សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាសហគមន៍ព្រៃឈើភ្នំត្នោតស្នើអាជ្ញាធរខេត្តកំពត​ដោះលែងតំណាង​​ពួកគេ២នាក់ បន្ទាប់ពីឃុំខ្លួនពាក់ព័ន្ធនឹងការរំលោភដីព្រៃ

លោក យឹម យាន់ ពាក់អាវព័ណទឹកប៊ិច ស្ពាយកាបូបចំហៀងខ្លួន និងលោក ម៉ែន និរាស្រ្ត ពាក់អាវនិងពាក់មួកពណ៌គគី និងអង្គុយក្បែរស្រ្តីម្នាក់ ថតរូបជុំគ្នាជាមួយប្រជាសហគមន៍ព្រៃឈើភ្នំត្នោតអំឡុងពេលមកទស្សនានៅរាជធានីភ្នំពេញ។ រូបថត កាលពីខែតុលា ឆ្នាំ២០២៣។ (រូបថតផ្ដល់ឱ្យ)
លោក យឹម យាន់ ពាក់អាវព័ណទឹកប៊ិច ស្ពាយកាបូបចំហៀងខ្លួន និងលោក ម៉ែន និរាស្រ្ត ពាក់អាវនិងពាក់មួកពណ៌គគី និងអង្គុយក្បែរស្រ្តីម្នាក់ ថតរូបជុំគ្នាជាមួយប្រជាសហគមន៍ព្រៃឈើភ្នំត្នោតអំឡុងពេលមកទស្សនានៅរាជធានីភ្នំពេញ។ រូបថត កាលពីខែតុលា ឆ្នាំ២០២៣។ (រូបថតផ្ដល់ឱ្យ)

ប្រជាសហគមន៍ដីព្រៃឈើភ្នំត្នោតស្នើអាជ្ញាធរខេត្តកំពតដោះលែងតំណាងពួកគេចំនួន២នាក់ ដែលត្រូវតុលាការខេត្តឃុំខ្លួនពាក់ព័ន្ធនឹងការរំលោភលើដីព្រៃសហគមន៍។ មន្រ្តីសង្គមស៊ីវិល អំពាវនាវឱ្យអាជ្ញាធរប្រើប្រាស់យន្តការសម្របសម្រួលក្នុងការដោះស្រាយបញ្ហាមុននឹងអនុវត្ត ច្បាប់លើប្រជាពលរដ្ឋ។

គ្រួសាររបស់ពលរដ្ឋដែលត្រូវបានតុលាការចោទប្រកាន់ ឱ្យដឹងថា អាជ្ញាធរបានឃាត់ខ្លួន​សាច់​ញាតិ​របស់ពួកគេ កាលពីថ្ងៃ​ទី១៤ ខែវិច្ឆិកា និងបន្តឃុំខ្លួនរហូតដល់ថ្ងៃទី១៨ ក្នុងខែដដែល ទើប​​​សាលា​ដំបូង​ខេត្តកំពត សម្រេច​ចោទប្រកាន់ពីបទ «ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ​ដោយគ្មាន​លិខិត​​អនុញ្ញាត» និងបញ្ជូន​ទៅឃុំ​ខ្លួន​បណ្ដោះអាសន្ននៅពន្ធនាគារខេត្តនេះចំនួន២នាក់ ក្នុង​ចំណោម​ជនរងការចោទប្រកាន់​៣នាក់ ដោយមួយរូបទៀតមានវ័យចាស់ជរាពេក។

អ្នកស្រី យឹង មុំ ជាកូនស្រីរបស់លោក យឹម យាន់ ដែលជាអនុប្រធានដីសហគមន៍ព្រៃឈើ​ភ្នំត្នោត ហើយកំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពត បានបដិសេធការចោទប្រកាន់ថា ឪពុក​របស់នាង បានបោះបង្គោលលើដីព្រៃសហគមន៍ និងបែងចែកដីនោះឱ្យប្រជាពលរដ្ឋ។

អ្នកស្រី មុំ និយាយថា៖ «គេចោទប្រកាន់ [លោក យឹម យាន់] បោះបង្គោលដី១០ម៉ែត្រមួយៗ។ កាត់ឱ្យកំបុតហើយបោះដបទឹកសុទ្ធ [ចំណាំ] និងចែកដីទៅពលរដ្ឋសហគមន៍។ គាត់អត់បាន​ធ្វើដូច​ពាក្យ​គេថាទេ»។

បើតាមអ្នកស្រី មុំ ឱ្យដឹងថា តុលាការសម្រេចមិនឃុំខ្លួនបណ្ដោះអាសន្ន លោក សឹម អៀត មាន​វ័យជាង៧០ឆ្នាំ ដោយសារភាពចាស់ជរានិងរាងកាយទ្រុឌទ្រោម។

អ្នកស្រី មុំ អះអាងថា កាលពីថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ប្រជាសហគមន៍ ចំនួន៥០នាក់បានសុំ ជួប​អភិបាលខេត្តកំពតដោយធ្វើដំណើរទៅកាន់សាលាខេត្តដោយផ្ទាល់ ប៉ុន្តែមន្រ្តី​នៅទីនោះ បាន​​បដិសេធ ហើយប្រាប់ថាទុកឱ្យករណីនេះដោះស្រាយតាមច្បាប់។

ការឃុំខ្លួនតំណាងពលរដ្ឋនេះ អ្នកស្រីយល់ថា អាជ្ញាធរប្រហែលមិនពេញចិត្ត​ចំពោះ​សកម្មភាព​​​ឪពុករបស់នាង​ដែលព្យាយាមរារាំងរាល់សកម្មភាពដែល​បានរំលោភបំពាន​លើដី​សហគមន៍កាលពីពេលកន្លងទៅ។

បើតាមកូនស្រីរបស់អនុប្រធានសហគមន៍រូបនេះ ឱ្យដឹងថា ដីសហគមន៍ព្រៃឈើភ្នំត្នោត មាន​ប្រជាពលរដ្ឋ​ចំនួន៣ភូមិកំពុងអាស្រ័យផល​ និងមានផ្ទៃដីចំនួន៤៥៨ហិកតា។

លោក អ៊ំ សំអាត ជាប្អូនប្រុសរបស់លោក ម៉ែន និរាស្រ្ត ដែលកំពុងជាប់ឃុំ​ក្នុងពន្ធនាគារ​ផង​ដែរ អះអាងថា មុនថ្ងៃកើតហេតុបងប្រុសរបស់លោកបានរារាំងគ្រឿងចក្រ​ដែលបាន​ឈូស​ឆាយ​លើដីព្រៃសហគមន៍។ ក្រោយករណីនេះកើតឡើង លោក ថា បងប្រុសរបស់លោកក៏ត្រូវ​បាន​អាជ្ញាធរឃាត់ខ្លួន ក្រោមហេតុផលទាក់ទិននឹងការរំលោភបំពានដីព្រៃទៅវិញ។

លោក សំអាត និយាយថា៖ «មានអាត្រាក់ទ័រមានអាអិចឈូសឆាយ គាត់ទៅហាមឃាត់។ ហាមឃាត់ គេអត់ស្ដាប់ គាត់ក៏ដាក់ពាក្យបណ្ដឹងទៅភ្នំពេញ។ ក្រោយពីមកពីភ្នំពេញវិញ គាត់ត្រូវគេចាប់ដាក់ឃុំឃាំងតែម្ដង»

លោក បន្ថែមថា៖ «សំណូមពរដល់អភិបាលខេត្តនិងអ្នកដែលពាក់ព័ន្ធចាប់ឃុំខ្លួនគាត់ ឱ្យជួយ​ដោះលែងគាត់មកវិញ ព្រោះគាត់អត់មានកំហុសផង។ ការចោទប្រកាន់សុទ្ធតែចោទ​ប្រកាន់​ទាំងបំពានទាំងអស់»។

ប្រជាសហគមន៍មួយរូប ថ្លែងសុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព ក្រោយមានការ​ឃ្លាំង​មើល​ពីមនុស្សនៅជុំវិញខ្លួន បានអះអាងថា ប្រធានដីសហគមន៍ព្រៃឈើភ្នំត្នោត លោក ខឹម ខឿន ជាអ្នករាយការណ៍ថា មានការបោះបង្គោលនិងបែងចែកដីឱ្យ​ពលរដ្ឋទៅកាន់​រដ្ឋបាល​ព្រៃឈើ។

ស្រ្តីវ័យ៣៧ឆ្នាំរូបនេះនិយាយថា៖ «ឥលូវអត់មានវិធានការ [ការពារដីព្រៃសហគមន៍បន្ត]អ្វីទេ សុទ្ធតែអ្នកខ្លាច បើអត់មានដឹងថាខុសអីផងហើយគេចាប់ទៅដាក់គុកបាត់អស់ចឹង»។ 

ស្រី្តរូបនេះ បន្តទៀតថា កន្លងមកដីសហគមន៍នេះ មានជម្លោះជាមួយ លោក គាវ ហាក់ឡុង ដែលព្យាយាមកាប់ទន្រ្ទានយកដី​ព្រៃកាលពីកំឡុងឆ្នាំ២០១៦ដល់ឆ្នាំ២០១៨។ បន្ថែមពីលើនេះ អ្នកស្រីសង្កេតឃើញថា ម្ចាស់ទីតាំងដីដែលមានព្រំប្រទល់ជាប់ដីសហគមន៍ព្រៃឈើភ្នំត្នោត សុទ្ធតែជាអ្នកមានលុយនិងមានអំណាច។

អ្នកស្រីបានបង្ហាញការព្រួយបារម្ភប្រសិនបើបាត់បង់ដីសហគមន៍នេះ នឹងបង្កផលប៉ះពាល់​ជីវភាព​រស់នៅ ខណៈបច្ចុប្បន្ន អ្នកស្រីអាចរកបន្លែ ដូចជាផ្សិត ត្រពាំង ដំឡូងជាដើម​នៅទី​នោះ​​សម្រាប់អាហារប្រចាំថ្ងៃ ដែលបានកាត់បន្ថយការចំណាយ។

អាជ្ញាធរចុះទៅត្រួតពិនិត្យទីតាំងដីដែលតំណាងសហគមន៍​រងការចោទប្រកាន់​ថា មានការបោះបង្គោល និងបែងចែកដី ដោយគ្មានការអនុញ្ញាត។ រូបថតនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ (រូបថតផ្ដល់ឱ្យ)

បើតាមខ្លឹមសារក្នុងរបាយការណ៍មួយរបស់ប្រធានដីសហគមន៍ព្រៃឈើភ្នំត្នោតដែលអ្នក​សារព័ត៌មាន​ទទួលបានពីប្រជាសហគមន៍ បង្ហាញថា ប្រធានសហគមន៍រូបនេះ បាន​រាយការណ៍​​ទៅកាន់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តថា មានមនុស្សចំនួន៩នាក់ ជាប់ពាក់ព័ន្ធ​នឹងការបោះបង្គោលលើដីព្រៃសហគមន៍ជាប្លង់ៗ។ របាយការណ៍ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ អះអាងថា លោក ម៉ែន និរាស្រ្ត ដែលជាអតីតប្រធានដី​សហគមន៍​ព្រៃឈើ​ភ្នំត្នោត ជាមេខ្លោងក្នុងរឿងនេះ។

យោងតាមដីកាសម្រេចឃុំខ្លួនដែលអ្នកសារព័ត៌មានទទួលបានពីអ្នកនាំពាក្យសាលាដំបូងខេត្តកំពត លោក ម៉ាន់ បូរេត បញ្ជាក់ថា តុលាការបានបង្គាប់ឱ្យឃុំខ្លួនលោក យឹម យាន់ និង លោក ម៉ែន និរាស្រ្ត រួមទាំងបក្សពួក ក្រោមបទចោទប្រកាន់ «ហ៊ុំព័ទ្ធ​កាន់​កាប់ដីព្រៃគ្មានលិខិត​អនុញ្ញាត​» ដែលប្រព្រឹត្តនៅភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមក្រមព្រហ្មទណ្ឌមាត្រា ៩៧ នៃច្បាប់ស្ដី​ពីព្រៃឈើ។

ដោយឡែកប្រធានដីសហគមន៍ព្រៃឈើភ្នំត្នោត​  លោក ខឹម ខឿន ដែលរងការចោទប្រកាន់ថា​បានរាយការណ៍ទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពតដែលបណ្ដាលឱ្យសមាជិក២រូបត្រូវជាប់ឃុំ លើកឡើងថា លោកគ្រាន់តែរាយការណ៍ពីសកម្មភាពលើដី​សហគមន៍តាមការណែនាំ​របស់ថ្នាក់លើប៉ុណ្ណោះ។

លោកថ្លែងថា៖ «ខ្ញុំគ្រាន់តែជូនរបាយការណ៍ទេ អាចាត់វិធានការយ៉ាងណាៗវាស្រេចនៅ​លើ​គេ​ទេ»។ 

អង្គការ​គម្រោង​យុត្តិធម៌​ពិភព​លោក​ (World Justice Project) កាលពីខែតុលា ឆ្នាំ២០២៣ បាន​បន្ត​ចាត់ទុកកម្ពុជាជាប្រទេសមានការគោរពនីតិរដ្ឋទាបជាងគេ ពោលគឺស្ថិតនៅ​លេខរៀង​១៤១ ក្នុងចំណោម១៤២ប្រទេសនៅលើពិភពលោក។ បើ​ធៀប​នឹង​សន្ទ​ស្សន៍​ឆ្នាំ​២០២២ កាល​នោះ​កម្ពុជា​ទទួល​បានលេខ​១៣៦​លើ១៤០​ប្រទេស។

ការវាយតម្លៃរបស់អង្គការអន្តរជាតិនេះ ដោយផ្ដោតសំខាន់លើកត្តាមួយចំនួនដូចជា សិទ្ធិ​មនុស្ស អំពើពុករលួយ ការអនុវត្តច្បាប់ ប្រព័ន្ធតុលាការ សណ្ដាប់ធ្នាប់និងសន្តិសុខ ការកម្រិត​អំណាចរបស់រដ្ឋ និងការបើកចំហរបស់រដ្ឋាភិបាល។

មេប៉ុស្តិ៍នគរបាលរដ្ឋបាលល្បើក ស្រុកឈូក អះអាងថា លោកកំពុងជាប់រវល់មិនអាចនិយាយ​ជាមួយ​អ្នកកាសែត​បានឡើយ។ ចំណែកមន្រ្តីមួយរូប ដែលកាន់ទូរសព្ទដាក់លើ​ទំព័រ​ហ្វេសប៊ុក​ផេក​របស់អធិការដ្ឋាននគរបាលស្រុកឈូក ថ្លែងថា ករណីនេះ អាជ្ញាធរស្រុកបានបញ្ជូន​ទៅ​តំណាងអយ្យការខេត្តហើយ។

បុរសរូបនោះ​និយាយថា៖​ «ពាក់ព័ន្ធរឿងហ្នឹងយើងបានបញ្ជូនទៅខាងអយ្យការ បាត់ហើយ មាន​រឿងអីបងសួរខាងខេត្ត[នគរបាលខេត្ត]ទៅ»។

អភិបាលស្រុកឈូក លោក នាក់ សុវណ្ណារី ថ្លែងថាប្រាប់អ្នកសារព័ត៌មានសួរទៅ​កាន់​រដ្ឋបាល​ព្រៃឈើ ដោយសារ​បទល្មើសព្រៃឈើ ស្ថិតក្រោមការគ្រប់គ្រងរបស់​នគរបាលយុត្តិធម៌​នៃ​រដ្ឋបាលព្រៃឈើ។

លោកនិយាយថា៖ «រដ្ឋបាលព្រៃឈើគាត់ជានគរបាលយុត្តិធម៌ គាត់គ្រប់គ្រងដីព្រៃឈើ។ ចឹង​មាន​បទល្មើសព្រៃឈើអីគាត់អ្នកមុខការហើយ គាត់អ្នកកសាងសំណុំរឿង​ធ្វើអីៗ​គាត់អ្នក​ធ្វើ​លិខិត​ធ្វើអីៗ ​អាហ្នឹងជារឿងរបស់គាត់»

ស្នងការនគរបាលខេត្តកំពត លោក​ ម៉ៅ ច័ន្ទមធុរិទ្ធ ក៏លើកឡើងដូចគ្នាដែរថា ករណីនេះស្ថិត​នៅ​ក្រោម​ដែនសមត្ថកិច្ចនៃរដ្ឋបាលព្រៃឈើ។

លោកបញ្ជាក់ថា៖ «មនុស្សគេគ្រាន់តែផ្ញើនៅកន្លែងខ្ញុំទេ។ រដ្ឋបាលព្រៃឈើ គេអ្នកធ្វើសំណុំ​រឿង​បញ្ជូនទៅតុលាការ»

អ្នកសារព័ត៌មានពុំអាចសូមការអត្ថាធិប្បាយពីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត លោក ជួន សារ៉ា បាននៅឡើយទេ ដោយទូរសព្ទចូលប៉ុន្តែគ្មានអ្នកទទួល។

ចំណែក ប្រធានមន្ទីរកសិកម្មខេត្តកំពត លោក ចាន់ រិទ្ធិ  បានចុចបិទទូរសព្ទ ក្រោយ​អ្នកសារព័ត៌មាន​លើកឡើងពី ការឃាត់ខ្លួនតំណាងដីសហគមន៍ព្រៃឈើភ្នំត្នោត​ចំនួន២នាក់​នេះ។

លោក សំ សុវណ្ណា អនុប្រធានមន្ទីរកសិកម្មខេត្តកំពត ប្រាប់ឱ្យអ្នកសារព័ត៌មានខលសួរ​ទៅ​កាន់​នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពតវិញ ដោយលោកមិនបានដឹងច្បាស់ជុំវិញករណីនេះ និងកំពុងសម្រាកព្យាបាលជំងឺ។

អ្នកសារព័ត៌មានខេមបូចា ពុំអាចសុំការអត្ថាធិប្បាយពីលោក ម៉ៅ​ ធនិន អភិបាលខេត្តកំពត បានទេ កាលពីសប្តាហ៍មុន។

នាយករដ្ឋបាលខេត្តកំពត ​លោក ឃុត ឧសភា អះអាងថា លោកពុំដឹងដឹងពីការដាក់ញត្តិរបស់​ប្រជាសហគមន៍នោះទេ ប៉ុន្តែបើសិនជាមានករណីប្រជា​សហគមន៍​​​ដាក់ញត្តិ​ស្នើសុំដោះលែង​តំណាងពួកគេទាំង២នាក់នោះ លោកនឹងជម្រាប​ជូននិងបញ្ជូនញត្តិ​ទៅលោកអភិបាលខេត្ត​បន្តហើយ។

លោកបញ្ជាក់ថា៖ «ពេលទទួលបាន[ញត្តិ] ខ្ញុំគោរពជូនថ្នាក់ដឹកនាំបន្ត ដើម្បីសុំមតិ​ដឹកនាំ​ពីលោកបន្ត។ ប៉ុន្តែពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ ពួកខ្ញុំក៏អត់ដឹងថាម៉េចដែរ ព្រោះនេះជា​ឯករាជ្យ​ភាពនៃការអនុវត្តមុខងាររបស់ពួកគាត់យើងអត់ទាន់ដឹងថាម៉េចទេ»

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអង្គកាអាដហុកខេត្តកំពត លោក យន់ ផល្លី ជំរុញឱ្យអាជ្ញាធរធ្វើការ​សម្របសម្រួល​ជាមួយពលរដ្ឋ ប្រសិនបើពួកគេបានប្រព្រឹត្តផ្ទុយនឹងច្បាប់មែននោះ ប្រសើរ​ជាង​​ មុនសម្រេចប្រើវិធានការច្បាប់ដោយមានការដាក់ទោសទណ្ឌ។ លោក អះអាងថា ប្រជា​សហគមន៍​នឹងមិនប្រព្រឹត្តបទល្មើសនោះទេ បើអាជ្ញាធរបានណែនាំពួកគេ ព្រមទាំងរងការ​ព្រមានជាលាយលក្ខណ៍អក្សរ។

លោក ផល្លី និយាយថា៖ «ខ្ញុំគិតថាអាជ្ញាធរលោកគួរតែមានវិធានការ​ក្នុងការសម្របសម្រួល​ទៅដល់សហគមន៍ទាំងអស់ហ្នឹង។ […] បើសិនជាគាត់មានសិទ្ធិអំណាចណាមួយ​ដែលទៅ​បែង​ចែកដីជូនប្រជាពលរដ្ឋ ខ្ញុំគិតថា វាមិនអាចទៅបែបហ្នឹងកើតទេ។ បើសិនជាគាត់ [ពលរដ្ឋ]​ធ្វើ គាត់ [អាជ្ញាធរ] គួរតែហៅធ្វើកិច្ចសន្យាណាមួយបញ្ឈប់សកម្មភាព​ទៅគឺប្រជាពលរដ្ឋ​លោក​អាចទទួលបានហើយ»

384 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម