សាលាដំបូងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ បានសម្រេចឱ្យតំណាងជនជាតិដើមភាគតិចសួយមួយរូបរួចផុតពីបទចោទប្រកាន់ «រំលោភកាន់កាប់អចនវត្ថុអ្នកដទៃ» ពាក់ព័ន្ធនឹងទំនាស់ដីព្រៃសហគមន៍ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ លោក ផេង ស៊ីភ័ណ មានប្រសាសន៍យ៉ាងខ្លីថា តុលាការបានសម្រេចលើកលែងការចោទប្រកាន់លើលោក ម៉ែន ម៉េន ជាសកម្មជនដីធ្លីមួយរូបរស់នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់។
លោក ផេង ស៊ីភ័ណ បានបញ្ជាក់ថា៖ «លោកចៅក្រមសម្រេចឱ្យរួចពីបទចោទហើយ»។
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ តុលាការខេត្តកំពង់ស្ពឺបានបើកសវនការជំនុំជម្រះលើសំណុំរឿងជនជាតិដើមភាគតិចសួយនេះ នៅពេលនោះមានសាក្សីចំនួន២រូបបានចូលបំភ្លឺ និងប្រជាសហគមន៍ជាង២០នាក់បានឡើងមកគាំទ្រនៅមុខតុលាការ។
ជនរងការចោទប្រកាន់ក្នុងសំណុំរឿងនេះ លោក ម៉ែន ម៉េន បានសាទរចំពោះសាលក្រមរបស់តុលាការដែលលោកចាត់ទុកថា បានផ្ដល់យុត្តិធម៌ដល់ខ្លួន។
បើតាម លោក ម៉េន លើកឡើងថា បុគ្គលដែលដាក់ពាក្យប្ដឹងប្រឆាំងនឹងលោក គឺអ្នកស្រី តាំង ស៊ីវផេន ជាអ្នកមានលុយ និងអំណាចមួយរូបរស់នៅរាជធានីភ្នំពេញ និងបានអះអាងថា ខ្លួនមានប្លង់កម្មសិទ្ធលើដីព្រៃសហគមន៍របស់ជនជាតិដើមភាគតិចសួយរបស់លោក។
លោកបានបដិសេធថា បានរំលោភលើដីរបស់អ្នកស្រី ស៊ីវផេន ក្រោមហេតុផលថា ដីព្រៃសហគមន៍នេះជារបស់ជនជាតិដើមភាគតិចដែលបានអាស្រ័យផល និងជាកន្លែងគោរពសក្ការៈបូជាតាំងពីយូរណាស់មកហើយ។
ការសម្រេចឱ្យរួចផុតពីបទចោទនេះ លោកបានអះអាងថា ដោយសារតុលាការមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា លោកបានរំលោភលើដីរបស់ដើមបណ្ដឹង។
លោកបានគូសបញ្ជាក់ថា ជម្លោះដីធ្លីជាមួយអ្នកស្រី ស៊ីវផេន នេះបានកើតឡើងតាំងពីឆ្នាំ២០២០ នៅពេលអ្នកស្រី លេចវត្តមានចេញមកអះអាងថា ខ្លួនមានប្លង់កាន់កាប់មួយផ្នែកនៃដីសហគមន៍របស់ជនជាតិដើមភាគតិចសួយ។
លោកបន្តអះអាងថា កាលពីដំបូងឡើយ ប្រជាសហគមន៍ជាច្រើនរូបបានរងពាក្យបណ្ដឹងនេះ។ យ៉ាងណា លោកថា ដើមបណ្ដឹងបានសម្រេចប្ដឹងលោកតែម្នាក់ប៉ុណ្ណោះ ដោយសារលោកលេចមុខខ្លាំង និងសកម្មក្នុងការតវ៉ារឿងដីធ្លីនេះ។
បើតាមជនជាតិដើមភាគតិចសួយបានឱ្យដឹងថា ដីមានទំនាស់នេះមានឈ្មោះថា សហគមន៍ដីព្រៃភ្នំដងសន្ទួច ដែលមានទីតាំងស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងមានទំហំប្រមាណ១៦៦ហិកតា ដោយមានពលរដ្ឋជាង២០០គ្រួសារ ដោយគ្របដណ្ដប់លើពីរភូមិអាស្រ័យផល ដូចជា ការកាប់វល្ល៍ ដកផ្សិតជាដើម។
ចាប់តាំងពីឆ្នាំ២០២០ នៅពេលដែលមានអ្នកមានលុយ និងអំណាច បានអះអាងថា គេមានប្លង់កម្មសិទ្ធិនៃផ្នែកខ្លះនៃដីសហគមន៍មក ពួកគេដែលជាជនជាតិដើមភាគតិចបានរងការធ្វើទុក្ខបុកម្នេញតាមរយៈការដាក់ពាក្យប្ដឹង និងពិបាកក្នុងការធ្វើដំណើរទៅដីសហគមន៍របស់ខ្លួន ដោយសារការហ៊ុមព័ទ្ធរបងពីខាងក្រៅ។
ខេមបូចា មិនអាចសុំការអត្ថាធិប្បាយពីដើមបណ្ដឹង អ្នកស្រី តាំង ស៊ីវផេន បានទេ គិតចាប់ថ្ងៃអង្គារដល់ថ្ងៃពុធនេះ។
ជនដើមភាគតិចសួយមួយរូប គឺអ្នកស្រី ហឿន ឡូត អាយុ៥៥ឆ្នាំ រស់នៅភូមិដំបងវេញ ឃុំសង្កែសាទប និយាយថា ការសម្រេចរបស់តុលាការជារឿងត្រឹមត្រូវដោយសារដីមានទំនាស់នេះ ជាដីព្រៃសហគមន៍របស់ជនជាតិដើមភាគតិច។
អ្នកស្រី បញ្ជាក់ថា៖ «យល់ឃើញថាត្រឹមត្រូវ ព្រោះដីនេះជាដីសហគមន៍»។
ទោះជាយ៉ាងណាក៏ដោយ ជនជាតិដើមភាគតិចរូបនេះស្នើឱ្យ អ្នកស្រី ស៊ីវផេន បើកផ្លូវឱ្យអ្នកភូមិអាចធ្វើដំណើរទៅកាន់ដីព្រៃសហគមន៍ដើម្បីធ្វើសក្ការៈបូជា និងអាស្រ័យផល បន្ទាប់ពីមានការធ្វើរបងហ៊ុមព័ទ្ធផ្នែកខ្លះនៃដីសហគមន៍ដែលជាផ្លូវចូលរបស់ពលរដ្ឋ។
អ្នកស្រីបន្ថែមថា៖ «គេហ៊ុមព័ទ្ធអត់មានផ្លូវចេញចូលផង គេហ៊ុមព័ទ្ធប្រហែល៣០ហិកតា ច្រកចូលបិទពីដើមទីអស់រលីង»។
លោក ណន សារុន មេឃុំសង្កែសាទប បដិសេធថា មានការបិទផ្លូវទៅកាន់ដីសហគមន៍ ដោយលោកអះអាងថា លើកលែងតែពលរដ្ឋចូលកាប់ទន្រ្ទានដីព្រៃទើបមានការរារាំងមិនឱ្យចូល។
លោកបានបញ្ជាក់ថា៖ «បើធ្វើក្រៅពីហ្នឹងគេអត់ឱ្យទៅទេ បើគោរពបូជាទៅពេលណាក៏គេឱ្យទៅដែរ»។
នាយកអង្គការសមធម៌ លោក អៀង វុទ្ធី សង្កេតឃើញថា បញ្ហាដីធ្លីបានកើតឡើងច្រើន ជាពិសេសនៅតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅស្របពេលដែលជនជាតិដើមភាគតិចទាំងនោះធ្វើកសិកម្មបែបពនេចរដែលមិនមានទីកំណត់ច្បាស់លាស់។
លោក វុទ្ធី បានសាទរចំពោះសាលក្រមរបស់តុលាការឱ្យរួចផុតពីបទចោទនេះ បន្ទាប់ពីមិនមានភស្តុតាងក្នុងការដាក់បន្ទុកលើជនជាតិដើមភាគតិច។
លោកថ្លែងថា៖«វាជារឿងដែលល្អ ប្រសិនបើតុលាការរកឃើញថាមិនមានពិរុទ្ធ ហើយលើកលែងការចោទប្រកាន់លើជនជាតិដើម ភាគតិច។ ចឹងយើងសាទរលើការសម្រេចចិត្តហ្នឹង»។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សាលាដំបូងខេត្តកំពង់ធំ បានផ្តន្ទាទោសជនជាតិដើមភាគតិចកួយ៧នាក់ ដាក់ពន្ធនាគារ១ខែ ក្រោមបទចោទ«ប្ដឹងបរិហារបង្កាច់កេរ្តិ៍» ពាក់ព័ន្ធនឹងទំនាស់ដីព្រៃសហគមន៍ ប៉ុន្តែទោសទាំងអស់ត្រូវព្យួរធម្មតា និងរួមគ្នាសងជំងឺចិត្ត២លាន រៀលដល់ដើមបណ្តឹងរដ្ឋប្បវេណី។
ជនជាតិដើមភាគតិចកួយទាំងនោះ បានចាត់ទុកសេចក្ដីសម្រេចរបស់តុលាការថាជារឿង«អយុត្តិធម៌»សម្រាប់ពលរដ្ឋដែលខំប្រឹងការពារដីព្រៃរបស់រដ្ឋ៕