សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋជិត៤០០នាក់ផ្ទុះការតវ៉ាជាមួយអាជ្ញាធរខេត្ដសៀមរាបពាក់ព័ន្ធនឹងបណ្ណសមធម៌

ពលរដ្ឋតវ៉ាមុខសាលាឃុំរុនតាឯកដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ កាលព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)
ពលរដ្ឋតវ៉ាមុខសាលាឃុំរុនតាឯកដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ កាលព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋជិត៤០០នាក់បាននាំគ្នាតវ៉ានៅមុខសាលាខេត្ដសៀមរាប និងមុខសាលាឃុំរុនតាឯក​ក្រោយ​ពីពួកគេមិនទទួលបានប្រាក់គ្រប់ចំនួន​នៃបណ្ណសមធម៌​ដែលរដ្ឋាភិបាលផ្តល់​ឱ្យរយៈ​ពេល​១០ឆ្នាំ ដោយសារទឹកប្រាក់ពួកគាត់ត្រូវបាន​កាត់បន្ថយពីជាង៤០ម៉ឺនមក​ត្រឹមជាង១០ម៉ឺន​រៀលនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

នៅព្រឹកថ្ងៃ២៦ ខែមករានេះ ពលរដ្ឋជិត៤០០នាក់បាននាំគ្នាផ្ទុះការ​តវ៉ានៅមុខសាលាខេត្ដ​សៀមរាប និងមុខសាលាឃុំរុនតាឯកដើម្បីស្នើឱ្យអាជ្ញាធរជួយដោះស្រាយ​លើបញ្ហាបណ្ណ​សមធម៌ដែលរដ្ឋាភិបាលបានផ្ដល់រយៈពេល១០ឆ្នាំដែលមានទឹកប្រាក់ក្នុងមួយគ្រួសារជាង៤០ម៉ឺនរៀល តែបែរជាបើកបានត្រឹមតែជាង១០ម៉ឺនរៀលទៅវិញ ខណៈអ្នកនាំពាក្យ​មូលនិធិ​ជនពិការ​នៃសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាថានឹងចុះដោះស្រាយជូនពលរដ្ឋ។

ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋដែលទើបបានផ្លាស់ប្ដូរពីតំបន់អង្គរបានចូលរួមតវ៉ានៅមុខសាលាឃុំរុនតាឯក គឺលោក ជា គ្រក អាយុ៤៤ឆ្នាំ បានប្រាប់ ខេមបូចា ថា លោកនឹង​ពលរដ្ឋ​ផ្សេង​​ទៀត​​សរុបជិត៣០០នាក់បានតវ៉ានៅមុខសាលាឃុំរុនតាឯក​ដើម្បីឱ្យអាជ្ញាធរចេញមុខ​ដោះ​ស្រាយ​ជូនពលរដ្ឋ ខណៈលោកថា ពលរដ្ឋដែលទទួលបានបណ្ណសមធម៌​ពីរដ្ឋាភិបាលជិត​១ម៉ឺន​គ្រួសារ។

លោកឱ្យដឹងថា ការតវ៉ានេះធ្វើឡើងបន្ទាប់ពីបណ្ណសមធម៌ដែលរដ្ឋាភិបាលផ្ដល់ជូនពួកលោក​រយៈ​ពេល១០ឆ្នាំដោយក្នុង១គ្រួសារទទួលបានជាង៤០ម៉ឺនរៀល។ លោកបន្ដថា មុននឹង​មាន​ការតវ៉ានេះ អាជ្ញាធរដែលបានចេញបណ្ណសមធម៌មិនបាន​ជូនដំណឹងណាមួយឱ្យពលរដ្ឋបាន​ដឹងនោះទេ ស្រាប់តែពេលនេះបែរជាក្នុង១គ្រួសារបើកបានត្រឹមតែ១២ម៉ឺនរៀលទៅវិញ។ លោក​បាន​បង្ហាញពីគោលបំណងដែលលោកចូលរួមតវ៉ានេះថា លោកចង់ឱ្យរដ្ឋាភិបាលដោះ​ស្រាយ​បញ្ហានេះជូនពួកគាត់។

លោកបញ្ជាក់ថា៖ «ពួកខ្ញុំតវ៉ានេះដោយសារបើកលុយបាន១២ម៉ឺន។ រាល់បាន៤៤ម៉ឺន តែគេ​កាត់​​​សេវា​ទៅខ្ញុំបើកបាន៤០ម៉ឺនគ្រាន់ដោះស្រាយជីវភាព។ ខ្ញុំមកពីតំបន់អង្គរ ខ្ញុំមកតាំង​ពីខែ​៨​។ ពលរដ្ឋកំពុងតវ៉ានេះជិត៣០០នាក់ ច្រើនណាស់បង»។  លោកបន្ថែមថា៖ «ពួកខ្ញុំតវ៉ា​នេះ​ចង់​ឱ្យ​​រដ្ឋាភិបាលគាត់ដោះ​ស្រាយ​ឱ្យពួកខ្ញុំ កុំកាត់លុយពួកខ្ញុំអី រាល់ថ្ងៃខ្ញុំបានលុយហ្នឹងគ្រាន់​ដោះ​ស្រាយពេលគាត់​អ៊ីចឹងជីវភាពខ្ញុំកាន់តែលំបាក»

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានចេញ​អនុក្រឹត្យ​ស្ដីពី​ការអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ​ក្នុងអំឡុង​ពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ដោយកែសម្រួល។ ក្នុងអនុក្រឹត្យនោះដែរបានបញ្ជាក់ថា ពលរដ្ឋ​ក្រីក្រ១ និងក្រីក្រ២ក្នុងរាជធានីភ្នំពេញទទួលប្រាក់ឧបត្ថម្ភចំនួន១២ម៉ឺនរៀល។ ចំណែកពលរដ្ឋ​នៅ​ទីជនបទទទួលបាន៨ម៉ឺនរៀល។

មន្ត្រីឃុំរុនតាឯក កំពុងជជែករឿងបណ្ណសមធម៌នៅសាលាឃុំរុនតាឯក ខណៈ​ពលរដ្ឋ​កំពុងតវ៉ានៅខាងមុខ កាលព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ហាក់មិនខុសគ្នានោះទេ ពលរដ្ឋកំពុងតវ៉ាម្នាក់ទៀត គឺលោក លី ម៉ា អាយុ៣៥ឆ្នាំ បានឱ្យ ខេមបូចា ដឹងថា លោកពិតជាមិនយល់ថា រដ្ឋាភិបាលប្រគល់បណ្ណសមធម៌ឱ្យពលរដ្ឋ​រយៈ​១០ឆ្នាំដើម្បីចឹញ្ចឹមពលរដ្ឋដែលព្រមចាកចេញពីតំបន់អង្គរ ប៉ុន្ដែបែរជាមកកាត់ទឹកប្រាក់ដែល​ពលរដ្ឋ​ទទួលទៅវិញ។ លោកបានបង្ហាញពីចេតនាបន្ដថា លោកចូលរួមតវ៉ានេះ គឺចង់បាន​តាម​អ្វី​ដែលរដ្ឋាភិបាលផ្ដល់ឱ្យពួកលោក។

លោកបន្តថា ចាប់តាំងពីលោកបានចាកចេញពីតំបន់អង្គរមក លោកបានជួបបញ្ហាប្រឈម​ជាច្រើនដោយសារគ្មានការងារធ្វើ។ លោកបានចាត់ទុកថា ការកាត់លុយឧបត្ថម្ភ​របស់ពលរដ្ឋ​ គឺជារឿងមិនត្រឹមត្រូវ ខណៈលោកថា ពលរដ្ឋរាប់ពាន់គ្រួសារកំពុងធ្លាក់ក្រីក្រ និងជំពាក់​បំណុល​គេ។

លោកបន្ថែមថា៖ «ខ្ញុំគ្មានរំពឹងអីទេបងតាំងពីខ្ញុំផ្លាស់ពីតំបន់អង្គរមក ការងារក៏អត់មានធ្វើ ខ្ញុំប្រឈមខ្លាំងណាស់បង។​ បានបណ្ណហ្នឹងគ្រាន់យកលុយអង្គការមកធ្វើផ្ទះនៅ ឥឡូវបាន​ស្អីបង់ឱ្យគេបង បើខែនេះបើកបានជាង១០ម៉ឺន បង់តែការមិនគ្រាន់ផង»

កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្រុមការងារ នៃក្រសួងផែនការបានធ្វើបណ្ណសមធម៌ ដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដ ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅ​ភូមិ​ធម្មជាតិ​រុនតាឯក ស្រុកបន្ទាយស្រី និងភូមិពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប។ យុទ្ធនាការ​នេះធ្វើ​ឡើងនៅខាងមុខអង្គរវត្ដ ចាប់ពីថ្ងៃទី១៧ ខែតុលា រហូតដល់គ្រប់ចំនួន​ប្រជាពលរដ្ឋ​ដែល​ត្រូវផ្ដល់បណ្ណសមធម៌។

ក្រសួងផែនការបើកយុទ្ធនាការកំណត់ និងផ្ដល់បណ្ណសមធម៌ ជូនប្រជាពលរដ្ឋ​នៅ​តំបន់​អង្គរ​ដែលស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប លើកទី១ មានប្រជាពលរដ្ឋទៅទទួលបណ្ណសមធម៌ចំនួន ៤ ២២៩គ្រួសារ និង​យុទ្ធនាការ​លើកទី២ មាន​ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដប្ដូរទីលំនៅទៅទាំងពីរទីតាំងនេះ ពួកគាត់បាន​ទទួល​បណ្ណ​សមធម៌​ចំនួន ៤ ៧៩៣គ្រួសារ ដែលមកដល់ពេលនេះ ប្រជាពលរដ្ឋដែលបាន​ស្ម័គ្រចិត្ដ​ចាក​ចេញ​មាត់ស្ទឹងសៀមរាប តំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅភូមិពាក់ស្នែង និងទៅ​រស់​នៅ​​រុនតាឯកថ្មីៗ និងកាលពី២ឆ្នាំមុន បានទទួលប័ណ្ណសមធម៌​ប្រមាណជិត១ម៉ឺនគ្រួសារ។

ពលរដ្ឋម្នាក់ដែលកំពុងតវ៉ានៅសាលាខេត្ដសៀមរាប លោក ខន ចម្រើន អាយុ២៦ឆ្នាំ​ និង​ជា​ពលរដ្ឋ​បានដោះដូរមកពីតំបន់អង្គរ បានលើកឡើងថា លោក​ និងពលរដ្ឋជាច្រើន​គួ្រសារទៀត​កំពុង​នាំគ្នាតវ៉ានៅមុខសាលខេត្ដ ក្នុងចេតនាដើម្បីឱ្យអភិបាលខេត្ដជួយដោះស្រាយ​បញ្ហាជូន​ពលរដ្ឋ។ លោកបន្ដថា ពលរដ្ឋដែលតវ៉ាមុខសាលាខេត្ដមានជិត១០០នាក់។​

លោករៀបរាប់ថា លោកទទួលបានបណ្ណសមធម៌ជាង១ឆ្នាំមកហើយ ទើបតែក្នុងខែនេះ​ប៉ុណ្ណោះ លោកបើកបានត្រឹមតែជាង១០ម៉ឺនរៀល។ លោកបន្ដថា ក្នុងខែនេះលោកមិនមាន​ប្រាក់គ្រប់គ្រាន់ដើម្បីបង់ស្ថាប័នដែលលោកបានខ្ចីមកធ្វើផ្ទនោះទេ។

លោកលើកឡើងថា៖ «ខ្ញុំអត់មានលុយបង់ទេបង។ ខ្ញុំរាល់ខែបានលុយហ្នឹងគ្រាន់បង់ឱ្យគេ។ ខ្ញុំដូរ​មក​ពីតំបន់អង្គរបង។ ពិបាកណាស់បងបានពួកខ្ញុំចែកគ្នាតវ៉ាបង។ ខ្ញុំសង្ឃឹមថា​អភិបាល​ខេត្ដ និងរដ្ឋាភិបាលដោះស្រាយបញ្ហានេះឱ្យពួកខ្ញុំផង ពួកខ្ញុំពិបាកណាស់»

ពលរដ្ឋជិត៣០០នាក់ផ្ទុះការតវ៉ាមុខសាលាឃុំរុនតាឯកជុំវិញរឿងបណ្ណសមធម៌​នៅព្រឹកថ្ងៃ១៦ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

លោក អ៊ន់ សាលឹត មេភូមិរុនតាឯក បានលើកឡើងថា នៅព្រឹកមិញនេះពិតជាមាន​ប្រជាពលរដ្ឋ​​ជិត៣០០នាក់​បាននាំ​មកតវ៉ាមុខសាលាឃុំមែន ប៉ុន្ដែលោកបន្ដថា ពលរដ្ឋ​ទាំង​នោះ​​​បានសម្រេចទៅផ្ទះវិញ ដោយរង់ចាំថ្នាក់លើមកដោះស្រាយនៅថ្ងៃស្អែក[ថ្ងៃសៅរ៍]។

លោកបន្ដថា៖ «បាទ! ព្រឹកមិញពលរដ្ឋជិត៣០០នាក់មកតវ៉ារឿងបណ្ណក្រីក្រមែន តែ​ឥឡូវ​ទៅវិញអស់ហើយ ព្រោះស្អែកថ្នាក់លើគេនឹងចុះមក។ ខ្ញុំអត់មានអីបន្ថែមទេ»

អ្នកស្រី ឈួន អ៊ឹម មេឃុំរុនតាឯក បានបដិសេធមិនឆ្លើយនឹងសំនួររបស់អ្នកសារព័ត៌មាន​ខេមបូចា​ទេ ដោយអ្នកស្រីថា អ្នកស្រីកំពុងជាប់ប្រជុំ។

អ្នកស្រីឆ្លើយយ៉ាងខ្លីថា៖ «ខ្ញុំកំពុងប្រជុំ ខ្ញុំមិនអាចឆ្លើយបានទេ»

ជុំវិញរឿងតវ៉ានេះដែរ លោក ស៊ឹម សុធន ប្រធានមូលនិធិជនពិការនៃមន្ទិរសង្គមកិច្ច អតីត​យុទ្ធជន និងយុវនិតិសម្បទា បានឱ្យដឹងថា លោកកំពុងឱ្យក្រុមការងារលោកចុះ​ទៅសម្រប​សម្រួល​​ដើម្បី​​ដោះស្រាយជូនពលរដ្ឋ និងធ្វើរបាយការណ៍ជូនទៅថ្នាក់លើសិន ដោយលោកថា ក្រៅពី​នេះ​លោកសុំមិនអត្ថាធិប្បាយបន្ថែមនោះទេ។

លោកថ្លែងថា៖ «ខ្ញុំឱ្យក្រុមការងារខ្ញុំចុះទៅសម្របសម្រួលហើយដើម្បីដោះស្រាយហើយ។ ខ្ញុំបានធ្វើរបាយការណ៍ទៅថ្នាក់លើហើយ ខ្ញុំសុំមិនឆ្លើយបន្ថែមទេបង អរគុណ»

ប្រជាជនចំនួន ៤ ៧៣០គ្រួសារមកពីតំបន់ប្រាសាទអង្គរវត្តបានផ្លាស់ទៅរស់នៅតំបន់​តាំងលំនៅឋានថ្មី រុនតាឯក។ នេះបើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ដែលតួលេខនេះផ្ទុយពីតួលេខ ៩ ០០០គ្រួសារ ដែលត្រូវបានរាយការណ៍ថា​បាន​ផ្លាស់​ទីលំនៅទៅកាន់ទីតាំងថ្មី នៅក្នុងរបាយការណ៍ខែកញ្ញារបស់អង្គការយូណេស្កូ។ ការ​ស៊ើប​អង្កេតមួយរបស់ ខេមបូចាញូ បានរកឃើញថា គ្រួសារជាច្រើនត្រូវបានជម្លៀស​ចេញ​ដោយ​បង្ខំ បើទោះបីរដ្ឋាភិបាលបានពណ៌នាថា ការតាំងទីលំនៅថ្មីទាំងនោះ គឺជាការ​ស្ម័គ្រ​ចិត្តក្ដី ។

លោក អ៊ិន គង់ជិត អ្នកគ្រប់គ្រង​របស់អង្គការសិទ្ធិមនុស្ស​ លីកាដូ ប្រចាំខេត្ត​បន្ទាយមានជ័យ និង​ខេត្ដសៀមរាប បានចូលរួមសង្កេតការណ៍ទៅលើការតវ៉ានោះ​បានថ្លែងថា ការកែសម្រួល​របស់រដ្ឋាភិបាលនេះបានបង្កភាពលំបាកដល់ពលរដ្ឋដែលពួកគាត់ព្រមចាក​ចេញ​ពីតំបន់អង្គរ។

លោកបន្ដថា ការកែសម្រួលបានធ្វើឱ្យពលរដ្ឋមានការខកចិត្ដជាខ្លាំងលើអនុក្រឹត្យរដ្ឋាភិបាល។ លោកបន្ដថា រដ្ឋាភិបាលគួរតែបន្ដនៅយន្ដការសម្រាប់ពលរដ្ឋដែលបានដោះដូរទៅទីតាំងថ្មី និងរង់ចាំឱ្យពួកគាត់មានលំនឹងសិនទើបជាការល្អ។

លោកថ្លែងថា៖ «ការកាត់បន្ថយនេះនឹងធ្វើឱ្យពលរដ្ឋជួបទុក្ខលំបាកកាន់តែខ្លាំង។ ពលរដ្ឋនៅ​រុនតាឯក គឺមិនទាន់មានមុខរបរទេគឺពឹងផ្អែកលើប្រាក់ឧបត្ថម្ភរដ្ឋ​ទាំងស្រុង។ រដ្ឋាភិបាលគួរតែ​មានការគិតឡើងវិញសម្រាប់ជួយពួកគាត់។បើមិនដូច្នេះទេពួកគាត់នឹងខឹងសម្បារ និង​លែង​ជឿ​លើរដ្ឋាភិបាល ហើយពលរដ្ឋដែលនៅសល់នឹងមិនព្រមចាកចេញឡើយ»

យោងតាមរបាយការណ៍ស៊ើបអង្កេតមួយពីសំណាក់អង្គការ Amnesty International (កាលពី​ឆ្នាំ​២០២២ ការចុះបញ្ជីដីធ្លី«បានកើនឡើងយ៉ាងគំហុក»នៅក្នុងតំបន់អង្គរ ហើយអាជ្ញាធរ​ត្រូវបានគេរាយការណ៍ថា បានចាប់ផ្ដើម ជម្លៀស ប្រជាជន ១០ ០០០គ្រួសារ​ចេញ​ពី​តំបន់​នោះ។ អាជ្ញាធរបានលើកឡើងពីភាពចាំបាច់ក្នុងការការពារតំបន់ប្រាសាទអង្គរពីការខូចខាត​ដែលអាចប៉ះពាល់ដល់ឋានៈជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូរបស់ទីតាំងនោះ៕

305 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម