សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អង្គការសង្គមស៊ីវិលស្នើឱ្យក្រសួងរៀបចំដែនដីបញ្ចូលចំណុចសំខាន់ៗ​មួយចំនួនក្នុងសេចក្តីព្រាងច្បាប់ភូមិបាលថ្មី

ស្ត្រីម្នាក់កំពុងមើលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
ស្ត្រីម្នាក់កំពុងមើលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ដីធ្លីបានស្នើឱ្យក្រសួងរៀបចំដែនដីបញ្ចូលចំណុច​សំខាន់ៗ​​មួយចំនួន​ក្នុងសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ដើម្បីធានាថាច្បាប់នេះនឹង​ជំរុញឱ្យ​ការអភិវឌ្ឍ​សង្គម​នៅ​កម្ពុជា​​ប្រកបដោយនិរន្តរភាព​ហើយមិនបង្កទុក្ខលំបាក​ដល់​ប្រជាពលរដ្ឋ។

តបតាមការស្នើសុំធាតុចូលពីក្រសួងរៀបចំដែនដី វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល​ស្ដីពី​កម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ បានរៀបចំសិក្ខាសាលាមួយ ដែលអ្នកចូលរួមមាន​ជាង១០០​នាក់​មកពី៩០ស្ថាប័ន ធ្វើការស្វែងយល់ ក៏ដូចជាពិគ្រោះនិងផ្ដល់យោបល់លើសេចក្ដីព្រាង​ច្បាប់​ថ្មី​នេះ។

ជាលទ្ធផលនៅឯសិក្ខាសាលានោះ គេបានរកឃើញធាតុចូលជិត៣០ចំណុច ក្រោមរូបភាព ដកចេញ កែប្រែ និងបញ្ចូលបន្ថែមក្នុងច្បាប់ភូមិបាលថ្មី រួមទាំងសំណើផ្សេងៗទៀត។

លោក សឿង សារឿន នាយកប្រតិបត្តិនៃអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដី​ពី​កម្ពុជា មានប្រសាសន៍ថា សិក្ខាសាលាក៏បានជជែកពាក់ព័ន្ធនឹងដីសមូហភាព និងដី​សាធារណៈ​របស់រដ្ឋ ជាពិសេសការផ្ដល់សំណងជូនពលរដ្ឋ​ដែលរងផល​ប៉ះពាល់ពីការអភិវឌ្ឍ​នានា ​ដោយសារករណីនេះ កន្លងមកពលរដ្ឋជួបប្រទះនូវបញ្ហាជាច្រើន។   

លោកបញ្ជាក់ថា៖ «(សិក្ខាសាលាក៏) រៀនសូត្រអំពីខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ហ្នឹងដំណើរ​ការ​នៃការតាក់តែង និងការអនុម័តសេចក្ដីព្រាងច្បាប់ និងប្រមូលធាតុចូល​ពីអង្គការមិនមែន​រដ្ឋាភិបាល និងសហគមន៍ដែលគាត់មានការងារផ្ទាល់ពាក់ព័ន្ធនឹងវិស័យដីធ្លីផង ហើយធ្លាប់​ជាអ្នកទទួលបានបញ្ហាមួយចំនួនពីការអនុវត្តដីធ្លី»

តំណាងសហគមន៍​ដី​ព្រៃ​ភ្នំដងសន្ទួច លោក ម៉ែន ម៉េន និយាយថា ដីកប់សព និងដីព្រៃអារក្ស​ជាកន្លែងសក្ការៈបូជារបស់ជនជាតិដើម​ភាគ​តិចតាំងពីយូរលង់ណាស់មកហើយ។ 

លោកបានគូសបញ្ជាក់ថា ជនជាតិដើមភាគតិចសួយរបស់លោក ពិតជាមិនអាចបាត់បង់​ទំនៀម​ទម្លាប់នេះបាននោះទេ បើទោះបីជាប្រទេសស្ថិតក្នុងសង្រ្គាមក៏ជំនឿដូនតានេះ នៅតែ​បន្តដែរ។ 

លោកសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋលែងកំណត់ដីកប់សពនិងដីព្រៃអារក្សជាប្រភេទដី​របស់​ជនជាតិ​ដើមភាគតិច នោះស្មើនឹងលុបបំបាត់ជនជាតិដើមភាគតិចដែលរស់នៅលើផែនដី។

លោកនិយាយថា៖ «បើរដ្ឋគេលែងឱ្យមាន អាហ្នឹងវាស្មើនឹងរំលាយវប្បធម៌ជនជាតិដើម រំលាយ​ពូជសាសន៍ជនជាតិដើម»។

ទន្ទឹមនេះ លោក ម៉េន ទទូចឱ្យរដ្ឋាភិបាលផ្ដល់ព័ត៌មានលម្អិត មុនផ្ដល់ដីសម្បទានដល់បុគ្គល​ណាម្នាក់ ជាពិសេសត្រូវធ្វើការពិគ្រោះយោបល់ជាមួយពលរដ្ឋរស់នៅ​ក្នុងតំបន់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹងដីសម្បទាននោះ។

បន្ទាប់ពីជនជាតិដើមភាគតិចបានដឹងច្បាស់អំពីផលប៉ះពាល់ផ្សេងៗដោយសារដីសម្បទាន លោកថាពួកគេអាចពាំនាំបញ្ហានេះទៅកាន់ថ្នាក់ដឹកនាំបានទាន់ពេលវេលា។ 

លោកបញ្ជាក់ថា៖«បើមានការផ្ដល់ដីសម្បទានដល់បុគ្គលណា សូមឱ្យអាជ្ញាធរ​ជូន​របាយការណ៍ ផ្ដល់ព័ត៌មានអី ជួយពិគ្រោះយោបល់ដល់ប្រជាពលរដ្ឋជនជាតិដើមហ្នឹងផង ព្រោះឱ្យដឹងជាមុន ស្រួលយើងទប់ស្កាត់ជាដើម»។ លោកបន្ថែមថា៖  «បើសិនគេ​ធ្វើកន្លែង​ណា​យើងមិនទប់ស្កាត់ វាថ្ងៃមុខទៅ វាអស់កន្លែងហ្នឹង វាហានិភ័យសម្រាប់ជនជាតិខ្ញុំ ទប់​ស្កាត់​រកនីតិវិធីណាមួយនិយាយទៅថ្នាក់ដឹកនាំ»។

ប្រជាសហគមន៍សំរោងត្បូងដែលអាជ្ញាធរអះអាងបាន និងកំពុងរស់នៅលើដីមាត់បឹងខុស​ច្បាប់ ហើយប្រឈមនឹងការបណ្ដេញចេញដោយបង្ខំ អ្នកស្រី សឿន ស្រីសុទ្ធ ស្នើឱ្យ​មាន​គណៈកម្មការសុរិយោដីក្នុងការដោះស្រាយលើដីពុំមានប្លង់កម្មសិទ្ធិនេះ ដោយសារទោះបី​ជាបែបនេះក្ដី អ្នកស្រីថា ក៏អ្នកភូមិបានរស់នៅ និងអាស្រ័យផលទីនេះរាប់សិបឆ្នាំហើយ​ដែរ។

ស្រ្តីរូបនេះ បានអះអាងថា ដំណោះស្រាយពីអាជ្ញាធរខណ្ឌព្រែកព្នៅសព្វថ្ងៃ ស្ថិតក្រោមរូបភាព​បង្ខិត​បង្ខំ និងដាក់សម្ពាធលើពលរដ្ឋ ហើយអ្នកស្រីយល់ថា នេះមិនមែនជាការរកដំណោះ​ស្រាយ​ជូនពួកគេឡើយ។

អ្នកស្រីនិយាយថា៖ «ខ្ញុំចង់ឱ្យមានគណៈកម្មការសុរិយោដី ដើម្បីដោះស្រាយវិវាទដីធ្លី ប្រសើរ​ជាង​អាជ្ញាធរខណ្ឌដែលគាត់ចុះមកដោះស្រាយជាមួយពួកខ្ញុំដោយសារគាត់ដោះស្រាយនេះ​មិនដឹងថាគាត់ដោះស្រាយលម្អៀងដើម្បីជាប្រយោជន៍ខ្លួនឯង ឬក៏ដើម្បីជាប្រយោជន៍​ក្រុមហ៊ុន បុគ្គលណា​ទេ»

ពលរដ្ឋមានដីស្រែចំនួន២ហិកតារងផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះថ្មី អ្នកស្រី អៀត ប៉ិច រស់នៅឃុំចំប៉ី ខេត្តតាកែវ ស្នើឱ្យ អាជ្ញាធរផ្ដល់សំណងសមរម្យជាងនេះបន្តិចទៀត ខណៈ​បច្ចុប្បន្ននេះសំណងបានត្រឹមមួយដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។ 

អ្នកស្រីលើកឡើងថា «យកជាលុយសងធនាគារ គេឱ្យ១ដុល្លារក្នុងមួយម៉ែត្រការ៉េ ចង់បាន ៣ដុល្លារ ឬ២ដុល្លារ»។

អ្នកចូលរួមផ្ដល់ធាតុចូលមួយរូប លោក វណ្ណ សូផាត បម្រើការងារនៅមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា សង្ឃឹមថា ច្បាប់ភូមិបាលថ្មីបង្កើតមក គឺដើម្បីការពារអត្ថប្រយោជន៍​របស់​ពលរដ្ឋ បន្ទាប់ពីលោកបានសង្កេតឃើញថា មានពលរដ្ឋមួយចំនួនត្រូវបានអាជ្ញាធរ​ដក​ហូត​ដីធ្លី​ទាំង​មាន​ប្លង់កម្មសិទ្ធិ ដោយមិនទទួលបានសំណងសមរម្យឡើយ។

 លោកថ្លែងថា៖ «ធ្វើច្បាប់ភូមិបាលថ្មី ឬចាស់ក៏ដោយ សូមមេត្តាឱ្យគិតដល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ […] ដោយសារដីគាត់មាន មានបណ្ណកម្មសិទិ្ធហើយក៏ត្រូវ គេដក​ហូតយក ដោយផ្ដល់សំណងមិនសមរម្យ ដោយដោះដូរពីទីជិតទៅទីឆ្ងាយ»។ 

ថ្លែងក្នុងសិក្ខាសាលាខាងលើ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី លោក ថេង ច័ន្ទសង្វារ ទទួល​ស្គាល់ថា ច្បាប់ភូមិបាលបច្ចុប្បន្នមិនទាន់បាន​ឆ្លើយតបគ្រប់គ្រាន់ចំពោះ​ស្ថានភាព​សង្គមនាពេលនេះឡើយ ហើយរដ្ឋាភិបាលក៏បានសម្រេចបង្កើតនូវច្បាប់ភូមិបាលថ្មី ដែល​សព្វថ្ងៃកំពុងស្ថិតក្នុងការប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ។

ដើម្បីឆ្លើយតបចំពោះការវិវត្តនៃសង្គម លោក ច័ន្ទសង្វារ ថ្លែងថា សេចក្ដីព្រាងច្បាប់ភូមិបាលថ្មី បានសរសេរលម្អិតអំពីនីតិវិធីក្នុងការអនុវត្តការងាររបស់មន្រ្តី រួមទាំងបន្ថែមនូវ​វិធាន និងបទ​ប្បញ្ញត្តិ​ថ្មី​ទៀតផង។ 

នៅដើមខែកុម្ភៈនេះ ក្នុងកិច្ចប្រជុំគណៈកម្មការសុរិយោដី និងអាជ្ញាធរជាតិដោះស្រាយ​ទំនាស់​ដីធ្លី លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ថ្លែងថា កម្ពុជានឹងបន្តការធ្វើកំណែ​ទម្រង់​ដីធ្លី ដើម្បីបង្កើតបរិយាកាសគ្មានវិវាទ ការគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឱ្យបាន ត្រឹមត្រូវ និងប្រសិទ្ធភាព។

ទិដ្ឋភាពពីខាងក្រោយផ្ទះរបស់សហគមន៍បឹងតាមោក និងជាកន្លែងដែលអាជ្ញាធរ​នឹងអនុវត្ត​គម្រោង​អភិវឌ្ឍន៍ប្រឡាយមេនាពេលឆាប់ៗនេះ។ (រូបភាពផ្តល់ឱ្យ)

បើតាមធាតុចូលបឋមពីអង្គការសង្គមស៊ីវិលលើសេចក្ដីព្រាងច្បាប់ភូមិបាលថ្មី ដាក់ទៅកាន់​ក្រសួងរៀបចំដែនដី កាលពីសុក្រ អាទិត្យមុន ដែលខេមបូចាបានអាន ឱ្យដឹងថា ត្រង់មាត្រា៥ គេបានស្នើឱ្យបញ្ចូលបន្ថែមនូវគោលការណ៍ស្ដីពីការ «អភិរក្សតំបន់វប្បធម៌ និង​បេតិកភណ្ឌ​ជនជាតិ​ដើមភាគតិច និងគោរពសិទ្ធិមនុស្ស និងជនជាតិដើមភាគតិច»

ខណៈមាត្រា២៥ គេបានអំពាវនាវឱ្យរដ្ឋាភិបាលបញ្ជាក់ឱ្យច្បាស់អំពីអចលនវត្ថុ​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈរបស់រដ្ឋ ដែលអាចជាកម្មវត្ថុនៃការជួល គឺគួរតែកំណត់ទំហំជាក់លាក់ក្នុង​ការ​គ្រប់​គ្រង​ដោយឯកជន ដើម្បីទុកឱកាសឱ្យសាធារណៈជនអាចប្រើប្រាស់បានជាសាធារណៈ​។ ឧទាហរណ៍ ករណី ភ្នំតាម៉ៅ និងភ្នំបូកគោ។

ចំណែកមាត្រា៣៧,៣៨ គេស្នើឱ្យច្បាប់នេះ គួរដាក់បញ្ចូលនិយមន័យនៃជនជាតិដើមភាគតិច​ក្នុងច្បាប់ភូមិបាលបច្ចុប្បន្ន មកវិញ។ គេបានបន្តថា ច្បាប់ថ្មីនេះក៏មិនបានបញ្ជាក់ថា ដីកប់សព និងដីព្រៃអារក្សស្ថិតក្នុងប្រភេទនៃដីសហគមន៍ជនជាតិដើមភាគតិចនោះដែរ។

ដោយឡែកមាត្រាទី៥៩ដល់៧៣ គេបានស្នើឱ្យអាជ្ញាធរពិគ្រោះយោបល់ជាមួយពលរដ្ឋនឹង​យកមតិយោបល់របស់ពួកគេទៅពិចារណា មុននឹងផ្ដល់ដីសម្បទានសេដ្ឋកិច្ចនិងសង្គមកិច្ច។ ការសម្រេចផ្ដល់ដីសម្បទានសេដ្ឋកិច្ចគួរពិភាក្សានិងមានការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត​ដោយរដ្ឋសភា។

ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនៅជាប់ព្រំដែនមិនត្រូវផ្ដល់ជូនជាតិសាសន៍ដែលស្ថិតនៅព្រំ​ប្រទល់ជាប់គ្នា និងមិនគួរលើសពីរយៈពេល៣០ឆ្នាំ។

ជាមួយគ្នានេះមាត្រា១០៦ និង១០៧ គេបានស្នើឱ្យបង្កើតនូវគណៈកម្មការសុរិយោដី​ដោះស្រាយ​វិវាទដី​ដែលពុំមានប្លង់កម្មសិទ្ធិ។

ក្នុងករណីពលរដ្ឋរងផលប៉ះពាល់ដោយការអភិវឌ្ឍ អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍​ដីធ្លី​ក៏​បានលើកជាសំណើដែរថា រដ្ឋត្រូវផ្ដល់សំណងឱ្យសមរម្យ និងយុត្តិធម៌។

ដើម្បីឈានដល់ការសម្រេចនូវលទ្ធផលជាទីគាប់ចិត្តនេះ មន្ត្រីអង្គការ និងសហគមន៍បានបន្ត​ថា រដ្ឋគួរតែ​បង្កើត​គណៈកម្មការឯករាជ្យ ដោយមានសមភាពគ្រប់ភាគីពាក់ព័ន្ធរួមទាំងរដ្ឋ អង្គការ​ជាតិ ឬ​អន្តរជាតិជាដើម ដើម្បីចូលរួមដោយតម្លាភាពក្នុងការវាយតម្លៃកំណត់អំពី​សំណង់​។

ប្រសិនបើមិនអាចអភិវឌ្ឍនៅហ្នឹងកន្លែង ឬដោះស្រាយតាមគោលនយោបាយ​ដទៃទៀត​បាន​ទេ យន្តការនៃការផ្ដល់សំណង មិនគួរគិតត្រឹមការផ្ដល់ជាថវិកាឡើយ គឺអាចជាការដូរទីតាំងថ្មី ហើយមានហេដ្ឋារចនាសម្ព័ន្ធ និងចម្ងាយមិនលើសពី៥គីឡូម៉ែត្រពីទីតាំងចាស់ (តំបន់​រង​ផល​ប៉ះពាល់)។

ពួកគេបានបន្តទៀតថា រដ្ឋគួរបង្កើតយន្តការក្នុងការផ្ដល់សំណងដែលមានលក្ខណៈស្តង់ដារ​រួមមួយ​សម្រាប់ជាតិ បើទោះបីជាគម្រោងអភិវឌ្ឍនោះជារបស់រដ្ឋ ឬឯកជនក៏ដោយ ​តាមរយៈ​ការសិក្សា និងដកស្រង់​យកនូវបទពិសោធន៍ល្អៗ ដែលមានស្រាប់ និងបើកឱ្យមាន​ការពិគ្រោះ​យោបល់ជាសាធារណៈ។

ឆ្លើយតបចំពោះការបារម្ភនេះ ជារដ្ឋលេខាធិការ និងជាប្រធាន​ក្រុមការងារ​ច្បាប់​នៃក្រសួង​រៀបចំ​ដែនដី លោក ថេង ច័ន្ទសង្វារ អះអាងថា ក្នុងសេចក្ដីព្រាង​ច្បាប់ភូមិបាលថ្មី បានដាក់​បន្ថែមនូវវិធាន «សិទ្ធិបុព្វក្រៃ» ដោយផ្ដល់សិទ្ធិ​ដល់អាជ្ញាធរក្នុងការទិញដី​ពី​ប្រជាពលរដ្ឋ​ក្នុង​តម្លៃសមរម្យ ហើយទាមទារឱ្យមានការឯកភាពពីពលរដ្ឋទៀត។

លោកថា សិទ្ធិនេះផ្ទុយពីច្បាប់អស្សាមិករណ៍ ដែលបង្ខំឱ្យពលរដ្ឋលក់ដី ខណៈលោក​ប្រកាស​ស្វាគមន៍​ចំពោះការផ្ដល់យោបល់នានាពីភាគីពាក់ព័ន្ធដែលជំរុញឱ្យ​ច្បាប់ភូមិបាលថ្មី​អាច​បម្រើ​ផលប្រយោជន៍ដល់មនុស្សគ្រប់គ្នា។

លោកថ្លែងថា៖«សូមស្វាគមន៍បន្តទៀតចំពោះទាំងសំណួរ មតិយោបល់ ការចូលរួម​ទាំង​អស់ ហើយសង្ឃឹមថាយើងនឹងទទួលបានសេចក្ដីព្រាងចុងក្រោយ​មួយមុន​នឹងដាក់ជូន​ទៅ​រាជ​រដ្ឋាភិបាល ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ គិតគូរដល់គ្រប់ភាគីពាក់ព័ន្ធ ថ្លឹងថ្លែងឱ្យ​បាន​គ្រប់មុំទាំងអស់ ដើម្បីធានានូវការការពារសិទ្ធិ ក៏ដូចជាការអភិវឌ្ឍ​ដែលអាចដើរ​ទន្ទឹម​គ្នា​បាន ដើម្បីកសាងប្រទេសយើងឱ្យទាន់គេទាន់ឯង»

បញ្ហាដីធ្លីនៅកម្ពុជាបានកើតឡើងស្ទើរគ្រប់រាជធានី-ខេត្ត ស្របពេលដែលករណីខ្លះ បានបន្តអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ដែលនាំឱ្យគ្រួសារមួយចំនួនធ្លាក់ខ្លួនក្រីក្រ ចំណាកស្រុក និងកូនៗបោះបង់ការសិក្សាជាដើម។

បន្ថែមពីលើជម្លោះដីធ្លីបែបនេះ បច្ចុប្បន្នវិវាទដីធ្លីក៏បានកើតឡើងជាទម្រង់ថ្មីៗ ដោយពលរដ្ឋ​មួយចំនួនមានប្រាក់បង់រំលោះផ្ទះតែមិនទទួលបាន ខណៈពលរដ្ឋខ្លះទៀតមិនមានលទ្ធភាព​បង់រំលោះផ្ទះបន្តក៏ត្រូវបានក្រុមហ៊ុនរឹបអូសយក។

គិតត្រឹមតែអំឡុង​ពេល២ឆ្នាំនៃការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១​៩ មានប្រជាពលរដ្ឋរាប់ពាន់​នាក់​បានរងនូវការរំលោភបំពានដីធ្លី ផ្ទះសម្បែង ខណៈសកម្មជនដីធ្លីជាច្រើននាក់ទៀតត្រូវបាន​ឃាត់​ខ្លួន និងជាប់ពន្ធនាគារដោយសារការពារការទន្រ្ទានដីស្រែចំការរបស់ខ្លួនពីជនមានលុយ និងអំណាច។

ជាក់ស្ដែង នៅសប្ដាហ៍មុន សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ បានផ្តន្ទាទោសពលរដ្ឋរស់នៅខេត្ត​នេះចំនួន៤នាក់ ដាក់ពន្ធនាគារ២ឆ្នាំ ជុំវិញ​ជម្លោះ​​ដីធ្លីជាច្រើនឆ្នាំជាមួយក្រុមហ៊ុនចិន ហាមិនី វិន អ៊ីនវេសមេន Harmony Win Investment

ហើយចុងឆ្នាំ២០២៣ ក៏មានពលរដ្ឋជាង៥០នាក់តំណាងឱ្យ៣០០គ្រួសារបាន​ប្រមូលផ្ដុំគ្នាតវ៉ា​នៅមុខសាលាខេត្ត​កំពង់ធំ ទាមទារឱ្យ​អាជ្ញាធរ​ដោះលែងអ្នកភូមិម្នាក់ និងអនុញ្ញាតឱ្យពួកគេ​អាច​ធ្វើដំណើរតាមផ្លូវដែលធ្លាប់ឆ្លងកាត់ទៅកាន់ដីស្រែចម្ការអាស្រ័យ​ផលរបស់​ខ្លួនវិញ​​បានដូចដើម។

សាលាដំបូងខេត្តកំពង់ធំ កាលពីពេលកន្លងទៅ ក៏បានផ្តន្ទាទោសជនជាតិដើមភាគតិចកួយ​៧នាក់ ដាក់ពន្ធនាគារ​១ខែ​ក្រោមបទចោទ​ «ប្ដឹងបរិហារបង្កាច់កេរ្តិ៍» ពាក់ព័ន្ធនឹងទំនាស់ដីធ្លី​នេះ។

អ្នកស្រី យឹង មុំ ជាកូនស្រីរបស់លោក យឹម យាន់ ដែលជាអនុប្រធានដីសហគមន៍ព្រៃឈើ​ភ្នំត្នោត ហើយកំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពត ពាក់ព័ន្ធនឹងទំនាស់ដីធ្លី និយាយថា អ្នកស្រី​ចង់ឃើញច្បាប់ភូមិបាលថ្មីនេះ​មានខ្លឹមសារប្រកបដោយការការពារ​អត្ថប្រយោជន៍​ប្រជាសហគមន៍ ហើយរារាំងការរំលោភបំពានពីសំណាក់​ជនមានលុយនិងអំណាចបាន។

អ្នកស្រីបញ្ជាក់ថា៖ «ព្រោះច្បាប់ភូមិបាលជាច្បាប់ពិត»

លោក សាយ សំអាល់ អះអាងថា កម្ពុជានឹងបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានមុនឆ្នាំ២០២៩ ដែលជា​ខួបលើកទី៤០នៃការចេញបណ្ណកម្មសិទិ្ធដីធ្លីជូនពលរដ្ឋ។

បច្ចុប្បន្ន ក្រសួងរៀបចំដែនដី បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ៥លានបណ្ណជូនពលរដ្ឋ ខណៈ២លានបណ្ណទៀតបាននិងកំពុងចែកជូនពលរដ្ឋជារៀងរាល់ថ្ងៃ និងនៅសល់​ប្រហែល​៥លាន​ក្បាលដីទៀត ដែលត្រូវវាស់វែងនិងចុះបញ្ជី៕

652 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម