សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ក្រសួងយុត្តិធម៌ដាក់ចេញយុទ្ធនាការពន្លឿនសវនាការ និងពិនិត្យមើលភាពមិនប្រក្រតី

មន្ត្រីដុតបំផ្លាញគ្រឿងញៀន៥តោនក្នុងពិធីមួយនៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង
មន្ត្រីដុតបំផ្លាញគ្រឿងញៀន៥តោនក្នុងពិធីមួយនៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ក្រសួងយុត្តិធម៌បានដាក់ចេញនូវយុទ្ធនាការចំនួនពីរ ដើម្បីពន្លឿនដោះស្រាយរឿងក្តីនៅតាម​តុលាការ និងយុទ្ធនការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីបង្កើនតម្លាភាព និងគុណភាព។ យុទ្ធនាការទាំងពីរ​​ ដែល​រួម​ទាំង​​​ការ​រៀបចំក្រុមការងារ​ដោះ​ស្រាយ​វិវាទ​​ក្រៅ​តុលាការផងនោះ ​ត្រូវ​បាន​ក្រុម​សង្គម​ស៊ីវិល​កោត​សរសើរ​។

អំឡុង​សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ មានប្រសាសន៍ថា ក្រសួងបានកត់សម្គាល់ឃើញថា ចំនួនសំណុំរឿងនៅក្នុងតុលាការមានការកើនឡើងជាលំដាប់ ដែលទាមទារ​ឱ្យមន្ត្រីតុលាការពន្លឿនសំ​ណុំ​រឿងទាំងនេះ​។ 

លោក​មាន​ប្រសាសន៍​​ថា៖​ «​ការ​សម្រេច​ចិត្ត​អនុវត្ត​កិច្ចការទាំងពីរក្នុងទម្រង់ជាយុទ្ធនាការ ដើម្បី​​ពន្លឿន​សេវា​តុលាការធានាបានប្រសិទ្ធភាពខ្ពស់ និង​ក្រើន​រំឭក​​មន្ត្រី​តុលាការទាំងអស់​ឲ្យ​ពន្លឿន​ការ​ដោះស្រាយឱ្យបានទីមួយលឿនឆាប់រហ័ស ទីពីលឿនត្រឹមត្រូវ និងទីបីយុត្តិធម៌​ គឺ​ជា​ការ​ចាំបាច់»។

ក្រសួងបានបង្កើតក្រុមការងារ​ ដើម្បីពន្លឿនការដោះស្រាយសំណុំរឿងនៅតាមតុលាការ ដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ​លោក ជីវ សុងហាក់ ខណៈយុទ្ធនាការមួយទៀត ដែល​ពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី គឺដឹកនាំដោយលោក ឡុង នរិន្ទ។

លោករដ្ឋមន្ត្រីបានមាន​ប្រសាសន៍​ថា យុទ្ធនាការមួយក្នុងចំណោម​យុទ្ធនាការ​ទាំង​ពីរ​នេះ នឹងផ្តោតលើការដោះស្រាយសំណុំរឿងក្នុងវិស័យធំៗចំនួនបី គឺករណីគ្រឿងញៀន ចរាចរណ៍ និងសំណុំរឿងរដ្ឋប្បវេណី។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣​ ករណីគ្រឿងញៀនមានចំនួន១៤.៧១៥សំណុំរឿង​ ដែលស្មើនឹងជាង៦៦ភាគរយ​ នៃសំណុំរឿង​ឧក្រិដ្ឋសរុប។ សំណុំរឿង​​រដ្ឋប្បវេណី ជាពិសេស​ករណី​ពាក់ព័ន្ធ​នឹង​បណ្តឹង​សំបុត្រ​កំណើត​មាន​ចំនួន ៦០០០សំណុំរឿង​ ឬ ២៣ ភាគរយ​។

លោកបានមានប្រសាសន៍ថា៖ «យើងយល់ថា បញ្ហាគ្រឿងញៀន គឺជាកង្វល់របស់ជាតិ ព្រោះគ្រឿងញៀនមិនត្រឹមតែបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គម សុខភាព និងសន្តិសុខសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាបានបំផ្លាញធនធានមនុស្សនៅកម្ពុជាផងដែរ» ។ លោក បាន​មាន​ប្រសាសន៍​បន្ថែម​ថា៖ «ទំហំ​នេះ​ធំ​ណាស់​ ដូច្នេះ​យើង​ត្រូវ​ពិនិត្យ​មើល​ពី​គ្រោះ​ថ្នាក់​នៃ​ [បញ្ហា​គ្រឿង​ញៀន] ​នេះ»។

កាល​ពី​ខែ​មិថុនាឆ្នាំ​មុន​ លោក ស ខេង អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃបាន​ទទួល​ស្គាល់​ថា មាន​ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​ថ្នាំ​ញៀន និងសារធាតុ​​​គីមីផ្សំ​ចូលមក​ប្រ​ទេស​កម្ពុជា។

ស្របពេលជាមួយគ្នា​នេះ លោកបានពន្យល់ថា ការដោះស្រាយវិវាទ​ក្រៅប្រព័ន្ធ​តុលា​ការ ដើម្បីសម្រុះសម្រួលវិវាទនឹងមិនអាច​កើតឡើង ដោយគ្មានការយល់ព្រមពីភាគីទាំងសងខាងនោះទេ ហើយពួកគេនៅតែអាចបន្តដំណើរការសវនាការនៅ​តុលាការ​បាន ដោយ​អាស្រ័យលើការសម្រេចចិត្ត​របស់ដើមបណ្តឹង និងចុង​ចោទ​។

ទាក់ទងនឹងភាពមិនប្រក្រតីណាមួយ (ការប្រព្រឹត្តមិនត្រឹមត្រូវ​របស់មន្ត្រីតុលា​ការ​) នៅក្នុងសវនាការ លោក កើត រិទ្ធ បានលើកទឹកចិត្តជនរងគ្រោះឱ្យដាក់ពាក្យបណ្តឹងទៅក្រុមការងារដែលនឹងពិនិត្យមើល​លើបណ្តឹងទាំងនេះ។

លោក បានមាន​ប្រសាសន៍ថា៖ «[ខ្ញុំ] សូម​បញ្ជាក់​ថា ប្រសិនបើមានភាពមិនប្រក្រតីណាមួយ យើងត្រូវឆ្លើយតបជាមួយនឹងដំណោះស្រាយ និងវិធានការ […] បុគ្គលដែលបានប្រព្រឹត្តខុស [អំពើ] នឹងត្រូវពិន័យ ឬទទួល​ទណ្ឌកម្ម​ អាស្រ័យលើកម្រិត នៃអំពើខុសឆ្គងរបស់ខ្លួន​»​។

បើទោះជាមិនមានការលើកឡើងពីលោករដ្ឋមន្ត្រីក៏ដោយ ក៏ក្រុមការងារទទួលបន្ទុកភាពមិនប្រក្រតី កើត​មាន​បន្ទាប់ពី​មាន​របាយការណ៍របស់សមាគមការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) កាលពីដើមខែនេះ ដែលចោទប្រកាន់ចៅក្រម និងព្រះរាជអាជ្ញាថា បាន​ប្រព្រឹត្តខុសចំនួន១៦ករណី អំឡុងពេល​សវនាការ។

ការរកឃើញ ដែលត្រូវបានធ្វើឡើងដោយផ្អែកលើការត្រួតពិនិត្យនៅនឹងកន្លែងនៅតាម​សាលាដំបូងរាជធានី និងខេត្តចំនួន២០ ត្រូវបានច្រានចោលដោយក្រសួងយុត្តិធម៌​កាលពីសប្តាហ៍មុនថា “មិនច្បាស់លាស់” និងខ្វះគុណភាព។

បើតាម​លោក​រដ្ឋមន្ត្រី កើត រិទ្ធ ​​​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅប្រព័ន្ធតុលាការ នឹង​ចាប់ផ្តើម​ទទួល​ពាក្យបណ្ដឹង​នៅ​ថ្ងៃទី​១ ខែមីនា​។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ស្វាគមន៍ចំពោះយុទ្ធនាការរបស់ក្រសួងក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីកសាងទំនុកចិត្តពីសាធារណជន​។

លោកមាន​ប្រសាសន៍ថា៖ «យើង​គាំទ្រ​វិធានការ​របស់​ក្រសួង។ ប៉ុន្តែអ្វីដែលសំ​ខាន់​ជាងនេះទៅទៀត យើងត្រូវដឹងថា តើក្រសួង​បានបង្កើតវិធានការជាក់លាក់ដើម្បីពិនិត្យមើលភាពមិនប្រក្រតីរបស់ចៅក្រម និងព្រះរាជអាជ្ញានៅក្នុងសវនាការរបស់តុលាការដែរឬទេ?»។ 

លោក សែនករុណា​ បានមានប្រសាសន៍ថា៖ «ទោះជាយ៉ាងណា​ វាជាការក្រើនរំលឹកដ៏ល្អមួយចំពោះអ្នកអនុវត្តច្បាប់ [មន្ត្រីតុលាការ] ឱ្យយកចិត្តទុកដាក់បន្ថែមទៀត និងធានាថា ពួកគេមិនប្រព្រឹត្ត​កំហុស»។

ទន្ទឹមនឹងនោះ លោកបានចោទសួរថា តើក្រុមការងារ ឬគណៈកម្មការអាចដោះស្រាយវិវាទក្រៅ​តុលាការបានឬទេ ហើយថា តើ​ពួកគាត់​មានអំណាចក្នុងការសម្រេចចិត្តត្រឹមត្រូវទាក់ទងនឹងវិវាទដីធ្លី ដែលពាក់ព័ន្ធនឹងបុគ្គលមានអំណាច ឬពាណិជ្ជករដែល “រំលោភ” ដីអ្នកភូមិដែរឬទេ​។

លោកបានមានប្រសាសន៍ថា៖ «យើងបានឃើញ ធនធានមនុស្សរបស់អ្នកប្រតិបត្តិ ជាប្រតិបត្តិករ នៅខ្វះឯករាជ្យភាព និងអព្យាក្រឹត្យភាព» ដោយលើកឡើងពីករណី​ ដែលអ្នក​មានអំណាច ឬជាមន្ត្រីជាន់ខ្ពស់តែងតែគេចផុតពីទណ្ឌ​កម្ម​។

លោកបានមានប្រសាសន៍ថា៖ «យើងបានឃើញ [របៀប] ធនធានមនុស្ស [ដើរតួ​នា​ទី​] ជាប្រតិបត្តិករ [ប៉ុន្តែ] ខ្វះឯករាជ្យភាព និងអព្យាក្រឹត្យភាព” ដោយលើកឡើងពីករណី​ ដែលអ្នក​មានអំណាច ឬជាមន្ត្រីជាន់ខ្ពស់តែងតែគេចផុតពីទណ្ឌ​កម្ម​។

ដោយ​គាំ​ទ្រ​ការ​លើក​ឡើង​របស់​លោក សែន​ករុណា លោក ហ៊ុន ស៊ាងហាក់ អ្នក​សម្រប​សម្រួល​គម្រោង​សិទ្ធិ​ទទួលបាន​ការ​ជំនុំជម្រះ​ដោយ​​យុត្តិធម៌​នៅ​ CCHR និង​ជា​តំណាង​គម្រោង​ឃ្លាំ​មើល​សេរីភាព​ជា​មូលដ្ឋាន​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​អព្យាក្រឹត្យ​ភាព​ និង​ឯករាជ្យ​ភាព​របស់​ចៅក្រម។

លោក ស៊ាងហាក់ ​បាន​មាន​ប្រសាសន៍​ថា៖​ «​យើង​មាន​ការ​ព្រួយ​បារម្ភ​ថា ​ចៅក្រម​អាច​នឹង​រងឥទ្ធិពល​នៅ​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​ការ​កាត់​ក្តី»។ លោក ស៊ាងហាក់ បានបន្តថា៖ «នៅតែមាននិទណ្ឌភាព នៅពេលដែលការសម្រេចចិត្តត្រូវបានធ្វើ​លើការចោទប្រកាន់ទាក់ទងនឹងបញ្ហានយោបាយ​»។

លោក​បាន​​គូសបញ្ជាក់​​ថា ប្រព័ន្ធ​តុលាការ​របស់​កម្ពុជា​ត្រូវ​បាន​រិះគន់​ដោយអង្គការ​​ជាតិ និង​អន្តរជាតិ​​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស សកម្មជន​សហជីព និង​សកម្មជន​នយោបាយ និង​បរិស្ថាន។

ទោះបីជា​​យ៉ាង​ណា លោក​សង្ឃឹម​ថា យុទ្ធនាការ​របស់​ក្រសួង​នឹង​ត្រូវ​បាន​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព ជួយ​ពង្រឹង​ប្រព័ន្ធ​តុលាការ និង​កសាង​ទំនុក​ចិត្ត​ក្នុង​ចំណោម​​សាធារណជន។

លោក​បាន​មាន​ប្រសាសន៍​ថា៖​ «​​យើង​បាន​ស្នើ​ឲ្យ​ [​ពួកគាត់​​] ​ផ្តល់​យុត្តិធម៌​សម្រាប់​ទាំង​អស់​គ្នា​ មិន​មែន​សម្រាប់​មនុស្សមួយក្រុម​​ឬ​ពីរក្រុម​​នោះ​ទេ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Justice Ministry Rolls Out Campaigns to Expedite Court Hearings, Review Irregularities

ព័ត៌មានថ្មី

អត្ថបទពេញនិយម