សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាឧទ្ធរណ៍ភ្នំពេញសម្រេចបន្តការ​ឃុំខ្លួនចៅសង្កាត់រងបក្សភ្លើងទៀនក្នុងពន្ធនាគារដដែល

ពលរដ្ឋមួយចំនួនឈរមុខខ្លោងទ្វារសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
ពលរដ្ឋមួយចំនួនឈរមុខខ្លោងទ្វារសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

សភាស៊ើបសួរសាលា​ឧទ្ធរណ៍ភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ​បានបង្គាប់ឱ្យបន្តការ​ឃុំ​ខ្លួន​​ចៅសង្កាត់​រងទី២ កូតាបក្សភ្លើងទៀន បណ្ដោះអាសន្ននៅពន្ធនាគារដដែល ដោយច្រាន​ចោល​បណ្ដឹងជំទាស់នឹងការឃុំខ្លួនរបស់តុលាការជាន់ទាប ពាក់ព័ន្ធនឹងបទចោទ«ក្លែងបន្លំ និង​ប្រើ​ប្រាស់​លិខិតក្លែង»។

លោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ មានប្រសាសន៍ថា ការតម្ដល់សាលក្រមឃុំខ្លួនលោក ចាន់វណ្ណៈ បណ្ដោះអាសន្ន ដោយសារ​តុលាការជាន់ទាបកំពុងស៊ើបអង្កេត ហើយលោកបានព្រលយថា ក្នុងសំណុំរឿង​នេះ​មានអ្នក​ជាប់​ពាក់ព័ន្ធផ្សេងទៀត។

លោកថ្លែងថា៖ «(មូលហេតុតម្កល់ការឃុំខ្លួន) ដោយសារចៅក្រម [តុលាការជាន់ទាប] គាត់កំពុងបន្តនីតិវិធីស៊ើបអង្កេត»

បន្ទាប់ពីបញ្ចប់សវនាការអស់រយៈពេលប្រហែលកន្លះម៉ោង មេធាវីការពារចុងចម្លើយ លោក ជូង ជូងី ថ្លែងប្រាប់ ខេមបូចា ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ឃុន លាងម៉េង បដិសេធ​ក្នុងការដោះលែងឱ្យលោក ខឹម ចាន់វណ្ណៈ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។

លោក បញ្ជាក់៖ «សាលាឧទ្ធរណ៍សម្រេចមិនដោះលែងគាត់ទេ»។ យ៉ាងណាក៏ដោយ មេធាវី​រូប​នេះ មិនបានផ្ដល់អត្ថាធិប្បាយ​ច្រើនអំពីកូនក្តីរបស់គាត់នោះទេ។

កាលពីមួយខែមុនអាជ្ញាធរបានឃាត់ខ្លួនលោក ខឹម ចាន់វណ្ណៈ ក្នុងផ្ទះរបស់លោកតាមដីកា​បញ្ជា​​ឱ្យ​ចូលខ្លួនរបស់តំណាងអយ្យការ នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌ​ពោធិ៍សែនជ័យ។

ប៉ុន្តែភ្លាមៗក្រោយការចាប់ខ្លួន គណបក្សភ្លើងទៀន​បានចេញ​សេចក្ដី​ថ្លែង​ការណ៍​​​ថ្កោលទោស អាជ្ញាធរក្រុងភ្នំពេញ ថា ចាប់ខ្លួន លោក ចាន់វណ្ណៈ ជាប្រធានស្ដីទីបក្សភ្លើងទៀន​រាជធានី​ភ្នំពេញ និងជាចៅសង្កាត់រងទី២ នៅ​សង្កាត់​កាកាបទី២ ដល់ផ្ទះ​ដោយ​​មិនមានដីកា។

ទោះជាបែបនេះក្ដី មួយថ្ងៃបន្ទាប់ ប៉ូលិសក្រុងភ្នំពេញក៏បានចេញលិខិតជំទាស់​ទៅនឹងការ​ចោទ​ប្រកាន់នេះ។

លុះក្រោយមក លោក ចាន់វណ្ណៈ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឃុំខ្លួន​បណ្ដោះ​​អាសន្ន ក្រោមបទចោទ បន្លំ និងប្រើប្រាស់លិខិតក្លែង ដែលបាន​ប្រព្រឹត្តកាល​ពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ តាមមាត្រា៦២៦, ៦២៧ និង៦២៨នៃក្រមព្រហ្មទណ្ឌ​។

យោងតាមក្រមព្រហ្មទណ្ឌ ការក្លែងបន្លំ និងការប្រើប្រាស់លិខិតក្លែង ត្រូវផ្ដន្ទាទោសដាក់​ពន្ធនាគារ​​ពី​១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល តាមមាត្រា៦២៧ និង៦២៨។

ភរិយារបស់លោក ខឹម ចាន់វណ្ណៈ គឺអ្នកស្រី ឡង់ សូដានី ដែលត្រូវបាន​តុលាការ​​អនុញ្ញាតឱ្យស្ដាប់តែពេលប្រកាសសាលដីកា បានចាត់ទុក ការតម្ដល់សាលក្រមឃុំខ្លួនបណ្ដោះអាសន្ននេះថា ជាភាពអយុត្តិធម៌លើ​ស្វាមីរបស់អ្នកស្រី ដោយសារភស្តុតាងសម្រាប់ដាក់បន្ទុកក្នុងសំណុំរឿងនេះជាឯកសារមិន​មាន​​ភាពច្បាស់លាស់។

ចំពោះការប្ដឹងជំទាស់ទៅតុលាការកំពូល អ្នកស្រី ថា រងចាំការពិភាក្សាជាមួយមេធាវី​ជាមុន​សិន។ អ្នកស្រី សូដានី បានបន្តថា សព្វថ្ងៃនេះ ប្តីរបស់អ្នកស្រីកំពុងមានអាការៈឈឺបំពង់ក ដោយ​សារ​ក្នុងពន្ធនាគារមានមនុស្សជក់បារីជាច្រើននាក់។ 

អ្នកស្រី ស្នើឱ្យតុលាការដោះលែងស្វាមីរបស់ខ្លួន ដើម្បីបានធ្វើការរកចំណូលចូលគ្រួសារ ដោយ​សារបច្ចុប្បន្ន អ្នកស្រីត្រូវរ៉ាប់រងកូនៗចំនួន២នាក់ដែលស្ថិតក្នុងការសិក្សា តែម្នាក់ឯង។

អ្នកស្រី បញ្ជាក់ថា៖ «ខ្ញុំយល់ថាអយុត្តិធម៌ចំពោះគាត់ ព្រោះឯកសារហ្នឹងមិនដឹងជាម៉េច​អីម៉េច​ផង តុលាការសម្រេចឃុំខ្លួន»

លោក អំ សំអាត​ នាយកចាត់ការទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​ លីកាដូ មានប្រសាសន៍ថា ប្រសិន​បើជនត្រូវចោទ មានអ្នករស់នៅក្នុងបន្ទុក មន្រ្តីអនុវត្តច្បាប់គួរតែពិនិត្យមើលឱ្យ​បាន​គ្រប់ជ្រុងជ្រោយ។

ស្របពេលជាមួយគ្នានេះ លោកក៏បានបង្ហាញការសោកស្ដាយចំពោះ​ការ​តម្កល់ការ​ឃុំខ្លួនបណ្ដោះអាសន្នលើលោក​ ចាន់វណ្ណៈ ផងដែរ។

លោកបន្ថែមថា៖ «មិនមែននៅក្រៅឃុំបណ្ដោះអាសន្នបញ្ចប់នីតិវិធីតុលាការទេ បានន័យថា​តុលាការនៅបន្តដំណើរការធម្មតា​ ប៉ុន្តែមនុស្សអាចនៅក្រៅឃុំបណ្ដោះអាសន្ន អាចប្រកប​មុខរបរ រស់នៅជួបជុំគ្រួសារ»

អជ្ញាធរក្រុងភ្នំពេញបញ្ជាក់ថា លោក ចាន់វណ្ណៈ បានក្លែងបន្លំស្នាមមេដៃ និងហត្ថលេខា​ពលរដ្ឋ​​ចំនួន៣រូប ដើម្បីយកទៅចុះបញ្ជីបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី៣​របស់បក្ស​ភ្លើង​ទៀន ដែលធ្វើឡើងកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣៕

174 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម