ពលរដ្ឋរាប់រយនាក់រួមទាំងពលករខ្មែរមកពីកូរ៉េបានធ្វើការតវ៉ាទាមទារលុយពីក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី នៅខេត្តសៀមរាប កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ដោយពួកគាត់អះអាងថា ក្រុមហ៊ុនបានបោកប្រាស់ពួកគាត់ ប៉ុន្ដែខាងក្រុមហ៊ុនបែរជាចង់ដោះដូរជាដីជូនពួកគាត់។
ពលករកូរ៉េម្នាក់លោក ផង់ វិបុល អាយុ២៩ឆ្នាំ បានឱ្យ ខេមបូចា ដឹងថា គាត់បានចាញ់បោកក្រុមហ៊ុនអស់ជិត៦ម៉ឺនដុល្លារដំបូងឡើយលោកបានដាក់លុយមួយចំនួនតាមរយៈមិត្ដភក្ដិលោកដើម្បីទទួលបានការប្រាក់ដោយក្នុង១ម៉ឺនដុល្លារ ទទួលបានការប្រាក់៤០០ដុល្លារក្នុងមួយខែ។
លោកបន្ដថា ក្រោយពីទទួលបានការប្រាក់គួរសម លោកក៏សម្រេចចិត្ដខ្ចីលុយធនាគារដើម្បីដាក់បន្ថែមរហូតអស់ជិត៦ម៉ឺនដុល្លារ។ លោកបន្តទៀតថា ក្រោយពីលោកបានដាក់លុយកាន់តែច្រើនក្រុមហ៊ុនហាក់ចាប់ផ្ដើមមានបញ្ហាតែម្ដង ដោយមិនបានឱ្យការប្រាក់មកកាន់លោកនោះទេ។
លោកបន្ដថា៖«ខ្ញុំចាប់ផ្ដើមដាក់លុយយកការប្រាក់ក្នុង១ម៉ឺនបានការប្រាក់៤០០ក្នុង១ខែ។ក្រុមហ៊ុនហ្នឹងជាក្រុមហ៊ុនរបស់អតីតពលករកូរ៉េឈ្មោះ ចាន់ ឃីន គាត់បានបបួលពលករកូរ៉េឱ្យដាក់លុយជាមួយគាត់ហើយគាត់នឹងឱ្យការប្រាក់៤០០ដុល្លារក្នុង១ម៉ឺនដុល្លារ និងឡេង ចាន់ណា»។
លោកលើកឡើងថា តាមដែលលោកបានដឹងមានពលករប្រមាណ១០០០នាក់បានចាញ់បោកក្រុមហ៊ុនប្រ៊ីលាន ស៊ីធី ដោយសារចង់ចំណេញការប្រាក់។ លោកបានឱ្យដឹងទៀតថា លោកចាប់ដាក់លុយតាំងពីឆ្នាំ២០២១មក ដោយលោករំពឹងថា លោកធ្វើការផង និងដាក់លុយយកការប្រាក់ផងវាអាចជួយសម្រួលបន្ទុកគ្រួសារលោកដែរ ប៉ុន្ដែបែរជាមកត្រូវចាញ់បោកក្រុមហ៊ុននេះទៅវិញ។ លោកបន្ដថា លោកនឹងប្រមូលពលករនៅកូរ៉េទាំងអស់ ដើម្បីតវ៉ាឱ្យក្រុមហ៊ុនសងប្រាក់មកកាន់ពួកលោកវិញ។
លោក វិបុល សង្កត់ធ្ងន់ថា៖ «ពួកខ្ញុំនឹងរួមគ្នាតាមបណ្ដាញរងគ្រោះដូចគ្នាបងដើម្បីតវ៉ាបង។ សុទ្ធតែកើតទុក្ខមិនសុខចិត្ដដូចគ្នាបង លុយម្នាក់ៗច្រើនពេកបង ខ្លះជាង១០ម៉ឺនដុល្លារបង។ ខ្ញុំប្រមូលគ្នាសិនបង មិនទាន់ច្បាស់ថាតវ៉ានៅនេះ[កូរ៉េ]ពេលណាទេ ដឹងតែឆាប់ៗ»។
ក្រោយពីផ្ទុះការតវ៉ារបស់ពលរដ្ឋជាច្រើននាក់ដែលទាមទារឱ្យក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែលជាក្រុមហ៊ុនផ្ដោតលើការវិនិយោគលើបុរី និងផ្ទះល្វែង និងដីឡូតិ៍ របស់អ្នកស្រី ឡេង ចាន់ណា និងលោក ចាន់ ឃីន សងលុយដែលពួកគេបានដាក់ត្រឡប់មកវិញ។ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកស្រី ឡេង ចាន់ណា បានចេញសេចក្ដីជូនដំណឹងមួយសម្រាប់ដំណោះស្រាយជូនពលរដ្ឋដោយយកដីរបស់ក្រុមហ៊ុនដែលមានស្រាប់មកកាត់បញ្ចប់បញ្ហាក្នុងការទូទាត់បំណុលអតិថិជនទាំងអស់ដែលបានចងការប្រាក់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន។
ក្នុងសេចក្ដីជូនដំណឹងដែលបានបង្ហោះនៅផេកផ្លូវរបស់អ្នកស្រី ឡេង ចាន់ណាថា៖ «យោងតាមសេចក្ដីប្រកាសចុះថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៣ដែលក្រុមហ៊ុនបានចេញមុខដោះស្រាយបញ្ហាជូនអតិថិជនដោយសម្រេចថា ក្រុមហ៊ុននឹងយកដីដែលមានស្រាប់ដំណោះស្រាយជូនពលរដ្ឋដោយកដីរបស់ក្រុមហ៊ុនដែលមានស្រាប់មកកាត់បញ្ចប់បញ្ហាក្នុងការទូទាត់បំណុលអតិថិជនទាំងអស់ដែលបានចងការប្រាក់ជាមួយថ្នាក់ដឹកនាំ»។
ពលករម្នាក់ទៀត លោក ចាន់ ពិសិដ្ឋ អាយុ៣២ឆ្នាំ ដែលបានដាក់លុយជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី អស់ជាង២ម៉ឺនដុល្លារ បានឱ្យដឹងថា លោកបានដាក់តាមរយៈបងថ្លៃរបស់លោក ដែលជាអ្នកបានដើរមុនលោក ក្នុងការដាក់លុយដើម្បីបានការប្រាក់ពីក្រុមហ៊ុននេះ។ លោកបានបង្ហាញពីការលើកឡើងរបស់ក្រុមហ៊ុនថានឹងយកដីក្រុមហ៊ុនមកដោះដូរជាថ្នូរនឹងលុយដែលលោកបានចាញ់បោក។
លោកបន្តថា លោកមិនចង់បានដីនោះទេ លោកចង់បានតែលុយរបស់លោកតែប៉ុណ្ណោះ។ យ៉ាងណាលោកលើកឡើងទៀតថា លោកស្នើឱ្យអាជ្ញាធរជួយអន្ដរាគមន៍ឱ្យរូបលោក និងពលរដ្ឋជាច្រើននាក់ទៀតដើម្បីបានលុយត្រឡប់មកវិញ។
លោកបន្ថែមថា៖ «ខ្ញុំដាក់ឱ្យជាង២ម៉ឺនដុល្លារបង ខ្ញុំដាក់តាំង២០២១មកបង។ ខ្ញុំតាមបងថ្លៃខ្ញុំ។ ខ្ញុំអត់ចង់បានដីទេ ខ្ញុំចង់បានតែលុយខ្ញុំមកវិញទេ។ ខ្ញុំស្នើដល់អាជ្ញាធរមេត្ដាជួយអន្ដរាគមន៍ឱ្យពួកខ្ញុំផង»។
តាមការអះអាងរបស់ពលរដ្ឋបានចូលរួមតវ៉ាកាលពីចន្ទ បាននិយាយថា ក្រុមហ៊ុននេះបានកៀគរប្រជាពលរដ្ឋរាប់ពាន់នាក់ដើម្បីឱ្យដាក់លុយចងការប្រាក់ជាមួយក្រុមហ៊ុនដោយក្នុង១ខែនឹងទទួលបានការប្រាក់៤០០ដុល្លារក្នុង១ម៉ឺនដុល្លារ មានទាំងពលរដ្ឋក្នុងស្រុក និងពលករខ្មែរនៅកូរ៉េ។
ការណ៍នេះធ្វើឱ្យពលរដ្ឋជាច្រើនបានសម្រេចចិត្ដខ្ចីលុយពីធនាគាររហូតធ្លាក់ខ្លួនជំពាក់បំណុល។ ពលរដ្ឋតវ៉ានៅទីតាំង ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ដោយបានបញ្ជាក់ថា ពួកគេនឹងមិនទទួលយកដំណោះស្រាយរបស់ក្រុមហ៊ុនឡើយ។

លោក គង់ សៀរ (ជាឈ្មោះអ្នកសារព័ត៌មានដាក់ឱ្យ) អាយុ៣៨ឆ្នាំ និងមានមុខរបរជាជាងសំណង់ បានបញ្ជាក់ថា លោកបានដាក់លុយអស់ជាង១ម៉ឺនដុល្លារដោយរំពឹងពីការប្រាក់ចាប់តាំងពី២០២២មកដោយលោកខ្ចីពីធនាគារមួយ។ លោកបានឱ្យដឹងពីចំនួនពលរដ្ឋដែលចាញ់បោកក្រុមហ៊ុននេះស្រដៀងនឹងពលករខ្មែរធ្វើការនៅកូរ៉េដែរថា មានប្រជាពលរដ្ឋរាប់ពាន់នាក់ដែលបានសម្រេចចិត្ដដាក់លុយដូចលោក។
លោកបន្ដថា បញ្ហាជាមួយក្រុមហ៊ុនចាប់តាំងពីដើមឆ្នាំ២០២៣មក ប៉ុន្ដែលោក និងពលរដ្ឋផ្សេងទៀតចេះតែរង់ចាំមើលដំណោះស្រាយពីក្រុមហ៊ុន រហូតមកដល់ពេលនេះទើបពួកលោកសម្រេចចិត្ដនាំគ្នាផ្ទុះការតវ៉ា។ លោកក៏បានបញ្ជាក់ពីជំហរបស់លោកថា លោកមិនព្រមទទួលយកការដោះស្រាយរបស់ក្រុមហ៊ុនដែលដោះដូរជាដីឡើយ។
លោកប្រកាសជំហថា៖ «ខ្ញុំចង់បានតែលុយខ្ញុំ រឿងដោះដូរដីខ្ញុំមិនព្រមឡើយ។ ខ្ញុំដេកអត់លក់ទេ ធនាគារមកទារលុយរាល់ថ្ងៃ។ខ្ញុំខ្ចីគេជាង១ម៉ឺនដុល្លារ បង់៣០០ជាងបង»។
ខេមបូចា បានព្យាយាមទាក់ទងទៅលោកស្រី ឡេង ចាន់ណា នាយិកាក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ជុំវិញរឿងដំណោះស្រាយជូនពលរដ្ឋក្រោយការតវ៉ា ប៉ុន្ដែអ្នកស្រីបានចុចបិទូរសព្ទភ្លាមៗជាច្រើនដងដោយមិនព្រមទទួលទូរសព្ទឡើយ។
ចំណែកឯលោក លី វណ្ណៈ នាយករដ្ឋបាល និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប បានថ្លែងប្រាប់ ខេមបូចា ថា កាលពីចន្ទក៏មានប្រជាពលរដ្ឋមួយចំនួនបានតវ៉ានៅមុខសាលាខេត្ដសៀមរាបដែរ។ លោកបន្តថា ការតវ៉ាដើម្បីឱ្យអាជ្ញាធរជួយអន្ដរគមន៍ យ៉ាងណាលោកថា ចំពោះដំណោះស្រាយមានពលរដ្ឋខ្លះព្រមទទួលយក ហើយពលរដ្ឋខ្លះមិនព្រម។ លោកបានបញ្ជាក់ថា រដ្ឋបាលខេត្ដកំពុងធ្វើលិខិតអញ្ជើញខាងក្រុមហ៊ុនដើម្បីឱ្យចូលខ្លួនមកដោះស្រាយជាមួយពលរដ្ឋ។
លោកថ្លែងថា៖ «យើងកំពុងរៀបចំលិខិតផ្ញើទៅខាងក្រុមហ៊ុន ដើម្បីក្រុមហ៊ុនចូលខ្លួនមកដោះស្រាយនឹងបងប្អូនប្រជាពលរដ្ឋ។ យើងនឹងព្យាយាមសម្របសម្រួល ក្នុងករណីពួកគាត់មិនអាចសម្របសម្រួលបាន បើអត់ចេញទេ មានតែផ្លូវតុលាការទេ»។
យោងតាមលិខិតកិច្ចសន្យាដែល ខេមបូចា ទទួលបានបង្ហាញថា ដើម្បីជាសក្ខីភាព និងជាការទទួលខុសត្រូវខ្ពស់ក្នុងការទូទាត់ប្រាក់ដើម និងការប្រាក់ទៅម្ចាស់កម្ចីវិញ។ ក្នុងលិខិតកិច្ចសន្យាដដែលបានបន្ដថា ភាគីក្រុមហ៊ុនផ្ដល់ការប្រាក់ចំនួន៤%ក្នុងមួយខែទៅតាមទឹកប្រាក់ដែលពលករ និងពលរដ្ឋបានដាក់នៅក្រុមហ៊ុន ដោយភ្ជាប់ស្នាមមេដៃ និងឈ្មោះភាគីសងខាង។ បើគិតជាទឹកប្រាក់សរុបទាំង៣ឯកសារ ប្រាក់ដើម និងការប្រាក់ដែលមិនទាន់ទូទាត់ស្មើនឹង៤៧១៦០ដុល្លារក្នុងរយៈ១២ខែ និងតាមដំណាក់កាល។
ក្នុងលិខិតបញ្ជាក់ថា៖ «ក្នុងករណីភាគីណាមួយមិនអនុវត្ដតាមកិច្ចព្រមព្រៀង ដូចមានចែងខាងលើនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
ខេមបូចា មិនអាចទាក់ទងលោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភា បានទេនៅថ្ងៃទី១៣ ខែកុម្ភៈនេះ។ ប៉ុន្ដែលោកធ្លាប់បានពន្យល់រឿងដែលស្រដៀងនឹងរឿងនេះកន្លងមកថា សម្រាប់បញ្ហានេះគឺមិនទាក់ទងនឹងវិបត្ដិសេដ្ឋកិច្ចសកលទេ គឺមកពីវិស័យអចលទ្រព្យខ្លួនឯងដែលគ្មានទុនបម្រុងសម្រាប់អភិវឌ្ឍន៍ គឺពឹងផ្អែកលើលុយអតិថិជនសុទ្ធសាធ។ លោកបន្ដថា បើសិនជាដោយសារវិបត្ដិសេដ្ឋកិច្ចសកល នោះគឺពលរដ្ឋគ្មានលុយទិញ ឬក៏បង់ឱ្យទៅក្រុមហ៊ុន ប៉ុន្ដែនេះ គឺពលរដ្ឋមានលុយបង់ឱ្យទៅក្រុមហ៊ុន។
លោកបញ្ជាក់ថា៖ «វាជាវិបត្ដិវិស័យអចលនទ្រព្យខ្លួនឯងទេ មិនទាក់ទងនឹងវិបត្ដិសកលឡើយ។ មកពីធ្វើលើសតម្រូវការ ឬក៏អាចនិយាយបានថាយកលុយពីអតិថិជន ប៉ុន្ដែគ្មានដីឱ្យ មានន័យថា រកស៊ីលក់ដីខ្យល់»។
បើតាមលោក ស៊ាង មួយឡៃ ប្រធានគម្រោងអភិវឌ្ឍន៍ទីក្រុងនៃសមាគមធាងត្នោត បានថ្លែងថា រឿងនេះហាក់កើតឡើងដដែលៗ ដោយលោកថា អាជ្ញាធរគ្មានចេតនាក្នុងការពិនិត្យ និងតាមដានឱ្យបានតឹងរឹងនោះទេ។ លោកលើកឡើងទៀតថា បើសិនជាអាជ្ញាធរនៅបណ្ដោយឱ្យក្រុមហ៊ុនបន្ដធ្វើអ្វីតាមចិត្ដ អ្នករងគ្រោះគឺប្រជាពលរដ្ឋ។
លោកបន្ថែមថា៖ «ខ្ញុំយល់ថាអាជ្ញាធរដូចមិនបានគិតគូរលើរឿងហ្នឹងទេ។ អាជ្ញាធរមិនគួរបណ្ដោយឱ្យក្រុមហ៊ុនចេះតែធ្វើអ្វីតាមចិត្ដចឹង អ្នករងគ្រោះគឺពលរដ្ឋ»។
កាលពីខែមិថុនាឆ្នាំ២០២៣កន្លងទៅពលរដ្ឋមួយចំនួនបានចាញ់បោកក្រុមហ៊ុន ពិភពដីមាសរបស់លោក លោក ហ៊ី គឹមហុង ក្នុងការដាក់លុយដើម្បីទទួលបានការប្រាក់៣%នៃការដាក់លុយនេះដែរ។ ក្រោយមកដោយសារទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើនទៅស្នងការខេត្ដកំពត នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លោក ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស និងភរិយា រួមជាមួយអង្គរក្ស១៣នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនភ្លាមៗនៅទីតាំងក្រុមហ៊ុន ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងធ្វើការសម្រេច។
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លោក ជា សារ៉ន និងមនុស្សជិត១០នាក់ទៀត ត្រូវបានកងកម្លាំងសមត្ថកិច្ចខេត្តកំពត ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកប្រជាពលរដ្ឋ ក្រោមរូបភាពវិនិយោគដីឡូតិ៍ នៅស្រុកឈូកខេត្តកំពត។ ការឃាត់ខ្លួននេះ ធ្វើឡើង ខណៈដែល លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបើកវេទិកាសាធារណៈជាមួយពលរដ្ឋរាប់ពាន់គ្រួសារដែលអះអាងថា ចាញ់បោកក្រុមហ៊ុនអស់ប្រាក់សរុបជិត៤០លានដុល្លារ៕