លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF) បានយកប្រាក់ពិន័យចំនួន ២ ០០០ ០០០រៀល ( ពីរលានរៀល ) បង់ជូនតុលាកាដោយអនុវត្តតាមលិខិតជូនដំណឹងរបស់តុលាការ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីលោកបានចាប់ផ្តើមកម្មវិធីរៃអង្គាសប្រាក់កាលពីពាក់កណ្តាលខែមុន។ យោងតាមហ្វេសប៊ុករបស់លោក ម៉ម រិទ្ធី។
លោក រិទ្ធី ត្រូវដោះលែងពីពន្ធនាគារកាលពីចុងឆ្នាំមុន បន្ទាប់ពីលោកត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារក្នុង២០២៤ ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសដែលជាប់ពាក់ព័ន្ធនឹងបណ្តឹងមួយដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Jin Bei Group ដែលជាក្រុមហ៊ុនកាស៊ីណូមួយនៅក្នុងទីក្រុងឆ្នេរសមុទ្រព្រះសីហនុ ដែលត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម ពីបទមានទំនាក់ទំនងជាមួយប្រតិបត្តិការឆបោកតាមបច្ចេកវិទ្យា និងការជួញដូរមនុស្ស។
លោក ម៉ម រិទ្ធី បានលើកឡើងថា៖ «រូបខ្ញុំនិងក្រុមគ្រួសារសូមថ្លែងអំណរគុណដល់សមាជិកសហជីពគ្រប់វិស័យ និងមហាជនគ្រប់រូបដែលបានផ្តល់ថវិកាជួយដល់រូបខ្ញុំយកទៅបង់ជូនតុលាកា គុណបំណាច់ដ៏ធំធេងនេះខ្ញុំនិងតបស្នងទៅវិញតាមរយ:ការងាររបស់ខ្ញុំបន្តទៀត ដោយការខិតខំប្រឹងប្រែងធ្វើការងារបម្រើ កម្មករ សហជីព និងសង្គមជាតិ ដោយភាពស្រោះត្រង់បំផុត»។

អាជ្ញាធរកម្ពុជាបានព្យួរអាជ្ញាប័ណ្ណកាស៊ីណូជាច្រើនដែលមានទំនាក់ទំនងជាមួយ Jin Bei ដោយសារតែការរំលោភលើបទប្បញ្ញត្តិ និងសង្ស័យមានសកម្មភាពឆបោក។
លោក រិទ្ធី បានជាប់ពន្ធនាគារជាងមួយឆ្នាំ ពីបទញុះញង់ ជុំវិញការបង្ហោះនៅលើបណ្តាញសង្គមដែលរិះគន់ការប្រព្រឹត្តចំពោះកម្មករម្នាក់នៅកាស៊ីណូ Jin Bei 2។ លោកបានប្តឹងឧទ្ធរណ៍ដោយមិនបានជោគជ័យចំពោះការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល (ប្រហែល៥០០ដុល្លារ) មុនពេលត្រូវបានដោះលែងនៅចុងឆ្នាំមុន។
មេដឹកនាំសហជីពនៅកម្ពុជាបានប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌ និងការជាប់ពន្ធនាគារកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលទទួលបានការរិះគន់ពីក្រុមសិទ្ធិមនុស្ស។ ករណីថ្មីៗផ្សេងទៀតរួមមានមេដឹកនាំសហជីព លោក ពេជ្រ ពិសិដ្ឋ ដែលត្រូវបានកាត់ទោសកាលពីដើមឆ្នាំនេះឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទ «ញុះញង់ឱ្យមានការរើសអើង» ជុំវិញការបញ្ចេញមតិនៅលើបណ្តាញសង្គមដែលបានបង្ហោះនៅលើទំព័ររបស់សមាជិកសហជីពម្នាក់ទៀត៕









