សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មនុស្ស​១៤នាក់​ស្លាប់ដោយសារគ្រាប់មីននៅក្នុងឆ្នាំ២០២៣ ខណៈជប៉ុន​ផ្ដល់​ថវិកា១,៣លាន​ដុល្លារ​សម្រាប់សម្អាត​មីន

មន្ត្រីដោះមីនប្រើឧបករណ៍រាវមីនដើម្បីបង្ហាញពីការដោះមីននៅក្នុងចម្ការមីនដល់ក្រុមអ្នកសារព័ត៌មាននៅមជ្ឈមណ្ឌលដោះមីនក្នុងខេត្តកំពង់ស្ពឺកាលពីខែវិច្ឆិកា ឆ្នាំ២០១១។ (ខេមបូចា/ព្រីង សំរាំង)
មន្ត្រីដោះមីនប្រើឧបករណ៍រាវមីនដើម្បីបង្ហាញពីការដោះមីននៅក្នុងចម្ការមីនដល់ក្រុមអ្នកសារព័ត៌មាននៅមជ្ឈមណ្ឌលដោះមីនក្នុងខេត្តកំពង់ស្ពឺកាលពីខែវិច្ឆិកា ឆ្នាំ២០១១។ (ខេមបូចា/ព្រីង សំរាំង)

មជ្ឈមណ្ឌលសកម្មភាព​កំចាត់មីនកម្ពុជា​ហៅ​កាត់​ថា CMAC បាន​ឲ្យ​ដឹង​ថា​អ្នក​រងគ្រោះ​ដោយសារ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​មាន​ចំនួន​២៦​នាក់ ក្នុង​នោះ​មាន​១៤​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ប្រាំបី​នាក់​បាន​ធ្លាក់​ខ្លួន​ពិការ និង​បួន​នាក់​ផ្សេង​ទៀត​រង​របួស ដែល​ចំនួន​នេះ​បង្ហាញ​ពី​ការ​ថយចុះ​នៃជន​រងគ្រោះ​ដោយ​សារ​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​បើ​ធៀប​នឹង​ឆ្នាំ​មុន​។​

កាល​ពី​ឆ្នាំ​២០២២ អ្នក​រងគ្រោះ​ដោយសារ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​មាន​ចំនួន​៤១​នាក់ ក្នុង​នោះ​ស្លាប់​ចំនួន​២៣​នាក់ របួស​​១០​នាក់ និង​ធ្លាក់​ខ្លួន​ពិការ​ចំនួន​៨​នាក់​ នេះ​បើ​តាម​របាការណ៍​របស់​CMAC ចេញ​ផ្សាយ​ក្នុង​ឆ្នាំ​២០២៣។ ដូច​គ្នា​ដែរ ចន្លោះពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​២០២៣ គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ផ្សេង​ទៀត​​បង្ក​ឲ្យ​មាន​ជន​រងគ្រោះ​៧ ៩០៤​នាក់ ក្នុង​នោះ​អ្នក​ស្លាប់​មាន​​រហូត​ដល់​១៥០០​នាក់ រងរបួស​ចំនួន​៤៦៥៩​នាក់ និង​ធ្លាក់​ខ្លួន​ពិការ​មាន​ចំនួន​ ១ ៧៤៥​នាក់​។​

​គិត​ពី​ឆ្នាំ​១៩៩២ មក​ CMAC បាន​បោសសម្អាតផ្ទៃ​ដី​១ ៧៣៥​គីឡូម៉ែត្រ​ក្រឡា និង​បាន​បំផ្លាញ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​​​ចំនួន ៣,០៤៤,៧៥៤គ្រាប់ និង​នៅ​សល់​ផ្ទៃ​ដី​១ ៩៧៦​គីឡូម៉ែត្រ​ក្រឡា​ទៀត​ត្រូវ​បោស​សម្អាត​។​

ដើម្បី​គាំទ្រ​ដល់​សកម្មភាព​បោស​សម្អាតមីនកម្ពុជា ក៏​ដូច​ជា​ផែន​ការ​គ្មាន​មីន​នៅ​ត្រឹម​ឆ្នាំ​២០២៥ ជប៉ុន​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​១,៣៩​លាន​ដុល្លារ​ក្នុងការ​បោស​សម្អាត​គ្រាប់​បែក​ចង្កោម មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ផ្សេង​ទៀត​នៅ​កម្ពុជា​។​

ស្ថាន​ទូតជប៉ុន​បាន​រៀបចំពិធី​ចុះហត្ថលេខា​លើ​ជំនួយ​សម្រាប់​អង្គការ​ជប៉ុន​លើ​គម្រោងសេវាសកម្មភាព​កម្ចាត់មីន​ជប៉ុន ហៅកាត់ថា​ JMAS កាលពី​សប្ដាហ៍មុន​។ ក្នុង​ពិធីនោះ​ឯកអគ្គរាជទូតជប៉ុន​លោក Atsushi Ueno បាន​ចូល​រួម​ធ្វើ​ជា​អធិបតី។ JMAS បាន​ចូល​រួម​គាំទ្រ​​ក្នុង​ការបោស​សម្អា​ត​គ្រាប់​បែក​ចង្កោម​នៅ​ខេត្ត​ស្ទឹង​ត្រែង និង​ការបោស​សម្អាត​មីននៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​។​

លោក Ueno លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា៖ «​យើង​សង្ឃឹម​ថា​ការ​ចុះ​ហត្ថលេខា​លើ​គម្រោងចំនួន​ពីរ​នៅ​ថ្ងៃនេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​រងទុក្ខរបស់មនុស្ស​ដែលបណ្តាលមកពី​គ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ ក៏​ដូច​ជា​រួម​ចំណែក​ដល់​រដ្ឋាភិបាល​ក្នុង​ការ​សម្រេច​គោលដៅ​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥»។​

លោក​លើក​ឡើង​ទៀត​ថា៖ «ខ្ញុំ​ក៏ទទួល​ស្គាល់​ថា​នៅតែមានបញ្ហា​ប្រឈម​មួយចំនួនក្នុង​ការ​​យក​ចិត្ត​ទុក​ដាក់ដោះស្រាយដើម្បីកែលម្អ​គុណភាព​ជីវិត​របស់​ប្រជា​ពល​រដ្ឋ»។ លោក​បន្ថែម​ថា​រដ្ឋាភិបាក​នឹង​បន្ត​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ជប៉ុន និង​គាំ​ទ្រសកម្ម​ភាព​របស់​ពួក​គេ​ក្នុង​កិច្ច​ខិត​ខំ​ដោះស្រាយ​បញ្ហា​ទាំង​នេះ។​

​JMAS បាន​ចុះ​ហត្ថលេខា​ជាមួយ​ CMAC កាលពី​ថ្ងៃទី​២២ ខែធ្នូ ដើម្បី​អនុវត្ត​គម្រោង​បោសសម្អាត​មីន​ទាំង​ពីរ​នេះ។​

ស្ថានទូតជប៉ុន​ប្រាប់​ខេមបូចា​តាម​អ៊ីម៉ែល​​កាលពី​ថ្ងៃទី​២២ ខែធ្នូ ថា​រដ្ឋាភិបាល​ជប៉ុន​សង្ឃឹម​​ថា​កម្ពុជា​នឹង​លែង​មាន​គ្រាប់​មីន​ទៀត​នៅ​ត្រឹម​ឆ្នាំ​២០២៥។​

ស្ថាន​ទូត​បញ្ជាក់​ដែរថា៖ «​ដោយមាន​គោល​ដៅ​ច្បាស់​លាស់ ជប៉ុន​កំពុង​គាំទ្រសកម្មភាព​បោស​សម្អាតមីននៅ​កម្ពុជា​តាម​រយៈ​រូបភាព​ផ្សេង​ៗ​គ្នា»។ ស្ថាតទូត​ឲ្យ​ដឹង​​ទៀតថា​រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ជំនួយ​ជាង​២៥​ពាន់​លានយ៉េន ឬ​ប្រហែល​១៧៦​លាន​ដុល្លារ​គិត​តាំង​ពី​ឆ្នាំ​១៩៩៨​មក​។​

JMAS បានធ្វើ​ការ​ជាមួយ​ CMAC ក្នុងការ​បោសសម្អាតមីន​ និង​យុទ្ធភណ្ឌមិនទាន់​ផ្ទុះ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព ព្រម​ទាំង​បាន​ជួយ​បង្កើន​សមត្ថភាព​មុគ្គលិក​ CMAC ថែម​ទៀត​ផង។​

JMAC នឹង​បោស​សម្អាត​គ្រាប់​បែក​ចង្កោម​លើ​ផ្ទៃដី​៤៧៩​ហិកតា​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹង​ត្រែង និង​១៨០​ហិកតា​នៅ​ក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ​។ ​ប្រ​ជា​ពល​រដ្ឋ​មូល​ដ្ឋាន​ក៏​នឹង​ត្រូវ​អប់​រំ​អំពី​ហានិភ័យ​នៃ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នេះដែរ។​

សម្រាប់​នៅ​ស្រុក​សេសាន JMAS នឹង​បង្កើន​ការ​យល់ដឹង និង​បច្ចេក​ទេសកសិកម្ម​ដល់​កសិករ​នៅ​ក្នុង​តំបន់​ខ្លួន​ទទួល​ខុស​ត្រូវ​ផង​ដែរ ខណៈ​នៅ​ស្រុក​ម៉ាឡៃវិញ កសិករ​នឹង​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​បន្ថែម​លើ​ជំនាញ​ការដាំដុះ​ស្រូវ​។​

ដោយសារ​តែ​បុគ្គលិក​ទាំងអស់​របស់​ JMAC ជា​អតីត​ទាហានស្វ័យការពារ​ជប៉ុន និង​ជា​អ្នក​មាន​ជំនាញ​ដោះមីន​ច្បាស់​លាស់​ផង ស្ថានទូតជប៉ុន​ជឿជាក់​ថា​អ្នក​ទាំង​នោះ​មាន​ជំនាញគ្រប់​គ្រាន់​ក្នុង​ការ​ធានាសុវត្ថិភាព​ និង​ប្រសិទ្ធភាព​ក្នុង​ការ​ដោះ​មីន។​

​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា លោក ហេង រតនា មានប្រសាសន៍ថា គម្រោង​របស់ JMAS បាន​ជួយ​ដល់​ការ​បោស​សម្អាត​មីន​នៅ​កម្ពុជា​។

លោក​បន្ថែម​ថា៖ «មួយ​ផ្នែក​នៃ​ថវិកា​គឺ​ប្រើ​សម្រាប់គាំទ្រ​សកម្មភាព​បោស​សម្អាតមីន និង​មួយ​ផ្នែក​គាំទ្រ​ដល់​ការងារ​របស់​ JMAS ដែល​ជួយ​ធ្វើ​សមាហរណកម្ម​ជនរងគ្រោះ​ដោយសារគ្រាប់​មីន​ឲ្យ​ចូល​ក្នុង​សហគមន៍​វិញ តាម​រយៈ​ការ​ធ្វើ​ផ្លូវ និង​សាលា​រៀន​ជាដើម​»។​

លោក យឿន រ៉ន វ័យ​៣៥​ឆ្នាំ ជា​ជន​រងគ្រោះ​ដោយសារគ្រាប់​មីន និង​បានធ្វើ​ឲ្យ​លោក​ពិការជើង​ស្ដាំ ដោយលោកបាន​ជាន់​មីន​ពេល​ធ្វើ​ដំណើរ​ឆ្លង​ដែន​ពី​ថៃ​មក​ខេត្ត​បន្ទាយ​មានជ័យ​វិញ​កាលពី​ឆ្នាំ​២០១៩​។​

លោក​ឲ្យ​ដឹងថា៖ «ខ្ញុំ​បានដើរ​ខុស​ផ្លូវ ហើយ​ជាន់មីន​បណ្ដាល​ឲ្យ​ផ្ទុះ…​ខ្ញុំ​នៅ​អាច​ដើរ​បាន ប៉ុន្តែ​មិន​អាច​ធ្វើ​ការធ្ងន់បាន​ទេ​ពេល​នេះ ឬ​លើក​របស់​ធ្ងន់ៗ​ក៏​មិន​បាន​ដែរ»។ ពេល​នេះ​លោក​កំពុង​ធ្វើ​ការជា​កម្មករ​ក្នុង​ចម្ការ​អំពៅ​ក្នុង​ប្រទេស​ថៃ​។​

ចន្លោះពី​ឆ្នាំ​១៩៦៥ ដល់​ឆ្នាំ​១៩៧៣ សាកលវិទ្យាល័យ​ Yale បាន​លើកឡើងថា​សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់​បែក​មក​លើ​កម្ពុជា​ច្រើន​ជាង ​២,៧៦​លាន​តោន មិនមែន​២៣០ ៥១៦​តោន នៅ​លើ​​ទី​តាំង​ចំនួន​១១៣ ៧១៦​​ នៅ​ក្នុង​ប្រទេសកម្ពុជា។​

លោក លី ធុច អនុប្រធានទី​១​នៃ​អាជ្ញាធរ​មីន​កម្ពុជា មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Fourteen Die in Mine Accident in 2023, As Japan Donates $1.3 million to Clear Mines

191 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម