ប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក នៃខេត្តសៀមរាបទទួលបានប្រាក់បណ្ណសមធម៌ពីក្រសួងសង្គមកិច្ច ក្រោយពីផ្ទុះការតវ៉ាអស់រយៈជាងមួយខែ ខណៈសង្គមស៊ីវិលថា រដ្ឋាភិបាលគួរបន្ដលើកទឹកចិត្ដដល់ពលរដ្ឋក្រោយពីព្រមចាកចេញពីតំបន់អង្គរ។
លោក នង រតនា បានឱ្យខេមបូចាដឹងថា លោកបានបើកលុយកាលពីថ្ងៃអង្គារ សរុប ៨៤ម៉ឺនរៀល សម្រាប់រយៈ២ខែ ដែលក្រសួងសង្គមកិច្ចខកខានផ្ដល់ឱ្យលោកកន្លងទៅ។
លោក សង្ឃឹមថារដ្ឋាភិបាលនឹងបន្ដប្រាក់ផ្ដល់ឧបត្ថម្ភនេះឱ្យលោករយៈពេល១០ឆ្នាំដូចការសន្យា។
លោក រតនា និយាយថា៖«ខ្ញុំបើកបានម្សិលមិញ[ថ្ងៃអង្គារ]ប្រហែលម៉ោង៣បង។សប្បាយចិត្ដពេលតវ៉ាបានលុយត្រឡប់មកវិញ»។
កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ពលរដ្ឋជិត៤០០នាក់បាននាំគ្នាផ្ទុះការតវ៉ានៅមុខសាលាឃុំរុនតាឯកដើម្បីស្នើឱ្យអាជ្ញាធរជួយដោះស្រាយលើបញ្ហាបណ្ណសមធម៌ដែលរដ្ឋាភិបាលបានផ្ដល់រយៈពេល១០ឆ្នាំដែលមានទឹកប្រាក់ក្នុងមួយគ្រួសារជាង៤០ម៉ឺនរៀល ប៉ុន្តែទទួលបានត្រឹមតែជាង១០ម៉ឺនរៀលទៅវិញ។
ពលរដ្ឋម្នាក់ទៀតលោក ជា សារិទ្ធ បានសម្ដែងការសាទរក្រោយពីបើកបានប្រាក់បណ្ណសមធម៌ត្រឡប់មកវិញថា ការតវ៉ាកន្លងមកគឺដើម្បីទទួលបានប្រាក់ដែលរដ្ឋាភិបាលផ្ដល់ឱ្យត្រឡប់មកវិញ ខណៈលោកថា លោកបានយកបណ្ណក្រីក្ររបស់ទៅដាក់បញ្ចាំដើម្បីយកលុយមកសាងសង់ផ្ទះក្រោយពីដោះដូរពីតំបន់អង្គរ។ លោកបន្ថែមថា ការទទួលបានវិញនេះគឺបានជួយជីវភាពបានមួយចំណែកធំ។
លោក សារិទ្ធនិយាយថា៖«ខ្ញុំសប្បាយចិត្ដដោយរដ្ឋាភិបាលបានដាក់លុយគ្រប់ចំនួនវិញដើម្បីបានលុយសងគេ»។លុយគ្រប់ចំនួនធ្វើឱ្យខ្ញុំកាត់បន្ថយបញ្ហាជីវភាពបានមួយចំនួនធំដែរ»។
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យស្ដីពីការកំណត់ប្រាក់ឧបត្ថម្ភ វិធាននីតិវិធី និងយន្ដការគ្រប់គ្រងការអនុវត្ដកម្មវិធីស្ដារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្ដូរលំនៅឋានរបស់ប្រជាពលរដ្ឋទៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែងនៃស្រុកអង្គរធំ ខេត្ដសៀមរាប ដើម្បីលើកកម្ពស់បរិស្ថាននៃការរស់នៅឱ្យកាន់តែល្អប្រសើរវិញ។
ក្នុងអនុក្រឹត្យដដែលបានបញ្ជាក់ថាគ្រួសារទទួលបាន៨៦០០០រៀល និងសមាជិកគ្រួសារក្នុងម្នាក់៤០០០០រៀល។ កុមារអាយុ៥ឆ្នាំចុះទទួលបាន៤០០០០រៀល ជនមានពិការភាព១២០០០រៀលមនុស្សចាស់ចាប់ពីអាយុ៦០ឆ្នាំឡើងទៅទទួលបាន១២០០០រៀល និងសមាជិកដែលមានផ្ទុកមេរោគអេដស៍ទទួលបាន១២០០០រៀល។
ប្រធានមន្ទីរសង្គមកិច្ចខេត្ដសៀមរាប លោក គង់ សំអឿន បានថ្លែងថា សម្រាប់ផ្ដល់នេះគឺយោងតាមអនុក្រឹត្យចាស់ដែលបានបើកជូនពលរដ្ឋចំនួន២ខែ។ ហើយដើមខែមេសាទៅគឺរដ្ឋាភិបាលនឹងចាប់ផ្ដើមអនុវត្ដប្រាក់ឧបត្ថម្ភបន្ថែមទៀតជូនពលរដ្ឋ។
លោកថ្លែងថា៖«បាទបង! ចាប់ពីដើមខែទៅគេនឹងអនុវត្ដតាមអនុក្រឹត្យថ្មីលើកម្មវិធីស្ដារ ជីវភាពពលរដ្ឋនៅរុនតាឯកនេះ»។
អ្នកគ្រប់គ្រងនៃអង្គការលីកាដូប្រចាំខេត្តបន្ទាយមានជ័យ និងសៀមរាប លោក អ៊ិន គង់ជិត និយាយថា ពលរដ្ឋមិនចង់បានអ្វីឡើយក្រៅតែពីប្រាក់បណ្ណក្រីក្រដើម្បីមកផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់នោះទេ។
លោកបន្ដថា រដ្ឋាភិបាលគួរបន្ដឧបត្ថម្ភយ៉ាងតិច៣ឆ្នាំបន្ថែមទៀតដើម្បីឱ្យពលរដ្ឋអាចមានលទ្ធភាពស្ដារជីវភាពបានល្អប្រសើរឡើងវិញ។
លោកថ្លែងថា៖«ការដោះដូរមករស់នៅទីនេះគឺពួកគាត់ភាគច្រើនជួបបញ្ហាលំបាកខ្លាំង បើអត់បានលុយហ្នឹងទេគឺកាន់តែពិបាក។ ខ្ញុំសប្បាយចិត្ដពេលឃើញពួកគាត់ទទួលលុយវិញ នឹងអាចជួយជីវភាពពួកគាត់បានវិញ»។
ប្រជាជនចំនួន៤៧៣០គ្រួសារមកពីតំបន់ប្រាសាទអង្គរវត្តបានផ្លាស់ទៅរស់នៅលើតំបន់តាំងលំនៅឋានថ្មី រុនតាឯក ។ នេះ បើយោងតាម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលតួលេខនេះ ផ្ទុយពីតួលេខ ៩០០០គ្រួសារ ដែលត្រូវបានរាយការណ៍ថាបានផ្លាស់ទីលំនៅទៅកាន់ទីតាំងថ្មី នៅក្នុង របាយការណ៍ខែកញ្ញា របស់អង្គការយូណេស្កូ ។
ការស៊ើបអង្កេតមួយរបស់ ខេមបូចា ញូវស៍ បានរកឃើញថា គ្រួសារជាច្រើនត្រូវបាន ជម្លៀសចេញដោយបង្ខំ បើទោះបី រដ្ឋាភិបាលបានពណ៌នាថា ការតាំងទីលំនៅថ្មីទាំងនោះ គឺជាការស្ម័គ្រចិត្តក្ដី ។
យោងតាមរបាយការណ៍ស៊ើបអង្កេតមួយពីសំណាក់អង្គការ Amnesty International កាលពីឆ្នាំ២០២២ ការចុះបញ្ជីដីធ្លី«បានកើនឡើងយ៉ាងគំហុក»នៅក្នុងតំបន់អង្គរ ហើយអាជ្ញាធរត្រូវបានគេរាយការណ៍ថាបានចាប់ផ្ដើមជម្លៀសប្រជាជន ១០.០០០គ្រួសារចេញពីតំបន់នោះ ។ អាជ្ញាធរបានលើកឡើងពីភាពចាំបាច់ក្នុងការការពារតំបន់ប្រាសាទអង្គរពីការខូចខាតដែលអាចប៉ះពាល់ដល់ឋានៈជាបេតិកភណ្ឌពិភពលោករបស់ យូណេស្កូ របស់ទីតាំងនោះ ៕