ប្រជាពលរដ្ឋជិត៨០នាក់តំណាងឱ្យពលរដ្ឋប្រមាណ៣០០គ្រួសារក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់កាលពីសប្តាហ៍កន្លងទៅបានប្រមូលផ្តុំ គ្នាតវ៉ាទាមទារ ឱ្យអាជ្ញាធរ បញ្ឈប់សកម្មភាពបូមខ្សាច់ចេញពីបឹងធម្មជាតិមួយឈ្មោះ«បឹងស្វាយស» ដោយពួកគាត់បារម្ភថា ការបូមខ្សាច់នោះអាចធ្វើឱ្យដីស្រែចំការ និងផ្ទះសម្បែងរបស់ពួកគាត់នៅក្បែរនោះបាក់ចូលផ្ទៃបឹង។
បើតាមប្រជាពលរដ្ឋ បឹងស្វាយស មានទំហំបណ្តោយ១,០០០ម៉ែត្រ និងទទឹង៧០ម៉ែត្រ ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយបឹងនោះបានផ្តល់ផលត្រី និងជាប្រភពទឹកស្រោចស្រពដំណាំរបស់ពលរដ្ឋចំនួន២ភូមិ គឺភូមិចម្ការអូរ និងភូមិស្រែល្វា ក្នុងឃុំត្រពាំងជង ដែលមានពលរដ្ឋប្រមាណ៣០០គ្រួសារ។ បច្ចុប្បន្នបឹងធម្មជាតិនេះត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យមានការបូមខ្សាច់ចេញជាបន្តបន្ទាប់។
ពលរដ្ឋរស់នៅភូមិចម្ការអូរ លោក ណុប ប៉ាន់ បានឱ្យដឹងថា ដំបូងឡើយគ្រឿងចក្រគ្រាន់តែកាយយកដីដើម្បីលក់តែប៉ុណ្ណោះ ប៉ុន្តែដោយសារឃើញមានខ្សាច់នៅផ្នែកខាងក្រោមបឹង ក៏ចាប់ផ្តើមផ្លាស់ប្តូរពីការជីកដី ទៅជាការបូមខ្សាច់លក់វិញ ខណៈដែលអាជ្ញាធរតាំងពីថ្នាក់ភូមិ ដល់ថ្នាក់ខេត្តបានអះអាងថាជាការស្តារបឹង។
យ៉ាងណាលោកឱ្យដឹងថា ប្រជាពលរដ្ឋរាប់រយគ្រួសារបានតវ៉ាមិនឱ្យមានការបូមខ្សាច់ ប៉ុន្តែអាជ្ញាធរស្រុកមិនបានស្តាប់ពួកគាត់នោះឡើយ ទើបប្រជាពលរដ្ឋជិត៨០នាក់តំណាងឱ្យពលរដ្ឋប្រមាណ៣០០គ្រួសារ មកពីភូមិចម្ការអូរ និងភូមិស្រែល្វា កាលពីថ្ងៃអាទិត្យទី២៤ ខែធ្នូកន្លងទៅ បានប្រមូលផ្តុំគ្នាផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអនឡាញ ដើម្បីទាមទារឱ្យអាជ្ញាធរបញ្ឈប់សកម្មភាពបូមខ្សាច់នោះវិញ ក្រោយពីពួកគាត់បានស្នើសុំអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្តដែរ ប៉ុន្តែមិនមានប្រសិទ្ធភាព។
ការទាមទារនេះ ដោយលោកថាពលរដ្ឋបារម្ភពីការបាក់ដីផ្ទះសម្បែង និងស្រែចម្ការនៅក្បែរនោះចូលទៅក្នុងបឹង ខណៈដែលការបូមខ្សាច់នោះកាន់តែជ្រៅទៅៗ ដោយមិនបានបង្ហាញគម្រោងច្បាស់លាស់ដល់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «អត់មានលិខិតអីដាក់ឱ្យយើងទុកចិត្តថា ខាងរដ្ឋឱ្យក្រុមហ៊ុនបូមជ្រៅប៉ុននេះៗ អត់មានផ្តិតមេដៃចុះហត្ថលេខាឱ្យត្រឹមត្រូវផង គ្រាន់តែថាឱ្យបូមៗហ្នឹង[..]បារម្ភខ្លាចបាក់ដី! សំខាន់ខា្លចបាក់ដី! ដីចំការដីភូមិយើង តែបូមអស់ខ្សាច់ក្រោមបាក់ហើយដី តែបាក់ដី ផ្ទះក៏បាក់ដែរ ផ្ទះនៅជាប់មាត់បឹងទាំងអស់គ្នា»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី ហង្ស រ៉ាន់ លើកឡើងថា អ្នកស្រីមិនជំទាស់នឹងការស្តារបឹងធម្មជាតិនោះឡើយ ប៉ុន្តែស្នើឱ្យបញ្ឈប់ការបូមខ្សាច់នេះ ដោយថានឹងធ្វើឱ្យបឹងនេះមានជម្រៅជ្រៅខ្លាំង ហើយបង្កហានិភ័យខ្ពស់ដល់ពលរដ្ឋ ដូចជាករណីលង់ទឹកជាដើម។
អ្នកស្រីបញ្ជាក់ថា៖ «បើគាត់កាយក៏កាយចុះ កាយលក្ខណៈស្តង់ដារចុះ អានេះបូមភ័យខ្លាំងហ្មង ខ្លាចបាក់ហ្មង បើថាគាត់កាយមិនអីទេ នេះបូមលឺគេថាយកអាកាណុងហ្នឹងរុកៗទៅកៀនៗយកខ្សាច់»។
អ្នកស្រីបន្តថា សកម្មភាពបូមខ្សាច់នេះបានចាប់ផ្តើមរយៈពេលជិតកន្លះខែមកហើយ ដោយអាជ្ញាធរអះអាងថាជាការអភិវឌ្ឍផ្ទៃបឹង ប៉ុន្តែអ្នកស្រីងឿងឆ្ងល់ថា អាជ្ញាធរអភិវឌ្ឍន៍តែបឹងដែលមានខ្សាច់ ខណៈបឹងដែលមិនមានខ្សាច់បែរជាដកគ្រឿងចក្រវិញ។
អ្នកស្រីថ្លែងថា៖ «ភូមិជាប់គ្នានោះ ចំការរួមនោះគេមើលដែរ ថាអភិវឌ្ឍន៍ដែរ ដល់កាយអត់ខ្សាច់គាត់ដកអាអ៊ិច(គ្រឿងចក្រ)ដកអីមកអស់ហើយអាលីងហើយហ្នឹង។ គាត់អភិវឌ្ឍន៍រកតែកន្លែងមានខ្សាច់ដែរហ្នឹង កន្លែងអត់ខ្សាច់ដែលប្រជាពលរដ្ឋត្រូវការទឹក គាត់អត់កាយផង»។
បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា សកម្មភាពបូមខ្សាច់ចេញពីបឹងធម្មជាតិនេះបានកើតឡើងទាំងយប់ទាំងថ្ងៃ ដោយដឹកតាំងពីព្រឹករហូតដល់ម៉ោង៦ល្ងាច។ ជាមួយគ្នាសកម្មភាពនេះបានបង្កឱ្យមានដីហុយ និងប៉ះពាល់ដល់ផ្លូវក្នុងភូមិដែរ។
មេឃុំត្រពាំងជង លោក អ៊ឹម សាមិន បានបញ្ជាក់ថា ការបូមខ្សាច់នេះក្នុងគោលបំណងស្តារបឹងធម្មជាតិមួយនេះឱ្យជ្រៅ ដើម្បីរក្សាទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ ក្រោយព្យាករណ៍ឃើញថា ឆ្នាំនេះមានកង្វះទឹក។ ជាមួយគ្នា លោកថាការស្តារនេះក៏មានច្បាប់ត្រឹមត្រូវដែរ ដោយមិនមានផលប៉ះពាល់សម្រាប់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែមិនទាន់បានរៀបចំរួចរាល់។
លោកថ្លែងថា៖ «យើងបានធ្វើច្បាប់រួចហើយ ប៉ុន្តែមិនទាន់បានលក្ខណៈពេញលេញដល់ក្រសួង បានធ្វើឆ្លងកាត់ពីឃុំ ស្រុក ខេត្តទៅក្រសួងហើយ ប៉ុន្តែមិនទាន់បានរួចរាល់ជាស្ថាពរទេ ហើយក្រុមហ៊ុនហ្នឹងធ្វើបណ្តើរៗមុនចឹងទៅ»។
លោកសង្កត់ធ្ងន់ថា អាជ្ញាធរក៏បានរៀបចំគណៈកម្មការពិនិត្យរួចជាស្រេចដែរ ដើម្បីធានានូវការអនុវត្តគម្រោងនោះដោយមិនឱ្យមានផលប៉ះពាល់ឡើយ ហើយករណីមានផលប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ អាជ្ញាធរនឹងផ្តល់សំណងជូនពួកគាត់។
លោកបញ្ជាក់ថា៖ «ក្នុងនាមអាជ្ញាធរ ដូចជាម៉ែជាឳ យើងថាមានភាពទទួលខុសត្រូវ មិនឱ្យប៉ះពាល់ដល់ដីដំណាំរបស់បងប្អូនប្រជាពលរដ្ឋទេ។ បើសិនជាប៉ះពាល់ខូចខាត គឺយើងត្រូវសងគាត់ពេញតម្លៃ»។
បើតាមសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកបាកានកាលពីថ្ងៃទី២៦ ខែធ្នូ ក៏បានបញ្ជាក់ថា ការស្តារបឹងស្វាយស ខាងលើនេះ ដោយសារបឹងនេះមានសភាពគោករាក់ ហើយម្យ៉ាងទៀតពលរដ្ឋនៅជុំវិញបឹងនេះមួយចំនួនមានបំណងចង់យកដីបឹងនេះជាកម្មសិទ្ធិផ្ទាល់ខ្លួន ទើបអាជ្ញាធរភូមិបានដាក់ពាក្យស្នើសុំមកអាជ្ញាធរខេត្ត សុំស្តារដើម្បីរក្សាដីបឹងនោះជារបស់រដ្ឋ និងផ្ទុកទឹកសម្រាប់ប្រើប្រាស់។
រដ្ឋបាលស្រុកបាកានបានបញ្ជាក់ទៀតថា អាជ្ញាធរបានអនុញ្ញាតឱ្យលោក គឹម ចិន្តា ជាអ្នកស្តារយកអាចម៍ដីទៅប្រើប្រាស់ដោយមិនគិតថ្លៃ ហើយក្នុងនោះមានខ្សាច់តិចតួចប៉ុណ្ណោះ។
អភិបាលស្រុកបាកាន លោក ផាយ ឡេង បានបញ្ជាក់យ៉ាងខ្លីថា ពលរដ្ឋចំនួន៤នាក់ តំណាងឱ្យប្រជាពលរដ្ឋទាំង២ភូមិខាងលើបានយល់ព្រមឱ្យមានការបូមខ្សាច់ហើយ ក្រោយពីមានកិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែធ្នូ ដែលមានអាជ្ញាធរខេត្តជាអ្នកសម្របសម្រួល។
លោកថ្លែងថា៖ «ពួកគាត់ក៏បានទទួលស្គាល់ ទទួលយកហើយរឿងហ្នឹង»។
យ៉ាងណា តំណាងប្រជាពលរដ្ឋដែលបានចូលរួមប្រជុំជាមួយអាជ្ញាធរស្រុក និងខេត្ត អ្នកស្រី ណន ចាន់ថុល បានបង្ហើបថា អាជ្ញាធរបានប្រជុំជាមួយពួកគាត់យ៉ាងយូរ ហើយបានបង្ខំឱ្យពួកគាត់ទាំង៤នាក់ផ្តិតមេដៃ ដើម្បីបង្ហាញការយល់ព្រមឱ្យមានការបូមខ្សាច់ ខណៈតំណាងពលរដ្ឋម្នាក់ទៀតក៏ត្រូវបានបង្ខំឱ្យឡាយវីដេអូសុំទោស ដោយថាបើពុំដូច្នេះទេនឹងប្រឈមមុខផ្លូវច្បាប់។
អ្នកស្រីបញ្ជាក់ថា៖ «គាត់និយាយថា បើខ្ញុំឃាត់ប្តឹងគេអ៊ីចឹងខ្ញុំខុសច្បាប់អ៊ីចឹងទៅ គាត់ចេះតែនិយាយ ហើយខ្ញុំមិនដឹងថាត្រូវធ្វើម៉េច ក៏នាំគ្នាផ្តិតមេដៃឱ្យគេទៅ»។
ទោះជាពួកគាត់ទាំង៤នាក់បានផ្តិតមេដៃក៏ពិតមែន ប៉ុន្តែអ្នកស្រី ចាន់ថុល ថា ពលរដ្ឋប្រមាណ៣០០គ្រួសារផ្សេងទៀតនៅតែជំទាស់មិនឱ្យមានការបូមខ្សាច់ចេញពីបឹងធម្មជាតិនោះ។
នាយករងសាលាខេត្តពោធិ៍សាត់ លោក សួង សារាវុធ នៅតែបង្ហាញជំហរថា ការស្តារបឹងនោះ មិនមានផលប៉ះពាល់ ឬបាក់ដីរបស់ប្រជាពលរដ្ឋនោះឡើយ។ ផ្ទុយទៅវិញលោកថា ការស្តារនោះ នឹងជួយជីវភាពប្រជាពលរដ្ឋឱ្យល្អប្រសើរតាមរយៈការផ្តល់ភាពងាយស្រួលនៃរបរកសិកម្ម។
លោកមានប្រសាសន៍ថា៖ «ដីអំណោយផលកសិកម្ម ដីដំណាំហ្នឹងល្អណាស់ បើសិនជាគាត់មានទឹក គឺថាជីវភាពរបស់គាត់នៅកន្លែងហ្នឹង គឺគាត់អាចមានជីវភាពធូរធារហើយ ព្រោះអីគាត់ដាំបានរហូត»។
យ៉ាងណាប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង យល់ឃើញថា វាជារឿងមួយដ៏អណោចអធម្ម ប្រសិនបើមានការបាក់ដី ឬច្រាំងដែលជាប់នឹងផ្ទះរបស់ប្រជាពលរដ្ឋ។ ដូច្នេះលោកថា ដើម្បីឱ្យប្រជាពលរដ្ឋទុកចិត្ត អាជ្ញាធរពាក់ព័ន្ធគួរតែបង្ហាញពីបច្ចេកទេសនៃការស្តារនោះឱ្យបានត្រឹមត្រូវ ដើម្បីធានាថាមិនមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។
បន្ថែមលើនេះ លោកថា ប្រសិនបើការបូមខ្សាច់នោះមិនមានបច្ចេកទេសគ្រប់គ្រាន់ អាជ្ញាធរក៏គួរតែផ្អាកការបូមជាបណ្តោះអាសន្ន។ លោកបញ្ជាក់ថា៖ «ទន្ទឹមនឹងប្រជាពលរដ្ឋមានការព្រួយបារម្ភ គាត់គួរតែផ្អាកការបូមនោះសិន ហើយគិតពីដំណោះស្រាយជូនប្រជាពលរដ្ឋ ព្រោះគាត់ត្រូវយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ មិនមែនយកចិត្តទុកដាក់ខ្វល់ខ្វាយជាមួយតែក្រុមហ៊ុនឯណា»៕