សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាអូរ១៧ក្នុងស្រុកវាលវែង ត្រូវការអគារសិក្សាថ្មី ខណៈគ្រូៗបារម្ភ​ពីសិស្សមួយចំនួនឈប់រៀនទាំងវ័យក្មេង

សិស្សសាលាកំពុងរត់លេងនៅខាងមុខបន្ទប់រៀនដែលសង់ឡើងពីឈើ ដំបូលប្រក់សង្ក័សី។ (រូបភាពផ្ដល់ឱ្យ)
សិស្សសាលាកំពុងរត់លេងនៅខាងមុខបន្ទប់រៀនដែលសង់ឡើងពីឈើ ដំបូលប្រក់សង្ក័សី។ (រូបភាពផ្ដល់ឱ្យ)

«អូរ១៧»ជាឈ្មោះសាលាបឋមសិក្សាមួយស្ថិតក្នុងភូមិអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់។ ខុសពីសាលានៅទីប្រជុំជន ឬទីក្រុង។ សាលាអូរ១៧ សង់ពីរោងឈើ ដំបូល​ប្រក់​​សង្ក័សី មានសភាពធ្លុះធ្លាយ ព្រមទាំងខ្វះបង្គន់អនាម័យ អណ្ដូងទឹកស្អាត ខណៈសិស្ស​មួយ​ចំនួន​ប្រឈមនឹងការឈប់រៀនទៅជួយរកលុយឪពុកម្ដាយ ដែលកត្តានេះ​ទាមទារឱ្យ​មាន​ការ​គំាទ្រ​បន្ថែមពីភាគីរដ្ឋាភិបាល។

អង្គការយូនីសេហ្វ បានលើកឡើងថា ការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកប​ដោយ​សមធម៌ និងបរិយាបន្ន សម្រាប់កុមារគ្រប់រូប ​និងកុមារដែលរស់នៅតំបន់​ក្រីក្រ​នៅ​ជនបទ និងទីប្រជុំជន គឺជាការផ្តល់ការគាំទ្រ​ដែលមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បី​ឲ្យពួកគេ​អាច​អភិវឌ្ឍន៍​ខ្លួនឈាន​ទៅ​សម្រេចបានសក្តានុពលរបស់ពួកគេ។

គ្រូបង្រៀននៅសាលាបឋមសិក្សាអូរ១៧អស់រយៈពេល៧ឆ្នាំ គឺលោក សាន់ សង្វាត ថ្លែង​ប្រាប់ ​ខេមបូចា ថា មានបញ្ហាមួយចំនួនដែលជាក្ដីបារម្ភរបស់លោកក្នុងនាមជាគ្រូបង្រៀន ទី១​សាលា​​សង់ឡើងពីអគារឈើដែលមានសភាពចាស់ និងធ្លុះធ្លាយ បង្គន់អនាម័យមិនទាន់​គ្រប់​គ្រាន់ រីឯអណ្ដូងទឹកស្អាតមិនទាន់មានប្រើនៅឡើយ ព្រមទាំងបរិស្ថានជុំវិញ​នៅមាន​ការ​កែ​លម្អ​ជាច្រើនទៀត ដែលសាលាកំពុងត្រូវការជំនួយ។

លោក សង្វាត បន្ថែមថា ការអប់រំគឺជាវិស័យអាទិភាព ដែលក្រសួងអប់រំយកចិត្តទុកដាក់ ដូច្នេះ​ការធានាឱ្យបាននូវការគាំទ្រលើការកែលម្អដំណើរការរបស់សាលារៀន អគារសិក្សា និងគ្រឿងបរិក្ខារនៅតាមសាលារៀនដែលខ្វះខាត និងកំពុងត្រូវការជំនួយ គឺជាការលើកកម្ពស់​ និងជំរុញឱ្យសិស្សានុវសិស្សទទួលបានការអប់រំពេញលេញ ក៏ដូចជាកាត់​បន្ថយការ​បោះបង់​ការសិក្សារបស់កុមារផងដែរ។

លោក សង្វាត និយាយថា៖ «សាលាយើងចាស់ដែរហើយ ខ្ញុំចង់បានអគារមួយខ្នង​សម្រាប់​ឱ្យសិស្សរៀនព្រោះពេលភ្លៀងមកទឹកលិច ជញ្ជាំងវិញកណ្ដៀស៊ីអស់ ស៊ីដល់មេ[ធ្នឹម]​ខាង​លើ​ទៀត ហើយវស្សាមុនខ្យល់ខ្លាំងៗ បារម្ភដែរ។​​ យើងនៅខាងនេះខ្វះច្រើន បង្គន់មានតែមួយ ហើយមិនមានអណ្ដូងទឹកស្អាតប្រើទេ រាល់ថ្ងៃសុំទឹកពីពលរដ្ឋជិតខាង»

លោកបន្តថា៖ «វិស័យអប់រំសំខាន់ ក្រសួងមានការយកចិត្តទុកដាក់ទៅលើសាលាតូចៗ មានឧបករណ៍ មានសម្ភារៈគ្រប់គ្រាន់ក្នុងការសិក្សា សិ​ស្សគាត់អាចយល់បានលឿន»។

គ្រូបង្រៀនវ័យ៣១ឆ្នាំរូបនេះ លើកឡើងទៀតថា បញ្ហាទី២ នោះគឺអាណាព្យាបាលសិស្ស​ភាគ​ច្រើន​ជាអ្នកចម្ការ ហើយមានជីវភាពមិនសូវជាធូរធានោះឡើយ ដូច្នេះលទ្ធភាពក្នុងការឱ្យ​កូន​មករៀន គឺមិនមានច្រើននោះទេ រហូតមានកូនសិស្សខ្លះសម្រេចចិត្តឈប់រៀន ទៅជួយធ្វើ​ការ​ងារ​ឪពុកម្ដាយ សិស្សខ្លះទៀតត្រូវផ្លាស់ប្ដូរទីលំនៅញឹកញាប់តាមឪពុកម្ដាយគេ។ បើនិយាយពី​ទីតាំងភូមិសាស្រ្ត សិស្សមានការលំបាកក្នុងការធ្វើដំណើរមករៀន ព្រោះផ្លូវស្ងាត់ ហើយរដូវ​វស្សា​​មានភ្លៀង ធ្វើឱ្យផ្លូវរអិលជាដើម។

លោក សង្វាត និយាយថា៖ «ប្រជាជននៅទីនេះលំបាក [ជីវភាព] ហើយបញ្ហាប្រឈម​របស់​សិស្ស​ដែលគាត់នៅត្រើយម្ខាងពិបាកឆ្លងទឹក ហើយសិស្សខ្លះគាត់នៅផ្ទះឆ្ងាយពីសាលា​គាត់​ពិបាក​ក្នុងការធ្វើដំណើរ ហើយខែភ្លៀងពិបាកមធ្យោបាយធ្វើដំណើរដោយសារតែ​ផ្លូវវាខូចខ្លាំង ស្អិត»។

សិស្សានុសិស្សកំពុងអង្គុយរៀនក្នុងបន្ទប់សង់ពីឈើ ដំបូលប្រក់សង្ក័សី។ (រូបភាពផ្ដល់ឱ្យ)

ដោយសារតែមិនសូវមានអត្រាសិស្សមករៀនច្រើនកុះករដូចនៅទីក្រុង ឬទីប្រជុំជននានា សាលា​អូរ១៧ មានត្រឹមតែថ្នាក់ទី១ ដល់ថ្នាក់ទី៥តែប៉ុណ្ណោះ និងមានសិស្ស​សរុបតែ​៥៥នាក់​ប៉ុណ្ណោះ ស្របពេលដែលគ្រូក៏ខ្វះ។ ចំណែកសិស្សដែលត្រូវឡើងទៅរៀនថ្នាក់ទី៦ គឺត្រូវ​ទៅ​រៀននៅសាលាផ្សេង។

ច្បាប់ថវិកាជាតិឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសកាលពីចុង​ឆ្នាំ​២០២២ ថា​គ្រោង​ចំណាយថវិកាប្រ​មាណ ៩,៦ពាន់លានដុល្លារសម្រាប់ចំណាយ​នៅ​ក្នុង​ឆ្នាំ​២០២៣នេះ ដោយ​ក្នុង​នោះ​​ផ្តោត​សំខាន់​លើ​ក្រសួងអប់រំ ក្រសួងសុខាភិបាល និងបន្ទាប់​មក​ក្រសួងស្ថាប័ន​សំខាន់ៗ​មួយ​ចំនួន​ទៀត។

លោក សង្វាត លើកឡើងថា ចំពោះថវិកាប្រចាំឆ្នាំដែលសាលាលោកទទួលបានពីក្រសួង គឺមិនទាន់សមស្របនឹងតម្រូវការក្នុងការកែលម្អ និងប្រើប្រាស់ចំពោះតម្រូវការចំពោះមុខនៅ​ឡើយទេ។ ក្នុងមួយឆ្នាំសាលាលោក ទទួលបានថវិកាចន្លោះពី៧ ទៅ៨លានរៀល​តែប៉ុណ្ណោះ​ដូច្នេះពេលត្រូវការសាងសង់អ្វីមួយ គឺពឹងលើសប្បុរសជន។

លោកបន្ថែមថា៖ «ខ្ញុំគិតថាតម្រូវការវាមិនគ្រប់គ្រាន់ទេ ព្រោះថវិកានេះតាមចំនួនសិស្ស ដល់​ពេល​យើងយកមកអភិវឌ្ឍន៍កែលម្អសាលារៀនកញ្ចប់ថវិកាអត់គ្រប់ទេ។ ខ្ញុំចង់ឱ្យ​ក្រសួង​គាត់​ចាត់ចែងឱ្យបានគ្រប់ មិនថាសាលាតូចសាលាធំ ដូចសាលាយើងនៅជនបទវាពិបាក»។

លោក នាក់ គឹម អាយុ៣៦ឆ្នាំ ជាអាណាព្យបាលមួយរូប ដែលមានកូនស្រីអាយុ៩ឆ្នាំ​រៀនថ្នាក់​ទី៥ បានសម្ដែងក្ដីបារម្ភ អំពីអនាគតកូនៗរបស់លោក ខណៈជីវភាពគ្រួសារ​លោកមិនមាន​ភាព​​ល្អប្រសើរនោះទេ អាចត្រឹមតែឱ្យកូនរៀនត្រឹមថ្នាក់បឋមសិក្សាប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ បើសាលារៀនក្នុងសហគមន៍លោកនៅមានភាពខ្វះខាតដូច្នេះ វាក៏ជាកត្តាមួយ​ដែលធ្វើកុមារ​ប្រឈមនឹងការបោះបង់ការសិក្សាផងដែរ។

លោក គឹម បន្តថា លោកចង់ឃើញសាលាសង់អគារសិក្សាថ្មី មានទឹកស្អាត និងមានផ្លូវធ្វើ​ដំណើរ​​សមរម្យ ខណៈបច្ចុប្បន្ននៅមានភាពខ្វះមុនខ្វះក្រោយនៅឡើយ ដែលមិនទាន់​បង្ក​លក្ខណៈ​ងាយស្រួលដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅឡើយ។

លោក គឹម បញ្ជាក់ថា៖ «សាលាយើងវាខ្វះខាតច្រើនកន្លែងមែន សាលាឈើ​ពុកអស់ហើយ​ហ្នឹង ចង់បានជាទីបំផុតគឺអគារសិក្សាកូនបានសិក្សានៅទីហ្នឹងត្រឹមទី៦ក៏គ្រាន់បើដែរ។ ពេល​ភ្លៀងសូម្បីតែជិះម៉ូតូហ្នឹងក៏ពិបាកដែរ»

លោក គឹម ប្រាប់ឱ្យដឹងទៀតថា កូនស្រីរបស់លោកម្នាក់ទៀតអាយុ១៤ឆ្នាំ​បានឈមរៀន​ទៅ​ធ្វើ​ការតាមភោជនីយដ្ឋាន និងធ្វើចំការ ដោយសារតែលោកមិនមាន​លទ្ធភាពឱ្យកូន​បន្តរៀន​សូត្រ​បាន​ ដូច្នេះលោកចង់ឃើញកូនទី២របស់លោកដែលកំពុងរៀននៅសាលាអូរ១៧ អាច​បន្តរៀនទៅមុខទៀតបានដោយរលូន។

លោក គឹម បន្ថែមថា៖ «មូលហេតុគឺខ្វះខាត ម៉ាក់វាក៏ឧស្សាហ៍ឈឺ ឱ្យវាទៅធ្វើការ​ស៊ី​ឈ្នួល​គេ​អ៊ីចឹងទៅ។ កូនស្រីខ្ញុំអាយុ១៤ឆ្នាំ វារៀនគ្រាន់បើដែរ តែខ្វះខាតពេក»

ស្លាកសញ្ញាប្រាប់ពីផ្លូវឆ្ពោះទៅសាលាបឋមសិក្សាអូរ១៧ ខណៈសាលា​មិនទាន់​មានក្លោងទ្វារសាលានៅឡើយ។ (រូបភាពផ្ដល់ឱ្យ)

កញ្ញា សុខ ឡា អាយុ២៣ឆ្នាំ ជាបងស្រីមួយរូបដែលមានប្អូន២នាក់រៀននៅសាលាអូរ១៧ បាន​ឱ្យដឹងថា ក្នុងនាមជាពលរដ្ឋមួយរូបចង់ឃើញសាលាកែប្រែរូបរាងពីរោងឈើ មកជា​អគាថ្ម ដែលបង្កភាពងាយស្រួលដល់សិស្សានុសិស្សបានរៀនសូត្រសមរម្យ។

កញ្ញា ឡា និយាយថា៖ «សាលាហ្នឹងសង់ពីឈើ ចង់បានឱ្យល្អតែមិនដឹងធ្វើម៉េចអាចកែលម្អ។ សាលានេះបានត្រឹមតែថ្នាក់ទី៥ទេ ខាងខ្ញុំនេះខ្វះខាតមានតែឱ្យគាត់ឈប់ធ្វើចម្ការរៀនត្រឹមតែ​ចេះអានអក្សរបានហើយ ធ្វើម៉េចបានយើងវាអត់»។

លោក លឹម វុទ្ធី អនុប្រធានមន្ទីរអប់រំ ខេត្តពោធិ៍សាត់ លើកឡើងថា ខាងមន្ទីរមិនទាន់បាន​ទទួល​សំណើរពីខាងសាលានោះទេ ហើយមន្ទីរមិនមានកញ្ចប់ថវិកាជួយសាលានោះទេ។ មន្ទីរមានលទ្ធភាពក្នុងការដាក់សំណើរទៅក្រសួងអប់រំ និងរកជំនួយពីអង្គការ​ដៃគូនានាដើម្បី​ជួយសាលាទៅតាមលទ្ធភាពជាក់ស្ដែង។

លោក វុទ្ធី ថ្លែងថា៖ «ទាក់ទងនឹងការសង់សាលារៀននៅស្រុកវាលវែង គឺមានការ​ចូលរួម​ពី​សហគមន៍ដែលនៅជុំវិញសាលាគាត់ជួយសង់។ មន្ទីរក៏មានរៀបចំសំណើរដែរ ដើម្បីសុំទៅ​ក្រសួងបន្ត។ សាលានេះទើបតែកកើតដែរ អ៊ីចឹងវាពិបាកដែរ ត្រង់ថាបើសហគមន៍​ជួយសិន​ទៅ មន្ទីរចេះតែដើររកដៃគូគេមានលទ្ធភាពយើងនាំគេទៅ គេឱ្យទៅ»

អ្នកស្រី ចាន់ ធារ៉ា នាយិការអង្គការអ្នកអភិវឌ្ឍន៍មិត្តជនបទ យល់ឃើញថា គណៈកម្មការ​សាលា គួរតែប្រឹងឱ្យអស់លទ្ធភាព និងបង្ហាញពីឆន្ទៈក្នុងការដឹកនាំសាលាជាមុនសិន។

អ្នកស្រី ធារ៉ា បញ្ជាក់ថា៖ «វាអាស្រ័យទៅលើសាលា និងទឹកចិត្តរបស់គ្រូបង្រៀន។ សិស្សម្នាក់​ទទួលបាន១ម៉ឺន២ពាន់រៀលតែការអនុវត្តរបស់គាត់មានការខ្វះចន្លោះ អ៊ីចឹងវាអាស្រ័យលើ​ឆន្ទៈ​របស់នាយកក្នុងការដឹកនាំ»

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និងសន្ដិភាព លោក យង់ គិមអេង ធ្លាប់​លើក​ឡើង​ថា សាលារៀននៅតំបន់ណាក៏ដោយត្រូវធានាបាននូវការគាំទ្រ និងផ្ដល់​ឱ្យ​ពី​រដ្ឋ​ដោយ​ភាព​ស្មើគ្នា និងប្រើប្រាស់ថវិកាឱ្យបានទៅដល់សាលាដែលមានតម្រូវការពិតប្រាកដ។

ស្ថិតិគ្រឹះស្ថានមធ្យមសិក្សាសាធារណៈទូទាំងប្រទេសក្នុងឆ្នាំ២០២១-២០២២ មានចំនួន ១ ៨១២ ក្នុងនោះមានអនុវិទ្យាល័យចំនួន ១ ២៥៣ មានសិស្ស៦៦២ ១០៦នាក់ និងវិទ្យាល័យ​ចំនួន៥៥៩ មានសិស្ស ៣៦០ ៦១៧នាក់។

អង្គការយូនីសេហ្វ បានលើកឡើងថា កុមារនៅកម្ពុជា មូលហេតុដែលធ្វើឱ្យកុមារជាច្រើននាក់​បោះបង់ចោលការសិក្សា គឺមានកត្តាជាច្រើនដូចជា៖ ការរៀនសូត្រមិនគ្រប់គ្រាន់​នៅឆ្នាំ​ដំបូងៗ ការមិនទទួលបានអាហារូបត្ថម្ភ​ឲ្យបានគ្រប់គ្រាន់ ចំនួនគ្រូមានសមត្ថភាពមិន​គ្រប់​គ្រាន់ គុណភាពនៃបរិស្ថានរៀនសូត្រនៅមានកម្រិតទាប ហេដ្ឋារចនាសម្ព័ន្ធ​ជាមូលដ្ឋាន ដូច​ជា​បរិក្ខារអនាម័យ  និងទឹកស្អាត នៅខ្វះខាតនៅឡើយ ដែលបង្កផលប៉ះពាល់ជាពិសេស​ដល់​ក្មេងស្រីជំទង់ និងកុមារពិការ៕

364 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម