ឪពុកម្តាយមួយចំនួនត្អួញត្អែរថា ពួកគាត់ជួបការលំបាកខ្លាំងក្នុងការបង់ប្រាក់ឱ្យកូនរៀនគួរតាមគ្រូតម្រូវដែលពេលខ្លះចង់ឱ្យកូនឈប់រៀនទៀតផង ខណៈប្រាក់ចំណូលថយចុះហើយការចំណាយក្នុងគ្រួសារកាន់តែកើនឡើង។
លោក សេរី វណ្ណ អ្នកធ្វើការងារនៅក្នុងវិស័យឯកជនមួយនៅក្នុងរាជធានីភ្នំពេញឱ្យដឹងថា ចំណូលរបស់គាត់ធ្លាក់ចុះប្រមាណពាក់កណ្តាលនៅក្នុងរយៈពេលចុងក្រោយនេះដោយសារគម្រោងខ្លះត្រូវគេបញ្ចប់។ បុរសវ័យ៥០ឆ្នាំរូបនេះមានកូន៣នាក់កំពុងរៀននៅសាលាចំណេះដឹងទូទៅ គឺ២នាក់នៅកម្រិតវិទ្យាល័យ និងម្នាក់រៀននៅថ្នាក់បឋមសិក្សា។
លោក សេរី វណ្ណ ឱ្យដឹងថា កូន២នាក់រៀននៅថ្នាក់វិទ្យាល័យលោកត្រូវចំណាយប្រមាណ៤០ម៉ឺនរៀលក្នុង១ខែ ចំណែកកូននៅរៀនថ្នាក់បឋមចំណាយ៤ម៉ឺនរៀលក្នុង១ខែសម្រាប់បង់ថ្លៃរៀនគួរ។ ក្រៅពីបង់ថ្លៃរៀនគួរលោកត្រូវចំណាយលើលុយចំណាយរបស់កូនប្រចាំថ្ងៃដែលម្នាក់ចន្លោះពី៣ពាន់រៀលទៅ៥ពាន់រៀលក្នុងមួយថ្លៃរួមទាំងចំណាយថែមលើលុយផ្ញើម៉ូតូ និងលុយបង់ថ្លៃទឹក និងភ្លើងរបស់សាលាថែមទៀតផង។
លោក សេរី វណ្ណ បន្តថា បើកូនមិនរៀនគួរ គឺប្រលងមិនជាប់ ឬបានពិន្ទុទាប ព្រោះគ្រូចេញវិញ្ញាសាប្រលងចំតែមេរៀនដែលបង្រៀនគួរ។
លោក សេរី វណ្ណ ថ្លែងថា៖ «អាហ្នឹងខ្ញុំអត់ឱ្យរៀនច្រើនទេ ខ្ញុំឱ្យរៀនតែ៣មុខវិជ្ជា ព្រោះយើង ខ្វះខាត។ បើយើងមិនរៀន ការប្រលងឆមាសយើងមានការធ្លាក់ចុះ អហ្នឹងបើតាមខ្ញុំដឹង។ បើយើងអត់ឱ្យរៀនសោះ ឆមាសរបស់កូន មុខវិជ្ជាណាដែលយើងអត់រៀន គឺមានការធ្លាក់ម៉ង។ អហ្នឹងវាចឹង»។
បុរសវ័យកណ្តាលរូបនេះឱ្យដឹងថា ពេលលំបាកខ្លាំងលោកតែងតែគិតចង់ឱ្យកូនឈប់រៀន ដើម្បីជួយធ្វើការរកចំណូលសម្រាប់គ្រួសារ។
លោក វណ្ណ សុជាតិ បន្តថា៖ «សូមឱ្យក្រសួងអប់រំមេត្តាពិនិតឡើងវិញចំពោះគ្រូៗដែលបានអនុវត្តខុសក្រមសីលធម៌។ គ្រូខ្លះគាត់រអ៊ូដែរ គាត់ថានៅពេលមិនបានចេញទៅបង្រៀនក្រៅ គឺគាត់ខ្វះថវិកា អាហ្នឹងវាចឹង ហើយនៅពេលខ្វះថវិកាចាប់ផ្តើមមករឹតកកូនសិស្សក្រៗហើយសម្រាប់អ្នកមានគេមិនសូវខ្វល់ប៉ុន្មានទេ [ប៉ុន្តែ]ដូចជាពួកយើងអីរកស៊ីមិនបានដែរ ធ្វើការឱ្យគេផងអីផង យើងពិបាកក្នុងការចំណាយសម្រាប់កូន ពេលខ្លះចង់បោះបង់ចោលការសិក្សាកូនៗ ឱ្យកូនជួយធ្វើការ»។
ពលរដ្ឋរស់នៅក្នុងខេត្តកណ្តាល អ្នកស្រី សែម សុភាព មានកូន២នាក់កំពុងរៀន គឺម្នាក់រៀននៅអនុវិទ្យាល័យ និងម្នាក់ទៀតរៀននៅវិទ្យាល័យ។ អ្នកស្រីពឹងលើរបរដាំបន្លែលក់ រកប្រាក់ឱ្យកូនរៀនគួរជិត៤០ម៉ឺនរៀលក្នុង១ខែ។
អ្នកស្រីឱ្យដឹងថា នៅតំបន់របស់អ្នកស្រីក្នុងក្រុងសំពៅពូនខេត្តកណ្តាល សូម្បីតែកូនក្មេងរៀនថ្នាក់បឋមក៏តម្រូវឱ្យរៀនគួរដែរ គឺរៀនក្នុង១ម៉ោង១ពាន់រៀលទៅ២ពាន់រៀល។ អ្នកស្រីឱ្យដឹងថា រូបគាត់ និងអ្នកភូមិផ្សេងទៀតកំពុងជួបការលំបាកខ្លាំងក្នុងការរកលុយឱ្យកូនរៀនគួរ ខណៈបច្ចុប្បន្នកំពុងជួបការលំបាកបញ្ហាបំណុលផង។
អ្នកស្រី សុភាព បញ្ជាក់ថា៖ «បើនិយាយរួមប៉ះពាល់ដល់៧០ ៨០ភាគរយប្រជាជនយើងឥឡូវ ប្រជាជននៅក្នុងភូមិខ្ញុំឥឡូវវេទនាមែនទែន អាចំណាយវាច្រើន អាចំណូលវាអត់ម៉ងណា។ ការធ្វើស្រែធ្វើស្រូវ បើយើងកុំជំពាក់លុយធនាគារបានសល់ហូប បើយើងជំពាក់ចឹងបានមកលក់អស់រលីងអត់មានសល់ សងគេ ហើយតាំងពីអស់ស្រូវទៅរកបានទិញអង្ករហូបវិញ ដើម្បីសងបំណុលខ្លាចធនាគាមករឹបអូស គាត់ខ្លាចអ៊ីចឹងហាណា៎»។
ពលរដ្ឋម្នាក់ទៀតនៅខេត្តបាត់ដំបង លោក ហេង ពុទ្ធា មានកូនស្រីម្នាក់រៀននៅថ្នាក់វិទ្យាល័យដែលត្រូវចំណាយ២០ម៉ឺនរៀលក្នុង១ខែសម្រាប់ការរៀនគួរ។ លោកបានលុយផ្គត់ផ្គង់ កូនស្រីរៀននេះពីការលក់ទាអាំង និងមួយផ្នែកពីកូនប្រុសធ្វើការងារនៅរាជធានីភ្នំពេញ។ លោកបន្តថា សិស្សនៅទីនោះមានការលំបាកខ្លាំងណាស់ ដែលពេលខ្លះកង់ ឬម៉ូតូធ្លាយមិនមានលុយសម្រាប់ប៉ះផង។
លោក ហេង ពុទ្ធា ថ្លែងថា៖ «បាទ! អាហ្នឹងធ្ងន់ធ្ងរ ពីព្រោះកន្លងមកខ្ញុំឃើញសិស្សខ្លះគ្នាមករៀនសូម្បីតែយើងគិតថាម៉ូតូគាត់បែកធ្លាយត្រូវផ្លាស់ពោះវៀនតាមផ្លូវក៏អត់មានលុយផង ពេលខ្លះរហូតបងចេញលុយឱ្យ ឃើញអាណិត។ ឱ្យហ្នឹងយើងមិនមែនជាអ្នកធូរធារទេ ប៉ុន្តែយើងជួយគាត់មួយរយៈពេលដែលចៃដន្យអ៊ីចឹង បងឃើញខ្លះគាត់អត់មានមែន»។
ឪពុកម្តាយសិស្សទាំងនេះ ចង់ឱ្យរដ្ឋាភិបាលពិសេសក្រសួងអប់រំលុបបំបាត់ការរៀនគួរនេះទៅ ព្រោះគ្រូមានប្រាក់ខែហើយ ម្យ៉ាងទៀតត្រូវមានការយកចិត្តទុកដាក់បង្រៀននៅម៉ោងរដ្ឋឱ្យបានច្រើនដើម្បីពង្រឹងការយល់ដឹងរបស់សិស្សដែលជាធនធានមនុស្សដឹកនាំប្រទេសនៅថ្ងៃអនាគត។
អ្នកស្រី សែម សុភាព ជឿជាក់ថា បើមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយ ប្រាកដជាអាចបញ្ចប់ការរៀនគួក្រៅម៉ោងនេះបាន។
អ្នកស្រី សែម សុភាព បន្តថា៖ «ដោយខ្ញុំចង់ឱ្យរដ្ឋាភិបាលថ្នាក់លើមកដល់ថ្នាក់ក្រោមគាត់រៀបឱ្យយើង ឱ្យលោកគ្រូ អ្នកគ្រូ ឱ្យប្រធានភូមិ អនុភូមិអីជួយជំរុញ បើសិនជាប្រាក់ខែគាត់មានហើយអ៊ីចឹងទឹកចិត្តគាត់ដែលនេះ អាចកុំយកអាបង់គួរហ្នឹងណា»។
ខេមបូចា បានព្យាយាមសាកសួរអ្នកនាំពាក្យក្រសួងអប់រំ លោកស្រី ឃួន វិច្ឆិកា ជុំវិញបញ្ហាដាក់សម្ពាធសិស្សឱ្យរៀនគួរនេះ ប៉ុន្តែលោកស្រីមិនឆ្លើយតបចំណុចនេះទេគ្រាន់តែបញ្ជាក់ថា ក្រសួងបានធ្វើការកែទម្រង់ច្រើនលើវិស័យអប់រំ រួមទាំងបង្កើតសាលាគំរូ ពង្រឹងគុណភាពពេលប្រលង បង្កើនកម្មវិធីបង្រៀនតាមអ៊ីនធើណិតបន្ថែម និងការបង្កើតទំនាក់ទំនងរវាងអាណាព្យាបាលសិស្ស និងសាលារៀន។
លោកស្រី ឃួន វិច្ឆិកា មានប្រសាសន៍ថា៖ «ដូចជម្រាបជូនបងខាងដើម ការចូលរួម និងកិច្ចសហការជិតស្និទ្ធពីមាតាបិតា និងសហគមន៍ទាំងមូលទាំងក្នុងដំណើរការសាលារៀន ការរៀន និងបង្រៀន ពោល គឺការចូលរួមយ៉ាងសកម្មពីសហគមន៍ គឺជារឿងសំខាន់ដែលជំរុញឱ្យការអប់រំកាន់តែមានគុណភាពល្អប្រសើរ និងប្រកបដោយតម្លាភាព»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី មានប្រសាសន៍ថា ការបង្រៀនគួរជារឿងធម្មតា ប៉ុន្តែអ្វីដែលមិនល្អគឺការដាក់សម្ពាធឱ្យសិស្សចូលរៀនគួរ ដោយយកមេរៀនពេលរៀនគួរសម្រាប់ចេញពេលប្រលង។ អ្នកស្រាវជ្រាវរូបនេះបន្តថា កន្លងមកក្រសួងក៏ធ្លាប់ប្រកាសមិនឱ្យមានការដាក់សម្ពាធឱ្យសិស្សរៀនគួរដែរ ប៉ុន្តែលោកថា ប្រកាសនោះមិនមានប្រសិទ្ធភាពទេ។
លោក មាស នី ជំរុញឱ្យក្រសួងមានវិធានការច្បាស់លាស់ ទើបអាចកែទម្លាប់មិនល្អរបស់គ្រូបង្រៀនមួយចំនួនដែលនៅតែដាក់សម្ពាធឱ្យសិស្សរៀនគួរ។
លោក មាស នី មានប្រសាសន៍ថា៖ «សិស្សដែលរៀន ហើយសិស្សដែលមិនរៀនគួរឱ្យគ្នាមានឱកាសក្នុងការទទួលបាននូវយុត្តិធម៌គ្រប់គ្រាន់ក្នុងការប្រលង ក្នុងការអីហាណា ប៉ុន្តែជាធម្មតាវាអត់ពិតដូចអ៊ីចឹង ហើយគ្នាច្រើនមានសម្ពាធពីគ្រូដែលបង្រៀនគួរហ្នឹងឯង បើមិនរៀនគួរជាមួយគាត់គ្មានផ្លូវបានពិន្ទុល្អ»។ លោកបន្តថា៖ «អ៊ីចឹង! ខ្ញុំគិតថាក្រសួងសំខាន់ប្រាក់ខែបុគ្គលិកគ្រូ វាក៏ជារឿងមួយស្របទៅតាមហ្នឹង ប៉ុន្តែដូចខ្ញុំបានជម្រាបជូនមិញ ប៉ុន្តែបើជាចរិតជាប្រពៃណីដូចខ្ញុំបានលើកឡើងមិញមិនកែទេ ទោះជាមានប្រាក់ខែឱ្យដល់១ពាន់ដុល្លារក៏នៅតែមិនគ្រប់ដែរ»។
ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី បញ្ហាជីវភាពឪពុកម្តាយក្រីក្រ និង ដាក់សម្ពាធឱ្យសិស្សរៀនគួរជាមូលហេតុចម្បងមួយដែលធ្វើឱ្យសិស្សក្រីក្របោះបង់ការសិក្សា។ លោកស្រី ឆាយ៉ាវី បញ្ជាក់ថា ដើម្បីលុបបំបាត់បញ្ហាដាក់សម្ពាធឱ្យសិស្សរៀនគួរនេះបាន គឺទាល់តែក្រសួងដាក់វិធានការលើគ្រូដែលបានប្រព្រឹត្តខុស មួយទៀតគឺត្រូវដំឡើងប្រាក់ខែគ្រូឱ្យសមនឹងការចំណាយលើតម្លៃទំនិញលើទីផ្សារ។
ប្រធានសមាគមគ្រូបង្រៀនឯករាជរូបនេះឱ្យដឹងថា នៅប្រទេសជឿនលឿន រួមទាំងប្រទេសថៃ និងប្រទេសវៀតណាម មិនមានការដាក់សម្ពាធឱ្យសិស្សរៀនគួរទេ។
លោកស្រី ឆាយ៉ាវី បន្ថែមថា៖ «ខ្ញុំមិនប្រៀបធៀបជាមួយប៉ែកអឺរ៉ុបទេ ខ្ញុំប្រៀបធៀបតែជាមួយអ្នកជិតខាងយើង មើលនៅវៀតណា ថៃអី ប្រាក់ខែគេ ក៏គេរស់នៅសមរម្យ ហើយទី២ទៀតប្រាក់បៀវត្សរបស់គេហ្នឹង គេអាចផ្គត់ផ្គង់គ្រួសារគេបាន មិនដូចស្រុកខ្មែរ»។
លោក ស៊ីន តាប់ ជាជនខ្មែរ-ថៃ រស់នៅក្នុងខេត្តសូរិន្ទ ប្រទេសថៃ កំពុងបង្រៀនភាសាខ្មែរនៅវិទ្យាល័យមួយនៅក្នុងខេត្តសូរិន្ទ។ លោក ស៊ីន តាប់ ឱ្យដឹងថា នៅក្នុងប្រទេសមិនមានការបង្រៀនគួរទេ ចំណែកសិស្សរៀនពីរពេល និងទទួលបានអាហាររូបត្ថម្ភចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៩។
លោកឱ្យដឹងថា មូលហេតុមិនបង្រៀនគួរនេះដោយសាររសាលារដ្ឋមានគុណភាពគ្រប់គ្រាន់ហើយ។
លោក ស៊ីន តាប់ ថ្លែងថា៖ «គ្រូគេមានគុណភាពដូចគ្នាទាំងអស់ គេមិនខ្វល់ត្រូវរៀនថែម គេមិនខ្លាចថាគ្រូរដ្ឋអន់ជាងគ្រូឯកជនទេ ដោយសារអីគ្រូរដ្ឋក៏ប្រលង១ពាន់នាក់យក១រយនាក់ដូចតែគ្នា។ គេខ្លាចគ្រូបានផលប្រយោជន៍ពីបង្រៀនម៉ោងគួរ ឧទាហរណ៍ថាគ្រូយកសិស្សខ្លួនឯងទៅបង្រៀនម៉ោងគួរ អ្នកមិនរៀនម៉ោងគួរបានពិន្ទុតិច អ្នករៀនម៉ោងគួរបានពិន្ទុច្រើន អ៊ីចឹងវាប៉ះពាល់នឹងការពុករលួយ»។
បើតាមលោក ស៊ីន តាប់ គ្រូបង្រៀននៅក្នុងប្រទេសថៃនៅកម្រិតចំណេះដឹងទូទៅទទួលបានប្រាក់បៀវត្សចន្លោះពី៥រយទៅ១ពាន់ដុល្លារ។ ចំណែករបាយការណ៍ក្រសួងអប់រំកម្ពុជានៅឆ្នាំ២០២៣បង្ហាញថា គ្រូបង្រៀននៅសាលាចំណេះដឹងទូទៅទទួលបានប្រាក់បៀវត្សចន្លោះពី១លានទៅ២លានរៀលស្មើនឹង២៥០ដុល្លារទៅ៥០០ដុល្លារ។
ច្បាប់ស្តីពីសហលក្ខន្តិក:មន្រ្តីរាជការស៊ីវិល ច្បាប់ស្តីពីការអប់រំ អនុក្រឹត្យស្តីពីក្រមសីលធម៌វិជ្ជាជីវ:គ្រូបង្រៀន និងសេចក្តីណែនាំជាច្រើនទៀត ដើម្បីពង្រឹងការអនុវត្តតួនាទីភារកិច្ច និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន សុទ្ធតែបានលើកឡើងពីការហាមមិនឱ្យបង្ខំសិស្សឱ្យរៀនគួរ។ ប៉ុន្តែបញ្ហានេះនៅតែបន្តកើតមាន។
នៅខែកញ្ញា ឆ្នាំ២០២៣ ក្រសួងអប់រំបានធ្វើសេចក្តីណែនាំជាថ្មីទៀត ដោយមិនឱ្យគ្រូបង្រៀនយកម៉ោងរដ្ឋ និងយកសាលារដ្ឋធ្វើជាកន្លែងរៀនគួរទេ។
កុមារីម្នាក់ជាសិស្សរៀនថ្នាក់ទី៤នៅក្នុងក្រុងសំពៅពូន ឱ្យដឹងថា រូបគាត់ចំណាយលុយ១ពាន់រៀល ដើម្បីរៀនគួរក្នុង១ម៉ោងរាល់ថ្ងៃ។
កុមារីរូបនោះឱ្យដឹងថា៖ «ចាស! ខ្ញុំបង់ថ្លៃរៀនគួរអស់១ពាន់ក្នុងមួយថ្ងៃ ខ្ញុំរៀនគួរ២មុខវិជ្ជា គឺខ្មែរ និងគណិត»។
គ្រូបង្រៀននៅសាលាវិទ្យាល័យមួយនៅខេត្តកំពង់ចាម លោក ជា ធារ៉ា ឱ្យដឹងថា នៅសាលារបស់លោក គឺនាយកសាលាមានវិធានការជាប្រចាំចំពោះអ្នកបង្ខំឱ្យសិស្សរៀនគួរ។ លោកបន្តថា មានគ្រូមួយចំនួនតូចនៅតែប្រព្រឹត្តល្មើសបង្ខំឱ្យសិស្សរៀនគួរ។
លោក ជា ធារ៉ា មានប្រសាសន៍ថា៖«កន្លងមកប្រហែលជាធ្លាប់មាន ពីព្រោះគ្រូនាយកគាត់ដៀមដាម ប៉ុន្តែអាចម្នាក់ពីរនាក់អ៊ីចឹងណា គាត់ធ្លាប់ដៀមដាមគាត់ហៅមក តែគាត់ទុកកិត្តិយស គាត់មិនឱ្យយើងដឹងថាជាគ្រូណាគ្រូណីចឹងទេ គ្រាន់តែប្រើពាក្យថានៅមានម្នាក់ពីរនាក់ទៀតចេះតែនាំឱ្យមានបញ្ហាតិចតួចអ៊ីចឹងទៅ»។
ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខមួយក្នុងអាស៊ាន ដែលមានការអប់រំល្អ ក្នុងរបាយការណ៍អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព របស់អង្គការសហប្រជាជាតិ (UNSDSN)ចេញផ្សាយនៅឆ្នាំ២០២៣។ ប្រទេសវៀតណាមស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ២បន្ទាប់ពីថៃ។
របាយការណ៍នេះបានផ្តល់ចំណាត់ថ្នាក់កម្ពុជានៅលេខ៩ និងប្រទេសឡាវ ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១០ជាចំណាត់ថ្នាក់ក្រោមគេ ខាងគុណភាពអប់រំនៅអាស៊ាន។ ចំណែករបាយការណ៍របស់ស្ថាប័ន កិច្ចពិភាក្សាពីការអប់រំលើកម្រិតអន្តរជាតិ(IDE)ចេញផ្សាយនៅឆ្នាំ២០២០ បានចាត់ថ្នាក់កម្ពុជាលើគុណភាពអប់រំនៅលេខ១២៤នៅក្នុងចំណោម១៣៨។
របាយការណ៍នេះបញ្ជាក់ថា កម្ពុជាពិបាកនឹងសម្រេចគោលដៅក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ ដោយសាររបញ្ហាធនធានមនុស្ស៕