កម្មករប្រមាណ ១០០០នាក់មកពីរោងចក្រកាត់ដេរ Y&W Garment នៅក្នុងទីក្រុងភ្នំពេញដែលមានម្ចាស់ជាជនជាតិចិន បន្តបិទផ្លូវដើម្បីតវ៉ាទាមទារឱ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្ដល់«សំណងជំងឺចិត្ត» បន្ថែមពីលើសំណង ដោយមើលឃើញថាម្ចាស់រោងចក្របានរត់គេចខ្លួនបាត់ ។
ស្របពេលជាមួយគ្នានេះដែរ រោងចក្រ R.G Footwear មានទីតាំងនៅក្នុងខេត្តកណ្ដាល ដែលត្រូវបានបំផ្លិចបំផ្លាញដោយអគ្គិភ័យ បានប្រកាសក្ស័យធន ដោយបណ្ដាលឱ្យអនាគតរបស់កម្មករ២២០៥នាក់ស្ថិតក្នុងភាពមិនច្បាស់លាស់ ។
នៅក្នុងខែមីនា ឆ្នាំ២០២៤ រោងចក្រចំនួន២បានបិទទ្វារបណ្ដាលឱ្យកម្មករជាង ៧០៥៤នាក់ជួបប្រទះការលំបាក ខណៈដែលពួកគេរង់ចាំព័ត៌មានថ្មីអំពីការងារនិងសំណងរបស់ពួកគេ បើទោះបីជាមានកិច្ចអន្តរាគមន៍ពីក្រសួង និងការបញ្ជាក់ពីម្ចាស់រោងចក្រក្ដី ។
នៅក្នុងលិខិតមួយដែល ខេមបូចា បានមើល នាយករោងចក្រ Y&W លោក Yuen Po Fia បានជូនដំណឹងទៅផ្នែករដ្ឋបាលកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ថា ក្រុមហ៊ុននឹងលែងដំណើរការទៀតហើយ ដោយសារតែ«ខ្លួនជំពាក់បំណុល និងពុំមានអ្នកបញ្ជាទិញ» ។
លិខិតជូនដំណឹងនោះបានសរសេរថា៖ «ជំនួសមុខឱ្យក្រុមហ៊ុន Y&W Garment Co., Ltd. ខ្ញុំមានការសោកស្ដាយក្នុងការជូនដំណឹងថា Y&W មិនអាចដំណើរការរោងចក្របានទៀតទេ ដោយសារតែគ្មានការបញ្ជាទិញពីអ្នកទិញនិងអតិថិជន ហើយក្រុមហ៊ុនកំពុងជាប់បំណុល» ។ លិខិតដដែលក៏បានទទូចសុំឱ្យក្រុមហ៊ុនមានការយោគយល់ ដើម្បី«បិទអាជីវកម្ម» ។
បន្ទាប់ពីម្ចាស់រោងចក្រគេចខ្លួនបាត់ កម្មករបាននាំគ្នាដើរទៅក្រសួងការងារកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីព្រោះម្ចាស់រោងចក្រមិនបានបើកប្រាក់ខែនិងប្រាក់អត្ថប្រយោជន៍ឱ្យពួកគេចាប់តាំងពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤មក ដែលជាការរំលោភច្បាប់ការងារ ។
បន្ទាប់ពីមានការស្នើសុំដីកាសម្រេចរក្សាការពារកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្រសួងបានប្រកាសនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ថា សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចរក្សាការពាររឹបអូសទ្រព្យសម្បត្តិរោងចក្រដើម្បីផ្ដល់សំណងដល់កម្មករទាំង ៤៨៤៩នាក់ ។
ទោះបីមានការជូនដំណឹងពីដំណោះស្រាយនិងការកំណត់កាលបរិច្ឆេទសងសំណងពីក្រសួង កម្មករជាច្រើនរយនាក់បានបន្តធ្វើការតវ៉ានៅចំណុចភ្លើងស្តុប បាគូ នៅក្នុងខណ្ឌដង្កោ ដោយអំពាវនាវឱ្យមានការផ្ដល់សំណងក្នុងទម្រង់ជា«សំណងជំងឺចិត្ត» ដោយសារតែនិយោជករបស់ពួកគេបានរត់គេចខ្លួន ។
កម្មការិនី ហ៊ុន ផាណា អាយុ ៤៣ឆ្នាំ ដែលបានធ្វើការនៅក្នុងរោងចក្រ Y&W អស់រយៈពេល ១២ឆ្នាំមកហើយ បានប្រាប់ ខេមបូចា ថា អ្នកស្រីបានចូលរួមក្នុងការតវ៉ាដោយសារតែក្រសួងផ្ដល់សំណងដល់ពួកគេដោយផ្អែកតែលើ ៤ចំណុច ដោយមិនមានសំណងជំងឺចិត្ត ។
អ្នកស្រី ផាណា បាននិយាយថា សំណងជំងឺចិត្តសំខាន់ណាស់ចំពោះកម្មករដែលបានធ្វើការងាររយៈពេលវែងជាមួយក្រុមហ៊ុន ។ អ្នកស្រីនិយាយថា៖ «ដូចក្នុងករណីនេះអ៊ីចឹង ម្ចាស់រោងចក្ររត់គេចខ្លួន ដូច្នេះ ខ្ញុំគួរតែទទួលបានសំណងជំងឺចិត្ត ដោយគណនាចំនួនទឹកប្រាក់ទៅតាមចំនួនឆ្នាំដែលខ្ញុំបានធ្វើការ» ។
អ្នកស្រី ផាណា បាននិយាយថា អ្នកស្រីប្រឈមមុខនឹងបន្ទុកហិរញ្ញវត្ថុធ្ងន់ធ្ងរបន្ទាប់ពីរោងចក្រក្ស័យធន ដោយសារអ្នកស្រីត្រូវបង់ថ្លៃសាលាកូន សងបំណុល និងរ៉ាប់រងថ្លៃចំណាយប្រចាំថ្ងៃ ។
អ្នកស្រី ផាណា បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំត្រូវចំណាយច្រើនចាប់តាំងពីពេលដែលម្ចាស់រោងចក្ររត់គេចខ្លួនមក ។ វាកាន់តែលំបាក ។ វាមិនត្រឹមត្រូវទេដែលក្រសួងផ្ដល់ឱ្យអត្ថប្រយោជន៍តែបួនចំណុច ។ ប្រសិនបើយើងមិនអាចបានសំណងជំងឺចិត្ត ១០០% យើងគួរតែបានយ៉ាងហោចណាស់ ៥០% ដែរ ។ ពួកគេគួរតែដោះស្រាយ» ។
អ្នកស្រីបានបន្តថា ទោះបីកម្មករបានបិទផ្លូវជាច្រើនថ្ងៃមកហើយក្ដី ប៉ុន្តែ ពុំមានការបង្ក្រាបពីអាជ្ញាធរទេ ។ ប៉ុន្តែ អ្នកស្រីសង្ឃឹមថា ក្រសួងនឹងពិចារណាគ្រប់ចំណុចដែលកម្មករបានស្នើសុំ ។
ឆ្លើយតបទៅនឹងការទាមទាររបស់កម្មកររោងចក្រ Y&W ដែលបន្តជួបជុំគ្នានិងបិទផ្លូវ អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន បានស្នើសុំឱ្យសហជីពនិងកម្មករដោះស្រាយបញ្ហានេះទៅតាមច្បាប់ការងារ ។ លោកបានសង្កត់ធ្ងន់ថា ពុំមានអ្វីដែលជា«សំណងជំងឺចិត្ត»ឡើយ នៅពេលដែលក្រុមហ៊ុនក្ស័យធន ។
លោក អ៊ន បានប្រាប់ ខេមបូចា ថា៖ «យើងគោរពតាមច្បាប់ការងារ ។ ច្បាប់ពុំមានចែងអំពីសំណងជំងឺចិត្តទេ នៅពេលដែល[ក្រុមហ៊ុន]ក្ស័យធន» ។
កម្មករមួយរូបទៀតដែលបានធ្វើការនៅរោងចក្រ Y&W រយៈពេល ៥ឆ្នាំ អ្នកនាង ជា ដា អាយុ ៣០ឆ្នាំ បាននិយាយថា តាមអ្វីដែលអ្នកនាងយល់ ក្រសួងគួរតែស៊ើបអង្កេតថាតើហេតុដូចម្ដេចបានជាក្រុមហ៊ុនក្ស័យធន ទោះបីក្នុងករណីនេះ ម្ចាស់បានរត់គេចពីការទទួលខុសត្រូវក្ដី ។
អ្នកនាង ដា បាននិយាយថា៖ «អ្វីដែលខ្ញុំយល់ គឺយើងបានទាមទារ៥ចំណុច ប៉ុន្តែ ក្រសួងយល់ព្រមតែ ៤ចំណុចទេ ហើយមិនមានចំណុច«សំណងជំងឺចិត្ត»ដែលជាចំណុចដ៏សំខាន់ទៀត ។ ម្ចាស់រោងចក្របានរត់គេចខ្លួន ដូច្នេះយើងគួរតែទទួលបានសំណងជំងឺចិត្ត» ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយពីក្រសួងការងារ កម្មករត្រូវបានស្នើសុំឱ្យរក្សាភាពស្ងប់ស្ងៀម កុំចូលរួមនៅក្នុងសកម្មភាពណាមួយដែលអាចប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ឬប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ និងឯកជន ។ កម្មករនឹងទទួលបានប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ដទៃទៀត នៅឯសាលាខណ្ឌដង្កោ នៅថ្ងៃទី២៣ ខែមីនា ។
សេចក្ដីថ្លែងការណ៍ដដែល បានសរសេរថា៖ «ក្រសួងមានមូលនិធិគ្រប់គ្រាន់ពីនីតិវិធីលទ្ធកម្មដើម្បីទូទាត់សងទៅឱ្យកម្មករគ្រប់រូប និងប្ដេជ្ញាចិត្តការពារផលប្រយោជន៍ស្របច្បាប់របស់កម្មករ» ។
លោក ឃុន ថារ៉ូ នាយកកម្មវិធីនៃអង្គការ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL) បាននិយាយថា អង្គការកំពុងផ្ទៀងផ្ទាត់ដោយផ្ទាល់ទៅលើទំនាក់ទំនងរបស់ Y&W ជាមួយអតិថិជន ដែលធ្លាប់បញ្ជាទិញពីរោងចក្រនេះ ដូចជា ក្រុមហ៊ុន Nike ជាដើម ។
លោកបានលើកឡើងថា ទោះបីតុលាការចេញដីកាសម្រេចរក្សាការពារឱ្យរឹបអូសទ្រព្យសម្បត្តិរោងចក្រដើម្បីលក់ក្ដី «ពុំមានអ្នកណាម្នាក់ដឹងថា ប្រាក់ចំណូលសរុបពីការលក់នោះបានប៉ុន្មាននោះឡើយ ។»
លោកបាននិយាយថា៖ «ចំនួនសរុបនោះនឹងអាចឱ្យយើងដឹងថា ការសងប្រាក់នោះគ្រប់គ្រាន់ឬអត់ ។ យើងកំពុងតាមដានមើលថាតើកម្មករនឹងត្រូវបើកប្រាក់ឈ្នួលឱ្យឬអត់នៅថ្ងៃសៅរ៍នេះ ដើម្បីឱ្យអ្នកទិញត្រូវគេមើលឃើញច្បាស់ថា ពិតជាបំពេញកាតព្វកិច្ចរបស់ខ្លួនស្របទៅតាមគោលការណ៍ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម» ។
ពាក់ព័ន្ធនឹងការទាមទារសំណងជំងឺចិត្តរបស់កម្មករ លោក ថារ៉ូ បានពន្យល់ថា ច្បាប់ការងារចែងថា វាស្មើនឹង«សំណងជួសការជូនដំណឹង» ។
ដូច្នេះ ប្រសិនបើកម្មករម្នាក់មានកិច្ចសន្យាការងារដែលមានថិរវេលាមិនកំណត់ សំណងដែលពួកគេទទួលបានគឺអាស្រ័យទៅតាមចំនួននៃឆ្នាំដែលកម្មករនោះបានបម្រើការងារ ។ លោក ថារ៉ូ មិនយល់ស្របនឹងក្រសួងទេ ដែលនិយាយថា កម្មករមិនអាចទទួលបានសំណងជំងឺចិត្តនោះ ។ កម្មករមិនអាចទទួលបានសំណងជំងឺចិត្តទេដោយសារតែភាពក្ស័យធននោះ ។ លោកបានថ្លែងថា៖ «ខ្ញុំមិនគិតថា ការអះអាងរបស់[ក្រសួង]បែបនេះត្រឹមត្រូវនោះទេ អ្វីដែលក្រសួងបានប្រកាស គឺជាការបកស្រាយដាច់ដោយឡែកផ្សេងមួយ» ។
ជាមួយគ្នានេះដែរ រោងចក្រ R.G Footwear ដែលជាបុត្តសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Li Yuen Footwear (Holding) Co., Ltd. ដែលបានចេញសេចក្ដីថ្លែងការណ៍ទៅកាន់កម្មករកាលពីថ្ងៃទី២២ ខែមីនា នៅក្រោយឧបទ្ទវហេតុអគ្គិភ័យ បាននិយាយថា ពួកគេ«កំពុងស្ថិតក្នុងវិបត្តិដ៏ធ្ងន់ធ្ងរបំផុត» ។ ពួកគេ«មិនអាចស្ដារស្ថានភាពបានទេ ដូច្នេះ ក្រុមហ៊ុនក្ស័យធនហើយ» ។
នៅរោងចក្រ R.G Footwear មានកម្មករ ២២០៥នាក់ដែលកំពុងធ្វើការនៅទីនោះ ។ នៅក្នុងសេចក្ដីថ្លែងការណ៍ រោងចក្របាននិយាយថា នៅថ្ងៃទី២២ ខែមីនា រោងចក្របានផ្ដល់សំណងអត្ថប្រយោជន៍ ៥% ដល់កម្មករចំនួន ៩១៨នាក់ ។ ក្រុមហ៊ុននឹងបើកប្រាក់ឈ្នួលឱ្យកម្មករមិនឱ្យលើសថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ទេ ។
រោងចក្របាននិយាយថា៖ «ក្រុមហ៊ុនកំពុងរិះរកវិធីដើម្បីបើកប្រាក់ឈ្នួលឱ្យកម្មករ ដូច្នេះ កម្មករមិនត្រូវបារម្ភអំពីប្រាក់ឈ្នួលឡើយ» ។
រោងចក្រ R.G Footwear ផលិតស្បែកជើងឱ្យក្រុមហ៊ុន Brunt Footwear នៅសហរដ្ឋអាមេរិក និង Puma នៅអាល្លឺម៉ង់ ។ បន្ទាប់ពីដឹងពីដំណឹងប្រកាសក្ស័យធនរបស់ R.G Footwear កម្មករ គង់ សោភា បានប្រាប់ ខេមបូចា ថា កម្មករ ៥០០នាក់បានផ្ដិតមេដៃនៅលើលិខិតមួយដាក់ជូនទៅក្រសួង កាលពីថ្ងៃសៅរ៍ ព្រមទាំងទៅកាន់ក្រុមហ៊ុនមេ និងអ្នកទិញ ។
អ្នកនាង សោភា បាននិយាយថា កម្មករព្រួយបារម្ភអំពីអត្ថប្រយោជន៍របស់ពួកគេ និងមិនយល់ស្របនឹងការអះអាងក្ស័យធនរបស់ក្រុមហ៊ុនឡើយ ។ សោភា បាននិយាយថា៖ «តើអាចក្ស័យធនដូចម្ដេច? សាខាផ្សេងៗទៀតរបស់រោងចក្រនៅកំពុងដំណើរការធម្មតា ។ [វាអាចក្ស័យធនទៅកើត] លុះត្រាតែគ្រប់សាខាទាំងអស់ក្ស័យធនដែរ» ។
R.G Footwear ពុំបានផ្ដល់សំណងដល់កម្មករគ្រប់រូបនោះទេ ដោយពួកគេបានផ្ទេរកម្មករខ្លះទៅធ្វើការនៅតាមរោងចក្រសាខារបស់ខ្លួន ។ ប៉ុន្តែ សោភា បានទទូចថា រោងចក្រត្រូវផ្ដល់ដំណោះស្រាយមួយចំពោះបញ្ហាប្រាក់ឈ្នួលរបស់ពួកគេដោយផ្អែកទៅតាមច្បាប់ការងារ ។
អ្នកនាង សោភា បាននិយាយថា៖ «រោងចក្រគណនាត្រឹមតែ ១៨ថ្ងៃ និងគ្មានប្រាក់ឈ្នួលប្រចាំឆ្នាំ ទោះបីយើងធ្វើការនៅទីនេះជាច្រើនឆ្នាំមកហើយក្ដី ។ ខ្ញុំចង់ឱ្យ[រោងចក្រ]គោរព[កិច្ចសន្យាការងាររបស់យើង] និងដោះស្រាយ[បញ្ហា]ដោយផ្អែកលើច្បាប់របស់យើង» ។
ពាក់ព័ន្ធនឹងរោងចក្រ R.G Footwear ដែលបានប្រកាសដោយខ្លួនឯងថាក្ស័យធន អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ថ្លែងថា មានតែតុលាការទេទើបអាចប្រកាសថាក្រុមហ៊ុនណាមួយក្ស័យធនបាន មិនមែនរដ្ឋបាលទេ ។
លោកបានចែករំលែកយ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនណាក៏ដោយ ឬម្ចាស់ភាគហ៊ុនណាក៏ដោយ អាចដាក់ពាក្យប្រកាសក្ស័យធនបាន និង[ទុកឱ្យ]តុលាការសម្រេចជាផ្លូវការ» ។ លោកថា មានតែតុលាការសម្រេចរួច ទើបក្រុមហ៊ុនអាចប្រកាសក្ស័យធនបាន ។
ក្នុងករណីនេះ លោក អ៊ន បាននិយាយថា ក្រុមហ៊ុនបានទទួលខុសត្រូវចំពោះស្ថានការណ៍នេះ ដោយខ្លួនបាននិយាយថា ប្រាក់ឈ្នួលប្រចាំឆ្នាំនឹងត្រូវបើកឱ្យកម្មករមិនឱ្យលើសថ្ងៃទី១០ ខែមេសា ទេ ដូច្នេះ វានឹងមិនបង្កផលប៉ះពាល់ទៅលើកម្មករទេ ។
លោកមិនបានបញ្ជាក់ពីចំនួនកម្មករដែលបានទទួលការងារថ្មីនោះទេ ប៉ុន្តែ លោកបានថ្លែងថា ក្រសួងបានបញ្ជូនទីភ្នាក់ងារជាតិមុខរបរ (NEA) ដើម្បីផ្ដល់ឱកាសការងារថ្មីដល់កម្មករហើយ ។
ស្របពេលជាមួយគ្នានេះ លោក ថារ៉ូ បានទទួលស្គាល់ថា រោងចក្រ R.G Footwear បានបាត់បង់ទ្រព្យសម្បត្តិមួយភាគធំដោយសារគ្រោះអគ្គិភ័យ ប៉ុន្តែ និយោជកមិនអាចប្រើបាស់លេសក្ស័យធនដើម្បីគេចវេះពីការសងសំណងដល់កម្មករបានឡើយ ។
លោកបាននិយាយថា៖ «អាជ្ញាធរក៏គួរតែស៊ើបអង្កេតដែរ ដើម្បីបញ្ជាក់ថាតើរោងចក្រនោះពិតជាក្ស័យធនមែន ឬអត់ ពីព្រោះម្ចាស់នៅមានរោងចក្រផ្សេងទៀតនៅឡើយ» ។
ប្រសិនបើភាគហ៊ុនិកមិនអាចដោះស្រាយបញ្ហានេះតាមរយៈការស៊ើបអង្កេតទេ លោកបារម្ភថា នៅពេលអនាគត រោងចក្រផ្សេងទៀតអាចនឹងប្រើប្រាស់យុទ្ធសាស្ត្រស្រដៀងគ្នានេះ ដើម្បីគេចវេះពីការសងសំណងអត្ថប្រយោជន៍ដល់កម្មករ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស Y&W Workers’ Protest Persist Despite Compensation, R.G Footwear Declares Bankruptcy After Fire