ខេត្តព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែកុម្ភៈ បានសម្រេចផ្តន្ទាទោសជនជាតិចិនតៃវ៉ាន់ចំនួន២នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗចំនួន២ឆ្នាំ និងពិន័យប្រាក់ក្នុងម្នាក់ៗចំនួន៤លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមបានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចផ្តន្ទាទោសលើឈ្មោះ Chen Neng Chuan ភេទប្រុស អាយុ៣១ឆ្នាំ និងឈ្មោះ Lu Tsu Hsien ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិចិនតៃវ៉ាន់ ដាក់ពន្ធនាគារម្នាក់ៗចំនួន២ឆ្នាំ និងពិន័យក្នុងម្នាក់ៗ៤លានរៀលពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់បើកសវនាការក្នុងថ្ងៃដដែលនោះ។
សេចក្តីប្រកាសរបស់អ្នកនាំពាក្យដដែលនេះបន្ថែមថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅអគារមួយកន្លែង ក្នុងក្រុងព្រះសីហនុ បុគ្គលទាំងពីរខាងលើ បានថតសំដែង ផ្សាយផ្ទាល់ចេញពីគណនី Facebook ឈ្មោះ Wa An Xiao Ji ដែលមានសកម្មភាពត្រូវបានសន្តិសុខចាប់ខ្លួន និងវាយដំ។ ហើយនៅថ្ងៃទី១៣ ខែកុម្ភៈ បុគ្គលទាំងពីរ ក៏បានថតសម្តែងផ្សាយផ្ទាល់សាជាថ្មីម្តងទៀត ចេញពីទីតាំងម្តុំ ឆាយណាថោន ស្ថិតក្នុងក្រុងព្រះសីហនុ ដែលមានសកម្មភាពរត់គេចខ្លួន មានការភ័យខ្លាច និងនិយាយជាភាសាចិនមានអត្ថន័យថា ខ្លួនត្រូវបានគេតាមចាប់វាយធ្វើបាប និងស្រែកឱ្យគេជួយ។
ក្រោយបានស្តាប់ចម្លើយ និងពិនិត្យភស្តុតាងតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់ និងបញ្ជូនជនជាតិចិនតៃវ៉ាន់ទាំងពីរទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីជំនុំជម្រះ តាមនីតិវិធី នៃការបង្ហាញខ្លួនភ្លាម ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។
ខេមបូចា នៅមិនទាន់អាចទាក់ទង លោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ អយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីបំភ្លឺ ថាតើមានមូលហេតុអ្វី បានជាសាលាដំបូងខេត្តព្រះសីហនុ លើកយកសំណុំរឿង របស់ជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ ខាងលើ មកជំនុំជម្រះជាបន្ទាន់ ហើយចេញសេចក្តីសម្រេចដាក់ពន្ធនាគារជនជាប់ចោទភ្លាមៗ ដែលខុសប្លែកពីសំណុំរឿងដ៏ទៃទៀត អូសបន្លាយពេលយូរ។
ទាក់ទិនបញ្ហានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ បានធ្វើសន្និសីទកាសែត បង្ហាញមុខជនសង្ស័យជនជាតិចិនតៃវ៉ាន់ ចំនួន២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីពួកគេ បានផលិតមាតិកាវីដេអូឃ្លីបបង្ហោះតាមបណ្តាញរបស់ខ្លួន ដែលអាជ្ញាធរចាត់ទុកថា បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់កិត្តិយសសង្គមកម្ពុជា ជាពិសេសប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ ធ្នាប់ខេត្តព្រះសីហនុ។
ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ ដែលសមត្ថកិច្ចចាប់ខ្លួននេះ គឺពួកគេបានប្រព្រឹត្តនូវអំពើញុះញង់បង្កឲ្យមានស្ថានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាពិសេសប៉ះពាល់ដល់សុវត្ថិភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជាអ្នកវិនិយោគទុន ក្នុងខេត្តព្រះសីហនុ។
លោកអភិបាលបន្តថា ករណីជនសង្ស័យទាំងពីរនាក់នេះ ទោះពួកគាត់មកថតសម្តែងជា វីដេអូឃ្លីបខ្លីៗក្តី ប៉ុន្តែការថតនេះវាបានបង្កការភ័យខ្លាចទៅដល់សាធារណៈជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគទុន ដែលពួកគាត់ មានបំណងចង់ចូលមកធ្វើវិនិយោគ ឬក៏ធ្វើទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ឬចូលមកទស្សនាប្រទេសកម្ពុជា គឺពួកគាត់ពិតជាមានការភ័យខ្លាច ពេលឃើញវីដេអូទាំងនោះ។
លោក គួច ចំរើន សង្កត់ធ្ងន់ថា៖ «កន្លងមព័ត៌មានដែលបានផលិត និងបានផ្សព្វផ្សាយចេញពីខេត្តព្រះសីហនុ គឺភាគច្រើនជាការសម្តែង ដើម្បីផលប្រយោជន៍របស់ក្រុម ឬបុគ្គលណាមួយ ហើយផ្សាយក្លែងពីអសន្តិសុខនៅមូលដ្ឋាននេះ ខុសពីការពិតជាក់ស្តែង។ ផ្ទុយទៅវិញ យើងកំពុងតែរស់នៅដោយសុខសុវត្ថិភាព សប្បាយរីករាយ នៅគ្រប់ដំណាក់កាល នៃកម្មវិធីបុណ្យផ្សេងៗ ដោយមានទាំងប្រជាពលរដ្ឋខ្មែរ និងបរទេស ចូលមកកម្សាន្តយ៉ាងច្រើនកុះករ»។
លោកអភិបាលខេត្តព្រះសីហនុ បន្ថែមថា ស្ថានភាពជាក់ស្តែងនៅខេត្តព្រះសីហនុ ជាបន្តបន្ទាប់មកនេះ គឺពុំដែលមានបុគ្គលរូបណាម្នាក់រងផលប៉ះពាល់ដោយបញ្ហាសន្តិសុខនោះទេ។ លោកទទួលស្គាល់នៅក្នុងសង្គមមួយទាំងមូល គឺពិតជាកើតមានបញ្ហាអសន្តិសុខខ្លះៗមែន ប៉ុន្តែវាមិនមានស្ថានភាពធ្ងន់ធ្ងរដូចអ្វី ដែលគេកំពុងតែបំប៉ោង បំភ្លៃ បំភ្លើស ខុសការពិតពីក្រៅប្រទេសចំពោះខេត្តព្រះសីហនុទេ។
ក្រោយបញ្ចប់ធ្វើសន្នសីទកាសែត ជនសង្ស័យជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ ត្រូវកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជូនសំណុំរឿងភ្លាមៗ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
សមត្ថកិច្ច បញ្ជាក់ថា ពេលឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ កម្លាំងជំនាញបានដកហូតសម្ភារៈមួយចំនួនរួមមាន៖ ឯកសណ្ឋានយោធា ស្រោមមុខខ្មោច កាំភ្លើងជ័របាញ់ទឹក និងសម្ភារៈ សម្រាប់បម្រើឲ្យការថតវីដេអូមួយចំនួនទៀត។
តាមរាយការណ៍សមត្ថកិច្ច ឲ្យដឹងថា ជនសង្ស័យជនជាតិចិនតៃវ៉ាន់ទាំង២នាក់ ត្រូវកម្លាំងជំនាញ ចុះស្រាវជ្រាវឃាត់ខ្លួន នៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង ស្ថិតក្នុងក្រុងព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម ហ្វេសប៊ុក (Facebook) និង តិកតុក (TikTok) ដែលមានអ្នកគាំទ្រចូលទស្សនា (View) ឬចុចឡាច (Like) រហូតដល់ជាង៥លាននាក់។
វីដេអូដែលពួកគេផលិតនោះ មានដូចជា ផលិតធ្វើជាសកម្មភាពក្រុមឧក្រិដ្ឋជនចាប់បង្ខាំងមនុស្ស-ផលិតធ្វើជាខ្មោចលង នៅតាមសណ្ឋាគារ កាស៊ីណូ ឬទីតាំងផ្សេងៗ ក្នុងមូលដ្ឋានខេត្តព្រះសីហនុ។ តាមរយៈវីដេអូប្រឌិតនេះ សមត្ថកិច្ចចាត់ទុកថា បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នករស់នៅក្រៅប្រទេស ខ្លាចមិនហ៊ានចូលមកកម្សាន្តខេត្តព្រះសីហនុ នាថ្ងៃខាងមុខទេ។ តែធាតុពិត មិនមានហេតុការណ៍អាក្រក់ៗ កើតឡើងដូចអ្នកផ្សព្វផ្សាយ ឬអ្នកផលិតមាតិកាវីដេអូទាំងនោះទេ។
ទាក់ទិនបញ្ហានេះ លោកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមន៍អាដហុក ប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមអ្នកឃ្លាំមើលសង្គម សូមស្វាគមន៍ និងគាំទ្រចំពោះសកម្មភាពរបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ ចុះបង្ក្រាបបទល្មើសផ្សេងៗបានទាន់ពេល និងចាប់បញ្ជូនខ្លួនជនសង្ស័យទៅផ្តន្ទាទោស ដើម្បីរក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជាអ្នកវិនិយោគទុនជាដើម។
លោកស្រី សុធារី លើកឡើងថា៖ «គ្រប់ជនបរទេសទាំងអស់ ដែលចូលមកកម្ពុជា ពិសេសខេត្តព្រះសីហនុ ត្រូវគោរព និងអនុវត្តតាមច្បាប់កម្ពុជា។ ហើយចំពោះជនសង្ស័យជនជាតិចិនតៃវ៉ាន់ ដែលបានផលិតវីដេអូខ្លីៗ និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងប៉ះពាល់កិត្តិយសរបស់សង្គមកម្ពុជា ត្រូវតែទទួលទោស បើពួកគេអនុវត្តផ្ទុយពីច្បាប់កម្ពុជា»។ លោកស្រីបន្តថា៖ «ពួកគេ គួរសុំច្បាប់ ឬទាក់ទងមកអាជ្ញាធរពាក់ព័ន្ធជាមុន បើសិនបើចង់ផលិតជាវីដេអូផ្សេងៗ ដើម្បីឲ្យមានសុវត្ថិភាពតាមផ្លូវច្បាប់»។
យ៉ាងនេះក្តី នៅចំពោះមុខអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ជនសង្ស័យជនជាតិតៃវ៉ាន់ទាំងពីរនាក់ ក៏បានលុតជង្គង់សុំការលើកលែងទោសពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងកម្លាំងសមត្ថកិច្ច ចំពោះកំហុសឆ្គងរបស់ពួកគេ ដែលបានផលិតវីដេអូ ចាប់បង្ខាំមនុស្សធ្វើទារុណកម្ម រួចបង្ហោះតាមបណ្តាញសង្គមរបស់ខ្លួន នាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសកម្ពុជា ជាពិសេសប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់ខេត្តព្រះសីហនុ។
សមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា ជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ បានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ក្នុងគោលបំណងផលិតមាតិកាវីដេអូខ្លីៗ ពាក់ព័ន្ធការចាប់បង្ខាំងមនុស្ស ឬវីដេអូខ្មោចលងជាដើម រួចបង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួន ដើម្បីទាក់ទាញអ្នកចូលទស្សនា និងលក់ដូរផលិតផលនៅប្រទេសរបស់ពួកគេ។ ប៉ុន្តែក្រោយបង្ហោះវីដេអូទាំងនេះរួច ក៏ត្រូវកម្លាំងសមត្ថកិច្ច ខេត្តព្រះសីហនុ ចុះស្រាវជ្រាវចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
តាមការកត់សម្គាល់ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ក៏ធ្លាប់កើតមានក្រុមឧក្រិដ្ឋជនជនជាតិចិន បានធ្វើសកម្មភាពចាប់បង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារប្រាក់ បានកើតមានជាច្រើនករណី ដោយករណីខ្លះបានធ្វើទារុណកម្មជនរងគ្រោះរហូតដល់ស្លាប់ក៏មាន។
ប៉ុន្តែទន្ទឹមគ្នានេះ កម្លាំងសមត្ថកិច្ចជំនាញនៃអគ្គស្នងការនគរបាលជាតិ ក៏ដូចជាកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋានខេត្តព្រះសីហនុ ក៏បានសហការគ្នា ចុះបង្ក្រាបជនល្មើសទាំងនោះបានទាន់ពេល និងបានបញ្ជូនសំណុំរឿងទៅកាន់តុលាការផ្តន្ទាទោសបានជាច្រើនករណី។ ជាក់ស្តែង គិតមកដល់ដើមឆ្នាំ២០២៤នេះ បទល្មើសចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ និងបទល្មើសផ្សេងៗទៀត ហាក់មានសញ្ញាថយចុះគួរឲ្យកត់សម្គាល់៕