កម្ពុជាបានបណ្តេញចេញជនបរទេសពីកម្ពុជាចំនួន ២១ ១០២នាក់ មាន ៣៨សញ្ជាតិ ភាគច្រើនជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ថៃ និងបង់ក្លាដេស គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ខណៈសមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងចំនួន ២៦៨សំណុំរឿង ទៅសាលាដំបូង រាជធានី-ខេត្តចំនួន២១ មុខសញ្ញាសង្ស័យចំនួន ២ ៧៧៣នាក់ កំពុងជាប់ឃុំចំនួន ២ ២០០នាក់ ក្នុងនោះជនជាតិខ្មែរចំនួន ៣១៣នាក់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៃទីស្តីការគណៈរដ្ឋមន្ត្រី។
សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើ រួមមាន ការអនុវត្តវិធានការរដ្ឋបាលលើទីតាំងចំនួន ២៨ ៥១២ទីតាំង ដើម្បីធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការស្នាក់នៅរបស់ជនបរទេស, បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោក ចំនួន ៦៦៥ទីតាំង និងស្រាវជ្រាវ និងស៊ើបអង្កេតទីតាំងកាស៊ីណូដែលមានអាជ្ញាបណ្ណសរុបចំនួន ១៩៥ ក្នុងនោះកាស៊ីណូដែលពុំមានភស្តុតាងប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ១២៣ និងកាស៊ីណូ ដែលផ្អាកសកម្មភាពដោយអសកម្មភាពមានចំនួន ៧២ទីតាំង។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា៖ «គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានបណ្តេញចេញជនបរទេសពីកម្ពុជាចំនួន ២១ ១០២នាក់ មាន ៣៨សញ្ជាតិ ភាគច្រើនជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ថៃ និងបង់ក្លាដេស»។សេចក្តីប្រកាសព័ត៌មានបានបន្តថា៖ «បានកសាង និងបញ្ជូនសំណុំរឿងចំនួន ២៦៨សំណុំរឿង ទៅសាលាដំបូង រាជធានី-ខេត្តចំនួន ២១ មុខសញ្ញាសង្ស័យចំនួន ២ ៧៧៣នាក់ កំពុងជាប់ឃុំចំនួន ២ ២០០នាក់ (ស្រី ៣៥៣នាក់) ក្នុងនោះជនជាតិខ្មែរចំនួន ៣១៣នាក់ (ស្រី ១០៨នាក់)»។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា អង្គភាពប្រឆាំងអំពើពុករលួយបានចាត់វិធានការ នឹងកសាងសំណុំរឿងចំនួន ៣សំណុំរឿង មានជនសង្ស័យចំនួន ១៤នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ ក៏កំពុង ធ្វើការស៊ើបអង្កេតករណីមួយចំនួនបន្តទៀតផងដែរ។
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានឱ្យដឹងថា កម្ពុជាជាជនរងគ្រោះនៃសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំង ការស្តារកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ»។ អង្គភាពអ្នកនាំពាក្យបន្តថា៖ «ដោយគ្រោងនឹងអញ្ជើញថ្នាក់ដឹកនាំកម្រិតរដ្ឋមន្ត្រី មកពីបណ្តាប្រទេសចំនួន ១៦ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់ចំនួន ១៤ប្រទេស ព្រមទាំងអង្គការអន្តរជាតិចំនួន៦»។
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យុទ្ធនាការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា សម្រេចបានជោគជ័យមួយជំហានដ៏ធំគួរឱ្យកត់សម្គាល់។ ប៉ុន្តែ លោកបានក្រើនរម្លឹកដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធឱ្យបន្តប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនដកដៃជាដាច់ខាត។
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានបន្ថែមថា៖ «សម្តេច ចាត់ទុកការជីករំលើងឫសគល់របស់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺជាការបោសសម្អាតផ្ទះរបស់យើងឱ្យស្អាត ដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងខ្លួនរបស់កម្ពុជា ដើម្បីឈានទៅពង្រឹងវិស័យផ្សេងៗទៀត ពិសេសការពង្រឹង សេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ»៕










