សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គ្រូៗ និងសមាជិកនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យស្នើសុំរដ្ឋាភិបាលថ្មី​ដំទ្បើងប្រាក់បៀវត្សជូនគ្រូបង្រៀនបន្ថែម

ក្រុមគ្រូបង្រៀន និងអាណាព្យាបាលសិស្សប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
ក្រុមគ្រូបង្រៀន និងអាណាព្យាបាលសិស្សប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

លោកគ្រូ អ្នកគ្រូ និងសមាជិកនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅតែបន្តស្នើឱ្យរដ្ឋាភិបាលថ្មីជួយ​ដំឡើង​​​ប្រាក់ខែដល់គ្រូបង្រៀនក្នុងចន្លោះពី៣-៤លានរៀល ក្នុងពិធីទិវាគ្រូបង្រៀនពិភពលោក​ នៅថ្ងៃទី៥ ខែតុលា​ ឆ្នាំ២០២៣។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានប្រារព្ធពិធីទិវាគ្រូបង្រៀន​ពិភពលោក នៅបរិវេណទីលានប្រជាធិបតេយ្យ ដោយមានការចូលរួមពីសំណាក់ អតីតគ្រូបង្រៀន គ្រូបង្រៀន អាណាព្យាបាលសិស្ស សិស្សានុសិស្ស ជាង១០០នាក់។ ជាមួយគ្នានោះ ជិតចុងបញ្ចប់នៃកម្មវិធី តំណាងរាជរដ្ឋាភិបាល រដ្ឋសភា និងក្រសួងអប់រំ បានអញ្ជើញមកទទួលញ្ញតិពីសមាគមដល់បរិវេណប្រារព្ធ ព្រោះតែពួកគាត់មិនត្រូវបានអនុញ្ញាតឱ្យធ្វើការដង្ហែក្បួនទៅដាក់ដោយផ្ទាល់តាមស្ថាប័ន។

លោក ជីវ ប៊ុនធេង ជាគ្រូបង្រៀនថ្នាក់បឋមសិក្សានៅខណ្ឌជ្រោយចង្វារ​ បានឱ្យដឹងថា បញ្ហាប្រឈមបី​ដែល​ធ្វើឱ្យវិស័យអប់រំនៅមានកំសោយនោះគឺការកង្វះគ្រូបង្រៀននៅតាមបណ្ដាសាលារៀនដែលនៅតំបន់ជាយនៃ​រាជធានីខេត្ត ខណៈពេលដែលបច្ចុប្បន្នគ្រូបង្រៀនម្នាក់ត្រូវគ្រប់គ្រងសិស្សចន្លោះពី៧០ ទៅ៨០នាក់ និង​មួយ​វិញ​ទៀត គ្រូបង្រៀនជួបប្រទះនឹងកង្វះថវិកា​ដែលធ្វើឱ្យពួកគាត់សម្រេចចិត្ត​រករបរបន្ថែមដើម្បីចិញ្ចឹម​ជីវិត ដែលជាហេតុធ្វើឱ្យពួកគាត់មិនបានផ្តោតលើការពង្រឹងសមត្ថភាពបន្ថែម ឬសិក្សាស្រាវជ្រាវគន្លឹះថ្មីៗ​សម្រាប់បង្រៀនដល់សិស្សានុសិស្ស។

លោក ប៊ុនធេង បានឱ្យដឹងថា៖ «ទី១គិតគូរអំពីគុណភាពនៃការអប់រំ ដូចដែលខ្ញុំបញ្ជាក់ពីដើមហ្នឹង គឺត្រូវមានគ្រូគ្រប់គ្រាន់ ដាក់តាមស្ដង់ដារក្នុងមួយថ្នាក់ចន្លោះ៤០នាក់ចុះក្រោមអ៊ីចឹងទៅ ដើម្បីឱ្យលោកគ្រូ អ្នកគ្រូ គាត់មើលការខុសត្រូវបានល្អ»។ លោកបន្តថា៖ «ទី២ ក្រសួងត្រូវគិតគូរពីបញ្ហាប្រាក់បៀវត្សដល់លោកគ្រូអ្នកគ្រូឱ្យបានសមរម្យជាងនេះ។ ទី៣ អាចកែទម្រង់នូវកម្មវិធីសិក្សាថ្នាក់បឋម ជាពិសេសថ្នាក់ទី១ ទី២ហ្នឹង! ត្រូវកែឡើងវិញពីព្រោះមើលទៅវាដូចអត់ស៊ីនឹងកម្រិតនៃការយល់ដឹង និងខួរក្បាលរបស់សិស្ស វារាងជ្រៅ»

លោកបន្ថែមថា ចំណែកប្រាក់បៀវត្សប្រចាំខែសម្រាប់គ្រូបង្រៀនថ្នាក់បឋមសិក្សា គឺលោកទទួលបាន​ខ្ទង់​១,៥លានរៀល ដែលលោកថាវាមិនអាចធ្វើឱ្យគាត់ផ្គត់ផ្គង់ជីវភាពបានគ្រប់គ្រាន់នោះទេ គឺបានត្រឹមតែមួយ​រស់​ប៉ុណ្ណោះ។

លោកស្រី អ៊ុក ឆាយ៉ាវី ជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានមានប្រសាសន៍ថា កត្តាប្រាក់​បៀវត្ស​​ទាបនៅតែ​ជាបញ្ហាសម្រាប់គ្រូបង្រៀន ដូច្នេះលោកស្រីនៅតែបន្តស្នើឱ្យ​រដ្ឋាភិបាលថ្មី​ជួយ​គិតគូរ​និង​ដំឡើង​ប្រាក់ខែដល់គ្រូបង្រៀនក្នុងចន្លោះពី៣-៤លានរៀល។

លោកស្រីថ្លែងថា៖ «ការទាមទារប្រាក់ខែឱ្យឡើងនេះគឺដើម្បីឱ្យពួកគាត់[គ្រូបង្រៀន]រស់នៅសមស្រប ឈប់ឱ្យយកពេលវេលាទៅបង្រៀនក្រៅ បង្រៀនគួរ លក់នំ និយាយរួមទៅគឺលោកគ្រូអ្នកគ្រូយើងអត់ចង់ធ្វើឱ្យប៉ះពាល់ដល់ការអប់រំនោះទេ ប៉ុន្តែដោយសារកត្តាជីវភាព អ៊ីចឹង ពួកគាត់ត្រូវបង្ខំចិត្ត»

លោកស្រីលើកឡើងថា គោលបំណងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រារព្ធទិវាគ្រូបង្រៀន​នៅថ្ងៃនេះ​គឺចង់នាំសារដល់រដ្ឋាភិបាល និងក្រសួងអប់រំឱ្យយកចិត្តទុកដាក់ដល់គ្រូបង្រៀន។ ជីវិតគ្រូបង្រៀន​ គឺគាត់​លះបង់ខ្ពស់ណាស់ ទាំងពេលវេលា ទាំងចំណេះដឹងផ្ទេរដល់សិស្សានុសិស្សគ្រប់ជំនាន់ ប៉ុន្តែប្រាក់​បៀវត្ស​របស់ពួកគាត់ ហាក់បីដូចជានៅទាបនៅឡើយ។

លោកស្រីបញ្ជាក់ថា៖ «ហេតុអ្វីសមាគមដាក់ស្នើ១/៤នៃប្រាក់ខែសភា? សួរថាសភា​ធ្វើការ​​អ្វីខ្លះ បើលះបង់​គឺមិន​ដូច​គ្រូបង្រៀននោះទេ ប៉ុន្តែគ្រូបង្រៀនលះបង់ខ្លាំង ដូច្នេះ​គ្រូបង្រៀនត្រូវការប្រាក់បៀវត្សរស់នៅ​សមរម្យ​ដើម្បី​ឱ្យ​ពួកគាត់មានទឹកចិត្តក្នុងការផ្ដល់ចំណេះដឹងដល់សិស្សានុសិស្ស ជាពិសេសយុវជនជំនាន់ក្រោយ ដើម្បីឱ្យ​គាត់ទទួលបានការអប់រំដ៏មានប្រសិទ្ធភាព»

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ថ្លែងក្នុងពិធីប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

លោកស្រីបានបន្តថា ទាក់ទងទៅនឹងសិទ្ធិសេរីភាពរបស់គ្រូបង្រៀនដែលជាសមាជិកក្នុងសមាគម លោកស្រី ឆាយ៉ាវី ឱ្យដឹងដែរថា  ពួកគាត់ត្រូវបានរងការគាបសង្កត់ និងគំរាមកំហែងក្រោមរូបភាព​ដូចជាការកាត់ប្រាក់​បៀវត្សនៅពេលពួកគាត់សុំច្បាប់ទៅពិនិត្យសុខភាព មានការតាមឃ្លាំមើល និងសាកសួរ ដែលចំណុចនេះ លោកស្រីថា​វាមានភាពខុសគ្នាទៅលើគ្រូបង្រៀនដែលចូលរួមជាមួយគណបក្សកាន់អំណាច។

លោកស្រីបានថ្លែងថា៖ «ចំពោះខ្ញុំ ខ្ញុំចង់ឃើញវិស័យអប់រំហ្នឹង មិនស្ថិតនៅក្រោមគណបក្សកាន់អំណាចនោះទេ គឺឱ្យឯករាជ្យអត់កាន់ជើងអ្នកណាឡើយ»

លោកស្រី ឆាយ៉ាវី បន្ថែមថា វានឹងជះឥទ្ធិពលក៏ដូចជាប៉ះពាល់ខ្លាំងនៅពេល​គ្រូបង្រៀនមិនមាន​ពេលវេលា​គ្រប់គ្រាន់ក្នុងការស្រាវជ្រាវរកគន្លឹះថ្មីខណៈដែលបច្ចុប្បន្ន៥០ភាគរយនៃគ្រូបង្រៀនសាលារដ្ឋបានធ្វើការ​បង្រៀនបន្ថែមនៅសាលាឯកជន ដែលបានលេចចេញជាស្ដង់ដាពីរវាងសិស្សសាលាឯកជន និងសាលារដ្ឋ ដែលនឹងធ្វើឱ្យសិស្សដែលមិនមានលទ្ធភាពបង់សាលា ឬបង់ថ្លៃរៀនបំប៉នក្រៅប្រឈមនឹង​ការបោះបង់​ការសិក្សា និងចំណាកស្រុកវ័យក្មេង។

ថ្លែងក្នុងពិធីនេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) អំពាវនាវឱ្យរដ្ឋាភិបាលពិចារណា ក្នុង​ការកែឡើងវិញនៃច្បាប់ស្ដីពីសហជីពដើម្បីអាចឱ្យគ្រូបង្រៀន ឬមន្ត្រីរាជការមានសិទ្ធិ​ក្នុងការចងក្រង​សហជីព។ ការលើកឡើងរបស់លោក អាត់ ធន់ គឺបន្ទាប់ពីសមាគមបានលើកឡើង​ពីបញ្ហាប្រឈម​របស់​គ្រូ​បង្រៀនមួយចំនួនដែលត្រូវបានរងការរើសអើង និងមួយរយៈពេលក្រោយមកនេះគ្រូបង្រៀនខ្លះត្រូវ​បាន​ដកចេញពីក្របខណ្ឌជាដើម។

លោកបានថ្លែងថា៖ «ខ្ញុំគិតថារឿងនេះដូចជាមិនសមស្របនោះទេ តាមពិតលោកគ្រូអ្នកគ្រូគាត់គឺជាអ្នក​ដែល​ធ្វើការដើម្បីទទួលប្រាក់ឈ្នួល គាត់ជាបុគ្គលិក ជាកម្មកររដ្ឋ ហើយគាត់ក៏មានសិទ្ធិសេរីភាពក្នុងការ​ជជែក​ពិភាក្សា​ដែរ មិនគួរត្រូវបានរើសអើងនោះទេ»។ លោកបន្តថា៖ «ដូច្នេះយើងស្នើឱ្យ[រដ្ឋាភិបាល]ពិចារណា​ឡើង​វិញ​​ចំពោះ​លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលធ្វើការ គួរផ្ដល់សេរីភាពឱ្យគាត់មានសិទ្ធិបង្កើតសហជីព ចូលរួមសកម្មភាព​ចរចាដូចកម្មករនិយោជិតដែរ។ បើពុំដូច្នោះទេគឺនឹងមានបញ្ហាទៅដល់សេដ្ឋកិច្ច បញ្ហា​ការងារ និងពាក់ព័ន្ធទៅនឹងជីវភាពគាត់អីហ្នឹងគឺគាត់មិនដឹងថាដោះស្រាយយ៉ាងម៉េចនោះទេ»

ក្រុមគ្រូបង្រៀន និងអាណាព្យាបាលសិស្សប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ថ្លែងក្នុងទិវាគ្រូបង្រៀនលើកទី២៦ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ដែលរៀបចំដោយរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញ​ឱ្យក្រសួងអប់រំពង្រឹងវិស័យអប់រំរបស់រដ្ឋ​ដោយផ្តើមចេញ​ពី​មត្តេយ្យសិក្សាទៅដល់មធ្យមសិក្សា និង​ធនធានមនុស្សដែលមានស្រាប់ ពិសេសផ្តោតលើការពង្រីក​ស្ថាប័ន។

លោកនាយករដ្ឋមន្ត្រីថ្លែថា៖ «ខ្ញុំពង្រឹងសាលារដ្ឋទេ សាលាឯកជនខ្ញុំលើកទឹកចិត្តក្នុងការចូលរួម ប៉ុន្តែសាលារដ្ឋជាមូលដ្ឋាន ព្រោះប្រជាពលរដ្ឋយើងលើសលប់គឺកូនរៀននៅសាលារដ្ឋ ហើយចង់បាននិស្សិតល្អពង្រឹងពីមត្តេយ្យដល់ថ្នាក់ទី១២ទៅ»

លោក ម៉ាណែត បញ្ជាក់ថា៖ «ដំណាក់កាលអាណត្តិនេះគឺដំណាក់កាលពង្រឹងជាជាងពង្រីក ពង្រឹងអ្វីដែលមានស្រាប់ ជាពិសេសផ្តោតទៅលើស្ថាប័ន ហើយពង្រឹងសេវាគឺផ្តោតទៅលើមូលដ្ឋានទៅដល់ស្រុក ឃុំ»។

លោកបន្តថា ការពង្រឹងលើអភិបាលកិច្ចលើការគ្រប់គ្រងថ្នាក់ដឹកនាំសាលា​ដែលនាយកសាលា​ដើរតួនាទី​សំខាន់ និងលោកគ្រូអ្នកគ្រូដែលជាអ្នកអនុវត្តផ្ទាល់ព្រោះនាយកសាលា គឺជាអ្នកទទួលខុសត្រូវដឹកនាំផ្ទាល់ ជាគំរូនៅក្នុងសាលាសម្រាប់គ្រូ និងសម្រាប់សិស្ស។

លោក ម៉ាណែត ថ្លែងទៀតថា៖ «បើនាយកសាលាគាត់ល្អគាត់មានការគ្រប់គ្រង មានវិន័យសម្រាប់ខ្លួនឯង គាត់ជាគំរូ គ្រូក៏ទៅតាមនោះ ហើយគ្រូក៏ជាគំរូរបស់សិស្ស អ៊ីចឹងគំរូតាមគ្នា នាយកសាលាសំខាន់ គាត់ជាមជ្ឈមណ្ឌលនៃការសាមគ្គីផ្ទៃក្នុង នាយកសាលាដូចជាឪពុកស្ថាប័នអ៊ីចឹង»

លោក ហ៊ុន ម៉ាណែត​ ក៏បញ្ជាក់អំពីប្រាក់ឧបត្ថម្ភសម្រាប់លោកគ្រូ អ្នកគ្រូដែលប្រទ្បងជាប់ជាគរុសិស្ស កម្រិត​«ក» នៅឆ្នាំ២០២៣ ទទួលបាន៦០ម៉ឺន៣ពាន់រៀល នឹងទទួលបានជាង១លាន១៧ម៉ឺនរៀល នៅ​ឆ្នាំ២០២៤​។ សម្រាប់គរុសិស្សកម្រិត «ខ» ដែលចេញទៅបង្រៀនមូលដ្ឋានពីមុនបាន៥៦ម៉ឺន២ពាន់​រៀល នឹងទទួលបាន​ជាង​១លាន១សែនរៀល។ ហើយកម្រិត «គ» ពីមុនបាន៥៣ម៉ឺរៀល នឹងទទួលបាន៩៨ម៉ឺន​រៀល។

លោកបន្តទៀតថា៖ «មហិច្ឆតារបស់ខ្ញុំក្នុងមួយអាណត្តិពីរអាណត្តិនេះសាលារដ្ឋទាំងអស់មិនចំាបាច់​មាន​កូន​ចៅប្រជាពលរដ្ឋវេច​បង្វិច​ពីស្រុកមួយទៅស្រុកមួយទៅរៀនសាលាមួយទៀតព្រោះគ្រប់សាលារដ្ឋទាំងថ្នាក់បឋម ថ្នាក់ទី១២ [នឹង]ក្លាយទៅសាលាល្អអាចទទួលយកបាននៅមូលដ្ឋាន»

លោក ហ៊ុន ម៉ាណែត បន្ថែមថា បើមានសាលាល្អ សាលារដ្ឋនឹងក្លាយជាសាលាដែលអាចទទួលយកបាន​ដោយមិនចំាបាច់តម្រូវឱ្យឪពុកម្តាយ អាណាព្យាបាល ផ្លាស់ប្តូរលំនៅឋានទៅរកសាលាល្អ​សម្រាប់កូនចៅ​រៀនសូត្រ​នោះទ្បើយ។

លោក ហង់ ​​ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ លើកទ្បើងថា ការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពី​កម្រិត​មត្តេយ្យសិក្សាដល់មធ្យមសិក្សាផ្តោតលើការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យ កែសម្រួល និងរៀប​ចំ​ទ្បើង​វិញនូវកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា​ដើម្បីឆ្លើយតប​ទៅនឹង​តម្រូវការ ពង្រីកចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។

លោកថ្លែងថា៖ «ក្រសួងប្តេជ្ញាខិតខំរិះរកគោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានា ដើម្បីគាំទ្រ​ដល់​គ្រូបង្រៀន​ឱ្យសក្តិសមនឹងប្រធានបទ​ខាងលើ ក៏ដូចជា​ពង្រឹងគុណភាពអប់រំ»

លោកបន្ថែមថា បច្ចុប្បន្ន គ្រូបង្រៀនដែលមានសញ្ញបត្រចាប់ពីបរិញ្ញាបត្រទ្បើងទៅមាន ៣៦ ២៤៦នាក់ ស្មើនឹង ៣៨,៣​ភាគរយ ធៀបនឹងចំនួនគ្រូបង្រៀនសរុប ៩៤ ៦៩២នាក់៕

319 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម