សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរខណ្ឌព្រែកព្នៅបញ្ជាឲ្យសហគមន៍បឹងតាមោករុះរើលំនៅដ្ឋាន ដើម្បីជីកប្រឡាយមេរំដោះទឹក

ទិដ្ឋភាពនៅខាងក្រោយផ្ទះរបស់ប្រជាសហគមន៍បឹងតាមោក និងជាទីតាំងដែលនឹងត្រូវអនុវត្តគម្រោងអភិវឌ្ឍន៍ប្រឡាយមេរំដោះទឹក។ (រូបភាព៖ ផ្ដល់ឲ្យ)
ទិដ្ឋភាពនៅខាងក្រោយផ្ទះរបស់ប្រជាសហគមន៍បឹងតាមោក និងជាទីតាំងដែលនឹងត្រូវអនុវត្តគម្រោងអភិវឌ្ឍន៍ប្រឡាយមេរំដោះទឹក។ (រូបភាព៖ ផ្ដល់ឲ្យ)

ប្រជា​ពល​រដ្ឋ​រស់​នៅ​តំបន់​បឹង​តាមោក​បាន​ចាត់ទុក​​ថា​សេចក្ដី​ជូន​ដំណឹង​របស់​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ គឺ​ជា​ការ​គំរាម​កំហែង ខណៈដែល​ពួកគាត់​​ត្រូវ​អាជ្ញាធរជូន​ដំណឹង​ឲ្យ​រុះរើផ្ទះ​ តូប និង​កន្លែង​ចិញ្ចឹមត្រី ភ្លាមៗ​ដើម្បី​​យក​ទីតាំង​កសាង​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​មេរំដោះទឹក​។​

បើ​តាម​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤ និង​បាន​ដល់​ដៃ​សហគមន៍នៅ​រសៀល​ថ្ងៃអង្គារ បាន​ឲ្យ​ដឹង​ថា​រដ្ឋបាល​ខណ្ឌ​នឹង​ចាប់​ផ្ដើម​អនុវត្ត​គម្រោង​ប្រឡាយ​មេរំដោះទឹកក្នុងបឹងតាមោក​របស់​រដ្ឋបាល​សាលារាជធានីភ្នំពេញ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទឹក​ជំនន់​នៅ​ផ្នែក​ខាង​លិច​ផ្លូវ​១៥១​ រហូតដល់​ប្រឡាយ​ព្រែក​ព្នៅ​។​

សេចក្ដីជូន​ដំណឹង​សរសេរថា៖ «​ក្នុងពេលឆាប់ៗខាងមុខនេះ រដ្ឋបាលខណ្ឌនឹងដំណើរការជីកកាយប្រឡាយបន្ត ដោយមិនទទួលខុសត្រូវលើការខូចខាត បាត់បង់ទ្រព្យសម្បត្តិឬសម្ភារៈរបស់បងប្អូនឡើយ»។ 

សេចក្ដី​ជូន​ដំណឹង​សរសេរ​ទៀត​ថា​ទី​តាំង​ដី​ដែល​ប្រជា​ពល​រដ្ឋ​បឹង​តាមោក​កំពុង​រស់​នៅ​គឺ​ជា​ដី​របស់​រដ្ឋ និង​បាន​ជំរុញ​ឲ្យ​ប្រជា​ពល​រដ្ឋ​សហការ​ជាមួយ​អាជ្ញាធរ​។​

អ្នកស្រី ស៊ា ដាវី​ ប្រជា​សហគមន៍​បឹង​តាមោក មាន​ប្រសាសន៍​ថា​អ្នកស្រី និង​សហគមន៍​ផ្សេង​ទៀត​ជំទាស់​ទៅ​នឹង​សេចក្ដីជូន​ដំណឹង​របស់​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ដោយថា​លិខិត​នោះ​មិន​បាន​ជូន​ដំណឹង​ជា​មុន ឬ​បាន​សិក្សា​ពី​ផល​ប៉ះ​ពាល់​មក​លើ​ហសគមន៍​អ្នកស្រី​ឡើយ​។​

អ្នកស្រី​យល់ឃើញ​ថា​នេះជា​ការ​គំរាម​កំហែង និង​បំពាន​សិទ្ធិ​របស់​ពួក​គាត់​ក្នុង​ការ​រស់​នៅ​លើ​ដី​នោះ ព្រោះ​ថា​ដី​ដែល​ពួក​គាត់​កំពុង​រស់​នៅ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ភូមិ និង​សង្កាត់​។​

អ្នកស្រី​បន្ត​ថា៖ «សេចក្ដីជូនដំណឹងនេះវារំលោភបំពានសិទ្ធិប្រជាពលរដ្ឋ និងជិះជាន់ប្រជាពលរដ្ឋខ្លាំង ទាំងដែលប្រជាពលរដ្ឋដែលមានសិទ្ធិការពារដោយរដ្ឋធម្មនុញ្ញ និងសូម្បីតែចែងក្នុងច្បាប់ភូមិបាលក៏ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងការកាន់កាប់ដីធ្លី ហើយពួកយើងក៏មានប្លង់ភូមិឃុំទទួលស្គាល់»។  ដោយបន្ថែមថា៖ «ដូច្នេះខ្ញុំចង់សួរថា ពួកគាត់យកច្បាប់ព្រៃឬក៏ច្បាប់អីមកអនុវត្ត ព្រោះនៅតែមិនទាន់មានដំណោះស្រាយដល់ប្រជាពលរដ្ឋនៅឡើយ»

​បើ​សិន​ជា​អាជ្ញាធរ​ចាប់​ផ្ដើម​សាងសង់​ប្រឡាយ​មែន អ្នកស្រី​ថា  ប្រជា​ពល​រដ្ឋ​ជាង​១០០​គ្រួសារ​នឹង​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ ដោយ​អ្នក​ទាំង​នោះ​ពឹង​ផ្អែក​លើ​បឹង​ជា​កន្លែង​រស់​នៅ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​។​

អ្នកស្រី​ឲ្យ​ដឹ​ងថា៖ «យើង​ទាំង​អស់​គ្នា​ព្រួយ​បារម្ភ​ណាស់ ពីព្រោះ​ដី​របស់​ពួក​យើង [បឹង​តាមោក] កន្លែង​ដែល​យើង​​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​រក​ការ​បំផ្លាញ​ស្រេច​ទៅ​ហើយ»។​ អ្នកស្រី​ត្អូញត្អែរ និង​ចែក​រំលែក​ទុក្ខលំបាក​ថា មាន​តែ​ម្ដុំ​ទី​តាំង​ផ្ទះ​ប៉ុណ្ណោះ​ដែល​នៅ​សេស​សល់។ អ្នកស្រី​ថា៖ «​វា​ជា​ដី​ដែល​នៅ​សល់​ចុង​ក្រោយ​ហើយ​សម្រាប់​ប្រជាពល​រដ្ឋ​ក្នុង​សហគមន៍​សំរោង​ត្បូង»។​

អ្នកស្រី ដាវី ឲ្យ​ដឹង​ដែរថាបើសិនជា​រដ្ឋាភិបាល​មិន​ជួយ​ពួក​គាត់ទាន់​ពេល​វេលា​ទេ អាជ្ញាធរ​សង្កាត់ និង​ខណ្ឌ នឹង​ចាប់​​ផ្ដើម​ជីក​ប្រឡាយ​ដែល​នឹង «សម្លាប់​ពួក​យើង​ទាំងអស់គ្នា»។​

ប្រជាពល​រដ្ឋ​ម្នាក់​ទៀត គឺ​អ្នកស្រី សឿន ស្រីសុទ្ធ បាន​បង្ហាញ​ការ​ខឹង​សម្បារទៅ​នឹង​​សេចក្ដី​ជូន​ដំណឹង​របស់​អាជ្ញាធរខណ្ឌ​ដោយ​ថា «ជាការ​បំពាន​យ៉ាងធ្ងន់ធ្ងរ»។​ អ្នកស្រី​អះអាង​ថា​ពួក​គាត់ «​​បាន​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជា​បន្ត​បន្ទាប់» ​ពី​អាជ្ញាធរ ដែល​ «ស្ងាត់ៗ» ប្រាប់​​ឲ្យ​អ្នកស្រី​រុះរើ​ផ្ទះ​។​

​យ៉ាងណា អ្នកស្រី​សំណូម​ពរ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ពិចារណា​ផ្ដល់​សំណង​ដល់​ពួក​អ្នកស្រី​ដោយ​ផ្អែក​លើ​តម្លៃ​ទីផ្សារ ដូច​នេះទើប​ពួក​គាត់​មិន​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ។​

អ្នកស្រី​បន្ត​ថា បើ​សិន​ជា​មិន​មាន​ដំណោះ​ស្រាយ ប្រជា​សហគមន៍​នឹង​បន្ត​ប្រឆាំង​នឹង​គម្រោង​នេះ​រហូត​បាន​ដំណោះស្រាយ ព្រោះ​ពួកគេ​មិន​មាន​កន្លែង​ណា​ផ្សេង​សម្រាប់​រស់នៅ ក្រៅពី​កន្លែង​មួយនេះ។ អ្នកស្រី​ថា បឹង​តាមោក​ជា​ផ្ទះ​របស់​ប្រជា​សហគមន៍​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​

អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា៖«បើសិនជាពួកគាត់នៅតែរំលោភបំពានសិទ្ធិពលរដ្ឋ គាត់នៅតែធ្វើទង្វើហិង្សាមកដាក់ពលរដ្ឋ ក៏ពលរដ្ឋមិនអាចទ្រាំទ្រនឹងទង្វើរបស់ពួកគាត់បានដែរ។ ដូច្នេះពួកខ្ញុំនឹងប្ដូរដោយជីវិតរបស់ពួកខ្ញុំ»

​អភិបាល​ខណ្ឌ​ព្រែកព្នៅ លោក ធឹម សំអាន បដិសេធធ្វើអត្ថាធិប្បាយ និង​បាន​បិទទូរសព្ទ​ពេល​បាន​ឮសំណួរទី​មួយ​របស់​អ្នកសារព័ត៌មាន​ខេមបូចា។ ចំណែក អភិបាល​រាជធានីភ្នំពេញ​ លោក ឃួង ស្រេង ថា​លោក​កំពុង​ជាប់​រវល់ និង​បាន​បិទទូរសព្ទ​។​

លោក​ អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ ជឿ​ថា​ការ​បង្ខំ​ឲ្យ​រុះរើ​ផ្ទះ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជា​សហគមន៍​រស់​នៅតំបន់​​បឹង​តាមោក​នឹង​កាន់​តែ​មាន​ការ​លំបាក ដោយថា​កាល​ពី​ពេល​កន្លង​មក​អ្នក​ភូមិ​មួយ​ចំនួន​ក៏​ជាប់​បណ្ដឹង​តុលាការ​ទាក់​ទង​នឹង​រឿង​ការពារ​ដី​ធ្លី​នេះ​ដែរ។​ ដូច​នេះ​លោក​ថា​បើ​សិន​ជា​មាន​រឿង​កើត​ឡើង​ម្ដង​ទៀត ប្រ​ជា​សហគមន៍​ទាំង​នោះ​នឹង​រង​ផល​ប៉ះពាល់ខ្លាំង​​ដល់ជីវភាព​។​

លោក​បន្តថា៖ «យើងនៅតែទទូចឱ្យអាជ្ញាធរលោកពិនិត្យពិចារណាក្នុងការស្វែងរកដំណោះស្រាយឱ្យបានល្អ ពីព្រោះយើងឃើញថានៅតំបន់បឹងតាមោកនេះ រាជរដ្ឋាភិបាល លោកបានកាត់ឆ្វៀលដីទៅដល់ក្រុមហ៊ុន និងឯកជនច្រើនដែរ»។

លោក​បន្ថែម​ថា៖ «​ដូច្នេះ បើសិនជាអាជ្ញាធរលោកពិនិត្យនិងស្រាវជ្រាវទៅលើប្រវត្តិកាន់កាប់ដីរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានជាក់លាក់ ហើយបើសិនជាពួកគាត់រស់នៅយូរហើយគួរតែពិនិត្យនិងពិចារណាផ្ដល់ជាកម្មសិទ្ធិ[ដីធ្លី]សម្រាប់ពួកគាត់ផងដែរ»

យ៉ាងណា លោក​ឲ្យ​ដឹង​ទៀត​ថា បើ​សិន​ជា​ដី​របស់​ប្រជា​សហគមន៍​នៅ​បន្ត​មាន​ជម្លោះ វា​នឹង​ធ្វើ​ឲ្យ​មាន​រូប​ភាព​អវិជ្ជមាន​ដល់​រដ្ឋាភិបាល​ថ្មី និង​នាំ​ឲ្យ​មាន​ការ​រិះគន់​កាន់​តែ​ច្រើន​ទាក់​ទង​នឹង​សិទ្ធិ​ដីធ្លី និងការ​បំពាន​សិទ្ធិមនុស្ស ដែល​នាំ​ឲ្យ​មាន​រូបភាព​មិន​ល្អ​ដល់​កម្ពុជា​។​

នាយក​ប្រតិបត្តិ​នៃអង្គការសមាគមធាងត្នោត លោក សឿង សារ៉ន កន្លង​មក​ធ្លាប់​លើក​ឡើង​ថាប្រជា​សហគមន៍​នៅ​បឹង​តាមោក​បាន​រស់​នៅ​ទី​នោះ​តាំង​ពី​ឆ្នាំ​១៩៩៦ ហើយ​មិន​គួរ​ចោទ​ប្រកាន់​ពួកគាត់​ថា​រស់​នៅ​ខុសច្បាប់​នោះទេ​។ លោក​កត់​សម្គាល់ថា​ដី​របស់​សហគមន៍​គឺ​នៅ​ក្រៅ​ព្រំ​ប្រទល់​របស់​បឹង​ដែល​បាន​គូស​វាស​កាលពី​ឆ្នាំ​២០១៦​ដោយ​អនុក្រឹត្យ​ និង​ថា​វា​នឹង​​មិន​ប៉ះពាល់​ដល់​ការ​ពង្រីក​ផ្លូវ​នៅ​ក្បែរ​ផ្ទះ​ប្រជាពល​រដ្ឋ​នោះ​ដែរ។​

កាល​ពី​ខែ​ធ្នូ ឆ្នាំ២០២៣ កន្លង​ទៅ អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ បាន​បញ្ជា​ឲ្យ​ប្រជា​ពល​រដ្ឋ​ម្នាក់​ឈ្មោះ គង់ តឿ ឲ្យ​រុះ​រើ​តូប​បន្លែ​មួយ​ផ្នែក​​ចេញ ដោយ​ថា​បាន​ធ្វើ​នៅ​លើ​ដីចំណី​ផ្លូវ​។

ស្រ្តី​រូប​នោះ​បាន​ជំទាស់ និង​បាន​ឈាន​ដល់​ការ​ប៉ះទង្កិច​គ្នា​រវាង​មន្ត្រី​របស់​អាជ្ញាធរខណ្ឌ និង​ប្រជា​សហគមន៍។ នៅ​ពាក់​កណ្ដាល​ខែ​មករា​ប្រជាពល​រដ្ឋ​ប្រាំមួយ​នាក់ ក្នុង​ចំណោម​ប្រាំពីរ​នាក់ បាន​រង​បណ្ដឹង​ពី​មន្ត្រី​ខណ្ឌ​ម្នាក់​ឈ្មោះ សុខ បាន ដោយ​ចោទ​ប្រជាពល​រដ្ឋ​ថា​មាន​ចេតនា​បង្ក​អំពើហិង្សា ធ្វើឱ្យខូចខាត និងបទល្មើស​​ប្រឆាំង​នឹង​អ្នករាជការសាធារណៈ។ អ្នក​ទាំងនោះ​បាន​ចូល​ទៅ​បំភ្លឺនៅសាលា​ដំបូង​រាជធានីភ្នំពេញ​កាលពី​ថ្ងៃទី​១៤ និង​១៥ ខែកុម្ភៈ ពីរខែក្រោយ​មាន​ការ​ប៉ះទង្កិច​គ្នា​​នោះ​កើត​ឡើង​ ៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ “It’s a Threat”, Boeung Tamok Community Decry Demolition Order by Prek Pnov Authorities

404 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម