សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនមន្រ្តីបក្សភ្លើងទៀនមួយរូប ខណៈ​ចៅសង្កាត់​រង​ម្នាក់ទៀតកំពុងសាកសួរ

លោក ខឹម ចាន់វណ្ណៈ ប្រធានស្ដីទីបក្សភ្លើងទៀននៅរាជធានីភ្នំពេញ កំពុងចូលរួមយុទ្ធនាបោះឆ្នោតឱ្យបក្សភ្លើងទៀន អំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២។ (រូបភាព៖ ហ្វេសប៊ុកឈ្មោះ Khem Chanvannak)
លោក ខឹម ចាន់វណ្ណៈ ប្រធានស្ដីទីបក្សភ្លើងទៀននៅរាជធានីភ្នំពេញ កំពុងចូលរួមយុទ្ធនាបោះឆ្នោតឱ្យបក្សភ្លើងទៀន អំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២។ (រូបភាព៖ ហ្វេសប៊ុកឈ្មោះ Khem Chanvannak)

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនមន្រ្តីបក្សភ្លើងទៀនមួយរូប ខណៈចៅសង្កាត់រងទី២​របស់បក្សភ្លើងទៀនម្នាក់ទៀតកំពុងសាកសួរពាក់ព័ន្ធនឹងបទក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និង​ក្លែងបន្លំឯកសារសាធារណៈ។

កាលពីថ្ងៃចន្ទ អាជ្ញាធរបានចាប់ខ្លួន លោក ខឹម ចាន់វណ្ណៈ ក្នុងផ្ទះរបស់លោកតាមដីកាបញ្ជា​ឱ្យ​ចូលខ្លួនរបស់តំណាងអយ្យការ ប៉ុន្តែសាច់ញាតិរបស់ជនត្រូវចោទថា សមត្ថកិច្ច​មិនបាន​បង្ហាញ​ដីកានោះទេ ហើយព្រលយពាក្យថា «ធ្វើអីដឹងខ្លួនឯង»

ក្នុងថ្ងៃដដែល បន្ទាប់ពីការចាប់ខ្លួន លោក ចាន់វណ្ណៈ គណបក្សភ្លើងទៀន​បានចេញ​សេចក្ដី​ថ្លែង​ការណ៍​​​ដោយថ្កោលទោស អាជ្ញាធរក្រុងភ្នំពេញ ថា ចាប់ខ្លួនលោក ចាន់វណ្ណៈ ដល់ផ្ទះ​ដោយ​​មិនមានដីកា ដែលមានទីតាំងនៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌ​ពោធិ៍សែនជ័យ​។ មួយថ្ងៃបន្ទាប់ អាជ្ញាធរក្រុងភ្នំពេញក៏បានចេញលិខិតជំទាស់​ទៅនឹងការ​ចោទ​ប្រកាន់នេះ។

នៅល្ងាចថ្ងៃអង្គារនេះ លោក អ៊ី រិន្ទ អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ​​ ​មាន​ប្រសាសន៍​ថា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនលោកស្រី ឆាយ ចិន្តា ជាបណ្ដោះអាសន្ន​នៅ​មណ្ឌល​អប់រំកែប្រែ​ទី២ ដោយជាប់ចោទពីបទក្លែងបន្លំឯកសារសាធារណៈ តាមបញ្ញត្តិមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តទៅកាលពីខែមីនា ឆ្នាំ២០២២ នៅភូមិខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

លោកបានបន្តថា ចំណែក លោក ខឹម ចាន់វណ្ណៈ កំពុងស្ថិតក្រោមនីតិវិធីស៊ើបសួរនៅឡើយ និងអាចសម្រេចនៅថ្ងៃស្អែក ដោយត្រូវចោទពីបទបន្លំ និងប្រើប្រាស់លិខិតក្លែង ដែលបាន​ប្រព្រឹត្តកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ តាមមាត្រា៦២៦, ៦២៧ និង ៦២៨នៃក្រមព្រហ្មទណ្ឌ។

លោកថ្លែងថា៖«លោក ខឹម ចាន់វណ្ណៈ​ ចៅក្រមស៊ើបសួរកំពុងតែស៊ើបសួរនៅឡើយ។ […] [លោកស្រី ឆាយ ចិន្តា] ត្រូវបានចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅម២»

យោងតាមក្រមព្រហ្មទណ្ឌ ការក្លែងបន្លំ និងការប្រើប្រាស់លិខិតក្លែង ត្រូវផ្ដន្ទាទោសដាក់​ពន្ធនាគារ​ពី​១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល តាមមាត្រា៦២៧ និង៦២៨។ ចំណែកបទក្លែងបន្លំឯកសារសាធារណៈត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ ១០ឆ្នាំ តាមមាត្រា៦២៩។

គណបក្សភ្លើងទៀន បានចាត់ទុកការចាប់ខ្លួន លោក ចាន់វណ្ណៈ ជារូបភាពនៃការគំរាមកំហែង ដោយមានបំណងបំបាក់ស្មារតីពលរដ្ឋមិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយបក្សភ្លើងទៀន ជាពិសេសបង្កបរិយាកាសមុនការបោះឆ្នោតព្រឹទ្ធសភារឹតតែអួលអាប់។

បក្សប្រឆាំងនេះ បានទាមទារឱ្យសមត្ថកិច្ចដោះលែង លោក ចាន់វណ្ណៈ ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ និងបញ្ឈប់ការចាប់ខ្លួន ការឃុំខ្លួន ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញ​តាម​គ្រប់​រូបភាពមកលើថ្នាក់ដឹកនាំ សមាជិកបក្សភ្លើងទៀន បន្តទៀត ដើម្បីធានាថា បរិយាកាស​​មុន​ការ​បោះឆ្នោតព្រឹទ្ធសភានិងក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងឆ្នាំ២០២៤ ប្រកប​ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

មន្រ្តីបក្សប្រឆាំងទាំង២រូបដែលរងការចោទប្រកាន់នេះ គឺលោកស្រី ឆាយ ចិន្តា មានតួនាទីជា ប្រធានចលនាស្រ្តីខណ្ឌ និងហេរញ្ញិកបក្សភ្លើងទៀនខណ្ឌជ្រោយចង្វារ ខណៈលោក ខឹម ចាន់វណ្ណៈ ជាប្រធានស្ដីទីបក្សភ្លើងទៀនរាជធានីភ្នំពេញ និងជាចៅសង្កាត់រងទី២ នៅ​សង្កាត់​កាកាបទី២។ 

ឆ្លើយតបទៅនឹងការលើកឡើងនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានមួយជុំវិញការឃាត់ខ្លួនលោក ខឹម ចាន់វណ្ណ: ថា មាន​ភស្តុតាង​គ្រប់គ្រាន់ពីជនរងគ្រោះ និងយោងតាមដីកាបង្គាប់ឱ្យចូលខ្លួន​របស់លោក​ព្រះរាជអាជ្ញា​រង សេង ហៀង ដោយមិនជាប់ពាក់ព័ន្ធនឹងការគំរាមកំហែង និងធ្វើទុកបុកម្នេញ​លើសកម្មជននយោបាយណាមួយឡើយ។

ក្នុងលិខិតខាងលើ បញ្ជាក់ថា លោក ចាន់វណ្ណៈ បានក្លែងបន្លំស្នាមមេដៃ និងហត្ថលេខ​ពលរដ្ឋ​ចំនួន៣រូប ដើម្បីយកទៅចុះបញ្ជីបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី៣​របស់បក្ស​ភ្លើងទៀន ដែលធ្វើឡើងកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ត្រង់ចំណុចកាលបរិច្ឆេទនេះ អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា ថ្លែងថា លោកមិនដឹងច្បាស់ថា ការចុះឈ្មោះបេក្ខជន​បម្រុងនេះសំដៅលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកន្លងមក ឬយ៉ាងណានោះទេ។ 

ប្រធានបក្សភ្លើងទៀន លោក ទាវ វណ្ណុល មានប្រសាសន៍ថា គណបក្សភ្លើងទៀនមិនទាន់​ដឹង​ច្បាស់ថាតើ លោក ចាន់វណ្ណៈ បានប្រព្រឹត្តកំហុសឆ្គងអ្វីនោះទេ។ លោកថា ប្រសិនបើ​អាជា្ញធរ​មានភស្តុតាងក្នុងការដាក់បន្ទុកលើមន្រ្តីរបស់លោកនោះ គណបក្សនឹងរៀបចំមេធាវី​ដើម្បី​តតាំង​​ក្ដីនៅតុលាការតាមច្បាប់។

ជុំវិញការចាប់ខ្លួននេះ លោក វណ្ណុល ថា៖«យល់ថា ខ្ញុំថាករណីនេះ គឺជាករណីបង្កការអាប់អួរ មុនពេលបោះឆ្នោតព្រឹទ្ធសភា»

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ថ្លែងថា អាជ្ញាធរចាប់ខ្លួនលោក​ ចាន់វណ្ណៈ តាមរយៈបណ្ដឹងរបស់ជនរងគ្រោះ ដែលត្រូវបាន លោក ចាន់វណ្ណៈ យកឈ្មោះ ស្នាម​មេដៃ និងហត្ថលេខារបស់គេទៅចុះឈ្មោះជាបេក្ខជនបម្រុងក្រុមប្រឹក្សាបក្សភ្លើងទៀន សង្កាត់​ផ្សារថ្មីទី៣ ដោយមិនមានការយល់ព្រមពីសាមីខ្លួន ដែលបានប្រព្រឹត្ត​ទៅកាល​ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកបញ្ជាក់ថា៖ «គាត់យកឈ្មោះគេយកទៅឈរឈ្មោះជាបញ្ជីរាយនាមបេក្ខជនបម្រុង​ក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី៣ ដែលមិនមានការអនុញ្ញាតពីសាមីខ្លួន សាមីខ្លួនអត់ដឹងខ្លួន»។

លោកបានអះអាងថា ប្រជាពលរដ្ឋចំនួន៣នាក់ ដែលរងគ្រោះក្នុងការក្លែងបន្លំឯកសារនេះ បានដាក់ពាក្យប្ដឹងនៅស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយលោកបញ្ជាក់ថា ក្នុងសំណុំរឿងនេះ មានជនរងការចោទប្រកាន់ចំនួន២រូប ក្នុងនោះ​មាន​ម្នាក់​ទៀតជាស្រ្តី ប៉ុន្តែលោកបដិសេធក្នុងការបញ្ជាក់អំពីអត្តសញ្ញាណ។

កូនស្រីរបស់លោក ខឹម ចាន់វណ្ណៈ គឺកញ្ញា ខឹម ច័ន្ទវណ្ណនីរចនា ឱ្យដឹងថា កាលពីរសៀល​ថ្ងៃ​ម្សិលមិញ មានសមត្ថកិច្ចប្រហែល២០នាក់ ដោយខ្លះស្លៀកពាក់ឯកសណ្ឋាន និងផ្សេងទៀត​ជា​ស៊ីវិល បានចាប់ខ្លួនឪពុករបស់នាងកំឡុងពេលសម្រាកនៅក្នុងផ្ទះ ថែមទាំងបានរុះរើ​អីវ៉ាន់​ខាង​ក្នុងផ្ទះទៀតផង។

កញ្ញាបន្តថា គិតមកដល់ថ្ងៃអង្គារនេះ ក្រុមគ្រួសារនៅមិនទាន់ទទួលបានព័ត៌មានច្បាស់ទេថា តើលោក ចាន់វណ្ណៈ បានប្រព្រឹត្តកំហុសអ្វីឡើយ។ បើតាមកូនស្រី លោក ចាន់វណ្ណៈ បានឱ្យ​ដឹង​ថា លោក ជាចៅសង្កាត់រងទី២ កូតាបក្សភ្លើងទៀន នៅសង្កាត់កាកាបទី២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ 

កញ្ញាបន្ថែមថា៖ «សុំមើលដីកាគេថា ធ្វើអីដឹងខ្លួនឯង ហើយគេចាប់ប៉ាយកទៅហ្មង»

បដិសេធក្នុងការផ្ដល់ឈ្មោះពេញដោយបារម្ភពីសុវត្ថិភាព កូនស្រីរបស់លោកស្រី ឆាយ ចិន្តា គឺអ្នកស្រី បរមី យល់ថា ការចាប់ខ្លួនម្ដាយរបស់នាងជាការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរលើមន្រ្តី​បក្ស​ប្រឆាំងកុំឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅពេលខាងមុខ។

អ្នកស្រីបានអះអាងថា មានសមាជិកបក្សភ្លើងទៀនខ្លះត្រូវបានគេទិញទឹកចិត្ត ខណៈបណ្ដឹង​ប្រឆាំងនឹងម្ដាយរបស់នាងនាពេលនេះ ជាប់ពាក់ព័ន្ធនឹងការអវត្តមានរបស់បក្សភ្លើងទៀន​ក្នុង​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅសង្កាត់ព្រែកលៀប កាលពីឆ្នាំ២០២២។

អ្នកស្រីនិយាយថា៖«ការយកលេសកំចាត់ដៃគូឬបក្សដិបក្ស និងការចូលរួមពីអាជ្ញាធរ ការមិន​អនុញ្ញាតឱ្យចូលរួមប្រកួតឬបោះឆ្នោត ក្រោមហេតុផលខុសនីតិវិធីនៃ គ.ជ.ប គឺការរៀបចំ​សមាជិក សមាជិកាឈរឈ្មោះ (មិនពេញលក្ខណៈ) មានសមាជិក ឬសកម្មជន[បក្សភ្លើង​ទៀន] ត្រូវបានគេទិញទឹកចិត្តជាដើម»

អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា ថ្លែងថា ជុំវិញករណីការចុះឈ្មោះជាបេក្ខជនបម្រុង​សម្រាប់​​បក្សភ្លើងទៀននេះ នៅសង្កាត់ផ្សារថ្មីទី៣នេះ មិនមានពលរដ្ឋដាក់ពាក្យបណ្ដឹងមក គជប ទេ។

នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការងារសិទ្ធិមនុស្សកម្ពុជា (CHRAC) លោក រស់ សុដ្ឋា អំពាវនាវ​ឱ្យមានការ​ឃ្លាំមើល​ជុំវិញសំណុំរឿងនេះ ដោយលោកបារម្ភខ្លាចថា ការចោទប្រកាន់ និងការដោះស្រាយ​រឿង​ក្ដីពាក់ព័ន្ធមន្រ្តីបក្សប្រឆាំងនេះមិនមានយុត្តិធម៌។

លោកលើកឡើងថា៖ «ខ្ញុំគិតថា អង្គការសង្គមស៊ីវិលក៏គួរតាមដានរឿងហ្នឹង​ឱ្យបាន​ល្អិតល្អន់​ដែរ ដើម្បីមើលថា តើការចោទប្រកាន់ហ្នឹងសមស្រប ឬក្រោមឥទ្ធិពលនយោបាយណាមួយ​ចឹង ថាតើការចោទប្រកាន់មានលក្ខណៈយុត្តិធម៌​ និងត្រឹមត្រូវឬអត់»

បើតាមរបាយការណ៍ពីអគ្គលេខាធិការបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ បានឱ្យដឹងថា មានសមាជិកបក្សភ្លើងទៀនចំនួន១០នាក់ ត្រូវបានចាប់ខ្លួន និងជាប់ពន្ធនាគារ ឬជាប់ឃុំក្នុង​រយៈពេលជិត២ឆ្នាំនេះ ខណៈមួយចំនួនទៀតបានរត់គេចខ្លួចទៅក្រៅប្រទេស។ លោកបន្ថែម​ថា ការចាប់ខ្លួនសមាជិក២រូបនៅរាជធានីភ្នំពេញនេះ ជាករណីថ្មីដែលកើតឡើងនៅដើមឆ្នាំ​២០២៤។

Updateនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣៖ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់មន្ត្រីគណបក្សភ្លើងទៀន២រូប ពីបទក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងក្លែងបន្លំឯកសារសាធារណៈពាក់ព័ន្ធនឹងដំណរការរៀបចំការបោះឆ្នោត និងឃុំខ្លួនក្នុងពន្ធនាគារបណ្តោះអាសន្ន យោងតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤៕

1,154 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម