អតីតមេបក្សប្រឆាំង លោក កឹម សុខា ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃជូនលោកទៅជួបមុខម្តាយរបស់លោក នៅផ្ទះប្អូនស្រីរបស់លោកនៅផ្ទះបុរីមួយកន្លែង ក្នុងរាជធានីភ្នំពេញព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីលោកបានស្នើទៅតុលាការកាលពីថ្ងៃទី១៩ ខែឧសភា។ យោងតាមមេធាវី លោក ផែង ហេង បានលើកឡើងក្នុងហ្វេសប៊ុករបស់លោក។
លោក ផែង ហេង បានថ្លែងថា៖ «ខ្ញុំផ្ទាល់ជាមេធាវីក៏ស្រក់ទឹកភ្នែក លោកយាយ សៅ ង៉ែត គាត់ខំប្រឹងព្រិចភ្នែក និងកម្រើកដៃ ហាក់ចង់បញ្ជាក់ថាគាត់ខំស្តាប់ព្រះធម៌ ស្តាប់ឮសម្រែកឯកឧត្តម កឹម សុខា ហៅម៉ែៗ និងចង់ឱបឯកឧត្តម ព្រមទាំងមាត់ហាក់បង្ហាញថាចង់និយាយមកកាន់កូន ឬឲ្យពរជ័យ»។ លោកបន្តថា៖ «កូនៗនៅថែទាំលោកយាយ បានប្រាប់ថា លោកយាយមានជីវិតឡើងវិញ ក្រោយឮសម្លេងឯកឧត្តម កឹម សុខា ស្រែកហៅគាត់តាមទូរស័ព្ទម្សិលមិញ»។
លោកមេធាវីបានបន្តទៀតថា ពេលជួបម្តាយ លោក កឹម សុខា បានប្រាប់ថា «ពេលគាត់មានសេរីភាព គាត់នឹងសាងភ្នួស បួសជាសង្ឃ សងគុណម៉ែ»។
លោក ផែង ហេង បានបន្ថែមថា លោក កឹម សុខា បានរំលឹកថា លោកគោរពតាមដំបូន្មានម៉ែតាំងពីក្មេងរហូតមកដល់ថ្ងៃនេះ មិនដែលសម្លាប់សត្វ មិនដែលធ្វើបាបជីវិតសត្វលោក មិនគុំគួនសងសឹកអ្នកដែលបានបំពានលើកឯកឧត្តមទេ។ លោក សុខា បានប្រាប់ទៀតថា ដោយសារអំពើល្អ ដោយសារសមាធិសីល ទើបបុណ្យកុសលបានឲ្យកូនមកជួបម៉ែ។
សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា បានសម្រេចតម្កល់សាលក្រមតុលាការជាន់ទាបដោយផ្តន្ទាទោសអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារចំនួន២៧ឆ្នាំដដែល ពីបទសន្និដ្ឋិភាពជាមួយបរទេស បន្ទាប់ពីសវនាការរយៈពេលពីរថ្ងៃចុងក្រោយនៅពីដើមខែនេះ។
ស្ថាបនិកវ័យ៧២ឆ្នាំនៃគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានរំលាយចោល ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២៧ឆ្នាំក្នុងឆ្នាំ២០២៣ ដោយជាប់ឃុំក្នុងផ្ទះនៅក្រុងភ្នំពេញ។ លោកត្រូវបានកាត់ទោសពីបទក្បត់ជាតិ ជុំវិញការចោទប្រកាន់ថាលោកបានគប់គិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកូនប្រុសរបស់លោក ហ៊ុន ម៉ាណែត កំពុងកាន់តំណែងនេះ។
លោក កឹមសុខា បានបដិសេធការចោទប្រកាន់ចាប់តាំងពីលោកត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៧។ តុលាការថ្នាក់ទាបក៏បានដកហូតសិទ្ធិនយោបាយរបស់លោក និងហាមឃាត់លោកមិនឱ្យជួបជាមួយជនបរទេស ឬនរណាម្នាក់នៅខាងក្រៅគ្រួសាររបស់លោក។ អ្នកជំនាញអង្គការសហប្រជាជាតិបាននិយាយថា ករណីនេះមានហេតុផលនយោបាយ និងឆ្លុះបញ្ចាំងពីគំរូនៃសកម្មភាពផ្លូវច្បាប់ដ៏ទូលំទូលាយប្រឆាំងនឹងឥស្សរជនប្រឆាំង៕










