ក្រុមសង្គមស៊ីវិល សមាគមអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានមួយចំនួនបានលើកឡើងថាសេរីភាពសារព័ត៌មាននៅកម្ពុជានៅតែមានការរឹតត្បិត ព្រមជាមួយនឹងមានការបន្តចាប់ឃុំខ្លួនអ្នកកាសែតផងដែរ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានច្រានចោលការលើកឡើងនេះ ដោយបានអះអាងថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរឡើង។
សមាគមអ្នកសារព័ត៌មាន និងអង្គការមិនមែនរដ្ឋាភិបាលសរុបចំនួន១២ បានរៀបចំប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក នៅទីក្រុងភ្នំពេញនាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដោយមានរៀបចំជាកិច្ចពិភាក្សា ព្រមទាំងមានការផ្សាយផ្ទាល់តាមប្រព័ន្ធបណ្ដាញសង្គមផងដែរ។
ក្នុងឆ្នាំ២០២៣ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានកត់ត្រាថាមានការយាយីលើអ្នកសារព័ត៌មានយ៉ាងតិចចំនួន៣២ករណីលើអ្នកសារព័ត៌មានចំនួន៥៩រូប ដែលតួលេខនេះថយចុះ៨,៦ភាគរយ បើធៀបនឹងឆ្នាំ២០២២ ប៉ុន្តែថាចំនួនអ្នកសារព័ត៌មានដែលទទួលរងអំពើនេះមានការកើនឡើង៩,៣ភាគរយ។ វិធានការផ្លូវច្បាប់ ឬការគំរាមកំហែងប្រឆាំងអ្នកសារព័ត៌មានបានកើនឡើងពីប្រាំពីរករណីក្នុងឆ្នាំ២០២២ ទៅ១៥ករណីក្នុងឆ្នាំ២០២៣ នេះបើតាមទិន្ន័យរបស់ខេមបូចា។
នាយកប្រតិបត្តិខេមបូចា លោក ណុប វី បានមានប្រសាសន៍ថាសេរីភាពសារព័ត៌មាននៅតែមានការប្រឈមជាពិសេសគឺការបិទស្ថាប័នសារព័ត៌មានឯករាជ្យ ដែលបានផលិតព័ត៌មានបែបស៊ីជម្រៅ និងព័ត៌មានរសើបផ្សេងទៀត។ ទាំងនេះរួមមានទាំងការបិទផ្សាយរបស់សារព័ត៌មានវីអូឌី វិទ្យុផ្កាឈូក កាសែតរស្មីកម្ពុជា និងការបិទការបោះពុម្ពរបស់កាសែតភ្នំពេញប៉ុស្ដិ៍ជាដើម។
លោកមានប្រសាសន៍ថា៖ «អ្វីដែលយើងព្រួយបារម្ភនោះគឺជាការធ្លាក់ចុះរបស់ប្រព័ន្ធផ្សព្វផ្សាយដែលមានសម្ថភាពផលិតព័ត៌មានដែលគ្រប់ជ្រុងជ្រោយ […] អ្នកសារព័ត៌មានវិជ្ជាជីវៈ ដែលអាចធ្វើរឿងបែបគ្រប់ជ្រុងជ្រោយ ជាមួយនឹងការប្រមូលព័ត៌មានពីប្រភព និងទិន្ន័យដែលក្លាយទៅព័ត៌មានដែលគួរឲ្យទុកចិត្តបាន គឺមានការថយចុះច្រើន បន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានបិទ»។
លោកបន្ថែមថា៖ «ទាំងអស់នេះចំណុចមួយទៀតដែលជំរុញឲ្យយើងស្វែងរកមធ្យោបាយដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ»។
ក្រសួងព័ត៌មានក៏បានបង្ហាញរបាយការណ៍អំពីស្ថានភាពសេរីភាពសារព័ត៌មានរបស់ខ្លួនមួយដែរ ដោយថា៧៩,៨ភាគរយនៃអ្នកសារព័ត៌មាន៣៤១នាក់ដែលបានចូលរួមក្នុងការស្ទង់មតិបានដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាថា «ល្អប្រសើរ»។ អ្នកទាំងនោះបានអះអាងថាអ្នកសារព័ត៌មាននៅកម្ពុជាមាន«សេរីភាពពេញលេញ» ដើម្បីបំពេញការងារ ខណៈ៩៥ភាគរយបានយល់ស្របថាប្រព័ន្ធផ្សព្វផ្សាយសម្បូរបែបនៅកម្ពុជាបច្ចុប្បន្នបានរួមចំណែកលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងក្នុងពិធីសម្ពោធរបាយការណ៍កាលពីថ្ងៃទី៣០ ខែមេសា ថា៖ «វាជាមោទនភាពសម្រាប់ប្រទេសយើងដែលមានរបាយការណ៍វាយតម្លៃពីស្ថានភាពសេរីភាពសារព័ត៌មានដោយខ្លួនឯង ដែលមិនមែនជាការនិយាយរបស់បរទេសជំនួសឲ្យប្រជាជនកម្ពុជា ដែលជាអ្នកបានដឹងពីស្ថានភាពសេរីភាពសារព័ត៌មានក្នុងប្រទេសខ្លួនឯង»។
លោកអះអាងថាប៉ុន្មានឆ្នាំចុងក្រោយនេះ គឺ «មិនមានអ្នកសារព័ត៌មានស្លាប់បាត់បង់ជីវិតដោយសារតែការបំពេញការងាររបស់ខ្លួននោះទេ» ឬក៏មិនមានអ្នកសារព័ត៌មានណាត្រូវ«ជាប់ពន្ធនាគារដោយសារតែការអនុវត្តកិច្ចការងារប្រកបដោយវិជ្ជាជីវៈនោះដែរ»។
បច្ចុប្បន្ននៅកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយបានចុះបញ្ជីសរុបប្រហែល២០០០ស្ថាប័នក្នុងនោះមានចំនួន១០០០ស្ថាប័នជាវិបសាយ ទូរទស្សន៍អនឡាញ និងមានអ្នកសារព័ត៌មានប្រហែល១០ ០០០នាក់។
ក្នុងរបាយការណ៍មួយចេញផ្សាយដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថាស្ថានភាពសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជានៅបន្តធ្លាក់ចុះ។
ឆ្លើយតបទៅនឹងការលើកឡើងនេះ លោក នេត្រ ភក្រ្តា មានប្រសាសន៍ថាវាជាសិទ្ធិរបស់អង្គការទាំងនោះក្នុងការសរសេររបាយការណ៍នោះ។
លោកបន្ថែមថា៖ «ជាការពិត វា [វិស័យសារព័ត៌មាន]មិនអាចល្អឥតខ្ចោះនោះទេ វានៅតែមានបញ្ហាមួយចំនួន ឧទាហរណ៍ អ្នកសារព័ត៌មានមួយចំនួនដែលប្រព្រឹត្តខុសក្រមសីលធម៌បានត្រឹមត្រូវ ដូចដែលខ្ញុំបញ្ជាក់ពីខាងដើមអីចឹង [ជំរិតទារប្រាក់]។ អ្វីដែលយើងការពារគឺភាពស្របច្បាប់ និងការអនុវត្តវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌»។
លោកលើកឡើងទៀតថាអ្នកសារព័ត៌មានមួយចំនួនបានយកវិជ្ជាជីវៈរបស់ខ្លួនបម្រើប្រយោជន៍ផ្ទាល់ខ្លួន ឬស្វែងរកសំណូកក្រោមលេសថាខ្លួនជាអ្នកសារព័ត៌មាន ឬជំរិតយកប្រាក់ជាថ្នូរនឹងមិនផ្សាយព័ត៌មាន ដែលនេះលោកថាបានបំពានទៅនឹងក្រមសីលធម៌វិជ្ជាជីវៈ។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អាស្នារិទ្ធ ដែលបានចូលរួមក្នុងកម្មវិធីអបអរសេរីភាពសារព័ត៌មានពិភពលោកក្នុងទីក្រុងភ្នំពេញដែរនោះ បានគាំទ្រការលើកឡើងរបស់លោក នេត្រ ភក្រ្តា ដោយថា «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាគឺមានភាពល្អប្រសើរ»។
លោកបន្តថា ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ លើសេរីភាពសារព័ត៌មានការគាំពារនិងការពារសិទ្ធិដល់អ្នកសារព័ត៌មាន ក្នុងករណីដែលពួកគេជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងាររបស់ខ្លួន ពោលគឺសម្រាប់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានដែលបានចុះបញ្ជី នៅក្រសួងព័ត៌មាន ហើយដែលបានគោរព និងអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ។
នាយកការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក អ៊ិត សូធឿត ក៏បានបង្ហាញការយល់ឃើញប្រហាក់ប្រហែលនឹងលោក ណុប វី ដែរ ហើយលោកបានសង្កត់បន្ថែមថានៅតែមានការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ ជាមួយនឹងការកម្រិតសេរីភាព។
លោកឲ្យដឹងថា៖ «ក្នុងនាមជាសង្គមស៊ីវិលធ្វើការលើវិស័យសារព័ត៌មាន យើងក៏មានការស្រាវជ្រាវផងដែរ ដែលអ្នកសារព័ត៌មានឯករាជ្យរាយការណ៍អំពីបញ្ហាសង្គម បញ្ហានយោបាយ ឬបញ្ហាសំខាន់ៗផ្សេងទៀត ប៉ុន្តែពួកគេក៏មិនមានសេរីភាពក្នុងការរាយការណ៍ដែរ»។
លោក សូធឿត បន្ថែមថាស្ថាប័នស្រាវជ្រាវអន្តរជាតិមួយចំនួនមានវិធីសាស្រ្តវាយតម្លៃដោយផ្អែកលើសូចនាកររបស់អ្នកទាំងនោះ ដូចជាទាក់ទងនឹងក្របខណ្ឌច្បាប់ និងភាពសម្បូរបែបនៃប្រព័ន្ធផ្សព្វផ្សាយ។ លោកថាភាពសម្បូរបែបនេះមិនមែនសំដៅតែលើចំនួនប្រព័ន្ធផ្សព្វផ្សាយនោះទេ គឺសំដៅដល់ប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយផងដែរ។
អ្នកស្រី Camilla Ottonsson ប្រធានការិយាល័យស្ថានទូតស៊ុយអែតប្រចាំទីក្រុងភ្នំពេញ មានប្រសាសន៍ថាប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញព័ត៌មានបច្ចុប្បន្នកំពុងមានការប្រឈមច្រើនយ៉ាង ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋាន ខណៈដែលពួកគេស្ថិតនៅក្រោមការគំរាមកំហែងដែរ។
សាធារណជនមានចិត្តចង់អានអត្ថបទព័ត៌មាននិយាយពីបរិស្ថាន ដែលមានផ្ដល់ព័ត៌មានដែលអាចជឿងជាក់បាន ដើម្បីជាជំនួយដល់អ្នករស់នៅក្នុងប្រទេសកម្ពុជា។ អ្នកស្រីបន្តថា៖ «យើងសូមអំពាវនាវឲ្យទាំងអស់គ្នាមានការប្ដេជ្ញាចិត្តនិងសហការគ្នាដើម្បីធានាពីសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សិទ្ធិក្នុងការស្រាវជ្រាវបែបវិទ្យាសាស្រ្ត និងការទទួលបានព័ត៌មានពីច្រើនប្រភព»។
កញ្ញា ដាំ សុស្រីនាង វ័យ២៤ឆ្នាំ ជាអ្នកសកម្មក្នុងការធ្វើយុទ្ធនាការការពារបរិស្ថាន បានប្រាប់ខេមបូចាថា ការចូលរួមរបស់យុវជនក្នុងការរាយការណ៍ និងការពារបរិស្ថាន គឺជារឿង «សំខាន់ណាស់ក្នុងសង្គមប្រជាធិបតេយ្យ»។
កញ្ញា សុស្រីនាងបានចូលរួម និងស្ម័គ្រចិត្តជាយុវជនការពារបរិស្ថានតាំងពីនៅរៀនវិទ្យាល័យមកម្ល៉េះ និងបានធ្វើការកាន់តែសកម្មក្នុងឆ្នាំ២០២០។ កញ្ញា សង្កេតឃើញថាអាជ្ញាធរមូលដ្ឋានមិនសូវស្វាគមន៍ពេលយុវជនចុះល្បាតព្រៃនោះទេ។ មួយវិញទៀតវាកាន់តែអាក្រក់នៅពេលក្រុមយុវជនបានរកឃើញសកម្មភាពកាប់ឈើខុសច្បាប់ តែអាជ្ញធរបានបដិសេធទៅវិញ។
កញ្ញាបន្តថា៖ «កាលពីឆ្នាំមុន ខ្ញុំ និងក្រុមរបស់ខ្ញុំបានចុះទៅព្រៃឡង់ក្នុងខេត្តព្រះវិហារ។ យើងចុះទៅជាមួយសហគមន៍ព្រៃឡង់ យើងបានរកឃើញបទល្មើសព្រៃឈើប្រហែល២០០ករណី និងបានរាយការណ៍ទៅអាជ្ញាធរ។ ប៉ុន្តែអាជ្ញាធរថាករណីទាំងនោះជារឿងមិនពិត»។
កញ្ញាថា៖ «ដូចនេះ ខ្ញុំគិតថាការចូលរួមរបស់យើងក្នុងបញ្ហាបរិស្ថានពិតជាសំខាន់»។
កញ្ញាថាយុវជនដែលសកម្មនិងចូលរួមយកចិត្តទុកដាក់លើបញ្ហាបរិស្ថានច្រើនតែជួបការគំរាមកំហែង និងបញ្ហាសុវត្ថិភាព។
កញ្ញាបន្តថា៖ «សម្រាប់ខ្ញុំ បញ្ហាប្រឈមដំបូងបំផុត គឺយើងមិនដឹងថាទាក់ទងក្រសួងបរិស្ថានរបៀបណាដើម្បីបានព័ត៌មាន និងទីពីរយើងប្រឈមការគំរាមកំហែងពេលយើងបញ្ចេញទស្សនៈរបស់យើងលើបណ្ដាញសង្គម ឬផ្ទាល់ខ្លួន»។
កញ្ញាជំរុញឲ្យរដ្ឋាភិបាលលើកទឹកចិត្ត និងបើកឱកាសឲ្យយុវជនជាសកម្មជនបរិស្ថានបានធ្វើការដោយទូលំទូលាយ ពីព្រោះថាសេរីភាពសារព័ត៌មានគឺជា «ឧបករណ៍ដ៏មានឥទ្ធិពល» ដើម្បីធានាអភិបាលកិច្ចល្អ ក្នុងសង្គមប្រជាធិបតេយ្យ ជាពិសេសលើបញ្ហាបរិស្ថាន។
ក្នុងកម្មវិធីនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍ថារដ្ឋាភិបាលបានបង្កើនចំនួនអ្នកនាំពាក្យ និងការទទួលខុសត្រូវរបស់ពួកគេ ដូចនេះអ្នកទាំងនោះអាចបំពេញតម្រូវការរបស់អ្នកសារព័ត៌មានបាន។
លោកបន្តថា៖ «កន្លងមកយើងបានធ្វើការដឹកនាំអ្នកសារព័ត៌មាន ទៅពិនិត្យ និងអង្កេតទៅលើបញ្ហាបរិស្ថាន ក៏ដូចជារាយការណ៍ពីបញ្ហាបរិស្ថាន»។
ឆ្លើយតបទៅនឹងសំណួរដែលសួរថាហេតុអ្វីបានជាក្រសួងច្រានចោលរបាយការណ៍សង្គមស៊ីវិលពីបញ្ហាព្រៃឈើ លោកអាទិត្យា ថារបាយការណ៍ ឬទិន្ន័យដែលចេញដោយសង្គមស៊ីវិល គួរតែពិភាក្សាជាមួយរាជរដ្ឋាភិបាល មុនពួកគេបោះពុម្ពផ្សាយដើម្បីធានាថាទិន្ន័យត្រឹមត្រូវ។
លោកបន្តថា៖ «របាយការណ៍ដែលប្អូនបានលើកឡើងហ្នឹង សូមឱ្យដាក់មានវេទិកា [ពិភាក្សា] ដូចយើងធ្វើគោលនយោបាយ រាជរដ្ឋាភិបាលតែងតែឱ្យមានគ្រប់ភាគីពាក់ព័ន្ធ ក្នុងការធ្វើគោលនយោបាយ ឬក៏ចេញច្បាប់អ្វីមួយ»។
លោក អាទិត្យា ក៏បានច្រានចោលដែលថាមន្ត្រីបរិស្ថានព្រងើយកន្តើយនឹងការងារក្នុងការថែរក្សាព្រៃឈើ ដែលនាំឲ្យមានការកាប់បំផ្លាញព្រៃឈើនោះ។
លោក ទ្រី ថានី ជាអ្នកសារព័ត៌មានសេរី (freelance reporter) អស់រយៈពេលពីរឆ្នាំមកហើយ បានកត់សម្គាល់ឃើញថាមានបញ្ហាប្រឈមជាច្រើនកើតមានចំពោះអ្នករាយការណ៍ពីបញ្ហាបរិស្ថាន។ ក្នុងនោះរួមមានកង្វះការសហការពីអាជ្ញាធរមូលដ្ឋាន និងការមិនឆ្លើយតបពីក្រសួងបរិស្ថាន។
លោកបន្ថែមថា៖ «ខ្ញុំគិតថាបើសិនជាអាជ្ញាធរចង់ឲ្យមាននិរន្តរភាព និងភាពរីកចម្រើនខាងប្រជាធិបតេយ្យ ពួកគាត់ [អាជ្ញាធរ] គួរតែបើកចិត្តឲ្យទូលាយ មិនត្រូវរឹតត្បិត ឬគំរាមកំហែង ពេលអ្នកសារព័ត៌មានចុះទៅរាយការណ៍នៅមូលដ្ឋាន ដើម្បីធានាថាពួកគាត់មានសុវត្ថិភាព»។
លោកក៏បានលើកឡើងដែរថាពេលលោកចុះរាយការណ៍អំពីបុគ្គលមានអំណាច ឬឧកញ៉ាណាមួយ លោកត្រូវរៀនពីភាពប្រយ័ត្នប្រយែងលើសេចក្ដីរាយការណ៍ពីរឿងអ្នកទាំងនោះ។
លោកជំរុញឲ្យអាជ្ញាធរកុំគិតថាអ្នករាយការណ៍បញ្ហាបរិស្ថានជាសត្រូវរបស់ខ្លួន។ លោកបន្តថា៖ «អ្នកសារព័ត៌មានពាំនាំសម្លេងរបស់អ្នកគ្មានសម្លេងជាពិសេសជនជាតិដើមភាគតិចដែលរងផលប៉ះពាល់នៅក្នុងសហគមន៍របស់ពួកគាត់»។
ក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយទៀតជាមួយអ្នកធ្វើការលើប្រព័ន្ធផ្សព្វផ្សាយ និងតំណាងអង្គទូត លោក Patrick W. Murphy ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា លោកមិនធ្វើការអត្ថាធិប្បាយណាមួយលើរបាយការណ៍របស់ក្រសួងព័ត៌មានទាក់ទងនឹងសេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ។
យ៉ាងណា តំណាងឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក លោកថា ការការពារសេរីភាពសារព័ត៌មាន «គឺជារឿងសំខាន់»។ លោកចែករំលែកថា ជាការពិតនៅជុំវិញពិភពលោកសេរីភាពសារព័ត៌មានមានការធ្លាក់ចុះ និងស្ថិតក្រោមការគំរាមកំហែង ដោយរួមទាំងកម្ពុជាផង។
លោកបន្តថា៖ «យើងសង្ឃឹមថាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាលផងអាចគាំទ្រដល់សារព័ត៌មានឯករាជ្យ និងគាំទ្រសេរីភាពទទួលបានព័ត៌មាន និងសមត្ថភាពរបស់អ្នកសារព័ត៌មានក្នុងការរាយការណ៍ ទោះបីជាវាអាចជារឿងរសើប ឬរឿងអវិជ្ជមាន ដែលវានឹងជួយឲ្យរដ្ឋាភិបាលកាន់តែមានគណនេយ្យភាព។ វាពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជាដែលអាចដឹងរឿងពីគ្រប់ភាគី»។
លោក Murphy បន្ថែមថាក្នុងអាណត្តិរបស់លោកនៅកម្ពុជា លោកបានឃើញការបិទសារព័ត៌មានវីអូឌី កាសែត The Cambodia Daily និងប្រភពសារព័ត៌មានឯករាជ្យផ្សេងទៀតក្នុងនោះមានទាំងវិទ្យុអាស៊ីសេរីផងដែរ។
លោកបន្តថា៖ «ខ្ញុំគិតថាប្រជាជនកម្ពុជានៅនឹកគិតពីសារព័ត៌មានទាំងនោះ សារព័ត៌មានទាំងនោះបានផ្ដល់ព័ត៌មានល្អៗ និងមានព័ត៌មានចម្រុះ។ មានព័ត៌មានកាន់តែច្រើន គឺកាន់តែប្រសើរ»។
លោកថា បរិស្ថានបានរងគ្រោះជាខ្លាំង ដូចនេះប្រជាជនត្រូវការដឹងពីការកាប់ឈើខុសច្បាប់ អំពើពុករលួយ និងការប្រែប្រួលអាកាសធាតុ ព្រោះថាពួកគេក៏មានគំនិតច្រើនដែរ។ រដ្ឋាភិបាលមិនទាន់មានដំណោះស្រាយសម្រាប់រឿងគ្រប់យ៉ាងនោះទេ។
លោកបន្តថា៖ «យើងត្រូវការការបង្កើតថ្មី និងភាពច្នៃប្រឌិតពីសង្គមស៊ីវិល គ្រឹះស្ថានអប់រំ និងអ្នកសារព័ត៌មាន ប្រជាពលរដ្ឋ ហើយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អាចជួយសម្របសម្រួល។ ដូចនេះវាជាលទ្ធផលល្អសម្រាប់គ្រប់គ្នា រួមទាំងរដ្ឋាភិបាលផងដែរ»។
ក្នុងពិធីដាច់ដោយឡែកមួយទៀត គឺការជួបសំណេះសំណាលរវាង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៦ ដែលមានអ្នកចូលរួមជាង៥០០០នាក់ នៅថ្ងៃទី៣ ខែឧសភា។ ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានថ្លែងថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែមានការរីកចំរើន ដែលអ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ឈរលើមូលដ្ឋានក្រមសីលធម៌វីជ្ជាជីវៈសារព័ត៌មាន។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖«បច្ចុប្បន្ននៅក្នុងបរិកានៃបដិវត្តឧស្សាហ៍កម្មទីបួន កម្ពុជាមានការរីកចម្រើនខ្លាំងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ស្របពេលដែលយើងបើកទូលាយនៅសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មានដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារពត៌មាន» ។
លោកបានទទូចឲ្យអ្នកសារព័ត៌មានដែលបានឈរក្រោមស្លាកសារព័ត៌មានបញ្ឈប់រាល់សកម្មភាពឬការផ្សាយជាថ្នូរទទួលបាននូវផលប្រយោជន៍ផ្សេងៗ ដោយក្នុងនោះរួមមានករណីជំរិតទារប្រាក់។ លោកថាការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ នឹងជួឲ្យអ្នកសារព័ត៌មានកាន់តែមានឥទ្ធិពល។
លោក បានមានប្រសាសន៍ថា៖ «យើងផ្សាយមិនមែនកាន់ជើងអ្នកណាទេ គឺផ្សាយក្នុងនាមឆន្ទៈរបស់យើង ជាអ្នកអព្យាក្រឹត ជាអ្នកប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ ផ្សព្វផ្សាយឱ្យដឹង។ ខ្ញុំសូមឱ្យប្រកាន់ជំហរក្រមសីលធម៌វិជ្ជាជីវៈឱ្យច្បាស់មិនថាព័ត៌មាននោះវិជ្ជមានឬអវិជ្ជមាន យើងព្យាយាមរកឱ្យបានគ្រប់ជ្រង់ជ្រោយតាមលទ្ធភាពដែលអាចធ្វើទៅបាន» ។
លោក ហ៊ុន ម៉ាណែត ស្នើដល់អ្នកសារព័ត៌មានដែលបានផ្សព្វផ្សាយអំពីបញ្ហាផ្សេងៗ ឲ្យជួយផ្សាយឡើងវិញក្រោយពីអាជ្ញាធរបានដោះស្រាយរួចដើម្បីឱ្យសាធារណបានដឹងរឿងទាំងនោះ។
លោកក៏បានណែនាំដល់អ្នកសារព័ត៌មានទាំងអស់ចូលរួមលុបបំបាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ៕
(រាយការណ៍ដោយ៖ ឃួន ណារីម, សុវណ្ណ ស្រីពេជ្រ, លី រូស្សឡែ និងពូ សូរាជនី)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CSOs, Journalists Raise Concern Over Press Restriction, Information Minister Says All Is Well