អ្នកស្រី ស៊ាង ស៊ីណាត ក៏ដូចជាអ្នកជិតខាងច្រើននាក់ទៀតរបស់អ្នកស្រីដែរ បានខ្ចីប្រាក់រាប់ម៉ឺនដុល្លារដើម្បីវិនិយោគក្នុងគម្រោងដីធ្លីរបស់មហាសេដ្ឋីមួយរូប ដែលនាំឱ្យអ្នកស្រីធ្លាក់ទៅក្នុងការជំពាក់បំណុលវណ្ឌក នៅពេលដែលក្រុមហ៊ុននេះឈប់សងប្រាក់ឱ្យមកអ្នកស្រីវិញ។
អ្នកស្រី ស៊ីណាត ដែលពឹងផ្អែកលើប្រាក់កម្រៃប្រចាំខែពីការវិនិយោគដើម្បីសងបំណុលចំនួន ៣០ ០០០ដុល្លារដែលអ្នកស្រីបានជំពាក់ធនាគារ ស្ថាបនា បានឱ្យកូនស្រីអាយុ១៦ឆ្នាំរបស់ខ្លួនឈប់រៀនត្រឹមថ្នាក់ទី១០ រួចហើយធ្វើដំណើរមករាជធានីភ្នំពេញដើម្បីធ្វើការងារជាអ្នកលក់ដូរអាហារ ដើម្បីជួយរកប្រាក់យកមកបង់សងការប្រាក់ប្រចាំខែ ៧៥០ដុល្លារក្នុងមួយខែ ។
អ្នកស្រី ស៊ីណាត បានរៀបរាប់យ៉ាងដូច្នេះ៖ «ខ្ញុំសោកស្ដាយចំពោះរឿងនេះ។ ខ្ញុំមិនចង់ឱ្យកូនស្រីខ្ញុំឈប់រៀនទេ ។» «ខ្ញុំលក់អ្វីៗដែលខ្ញុំមានអស់ហើយ សូម្បីម៉ូតូខ្ញុំក៏លក់អស់ដែរ»។
ប្រជាជនរាប់រយនាក់មកពីខេត្តជាច្រើន ត្រូវបានគេរាយការណ៍ថា បានខាតបង់ប្រាក់រាប់លានដុល្លារអាមេរិក បន្ទាប់ពីនាំគ្នាវិនិយោគទៅលើគម្រោងដីធ្លីដែលត្រូវបានចោទប្រកាន់ថាជាគម្រោងឆបោករបស់ក្រុមហ៊ុនវិនិយោគពិភពដីមាស របស់ឧកញ៉ា ហ៊ី គីមហុង។ អ្នកដាក់ទុនវិនិយោគជាច្រើន ដែលភាគច្រើនមកពីគ្រួសារដែលមានជីវភាពមធ្យមនិងគ្រួសារកសិករដែលមានជីវភាពទាប បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារ ដើម្បីដាក់វិនិយោគនៅក្នុងក្រុមហ៊ុននេះ ហើយឥឡូវនេះ ត្រូវបានបង្ខំចិត្តរិះរកមធ្យោបាយទាំងអស់សង្ឃឹម ដើម្បីរកប្រាក់មកសងបំណុលទាំងនេះវិញ ។ គម្រោងឆបោកនេះឆ្លុះបញ្ចាំងពីការឆបោកផ្សេងៗទៀត ដែលនាំឱ្យមហាសេដ្ឋីអ្នករកស៊ីដទៃទៀត ដូចជា លោក ជា សារ៉ន ជាដើម ត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ កាលពីដើមឆ្នាំនេះ។
សារព័ត៌មាន ខេមបូចា បានជួបសម្ភាសប្រជាជន១០រូបដែលបានដាក់ទុនវិនិយោគក្នុងក្រុមហ៊ុនពិភពដីមាស ដែលនិយាយថា ពួកគេកំពុងរងសម្ពាធយ៉ាងខ្លាំងពីមន្ត្រីឥណទាន – ជាផ្នែកនៃវិស័យមួយដែលកំពុងប្រឈមនឹងការស៊ើបអង្កេតស្រាប់ហើយចំពោះការចោទប្រកាន់ពីការអនុវត្តបែបជញ្ជក់ឈាមនិងបង្ខិតបង្ខំ – ដើម្បីសងបំណុល ដែលនាំឱ្យករណីចំណាកស្រុក កូនបោះបង់ការសិក្សា ការចោទប្រកាន់ពីការធ្វើអត្តឃាត និងការលក់ទ្រព្យសម្បត្តិនិងដីស្រែចម្ការរបស់ពួកគេ។ នៅក្នុងខេត្តកំពតតែមួយ មានបណ្ដឹងជាង ១ ១០០ករណីប្រឆាំងនឹងក្រុមហ៊ុននេះ ហើយគេប៉ាន់ស្មានថា ទឹកប្រាក់ខាតបង់គឺប្រហែល ២១លានដុល្លារ។ នេះបើតាមការឱ្យដឹងពីមន្ត្រីនគរបាល។
សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានសម្ដែងការព្រួយបារម្ភអំពីស្ថានភាពនេះ ប៉ុន្តែ អះអាងថា អាជ្ញាធរនិងក្រុមហ៊ុនត្រូវតែដោះស្រាយបញ្ហានេះ ។ លោក Raymond Sia ប្រធានសមាគមធនាគារកម្ពុជា បានបដិសេធផ្ដល់អត្ថាធិប្បាយ ដោយនិយាយថា លោក«មិនបានទទួលដំណឹង»ពីបញ្ហានេះទេ។
ស្របពេលជាមួយគ្នានេះ នៅក្រោយត្រូវបានចាប់ខ្លួន ចោទប្រកាន់ពីបទឆបោក និងបញ្ជូនទៅមន្ទីរឃុំឃាំងនៅមុនការជំនុំជម្រះទោសកាលពីដើមខែសីហា ឧកញ៉ា គីមហុង ត្រូវបានគេរាយការណ៍ថា បានព្យាយាមសុំនៅក្រៅឃុំ ហើយភរិយារបស់លោកសុំទទូចឱ្យជនរងគ្រោះដកពាក្យបណ្ដឹងវិញសិន ដោយសន្យាថា លោកអាចសងប្រាក់ពួកគេវិញបាន។
លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បាននិយាយថា លោក គីមហុង ស្ថិតនៅក្នុងមន្ទីរឃុំឃាំងនៅឡើយទេ រហូតមកទល់នឹងរសៀលថ្ងៃសុក្រនេះ។
លោក ម៉ា សារីម ដែលបានដាក់វិនិយោគជាមួយក្រុមហ៊ុននេះដែរ បានប្រាប់ ខេមបូចា ថា លោកបានរង់ចាំអស់រយៈពេល ៦ខែ ទើបដាក់ទុនវិនិយោគជាមួយក្រុមហ៊ុន ពិភពដីមាស បន្ទាប់ពីតំណាងទីផ្សាររបស់ក្រុមហ៊ុនបានមកផ្ទះគាត់ជាច្រើនលើកច្រើនសានៅក្នុងឃុំថ្នង ខេត្តកំពត ដើម្បីផ្សព្វផ្សាយពីឱកាសវិនិយោគ និងបង្ហាញពីកំណើននិងប្រាក់ចំណេញដ៏ឆាប់រហ័សរបស់ក្រុមហ៊ុន ។
លោក សារីម បានបញ្ជាក់ថា៖ «គោលការណ៍របស់ក្រុមហ៊ុនពិភពដីមាស គឺថា យើងយកលុយទៅទិញដី ក្រុមហ៊ុនផ្ដល់ការប្រាក់ ៣% រៀងរាល់ខែ ហើយរៀងរាល់ ២៤ខែ ក្រុមហ៊ុនទិញដីនោះមកវិញក្នុងតម្លៃដើម»។ លោកបន្តថា៖ «បុគ្គលិកទីផ្សារបានប្រាប់ខ្ញុំថា… ខ្ញុំមិនចាំបាច់រកស៊ីអីទេ ហើយបានទទួលលុយរៀងរាល់ខែ ។ ពួកគេអះអាងថាជាក្រុមហ៊ុនស្របច្បាប់រដ្ឋាភិបាល ហើយនឹងទទួលខុសត្រូវគ្រប់បែបយ៉ាង ប្រសិនបើមានរឿងអ្វីកើតឡើង»។
លោក សារីម រំឭកថា៖ «លោក [គីមហុង]ជាឧកញ៉ា ហើយឧកញ៉ាមិនធ្វើបាបប្រជាជនទេ» នៅគ្រានោះដែលលោកបានសម្រេចចិត្តខ្ចីប្រាក់ ៤៥ ០០០ដុល្លារពីធនាគារ អេស៊ីលីដា ខណៈដែលបងប្អូនជីដូនមួយរបស់លោក និងប្រហែល ៥០គ្រួសារផ្សេងទៀតនៅក្នុងភូមិព្រៃធ្នង់ បានខ្ចីប្រាក់ច្រើនដើម្បីវិនិយោគផងដែរ។
លោកឱ្យដឹងថា៖ «ការវិនិយោគជាមួយក្រុមហ៊ុនពិភពដីមាស ខ្ញុំអាចនិយាយបានថា ៩០% នៃ[អ្នកវិនិយោគ]សុទ្ធតែខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារ ។ គ្មានអ្នកណាម្នាក់មានលុយផ្ទាល់ខ្លួនទេ ហើយនេះហើយជាបញ្ហាដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់យើង ពីព្រោះយើងអត់មានលុយសងការប្រាក់ប្រចាំខែវិញទេ»។
ប៉ុន្តែ លោក សារីម បានទទួលស្គាល់ថា លោកបានកុហកធនាគារ អេស៊ីលីដា អំពីគោលបំណងនៃកម្ចីរបស់លោក ដោយអះអាងថា កម្ចីនោះគឺសម្រាប់យកមកចាប់ផ្ដើមអាជីវកម្ម ហើយលោកបានទទួលស្គាល់ថា អ្នកជិតខាងរបស់លោកជាច្រើនក៏ទំនងជាកុហកមន្ត្រីឥណទានអំពីគោលបំណងនៃការប្រើប្រាស់កម្ចីនោះដូចគ្នាដែរ។
លោក សារីម បានរំពឹងថា ការវិនិយោគនេះនឹងនាំឱ្យលោកមានចំណូលស្ថិតស្ថេរ និងមានជីវភាពរស់នៅប្រសើរឡើង ហើយក្នុងអំឡុង ៨ខែដំបូងបន្ទាប់ពីបានដាក់វិនិយោគ លោករកចំណូលបានប្រហែល ១ ៣៨០ដុល្លាររៀងរាល់ខែ ពីក្រុមហ៊ុនពិភពដីមាស។ ប៉ុន្តែ ក្រោយមកទៀត ការបង់ប្រាក់ក៏ត្រូវបានបញ្ឈប់នៅខែមេសា ហើយចំណូលរបស់លោក៏ធ្លាក់ចុះយ៉ាងខ្លាំង ។
លោក សារីម លើកឡើងថា លោកនិងសាច់ញាតិបួននាក់ទៀតបានខាតបង់ប្រាក់ជាង ២០០ ០០០ដុល្លារទៅលើការវិនិយោគនេះ ហើយឥឡូវនេះ គ្រួសារលោកកំពុងលក់ដីចម្ការពីរកន្លែងដែលមួយកន្លែងៗ មានទំហំ ២,៥ហិកតា ក្នុងតម្លៃ ២០ ០០០ដុល្លារ និងបានចំណូល ២៣ ០០០ដុល្លារផ្សេងទៀតពីការលក់រថយន្តគ្រួសារមួយគ្រឿង និងឡានដឹកទំនិញពីរគ្រឿងដែលលោកបានប្រើប្រាស់ក្នុងរបរកសិកម្ម–សម្រាប់តែគ្រប់បង់សងការប្រាក់ប៉ុណ្ណោះ។
លោក សារីម បានថ្លែងទៀតថា៖ «ចាប់តាំងពីខែមេសាមក ខ្ញុំលែងទទួលបានប្រាក់ចំណេញទៀតហើយ ហើយក្រុមហ៊ុនសន្យាម្ដងហើយម្ដងទៀត រហូតដល់យើងមកជួបជុំគ្នាដើម្បីដាក់ពាក្យបណ្ដឹង»។ លោកបន្តថា៖ «អ្វីដែលយើងទាំងអស់បារម្ភបំផុត គឺការសងការប្រាក់ត្រឡប់ទៅឱ្យធនាគារវិញ នៅពេលដល់ថ្ងៃកំណត់ត្រូវបង់ យើងទាំងអស់គ្នាត្រូវបង់ការប្រាក់ ហើយវាហួសពីលទ្ធភាពរបស់យើង»។
លោក សារីម បានអះអាងថា យ៉ាងហោចណាស់ មានមនុស្សម្នាក់បានសម្លាប់ខ្លួនដោយសារតែបំណុល ប៉ុន្តែ មេភូមិព្រៃថ្នង លោក គង់ សាន បានបដិសេធថា ពុំមានករណីស្លាប់ ឬការចំណាកស្រុកដែលជំរុញដោយបំណុលនោះទេ។
លោកនិយាយថា ប្រជាជនជាច្រើននៅក្នុងភូមិរបស់លោកបានធ្វើចំណាកស្រុកទៅកាន់ប្រទេសថៃ ដោយសារតែសម្ពាធនៃការត្រូវសងបំណុល ឬកំពុងរៀបចំឯកសារដើម្បីធ្វើដំណើរទៅទីនោះ ហើយលោកផ្ទាល់ខ្លួនក៏កំពុងគិតគូរពីការទៅរកការងារធ្វើនៅទីនោះផងដែរ។
លោក សារីម បានបន្ថែមថា៖ «លុយដែលខ្ញុំជំពាក់ធនាគារក្នុងជាតិនេះ មិនដឹងថា ជាតិក្រោយ ខ្ញុំអាចសងធនាគាររួច ឬអត់នោះទេ»។
វិស័យផ្ដល់កម្ចីខ្នាតតូចបង្វែរការបន្ទោសទៅលើបញ្ហារបស់«កូនបំណុល»
ការជំពាក់បំណុលវណ្ឌកដែលជាលទ្ធផលនៃការវិនិយោគខាងលើ ក៏កំពុងជះឥទ្ធិពលប៉ះពាល់ដល់អ្នកវិនិយោគនៅក្នុងខេត្តផ្សេងទៀតផងដែរ ។ ប្រជាជនមកពីខេត្តកំពង់ស្ពឺមួយរូប ឈ្មោះ អ៊ឹម ចាន់ អាយុ ៤០ឆ្នាំ បានដាក់ទុនវិនិយោគ ១៥ ០០០ដុល្លារ ជាមួយក្រុមហ៊ុនពិភពដីមាស ។
អ្នកស្រី ចាន់ បាននិយាយថា៖ «ខ្ញុំសុំឱ្យកូនប្រុសឈប់រៀន និងជួយសងបំណុលគេ ប៉ុន្តែ គាត់និយាយថា គាត់ចង់រៀនបន្ត ប៉ុន្តែ ឥឡូវនេះ ខ្ញុំត្រូវបង់ទៅឱ្យ [គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ] អម្រឹត ៥០០ដុល្លារក្នុងមួយខែ ហើយខ្ញុំគ្មានសមត្ថភាពបង់សងប្រាក់ចំនួននេះទេ»។ អ្នកស្រី ចាន់ បន្តថា អ្នកស្រីកំពុងជំរុញកូនប្រុសឱ្យរកការងារធ្វើនៅរោងចក្រ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងធនាគារ ស្ថាបនា ពុំបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយជុំវិញករណីអ្នកខ្ចីប្រាក់កំពុងអូសទាញកូនឱ្យឈប់រៀនដើម្បីសងបំណុលនោះទេ ដែលជាការបន្ទរបន្ថែមលើបាតុភាពមួយដែលកត់ត្រាជាឯកសារនៅក្នុងការសិក្សាបរិមាណវិស័យមួយទៅលើកម្ចីខ្នាតតូច ដែលធ្វើឡើងដោយអង្គការសិទ្ធិមនុស្សចំនួន ២ និងចេញផ្សាយកាលពីខែសីហាកន្លងមក។ ស្ថាប័នទាំងពីរ រួមទាំងធនាគារអេស៊ីលីដា និងស្ថាប័នផ្ដល់កម្ចីខ្នាតតូចធំៗបីផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនៃធនាគារពិភពលោក ជុំវិញការចោទប្រកាន់ពីការអនុវត្តការផ្ដល់កម្ចីនិងរបៀបទារបំណុលបែបជញ្ជក់ឈាម។
នាយកផ្នែកប្រតិបត្តិការនៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បាននិយាយថា នៅពេលដែលមន្ត្រីឥណទានដាក់សម្ពាធ និងបង្ខិតបង្ខំឱ្យអ្នកខ្ចី ឬកូនបំណុលលក់ដីស្រែចម្ការ ផ្ទះ ឬអចលនទ្រព្យដើម្បីសងបំណុល វានឹងប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ និងប៉ះពាល់ ដល់លទ្ធភាពរកប្រាក់ចំណូលនាពេលអនាគតរបស់ពួកគេ។ លោកបានបន្ថែមថា អ្នកឱ្យខ្ចីគួរតែធ្វើការបែបសកម្មមុនជាមួយអ្នកខ្ចីដើម្បីដោះស្រាយបញ្ហានេះ។
លោក សំអាត បាននិយាយថា៖ «ប្រជាជនពឹងផ្អែកលើដីធ្លីរបស់ពួកគេដើម្បីចិញ្ចឹមជីវិត ហើយប្រសិនបើមានករណីដែល[មន្ត្រីឥណទាន]បង្ខំប្រជាជនឱ្យលក់ដី វានឹងប៉ះពាល់ធ្ងន់ធ្ងរទៅដល់សិទ្ធិរបស់ពួកគេ ។ ធនាគារគួរតែទុកពេលវេលាឱ្យពួកគេសងបំណុល និងមិនមែនគ្រាន់តែបង្ខំឱ្យពួកគេលក់ដីនោះទេ ធ្វើបែបនេះមិនត្រឹមត្រូវទេ»។
អ្នកនាំពាក្យនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លោក កាំង តុងងី បាននិយាយថា លោកសោកស្ដាយចំពោះកាលៈទេសៈរបស់ជនរងគ្រោះក្នុងករណីក្រុមហ៊ុនពិភពដីមាស និងថា វិស័យមីក្រូហិរញ្ញវត្ថុមិនមានចេតនាផ្ដល់កម្ចីដល់ប្រជាជនដើម្បីទៅវិនិយោគនៅក្នុងក្រុមហ៊ុនដែលរកស៊ីបោកប្រាស់នោះទេ។ ប៉ុន្តែ លោកបាននិយាយថា ការទទួលខុសត្រូវដើម្បីដោះស្រាយបញ្ហានេះស្ថិតនៅលើដៃអាជ្ញាធរ និងថា កូនបំណុលនៅតែមានកាតព្វកិច្ចបំពោះម្ចាស់បំណុលរបស់ខ្លួនដដែល។
លោក តុងងី បានថ្លែងថា៖ «យើងគួរដោះស្រាយជាមួយក្រុមហ៊ុនដែលរកស៊ីបោកប្រាស់ស្របទៅតាមច្បាប់ ហើយអ្វីដែលប្រជាជនគួរធ្វើ គឺយកបញ្ហានេះទៅពិភាក្សាជាមួយធនាគារ និងមើលទៅលើថាតើគេអាចធ្វើអ្វីបានខ្លះស្របទៅតាមលទ្ធភាពរបស់ពួកគេ»។ លោកបន្តថា៖ «ទាល់តែអតិថិជនមានភាពស្មោះត្រង់ ទើបគេអាចរកដំណោះស្រាយបាន និងជៀសវៀងការខ្ចីកម្ចីតាមអនឡាញ ឬកម្ចីឯកជនក្នុងអំឡុងពេលនេះ»។
លោក តុងងី បានបន្ថែមថា៖ «ក្នុងករណីមានការបង្ខិតបង្ខំពីមន្ត្រីឥណទាន សូមដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមូលដ្ឋាន ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីរាយការណ៍ពីភាពអសកម្មរបស់មន្ត្រីមួយចំនួន»។
លោក អ៊ិន ចាន់នី ប្រធានអគ្គនាយកធនាគារ អេស៊ីលីដា ដែលផ្ដល់កម្ចីខ្នាតតូចក្នុងចំនួនដ៏ច្រើនផងដែរនោះ មិនបានឆ្លើយតបនឹងសំណួររបស់ ខេមបូចា ថាតើធនាគារនឹងផ្ដល់ការជួយសង្គ្រោះបំណុល ឬដំណោះស្រាយបំណុលណាមួយទៅដល់អ្នកខ្ចីដែលបានខាតបង់ប្រាក់ និងចំណូលពីការដួលរលំនៃក្រុមហ៊ុនពិភពដីមាសនោះទេ។ ប៉ុន្តែ ជំនួសវិញ លោកបានអះអាងថា ធនាគារអេស៊ីលីដាមិនដែលអនុញ្ញាតឱ្យអតិថិជនខ្ចីប្រាក់សម្រាប់ការទិញដីដើម្បីទុកចំណេញប្រាក់នោះទេ បើទោះបីជាមានភ័ស្តុតាងដូចក្នុងករណីលោក សារីម ក្ដី។
លោក ចាន់នី បានមានប្រសាសន៍ថា៖ «ធនាគារមិនដែលផ្ដល់លុយទៅឱ្យអតិថិជនដើម្បីទិញដី ឬវិនិយោគលើដីធ្លីដូច្នោះនោះទេ មិនដែលទេ មិនដែលកើតឡើងបែបនេះទេ សូមទៅសួរពួកគេចុះ យើងពុំដែលមានគោលនយោបាយបែបនោះទេ»។
លោក តុងងី បានបន្ទោសអាជ្ញាធរមូលដ្ឋានដែលមិនបានចាត់វិធានការទាន់ពេលវេលា រហូតបណ្ដោយឱ្យប្រជាជនរាប់ពាន់នាក់ក្លាយជាជនរងគ្រោះដោយជាប់បំណុលច្រើន និងបាននិយាយថា CMA កំពុងព្យាយាមកោះប្រជុំ«ភាគីពាក់ព័ន្ធ»ដើម្បីដោះស្រាយវិបត្តិរបស់អ្នកដាក់ទុនវិនិយោគទៅលើក្រុមហ៊ុនខាងលើ ដែលរឿងនេះបានកើតឡើងជាច្រើនខែរួចមកហើយ។
លោក តុងងី បានបន្ថែមថា៖ «កន្លងមក មានកិច្ចពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីសម្រាលបញ្ហានេះ ។ ប៉ុន្តែ នៅដំណាក់កាលនេះ មិនទាន់មានផ្លែផ្កាអ្វីនៅឡើយទេ ពីព្រោះភាគីពាក់ព័ន្ធមិនទាន់បានធ្វើការ និងមិនទាន់យល់ពីគ្នាទៅវិញទៅមកនៅឡើយ»។
ស្នងការនគរបាលខេត្តកំពត លោក ចាន់មធុរិទ្ធ បាននិយាយថា លោក«មិនអាចពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះទេ ពីព្រោះវាផុតពីដៃខ្ញុំហើយ ដូច្នេះពួកគេគួរតែរង់ចាំដំណោះស្រាយពីតុលាការ ឬចរចាជាមួយធនាគារ»។
ភរិយារបស់ឧកញ៉ាព្យាយាមបំបិទមាត់អ្នកប្ដឹង
ភរិយារបស់ ហ៊ី គីមហុង លោកស្រី សាន សុធាវីន និងលេខទូរសព្ទរបស់ជំនួយការរបស់ឧកញ៉ា មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ ។ ខេមបូចា បានព្យាយាមទាក់ទងទៅក្រុមហ៊ុន ពិភពដីមាស តាមរយៈលេខទំនាក់ទំនងនៅលើទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រុមហ៊ុន ប៉ុន្តែ ពុំទទួលបានការឆ្លើយតបណាមួយនោះទេ ។
ខណៈដែលទទួលស្គាល់កាលពីខែសីហាថាខ្លួនមិនអាចសងប្រាក់ទៅវិនិយោគិនវិញបានទេ ក្រុមហ៊ុនបានទទូចនៅក្នុងសេចក្ដីថ្លែងការណ៍ជាសាធារណៈថា ខ្លួនជាក្រុមហ៊ុនអាជីវកម្មស្របច្បាប់ ហើយនឹងបំពេញកាតព្វកិច្ចចំពោះអតិថិជនរបស់ខ្លួន ។
លោក សារីម ដែលជាតំណាងឱ្យជនរងគ្រោះនៃករណីឆបោកនេះមកពីខេត្តកំពត បាននិយាយថា លោកស្រី សុធាវីន បានព្យាយាមបញ្ចុះបញ្ចូលអ្នកតំណាងទាំងឡាយឱ្យដកពាក្យបណ្ដឹងប្រឆាំងនឹងស្វាមីរបស់លោកស្រីវិញ និងថា ជនរងគ្រោះជាច្រើនជឿជាក់ថា ពួកគេទំនងជានឹងទទួលបានសំណងមកវិញ ប្រសិនបើលោកចេញពីពន្ធនាគារ ។
លោក សារីម និយាយយ៉ាងដូច្នេះថា៖ «ខ្ញុំអាចនិយាយបានថា យើងស្ម័គ្រចិត្តនៅស្ងៀមស្ងាត់ បន្ទាប់ពីលោក[ឧកញ៉ា]ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ពីព្រោះយើងចង់បានដំណោះស្រាយ តិច ឬច្រើន ប្រសើរជាងអត់សោះ ប្រសិនបើគាត់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ហើយនៅតែមិនទទួលខុសត្រូវទៀត នោះជាកម្មរបស់យើងហើយ»។
អ្នកភូមិម្នាក់ទៀតដែលមកពីខេត្តកណ្ដាលដែរ ឈ្មោះ ថុល សុខន អាយុ ៤២ឆ្នាំ បាននិយាយថា អ្នកស្រីសង្ឃឹមថា ក្រុមហ៊ុននឹងទទួលខុសត្រូវចំពោះកម្ចី ២០ ០០០ដុល្លាររបស់អ្នកស្រីដែលខ្ចីពី អម្រឹត និងបាននិយាយបន្ទរតាមការអះអាងរបស់លោក សារីម ថា លោកស្រី សុធាវីន បានព្យាយាមបញ្ចុះបញ្ចូលអ្នកប្ដឹងឱ្យស្ងាត់ស្ងៀម ។
អ្នកស្រី សុខន បានឱ្យដឹងថា៖ «តិច ឬច្រើន ខ្ញុំនៅតែសង្ឃឹមថា [គាត់នឹងធ្វើបែបនេះ] បន្ទាប់ពីគាត់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ»។ អ្នកស្រីបន្តថា៖ «ភរិយារបស់ ហ៊ី គីមហុង បានសុំឱ្យអ្នកដែលមិនទាន់ប្ដឹង កុំប្ដឹងអី ហើយសុំឱ្យអ្នកដែលបានប្ដឹងរួច ដកពាក្យបណ្ដឹងវិញ»។
អ្នកភូមិម្នាក់ទៀតមកពីខេត្តកំពត ឈ្មោះ អ៊ា លី ដែលបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងលោក គីមហុង ដែរ បាននិយាយថា លោកមិនជឿថា ក្រុមហ៊ុនពិភពដីមាសនឹងដោះស្រាយបញ្ហាពិតប្រាកដទេ ពីព្រោះមើលទៅមានជនរងគ្រោះដល់ទៅរាប់ពាន់នាក់ និងលុយរាប់លានដុល្លារដែលត្រូវសងវិញ ។
លោក លី ដែលបានខ្ចីប្រាក់ពីធនាគារ អេស៊ីលីដា ចំនួន ២០ ០០០ដុល្លារ ដើម្បីវិនិយោគជាមួយក្រុមហ៊ុនខាងលើ ដោយបានការប្រាក់ប្រចាំខែត្រឡប់វិញ ៤០០ដុល្លារក្នុងមួយខែ បាននិយាយថា លោកមិនរំពឹងថាទទួលបានយុត្តិធម៌ពេញលេញទេ និងរំពឹងថា លោក គីមហុង អាចនឹងត្រូវដោះលែងឱ្យនៅក្រៅឃុំក្នុងពេលឆាប់ៗខាងមុខ។
លោក លី បានថ្លែងថា៖ «ខ្ញុំជឿជាក់លើប្រព័ន្ធតុលាការតែ ៥០%ទេ ហើយ ៥០% [លទ្ធផល] ទៀត ខ្ញុំនៅរង់ចាំមើលការចាត់វិធានការរបស់អាជ្ញាធរនៅក្នុងរឿងនេះ»។ លោកបន្ថែមថា៖ «ជនរងគ្រោះភាគច្រើនបំផុតចង់ផ្ដល់ឱកាសឱ្យលោកម្ដងទៀត ប្រសិនបើលោកចង់ដោះស្រាយបញ្ហានេះមែន ប្រសិនបើគាត់មិនចង់ធ្វើដូច្នេះទេ យើងនឹងប្ដឹងគាត់ជាថ្មីម្ដងទៀត»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Victims of Tycoon’s Alleged Land Fraud Turn to Child Labor and Migration To Repay Debt