស់​ពួកគេ។

អ្នកនាំពាក្យរបស់ IFC បានកត់សម្គាល់ថា មីក្រូហិរញ្ញវត្ថុជួយដល់ជីវភាពរស់នៅ ប៉ុន្តែបាន​ទទួល​ស្គាល់ពី«ការព្រួយបារម្ភដែលសមហេតុផល» អំពីផលប៉ះពាល់នៃបំណុលវ័ណ្ឌករលើ​អ្នក​ខ្ចី។

ចំនួន​កម្ចី​ដែល​មិនទាន់ទូទាត់ជា​មធ្យម​សម្រាប់​អ្នក​ខ្ចី​នៅ​ខេត្ត​រតនគិរីម្នាក់ ចំនួនប្រាក់កម្ចីជា (មធ្យម) ដែលជំពាក់សម្រាប់អ្នកខ្ចីដូចដែលបានរាយការណ៍​ដោយ​ទិន្នន័យ​ឧស្សាហកម្មផ្ទៃក្នុងនៅចុងបញ្ចប់នៃឆ្នាំប្រតិទិននីមួយៗ។ ទិន្នន័យសម្រាប់ឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា។

រវាងឆ្នាំ២០១៨ និង២០២៣ អ្នកផ្តល់សេវាហិរញ្ញវត្ថុពី ៧០ ទៅ ៧៥ នាក់ផ្សេងទៀត​បាន​រាយការណ៍អំពីទិន្នន័យប្រាក់កម្ចី (កំណត់ជាប្រាក់កម្ចី «ខ្នាតតូច» នៅក្នុង​សំណុំ​ទិន្នន័យ​ផ្ទៃ​ក្នុងរបស់ឧស្សាហកម្ម) ទៅកាន់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ (រូបថតដោយ៖ Emilie Languedoc/ Mongabay)

លោកស្រី Naly Pilorge នាយកផ្សព្វផ្សាយនៃអង្គការសិទ្ធិមនុស្សកម្ពុជាលីកាដូ ដែលជា​អង្គការ​ក្រៅរដ្ឋាភិបាលមួយ និងបានដាក់ពាក្យបណ្តឹងទៅកាន់ IFC មានប្រសាសន៍ថា អ្នកវិនិយោគត្រូវតែធ្វើសវនកម្មឯករាជ្យ តាមសហគមន៍ជនជាតិដើមភាគតិច​ក្នុងប្រទេស​កម្ពុជា ដែលជាផ្នែកមួយនៃ «កម្មវិធីបន្ធូរបន្ថយបំណុលជាប្រព័ន្ធ» ដើម្បីកាត់បន្ថយ «ការ​រំលោភ​បំពាន» នៃស្តង់ដារ IFC។ ប៉ុន្តែ​អ្នកស្រី សង្កត់ធ្ងន់ថា ​វា​នៅ​តែ​មាន«​ការ​បន្ត​នៃ​ការ​ធ្វើ​អាជីវកម្មបែបរំលោភបំពាន ​ដែល​ត្រូវ​បាន​គេ​ធ្វើ​ដូច​ជា​ទម្លាប់ទៅហើយ»

ទិន្នន័យ​ឧស្សាហកម្ម​ផ្ទៃក្នុង​ពី​ឆ្នាំ២០២៣ បង្ហាញ​ពី​ការកើនឡើង​បំណុលវ័ណ្ឌក​ក្នុង​ខេត្ត​រតនគិរី​។ នៅក្នុងខែធ្នូ ឆ្នាំ២០១៨ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថាមានតែ០,៣១ភាគរយ នៃផលប័ត្រឥណទានកម្ចីរបស់ឧស្សាហកម្មក្នុងខេត្តរតនគិរី ដែលត្រូវជំពាក់ក្រោយរយៈពេល ៣០ថ្ងៃ មិនទាន់បានទូទាត់។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ចំនួននេះ​បានកើន​ឡើង​ដល់៦,៧ភាគរយ (មិនរាប់បញ្ចូលអេស៊ីលីដា ដោយសារភាពមិនប្រក្រតីនៃទិន្នន័យ) លើសពី​អត្រាទូទាំងប្រទេស ដែលមាន៦,៥ ភាគរយដែលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បាន​រាយការណ៍សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ។

កម្ចីមិនដំណើរការក្នុងខេត្តរតនគិរី

ភាគរយនៃផលប័ត្រប្រាក់កម្ចី ដែលមិនទាន់ទូទាត់បន្ទាប់ពីលើសពី៣០ថ្ងៃ ដូចដែល​បាន​រាយការណ៍​​ត្រឹមថ្ងៃទី ៣១ ខែធ្នូ នៃឆ្នាំប្រតិទិននីមួយៗ។ ទិន្នន័យសម្រាប់ឆ្នាំ២៣ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា។ ប្រាក់កម្ចីមិនដំណើរការត្រូវបានកំណត់ថាជាផលប័ត្រនៅសមាមាត្រ​ហានិភ័យ (PAR +30 Ratio) នៅក្នុងទិន្នន័យផ្ទៃក្នុងរបស់ឧស្សាហកម្ម។

ចន្លោះឆ្នាំ ២០១៨ និង២០២៣ អ្នកផ្តល់សេវាហិរញ្ញវត្ថុពី៧០ទៅ៧៥នាក់ផ្សេងទៀត​បានរាយការណ៍អំពីទិន្នន័យប្រាក់កម្ចី (កំណត់ជាប្រាក់កម្ចី«ខ្នាតតូច» នៅក្នុង​សំណុំ​ទិន្នន័យផ្ទៃក្នុងរបស់ឧស្សាហកម្ម) ទៅកាន់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ទិន្នន័យមិនពេញលេញមានសម្រាប់ធនាគារអេស៊ីលីដា និងស្ថាបនា។ (រូបថតដោយ៖ Emilie Languedoc/ Mongabay)

នៅក្នុងសៀវភៅបញ្ជីទិន្នន័យនៃសមាគមមីក្រូហិរញ្ញវត្ថុ( CMA) ដែលចងក្រងឡើងពី​ក្រុមហ៊ុន​មី​ក្រូហិរញ្ញវត្ថុនីមួយៗ ក្រោមជួរឈរដែលដាក់ស្លាកថា «បញ្ហា» ក្នុងស្រុកកូនមុំ ភូមិតាហ៊ឺយ ធនាគារ​មីក្រូហិរញ្ញវត្ថុ Woori បានរាយការណ៍ថា «ការបាត់បង់ផលិតផលកសិកម្ម បំណុល​ច្រើន អ្នកឱ្យខ្ចីលុយ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើន» — សេខក្ដីអត្ថាធិប្បាយ​ដែល​​បាន​ធ្វើ​ឡើង​វិញដូចគ្នា​សម្រាប់​ស្រុក​ផ្សេង​ទៀត​ ក្នុង​ខេត្ត។ គ្មានអ្នកផ្តល់ប្រាក់កម្ចីផ្សេងទៀត​ត្រូវបាន​ចុះបញ្ជី ថាជាការផ្តល់ព័ត៌មានផ្សេងទៀតទេ ហើយធនាគារ Woori ដែលជាក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុងស្រុកនៃធនាគារដ៏ធំបំផុតមួយរបស់កូរ៉េខាងត្បូង មិនបានឆ្លើយតបទៅនឹង​សំណើសុំ​ការ​អត្ថាធិប្បាយទេពាក់ព័ន្ធនឹងករណីនេះ។

សម្រាប់អ្នកផ្ដល់កម្ចី ដែលមានលក្ខណៈធំៗមួយចំនួនដូចជា ធនាគារស្ថាបនា ចំនួនអ្នកខ្ចី​ក្នុង​ខេត្តរតនគិរី មិនអាចសងប្រាក់កម្ចីបាន ហាក់ដូចជាកើនឡើង​យ៉ាងខ្លាំងក្នុងរយៈ​ពេល​ប្រាំ​ឆ្នាំចុងក្រោយនេះ ដោយប្រាក់កម្ចីមិនដំណើរការក្រោយរយៈពេល៣០ថ្ងៃកើនឡើង​ពី​តិច​ជាង ១ ភាគរយ ក្នុងឆ្នាំ ២០១៨ ដល់ជាង ១៣ ភាគរយ នៅពាក់កណ្តាលឆ្នាំ២០២៣។ ប្រាសាក់ ដែល​ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេក្នុងខេត្ត បានឃើញភាគរយនៃប្រាក់កម្ចីរបស់ខ្លួន នៅក្នុងជំពាក់បន្ទាប់ពីរយៈពេល 30 ថ្ងៃកើនឡើងពី១,៤ភាគរយទៅ១០,៨ភាគរយ នៅត្រី​មាសទីបីនៃឆ្នាំ ២០២៣ នៅក្នុងភូមិតាហ៊ឺយ ក្នុងស្រុកកូនមុំ។

នកភូមិតាហ៊ឺយ ឈ្មោះ ឡាត់ ហានដូម[J1] នៅកណ្តាល និងឪពុកម្តាយរបស់កញ្ញា និយាយថា កាលពីអតីតកាល ពួកគេត្រូវបានគំរាមកំហែងឱ្យសងប្រាក់កម្ចី ដោយលក់ដីស្រែរបស់ពួកគេ។ (រូបថតដោយ ៖  Jack Brook/ Mongabay)

លោក តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានទទួលស្គាល់​ពីការកើន​ឡើង​នៃប្រាក់កម្ចីមិនដំណើរការនៅក្នុងខេត្ត ដែលលោកបានសន្មតថាជាផលប៉ះពាល់នៃ «ការប្រែប្រួលតម្លៃ» និង«ការប្រែប្រួលអាកាសធាតុ» លើវិស័យកសិកម្ម និងការធ្លាក់ចុះនៃ​វិស័យ​ទេសចរណ៍ និងសេដ្ឋកិច្ចក្នុងស្រុកដែលជាប់ទាក់ទងនឹងជម្លោះសកល និង ផលប៉ះ​ពាល់​ដ៏យូរអង្វែងនៃជំងឺរាតត្បាត COVID-19 ។

មិនមែនគ្រប់អ្នកខ្ចីប្រាក់ធនាគារទាំងអស់សុទ្ធតែវ័ណ្ឌកនឹងបំណុលច្រើននោះទេ ហើយ​មនុស្ស​​ជាច្រើននៅខេត្តរតនគិរី រក្សាការកាន់កាប់ដីធ្លីដ៏ច្រើនសន្ធឹកសន្ធាប់ ទោះបីជាពួកគេ​បង្ហាញពីភាពតានតឹងលើការសងបំណុលក៏ដោយ។ ប៉ុន្តែជាធម្មតាវាត្រូវចំណាយពេល​ប្រហែល​​ប្រាំវដ្ត​នៃប្រាក់កម្ចី មុនពេលអ្នកខ្ចីចាប់ផ្តើមមានបញ្ហានៅពេលដែលចំនួន​ប្រាក់កម្ចី​កើនឡើង។ នេះបើយោងតាម លោក Res ដែលជាអ្នកស្រាវជ្រាវលើបញ្ហាបំណុល។

ហើយបទពិសោធន៍របស់អ្នកភូមិតាហ៊ឺយជាច្រើនបានឆ្លុះបញ្ចាំងពីផលប៉ះពាល់អវិជ្ជមាននៃ​កម្ចីលើសហគមន៍ជនជាតិដើមភាគតិចមួយចំនួនទៀតក្នុងខេត្តរតនគិរី នៅក្នុង​របាយការណ៍​ឆ្នាំ២០២២ ដោយអង្គការមិនមែនរដ្ឋាភិបាលលីកាដូ និងសមធម៌កម្ពុជា។ ស្ថានភាពនេះត្រូវ​បាន​ផ្សំឡើង​ដោយអាកាសធាតុអាក្រក់ បានបំផ្លាញការប្រមូលផលស្វាយចន្ទី ដែលមនុស្ស​ភាគច្រើនពឹងផ្អែកលើវា សម្រាប់ការសងប្រាក់ដើមនៃប្រាក់កម្ចីរបស់ពួកគេ។

កាលពីដើមឆ្នាំនេះ យុវជនម្នាក់នៅភូមិតាហ៊ឺយបានធ្វើអត្តឃាត ដែលជាការ​ធ្វើ​អត្តឃាត​មួយក្នុងចំណោមជនជាតិដើមភាគតិចជាច្រើននាក់ ដែលថ្មីៗនេះត្រូវបានគេរាយការណ៍ថា​បានជះឥទ្ធិពលដោយបំណុលក្នុងខេត្តរតនគិរី។ រឿងនេះបានធ្វើឱ្យស្ត្រីមេម៉ាយមាន​ផ្ទៃពោះ​ម្នាក់ឈ្មោះ ឡាត់ ហានដូមនិងគ្រួសាររបស់គាត់ស្ថិតនៅក្រោមសម្ពាធពីអ្នកផ្តល់ប្រាក់កម្ចី ដែលតម្រូវឱ្យលក់ដីចម្ការតូចមួយ ដែលជាប្រភពចំណូលតែមួយគត់របស់ពួកគេ។

គ្រួសារ ដែលជំពាក់បំណុលគេច្រើននៅភូមិតាហ៊ឺយ បាននិយាយជាមួយ Mongabay ថា ពួកគេបានធ្វើចំណាកស្រុក ឬគ្រោងធ្វើចំណាកស្រុកទៅកន្លែងផ្សេងទៀតក្នុងប្រទេស ឬទៅប្រទេសថៃ ដើម្បីរកប្រាក់ចំណូលឲ្យបានគ្រប់គ្រាន់ ដើម្បីសងការប្រាក់ប្រចាំខែ។

អ្នកភូមិម្នាក់ដែលប្តីរបស់គាត់បានលក់ដីភាគច្រើន ហើយបន្ទាប់មកបាន​ចាកចេញទៅធ្វើការ​នៅចម្ការចេកឆ្ងាយមួយ ដើម្បីជួយពួកគេសងការប្រាក់ជាង ១០ ០០០ដុល្លារ  ដែលខ្លួនជំពាក់​បំណុលអ្នកផ្តល់ប្រាក់កម្ចីខមួយចំនួនផ្សេងទៀត និយាយថា ៖ «បំណុលនេះវាហាក់បីដូចជា​ធ្វើឲ្យយើងឃ្លាតឆ្ងាយពីគ្នា វាហាក់ដូចជាការលែងលះគ្នាអីចឹងដែរ។ សម្រាប់ពេលនេះ ជីវិត​របស់យើងកាន់តែយ៉ាប់យ៉ឺនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយនៅពេលណា ដែលខ្ញុំរក​លុយ​បានពីអ្វីមួយ ខ្ញុំទុកគ្រាន់តែបង់វាទៅធនាគារប៉ុណ្ណោះ ហើយមានអារម្មណ៍ថា​ចង់ធ្លាក់ខ្លួន​ឈឺដោយសារវា»។

អ្នក​ភូមិ​និយាយ​ថា មនុស្ស​មួយ​ចំនួន​បាន​បាត់​បង់​ដី​ស្រែ​ចម្ការ​ជា​ច្រើន ហើយ​បញ្ហា​ផ្លូវចិត្ត​កាន់​តែ​ធ្ងន់ធ្ងរ។ អ្នកឱ្យខ្ចីជាលក្ខណៈឯកជនគិតការប្រាក់លើសពី១០​ភាគរយ ក្នុងមួយខែ ដោយ​ឱកាស​នេះធ្វើឲ្យបញ្ហាបំណុលរបស់អ្នកខ្ចីកើនឡើងធ្វេរដង។ វាបង្ករឲ្យអ្នកខ្ចី ធ្លាក់ក្នុង «បំណុល​ដកខ្លួនមិនរួច» រវាងអ្នកឱ្យខ្ចីឯកជន និងក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុទាំងនេះ។

អ្នក​ភូមិ​តាហ៊ឺយ​ម្នាក់​ ដែល​ជំពាក់​បំណុល​គេ​និយាយ​ថា​៖«ធនាគារ​តែងតែ​ណែនាំ​​ឲ្យ​ខ្ចី​ប្រាក់​បន្ថែម​ទៀត​នៅ​ពេល​ដែល​យើងមិន​មាន​លុយ។ ​នៅ​ពេល​យើង​មិន​មាន​លុយ​សង​ទៅ​ធនាគារ គេ​នឹង​នាំ​អ្នក​ទៅ​ប៉ុស្តិ៍​ប៉ូលីស ហើយ​ណែនាំ​ឲ្យ​អ្នក​លក់​ដី​»។

ក្នុងចំណោមអ្នកផ្តល់ប្រាក់កម្ចីទាំងប្រាំមួយនៅក្នុងការស៊ើបអង្កេតរបស់ CAO មានតែអម្រឹត និងអេស៊ីលីដាប៉ុណ្ណោះដែលឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ Mongabay’s ។ អ្នក​នាំ​ពាក្យ​អម្រឹត​បាន​ថ្លែង​តាម​អ៊ីម៉ែល​ថា អម្រឹត​នឹង​ «​ដោះស្រាយ​បញ្ហា​ពេលណាមួយ​ដែល​​កើត​ឡើង​»​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច។ នាយកប្រតិបត្តិអេស៊ីលីដា លោក អ៊ិន ចាន់នី បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយលោកមានប្រសាសន៍ថា ធនាគាររបស់​លោក«មិនមានផលប័ត្រកម្ចីណាមួយនៅក្នុងអាជីវកម្មកម្ចីទៀតទេ» ទោះបីជាទិន្នន័យ​ឧស្សាហកម្មបង្ហាញថា អេស៊ីលីដា នៅតែផ្តល់ប្រាក់កម្ចី «ខ្នាតតូច» នៅទូទាំង​ប្រទេស​កម្ពុជាក៏ដោយ។ ធនាគារជាតិនៃកម្ពុជា ដែលជានិយតករនៃឧស្សាហកម្មនេះ មិនបាន​ឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។

អ្នកភូមិតាហ៊ឺយ កញ្ញា ឡាត់ ហានដូមមាននិយាយថា កាលពីអតីតកាល កញ្ញា និងក្រុមគ្រួសារបានប្រឈមមុខនឹងសម្ពាធក្នុងការលក់ដីដែលពួកគេមានតិចតួច ទុកសម្រាប់ដាំដុះដំណាំ ដើម្បីសងប្រាក់កម្ចី។ នាង​ឈរ​នៅ​ក្បែរ​ប្រតិទិន​របស់​ក្រុមហ៊ុន​មីក្រូ​ហរិញ្ញវត្ថុ LOLC Cambodia។ (រូបថតដោយ៖ Mech Choulay/ Mongabay)

ជម្រើស និងដំណោះស្រាយមានដែនកំណត់ចំពោះបំណុល

ដោយបារម្ភពីការជំពាក់បំណុលគេ សហគមន៍ជនជាតិដើមភាគតិចមួយចំនួនក្នុងខេត្តរតនគិរី បានចូលរួមក្នុងការអប់រំស្ដីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីបង្រៀនការធ្វើផែនការ និងការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ ទោះបីជាវាមានន័យថា ជាការដាក់ទំនួលខុសត្រូវលើការផ្តល់ហិរញ្ញប្បទាន​ដោយការទទួលខុសត្រូវលើអ្នកខ្ចី មិនមែនអ្នកឱ្យខ្ចីក៏ដោយ។

មានកិច្ចខិតខំប្រឹងប្រែងពីថ្នាក់មូលដ្ឋានផងដែរ ដើម្បីលើកកម្ពស់ក្រុមសន្សំប្រាក់ និងធនាគារ​សហគមន៍ជនជាតិដើមភាគតិច។ ក្នុងឆ្នាំ២០១១ ក្រុមសង្គមស៊ីវិលបានស្វែងរកការអភិវឌ្ឍ​ធនាគារ​សហគមន៍សម្រាប់ភូមិជនជាតិដើមភាគតិចនៅទូទាំងខេត្តរតនគិរី ប៉ុន្តែធនាគារ​ភាគច្រើន​បានដួលមួយផ្នែកដោយសារតែខ្វះទុន និងសមត្ថភាពបច្ចេកទេសមានកម្រិត។

នៅក្នុងសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ តាំង សែម៉ាលូ អ្នកភូមិបានរៀបចំក្រុម​សន្សំ​ប្រាក់​ជាច្រើន ដើម្បីផ្តល់ប្រាក់កម្ចីដល់គ្នាទៅវិញទៅមក និងបង្កើនការប្រាក់ជាប្រាក់​ចំណេញ​។ ក្រុមធំជាងគេដែលរួមបញ្ចូលគ្នានូវសមាជិករាប់សិបនាក់មានប្រហែល ៩ ០០០ដុល្លារ​ជាមួយ​នឹងដែនកំណត់នៃការខ្ចីប្រាក់ប្រហែល១២០ដុល្លារក្នុងពេលតែមួយ។

លោក ក្លាន តាង ប្រធាន​ក្រុម​សន្សំ​សំចៃ​យុវជន​និយាយ​ថា៖«​វា​មិន​គ្រប់គ្រាន់​ទេ យើង​នៅ​តែ​ត្រូវ​ខ្ចី​ពី​ប្រទេស​ជិត​ខាង ឬ​មីក្រូហិរញ្ញវត្ថុ​»។ ទោះយ៉ាងណាក៏ដោយ ក្រុមសន្សំអាចជួយ​មនុស្ស​ដោះស្រាយជាមួយភាពអាសន្ន ដូចជាវិបត្តិផ្នែកវេជ្ជសាស្ត្រជាដើម។

Res អ្នកស្រាវជ្រាវនិយាយថា កម្មវិធីសុខុមាលភាពសង្គម ដែលមិនមែនជាកម្ចីហិរញ្ញវត្ថុ គួរតែ​គ្របដណ្តប់លើការថែទាំសុខភាព និងតម្រូវការមូលដ្ឋានផ្សេងទៀតរបស់គ្រួសារក្រីក្រ។

លោក ក្លាន តាង ជាអ្នកផ្ដូចផ្ដើមដំណើរការក្រុមសន្សំសហគមន៍មួយនៅភូមិចារ៉ាយ ជនជាតិដើមភាគតិច តាំង សែម៉ាលូ ក្នុងខេត្តរតនគិរី ប៉ុន្តែនិយាយថា កង្វះដើមទុន​នៅតែ​តម្រូវ​ឱ្យសមាជិកសហគមន៏ ស្វែងរកកម្ចីសម្រាប់ធ្វើកសិកម្មដដែរ។ (រូបថតដោយ៖ Jack Brook/Mongabay)

Res និយាយថា អ្នកផ្តល់ប្រាក់កម្ចីអាចចាត់វិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់​ដល់​អ្នកខ្ចីដែលងាយរងគ្រោះ។ ទូទាំងឧស្សាហកម្ម អ្នកផ្តល់ប្រាក់កម្ចីអាចអនុញ្ញាត​ឱ្យ​មាន​ភាព​​បត់បែនកាន់តែច្រើនក្នុងកាលវិភាគទូទាត់សង ដើម្បីស្របនឹងលំហូរ​ប្រាក់ចំណូល​ជាក់​ស្តែង​​របស់សហគមន៍ជនជាតិដើមភាគតិច ដោយធ្វើការបង់ប្រាក់ដុំនៅពេលប្រមូលផល ជំនួស​​ឱ្យការទូទាត់ប្រចាំខែបច្ចុប្បន្ន។ អ្នកស្រីបន្ថែមថា ហើយអ្នកផ្តល់ប្រាក់កម្ចីខ្នាតតូច​គួរតែ​ធ្វើការវាយតម្លៃជាទៀងទាត់អំពីរបៀបដែលប្រាក់កម្ចីរបស់ពួកគេត្រូវបានប្រើប្រាស់ ដើម្បី​ធានាថា ពួកគេមិនធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់អ្នកខ្ចី និងសន្តិសុខដីធ្លី។

ការអន្តរាគមន៍មានកម្រិតមួយចំនួនកំពុងដំណើរការ៖ ឧស្សាហកម្មកំពុងពិសោធ​ជាមួយនឹង​ការផ្តល់ការធានារ៉ាប់រងលើដំណាំ ដើម្បីកាត់បន្ថយហានិភ័យដែលការប្រមូលផលមិនល្អ​បង្ក​ឱ្យ​មានការជំពាក់បំណុលគេវ័ណ្ឌករ ដូចករណីកសិករនៅភូមិតាហ៊ឺយជាដើម។ ប៉ុន្តែ​គោលនយោបាយ​នោះនៅតែស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ។​ លោក តុងងី អ្នក​នាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងបែបនេះ។

សម្រាប់ពេលនេះ សហគមន៍ជនជាតិដើមភាគតិចជាច្រើនក្នុងខេត្តរតនគិរី នៅតែពឹងផ្អែកលើ​ប្រាក់កម្ចីធនាគារ ដើម្បីផ្គត់ផ្គង់ជីវភាពរបស់ពួកគេ ដែលមិនសូវមាន​សំណាញ់​សុវត្ថិភាព​នៅឡើយ​ទេ។ ម្យ៉ាងវិញទៀត ផែនការរបស់ធនាគារពិភពលោកក្នុងការជួយពួកគេ​ទទួល​បានបណ្ណកម្មសិទ្ធិដីសហគមន៍ហាក់ដូចជាមានការខ្វះខាត ដោយផ្អែកលើការអនុវត្ត​នៃការ​ផ្តល់ប្រាក់កម្ចីដ៏លេចធ្លោនៃការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីធ្លីធ្វើជាវត្ថុបញ្ចាំ។

នៅក្នុងសហគមន៍ជនជាតិដើមភាគតិចគ្រឹងនៃភូមិធួយអំពិល ជិតទីរួមខេត្ត ភូមិបានបោះឆ្នោត​នៅឆ្នាំ២០២២ ដើម្បីបញ្ចប់ការស្នើសុំបណ្ណកម្មសិទ្ធិសហគមន៍របស់ខ្លួន បើទោះបីជាបានជួប​ពិភាក្សា​ជាមួយក្រុមគម្រោងរបស់ធនាគារពិភពលោកកាលពីឆ្នាំមុនក៏ដោយ។ សហគមន៍​នៅតែ​ចង់បានការការពារទីបញ្ចុះសព វិញ្ញាណ និងព្រៃបម្រុង ប៉ុន្តែមិនមែនសម្រាប់ផ្ទះសម្បែង និងដីស្រែចម្ការរបស់ពួកគេទេ ព្រោះពេលនោះពួកគេមិនអាចខ្ចី ឬលក់ដីរបស់ពួកគេបាន​នោះ​ទេ​។ ជំនួយការភូមិ លោក Baramey Chouy ​កត់​សម្គាល់​ថា ដី​ស្រែ​ក្រហម​មាន​ជីជាតិ​អាច​លក់​បាន​តម្លៃ​ជាង ១០ ០០០ដុល្លារ​ក្នុង​មួយ​ហិកតា។

លោក ឈួយ ពាក់អាវក្រហមដែលបង្ហាញពីពាណិជ្ជកម្ម មហានគរ ដែលជាក្រុមហ៊ុន​មីក្រូហិរញ្ញ​​ដ៏​ធំ​មួយ​ ហើយមាន​ប្រតិបត្តិការ​ក្នុង​ភូមិ​​ មានប្រសាសន៍ថា ៖ «ខ្ញុំមាន​អារម្មណ៍​សោកស្ដាយ ព្រោះបើយើងមិនទទួលបានបណ្ណកម្មសិទ្ធិដីសហគមន៍ទេ គ្រប់គ្នាអាច​លក់​ដី​ឲ្យអ្នកនៅក្រៅភូមិបាន ហើយដីរបស់គេមិនត្រូវបានការពារទេ ព្រោះគ្រប់គ្នាមិនគ្រប់ជ្រុង​ជ្រោយ »។

(ឆ្វេង) លោក ឈួយ បរមី ជាជំនួយការមេភូមិធួយអំពិល ក្នុងខេត្តរតនគិរី មានប្រសាសន៍ថា សហគមន៍ជនជាតិដើមភាគតិចគ្រឹងរបស់គាត់បានបោះឆ្នោតបញ្ចប់ការស្នើសុំបណ្ណកម្មសិទ្ធិសហគមន៍ជនជាតិដើមភាគតិចនៅឆ្នាំ ២០២២ ដោយសារពួកគេពឹងផ្អែកលើកម្ចី ដោយប្រើ​ប័ណ្ណកម្មសិទ្ធិផ្ទាល់ខ្លួនជាវត្ថុបញ្ចាំ។ (ស្ដាំ) មេភូមិ ប៉េង រមាស ក្អក មានប្រសាសន៍ថា ខណៈ​ដែលសហគមន៍ជនជាតិដើមភាគតិចចារ៉ាយរបស់គាត់បានបោះឆ្នោតបញ្ឈប់ការស្នើសុំប័ណ្ណកម្មសិទ្ធិសហគមន៍ជនជាតិដើមភាគតិចដោយសារតែប្រាក់កម្ចី ប៉ុន្តែគាត់បាន​ហាមឃាត់​ការ​លក់ដីទៅឱ្យអ្នកខាងក្រៅ។ (រូបថតដោយ ៖ Jack Brook/Mongabay)

នៅក្នុងភូមិប៉េង ខេត្តរតនគិរី ដែលដាច់ស្រយាលជាងនេះ សហគមន៍ជនជាតិដើមភាគតិច​ចារ៉ាយក៏បានកាត់ក្តី ដោយក្រុមផ្តល់បណ្ណកម្មសិទ្ធិដីធ្លីរបស់ធនាគារពិភពលោកផងដែរនោះ មេភូមិ លោក រមាស ក្អក មានប្រសាសន៍ថា សហគមន៍បានបោះឆ្នោតបញ្ឈប់ការបន្ត​ការ​កាន់​កាប់ដីសហគមន៍របស់ពួកគេនៅខែឧសភា ឆ្នាំ២០២២ ដូច្នេះពួកគេអាចបន្តការខ្ចីប្រាក់ជា​ញឹក​ញាប់​ដើម្បីសងបំណុលដែលមានស្រាប់។

ក្រុមហ៊ុន​កៅស៊ូ​មួយ​បាន​ទន្ទ្រាន​យក​ព្រៃ​អារក្សរបស់​ភូមិ​មួយ​ផ្នែក​ទៅហើយ ហើយ​លោក ក្អក និយាយ​ថា គាត់​បារម្ភ​ពី​អ្វី​ដែល​នៅ​សេសសល់។ គាត់​ថា ដរាបណា​គាត់នៅតែ​ជា​មេភូមិ គាត់​នឹង​រារាំង​អ្នក​ជិត​ខាង​គាត់មិន​ឲ្យ​លក់​ដី​នៅ​ក្រៅ​សហគមន៍នោះឡើយ។

លោក ក្អក និយាយ​ថា​៖ «​វា​អាច​ធ្វើ​ឲ្យ​សហគមន៍​លក់​ដី​របស់​ពួក​គេ​បាន​យ៉ាង​ងាយ បើ​ខ្មែរ​មក​ពី​ក្រៅ​ទិញ​ហើយទិញទៀត ហើយ​ក្រុមហ៊ុន​តូចៗ​ក៏​មាន​ដែរ។ ខ្ញុំ​មិន​ចង់​ឲ្យ​សហគមន៍​របស់​ខ្ញុំ​បាត់​បង់​ដី​បន្ថែម​ទៀត​ទេ»

អ្នកជិតខាងរបស់គាត់ឈ្មោះ ជីន ផូចំ អាយុ៥០ឆ្នាំមិនហាក់មិនសូវខ្វល់ខ្វាយទៅវិញ។ គាត់​និយាយថា៖ «គាត់ស្ថិតក្នុងបំណុលវ័ណ្ឌករ ដោយយកប្រាក់កម្ចីរាប់ពាន់ដុល្លារ​ពីអ្នកផ្តល់​ប្រាក់​កម្ចីមួយដើម្បីសងអ្នកផ្សេង»។ ប៉ុន្តែគាត់បន្ថែមថា វាចាំបាច់សម្រាប់ការធ្វើកសិកម្មរបស់គាត់ ហើយក្រៅពីនេះគាត់និយាយថាគាត់សង្ឃឹមថានឹងទិញឡានថ្មី។ គាត់ញញឹម រួចបង្ហុយ​បារី​ធំមួយដើម។

លោក​លើកឡើងថា ​៖ «​ប្រសិន​បើ​យើង​ចង់​លក់​ដី​គឺ​អាស្រ័យ​លើ​យើង​។ កាលពីមុន ខ្ញុំអាច​ទទួល​បានអ្វីក៏ដោយដែលខ្ញុំចង់បាននៅក្នុងព្រៃ ប៉ុន្តែឥឡូវនេះអ្វីៗបានបាត់ទៅហើយ។ ក្នុង​សម័យ​នេះ​ គេគិត​តែរឿង​លុយទេ។ ទោះ​បី​យើងទៅ​បន្ទប់ទឹក ​ក៏​ត្រូវ​បង់​ថ្លៃ​សេវា​ដែរ»

រាយការណ៍​បន្ថែម​ដោយ Mech Choulay  និង ​Bang Sunny និងក្លាន ភេច

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia’s Indigenous communities renounce communal land titles for microloans

439 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម