សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ធនាគារពិភពលោក ៖ ប្រាក់បៀវត្សរ៍បុគ្គលិករដ្ឋខ្ពស់មិនទាន់ធ្វើឱ្យលទ្ធផលប្រទេសប្រសើរឡើងនោះទេ

មន្ត្រីរដ្ឋាភិបាលជួបជុំគ្នានៅកន្លែងតុចុះឈ្មោះនៅឯរដ្ឋសភា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ។ (ខេមបូចា / ព្រីង សំរាំង)
មន្ត្រីរដ្ឋាភិបាលជួបជុំគ្នានៅកន្លែងតុចុះឈ្មោះនៅឯរដ្ឋសភា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ។ (ខេមបូចា / ព្រីង សំរាំង)

របាយការណ៍មួយ​ពីធនាគារ​ពិភព​លោក (World Bank )បានរកឃើញថា ការបង្កើនចំណាយរបស់រដ្ឋាភិបាល​ ដែល​ជំរុញ​មួយផ្នែក​ដោយ​ការដំឡើងប្រាក់បៀវត្សរ៍បុគ្គលិករដ្ឋ​ទូទៅ មិនបានផ្ដល់​គុណផល​ការងារ​​ប្រសើរ​ឡើង​នៅឡើយទេ ​នៅក្នុងប្រទេសនេះ ។ រដ្ឋាភិបាល​គួរប្រើប្រាស់​ចំណាយសាធារណៈ​ទៅលើ​សេវាសង្គមកិច្ច​ឱ្យមានប្រសិទ្ធភាពជាងមុន ដើម្បី​លើកកម្ពស់​គុណផល​នៅក្នុង​វិស័យ​អប់រំ​ និង​សុខាភិបាល ។​

នៅពេល​សួរ​ពាក់ព័ន្ធនឹង​ការរកឃើញ​នៃរបាយការណ៍ខាងលើនេះ លោក ប៉ែន បូណា អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​និយាយថា៖ «យើងមិនដែលបាននិយាយថា វិស័យអប់រំ​និងសុខាភិបាល​​នៅក្នុង​ប្រទេស​យើងល្អដាច់គេ​នៅក្នុង​តំបន់ ឬនៅលើ​ពិភព​លោក​ឡើយ» ។ លោកបានបន្ថែមថា៖ «យើងទទួលស្គាល់ថា[វិស័យសុខាភិបាលនិងអប់រំ]គឺ​នៅមានកម្រិត ដូច្នេះហើយទើប​យើង​ខិតខំ​ព្យាយាម​ខ្លាំង​បំផុត​ដើម្បី​ពង្រឹង​និងផ្ដល់​ទៅឱ្យ​ប្រជាជន»។  

ការចំណាយទៅលើប្រាក់បៀវត្សរ៍របស់​កម្ពុជា​បាន​កើនឡើង​ពី ២៦% នៃ​ចំណាយសាធារណៈ​នៅឆ្នាំ២០០៥ ឡើងដល់ ៣៣% នៃចំណាយ​សាធារណៈ​នៅឆ្នាំ២០២០ ដែលធ្វើឱ្យ​ប្រាក់​បៀវត្សរ៍គោលជាមធ្យម​នៅក្នុង​វិស័យរដ្ឋ​ ឥឡូវឡើង​ខ្ពស់​ជាង​មុខតំណែង​ប្រហែលគ្នានៅក្នុងវិស័យ​ឯកជន ។ របាយការណ៍​លើកឡើងថា «ប្រទេសប្រហែលគ្នាទាំងអស់​នៅក្នុងតំបន់ លើកលែង​តែវៀតណាម និង Palau» ចាយចំណែក​នៃចំណូលថវិការដ្ឋ​តិចជាងនេះទៅបៀវត្សរ៍ ដែល​ចំណាយលើបៀវត្សរ៍នេះអាច​ដណ្ដើមយកធនធាន​ចេញពី​គម្រោង​វិនិយោគសាធារណៈ​ដែល​សំខាន់ចាំបាច់ ។

របាយការណ៍ដដែលលើកឡើងថា៖«ការបន្តដំឡើងប្រាក់បៀវត្សរ៍ទូទៅ​ដោយ​មិន​ភ្ជាប់លក្ខខណ្ឌនៃការដំឡើងនោះ​ទៅនឹង​លទ្ធផល​ការងារ គឺមិនមាននិរន្តរភាពផ្នែក​ថវិកាទេ»។

ចំពោះវិស័យអប់រំ ធនាគារពិភពលោក​បាន​រកឃើញ​ការគ្រប់គ្រង​ធនធានមនុស្ស​គ្មានប្រសិទ្ធភាព និង​ថវិកាមួយដែល​រុញច្រាន​ដោយ​ចំណាយលើប្រាក់បៀវត្សរ៍ ។ ចំណាយលើប្រាក់បៀវត្សរ៍មានចំនួនស្មើនឹង ៧៨% នៃថវិកា​វិស័យអប់រំ ហើយវិស័យនេះ​ពុំមានការបែងចែកគ្រូ​ស្មើភាពគ្នានោះ​ទេ ។

រាជធានីភ្នំពេញ​បានជួបបញ្ហា​លើសគ្រូ​ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ចំណែក​ឯ​ខេត្តនានាជួបប្រទះបញ្ហាខ្វះគ្រូ ។ នៅឆ្នាំ២០២១ តំបន់ជនបទ​មានកង្វះ​គ្រូ​សរុប​ដល់​ទៅ ១៩.៨៦៧នាក់ ។ ទន្ទឹមនឹងនេះ ក៏មានការខ្វះគ្រូ និង​លើសគ្រូ​នៅក្នុង​មុខវិជ្ជាជាក់លាក់​មួយចំនួនដែរ ។

ចំណាយសាធារណៈ​លើវិស័យសុខាភិបាល​បានកើនឡើង​បន្តិចបន្តួចពីឆ្នាំ២០១៧ ដល់​ឆ្នាំ២០២១ គឺ​កើនពី ១,៨% ទៅ ២,២% នៃ GDB ដោយ​ការកើនចំណាយនេះដោយសារតែ​ប្រាក់​បៀវត្សរ៍វិស័យសុខាភិបាល​ខ្ពស់​ជាងមុន ការចំណាយ​លើសេវាកម្ម​ព្យាបាលអ្នកជំងឺក្នុង​និងចំណាយប្រតិបត្តិការ​​នៅតាម​មណ្ឌលសុខភាព ។

របាយការណ៍ដដែល​លើកឡើងថា ការ​ប្រើប្រាស់​គ្រឹះស្ថាន​ថែទាំសុខភាព​រដ្ឋ​មានអត្រាទាប​ ពោលគឺ ១៥% បើធៀបនឹង​អត្រាប្រើប្រាស់​គ្រឹះស្ថាន​ថែទាំ​សុខភាព​ឯកជន ៨៤% បង្ហាញថា គោលនយោបាយ​សុខភាពសាធារណៈ​នៅពុំទាន់មានប្រសិទ្ធភាពនៅឡើយ ។ យោងតាមធនាគារពិភពលោក ប្រព័ន្ធ​សុខាភិបាល​ត្រូវគេសម្គាល់​ថា ប្រជាជន​ចាយលុយពីហោប៉ៅខ្លួនឯងច្រើន និង​វិសមភាព​នៅក្នុងគុណផល​ផ្នែក​សុខភាព ។

វេជ្ជបណ្ឌិត​ត្រៀមពិនិត្យសុខភាពស្ត្រីមួយរូប​នៅឯមន្ទីរពេទ្យរដ្ឋមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

របាយការណ៍ធនាគារពិភព​លោកដដែល ផ្ដល់អនុសាសន៍ឱ្យពង្រឹងការភ្ជាប់ទំនាក់ទំនង​រវាង​​ចំណាយនិងគុណផល​ការងារ ដែលនឹង​លើកកម្ពស់​គណនេយ្យភាព​របស់រដ្ឋាភិបាល និង​ការប្រើប្រាស់មូលនិធិ​ប្រកប​ដោយ​ប្រសិទ្ធផល ។ រដ្ឋាភិបាល​ក៏អាច​លើកកម្ពស់​គ្រឹះស្ថានថែទាំ​សុខភាពរដ្ឋ​ និងធានា​លទ្ធភាពទទួលសេវាកម្មប្រកបដោយសមធម៌​ដល់​ប្រជាជនក្រីក្រ ដើម្បី​កែលម្អ​វិស័យសុខាភិបាល ផងដែរ ។ នៅក្នុងវិស័យអប់រំ ការពិនិត្យប្រចាំឆ្នាំរបស់ធនាគារពិភពលោក ផ្ដល់ជាអនុសាសន៍ថា រដ្ឋាភិបាលកម្ពុជា​គួរពង្រឹង​ការជ្រើសរើសគ្រូ និង​ការបណ្ដុះបណ្ដាល​គ្រូ ។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រង​នៃធនាគារពិភព​លោក​ប្រចាំនៅកម្ពុជា បាន​និយាយនៅក្នុង​សេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា៖ «កម្ពុជាគួរ​​ទទួល​បាន​មក​វិញ​នូវ​តម្លៃ​ប្រសើរ​ជាងមុន​ ពីការ​ចំណាយ​របស់​ខ្លួន​ទៅ​លើ​ផ្នែក​សេវា​សាធារណៈ ដើម្បីឈាន​ទៅ​សម្រេច​បាន​កំណើន​សេដ្ឋកិច្ចប្រកប​ដោយ​ចីរភាព និង​ភាពបរិយាបន្ន យូរអង្វែង»។

លោក បូណា បាន​និយាយថា រដ្ឋាភិបាល​នឹងពិចារណា​ទៅលើ​អនុសាសន៍សំខាន់ៗនៅក្នុងរបាយការណ៍ និងថា រដ្ឋាភិបាលកំពុងធ្វើការងារស្រាប់ហើយទៅលើ​កំណែទម្រង់ច្បាប់ រដ្ឋបាល​សាធារណៈ និង​សេដ្ឋកិច្ច ។ លោក​បាន​ទទួលស្គាល់ថា វិស័យ​អប់រំនិង​ប្រព័ន្ធ​សុខាភិបាល​នៅមានកម្រិត ដោយបន្ថែមថា មូលហេតុនេះហើយទើបរដ្ឋាភិបាល​កំពុងធ្វើការងារដើម្បីពង្រឹង​វិស័យទាំងនេះ​ពីមួយថ្ងៃទៅមួយថ្ងៃ ។

លោកនិយាយយ៉ាងដូច្នេះ៖«រដ្ឋាភិបាលអាណត្តិថ្មី​កំពុងខិតខំ​ដើម្បីកែទម្រង់គ្រប់វិស័យ​ និងពង្រឹង​អភិបាលកិច្ចល្អ ដែលជាវិស័យដ៏សំខាន់​ដែលបានដាក់​ចេញ​នៅក្នុងដំណាក់កាលទីមួយ​នៃយុទ្ធសាស្ត្រ​បញ្ចកោណ។ដើម្បីសម្រេចការងារនេះ រដ្ឋាភិបាលបានចំណាយថវិកា​ដើម្បីបម្រើ​ដល់​ប្រជាជន»។

លោកបានបញ្ជាក់ពីសារសំខាន់​នៃការចំណាយរបស់រដ្ឋាភិបាលទៅលើប្រជាពលរដ្ឋ ដែលរង​ផល​ប៉ះពាល់​ដោយសារជំងឺកូវីដ-១៩ ដោយ​លោក​បាននិយាយថា វិធានការនេះ​បាន​ទប់ស្កាត់​ប្រជាជន​ជាច្រើន​មិន​ឱ្យ​ធ្លាក់ចូលទៅក្នុងភាពក្រីក្រ ។ លោក បូណា បាន​អះអាងថា រដ្ឋាភិបាល​ប្រើប្រាស់​ចំណាយសាធារណៈ​មួយចំណែកធំ​ទៅលើ​សេវាសង្គមកិច្ច​ ពីព្រោះប្រទេសកម្ពុជា​គ្មានសង្គ្រាមទេនៅពេលបច្ចុប្បន្ន ។

លោក​និយាយដូច្នេះថា៖ «ប្រទេស​យើងមានសុខសន្តិភាព ដូច្នេះ​យើង​មិនចំណាយទៅលើ​អាវុធទៅលើសង្គ្រាមទេ ។ រដ្ឋាភិបាល​ចាយលុយទៅលើការជួយ​ប្រជាពលរដ្ឋ​កម្ពុជា»។

អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន្ត បាននិយាយថា ក្រសួង​មិនដែល​បដិសេធ​អនុសាសន៍របស់ដៃគូ​ដែលធ្វើការជាមួយរដ្ឋាភិបាល​ទេ ប៉ុន្តែ ក្រសួង​នឹង​ពិចារណា​និង​ធ្វើតាមអនុសាសន៍ទាំងឡាយណាដែលស្របទៅនឹង​របៀបវារៈ​នយោបាយ​​នៃយុទ្ធសាស្ត្រ​របស់រដ្ឋាភិបាល​បច្ចុប្បន្ន ។ ការវាយតម្លៃពីគ្រប់​ដៃគូទាំងអស់​ដែល​ធ្វើការជាមួយ​រដ្ឋាភិបាល នឹងត្រូវក្រសួងពិនិត្យ​មើល​សម្រាប់​ឆ្នាំបន្ទាប់ខាងមុខ ។

លោកនិយាយយ៉ាងដូច្នេះថា៖«យើងនឹងពិចារណា​អនុសាសន៍នានា ប៉ុន្តែ វានឹងមិនប្រាសចាក​ឆ្ងាយពី​គោលនយោបាយរបស់រដ្ឋាភិបាលទេ ពីព្រោះ​យើងធ្វើការជាមួយដៃគូជាច្រើន»។

ជាការឆ្លើយតបទៅនឹងរបាយការណ៍របស់ធនាគារពិភពលោក នាយកប្រតិបត្តិនៃអង្គការវេទិកា​អង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក សឿង សារឿន បានលើកឡើងជាថ្មីឡើងវិញ​នូវ​ការអំពាវនាវកន្លងមក ដែលស្នើសុំ​ឱ្យរដ្ឋាភិបាល​​កែលម្អគណនេយ្យភាពនៅក្នុងថវិកាជាតិរបស់ខ្លួន និងបង្កើន​មូលនិធិ​សម្រាប់សេវាសង្គមកិច្ច ។ លោកបានលើកឡើងនៅក្នុងសារអ៊ីមែល​មួយ​ថា ក្រុមការងារ​ថវិកា​នៃអង្គការសង្គមស៊ីវិល​ទទូចសុំ​ឱ្យរដ្ឋាភិបាល​និងរដ្ឋសភា​«កាត់បន្ថយ​ចំណាយទៅលើចំនួន​បុគ្គលិក​និង​ចំណាយលើ​បុគ្គលិក​នៅកម្រិតក្រសួង» និង«បង្កើន​ថវិកា​សម្រាប់​វិស័យ​អប់រំ​និង​សុខាភិបាល ដែល​ជាគ្រឹះសម្រាប់​កំណើន​ប្រកបដោយ​បរិយាបន្ននិង​និរន្តរភាព»។

អ្នកជិះម៉ូតូ​បើកកាត់មុខមន្ទីរពេទ្យ​រដ្ឋមួយកន្លែង​នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

លោក ប៉ិច ពិសី នាយកប្រតិបត្តិ​អង្គការ​តម្លាភាព​អន្តរជាតិប្រចាំ​នៅកម្ពុជា បាន​និយាយថា ក្រុម​ការងារថវិកានៃអង្គការសង្គមស៊ីវិល ចែករំលែក​ការព្រួយបារម្ភ​ដែល​លើកឡើង​ដោយ​ធនាគារ​ពិភព​លោក​នៅក្នុងរបាយការណ៍ពិនិត្យប្រចាំឆ្នាំ​កាលពីពេលថ្មីៗរបស់​ខ្លួន ។ លោក​បាន​កត់សម្គាល់ថា ស្របពេលដែល​ចំណាយថវិការដ្ឋ​សរុបសម្រាប់ឆ្នាំ២០២៤​បានថយចុះ​បើធៀបនឹង​ឆ្នាំមុន ចំណាយលើ​បៀវត្សរ៍​និង​ចំណាយប្រតិបត្តិការ​ផ្សេងទៀត​បាន​កើនឡើង ។

លោ​ក​បាន​លើកឡើងនៅក្នុងសារអ៊ីមែល យ៉ាងដូច្នេះថា៖«កំណើននេះ​ឆ្លុះបញ្ចាំងពី​ការប្រឹងប្រែង​របស់រដ្ឋាភិបាល​ដើម្បីពង្រីក ​និង​រក្សា​មន្ត្រីសាធារណៈ​ទាំង​មន្ត្រីចាស់ ទាំងមន្ត្រីថ្មី​នៅក្នុង​រដ្ឋបាល​ថ្មី ដែល​នាំឱ្យកើនតម្រូវការចំណាយទៅលើ​ប្រាក់បៀវត្សរ៍​និង​ចំណាយប្រតិបត្តិការ»។

ស្របពេលជាមួយគ្នានេះ លោកបាននិយាយថា ក្រុមអង្គការសង្គមស៊ីវិល​បារម្ភពីការធ្លាក់ចុះ​នូវ​ចំណាយមូលធន​ ដោយលោកបន្ថែមថា វាជា«ភាពបន្ទាន់»ដែលរដ្ឋាភិបាលត្រូវ​បង្កើន​ចំណាយ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។

ពាក់ព័ន្ធនឹង​ការរកឃើញ​និងអនុសាសន៍នៅក្នុងរបាយការណ៍ លោក​បានកត់សម្គាល់ថា៖«វាជា​ឱកាស​ដ៏ល្អ​សម្រាប់ថ្នាក់ដឹកនាំបច្ចុប្បន្ន​ក្នុងការកសាង​ទំនុកចិត្ត​សាធារណៈ និង​អនុវត្ត​កំណែទម្រង់​រចនា​សម្ព័ន្ធសំខាន់ៗពាក់ព័ន្ធនឹង​នីតិរដ្ឋ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និង​លុប​បំបាត់​ឧបសគ្គសំខាន់ៗ​នៃការធ្វើអាជីវកម្ម​នៅក្នុងប្រទេស​កម្ពុជា» ៕

ប្រែសម្រួលពីងអត្ថបទភាសាអង់គ្លេស៖ World Bank: Higher Government Salaries Haven’t Improved Country Outcomes

ព័ត៌មានថ្មី

អត្ថបទពេញនិយម