ប្រជាពលរដ្ឋរងគ្រោះពីការវិនិយោគដីធ្លី និងផ្ទះ ជាមួយក្រុមហ៊ុន ជា សារ៉ន បានប្រមូលម្ដុំគ្នាដើម្បីដាក់ញត្តិស្នើសុំសាលាដំបូងខេត្តកំពតឲ្យដោះលែងលោក ជា សារ៉ន បាននៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីរកមធ្យោបាយសងប្រាក់ទៅពួកគេវិញ ខណៈពួកគេជួបវិបត្តិធនាគារធ្ងន់ធ្ងរ និងប្រឈមការប្ដឹងពីធនាគារ។
ពលរដ្ឋជិត២០០នាក់ បានមកប្រមូលផ្ដុំគ្នាយកញត្តិមកដាក់នៅសាលាដំបូងខេត្តកំពត ដើម្បីស្នើទៅតុលាការឲ្យដោះលែងលោក ជា សារ៉ន ឱ្យនៅក្រៅឃុំដែលអាចឱ្យគាត់រកមធ្យោបាយរកប្រាក់សងពលរដ្ឋដើម្បីឱ្យពលរដ្ឋយកទៅសងធនាគារ ស្របពេលដែលរយៈពេល៨ខែមកហើយ ដែលពួកគេមួយចំនួនមិនបានបង់ការប្រាក់ធនាគារ និងកំពុងប្រឈមនឹងការប្ដឹងពីខាងធនាគារផងដែរ។
បើតាមលោក នៅ សុផល ជាប្រជាពលរដ្ឋរងគ្រោះមួយរូបរស់នៅស្រុកទឹកឈូ បានឲ្យដឹងថា រូបលោកជាជនពិការ និងបានដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន ជា សារ៉ន ចំនួន៣ម៉ឺនដុល្លារ ដោយរំពឹងថា នឹងទទួលបានផលចំណេញតាមរយៈការរកស៊ីជាមួយក្រុមហ៊ុននេះ។ លោកបន្តថា រូបលោកមិនមានលទ្ធភាពក្នុងការវិនិយោគទេ ហើយដើម្បីបានប្រាក់រកស៊ី បុគ្គលិកក្រុមហ៊ុនបានផ្ដួចផ្ដើមរៀបចំឯកសារឲ្យលោកដើម្បីខ្ចីលុយពីធនាគារហត្ថាកសិករ។
ពលរដ្ឋរូបនេះបន្ថែមទៀតថា ការវិនិយោគនូវឆ្នាំដំបូងមិនមានជាបញ្ហាអ្វីឡើយ លោកទទួលបានការប្រាក់ទៀងទាត់ ប៉ុន្តែរហូតដល់ខែមេសា ឆ្នាំ២០២៣ ទើបក្រុមហ៊ុនមានបញ្ហារអាក់រអួលក្នុងការបង្វិលប្រាក់ចំណេញជូនពលរដ្ឋ។
ដោយសារតែមិនមានមុខរបរ និងចំណូលប្រចាំខែទៀងទាត់លោកបានអាក់ខានបង់ការប្រាក់ធនាគារប្រមាណ៨ខែមកហើយស្របពេលដែលលោករង់ចាំដំណោះស្រាយពីក្រុមហ៊ុន និងការអន្តរាគមន៍ពីលោកអភិបាលខេត្តកំពត។ ក្នុងមួយខែ លោកសុផល ត្រូវបង់ការប្រាក់ចំនួន៧០០ដុល្លារ។ បច្ចុប្បន្នលោកប្រឈមមុខនឹងការចាប់ខ្លួន ដោយសារតែធនាគារបានប្ដឹងលោករួចទៅហើយចំពោះកម្ចីធនាគារនេះ។
លោក សុផល និយាយថា៖ «ខ្ញុំនិងបងប្អូនផ្សេងទៀតមានការលំបាកច្រើនណាស់ យើងត្រូវបង់សងធនាគាររៀងរាល់ខែ លក់ខ្ចេចលក់ខ្ទីហើយ ខ្ញុំជំពាក់ធនាគារប៣ម៉ឺនដុល្លារជាង។ ខ្ញុំមិនមានលទ្ធភាពទេ តែបុគ្គលិកគេប្រាប់ថាឲ្យតែហ៊ានខ្ចីធនាគារ យកប្លង់ដីទៅដាក់ទៅបានលុយហើយ បើទុកប្លង់នៅផ្ទះកណ្ដុរកាត់ដែរ។ ហើយបុគ្គលិកហ៊ានធានាដាក់ជីវិតទៀត»។
ប៉ុន្តែរហូតដល់ពេលមានបញ្ហាក្នុងការសងប្រាក់ត្រឡប់មកអតិថិជនវិញ ក្រុមហ៊ុនតែងតែមានលេសដោះសារជាមួយពលរដ្ឋរហូត រហូតលោកសុផលបង្ខំចិត្តខ្ចីប្រាក់ឯកជនដើម្បីបង់ការប្រាក់ធនាគារ ប៉ុន្តែការណ៍នេះចេះតែអូសបន្លាយរហូតគ្មានដំណឹងអ្វីបន្តិចសោះ។
ជាពលរដ្ឋរងគ្រោះម្នាក់ លោកសុផល និយាយថា៖ «ពួកយើងដឹងថាក្រុមហ៊ុនហ្នឹងទៅមុខលែងរួចហើយ តែពួកយើងមិនអាចអត់បង់ធនាគារបានទេរហូតយើងទៅខ្ចីលុយគេបន្ថែម ហើយចុងក្រោយក្រុមហ៊ុនប្រាប់ថាអត់មានលុយបង្ចិលសងអតិថិជន»។
ដោយសារតែចាញ់បោកនៅក្នុងការវិនិយោគជាមួយក្រុមហ៊ុនលោក ជា សារ៉ន លោក សុផល បានក្លាយទៅជាជនរងគ្រោះត្រូវរ៉ាប់រងបំណុលធនាគារ ដែលជាបន្ទុកដ៏ធ្ងន់ធ្ងរ។ ជាជនពិការផង និងគ្មានចំណូលផងនោះ លោកបង្ខំចិត្តឲ្យកូនប្រុសដែលកំពុងរៀនថ្នាក់ទី១១ ឈប់រៀនជួយធ្វើការរកលុយសងបំណុលធនាគារនៅខេត្តព្រះសីហនុ។
លោកសុផលថ្លែងថា៖ «និយាយទៅមិនអាចទៅមុខបានទេបង បើសិនជាមិនមានការដោះស្រាយប្រជាពលរដ្ឋនឹងបាត់បង់ជីវិតហើយព្រោះគ្មានអ្នកណាទៅមុខរួចទេ។ ដូចខ្ញុំជាជនពិការបណ្ដោះអាសន្ន មិនមានលទ្ធភាពក្នុងការរកប្រាក់សងត្រឡប់ទៅធនាគារដែរ ឥឡូវមានការប្ដឹងពីធនាគារ។ អ៊ីចឹងខ្ញុំឲ្យកូនប្រុសខ្ញុំរៀនថ្នាក់ទី១១ ឈប់រៀនទៅធ្វើសន្តិសុខនៅខេត្តព្រះសីហនុដើម្បីរកចំណូលបានខ្លះ»។
លោក សុផល បញ្ជាក់ថា ក្នុងនាមជាឪពុកម្ដាយ លោកមានការសោកស្ដាយ និងអាណិតកូនដែរ តែដោយសារតែបំណុលធនាគារលោកមិនអាចធ្វើតាមចិត្តបានទេ ខណៈលោកមិនមានលទ្ធភាពបន្តឲ្យកូនរៀនសូត្រទៅមុខទៀតបាន និងសងបំណុលធនាគារ។
ចំណែកពលរដ្ឋមួយរូបទៀត គឺលោក សុខឡាង (ជាឈ្មោះក្រៅ ដើម្បីរក្សាឯកជនភាព) ជាជនរងគ្រោះវិនិយោគជាមួយក្រុមហ៊ុនលោក ជា សារ៉ន បានឲ្យដឹងថា រូបលោកបានវិនិយោគអស់ប្រាក់៧ម៉ឺនដុល្លារ ហើយក្នុងមួយខែត្រូវបង់ការប្រាក់ចំនួន១ពាន់៤រយដុល្លារ ខណៈជីវភាព និងចំណូលរបស់លោកមិនអាចទ្រទ្រង់នូវបំណុលដ៏ធ្ងន់ធ្ងរនេះបាន។
លោកបន្ថែមថា ការស្នើទៅសាលាដំបូង និងសាលាខេត្តកំពតឲ្យដោះលែងលោក ជា សារ៉ន បាននៅក្រៅឃុំបណ្ដោះអាសន្ន ដោយសារតែក្រុមពលរដ្ឋរងគ្រោះយល់ឃើញថា ការដោះលែងឲ្យម្ចាស់ក្រុមហ៊ុននេះនៅក្រៅឃុំ គឺអាចនឹងមានដំណោះស្រាយឆាប់ៗជូនពលរដ្ឋរងគ្រោះ ស្របពេលបច្ចុប្បន្ននេះ ខាងធនាគារមកទារប្រាក់ពីលោករាល់ថ្ងៃ។
លោក សុខឡាង និយាយថា៖ «មកដល់សព្វថ្ងៃគឺជិត៨ខែហើយ គាត់សន្យាថាឲ្យក្រុមហ៊ុនទទួលខុសត្រូវទាំងអស់លើសំណង និងបង់ធនាគារ មិនឲ្យទាមទារអ្វីពីប្រជាពលរដ្ឋទេ តែសព្វថ្ងៃនេះមកដុកដាន់រាល់ថ្ងៃ យើងនៅអត់សុខទេ។ ខ្ញុំលក់អស់ហើយឡាន ម៉ូតូ មាសប្រាក់ យកលុយទៅបង់ធនាគារ ឥឡូវយើងអស់ពីដៃហើយ»។
លោកសុខឡាង បន្ថែមថា ការដាក់ញតិ្តកាលពីថ្ងៃទី២៧កន្លងទៅមិនមានតំណាងខាងសាលាដំបូងចេញមកទទួលញត្តិពលរដ្ឋទេ ហើយព្រឹកថ្ងៃទី២៩នេះ មានពលរដ្ឋជិត២០០នាក់ទៀត មកសុំជួបអភិបាលខេត្តកំពត ដើម្បីសុំកិច្ចអន្តរាគមន៍បន្ថែមលើបញ្ហាបំណុល និងស្នើលោក ជា សារ៉ន នៅក្រៅឃុំបណ្ដោះអាសន្ន។
សុខឡាងនិយាយថា៖ «គាត់អត់ទទួលទេ ដោយសារជា សារ៉ន មានមេធាវីគាត់ ហើយពលរដ្ឋខំមកពីឆ្ងាយសង្ឃឹមលើតុលាការ ហើយពលរដ្ឋអស់សង្ឃឹម។ បើជា សារ៉ន នៅក្រៅឃុំពលរដ្ឋអាចបានសាច់ប្រាក់ខ្លះ និងអាចយកដីខ្លះជាជាងអត់»។
ពលរដ្ឋរូបនេះបញ្ជាក់ថា កំឡុងពេលដែលលោកជា សារ៉នជាប់ឃុំខ្លួន លោកនិងពលរដ្ឋផ្សេងទៀត មិនទទួលបានសំណងណាមួយឡើយសូម្បីតែបន្តិចបន្តួចចាប់តាំងពីខែមេសាមក មានតែសន្យាខ្យល់រហូតដល់ខែធ្នូនេះ។
លោក សុខឡាង អះអាងថា ឈ្មោះរបស់លោកត្រូវបានធនាគារដែលលោកខ្ចីប្រាក់ប្ដឹងទៅតុលាការ ហើយលោកនិយាយថា៖ «ព្រឹកមិញបុគ្គលិកCO មកផ្ទះខ្ញុំថាឈ្មោះខ្ញុំធនាគារប្ដឹងឡើងតុលាការ ខ្ញុំថាបានប្ដឹងតុលាការកាន់តែប្រសើរ ដល់កន្លែងលែងខ្លាចហើយ។ គាត់ប្ដឹងព្រោះយើងខ្ចីច្រើន ខ្ញុំដាក់ប្លង់ដី២ប្លង់»។
សម្រាប់លោក សុខឡាង អ្វីដែលលោកចង់បាន គឺលោក ជា សារ៉ន បានចេញក្រៅឃុំដើម្បីរកមធ្យោបាយសងបំណុលជនរងគ្រោះប្រមាណ៥ពាន់នាក់ បើតាមដែលលោកស្មានមានពលរដ្ឋមកពីខេត្តតាកែវ កំពង់ស្ពឺ កំពត កំពង់ចាម និងភ្នំពេញជាដើម។
លោកថ្លែងថា៖«ខ្ញុំស្នើសុំលោក ជា សារ៉ន ចេញក្រៅឃុំបណ្ដោះអាសន្ន ដើម្បីបានលក់ទ្រព្យសម្បតិ្តគាត់សងមកអតិថិជន អតិថិជនខ្លះគាត់ចង់បានដី និងខ្លះចង់បានលុយ។ ថ្ងៃខ្លះរកតែលុយទិញម្ហូប និងផ្គត់ផ្គង់កូនរៀនមិនបាន ដូច្នេះខ្ញុំស្នើរដ្ឋាភិបាល និងអភិបាលខេត្តជួយដោះស្រាយធនាគារផង កុំហារឡើងប្ដឹងៗ»។

ខេមបូចា ព្យាយាមទាក់ទងទៅបុគ្គលិកតំណាងក្រុមហ៊ុន ជា សារ៉ន ប៉ុន្តែទូរសព្ទជាច្រើនដងមិនមានអ្នកទទួលទូរសព្ទ។
តាមរយៈប្រភពពីពលរដ្ឋរងគ្រោះបានឲ្យដឹងថា ក្រុមហ៊ុនមានបញ្ហាអាចបណ្ដាលមកពីវិបត្តិសេដ្ឋកិច្ចពិភពលោកទើបធ្វើឲ្យការវិនិយោគរបស់ក្រុមហ៊ុនមានបញ្ហាដូច្នេះ។
លោក ឃុត ឧសភា នាយករដ្ឋបាលខេត្តកំពតថ្លែងថា ចំពោះបញ្ហាប្រជាពលរដ្ឋរងគ្រោះអំពីការវិនិយោគជាមួយក្រុមហ៊ុនលោក ជា សារ៉ន អភិបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់ទៅតាមលទ្ធភាព ខណៈបញ្ហានេះបានទៅដល់ដៃតុលាការហើយ។
លោក ឧសភាព បញ្ជាក់ថា៖ «ឯកឧត្តមអភិបាលខេត្តយកចិត្តទុកដាក់ណាស់ តាំងពីចាប់ផ្ដើមរហូតដល់ឥឡូវ ព្រឹកមិញនេះទៀតសោតក៏បានជួបពួកគាត់ដែរ »។
ចំណែកលោក ម៉ាន់ បូរេត អ្នកនាំពាក្យតុលាការខេត្តកំពត បានឲ្យដឹងថាកាលពីថ្ងៃទី២៧ មានពលរដ្ឋពីរក្រុមផ្សេងគ្នាមកសាលាដំបូងខេត្តកំពត។ មួយក្រុមមានគ្នាប្រមាណ១០០នាក់បានដាក់ញត្តិសុំឲ្យតុលាការដោះលែងលោក ជា សារ៉ន នៅក្រៅឃុំ ឯមួយក្រុមទៀតស្នើសុំមិនឲ្យដោះលែង។
លោក បូរេត មានប្រសាសន៍ថា៖ «មួយក្រុមសុំឲ្យដោះលែង មួយក្រុមទៀតថាឲ្យតែមនុស្សនឹងនៅក្នុងហ្នឹង។ រឿងនេះនៅក្នុងកណ្ដាប់ដៃតុលាការកំពុងអង្កេត អ្នកនាំពាក្យមិនអាចប្រាប់អំពីចំណាត់ការរបស់ចៅក្រមកំពុងអង្កេតទេ»។
លោក បូរេត បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមកដាក់ញត្តិសុំឲ្យដោះលែងលោក ជា សារ៉ន នៅក្រៅឃុំមានប្រមាណតែ១០០នាក់ប៉ុណ្ណោះ ខណៈពលរដ្ឋដែលជាជនរងគ្រោះមានជិត៦ពាន់នាក់ តើគិតយ៉ាងម៉េចវិញ?
ចំពោះពលរដ្ឋរងគ្រោះដែលដាក់ញត្តិស្នើទៅសាលាដំបូងខេត្តកំពត ឲ្យដោះលែងលោក ជា សារ៉ន នៅក្រៅឃុំបណ្ដោះអាសន្នបាន ឬមិនបាន គឺអាស្រ័យលើឆន្ទានុសិទ្ធិរបស់តុលាការ ខណៈលោកយល់ឃើញថារដ្ឋាភិបាលគួរតែមានយន្តការទប់ស្កាត់បញ្ហាប្ដឹងពលរដ្ឋ ឬរឹតបន្តឹងច្បាប់ទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាដែលរំលោភបំពានសិទ្ធិមនុស្ស។ នេះបើតាមលោក យន់ ផល្លី មន្ត្រីអង្កេតការនៃអង្គការអាដហុកប្រចាំខេត្តកំពត។
លោក ផល្លី ថ្លែងថា៖ «បញ្ហានេះវាអាស្រ័យលើឆន្ទានុសិទ្ធិរបស់ចៅក្រម ក្នុងករណីដែលគាត់ពិចារណាមើលអាចឲ្យនៅក្រៅឃុំបាន ឬមិនបាន។ តើចៅក្រមគាត់អង្កេតឃើញថាបើឲ្យ ជា សារ៉ន នៅក្រៅឃុំ តើ ជា សារ៉ន មានទ្រព្យសម្បត្តិដោះដូរ ទូទាត់សងពលរដ្ឋរងគ្រោះ និងធនាគារ»។
យោងតាមការសិក្សាមួយរបស់សហព័ន្ធអាល្លឺម៉ង់ និងការអភិវឌ្ឍ(BMZ) កាលពីខែកញ្ញា ឆ្នាំ២០២២ បានរកឃើញថា បញ្ហាជំពាក់បំណុលច្រើនលើសលប់នៅកម្ពុជា នាំឲ្យមានការលក់ដីដោយបង្ខំជាច្រើនករណី ក្នុងកម្រិតមួយ«ខ្ពង់ខ្ពស់» និង«មិនអាចទទួលយកបាន»។ លទ្ធផលបនៃការសិក្សាបង្ហាញថា មានពលរដ្ឋខ្មែរជាង ១៦៧ ០០០នាក់បាននឹងកំពុងលក់ដីដើម្បីសងកម្ចីឥណទានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
ការសិក្សាដដែលបានរកឃើញថា បញ្ហាបំណុល នាំឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមានជាទម្រង់ផ្សេងៗ ដូចជាបណ្តាលឱ្យកុមារបង្ខំចិត្តឈប់ពីការសិក្សាដើម្បីធ្វើការរកប្រាក់ជួយក្រុមគ្រួសារក្នុងការសងបំណុល។
អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បដិសេធថា មកទល់ពេលនេះលោកមិនទាន់ទទួលបានព័ត៌មានជុំវិញបញ្ហាម្ចាស់ធនាគារប្ដឹងផ្ដល់ពលរដ្ឋនោះទេ ហើយលោកបន្តថាអ្វីដែលលោកដឹង គឺតុលាការកោះហៅប្រជាពលរដ្ឋសាកសួរទាក់ទងនឹងបណ្ដឹងដែលព្រះរាជ្យអាជ្ញារប្ដឹងទៅក្រុមហ៊ុន ជា សារ៉ន។
លោក តុងងី ថ្លែងថា៖ «កន្លងមកជាជំហរសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានសមាជិកមួយចំនួនក៏មានការចោទប្រកាន់ចំពោះករណីនឹងដែរ។ ប៉ុន្តែជាគោលជំហរមកពេលបច្ចុប្បន្នប្រសិនជាមានបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយដែលឃុបឃិតជាមួយបុគ្គលិកក្រុមហ៊ុន ជា សារ៉ន ហ្នឹងមែន គ្រឹះស្ថានហិរញ្ញវត្ថុហ្នឹងត្រូវតែទទួលខុសត្រូវចំពោះឥទានរបស់ប្រជាពលរដ្ឋ»។
លោកតុងងីបញ្ជាក់ទៀតថា ក្នុងករណីដែលប្រជាពលរដ្ឋយកកម្ចីទៅវិនិយោគខ្លួនឯង ហើយកុហកខាងមីក្រូហិរញ្ញវត្ថុដើម្បីយកលុយទៅវិនិយោគហើយឲ្យខាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលខុសត្រូវចំពោះរឿងបែបហ្នឹងវាជារឿងមិនត្រឹមត្រូវ មិនយុត្តិធម៌ទេ។
លោក តុងងី ថ្លែងថា៖ «តើអ្នកណាគេជាជនបោកប្រាស់ អ្នកណាគេជាអ្នកខូចខាត ហើយអ្នកណាគេជាអ្នកផ្សំគំនិត។ អ៊ីចឹងគ្រឹះស្ថានដែលគាត់អត់ដឹងរឿងផង ឲ្យទៅចេញលុយជំនួសគេ ទៅខាតជំនួសគេវាអត់ជារឿងត្រឹមត្រូវទេ»។
ដោយឡែក កាលពីខែសីហា ឆ្នាំ២០២៣ ស្ថាប័នឃ្លាំមើលសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានចេញផ្សាយការវាយតម្លៃដំបូងរបស់ខ្លួនលើបណ្ដឹងប្រឆាំងនឹងគ្រឹះស្ថានហិរញ្ញវត្ថុចំនួនប្រាំមួយរបស់កម្ពុជារួមមាន អេស៊ីលីដា អម្រឹត ប្រាសាក់ ហត្ថា LOLC និងធនាគារស្ថាបនា។ គ្រឹះស្ថានហិរញ្ញវត្ថុទាំងនេះកាន់កាប់ទីផ្សារមីក្រូហិរញ្ញវត្ថុនៅកម្ពុជាជាង៧០ភាគរយ។
អង្គការហ៊្វីអាន និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ និងអង្គការសមធម៌កកម្ពុជា អំពាវនាវឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ និងម្ចាស់ជំនួយផ្សេងទៀតនៃវិស័យមីក្រូហិរញ្ញវត្ថុ ឲ្យគោរពការទទួលខុសត្រូវរបស់ពួកគេ និងចាត់វិធានការជាក់លាក់ និងជាបន្ទាន់ ដើម្បីដោះស្រាយស្ថានភាពដែលមិនអាចប្រកែកបាននេះ។
បើតាមលោកសុផល បច្ចុប្បន្ននេះ ពលរដ្ឋជាច្រើននាក់រួមទាំងលោកផងដែរ រងបណ្ដឹងពីធនាគារ ដោយសារតែមិនបានបង់ការប្រាក់សងត្រឡប់ទៅធនាគារជាច្រើនខែ។ ហើយលោករំពឹងថា តុលាការ និងអភិបាលខេត្តកំពត បន្តជួយអន្តរាគមន៍លើករណីនេះ ដើម្បីជួយឲ្យជនរងគ្រោះទទួលបានដំណោះស្រាយសមរម្យ ហើយមានលទ្ធភាពសងបំណុលធនាគារ លោកថ្លែងថា៖ «ធនាគារមួយចំនួនបានប្ដឹងប្រជាពលរដ្ឋយើងឡើងទៅតុលាការហើយ ហើយប្រជាពលរដ្ឋអត់មានលទ្ធភាពអ្វីទេ រួមទាំងខ្ញុំដែរ។ ប្ដឹងយកទៅដាក់គុកឲ្យអស់ទៅ ព្រោះនៅខាងក្រៅក៏វាមិនសុខដែរ បើរកលុយអត់បានផងហ្នឹង»៕









