សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការខេត្តកំពង់ធំសម្រេចផ្តន្ទាទោសជនជាតិដើមភាគតិច​៧នាក់​​​ដាក់ពន្ធនាគារ១ខែពាក់ព័ន្ធទំនាស់ដីធ្លី

អនុប្រធានសហគមន៍អ្នកស្រី លួន ស្រីនួន ស្លៀកឈុតក្រហម ឈរខាងមុខនិងប្រជាសហគមន៍សាលាឆ្តោរកំពុងឈរនៅជាប់របងសាលាដំបូងខេត្តកំពង់ធំ កាលពីសវនាការពេលកន្លងទៅ។ រូបថតនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ (រូបថតផ្ដល់ឱ្យ)
អនុប្រធានសហគមន៍អ្នកស្រី លួន ស្រីនួន ស្លៀកឈុតក្រហម ឈរខាងមុខនិងប្រជាសហគមន៍សាលាឆ្តោរកំពុងឈរនៅជាប់របងសាលាដំបូងខេត្តកំពង់ធំ កាលពីសវនាការពេលកន្លងទៅ។ រូបថតនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ (រូបថតផ្ដល់ឱ្យ)

សាលាដំបូងខេត្តកំពង់ធំនៅថ្ងៃទី១៩ ខែធ្នូ បានផ្តន្ទាទោសជនជាតិដើមភាគតិចកួយ៧នាក់ ដាក់ពន្ធនាគារ​១ខែ​ពាក់​ព័ន្ធ​​នឹង​បទចោទ​«ប្ដឹងបរិហារបង្កាច់កេរ្តិ៍»តាមរយៈការប្ដឹងបករបស់បុគ្គលដែលធ្លាប់រង​បណ្ដឹង​ពី​ជនជាតិ​ដើម​ភាគតិចកួយថាបានរំលោភបំពានដីព្រៃសហគមន៍របស់ខ្លួន។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ លោក សូ សុវណ្ណារ៉េត មានប្រសាសន៍ថា នៅថ្ងៃ​អង្គារ​នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អែម សុសច្ចា បានប្រកាសសាលក្រម​ចំពោះ​មុខ​ជនជាប់ចោទទាំង៧នាក់ ដោយដាក់ពន្ធនាគារក្នុងម្នាក់ៗ​មានរយៈ​ពេល​១ខែ ប៉ុន្តែទោស​អ្នកទាំងអស់ត្រូវព្យួរធម្មតា និងរួមគ្នាសងជំងឺចិត្ត២លានរៀលដល់ដើមបណ្តឹងរដ្ឋប្បវេណី លោក យ៉ែម ស្នា។

លោក សុវណ្ណារ៉េត ថ្លែងថា ជនជាប់ចោទទាំង៧នាក់នេះ ត្រូវបានចៅក្រមចោទប្រកាន់ ពីបទ «ប្ដឹងបរិហារបង្កាច់កេរ្តិ៍» តាមបញ្ញត្តិមាត្រា៣១១និង៣១២​នៃ​ក្រមព្រហ្មទណ្ឌ។ លោក​បន្ត​ថា ជនជាប់ចោទាំង៧រូប មានបុរស៤នាក់និងស្រ្តី៣នាក់។ ដោយបុរសមានឈ្មោះ ស៊ឹម រឿន,  ជិន ជុយ, ស៊ឹម រ៉ា និង សុន ឌឿន និងស្រ្តីមានឈ្មោះ លួន ស៊ីនួន, លួន ស៊ីនីន   និងគុយ វី។

ជនជាតិដើមភាគតិចកួយមួយរូបជាប់ចោទក្នុងសំណុំរឿងនេះ និងជាអនុប្រធានសហគមន៍​សាលាឆ្ដោរ អ្នកស្រី លួន ស៊ីនួន ចាត់ទុក​សេចក្ដី​សម្រេចរបស់តុលាការថាជារឿង«អយុត្តិធម៌»​សម្រាប់ពលរដ្ឋខំប្រឹងការពារដីព្រៃរបស់រដ្ឋ។ អ្នកស្រី បន្តថា តុលាការបាន​តម្កល់ពាក្យបណ្ដឹង​របស់ពលរដ្ឋដែល​បានចោទដើមបណ្ដឹង​ថា​បានបំពានដីសហគមន៍ ដោយថា មិនមាន​ភស្តុតាង​ច្បាស់លាស់ បើទោះបីជាពលរដ្ឋអះអាង​ថា ​ដើមបណ្ដឹងកំពុងរស់នៅនិងកាប់ទន្រ្ទាន​ដី​សហគមន៍ក្ដី។

អ្នកស្រី និយាយថា៖ «ពួកខ្ញុំប្ដឹងតុលាការអត់ចាត់ការទេ ពេលគាត់[ដើមបណ្ដឹង]ប្ដឹង[បក]ពួកខ្ញុំ ហៅនោះហៅ ពេលសម្រេចឱ្យពួកខ្ញុំជាប់ទោសវិញ។ ចឹងពួកខ្ញុំថាអត់មានយុត្តិធម៌​សម្រាប់​ពួកខ្ញុំទេ មាន[យុត្តិធម៌]តែអ្នកមានលុយទេ តុលាការសព្វថ្ងៃនេះ»

អនុប្រធានសហគមន៍រូបនេះ អះអាងថា ដើមបណ្ដឹងឈ្មោះ យ៉ែម ស្នា ជាពលរដ្ឋរស់នៅ​ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងជាបុគ្គលមានទ្រព្យសម្បត្តិស្តុកស្ដម្ភមួយរូប ព្រមទាំងស្គាល់មន្រ្តីមានឥទ្ធិពលជាច្រើននាក់។ 

អ្នកស្រីបន្តថា លោក ស្នា បច្ចុប្បន្នកំពុងកាន់កាប់ដីសហគមន៍ចំនួន៣០ហិកតា​ ហើយ​បុរសរូប​នេះ ជាអ្នកប្ដឹងបកទៅកាន់សហគមន៍វិញតែមួយរូបគត់​ក្នុងចំណោមមនុស្ស១៨នាក់ ដែល​ពលរដ្ឋ​បានប្ដឹងពាក់ព័ន្ធនឹងការទន្រ្ទានដីសហគមន៍។

អ្នកស្រីឱ្យដឹងថា ការរំលោភបំពានដីព្រៃសហគមន៍នេះកើតមានឡើងតាំងពីឆ្នាំ២០១៧ ហើយ​សហគមន៍បានដាក់ពាក្យបណ្ដឹងលើមនុស្សចំនួន១៨នាក់ កាលពីឆ្នាំ២០២០ ប៉ុន្តែ​តំណាង​អយ្យការ​មិនបានចាត់ការតាមច្បាប់នោះទេ។

អ្នកស្រី បន្ថែមថា អ្នកទន្រ្ទានដីព្រៃទាំងនោះភាគច្រើនជាអ្នកស្រុកឆ្ងាយ រួមមានអ្នកមកពី​ខេត្ត​ត្បូងឃ្មុំ និងកំពង់ចាមជាដើម។

បើតាមអ្នកស្រីឱ្យដឹងថា បច្ចុប្បន្ននេះដីព្រៃសហគមន៍ដែលមានទីតាំងនៅភូមិគគីរ ឃុំ​សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ កំពុងរងការទន្រ្ទាន​និង​កាន់កាប់​ដោយ​បុគ្គលឯកជន​ច្រើននាក់ ហើយសេសសល់ត្រឹម៦១ហិកតាប៉ុណ្ណោះ ក្នុងចំណោមដីព្រៃសហគមន៍សរុប ចំនួន ១ ០០៥​ហិកតាក្នុងផែនទី។

អ្នកស្រីបន្ថែមថា​ ក្រោយរងផលប៉ះពាល់ពីដីព្រៃ​ធ្លាប់​អាស្រ័យ​ផល ប្រជាសហគមន៍​ចំនួន​២០៧គ្រួសារ ក្នុងនោះមានពលរដ្ឋខ្លះបាន​ធ្វើចំណាក​ស្រុក និង​ពលរដ្ឋ​ខ្លះទៀតដើរស៊ីឈ្នួល។

ប្រធានសហគមន៍សាលាឆ្ដោរនិងជាជនជាប់ចោទក្នុងបណ្ដឹងបង្កាច់កេរ្តិ៍មួយរូបទៀត លោក ស៊ឹម រឿន ថ្លែងថា តុលាការ​កាត់ក្ដី​ដោយអយុត្តិធម៌ ហើយលោកនិងប្រជាសហគមន៍​កំពុង​ពិភាក្សា​​ក្នុងការដាក់ពាក្យ​បណ្ដឹង​ជំទាស់ទៅសាលាឧទ្ធរណ៍។ 

លោកនិយាយថា៖ «តុលាការកាត់ទោសខុស […] គេ[ដើមបណ្ដឹង]នៅក្នុងដីសហគមន៍ហើយ ដល់ខ្ញុំប្ដឹងទៅគេ[តុលាការ]អត់ចាត់ការ គេ[ដើមបណ្ដឹង]ប្ដឹងបកខ្ញុំវិញ»។

សារព័ត៌មានខេមបូចានៅមិនទាន់អាចសូមការអត្ថាធិប្បាយពីដើមបណ្ដឹង លោក យ៉ែម ស្នា បានទេគិតត្រឹមល្ងាចថ្ងៃពុធ។

មេធាវីការពារក្ដីឱ្យជនជាតិដើមភាគតិចកួយ លោក សេក សោភ័ណ ថ្លែងថា តុលាការបាន សម្រេចក្ដីដោយអយុត្តិធម៌លើកូនក្ដីរបស់លោកទាំង៧រូបនេះ ដោយសារការ​ដាក់ពាក្យ​បណ្ដឹង​ប្រឆាំងនឹងដើមបណ្ដឹងកាលពីកន្លងទៅនេះ គឺដាក់ក្នុងនាមសហគមន៍។

លោក បញ្ជាក់ថា៖ «ខ្ញុំយល់ថាអត់យុត្តិធម៌សម្រាប់គាត់ទេ ពីព្រោះអ្នកដែលប្ដឹងមិនមែន​គាត់​ទេ គឺសហគមន៍ ចឹងឱ្យគាត់ទទួលខុសត្រូវជាឯកជនសម្រាប់ខ្ញុំវាអត់ត្រូវ»

លោកបន្តថា ប្រជាសហគមន៍ខកខាកក្នុងការប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍​ ក្រោយ​តំណាង​អយ្យការ​តម្កល់សំណុំរឿងអត់ចាត់ការ ដោយសារកាលនោះជំងឺកូវីដ-១៩កំពុងរាតត្បាត។

មេធាវី សោភ័ណ បានបញ្ជាក់ថា កាលពីសវនាការនៅថ្ងៃទី០៦ ខែធ្នូនេះ ដើមបណ្ដឹងបាន​អះអាង​នៅចំពោះមុខកូនក្ដីរបស់លោកថា ដីនោះគឺខ្លួនបានទិញ [ចំណុចពលរដ្ឋ​ចោទថា​ទន្រ្ទាន​ដី​សហគមន៍]និងមិនបានទន្រ្ទានដូចការចោទប្រកាន់នោះទេ។ លោកបន្ថែមថា តំណាង​​អយ្យការ​បានលើកយកអំណះអំណាងនៃការតម្កល់សំណុំរឿងអត់ចាត់ការរបស់ប្រជា​សហគមន៍​ជាមូលដ្ឋានក្នុងការចោទប្រកាន់កូនក្ដីរបស់លោក។

ប្រធាន​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន ថ្លែងថា ច្បាប់ក្នុងប្រទេសកម្ពុជា​ពុំ​បានបញ្ជាក់ច្បាស់លាស់ថាតើការដាក់ពាក្យប្ដឹងទាមទារឱ្យមានភស្តុតាងយ៉ាងដូចម្ដេចនិង​តុលាការអាចកាត់ទោសពាក់ព័ន្ធនឹងបណ្ដឹងបង្កាច់កេរិ៍្តលុះត្រាមានលក្ខខណ្ឌយ៉ាងម៉េចខ្លះ។

លោកមានប្រសាសន៍ថា៖ «ការបរិហារបង្កាច់កេរិ៍្តយ៉ាងម៉េច មានន័យថាវាអត់មានភស្តុតាង​អីសោះ ឬប្រឌិតភស្តុតាងបានមានទោសទាល់ចឹងទៅ។ កំណត់ឱ្យបានច្បាស់លាស់ចឹង បាន​តុលាការកាត់វាសមស្របតាមហ្នឹងដែរ»។

ក្នុងថ្ងៃប្រកាសសាលក្រមលើជនជាតិដើមភាគតិចកួយនេះ នៅឯសាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​​បានសម្រេចឱ្យសកម្មជនដីធ្លីចំនួនពីររូបនៅខេត្តកោះកុង គឺ អ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន រួចផុតពីបទញុះញង់ និងលុបចោលទោសដាក់ពន្ធនាគារ។ យ៉ាងណា តុលាការ​ក៏បាន​តម្កល់ការផ្តន្ទាទោសអ្នកទាំងពីរពីបទបរិហារកេរ្តិ៍ជាសាធារណៈ ប៉ុន្តែបន្ថយ​ចំនួន​សំណង​រដ្ឋប្បវេណីមកត្រឹម១០លានរៀលវិញ។ បន្ថែមពីលើនេះ តុលាការបានបង្គាប់ឱ្យ​អ្នក​ទាំង​ពីរបង់ប្រាក់ពិន័យម្នាក់ៗចំនួនបួនលានរៀល៕

413 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម