អ្នកជំនាញចិញ្ចឹមសត្វ និងគុណភាពសាច់អំពាវនាវឱ្យសាធារណជន ប្រុងប្រយ័ត្នចំពោះសាច់បង្កក ដែលកំពុងនាំចូលច្រើនទាំងខុសច្បាប់ និងស្របច្បាប់អាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ប្រឈមកើតជំងឺថ្លើម និងជំងឺមហារីក ជាដើម។
អ្នកឯកទេសចិញ្ចឹមសត្វកម្ពុជាលោក រស់ ឆាំងគី មានប្រសាសន៍ថា សាច់បង្កកដែលនាំចូលខុស ច្បាប់ដោយឈ្មួញមួយចំនួនអាចប៉ះពាល់សុខភាពធ្ងន់ធ្ងរដោយសារសាច់ទាំងនោះមានទាំងសាច់ជ្រូកឈឺ សាច់ខូចគុណភាព និងមានការប្រើថ្នាំដើម្បីរក្សាសាច់ទុកឱ្យបានយូរជាដើម។
លោក ឆាំងគី បញ្ជាក់ថា៖«សាច់កកដែលនាំចូលដោយខុសច្បាប់អីហ្នឹង អាហ្នឹងយើងអត់បានត្រួតពិនិត្យ ត្រួតអី អាហ្នឹងវាអាចប្រឈមនឹងហានិភ័យ អាចជាជ្រូកដែលឈឺ ឬក៏ងាប់ ខ្លាចគេយកមកបង្កក ដើម្បីយកមកចែកចាយក្នុងស្រុក។ អ៊ីចឹង! នៅពេលដែលបញ្ហាជំងឺជ្រូកទាំងអស់ហ្នឹង យើងខ្លាចក្រែង បារម្ភវាឆ្លងមកដល់សុខភាពរបស់មនុស្សបស់យើងដែរអ៊ីចឹងដែរ។ លោកបន្តថា៖ «ហ្នឹង! គ្រាន់តែជាការព្រួយបារម្ភ ហើយក៏វាមិនគួរក្នុងការទៅបរិភោគសាច់ដែលមានបញ្ហាជ្រូកគេឈឺ ឬក៏ជ្រូកដែលមានបញ្ហាងាប់ ហើយយកមកបង្កក។ បើនិយាយពីអនាម័យវាមិនគួរ ឬក៏មិនត្រូវការនាំចូលប្រភេទសាច់ ប្រភេទហ្នឹង អ៊ីចឹងណា៎»។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក លី ឡាវីល ឱ្យដឹងថា សាច់បង្កក កំពុងនាំចូលទាំងសាច់ជ្រូក សាច់គោ មាន់ និងទា។ លោកបន្តថា សាច់ដែលនាំចូលស្របច្បាប់ និង មានការត្រួតពិនិត្យត្រឹមត្រូវមិនជាបញ្ហាទេ ប៉ុន្តែលោកបារម្ភសាច់ដែលលួចនាំចូលដោយខុសច្បាប់។
លោក ឡាវីល ឱ្យដឹងថា សាច់បង្កកនាំចូលខុសច្បាប់ដែលសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាប បានកន្លងទៅគឺ ទុកដាក់មិនបានត្រឹមត្រូវ ខ្លះស្អុយ និងឡើងពណ៌ខៀវជាដើម។ លោកបន្តថា សាច់ ប្រភេទនេះប៉ះពាល់សុខភាពខ្លាំងដែលពលរដ្ឋមិនគួរបរិភោគ។
លោក ឡាវីល ថ្លែងថា៖«ដឹកតាមឡានតូរីស តាមឡានបែន តាមឡានក្រុងនេះ ដែលក្រសួងកសិកម្ម ចាប់បានតែញយ ដឹកមកសាច់អាឡិអាឡាក់ស្អុយដែលគេយកទៅដុតចោល។ ហ្នឹង! សួរថាចំណេញអ្នកណាគេអាហ្នឹង? មានតែធ្វើបាបប្រជាជនទេ សម្រាប់ប្រជាជនកាន់តែហូបទៅ អត់ដឹងចេះតែទិញៗទៅ ឈឺៗចូលពេទ្យអស់តែលុយដូចគ្នាហ្នឹង»។
អ្នកជំនាញចិញ្ចឹមសត្វ និងគុណភាពសាច់ទាំងនេះឱ្យដឹងទៀតថា សាច់បង្កកនាំចូល អាចមានប្រើប្រាស់សារធាតុគីមីផ្សេងៗរួមទាំងសារធាតុបូរ៉ាក់ (Borax) ដើម្បីរក្សាទុកបានយូរ។
តាមគេហទំព័រហេឡូគ្រូពេទ្យ សារធាតុបូរ៉ាក់គឺជាសារធាតុគីមីម្យ៉ាង ដែលបង្កើតឡើងពីសារធាតុរ៉ែធម្មជាតិឈ្មោះ សូដ្យូមបូរ៉ាត សម្រាប់ប្រើជាសារធាតុសម្អាត គ្រឿងសម្អាង និងថ្នាំសម្លាប់សត្វល្អិត។ អ្នកជំនាញមិនឱ្យប្រើសារធាតុនេះលើចំណីអាហារឡើយ ព្រោះប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
ប្រទេសនៅក្នុងតំបន់អាស៊ានក៏កំពុងបង្កើនការយកចិត្តទុកដាក់លើគុណភាពសាច់បង្កកនេះដែរ។ សារព័ត៌មាន Channel News Asia ចុះផ្សាយថា នៅក្នុងខែឧសភា អាជ្ញាធរសិង្ហបុរីបានរឹបអូសសាច់ បង្កកនាំចូលខុសច្បាប់ជិត៧តោន(៦,៨តោន)ពីប្រទេសថៃ និងមីយ៉ានម៉ា ជាប្រភេទសាច់គោ សាច់ជ្រូក និងសាច់មាន់។ សមត្ថកិច្ចសិង្ហបុរីបាន ស្រាវជ្រាវ និងដាក់ពិន័យតឹងរឹង លើអ្នកពាក់ព័ន្ធ ករណីលួចនាំចូលសាច់បង្កក។
អ្នកនាំពាក្យក្រសួងកសិកម្មលោក ឃឹម ហ្វីណង់ សូមមិនផ្តល់យោបល់លើករណីនេះទេ ដោយលោកមិនទាន់មានព័ត៌មានគ្រប់គ្រាន់។
ប្រធាននាយកដ្ឋានដោះស្រាយវិវាទ និងគោលនយោបាយទូទៅនៃអគ្គនាយកដ្ឋានកាំកុងត្រូលលោក ខួន សាវុទ្ធ មានប្រសាសន៍ថា មន្ត្រីបានត្រួតពិនិត្យ និងទប់ស្កាត់ជា ប្រចាំរាល់ផលិតផល នៅលើទីផ្សារនានានៅទូទាំងប្រទេស ជាពិសេសផលិតផលម្ហូបអាហារ ។ លោកឱ្យដឹងថា រយៈពេល៩ខែឆ្នាំ២០២៣ស្ថាប័នលោកបាន ត្រួតពិនិត្យឃ្លាំង និងមធ្យោបាយដឹក ជញ្ជូនចំនួន ២១៨ ទីតាំងរកឃើញ សាច់បង្កកខូចគុណភាព មានចម្លងមេរោគ ឬជំងឺឆ្លង ផ្ទុកសារធាតុគីមី និងផុតកំណត់រយៈពេលប្រើប្រាស់ជាង១ពាន់តោន(១ ១៧៧តោន)។
លោក ខួន សាវុទ្ធ បានបញ្ជាក់ថា សាច់ទាំងនេះប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព អ្នកប្រើប្រាស់។
លោក ខួន សាវុទ្ធ បន្ថែមថា៖ «ផលិតផលខាងលើ ជាផលិតផលដែលមានប្រភពនាំចូលមកពីបរទេស និង ផលិតផលមួយចំនួនត្រូវបានផលិត និងកែច្នៃនៅក្នុងស្រុក។ ផលិតផលទាំងអស់នេះ អាចប៉ះពាល់ ដល់សុខភាពរបស់អ្នកប្រើប្រាស់ ដូចជាអាចបង្កជំងឺថ្លើម មហារីក ក្រពះ ឬជំងឺផ្សេងទៀត»។
សកម្មភាពនៃការនាំចូលសាច់បង្កកទាំងស្របច្បាប់ និងខុសច្បាប់ទាំងនេះក្រៅពីការប៉ះពាល់ដល់សុខភាព ពលរដ្ឋក៏កំពុងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកប្រកបរបរចិញ្ចឹមសត្វនៅក្នុងប្រទេសដែរ។
លោក លី ឡាវីល បានបន្ថែមថា កសិករចិញ្ចឹមជ្រូកលក្ខណៈគ្រួសារពី២០ទៅ៣០ក្បាលបានផ្អាកការចិញ្ចឹមស្ទើរទាំងស្រុង ដោយសារសាច់នាំចូលលក់ក្នុងតម្លៃទាបធ្វើឱ្យកសិករនៅក្នុងស្រុក ខាតបង់។
អ្នកលក់សាច់ជ្រូកម្នាក់នៅក្នុងរាជធានីភ្នំពេញអ្នកស្រី អ៊ិន សំនៀងឱ្យដឹងថា តម្លៃសាច់ជ្រូក ស្រស់ដែលកាប់ក្នុងស្រុក ក្នុង១គីឡូថ្លៃប្រមាណ២ម៉ឺនរៀល ប៉ុន្តែសាច់បង្កក នោះលក់តែ១ម៉ឺនរៀល តែប៉ុណ្ណោះ។ អ្នកលក់រូបនេះបន្តថា សាច់បង្កកបច្ចុប្បន្ន កំពុងមានការចរាចរច្រើន ពិសេសនៅក្នុងតំបន់ពលរដ្ឋក្រីក្រ ហើយត្រូវការសាច់ក្នុងតម្លៃទាប។
អ្នកស្រី អ៊ិន សំនៀង បញ្ជាក់ថា៖«ដាក់កេះ។ អាហ្នឹងឆ្អឹងជំនីកេះ ជើងកេះ មុខរោងចក្រដាច់ណាស់បងអ្ហើយ រោមជិត។ ភាគតិចណាស់ដែលគេអត់ហូបអាហ្នឹង ភាគច្រើនអ្នករោងចក្រ ឱ្យតែថោក។ វាប៉ះពាល់ៗហើយតែមិនដឹងធ្វើម៉េចទេ»។
អ្នកស្រី សំនៀងថា កន្លងទៅធ្លាប់មានគេបញ្ចុះបញ្ចូលឱ្យអ្នកស្រីទទួលយកសាច់បង្កកនេះលក់ដែរ តែអ្នកស្រីបដិសេធក្នុងការទទួលមកលក់ បើទោះជាវាថោកជាងសាច់ដែលកាប់ក្នុងស្រុកក៏ដោយ។
កសិករចិញ្ចឹមជ្រូកម្នាក់នៅខេត្តកំពង់ឆ្នាំងលោក សុខ សុវណ្ណ ក្នុងរយៈពេល២ឆ្នាំនេះ លោកខាតបង់លើការចិញ្ចឹមជ្រូកអស់ប្រមាណ៣ម៉ឺនដុល្លារ។ លោកថា ពេលនេះ លោកកំពុងរៀបចំលក់ជ្រូកដែលនៅសល់ចេញហើយផ្អាកចិញ្ចឹមសិន។
លោក សុវណ្ណ បញ្ជាក់ថា៖«ចិញ្ចឹមយូរឆ្នាំហើយ ប្រហែលប្រាំមួយប្រាំពីរឆ្នាំហើយ តែគ្រាន់តែ២ឆ្នាំកន្លងមកនេះ យើងអត់ចំណេញ យើងខាត។ ឥឡូវនេះ យើងកំពុងជម្រុះចោល សន្សឹមៗបណ្តើរៗ។ ខាតច្រើន! ខាតមួយក្បាលចូល២០រៀល[ដុល្លារ]អីទៅណា៎ បើសិនតម្លៃជ្រូកនៅ១ម៉ឺន[រៀល]អី អាហ្នឹង! បានទប់ជាប់»។លោកបន្តថា៖ «បើឥឡូវ ជ្រូក[រស់]លេង៧០-៧៥[៧ពាន់រៀលទៅ៧ពាន់៥រយរៀលក្នុង១គីឡូក្រាម]អ៊ីចឹងយើងលក់ម៉េចកើត គិតមើលទៅ! ១គីឡូខុសគ្នាឡើង២ពាន់៥[រយរៀល]ហើយ ហើយចុះជ្រូក១រយគីឡូមិនខុសគ្នា២៥ម៉ឺន[រៀល] និយាយរួមខាតច្រើនម៉ង។ និយាយទៅ អត់មានអីទប់ទេ។ ឥឡូវនេះ ដូចខ្ញុំនិយាយអ៊ីចឹង មានតែបញ្ចេញបណ្តើរៗទៅគ្រាន់យកដើមទៅរកស៊ី ឬយកទៅធ្វើការអីផ្សេង»។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី ជាអ្នកចិញ្ចឹមជ្រូកម្នាក់ថ្លែងថា លោកមានការចម្លែកក្នុងចិត្តដែលមានការ នាំចូលសាច់បង្កកភាគច្រើនជាសាច់ជ្រូកក្នុងកម្រិតទ្រង់ទ្រាយធំក្នុងរយៈពេលចុងក្រោយនេះ។ លោកថា ការនាំចូលសាច់ជ្រូកទ្រង់ទ្រាយធំនេះកំពុងប៉ះពាល់ខ្លាំងដល់អ្នកចិញ្ចឹមជ្រូកខ្នាតតូច និងមធ្យម ចំណែកអ្នកចិញ្ចឹមខ្នាតធំលោកក៏កំពុងប្រឈមដួលរលំដែរ។
ចំពោះគុណភាពសាច់នាំចូលវិញ លោក ម៉ុង ឬទ្ធី អំពាវនាវឱ្យពលរដ្ឋកុំបរិភោគទោះសាច់នោះគេឱ្យ ដោយឥតគិតថ្លៃក៏ដោយ។
លោក ម៉ុង ឬទ្ធី បន្ថែមថា៖«អាវាជញ្ជូនមកមិនមែនកុងតឺណឺទេ ជញ្ជូនមកតាមរថយន្តក្រុង តាមអីឡានតាក់ស៊ីតូចតាចហ្នឹងមក ដូចកណ្តៀពូនអាដែងណែ៎ដំបូកអ៊ីចឹងហ្អា៎។ អ៊ីចឹង! ទៅយើងគ្រប់ទូទាំងប្រទេស គឺមានសាច់បង្កកហ្នឹងហា៎ ហើយយើងមិនត្រូវហូបទាល់តែសោះ។ ខ្ញុំថាប្រជាជនហូបក្តាមហូបកង្កែបប្រសើរជាងអាសាច់បង្កកហ្នឹងឆ្ងាយហ្អា។ គួរតែកុំហូបម៉ង ទោះបីគេឱ្យក៏ដោយ កុំថាតែទិញ គេឱ្យក៏ដោយកុំហូបអត់កើតទេ»។
តាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឱ្យដឹងថាតម្រូវការសាច់នៅកម្ពុជាគិតតែសាច់ជ្រូកក្នុង១ថ្ងៃប្រមាណ១ម៉ឺនក្បាលស្មើប្រមាណ១ពាន់តោន។ សមាគមនេះបន្តទៀតថា សាច់បង្កកនាំចូលចំនួនច្រើន តាំងពីខែកញ្ញាឆ្នាំ២០២២ ដែលភាគច្រើននាំចូលពីវៀតណាម ថៃ និងនាំចូលតាមច្រកកំពង់ផែ ខេត្តព្រះសីហនុ។
មាត្រា១១២ នៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ចែងថា ត្រូវរងពិន័យអន្តរការណ៍ ជាប្រាក់៧លានរៀល ចំពោះបុគ្គលណាដែលធ្វើពាណិជ្ជកម្ម និងអាជីវកម្មសត្វ ប្រព្រឹត្តអំពើ បោះបង់ចោល លែងចោល ពិឃាតយកសាច់ធ្វើជាអាហារ ដើម្បីយកផលិតផលធ្វើជាអាហារ លក់ដូរ កែច្នៃ ឬចែកចាយដល់សាធារណជន ឬធ្វើចរាចរណ៍សត្វ ឬផលិតផលសត្វដែលមានជំងឺ ឬសង្ស័យថា ឆ្លងជំងឺវិញ្ញត្តិ និងរងពិន័យអន្តរការណ៍ដូចគ្នាដែរ ចំពោះការលក់ដុំ ឬលក់រាយ នូវសាច់សត្វ ឬផលិតផលសត្វដែលផ្ទុកសំណល់សារធាតុគីមីលើសកម្រិតបមាណីយ។
មាត្រា១១៥ នៃច្បាប់ដដែលនេះក៏បានចែងផងដែរថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងត្រូវពិន័យជាប្រាប់ចំនួន១០លានរៀលទៅ៥០លានរៀល ចំពោះបុគ្គលណាដែលប្រព្រឹត្តអំពើ នាំចូលដោយចេតនានូវសត្វ ឬផលិតផលសត្វដែលដែលមានជំងឺឆ្លង ឬផ្ទុកមេរោគបង្កជំងឺ ខូចគុណភាព ឬបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ មកក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងកម្មវិធីនយោបាយអាទិភាពទាំង៦នៃយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិទី៧ដែលត្រូវអនុវត្តចាប់ពីឆ្នាំ២០២៣ ក៏បានចែងពីការយកចិត្តទុកដាក់ដោះស្រាយបញ្ហាទាំងនេះដែរ គឺកម្មវិធីទី១និយាយពីការថែទាំសុខភាពពលរដ្ឋ ចំណែកកម្មវិធីទី៥ និងទី៦ និយាយអំពី ការពង្រឹងគុណភាពកសិកម្មនៅក្នុងប្រទេសដើម្បីលើកស្ទួយជីវភាពកសិករ៕