ប្រជាពលរដ្ឋជាង៥០នាក់តំណាងឱ្យ៣០០គ្រួសារបានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែធ្នូនេះ ទាមទារឱ្យអាជ្ញាធរធ្វើការអន្តរាគមន៍ដោះលែងពលរដ្ឋមួយរូប និងអនុញ្ញាតឱ្យអ្នកភូមិអាចធ្វើដំណើរតាមផ្លូវដែលធ្លាប់ឆ្លងកាត់ទៅកាន់ដីស្រែចម្ការអាស្រ័យផលរបស់ខ្លួនវិញបានដូចដើម។
អ្នកភូមិដូនឈូកមួយរូបដែលចូលរួមការតវ៉ា អ្នកស្រី ឡូត ឡៃ និយាយថា៖ «ទាមទារឱ្យដោះលែងមនុស្សនៅក្រៅឃុំ ហើយសុំឱ្យដកពាក្យពីតុលាការ [និង]សុំបើកផ្លូវ[ទៅកាន់ដីស្រែចម្ការអាស្រ័យផលវិញ]»។
ការតវ៉ាជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋរស់នៅភូមិដូនឈូក ឃុំនីពេជ ស្រុកកំពង់ស្វាយ នេះ ក្រោយអ្នកភូមិអស់សង្ឃឹមក្នុងការទទួលបានដំណោះស្រាយពីអាជ្ញាធរឃុំ ថែមទាំងខកចិត្តចំពោះការសន្យារបស់អភិបាលស្រុកកំពង់ស្វាយ លោក អ៊ុត វណ្ណរ៉ា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ថា នឹងដោះស្រាយតាមការស្នើសុំរបស់ពួកគេឱ្យបានឆាប់រហ័ស។ នេះបើតាមការអះអាងរបស់ពលរដ្ឋ។
អ្នកស្រី ឡូត ឡៃ បញ្ជាក់ថា៖ «សន្យាដោះស្រាយតែពេលសួរទៅអត់ដឹង ទៅមុខទៅក្រោយ។ […] ដល់ពេលសួរទៅគេឱ្យយើងទៅអង្វរម្ចាស់ដី គេឱ្យយើងរងចាំ តែប៉ុណ្ណឹង»។
បើតាមអ្នកស្រី ឡៃ ឱ្យដឹងថា តាំងពីព្រឹករហូតដល់រសៀលថ្ងៃអង្គារនេះ ពលរដ្ឋរស់នៅឃុំនីពេជ ស្រុកកំពង់ស្វាយ នៅតែបន្តតវ៉ានៅមុខសាលាខេត្តកំពង់ធំដដែល និងកំពុងត្រៀមរៀបចំដាក់ឯកសារជាលាយលក្ខណ៍អក្សរទៅកាន់រដ្ឋបាលខេត្ត។ អ្នកស្រី ឡៃ ថា ប្រជាពលរដ្ឋនឹងធ្វើការតវ៉ារហូតទាល់តែមានដំណោះស្រាយ។
ខេមបូចា មិនទាន់អាចសូមការអត្ថាធិប្បាយពី អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ និងអភិបាលរងខេត្ត លោក សុក ហៃ បានទេគិតត្រឹមរសៀលថ្ងៃអង្គារនេះ ដោយសារទូរសព្ទខលចូលប៉ុន្តែគ្មានអ្នកទទួល។
កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សប្ដាហ៍មុន ប្រជាពលរដ្ឋជាង១០០នាក់តំណាងឱ្យ៣០០គ្រួសារបានប្រមូលផ្ដុំគ្នាតវ៉ា២ថ្ងៃជាប់គ្នា នៅមុខសាលាឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទាមទារឱ្យអាជ្ញាធរដោះលែងពលរដ្ឋមួយរូបនិងអនុញ្ញាតឱ្យអ្នកភូមិអាចធ្វើដំណើរតាមផ្លូវដែលធ្លាប់ឆ្លងកាត់ទៅកាន់ដីស្រែចំការរបស់ខ្លួនវិញបានដូចដើម។
អ្នកភូមិដូនឈូកមួយរូបដែលចូលរួមការតវ៉ា អ្នកស្រី ឡូត ឡៃ និយាយថា ប្រជាពលរដ្ឋរស់នៅក្នុងឃុំដូនពេជ ទាមទារឱ្យអាជ្ញាធរដោះស្រាយករណី អ្នកស្រី សាន់ ចំប៉ា ដែលមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវទៅកាន់ស្រែចំការរបស់ពួកគេ និងដោះលែងពលរដ្ឋម្នាក់ដែលកំពុងជាប់ពន្ធនាគារ ក្រោយរងពាក្យបណ្ដឹងពីអ្នកស្រី ចំប៉ា ថា បានរំលោភលើដីស្រែរបស់ខ្លួន។
អ្នកស្រី ឡៃ និយាយថា៖ «តវ៉ាចង់ឱ្យគាត់[អាជ្ញាធរ]បើកផ្លូវឡើងវិញ និងដោះលែងមនុស្សដែលជាប់ឃុំឃាំង»។
ប្រជាពលរដ្ឋដែលតវ៉ាបាននិយាយថា អ្នកស្រី ចំប៉ា រស់នៅឃុំសាន់គ ស្រុកកំពង់ស្វាយ បានចុះទិញដីស្រែចំការពីពលរដ្ឋកាលពី៥ឆ្នាំមុន។ ក្រោយស្រ្តីម្នាក់នេះ ទិញដីស្រែអមសងខាងផ្លូវដែលអ្នកភូមិធ្លាប់ធ្វើដំណើរឆ្លងកាត់ទៅកាន់ស្រែចម្ការហើយ អ្នកស្រី ចំប៉ា បានកាយដីលុបផ្លូវនិងកែប្រែក្លាយជាដីស្រែរបស់ខ្លួន។
ប្រភពដដែល បន្តថា ក្រោយមានការជំទាស់ពីពលរដ្ឋ អ្នកស្រី ចំប៉ា យល់ព្រមឱ្យអ្នកភូមិអាចធ្វើដំណើរតាមដីស្រែរបស់ខ្លួនបាន ប៉ុន្តែតាមរយៈផ្លូវមួយខ្សែទៀតមានចម្ងាយជាង១០០ម៉ែត្រពីផ្លូវបុរាណ ដោយមានទទឹង៦ម៉ែត្រ តូចជាងផ្លូវចាស់ចំនួន២ម៉ែត្រ។
ប្រភពខាងលើ បន្ថែមទៀតថា បន្ទាប់ពីបានធ្វើដំណើរតាមផ្លូវថ្មីអស់រយៈពេល៣ឆ្នាំ នៅចុងខែវិច្ឆិកានេះ អ្នកស្រី ចំប៉ា បានកាយផ្លូវដែលឱ្យពលរដ្ឋឆ្លងកាត់ទៅជាដីស្រែវិញ ហើយអ្នកភូមិក៏ប្រឆាំងម្ដងទៀត។ ក្រោយមានការសម្របសម្រួលពីអាជ្ញាធរឃុំ អ្នកស្រី ចំប៉ា ក៏ព្រមឱ្យពលរដ្ឋធ្វើដំណើរតាមផ្លូវដដែល។ អ្នកភូមិក៏សម្រេចរៃអង្គាសថវិកាដើម្បីស្ថាបនាដីស្រែនោះឱ្យក្លាយជាផ្លូវអាចធ្វើដំណើរបានវិញ។
ទោះជាយ៉ាងនេះក្ដី បងស្រីរបស់ជនកំពុងជាប់ឃុំគឺ អ្នកស្រី ឡូត ឡៃ បានអះអាងថា អ្នកស្រី ចំប៉ា បានប្ដឹងប្អូនរបស់នាងដោយចោទប្រកាន់ថា បានបំផ្លាញអចលនទ្រព្យពាក់ព័ន្ធនឹងការស្ថាបនាផ្លូវលើដីស្រែនោះ។
អ្នកស្រី ឡៃ បន្តអះអាងទៀតថា កាលពីថ្ងៃទី០៤ ខែធ្នូនេះ អាជ្ញាធរបានចាប់ខ្លួន លោក ឡូត ឡាញ់ ក្រោមហេតុផលថា គាត់បានគេចវេះពីការចូលបំភ្លឺតាមការកោះហៅ ប៉ុន្តែអ្នកស្រី ថា មិនបានឃើញដីកាកោះរបស់អាជ្ញាធរទេ។ អ្នកស្រី ឡៃ បន្ថែមថា ឥរិយាបថរបស់ម្ចាស់ទីតាំងដីស្រែនោះ មានលក្ខណៈកោងកាចដាក់អ្នកភូមិ។
អ្នកស្រី ឡៃ បន្ថែមថា៖ «យើងអត់មានផ្លូវដើរដល់ពេលយើងដើរនៅលើទំនប់គាត់ គាត់ជេរ គាត់រករឿង គាត់ថាដើរខូចទំនប់គាត់ គាត់ប្ដឹង។ បញ្ហាប្រឈមច្រើនណាស់ដើរទៅរកត្រីក៏គាត់អត់ឱ្យរកដែរ ត្រីដែរប្រជាពលរដ្ឋដើររកតាមហ្នឹងក៏គាត់អត់ឱ្យរកដែរ។ ដល់ពេលឃើញយើងដាក់បង្កៃ ចង់សន្ទួចអី ឃើញធុងយើងគាត់ទាត់ទម្លាក់ទឹក។ គ្រាន់ដើរដាក់បង្កៃតាមផ្លូវតាមភ្លឺគាត់ទាត់ធុង ថាដាក់បង្កៃដាក់សន្ទូចជាន់ស្រូវគាត់»។

អ្នកភូមិដែលតវ៉ាមួយរូបទៀតគឺ អ្នកស្រី ខាត់ ចន្ធី និយាយថា ការមានផ្លូវអាចធ្វើដំណើរទៅកាន់ដីស្រែចម្ការរបស់ខ្លួន គឺជាអ្វីដែលប្រជាពលរដ្ឋក្នុងឃុំដូនពេជត្រូវការនៅពេលនេះ។
អ្នកស្រី ចន្ធី ឱ្យដឹងថា ប្រជាពលរដ្ឋចំនួន៣០០គ្រួសាររស់នៅភូមិចំនួន៣ ក្នុងឃុំដូនពេជ ទាល់តែអាចឆ្លងកាត់ផ្លូវកំពុងមានវិវាទនេះទើបទៅដល់ដីស្រែរបស់ខ្លួនរាប់រយហិកតាដើម្បីអាចរកម្ហូបអាហារ មានត្រី ជន្លេន ការធ្វើស្រែចម្ការ និងស៊ីឈ្នួលគេបាន ។
អ្នកស្រី បន្ថែមថា ផ្លូវរបស់អ្នកភូមិតាំងពីបូរាណមានទទឹង៨ម៉ែត្រ ចំណែកផ្លូវថ្មីដែលអ្នកស្រី ចំប៉ា ឱ្យប្រើប្រាស់មានទទឹង៦ម៉ែត្រ និងធ្វើដំណើរតាមបណ្ដោយផ្លូវប្រវែង១គីឡូទើបទៅដល់ដីស្រែរបស់អ្នកភូមិ។
អ្នកស្រី សាន់ ចំប៉ា ជាម្ចាស់ទីតាំងដីដែលកំពុងមានទំនាស់ជាមួយអ្នកភូមិ បដិសេធចំពោះការអះអាងថា អ្នកស្រីបានបិទផ្លូវធ្វើដំណើររបស់ពលរដ្ឋទៅកាន់ដីស្រែចំការរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី ចំប៉ា បដិសេធក្នុងការដកពាក្យបណ្ដឹងវិញ ដោយថា ប្រជាពលរដ្ឋបានឈូសឆាយដីស្រែរបស់នាង ដោយគ្មានសុំការអនុញ្ញាតអំឡុងពេលកែលម្អផ្លូវ។
អ្នកស្រី បានបញ្ជាក់ថា៖ «ផ្លូវរាល់ថ្ងៃជិះម៉ូតូតាមដីខ្ញុំ ហើយខ្ញុំទុកទាំងផ្លូវទុកទាំងអីឱ្យទៀត[…] វាមិនដូចការលើកឡើងទេ ហើយខ្ញុំមិនប្ដឹងរឿងផ្លូវទេ ខ្ញុំប្ដឹងរឿងទៅរុញស្រែខ្ញុំ»។
មេភូមិដូនឈូក លោក អន យ៉ា អះអាងថា មិនមានការបិទផ្លូវនោះទេ ហើយអាជ្ញាធរបានដោះស្រាយករណីតវ៉ានេះរួចផងដែរ។ លោកយល់ថា ប្រជាពលរដ្ឋគួរសូមទោសទៅកាន់ម្ចាស់ទីតាំងដី ចំពោះការធ្វើផ្លូវប៉ះពាល់ដល់ស្រែចំការរបស់គេដោយមិនមានការប្រាប់ជាដំណឹងមុន។
លោក អន យ៉ា បន្តថា៖ «រឿងហ្នឹងគេដោះស្រាយហើយ។ គេអត់បិទទេផ្លូវ»។
បើតាមមេភូមិរូបនេះ ឱ្យដឹងថា អ្នកស្រី សាន់ ចំប៉ា ជាកសិករមួយរូបរស់នៅឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
មេឃុំនីពេជ ស្រុកកំពង់ស្វាយ លោក ឈឹង ញ៉េប ថ្លែងយ៉ាងខ្លីថា៖ «[ករណីនេះ]មានដំណោះស្រាយហើយ»។
ក្រុមអ្នកតវ៉ា បានលើកឡើងថា នៅថ្ងៃទី២២ [ថ្ងៃសុក្រ សប្ដាហ៍មុន] ខែធ្នូ អាជ្ញាធរបានរារាំងប្រជាពលរដ្ឋក្នុងការព្យាយាមធ្វើដំណើរទៅកាន់សាលាខេត្តដើម្បីតវ៉ានៅទីនោះ ក្រោយគ្មានដំណោះស្រាយពីអាជ្ញាធរមូលដ្ឋាន។ លុះក្រោយមក ក៏មានវត្តមានលោក អភិបាលស្រុកកំពង់ស្វាយ អ៊ុត វណ្ណរ៉ា ថ្លែងទៅកាន់ប្រជាពលរដ្ឋថា លោកនឹងអនុញ្ញាតឱ្យពលរដ្ឋអាចធ្វើដំណើរតាមផ្លូវិញបានធម្មតានិងពង្រីកទទឹងផ្លូវរហូតដល់១៥ម៉ែត្រ។
ពលរដ្ឋចូលរួមតវ៉ា អ្នកស្រី ខាត់ ចន្ធី ថ្លែងថា៖«គាត់[អភិបាលស្រុកកំពង់ស្វាយ]ថាគាត់នឹងរកដំណោះស្រាយឱ្យគាត់[ថា]មិនបាច់ឱ្យទៅខេត្តទេ»។
សារព័ត៌មានខេមបូចា ពុំទាន់អាចសុំការអត្ថាធិប្បាយពីលោកអភិបាលស្រុកកំពង់ស្វាយ អ៊ុត វណ្ណរ៉ា បានទេ។
នាយកទទួលបន្ទុកចាត់ការទូទៅប្រចាំអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត អំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានសម្របសម្រួលគ្នារវាងពលរដ្ឋនិងម្ចាស់ដី។ លោក យល់ថា បញ្ហានេះមិនមានការចម្រូងចម្រាសនោះទេ បើតាមការអះអាងរបស់ភាគីទាំង២។
លោក សំអាត ថ្លែងថា៖ «ខ្ញុំយល់ថាអាជ្ញាធរគាត់ត្រូវចេញមុខសម្របសម្រួលនឹងដោះស្រាយហើយដោះលែងអ្នកជាប់ពន្ធនាគារវិញ»។
បន្ថែមពីការលើកឡើងនេះ លោក យ៉ែម សារ៉ាត មន្រ្តីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ធំ និយាយថា៖ «គួរតែសម្របសម្រួលដោះស្រាយបើកផ្លូវសាធារណៈឱ្យប្រជាពលរដ្ឋបានធ្វើដូចដើមវិញ ពីព្រោះបើទោះបីជាមានការដោះដូរក៏ដោយក៏នៅតែជាសាធារណៈរបស់រដ្ឋដដែល»។
គិតត្រឹមថ្ងៃសុក្រ វេលាម៉ោង១១ថ្ងៃត្រង់ ក្រុមប្រជាពលរដ្ឋបានសម្រេចរំសាយការតវ៉ាវិញ ក្រោយមានការសន្យាពីអភិបាលស្រុកកំពង់ស្វាយថា នឹងដោះស្រាយតាមការស្នើសុំរបស់ពួកគេឱ្យបានឆាប់រហ័ស។
អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) កាលពីខែតុលា ឆ្នាំ២០២៣ បានបន្តចាត់ទុកកម្ពុជាជាប្រទេសមានការគោរពនីតិរដ្ឋទាបជាងគេ ពោលគឺស្ថិតនៅលេខរៀង១៤១ ក្នុងចំណោម១៤២ប្រទេសនៅលើពិភពលោក។ បើធៀបនឹងសន្ទស្សន៍ឆ្នាំ២០២២ កាលនោះកម្ពុជាទទួលបានលេខ១៣៦លើ១៤០ប្រទេស។
ការវាយតម្លៃរបស់អង្គការអន្តរជាតិនេះ ដោយផ្ដោតសំខាន់លើកត្តាមួយចំនួនដូចជា សិទ្ធិមនុស្ស អំពើពុករលួយ ការអនុវត្តច្បាប់ ប្រព័ន្ធតុលាការ សណ្ដាប់ធ្នាប់ និងសន្តិសុខ ការកម្រិតអំណាចរបស់រដ្ឋ និងការបើកចំហរបស់រដ្ឋាភិបាល៕