អង្គការដែនដីមនុស្ស- ហូឡង់ប្រចាំកម្ពុជា (TdH NL) បានឲ្យដឹងថាឪពុកម្ដាយដើរតួយ៉ាងសំខាន់ក្នុងការការពារកូនៗពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ។ អង្គការក៏បានធ្វើយុទ្ធនាការមួយដែរកាលពីឆ្នាំមុនដើម្បីពង្រឹងការយល់ដឹងអំពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ។ អង្គការក្រៅរដ្ឋាភិបាលមួយនេះក៏បានជំរុញឲ្យឪពុកម្ដាយយកចិត្តទុកដាក់លើកូនៗឲ្យបានច្រើនចំពោះសកម្មភាពលើអនឡាញរបស់ពួកគេ ព្រមទាំងជជែកអំពីបញ្ហាសុវត្ថិភាព និងជំរុញកូនៗឲ្យស្វែងរកជំនួយបើបានជួបការបំពានតាមអនឡាញណាមួយ។
លោកស្រីZoe De Melo ប្រធានគម្រោងការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៃអង្គការ ដែនដីមនុស្ស- ហូឡង់ (Terre des Hommes Netherlands) ប្រចាំកម្ពុជាមានប្រសាសន៍ថាយុទ្ធនាការមានគោលបំណងលើកកម្ពស់ការយល់ដឹងទាក់ទងនឹងហានិភ័យលើកុមារ ឥរិយាបថប្រកបដោយសុវត្ថិភាពលើប្រព័ន្ធអនឡាញ ខណៈដែលមានការជំរុញឲ្យមានការជជែកពីសុវត្ថិភាពលើអនឡាញ។
យុទ្ធនាការនេះក៏មានគោលបំណងកសាងទំនាក់ទំនងជាវិជ្ជមានរវាងឪពុកម្ដាយ និងកូនៗ ដែលអាចអនុញ្ញាតឲ្យមានការជជែកដោយចំហអំពីការរំលោភបំពានតាមប្រព័ន្ធអនឡាញលើកុមារ។
យុទ្ធនាការរបស់អង្គការ ដែនដីមនុស្ស- ហូឡង់ប្រចាំកម្ពុជា បានចាប់ដៃគូជាមួយអង្គការសេរីភាពកម្ពុជា- អូស្រ្តាលី (AusCam Freedom Project) ដែលជាអង្គការធ្វើការលើសិទ្ធិស្រ្តី និងការប្រឆាំងការជួញដូរមនុស្ស ដែលផ្ដោតលើក្រុមគោលដៅជាអនីតិជនមានអាយុ១២ទៅ១៧ឆ្នាំ និងឪពុកម្ដាយ ឬអាណាព្យាបាល។
ឆ្លើយសំណួរខេមបូចាតាមរយៈអ៊ីម៉ែល លោកស្រី Zoe De Melo បានផ្ដល់ជាអនុសាសន៍ដល់ឪពុកម្ដាយដែលមានចំណេះដឹងខាងបច្ចេកវិទ្យាថ្មីៗ ជជែកដោយចំហជាមួយកូនៗពីផលវិជ្ជមាន និងអវិជ្ជមានរបស់ប្រព័ន្ធអនឡាញ។ បើសិនជាមានការគាំទ្រពីឪពុកម្ដាយ កូនៗនឹងហ៊ាននិយាយមុនពេលមានការរំលោភបំពានណាមួយកើតឡើង ហើយក៏អាចនឹងរាយការណ៍ទៅភាគីពាក់ព័ន្ធពីរឿងនេះបានទៀតផង។
ជាធម្មតា ក្មេងស្រីមួយចំនួនអាចមានអារម្មណ៍កណ្ដោចកណ្ដែង និងតប់ប្រមល់ ហើយក៏ចាប់ផ្ដើមស្វែងរកមិត្តតាមប្រព័ន្ធអនឡាញ ឬរកមិត្តប្រុស ប៉ុន្តែការទទួលយកមិត្តតាមប្រព័ន្ធអនឡាញដោយចៃដន្យបែបនេះអាចនាំឲ្យមានការរំលោភបំពានណាមួយកើតឡើង ដែលនេះជាករណីទូទៅដែលលោកស្រីបានជួបប្រទះពេលបំពេញការងារ។
លោកស្រីសរសេរបន្ថែមថា៖ «បច្ចុប្បន្ន ទោះបីជារូបភាពធម្មតា ក៏ត្រូវជនខិលខូចអាចយកទៅបង្កើតជារូបភាពមិនសមរម្យបានដែរ ដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬAI»។
កម្មវិធីរាំជាក្រុម ឬ Flash mob ត្រូវបានរៀបចំឡើងនៅចុងបញ្ចប់នៃយុទ្ធនាការ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសទិវាកុមារីអន្តរជាតិ និងបានផ្សាយលើទំព័រហ្វេសប៊ុករបស់អង្គការសេរីភាពកម្ពុជា- អូស្រ្តាលី កាលពីពីរបីខែមុន។ កម្មវិធី Flash mob គឺជាគំនិតច្នៃប្រឌិតមួយរបស់ក្រុមការងារដើម្បីបង្ហាញពីការតាំងចិត្ត និងការខិតខំផ្សព្វផ្សាយសារតាមប្រព័ន្ធអនឡាញអំពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ។
លោកស្រី De Melo សរសេរទៀតថា៖ «នៅមានយុទ្ធការជាច្រើនទៀតដែលនឹងត្រូវរៀបចំនៅក្នុងឆ្នាំ២០២៤ ជាក់ស្ដែងយើងនឹងរៀបចំយុទ្ធនាការក្នុងទិវាសុវត្ថិភាពអនឡាញនៅក្នុងខែកុម្ភៈ នេះ»។
ការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ ជាទម្រង់មួយនៃអំពើហិង្សាផ្លូវភេទដែលជាប់ពាក់ព័ន្ធនឹងប្រព័ន្ធអនឡាញ ហើយក្មេងស្រីជាជនរងគ្រោះចម្បងគេក្នុងទម្រង់នៃអំពើហិង្សាមួយនេះ។ អង្គការ ដែនដីមនុស្ស- ហូឡង់ប្រចាំកម្ពុជា បានចាប់ផ្ដើមធ្វើការលើបញ្ហានេះតាំងពីឆ្នាំ២០១៧ ដោយផ្ដោតសំខាន់លើទម្លាប់ដែលក្មេងស្រីមិនសូវមានសិទ្ធិនិយាយស្ដី ហើយជាលទ្ធផលធ្វើឲ្យក្មេងស្រីក្លាយជាជនរងគ្រោះ និងរងការស្ដីបន្ទោស។
ក្មេងស្រីក្លាយជាជនរងគ្រោះបន្ទាប់ពីត្រូវគេបោកបញ្ឆោត បង្ខិតបង្ខំ ឬគំរាមឲ្យចែករំលែករូបភាពអាក្រាតកាយ ឬក៏មានការរៀបចំឲ្យជួបមនុស្សប្លែកមុខនៅកន្លែងណាមួយ ហើយក្មេងស្រីក៏ត្រូវគេបំពានផ្លួវភេទ ឬត្រូវរំលោភសេពសន្ថវៈ ជាដើម។
លោកស្រី De Melo សរសេរបន្ថែមទៀតថា៖ «ទោះបីជាមានការពិបាកក្នុងការផ្ដល់តួលេខជាក់លាក់សម្រាប់កម្ពុជា យើងក៏អាចដឹងបានថា៩៦ភាគរយនៃការសំលោភបំពានលើកុមារតាម រយៈ មធ្យោបាយផ្សេងៗដូចជាតាមរូបភាព ឬ វីដេអូ គឺកើតលើក្មេងស្រីភាគច្រើន ហើយការរំលោភបំពានតាមរូបភាពបែបនេះកើនឡើងជារៀងរាល់ឆ្នាំ»។
បើតាមការសិក្សារួមគ្នាមួយដែលមានចំណងជើងថា «ការបញ្ឈប់គ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា» ធ្វើឡើងដោយអង្គការយូនីសេហ្វ និងអង្គការអន្តរជាតិពីរផ្សេងទៀត បានរកឃើញថា កុមារដែលរងការរំលោភបំពាន និងការកេងប្រវ័ញ្ចតាមអនឡាញនៅមានមួយចំនួនមិនទាន់បង្ហាញមុខ។
កុមារច្រើនមានភាពស្ទាក់ស្ទើរក្នុងការទម្លាយពីបញ្ហាដែលបានជួបប្រទះ ដោយពួកគេមានអារម្មណ៍ភ័យខ្លាច ខ្មាសអៀន និងមិនស្រួលចិត្តពេលនិយាយដោយចំហអំពីរឿងរួមភេទ និងសុខភាពផ្លូវភេទ ពិសេសពេលរងការបៀតបៀនពីសមាជិកគ្រួសារណាមួយ។ ក្នុងករណីនេះ មានកុមាររហូតដល់២៣ភាគរយដែលជ្រើសរើសមិនជូនដំណឹងទៅអ្នកដទៃពីអ្វីដែលបានកើតឡើងទាក់ទងនឹងរឿងផ្លូវភេទ។
កញ្ញា ផល ឧស្សាហ៍ វ័យ២៥ឆ្នាំ ជាអ្នករស់នៅក្រុងភ្នំពេញ បានប្រាប់ខេមបូចាថាឪពុកម្ដាយរបស់កញ្ញា មិនសូវមានចំណេះដឹងអំពីការប្រើប្រាស់បណ្ដាញសង្គមនោះទេ។ ដូចនេះ កញ្ញា ជាអ្នកតាមដានសកម្មភាពលើអនឡាញរបស់ប្អូនស្រី ដែលបច្ចុប្បន្នមានវ័យ២០ឆ្នាំ។
កញ្ញា ឧស្សាហ៍ បន្ថែមថា កញ្ញាតែងតែតាមដានផ្លូវចិត្តប្អូនស្រី និងផ្ដល់ជាដំបូន្មានដល់ប្អូនស្រីឲ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់បណ្ដាញសង្គមដូចជាហ្វេសប៊ុក Instagram និងTik Tok ជាដើម។
កញ្ញាឲ្យដឹងថា៖ «ឪពុកម្ដាយខ្ញុំមានវ័យចំណាស់ហើយ។ ពួកគាត់រវល់តែរកស៊ី។ ប៉ុន្តែខ្ញុំជាកូនស្រីច្បង ដូចនេះ ខ្ញុំត្រូវតែមើលថែប្អូនស្រី និងឲ្យដំបូន្មានដល់នាងពីរបៀបដែលគួរប្រើបណ្ដាញសង្គម»។
កញ្ញាបន្តថា៖ «ខ្ញុំបារម្ភអំពីសុវត្ថិភាពរបស់នាង ពីព្រោះនាងនៅក្មេង ហើយនាងក៏កំពុងប្រើបណ្ដាញសង្គមច្រើនប្រភេទផង។ ដូចនេះខ្ញុំបារម្ភថាវាអាចមានការបំពានផ្លូវភេទ»។
ជាសិស្សវ័យ១៨ឆ្នាំ និងជាអ្នកភ្នំពេញផង ហេង សុគន្ធា ឲ្យដឹងដែរថាឪពុកម្ដាយរបស់ខ្លួនជាបុគ្គលសំខាន់ក្នុងការផ្ដល់ប្រឹក្សា និងជួយដោះស្រាយបញ្ហាផ្សេងៗ។
យុវសិស្សរូបនេះបន្តថា៖ «ប៉ាម៉ាក់ពិតជាសំខាន់ណាស់ ពីព្រោះពួកគាត់មើលថែពួកយើង ដូចនេះខ្ញុំគិតថាពេលយើងជួបបញ្ហាទាំងនោះ ប៉ាម៉ាក់របស់យើងជាអ្នកជួយ»។
សុគន្ធា ឲ្យដឹងទៀតថាម្នាក់ៗប្រើប្រាស់អ៊ីនធឺណិតក្នុងគោលបំណងផ្សេងៗគ្នា ដែលមានទាំងគុណប្រយោជន៍ និងគុណវិបត្តិ អាស្រ័យលើការប្រើប្រាស់របស់មនុស្សម្នាក់ៗ។ សម្រាប់អ្នកដែលមិនបានដឹងពីសុវត្ថិភាពអនឡាញ ពួកគេអាចនឹងធ្លាក់ក្នុងការគេងប្រវ័ញ្ចតាមអនឡាញ ជាពិសេសគឺក្មេងស្រី។
សុគន្ធា បន្ថែមថា៖ «ខ្ញុំគិតថាជនរងគ្រោះអាចជាក្មេងស្រី ឬក្មេងប្រុស បើទោះបីជាក្មេងស្រីងាយរងគ្រោះជាងក្មេងប្រុសក្ដី។ ខ្ញុំមិនដឹងពីវិធីការពារខ្លួនពីការរំលោភបំពានតាមអនឡាញទេកាលពីមុនមក ហើយវាពិតជាគួរឲ្យបារម្ភក្នុងការប្រើប្រាស់អ៊ីនធឺណិត ប៉ុន្តែពេលនេះខ្ញុំបានដឹងពីវិធីការពារខ្លួនហើយ»។
ពេលបានដឹងពីរបៀបការពារខ្លួនពីការរំលោភបំពានតាមអនឡាញហើយ យុវសិស្សរូបនេះក៏ចង់ឃើញយុវវ័យផ្សេងទៀតរៀនសូត្រពីរឿងនេះឲ្យបានច្រើន ដើម្បីការពារខ្លួនពីគ្រប់ទម្រង់នៃការកេងប្រវ័ញ្ច។ យុវត្តីរូបនេះ ក៏ជំរុញឲ្យអ្នកដែលកំពុងប្រឈមបញ្ហាបែបនេះ ចែករំលែកបញ្ហារបស់ខ្លួនទៅកាន់ឪពុកម្ដាយ និងស្វែងរកជំនួយពីស្ថាប័នពាក់ព័ន្ធ។
យុវតី សុគន្ធា បន្តថា៖ «ខ្ញុំគិតថាយើងគួរប្រាប់បញ្ហារបស់យើងទៅឪពុកម្ដាយ ពីព្រោះពួកគាត់ជាមនុស្សមានហេតុផល និងចេះដឹងច្រើន»។
ក្រៅពីនេះ យុវតីរូបនេះក៏សង្ឃឹមថាអង្គការមិនមែនរដ្ឋាភិបាល និងរដ្ឋាភិបាលបន្តបង្កើនការយល់ដឹងអំពីបញ្ហានេះឲ្យកាន់តែទូលំទូលាយ។ សុគន្ធា ថា៖ «ខ្ញុំចង់ឲ្យពួកគាត់បន្តកិច្ចខិតខំបន្ថែមទៀត ដើម្បីលើកកម្ពស់ការយល់ដឹងលើហានិភ័យការរំលោភបំពានផ្លូវភេទលើកុមារតាមអនឡាញ»។
បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងរៀបចំធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការគាំពារកុមារ ដោយក្នុងនោះមានមាត្រាជាច្រើនសង្កត់ធ្ងន់លើការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ។ លោកស្រី De Melo សង្ឃឹមថាច្បាប់នេះនឹងអាចដាក់ចេញឲ្យអនុវត្តបានឆាប់ដើម្បីការពារកុមារកម្ពុជា។
ក្នុងឆ្នាំ២០២១ រដ្ឋាភិបាលបានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការឈានទៅបញ្ចប់អំពើហិង្សាលើកុមារនៅឆ្នាំ២០៣០។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រាប់ខេមបូចាថា ក្រៅពីការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការគាំពារកុមារ ក្រសួងក៏បានសហការជាមួយក្រសួងកិច្ចការនារី និងអង្គការសង្គមស៊ីវិលផ្សេងទៀតធ្វើការលើការរំលោភបំពានផ្លូវភេទកុមារលើអនឡាញផងដែរ។
លោកថាឪពុកម្ដាយ ក៏ដូចជាសហគមន៍ គឺត្រូវបានលើកទឹកចិត្តឲ្យចំណាយពេលស្វែងយល់ពីបញ្ហានេះ ដោយថាវាមិនមែនជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលតែឯងនោះទេ។
យ៉ាងណា លោក ចាន់នី នៅមិនទាន់ច្បាស់ទេថាសេចក្ដីព្រាងច្បាប់នេះអាចនឹងបញ្ចប់នៅពេលណានោះ ហើយលោកថាសង្គមទាំងមូលដើរតួយ៉ាងសំខាន់ក្នុងការការពារការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ។
ដូចគ្នាដែរ កាលពីឆ្នាំ២០២២ ការសិក្សារបស់អង្គការយូនីសេហ្វ ដែលបានត្រួតពិនិត្យដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមាររបស់ក្រសួងសង្គមកិច្ច ក៏បានរកឃើញពីបញ្ហាប្រឈមរបស់កុមារដែលមិនដឹងថាត្រូវទៅណា ឬរកអ្នកណាជួយពេលពួកគេជួបបញ្ហាកេងប្រវ័ញ្ច ឬបៀតបៀនតាមអនឡាញ។
បន្ថែមពីនេះ ការសិក្សាបញ្ជាក់ថាកុមារម្នាក់ក្នុងចំណោម១០នាក់បានរងគ្រោះពីការកេងប្រវ័ញ្ចនេះ ក្នុងនោះក្មេងស្រីរងគ្រោះច្រើនជាងក្មេងប្រុស។
ការសិក្សាក៏បង្ហាញដែរថា១១ភាគរយនៃអនីតិជន ដែលបានប្រើប្រាស់អ៊ីនធឺណិត បានរាយការណ៍ថាធ្លាប់ជួបមាតិកាមិនសមរម្យនៅលើអនឡាញពាក់ព័ន្ធនឹងការបៀតបៀន និងកេងប្រវ័ញ្ចផ្លូវភេទក្នុងឆ្នាំ២០១៩។
ពេលគណនាតួលេខផ្អែកលើក្រុមអាយុទៅនឹងចំនួនប្រជាជនសរុបរបស់កម្ពុជា បានបង្ហាញថាក្មេងៗប្រហែល១៦០ ០០០នាក់បានរងនូវអំពើបៀតបៀន និងកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ។
លោកស្រី ប៊ូ សោភណ្ឌ អគ្គលេខានៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NGO Asks Parents To Encourage Children To Talk About Online Sexual Abuse, Exploitation