សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ធនាគារពិភពលោកផ្ដល់ថវិកា​១៦៣លានដុល្លារសម្រាប់សេវាទឹកស្អាត និងអនាម័យក្នុងខេត្តចំនួនបួន

ប្រជាពលរដ្ឋម្នាក់រស់នៅភូមិបាក់រទេះ ក្នុងខេត្តបាត់ដំបង ដែលមិនទាន់បានទទួលសេវា ទឹកស្អាត។ រូបភាពថតថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ អ្នកស្រីប្រើប្រាស់ទឹកពីស្ទឹងសង្កែ និងសង្ឃឹមថាអាជ្ញាធរនឹងផ្ដល់ទឹកស្អាតដល់អ្នកភូមិបានឆាប់ៗ។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិបាក់រទេះ ក្នុងខេត្តបាត់ដំបង ដែលមិនទាន់បានទទួលសេវា ទឹកស្អាត។ រូបភាពថតថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ អ្នកស្រីប្រើប្រាស់ទឹកពីស្ទឹងសង្កែ និងសង្ឃឹមថាអាជ្ញាធរនឹងផ្ដល់ទឹកស្អាតដល់អ្នកភូមិបានឆាប់ៗ។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

ធនាគារ​ពិភព​លោក​បាន​អនុម័ត​ក្នុង​សប្ដាហ៍​នេះ​លើ​គម្រោងពង្រឹង​សេវា​​ផ្គត់​ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ គិត​ជាទឹក​ប្រាក់​១៦៣​លាន​ដុល្លារ ដោយ​ផ្ដោត​លើ​ខេត្ត​បួន​គឺ​បាត់​ដំបង ពោធិ៍សាត់ មណ្ឌលគិរី និង​ខេត្ត​កណ្ដាល​ ដោយ​រពឹង​ថា​ប្រជា​ពល​រដ្ឋ​ដែល​ទទួល​ផល​មាន​ចំនួន​១៧៥ ០០០​នាក់​។​

គម្រោង​មាន​រយៈពេល​ប្រាំ​មួយ​ឆ្នាំ​នេះ នឹង​ជួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្នុង​កិច្ច​ខិត​ខំប្រឹងប្រែង​បង្កើន​ការ​ទទួល​បាន​សេវាទឹក​ស្អាត និង​អនាម័យ​ដល់​ប្រជា​ជន ក៏​ដូច​ជា​ការ​ថែទាំ​ប្រព័ន្ធ​ទឹក​ស្អាត និង​ការ​រក្សា​ឲ្យ​មាន​ចីរភាព​លើ​សេវាទាំងនេះ។​ ​គម្រោង​នេះ​ក៏​នឹង​មាន​ការ​ចូល​រួម​សហការ​​ជាមួយ​វិស័យឯកជន​ លើ​ការ​គ្រប់​គ្រង​រៀបចំតប្រព័ន្ធ​ទុយយោ​ទឹកពាក់​កណ្ដាល​ប្រទេស​ ដែល​ត្រូវ​ចំណាយ​ថវិកា​បន្ថែម​​ចំនួន​១៧,៦​លាន​ដុល្លារ​អាមេរិក។​

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោក​ប្រចាំកម្ពុជាមាន​ប្រសាសន៍​ថា​គម្រោង​នេះ​នឹង​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កសាង​មូល​ដ្ឋាន​គ្រឹះដ៏រឹង​មាំ​មួយ​ក្នុង​ការ​ផ្ដល់​សេវា​ចាំ​បាច់​​ទៅ​កាន់​ប្រជា​ពល​រដ្ឋ​កម្ពុជា​។​

លោក​ស្រី​បន្ត​ថា៖​ «ការទទួល​បាន​កា​រផ្គត់​ផ្គង់​ទឹក​ស្អាត និង​អនាម័យ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​មួយ​នៃសិទ្ធិ​មនុស្ស… [មូលនិធិនេះ​]នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ភ្លាមៗ​ទៅ​ដល់​ស្រ្តី និង​ប្រជា​ពល​រដ្ឋ​ក្រីក្រ និង​នៅ​តាម​ទី​ជនបទ ដែល​បច្ចុប្បន្ន​នេះ​នៅ​មិន​ទាន់​បាន​ទទួល​សេវា​ទាំង​នេះ​នៅ​ឡើយ»។​

រដ្ឋាភិបាល​កម្ពុជា​ការ​កំណត់​គោល​ដៅ​ក្នុង​ការ​ផ្ដល់​សេវា​ទឹក​ស្អាត​ និង​អនាម័យ​ទៅ​កាន់​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​១០០​ភាគរយ​នៅ​ត្រឹម​ឆ្នាំ​២០២៥ ទាំង​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​មន្ត្រី​ បាន​និយាយ​ជា​ច្រើន​លើក​ច្រើន​សារ​ពី​បញ្ហា​នេះ​ផង​ដែរ​។ ផែន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដំណាក់​កាល​ទី​៦​(SDG 6) របស់​អង្គការ​សហប្រជាជាតិ​គឺ​បាន​កំណត់​ឲ្យ​មានការ​ទទួល​បានសេវា​ទឹក​ស្អាត និងអនាម័យ​ជាសកល​នៅ​ត្រឹម​ឆ្នាំ​២០៣០​។​

ប៉ុន្តែ​បើ​តាម​ធនាគារពិភពលោក ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោល​ដៅ​នេះ គឺ​ត្រូវ​មាន​ការ​ខិត​ខំ​បន្ថែម​ទៀត​។ បើ​តាម​ទិន្ន័យ​របស់​អង្គការ​សុខភាព​ពិភព​លោក និង​យ៉ូណេសេហ្វ (WHO/​UNICEF JMP database) គិត​ត្រឹម​ឆ្នាំ​២០២២ ប្រជា​ពល​រដ្ឋ​កម្ពុជា​តិច​ជាង​មួយ​ភាគបី​ប៉ុណ្ណោះ​ដែល​បានទទួល​សេវា​ទឹក​ស្អាត​ និង​សុវត្ថិ​ភាព​សម្រាប់​ទទួលទាន។ សម្រាប់​ប្រជា​ពល​រដ្ឋ​នៅ​តាម​ទី​ជនបទ ការទទួល​បាន​សេវាទឹក​ស្អាត​មាន​តិច​ជាង​១៩ភាគ​រយ​ ហើយ​មា​នប្រជា​ពល​រដ្ឋ​តែ​ជាង​មួយ​ភាគ​បី​ប៉ណ្ណោះ​ដែល​បានទទួល​សេវា​អនាម័យ​ប្រកប​ដោយ​សុវត្ថិ​ភាព​។

ប្រជា​ពល​រដ្ឋ​ក្នុង​បុរី​មួយ​កន្លែង​ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ​រាជធានី​ភ្នំពេញ មកទទួល​ទឹក​ពី​អាជ្ញាធរ បន្ទាប់​ពី​ផ្ទះ​របស់​ពួកគាត់​មិន​មាន​ទឹក​ប្រើប្រាស់​អស់​ពេល​ជា​ច្រើន​ថ្ងៃ រូប​ភាព​ថត​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)​

តាម​រយៈ​គម្រោង​នេះ ក្រ​សួង​សាធារណការ និង​ដឹក​ជញ្ជូន​នឹង​គ្រប់​គ្រង​លើ​សេវា​អនាម័យ​ក្នុង​ទី​ក្រុង ហើយ​ក្រ​សួង​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នឹង​ផ្ដោត​សំខាន់​លើ​ការ​ផ្គត់​ផ្គង់​សេវា​ទឹក​ស្អាត​។​

រដ្ឋមន្ត្រី​ក្រ​សួង​ឧស្សាហកម្ម លោក ហែម វណ្ណឌី មាន​ប្រសាសន៍ថា ​គម្រោង​របស់​ធនាគារ​ពិភព​លោក​នេះ​នឹង​ជួយ​រដ្ឋាភិបាល​អនុវត្ត​គោល​ដៅ​របស់​ខ្លួន និង​បង្កើត​ផែនការគ្រប់​ជ្រុង​ជ្រោយ​ដើម្បីធានា​ពី​ការ​រីកចម្រើន​ប្រកប​ដោយ​ចីរភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​។​

លោក​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​៖ «​វិស័យ​ទឹក គឺជា​ផ្នែក​មួយ​អាទិភាព​សម្រាប់​ភាព​ធន់ និង​ការ​អភិវឌ្ឍប្រកប​ដោយចីរភាព និង​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច»។​

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មាន​ប្រសាសន៍​ថា ​គម្រោង​នេះ​នឹង​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ផ្ដោត​​សំខាន់​លើ​ការ​គ្រប់គ្រង​ទឹក​កខ្វក់ និង​ប្រព័ន្ធ​បង្ហូរទឹក​។​

លោក​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា៖ «ការ​វិនិយោគលើ​គម្រោងប្រព័ន្ធ​អនាម័យ គឺ​ជា​ឧបករណ៍​រក្សា​នូវ​ចីរភាព​សេវាអនាម័យ ដែល​នឹង​នាំមក​នូវ​​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​លើ​វិស័យ​មួយ​នេះ​»។​

គម្រោង​នេះ​ពិត​ជាមានសារសំខាន់​សម្រាប់​ពង្រឹងការទទួល​បាន​សេវាទឹកស្អាត​របស់​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​ជនបទ​ក្នុង​ខេត្ត​ទាំង​បួននេះ។ ប្រជា​ពល​រដ្ឋ​កម្ពុជា​បីភាគបួន​រស់នៅទីជនបទ ហើយ​ពួក​គាត់​បាន​ទទួល​សេវា​ទឹក​ស្អាត និង​អនាម័យ​តិចតួច​ប៉ុណ្ណោះ​។​

អភិបាល​រង​ខេត្ត​កណ្ដាលលោក នូវប៉េង ច័ន្ទតារា មាន​ប្រសាសន៍ថា ការ​ទទួល​បាន​ទឹកស្អាត​ក្នុង​ខេត្ត​របស់​លោក​ គឺ​ជា​បញ្ហា​មួយ​ដែល​ត្រូវ​ការ​ការ​ធ្វើ​ការ​រួម​គ្នា​រវាង​វិស័យ​ឯកជន​និង​រដ្ឋ​។​​  

លោក​បន្ត​ថា៖ «ទឹកស្អាត​ក្នុង​ខេត្ត​កណ្ដាល​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​តម្រូវ​ការ​ប្រជាជន​នោះ​ទេ ដោយសារតែ​ប្រព័ន្ធ​ទឹក​ស្អាត​របស់​ឯកជន និង​ការ​ផ្គត់​ផ្គង់ទឹក​របស់​ឯកជននៅ​មាន​កម្រិត​ទាំង​លើ​ពេល​វេលា និង​បរិមាណ​នៃ​ការ​ផលិត​»។​​

លោក​ ទឹម ធារ៉ា ប្រធានមន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ពោធិ៍សាត់ មាន​ប្រសាសន៍​ថា ​ស្រុក​មួយ​ចំនួន​​ក្នុង​ខេត្ត​នេះ​នៅ​មិន​ទាន់​ទទួល​បាន​​ទឹក​ស្អាត​ប្រើប្រាស់​នៅឡើយ ហើយ​ទឹក​ដែល​ទទួល​បាន​គុណភាព​មិន​ទាន់​ត្រឹម​ត្រូវពេញ​លេញ​តាម​ស្ដង់​ដារ​នៅ​ឡើយ​។ លោក​បន្តថា​ដោយសារ​តែ​ខ្វះ​អ្នក​ជំនាញ​ធ្វើ​ការ​លើ​ប្រព័ន្ធ​ទឹក ទើប​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​។​

លោក​បន្ថែម​ថា៖ «​យើង​សង្ឃឹម​ថា​ក្នុង​ឆ្នាំ​២០៣០ យើ​ង​នឹង​បាន​ដល់​គោល​ដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ដំណាក់កាលទី​៦(SDG 6)។ បញ្ហា​ប្រឈម​របស់​ខេត្ត​ទាំង​បួន​គឺ​ថា​មាន​តំបន់​ខ្លះជា​តំបន់​ភ្នំ ពិបាក​តប្រព័ន្ធទុយយោទឹក ខណៈ​តំបន់​ខ្លះ​ជាប់​មាត់​ស្ទឹង»​។​​

នាយក​រង​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី លោក នាង វណ្ណៈ មានប្រសាសន៍ថា ​ភូមិសាស្រ្ត​ក្នុង​ខេត្ត​របស់​លោក បាន​រួម​ចំណែក​ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុង​ការ​ទទួល​បានទឹកស្អាត​។​

លោក​ឲ្យ​ដឹង​ថា៖ «ខេត្ត​មានទីតាំង​នៅ​តំបន់​ភ្នំ និង​ក្រុង​សែនមនោរម្យ ក៏​មិន​ទាន់​មាន​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់​គ្រាន់ដែរ»។ លោកបន្តថា៖ «​យើង​មិន​ទាន់​មាន​ទឹក​ស្អាត​គ្រប់​គ្រាន់​សម្រាប់​ប្រជា​ពល​រដ្ឋ​ប្រើ​ប្រាស់​​នៅ​ឡើយ​តាម​រយៈ​ការ​ផ្គត់​ផ្គង់​របស់​រដ្ឋ និង​ឯកជន»។​

លោក ​វណ្ណៈ ឲ្យដឹង​ទៀត​ថា កន្លង​ទៅអាជ្ញាធរ​បាន​ខិត​ខំពង្រីក​បណ្ដាញ​ទឹក​ស្អាត​ដល់​កាន់​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​កាន់​តែ​ច្រើនតាម​ដែលអាច​ធ្វើ​បាន​ ហើយ​ពេល​នេះ​អាជ្ញាធរ​ក៏​នឹង​បន្ត​ខិត​ខំ​បន្ថែម​ទៀត​ផង​ដែរ​។​

លោក​បន្តថា៖ «​យើង​កំពុងខិត​ខំ​បន្ត​ផ្គត់​ផ្គង់​ទឹក​ស្អាត​ទៅ​ដល់​ប្រជា​ពល​រដ្ឋ»។​

រាយការណ៍បន្ថែមដោយ រ៉ាន់ ស្រីដែត

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ World Bank Approves $163 Million for Water and Sanitation Services in Four Provinces

238 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម