សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កាលពីថ្ងៃសុក្របានស្នើឲ្យពិនិត្យឡើងវិញចំពោះសេចក្តីសម្រេចរបស់ការិយាល័យភាពអនុលោម ទីប្រឹក្សាដោះស្រាយវិវាទ ក្នុងការស៊ើបអង្កេតលើគ្រឹះស្ថានហិរញ្ញវត្ថុចំនួនប្រាំមួយដែលទទួលបានមូលនិធិពី IFC ហើយគ្រឹះស្ថានទាំង៦នេះផ្តល់ប្រាក់កម្ចីខ្នាតតូចនៅកម្ពុជា។
គ្រឹះស្ថានផ្តល់ប្រាក់កម្ចីធំៗបំផុតនៅកម្ពុជានេះ ប្រឈមមុខនឹងការស៊ើបអង្កេតដែលតាមចោទថា បានរួមចំណែកធ្វើឲ្យខូចខាតអន្តរាយដល់ប្រជាពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់តាមរយៈ «ការអនុវត្តការផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ច និងការរឹបអូសយកទ្រព្យសម្បត្តិមិនសមស្រប» នេះបើយោងតាមការិយាល័យអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ ជាស្ថាប័នឃ្លាំមើលផ្លូវការរបស់ IFC។
គ្រឹះស្ថានហិរញ្ញវត្ថុទាំងប្រាំមួយក៏បានរួមចំណែកដល់ «ការបាត់បង់ដីធ្លី ការបាត់បង់ជីវភាពរស់នៅ អសន្តិសុខស្បៀង» និង «ការគំរាមកំហែងដល់សុខភាព» និងពលកម្មកុមារ នេះបើយោងតាមពាក្យបណ្តឹង ដែលបានប្តឹងកាលពីខែកុម្ភៈឆ្នាំមុនដោយអង្គការសិទ្ធិមនុស្សចំនួនពីរជួសមុខឲ្យសហគមន៍ ដែលរងផលប៉ះពាល់។
អង្គការសិទ្ធិមនុស្ស ដែលបានដាក់ពាក្យបណ្តឹងនេះបានរិះគន់ IFC ដែលបានស្នើឲ្យក្រុមប្រឹក្សាភិបាលរបស់ខ្លួនពិនិត្យឡើងវិញនូវសេចក្តីសម្រេចកាលពីថ្ងៃទី១៣ ខែមិថុនា ដោយការិយាល័យអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទរបស់ខ្លួនក្នុងការបន្តការស៊ើបអង្កេតលើគ្រឹះស្ថានផ្តល់ប្រាក់កម្ចីខ្នាតតូចចំនួន៦ និងមូលនិធិវិនិយោគិនចំនួន៤។
លោកស្រី ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា៖ «ការស៊ើបអង្កេត គឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកយុត្តិធម៌ និងដំណោះស្រាយសម្រាប់ពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ ដែលបន្តរងទុក្ខដោយសារកម្ចីបែបកេងប្រវ័ញ្ច»។ សំណើរបស់អ្នកគ្រប់គ្រង IFC ឲ្យក្រុមប្រឹក្សាភិបាលពិនិត្យឡើងវិញ គឺជាផែនការដ៏អាម៉ាស់មួយ ដើម្បីគេចពីការត្រួតពិនិត្យ បន្ទាប់ពីការិយាល័យអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទបានសម្រេចចិត្តថា ការស៊ើបអង្កេតនេះ គឺសមហេតុផល។
នេះគឺជាលើកទីមួយហើយដែល IFC បានស្នើឲ្យមានការត្រួតពិនិត្យឡើងវិញចំពោះសេចក្តីសម្រេចរបស់ការិយាល័យអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទរបស់ខ្លួនចាប់តាំងពីគោលនយោបាយពិនិត្យឡើងវិញត្រូវបានអនុវត្តក្នុងឆ្នាំ២០២១ នេះបើយោងតាមអង្គការលីកាដូ។ ការពិនិត្យឡើងវិញអាចបញ្ចប់ ឬពន្យារពេលការស៊ើបអង្កេតដែលកំពុងរង់ចាំ។
ការសម្រេចចិត្តរបស់ការិយាល័យអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ ក្នុងការស៊ើបអង្កេតគឺផ្អែកលើ «ការចង្អុលបង្ហាញបឋម» ពីការខូចខាត និងការមិនអនុលោមតាមគោលនយោបាយបរិស្ថាន និងសង្គមរបស់ IFC នេះបើយោងតាមការណែនាំរបស់ការិយាល័យអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ ។
យោងតាមគេហទំព័ររបស់ការិយាល័យអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ បានឱ្យដឹងថា ក្រុមប្រឹក្សាភិបាលរបស់ IFC នឹងមានពេល១០ថ្ងៃនៃថ្ងៃធ្វើការ ដើម្បីពិចារណាលើសេចក្តីសម្រេចរបស់ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ ប៉ុន្តែអាចពន្យាររយៈពេលពិនិត្យ។
គ្រឹះស្ថានទាំងប្រាំមួយ ដែលស្ថិតក្រោមការត្រួតពិនិត្យរួមមាន ធនាគារអេស៊ីលីដា អម្រឹត ប្រាសាក់ ហត្ថា ធនាគារអិលអូអិលស៊ី និងស្ថាបនា ដែលមានចំណែកជាង៧០ភាគរយ នៃទីផ្សារផ្តល់កម្ចីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ហើយជាអ្នកទទួលយ៉ាងសកម្ម នៃមូលនិធិរាប់លានដែលមានទំនាក់ទំនងជាមួយ IFC ដែលគ្រប់គ្រងគម្រោងវិស័យឯកជនរបស់ World Bank Group។
លោក សុខ វឿន នាយកប្រតិបត្តិអិលអូអិលស៊ី ខេមបូឌា ដែលជាប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) មានប្រសាសន៍ថា៖ «ខ្ញុំរីករាយដែលមានអង្គភាពឯករាជ្យ… ធ្វើការលើពាក្យបណ្តឹងនេះ [ដើម្បី] អនុវត្តតាមគោលនយោបាយ របស់ការិយាល័យអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ»។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានប្រសាសន៍ថា៖ «សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកំពុងតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់»។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៥ផ្សេងទៀតដែលមានឈ្មោះក្នុងពាក្យបណ្តឹងនេះ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
អង្គការក្រៅរដ្ឋាភិបាលចំនួនបី រួមទាំងអង្គការលីកាដូ ក៏បានដាក់ពាក្យបណ្តឹងទៅកាន់ក្រុមឃ្លាំមើលរបស់រដ្ឋាភិបាលហូឡង់ប្រឆាំងនឹងក្រុមហ៊ុនអយកូក្រេឌីត (Oikocredit) ជាវិនិយោគិនសង្គម កាលពីខែធ្នូឆ្នាំមុន ដោយចោទប្រកាន់ថា វិនិយោគិននេះ មិនបានធ្វើការត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយដោយសារមានការចោទប្រកាន់ច្រើនឡើងនៅក្នុងឧស្សាហកម្មមីក្រូហិរញ្ញវត្ថុកម្ពុជា។ ក្រុមហ៊ុន Oikocredit បានបោះទុនរាប់សិបលានដុល្លារជាមួយគ្រឹះស្ថានប្រាសាក់ អិលអូអិលស៊ី និងអម្រឹត។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សង្គមស៊ីវិល និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន រួមជាមួយនឹងការសិក្សា ដែលឧបត្ថម្ភដោយរដ្ឋាភិបាលបានរកឃើញថា មានការលក់ដីធ្លីដ៏រាលដាលដោយសារតែបំណុលហួសហេតុដែលទាក់ទងនឹងប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិ នៃអង្គការសមធម៌កម្ពុជាបានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថា ការស៊ើបអង្កេត [IFC] នេះ អាចដំណើរការទៅមុខបានឆាប់ៗនេះ ដើម្បីជំរុញដល់សិទ្ធិទទួលបានដំណោះស្រាយរបស់អ្នកខ្ចីឥណទាន និងចាប់ផ្តើមដោះស្រាយការខូចខាតធ្ងន់ធ្ងរនានា ដែលបណ្តាលមកពីការវិនិយោគទាំងនេះ»។ លោកបានបន្ថែមថា៖ «ពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់នៅតែបន្តរងគ្រោះពីផលប៉ះពាល់នៃវិស័យមីក្រូហិរញ្ញវត្ថុ និងកម្ចីឥណទានខ្នាតតូចនៅកម្ពុជា ហើយយើងនឹងរង់ចាំធ្វើការជាមួយក្រុមការងារពីការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតមានជាបន្តបន្ទាប់នេះ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ IFC Requests Review of Watchdog’s Decision to Investigate Six Cambodian Microlenders